គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ជប៉ុន ពិចារណាទណ្ឌកម្មលើក្រុមហ៊ុនក្នុងប្រទេសចិន ដែលជួយដល់ការប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៊ី

2024/06/12 11:03:52 am        130
ប្រភពព័ត៌មានស្និទ្ធទៅនឹងរដ្ឋាភិបាលប្រទេសជប៉ុននិយាយថា ទីក្រុងតូក្យូ កំពុងពិចារណាការដាក់ទណ្ឌកម្មថ្មីលើអង្គភាពទាំងឡាយណាដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការផ្តល់សម្ភារៈដល់ប្រទេសរុស្ស៊ី ដែលអាចបំប្លែងទៅជាការប្រើប្រាស់សម្រាប់ផ្នែកយោធា។ ពួកគេនិយាយថា ទណ្ឌកម្មអាចរួមមាន បម្រាមលើការនាំចេញពីប្រទេសជប៉ុន ទៅកាន់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសទីបី រួមទាំងនៅក្នុងប្រទេសចិន។ផែនការនេះ គឺសំដៅបង្កើនសម្ពាធលើសកម្មភាពនានាដែលជួយដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភកាលពីដើមឆ្នាំនេះ អំពីការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសរុស្ស៊ី នូវសារធាតុនីដ្រូស៊ែលលុយឡូស(nitrocellulose) ជាសម្ភារៈប្រើប្រាស់បានពីរផ្នែក ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការផលិតគ្រាប់រំសេវ។នៅពេលដែលគោលនយោបាយដាក់ទណ្ឌកម្ម ត្រូវបានអនុវត្ត នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នឹងបង្ហាញដល់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ផ្សេងទៀត ឬ ប្រទេស G7 នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសអ៊ីតាលី។ កិច្ចប្រជុំនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍។ការដាក់ទណ្ឌកម្មរបស់ប្រទេសជប៉ុន លើក្រុមហ៊ុននៅក្នុងប្រទេសចិន នឹងក្លាយជាលើកដំបូងដែលទាក់ទងទៅនឹងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន។ក្រុមអ្នកសង្កេតការណ៍ បាននិយាយថាចំណាត់ការនេះ នឹងជំរុញឱ្យប្រទេសចិន ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ សម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក។

UN ដាក់អ៊ីស្រាអែល ក្រុមហាម៉ាស និងគូជម្លោះស៊ូដង់ ចូលក្នុងបញ្ជីសម្លាប់ និងរំលោភបំពានលើកុមារ

2024/06/12 10:56:47 am        133
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) កាលពីថ្ងៃអង្គារ (១១ មិថុនា) បានបញ្ចេញឈ្មោះកងកម្លាំងប្រដាប់អាវុធ និងសន្តិសុខរបស់អ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ព្រមទាំងភាគីជម្លោះនៅក្នុងសង្រ្គាមស៊ូដង់ សម្រាប់ការសម្លាប់ និងបង្ករបួសលើកុមារក្នុងឆ្នាំ២០២៣ ដោយដាក់ពួកគេទៅក្នុងបញ្ជីពិរុទ្ធភាពសកលប្រចាំឆ្នាំសម្រាប់ការរំលោភបំពានដោយហិង្សាប្រឆាំងនឹងកុមារ។នៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ លោក ហ្គុយតឺរ៉េស ក៏បានរិះគន់ដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល និងស៊ូដង់ ដែលបានវាយប្រហារសាលារៀន និងមន្ទីរពេទ្យ ព្រមទាំងក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមសម្រាប់ការចាប់ពង្រត់កុមារ។បញ្ជីរាយនាមដែលភ្ជាប់ជាមួយរបាយការណ៍នេះ មានគោលបំណងធ្វើឱ្យភាគីជម្លោះទាំងឡាយមានភាពខ្មាស់អៀនក្នុងក្តីសង្ឃឹមថានឹងជំរុញឱ្យពួកគេអនុវត្តវិធានការការពារកុមារ។ បញ្ជីនេះរាយការណ៍តែអំពីការរំលោភបំពានដែលត្រូវបានផ្ទៀងផ្ទាត់ដោយអង្គការសហប្រជាជាតិប៉ុណ្ណោះ។ប្រេសិតអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក ហ្គីឡាដ អឺដាន (Gilad Erdan) បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា លោកត្រូវបានគេជូនដំណឹងថាយោធារបស់អ៊ីស្រាអែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីនោះ ដោយពណ៌នាការសម្រេចនេះថា «ជារឿងដ៏គួរឱ្យអាម៉ាស់»៕

