BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ ពុទ្ធសាសនាមិនត្រឹមតែធ្វើឲ្យយើងរួមរស់ជាមួយគ្នាដោយសុខសាន្តទេ ថែមទាំងរក្សាបាននូវសន្តិភាពផងដែរ

2024/02/24 11:05:54 am        227
ក្នុងឱកាសអបអរសាទរ ថ្ងៃបុណ្យ«មាឃបូជា» ដែលបានប្រព្រឹត្តឡើងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះនៅទូទាំងប្រទេសកម្ពុជានោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ព្រះពុទ្ធសាសនា​មិន​ត្រឹមតែធ្វើឲ្យ ប្រជាពលរដ្ឋរួមរស់ជាមួយគ្នាដោយសុខសាន្តនោះទេ ថែមទាំងបានរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ ថែមទៀតផងដែរ។តាមរយៈផេកហ្វេសបុក និងឆាណែនតេលេក្រាមផ្ទាល់របស់សម្តេច នាថ្ងៃទី២៤ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមអនុមោទនា ថ្ងៃបុណ្យ « មាឃបូជា » ថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនោះ។សម្តេចតេជោ បានបញ្ជាក់ទៀតថា« ពិធីបុណ្យមាឃបូជា គឺប្រារព្ធធ្វើឡើង​ដើម្បីរំលឹកដល់ថៃ្ងដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គដែលមានចំនួន៩ខែគត់»។សម្តេចតេជោ បានបន្ថែមទៀតថា «ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង​បាន​រួមរស់​ជាមួយគ្នាដោយសុខសាន្ត​ខាងផ្លូវស្មារតីប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាង​សំខាន់​នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ ​សុខសន្តិភាព ​ស្ថិរភាពសង្គម ​ ការអភិវឌ្ឍ​លើគ្រប់វិស័យ និង​ថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង»។ នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ​សម្តេចតេជោ ហ៊ុន សែន ​ ក៏សូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ ​និងជូនពរបងប្អូនជនរួមជាតិ និងក្មួយៗ​ជួប​តែសេចក្តីសុខ​ និងសេចក្តីចម្រើនគ្រប់ៗគ្នាផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតី អំពាវនាវដល់គ្រប់ភាគីរួមគ្នាធ្វើយ៉ាងណាឱ្យកម្ពុជា សម្រេចប្រាថ្នារបស់ខ្លួន ដោយគ្មានមីនឆ្នាំ២០២៥

2024/02/24 10:42:54 am        218
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់គ្រប់ភាគីទាំងអស់ ទាំងសហគមន៍ជាតិ និងអន្តរជាតិ ខិតខំរួមគ្នាធ្វើយ៉ាងណាឲ្យកម្ពុជា សម្រេចបាននូវសេចក្តីប្រាថ្នារបស់ខ្លួន ដោយ«កម្ពុជាគ្មានមីនឆ្នាំ២០២៥» ខណៈបច្ចុប្បន្នកម្ពុជានៅសល់ផ្ទៃដី៥៣៣គីឡូម៉ែត្រការ៉េទៀត ដែលមានមីន និងចំនួន១៣២១គីឡូម៉ែត្រការ៉េទៀតជាសំណល់សង្រ្គាម និងគ្រាប់បែកចង្កោម។ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាអស់មីន ក្នុងឆ្នាំ​២០២៥នេះ គ្រប់ក្រសួង ស្ថាប័ន ប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់ត្រូវចូលរួមឲ្យបាន​ខ្លាំងក្លា​បន្ថែមទៀត ក្នុងការផ្សព្វផ្សាយ ​ការយល់ដឹងពីញគ្រោះថ្នាក់ដោយសារមីន ​គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍​ដែលរងផលប៉ះពាល់ ​តាមរយៈ សកម្មភាពអប់រំផ្ទាល់ ​នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ការ​អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ ​និងគ្រាប់រំសេវ ​កម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ​នៅតាមវិទ្យុ ទូរទស្សន៍ តាមបណ្តាញសង្គម និងផ្ទាំងប៉ាណូជាដើម។តាមរយៈសារលិខិតនេះសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យអាជ្ញាធរមីន ត្រូវបន្តសម្រប សម្រួលជាមួយប្រតិបត្តិករជាតិ ​អន្តរជាតិនិងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឲ្យបានជាក់លាក់នូវតំបន់ ឬទីតាំង ​ដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន​ គ្រាប់បែកចង្កោម និងសំណល់ជាតិ​ផ្ទុះ​ពីសង្រ្គាម ដើម្បីធ្វើ ការអប់រំ និងទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា​ ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្រ្តអប់រំឲ្យកាន់តែ មានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍​ដែលរងផលប៉ះពាល់ និង​ឥរិយាបទរបស់ជនងាយរងគ្រោះជាដើម។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូ អភិវឌ្ឍន៍​ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ​ពីសង្រ្គាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្រ្គោះជនពិការភាពដោយ​សារគ្រឿងផ្ទុះទាំង​នេះផងដែរ។សម្តេចធិបតី ក៏បានអំពាវនាវឲ្យអាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ​ប្រទេសម្ចាស់ជំនួយ និងដៃគូ អភិវឌ្ឍន៍​គួរបន្តកៀរគរធនធានប្រកបដោយនវានុវត្តន៍ ​ជាពិសេសជំរុញការចូលពីវិស័យឯកជន និងសប្បុរសជន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ«កម្ពុជាគ្មានមីនឆ្នាំ២០២៥»។ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន២៤កុម្ភៈឆ្នាំ២០២៤នេះដែរ ​សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់​បងប្អូន​កូនក្មួយពេលឃើញគ្រាប់មីន​ គ្រាប់បែកចង្កោម ឬសំណល់​ជាតិផ្ទុះពីសង្រ្គាម សូមកំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្ក​ឲ្យមាន​គ្រោះថ្នាក់ ធ្លាក់ ខ្លួនពិការ និងបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់​ដល់អាជ្ញាធរមាន​សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីន ​ដែលនៅជិតបំផុត។ និងសូមកុំទិញ ឬលក់ ​រក្សាទុកកែច្នៃមីន និងគ្រាប់​ បែកចង្កោម​ សំណល់ជាតិផ្ទុះផ្សេងដែលជាអំពើខុសច្បាប់ រួមទាំង​កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែល​ មិនស្គាល់ច្បាស់ ​ឬសង្ស័យថា ​មានមីន គ្រាប់​បែកចង្កោម និងសំណល់ជាតិផ្ទុះជាដើម៕អត្ថបទ បាន ចក់ 