អ៊ុយក្រែន សង្ឃឹមថា រុស្ស៊ីនឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន លើកទីពីរ

2024/06/12 10:23:59 am        139
នៅមុនកិច្ចប្រជុំកំពូលលើកដំបូងស្តីពីសន្តិភាពនៅអ៊ុយក្រែន ទីក្រុងគីវ បាននិយាយកាលពីថ្ងៃអង្គារ ថា ខ្លួនចង់ឱ្យរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទីពីរ ដើម្បីទទួលបានផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងជាអន្តរជាតិ ឈានទៅរកការបញ្ចប់ជម្លោះ។ ទីក្រុងមូស្គូ និយាយថា ខ្លួនគ្មានចំណាប់អារម្មណ៍ក្នុងការចូលរួមកិច្ចប្រជុំនៅចុងសប្តាហ៍នេះទេ។ ដូច្នេះ ពុំត្រូវបានអញ្ជើញដោយប្រទេសស្វីស ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះទេ ខណៈអ៊ុយក្រែន ចង់ទទួលបានលទ្ធផលជាក់ស្តែងមួយចំនួន ពីកិច្ចប្រជុំដើម្បីឈានទៅដល់កិច្ចប្រជុំកំពូលលើកទីពីរ។លោក អាន់ឌ្រី យឺម៉ាក(Andriy Yermak) ប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា មាន «បទពិសោធន៍មិនល្អ» នៃទម្រង់ការចរចា កាលពីពេលមុនដែលពាក់ព័ន្ធជាមួយទីក្រុងមូស្គូ មុនពេលការវាយលុកពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។លោក Yermak បាននិយាយទៅកាន់អង្គភាពប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប តាមរយៈបណ្តាញវីដេអូ ពីទីក្រុងប៊ែរឡាំង ថា សម្រាប់កិច្ចប្រជុំកំពូលលើកទីពីរ យើងនឹងធ្វើការជាមួយក្រុមការងារទាំងអស់ ជាមួយនឹងប្រទេសទាំងអស់ ដែលចាប់អារម្មណ៍ចូលរួម។ យើងមានផែនការរៀបចំរួមគ្នា ដែលនឹងត្រូវបានគាំទ្រដោយប្រទេសមានទំនួលខុសត្រូវទាំងអស់ ហើយយើងកំពុងស្វែងរកលទ្ធភាពសម្រាប់កិច្ចប្រជុំកំពូលលើកទី២ ដើម្បីអញ្ជើញអ្នកតំណាងរបស់ប្រទេសរុស្ស៊ី ។លោកនិយាយថា ទស្សនវិស័យដែលគាំទ្រដោយ ប្រទេសជាង១០០ មានមកពីគ្រប់ទ្វីប នឹងក្លាយជាផែនការពិតប្រាកដ។ប្រទេសជាង១៦០ និងអង្គការអន្តរជាតិ ត្រូវបានអញ្ជើញដោយប្រទេសស្វីស ទៅកាន់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នៅរមណីយដ្ឋាន ប៊ឺហ្គេនស្តុក(Burgenstock) ដោយទទួលបានការបញ្ជាក់ចូលរួមពីប្រទេសជាង៩០ រហូតមកដល់ពេលនេះ។

រដ្ឋាភិបាលថ្មីប្រទេសកុងហ្គោ ស្បថចូលកាន់តំណែង បន្ទាប់ពីការពន្យារពេលជាច្រើនខែ

2024/06/12 10:20:18 am        104
លោកស្រី ជូឌីត ស៊ូមីនវ៉ា ទូលូកា(Judith Suminwa Tuluka) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃអង្គារ រួមជាមួយសមាជិកដែលបានកាត់បន្ថយរួចចំនួន៥៤រូប ដោយបញ្ចប់ការពន្យារពេលជាងប្រាំមួយខែ បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតី លោក ហ្វីលិក ស្ស៊ីសេកកេឌី(Felix Tshisekedi)។លោក Tshisekedi បានទទួលជ័យជម្នះអាណត្តិទីពីរកាលពីចុងឆ្នាំ២០២៣ បន្ទាប់ពីការបោះឆ្នោតដែលបានផ្តល់ឱ្យក្រុមចម្រុះសហព័ន្ធរបស់លោកប្រហែល ៩៥ភាគរយ នៃអាសនៈនៅរដ្ឋសភា។ ប៉ុន្តែជម្លោះផ្ទៃក្នុងលើតំណែងរដ្ឋមន្ត្រី បានពន្យារពេលការបង្កើតរដ្ឋាភិបាល។នៅទីបំផុត លោកប្រធានាធិបតី បានតែងតាំង លោកស្រី Suminwa ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសកុងហ្គោ នៅថ្ងៃទី១ ខែមេសា និងអតីតនាយសេនាធិការរបស់លោក លោក វីតាល់ កាំមែហេ(Vital Kamerhe) ជាប្រធានសភា នៅថ្ងៃទី២២ ខែឧសភា ដោយត្រួសត្រាយផ្លូវសម្រាប់ការតែងតាំងគណៈរដ្ឋមន្ត្រីថ្មី។រដ្ឋាភិបាលថ្មី មានរដ្ឋមន្ត្រីចំនួន៥៤រូប ជាការបង្រួមតិចជាងការរំពឹងទុកពី៥៧រូប កាលពីពេលពីមុន ទោះបីជាមានសម្ពាធដើម្បីឲ្យមានការកាត់បន្ថយការចំណាយក៏ដោយ។ នាយកផ្នែកទំនាក់ទំនងរបស់ លោក Tshisekedi លោកអ៊ីរីក នីយីនឌូ(Erik Nyindu) បាននិយាយថា ការពន្យារពេល បានអនុញ្ញាតឱ្យមានពេលវេលាដើម្បីស្វែងរកការសម្របសម្រួលរវាងភាគីចម្រុះ។

កូរ៉េខាងជើង លើកសរសើរទំនាក់ទំនងដ៏រឹងមាំជាមួយរុស្ស៊ី ស្របពេលការរំពឹងទុកនៃទស្សនកិច្ចលោក ពូទីន

2024/06/12 10:13:13 am        126
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃពុធ (១២ មិថុនា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ប្រទេសរបស់លោកគឺជា «សមមិត្តដ៏រឹងមាំដែលមិនអាចកាត់ថ្លៃបាន» ជាមួយរុស្ស៊ី នៅក្នុងសារមួយទៅកាន់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ស្របពេលមានការរំពឹងទុកជុំវិញដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង។ដោយប្រារព្ធទិវាជាតិរបស់រុស្ស៊ី លោក គីម បាននិយាយថា ជំនួបរបស់ខ្លួនជាមួយលោក ពូទីន នៅឯទីតាំងបាញ់បង្ហោះយានអវកាសរុស្ស៊ី កាលពីឆ្នាំមុន បានលើកកម្ពស់ចំណងនៃ «ទំនាក់ទំនងយុទ្ធសាស្ត្រដែលមានអាយុកាលរាប់សតវត្សរ៍» របស់ពួកគេ។ សារនេះបានកើតឡើងបន្ទាប់ពីសារព័ត៌មាន វ៉េដូម៉ូស្ទី (Vedomosti) របស់រុស្ស៊ី កាលពីថ្ងៃចន្ទ បានរាយការណ៍ថាលោក ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាម ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។មន្ត្រីម្នាក់ក្នុងប្រទេសវៀតណាម បានប្រាប់សារព័ត៌មានរ៉យទ័រថា ដំណើរទស្សនកិច្ចនៅវៀតណាមនោះ ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែមិថុនា ប៉ុន្តែមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ វិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ី ចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង «លើគ្រប់វិស័យ» ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនោះទេ។លោក គីម បានធ្វើដំណើរទៅតំបន់ចុងបូព៌ារបស់រុស្ស៊ី កាលពីខែកញ្ញា ឆ្នាំមុន ដោយទៅទស្សនាមជ្ឈមណ្ឌលបង្ហោះយានអវកាស វ៉ូស្តូឆ្នី ខូស្មូដ្រូម (Vostochny Cosmodrome) ជាទីដែលលោក ពូទីន បានសន្យាថានឹងជួយលោកបង្កើតផ្កាយរណប។ ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានបង្កើនទំនាក់ទំនងការទូត និងសន្តិសុខកាន់តែខ្លាំងឡើង ដោយធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋាភិបាល សភា និងគណៈប្រតិភូផ្សេងទៀតរវាងគ្នាទៅវិញទៅមកក្នុងប៉ុន្មានខែថ្មីៗនេះ៕