សេតវិមាន ចោទប្រកាន់ប្រធានសភាពីបទជួយអ៊ីរ៉ង់ ក្នុងពេលជំរុញជំនួយចុងក្រោយដល់អ៊ុយក្រែន

2024/02/24 09:45:30 am        255
សេតវិមាន បានបង្កើនការរិះគន់របស់ខ្លួនលើប្រធានសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋលោក Mike Johnson កាលពីថ្ងៃសុក្រ ដោយចោទប្រកាន់លោកពីបទផ្តល់ផលប្រយោជន៍ដល់ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី តាមរយៈការមិនដាក់សេចក្តីស្នើច្បាប់សន្តិសុខជាតិ ដែលផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនសម្រាប់ការបោះឆ្នោត។ ប្រភពចំនួន៦ បានប្រាប់សារព័ត៌មាន Reuters នៅសប្តាហ៍នេះថា ប្រទេសអ៊ីរ៉ង់ បានផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលបាលីស្ទីកបាញ់ពីផ្ទៃដីទៅផ្ទៃដី ដ៏មានឥទ្ធិពលក្នុងចំនួនដ៏ច្រើន ដែលកំពុងធ្វើឲ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកទាំងពីរ។ អនុស្សរណៈនេះ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Biden កំពុងតតាំងជាមួយប្រទេសអ៊ីរ៉ង់។ ប៉ុន្តែ តើការប្តេជ្ញាចិត្តរបស់ប្រធានសភា លោក Johnson នៅឯណា ដែលថាមិនចុះញ៉មចំពោះអ៊ីរ៉ង់ នៅក្នុងរឿងទាំងអស់នេះ? វាពុំមាននោះទេ។ ផ្ទុយទៅវិញ ភាពអសកម្មរបស់លោក កំពុងផ្តល់ផលប្រយោជន៍ដល់លោក ពូទីន និងលោក អាយ៉ាតូឡា។ កាលពីសប្តាហ៍មុន ព្រឹទ្ធសភា បានអនុម័តលើសេចក្តីស្នើច្បាប់ជំនួយ ៩៥ ពាន់លានដុល្លារអាមេរិក ដែលផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ ដោយទទួលបានសំឡេងលើសលប់។ លោក Johnson និយាយថា កញ្ចប់ជំនួយផ្នែកយោធា និងមនុស្សធម៌អន្តរជាតិណាមួយ ក៏ត្រូវតែរួមបញ្ចូលផងដែរនូវវិធានការដើម្បីដោះស្រាយសន្តិសុខនៅព្រំដែនសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិក បន្ទាប់ពីសមាជិកគណបក្សសាធារណរដ្ឋ បានរារាំងកំណែនៃសេចក្តីស្នើច្បាប់ ដែលត្រូវបានផ្តល់សម្រាប់ការផ្លាស់ប្តូរធំបំផុតនៃគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ អ្នកនាំពាក្យរបស់ប្រធានសភាម្នាក់ កាលពីថ្ងៃសុក្រ បាននិយាយថា រដ្ឋបាលលោក Biden មានកំហុសចំពោះរឿងដែលខ្លួនបានចោទប្រកាន់ លោក Johnson ថាបានជួយប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី។ រដ្ឋបាលលោក Biden បានដកក្រុមតំណាងរបស់អ៊ីរ៉ង់ ចេញពីបញ្ជីអង្គការភេរវកម្មបរទេស ដោយបន្ធូរបន្ថយទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ ការប្រាស្រ័យទាក់ទងឆ្លើយតបផ្នែកយោធាដ៏លើសលប់ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី ដែលបានសម្លាប់ទាហានអាមេរិកបីនាក់។

ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១៨-១៩ ខែមីនានេះ តបតាមការអញ្ជើញ​របស់សម្ដេចតេជោ ហ៊ុន សែន

2024/02/23 03:44:50 pm        231
ភ្នំពេញ៖ លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធាន គណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្ស មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។សេចក្ដីប្រកាសបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហ ប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ។នៅក្នុងដំណើរទស្សនកិច្ចនេះលោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយ នឹង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន ជំរុញប្រតិបត្តិករនៃរោងចក្រ ហ្វ៊ូគូស៊ីម៉ា ឱ្យធានាសុវត្ថិភាពនុយក្លេអ៊ែរ

2024/02/23 03:33:34 pm        79
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសជប៉ុន កាលពីថ្ងៃពុធ (២១ កុម្ភៈ) បានជំរុញឱ្យប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ចាត់វិធានការឱ្យបានហ្មត់ចត់ដើម្បីធានាសុវត្ថិភាព បន្ទាប់ពីឧប្បត្តិហេតុលេចធ្លាយទឹកវិទ្យុសកម្មជាបន្តបន្ទាប់នៅឯរោងចក្រនេះ។រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ខេន សៃតូ (Ken Saito) បានប្រាប់ប្រធានក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) លោក តូម៉ូអាគិ កូបាយ៉ាកាវ៉ា (Tomoaki Kobayakawa) ថា លោកចង់ឱ្យ «ថ្នាក់គ្រប់គ្រងចាត់វិធានការយ៉ាងសកម្មដើម្បីការពារការលេចធ្លាយមិនឱ្យកើតឡើងម្ដងទៀត និងធានាសុវត្ថិភាព» បន្ទាប់ពីទឹករាប់តោន ដែលមានផ្ទុកសារធាតុវិទ្យុសកម្ម បានលេចធ្លាយពីបរិវេណរោងចក្រដែលរងគ្រោះមហន្តរាយមួយនេះ កាលពីដើមខែនេះ។ប្រធានក្រុមហ៊ុន TEPCO លោក កូបាយ៉ាកាវ៉ា បានផ្តល់ការសូមអភ័យទោសដោយនិយាយថា តាមទស្សនៈសុវត្ថិភាព បញ្ហាបែបនោះមិនគួរកើតឡើងទេ ហើយលោកយកចិត្តទុកដាក់យ៉ាងខ្លាំង។ យោងតាមក្រុមហ៊ុន TEPCO បានឱ្យដឹងថា ការលេចធ្លាយនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ពីព្រីភ្លើងដែលភ្ជាប់ទៅនឹងឧបករណ៍បន្សុទ្ធទឹកកខ្វក់នុយក្លេអ៊ែរ ដែលផ្ទុកនៅក្នុងរោងចក្រនោះ៕