កោះតៃវ៉ាន់ បង្កើនសន្តិសុខ បន្ទាប់ពីអតីតកាពីទែនជើងទឹកចិន លួចជិះទូកចូលដោយខុសច្បាប់

2024/06/12 09:59:59 am        127
អាជ្ញាធរកោះតៃវ៉ាន់ កាលថ្ងៃអង្គារ (១១ មិថុនា) បានកំណត់អត្តសញ្ញាណបុរសជនជាតិចិនម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទចូលកោះដោយខុសច្បាប់តាមរយៈទូក ថាជាអតីតកាពីទែនជើងទឹក ដោយនិយាយថាពួកគេមិនអាចបដិសេធលទ្ធភាពដែលថាការលួចចូលនេះគឺជា «ការសាកល្បង» នៃសមត្ថភាពការពាររបស់កោះ ខណៈកំពុងបង្កើនការរឹតបន្តឹងសន្តិសុខបន្ថែមទៀត។បុរសវ័យ ៦០ ឆ្នាំរូបនោះបានប្រាប់មន្ត្រីឆ្មាំល្បាតឆ្នេរនៅកន្លែងកើតហេតុថា ខ្លួនចង់ «រត់ចោលស្រុក» នេះបើយោងតាមភ្នាក់ងារសារព័ត៌មានកណ្តាល។ ប្រមុខកិច្ចការសមុទ្រកោះតៃវ៉ាន់ លោកស្រី ខ្វ័ន ពីលីង (Kuan Bi-ling) បាននិយាយថា បុរសនោះធ្លាប់បានបម្រើការជាប្រធានក្រុមនៅក្នុងកងទ័ពជើងទឹកចិន ដោយបន្ថែមថាលោកគឺជាម្នាក់ក្នុងចំណោមអ្នករត់ចោលស្រុក ១៨ នាក់ ដែលត្រូវបានគេរកឃើញក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយអ្នកទាំងអស់នោះបានអះអាងថា ពួកគេកោតសរសើរ «របៀបរស់នៅបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ និងចូលមកដើម្បីស្វែងរកសេរីភាព»។ប្រទេសចិន បានទាមទារកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងហ្គេមសង្រ្គាមកាលពីខែមុន ដែលវាហៅថាជាការសាកល្បងសមត្ថភាពរបស់ខ្លួនក្នុងការក្រសោបយកកោះ។ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកប្រវែង ១៨០ គីឡូម៉ែត្រ ខណ្ឌចែកប្រទេសចិនពីកោះនេះ គឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកដែលមានកម្លាំងនគរបាលច្រើនបំផុតនៅលើពិភពលោក។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកោះតៃវ៉ាន់ លោក ចូ យ៉ុងថៃ (Cho Jung-tai) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា «អង្គភាព និងក្រុមសន្តិសុខទាំងអស់កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយការស៊ើបអង្កេតបានចាប់ផ្តើម»៕

រុស្ស៊ី គំរាមកែប្រែគោលការណ៍អាវុធនុយក្លេអ៊ែរ ពាក់ព័ន្ធការកើនឡើងសកម្មភាពរបស់អាមេរិក

2024/06/12 09:54:36 am        161
ទីក្រុងមូស្គូ កំពុងគម្រាមកែប្រែគោលការណ៍អាវុធនុយក្លេអ៊ែររបស់ខ្លួន ជាការឆ្លើយតបទៅនឹងអ្វីដែលវិមានក្រឹមឡាំង ចាត់ទុកជាសកម្មភាពកើនឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូ។អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ហ្សើហ្គេ រីយ៉ាបកូវ (Sergei Ryabkov) បានចេញការព្រមានកាលពីថ្ងៃអង្គារទី១១មិថុនាសប្ដាហ៍នេះ នៅក្នុងការអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន ដោយនិយាយថា គ្មានអ្វីត្រូវសង្ស័យទេ ការកើនឡើងនៃបញ្ហាប្រឈមបង្កើតឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានក្លាយជាភាពប្រឈមខ្លាំងចំពោះមុខយើង គ្របដណ្ដប់ដោយសំណួររាប់មិនអស់ថាតើរុស្ស៊ី ត្រូវកែប្រែច្បាប់គោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនដោយរបៀបណាដើម្បីឲ្យស្របតាមតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន។ លោកបាននិយាយថា ក្រុមអាជ្ញាធររុស្ស៊ីនឹងមិនផ្តល់ការជូនដំណឹងជាមុនអំពីការផ្លាស់ប្តូរដ៏ជាក់លាក់នឹងធ្វើឡើងចំពោះគោលនយោបាយយោធា នោះទេ ដោយដាក់ចេញនូវលក្ខខណ្ឌដែលប្រធានាធិបតីរុស្ស៊ីនឹងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ការអត្ថាធិប្បាយរបស់លោកកើតឡើងមិនដល់មួយសប្តាហ៍ទេ បន្ទាប់ពីលោក Vladimir Putin បានបានប្រលយពាក្យនៃការផ្លាស់ប្តូរគោលការណ៍នុយក្លេអ៊ែរនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង សេន ភីធើរស្បើក(St.Petersburg) ដោយហៅថាជា ឧបករណ៍រស់នៅ ដែលអាចផ្លាស់ប្តូរបាន និងព្រមានថា យើងកំពុងតាមដានដោយប្រុងប្រយ័ត្ននូវអ្វីដែលកំពុងកើតឡើងនៅជុំវិញពិភពលោក៕

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ៖ សម្ព័ន្ធមេត្រីភាពពិតជាមានសារសំខាន់ណាស់សម្រាប់កងទ័ពទាំងមូល

2024/06/12 09:51:07 am        220
នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័នមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពពិតជាមានសារសំខាន់ណាស់សម្រាប់កងយោធពលខេមរភូមិន្ទ ខណៈ កម្មវិធីនេះគឺមានការជួយទ្រទ្រង់ពីសំណាក់ស្ថាប័នស៊ីវិលដល់កងទ័ព ដូចជាការស្ថាបនាសំណង់អគារ លេណដ្ឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាដកពិសោធន៍ លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសភូមិភាគទី៥ នាថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តគិតគូរនិងយកចិត្តទុកដាក់ ជំរុញនិងលើកទឹកចិត្តឱ្យមានការចងសម្ព័ន្ធមេត្រីភាពនេះបន្តទៅមុខទៀត ដើម្បីលើកស្ទួយជីវភាព និង សុខុមាលភាពរបស់កងទ័ពនិងក្រុមគ្រួសារកងទ័ព។ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបន្ថែមទៀតថា ការងារសម្ព័ន្ធមេត្រីភាពពិតជាមានសារសំខាន់ណាស់សម្រាប់កងយោធពលខេមរភូមិន្ទ ទោះក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពបានបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចការ ពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាចូលរួមចំណែករក្សានូវស្ថិរភាព និងសុខសន្តិភាពជូនប្រជាជនកម្ពុជា។ ហេតុនេះស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកស្របតាមទិសស្លោក «សមរភូមិក្រោយជួយ សមរភូមិមុខ»។ សម្រាប់ក្នុងឆ្នាំ២០២៤នេះ គឺមានអង្គភាពនៃកងយោធពលខេមរភូមិន្ទមួយចំនួនទទួលបានការអនុញ្ញាតឲ្យចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័ន អង្គភាពស៊ីវិលបន្ថែមទៀតផងដែរ។ លោកជំទាវបានលើកឡើងទៀតថា សម្រាប់ឆ្នាំ២០២៤នេះ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សិក្ខាសាលាសម្ព័ន្ធមេត្រីភាពនឹងរៀបចំឡើងនៅទិសយោធភូមិភាគទី៥ គោលបំណងសំខាន់របស់អង្គសិក្ខាសាលា គឺដើម្បីបន្តលើកទឹកចិត្តដល់ទំនាក់ទំនងដៃគូសម្ព័ន្ធមេត្រីភាព បន្តប្រពៃណីសិល្បៈនៃការចែករំលែក នៃការងារសម្ព័ន្ធមេត្រីភាព ឱ្យបានសកម្មថែមទៀត ដើម្បីពង្រឹងនិងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព និងតម្រង់ទិសឱ្យមានគុណប្រយោជន៍ និងជាយុទ្ធសាស្ត្រយូរអង្វែង។បង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពបម្រើទស្សនៈវិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អគារ លេណដ្ឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា, រួមគ្នាជាមួយដៃគូរសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ សហការផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់ជីវភាពនិងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍,បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់យោធិន គ្រួសារយោធិននិងយោធិនត្រៀមចូលនិវត្តន៍ជាដើម៕ អត្ថបទបាន ចក់

ប្រធានាធិបតីជាប់ឆ្នោតរបស់ម៉ិកស៊ិក នឹងបន្តធ្វើកំណែទម្រង់ ប៉ុន្តែប្រាប់អ្នកវិនិយោគកុំឱ្យព្រួយបារម្ភ

2024/06/12 08:53:17 am        88
ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) កាលពីថ្ងៃអង្គារ បានព្យាយាមធ្វើឲ្យស្ងប់ស្ងាត់ការព្រួយបារម្ភរបស់វិនិយោគិន ជុំវិញការកែប្រែប្រព័ន្ធតុលាការដែលបានស្នើឡើង ដោយសន្យាថាប្រទេសនេះនឹងរក្សានីតិរដ្ឋរបស់ខ្លួន ខណៈបាននិយាយថា លោកស្រីមានផែនការជំរុញការធ្វើកំណែទម្រង់។ លោកស្រី Sheinbaum បាននិយាយក្នុងសន្និសិទសារព័ត៌មានថា សាររបស់លោកស្រី សូមឲ្យអ្នកវិនិយោគកុំមានការព្រួយបារម្ភ ទោះបីជាប្រាក់ប៉េសូ បានធ្លាក់ចុះប្រហែល ១,៥ភាគរយ ទល់នឹងនឹងប្រាក់ដុល្លារ កាលពីថ្ងៃអង្គារក៏ដោយ។ក្រុមចម្រុះដែលកំពុងកាន់អំណាច ដឹកនាំដោយគណបក្ស Morena របស់លោកស្រី Sheinbaum ទទួលបានលទ្ធផលល្អប្រសើរជាងការរំពឹងទុកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២ ខែមិថុនា ដោយផ្តល់ឱ្យក្រុមនេះនូវសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប ដោយធ្វើឱ្យស្ថិតក្នុងជំហររឹងមាំដើម្បីអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញ នៅពេលដែលសភាថ្មីចូលកាន់តំណែង។ អ្នករិះគន់ ព្រួយបារម្ភថាការកែទម្រង់នេះនឹងកែប្រែតុល្យភាពអំណាចនៅក្នុងប្រទេសម៉ិកស៊ិក ដោយជួយសម្រួលដល់ការដណ្តើមគ្រប់គ្រងផ្នែកនយោបាយរបស់តុលាការ និងដកចេញការត្រួតពិនិត្យ និងតុល្យភាពសំខាន់ៗ។ខណៈសភាជាប់ឆ្នោតថ្មីនឹងចូលកាន់តំណែងនៅដើមខែកញ្ញា ប៉ុន្តែលោកស្រី Sheinbaum នឹងមិនត្រូវបានចូលកាន់តំណែងនោះទេ រហូតដល់មួយខែក្រោយ គឺនៅខែតុលា ដោយផ្តល់ឱ្យប្រធានាធិបតី លោក Andres Manuel Lopez Obrador និងសមាជិកសភា នូវច្រកដើម្បីព្យាយាមធ្វើកំណែទម្រង់របស់លោក។

មន្ត្រីអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសបានច្រានចោលសំណើបទឈប់បាញ់ ពង្រាងដោយអាមេរិក

2024/06/12 08:31:51 am        164
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល មន្ត្រីអ៊ីស្រាអែលមួយរូបបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថា ក្រុមហាម៉ាស បានច្រានចោលសំណើដែលត្រូវបានពង្រាងដោយសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប ។ សារព័ត៌មាន Times of Israel បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលសុំមិនបញ្ចេញឈ្មោះមួយរូបថា ល្ងាចនេះ អ៊ីស្រាអែលបានទទួលដំណឹងតាមរយៈក្រុមអ្នកសម្របសម្រួល ដែលជាការឆ្លើយតបរបស់ក្រុមហាម៉ាស។ នៅក្នុងការឆ្លើយតបរបស់ខ្លួន ក្រុមហាម៉ាស បានច្រានចោលសំណើសុំដោះលែងចំណាប់ខ្មាំងដែលត្រូវបានបង្ហាញដោយលោកប្រធានាធិបតី Biden ។ មន្ត្រីរូបនេះបាននិយាយថា ក្រុមហាម៉ាស បានផ្លាស់ប្តូរលក្ខខណ្ឌសំខាន់នៃសំណើនេះ។យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីក្រុមហាម៉ាសមួយរូប បាននិយាយថា ក្រុមនេះគ្រាន់តែបញ្ជាក់ឡើងវិញនូវការទាមទារជាយូរមកហើយរបស់ខ្លួន ដែលមិនបានបំពេញតាមផែនការដែលបានស្នើឡើង។មន្ត្រីក្រុមហាម៉ាស ដែលនិយាយសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ក្នុងការឆ្លើយតបរបស់ខ្លួនថា ក្រុមនេះបានអះអាងជំហររបស់ខ្លួនជាថ្មីថា បទឈប់បាញ់ត្រូវតែឈានដល់ការបញ្ចប់អរិភាពជាអចិន្ទ្រៃយ៍នៅក្នុងដែនដីហ្កាហ្សា ដូចជាការដកកងកម្លាំងអ៊ីស្រាអែល ការកសាងឡើងវិញក្នុងដែនដីប៉ាឡេស្ទីន ដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ និងការដោះលែងអ្នកទោសប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីស្រាអែល។ យើងបានបញ្ជាក់ជំហរចាស់របស់យើងឡើងវិញ។ ខ្ញុំជឿជាក់ថាគ្មានចន្លោះប្រហោងអ្វីនៅសល់ទៀតឡើយ។ ឥឡូវនេះកូនបាល់ គឺនៅក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងមុខងារសាធារណៈរៀបចំវេទិកាផ្ដល់ឱកាសឱ្យសាធារណជនបញ្ចេញទស្សនៈលើការកំណែទម្រង់
04/03/2026 01:04 PM
អ្នកនាំពាក្យ៖ ការចាប់ឃាត់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី អតីតសង្ឃ គឺពាក់ព័ន្ធការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ
04/03/2026 01:04 PM
រដ្ឋមន្រ្តីយុត្តិធម៌៖ ឧក្រិដ្ឋជនឆបោកតាម Online ដែលចាប់បាននៅកម្ពុជា​ភាគច្រើន​ប្រើស៊ីមកាត​បរទេស
04/03/2026 01:04 PM
ច្បាប់ប្រឆាំង Online Scams បង្កើតនីតិវិធីពិសេសដើម្បីបង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន
04/03/2026 01:04 PM
ប្រេងឆៅអាមេរិកកើនឡើងជាង ១១% ខណៈភាគហ៊ុនសកលប្រែប្រួល ក្រោយលោកTrumpគំរាមវាយកម្ទេចអ៊ីរ៉ង
04/03/2026 12:04 PM
អគ្គលេខាធិការរង សមាគមអតីតយុទ្ធជននាំយកអំណោយជូនអតីតយុទ្ធជន និវត្តជន និង​គ្រួសារ​ពលី​មរណៈ ៥០គ្រួសារក្នុងខេត្តកណ្ដាល
04/03/2026 12:04 PM
កូរ៉េខាងត្បូងនិងបារាំង ដំឡើងកម្រិតទំនាក់ទំនង ខណៈវិបត្តិមជ្ឈិមបូព៌ាជះស្រមោលលើទស្សនកិច្ចលោក Macron
04/03/2026 12:04 PM
កាកបាទក្រហម៖ តម្រូវការវេជ្ជសាស្រ្តបន្ទាន់នៅអ៊ីរ៉ង់កើនឡើងខ្លាំង ដោយអំពាវនាវឱ្យមានការគាំទ្រ
04/03/2026 12:04 PM
អ៊ុយក្រែន ស្នើផ្តល់បទពិសោធរបស់ខ្លួនខាងដែនសមុទ្រ ដើម្បីជួយបើកច្រកសមុទ្រហ័រមូស
04/03/2026 12:04 PM
តម្លៃឧស្ម័នកើនឡើងខ្ពស់ ជំរុញឱ្យកម្មករចំណាកស្រុក ចាកចេញពីទីក្រុងញូវដែលី
04/03/2026 11:04 AM