របាយការណ៍៖ កំណើនទារក «ឆ្នាំរោង» របស់ប្រទេសចិន អាចបង្កើនចំនួនប្រជាជននៅឆ្នាំ២០២៤

2024/02/23 03:30:21 pm        119
ទីភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុ អ៊ីខៃ (Yicai) បានរាយការណ៍ថា ទារកកាន់តែច្រើនកំពុងត្រូវបានសម្រាលនៅក្នុងមន្ទីរពេទ្យនៅទូទាំងប្រទេសចិនក្នុងឆ្នាំរោងនេះ ដោយជាកំណើនដែលអាចកាត់បន្ថយការធ្លាក់ចុះនៃចំនួនប្រជាជននៅឆ្នាំ២០២៤ និងនាំមកនូវការលើកទឹកចិត្តដល់ក្រុមអ្នកបង្កើតគោលនយោបាយ។សារព័ត៌មាន អ៊ីខៃ បាននិយាយថា ពង្សរាសីចក្រសត្វនាគចិន ត្រូវបានគេជឿថាមានភាពរុងរឿងជាពិសេស ហើយទិន្នន័យពីមន្ទីរពេទ្យនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកុម្ភៈ បានបង្ហាញថា ចំនួនទារកទើបនឹងកើតបានកើនឡើង «គួរឱ្យកត់សម្គាល់»។សារព័ត៌មាននេះបានសំអាងដល់មន្ទីរពេទ្យមួយនៅទីក្រុង អ៊ូស៊ី (Wuxi) ភាគខាងកើតប្រទេសចិន ដោយរាយការណ៍ពីការកើនឡើង ២០% នៃចំនួនទារកទើបនឹងកើត បើធៀបនឹងឆ្នាំមុន ខណៈដែលមន្ទីរពេទ្យនៅខេត្ត សាន់ស៊ី (Shaanxi) ភាគពាយ័ព្យបានរាយការណ៍ថាមានការកើនឡើង ៧២% នៃទារកទើបកើតបើធៀបនឹងឆ្នាំ២០២៣។ក្រុមអ្នកប្រជាសាស្រ្តនិយាយថា កំណើនទារក «ឆ្នាំរោង» នេះទំនងជានឹងមានអាយុកាលខ្លីប៉ុណ្ណោះ ដោយសារស្ត្រីកាន់តែច្រើននៅតែជ្រើសរើសមិនយកកូន ព្រោះការចំណាយចិញ្ចឹមកូនខ្ពស់ខ្លាំងពេក ក៏ដូចជាការមិនចង់រៀបការ ឬការត្រូវផ្អាកអាជីពការងាររបស់ពួកគេ នៅក្នុងសង្គមប្រពៃណី ដែលស្ត្រីនៅតែត្រូវបានគេមើលឃើញជាចម្បងថាជាអ្នកមើលថែទាំគ្រួសារ និងការរើសអើងយេនឌ័រនៅតែមាន៕

សមាជិក សមាជិកា គណបក្សប្រជាជនជាង ១២០០នាក់ ចូលរួមហែបិទយុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/02/23 03:14:19 pm        152
កំពង់ធំ៖ សមាជិកសមាជិកការគណៈបក្សប្រជាជនកម្ពុជា ប្រមាណជាង១២០០នាក់ ចូលរួម​ក្នុង​ពិធី​ដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដើម្បី​បង្ហាញ​ពីការគាំទ្រ លើសមាជិក នៃអង្គបោះឆ្នោតរបស់ខ្លួន។ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិក​គណៈកម្មាធិការ​កណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និង ឯកឧត្តម ងួន រតនៈ ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតី​ក្នុង​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន លើកឡើងថា សកម្មភាព​ដង្ហែបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីបង្ហាញ​ពីការ​គាំទ្រ​លើ​សមាជិក​ព្រឹទ្ធសភា។ វត្តមានរបស់សមាជិក សមាជិកា​គណបក្ស​ប្រជាជន​នាពេលនេះ​បាន​បញ្ជាក់​ច្បាស់ អំពីស្មារតីយកចិត្តទុកដាក់ សាមគ្គីឯកភាពផ្ទៃក្នុងគណបក្ស តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម រក្សា​ខ្ជាប់ខ្ជួននូវ ប្រពៃណីថ្លៃថ្លានៃដំណើរការលើកកម្ពស់ប្រជាប្រិយភាព និងកិត្យានុភាព​របស់​គណបក្ស ក្នុងការដឹកនាំ ប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ច។ ឯកឧត្តមបណ្ឌិត បន្ថែមថា ឯកឧត្តមបណ្ឌិតលើកទឹកចិត្តឱ្យសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ​ដែល​ជា​អង្គបោះឆ្នោត ថែរក្សាសុខភាពឱ្យបានល្អ និងទុកដាក់អត្តសញ្ញាណបណ្ណ សម្រាប់​បោះឆ្នោត​បាន​ត្រឹមត្រូវ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង៣:០០រសៀល នៅ​តាម​ការិយាល័យ​បោះឆ្នោតទាំង៣៣ ចំណុះឱ្យភូមិភាគទាំង៨៕

សភារដ្ឋ Florida ជំរុញការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ អាយុក្រោម១៦ឆ្នាំ

2024/02/23 02:33:27 pm        84
រដ្ឋ Florida មានចំណាត់ការកាលពីថ្ងៃព្រហស្បតិ៍ ឆ្ពោះទៅរកការអនុម័តនូវអ្វីដែលនឹងក្លាយជាការហាមឃាត់តឹងរ៉ឹងបំផុតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារនៅសហរដ្ឋអាមេរិក បន្ទាប់ពីព្រឹទ្ធសភារដ្ឋ បានអនុម័តសេចក្តីស្នើច្បាប់សម្រាប់អ្នកដែលមានអាយុក្រោម ១៦ឆ្នាំ ប្រើប្រាស់វេទិកាបែបនេះ។ សេចក្តីស្នើច្បាប់ដ៏ចម្រូងចម្រាស ស្វែងរកការការពារសុខភាពផ្លូវចិត្តរបស់កុមារប្រឆាំង «លក្ខណៈពិសេសដែលញៀន» នៃវេទិកា ក្នុងពេលមានការព្រួយបារម្ភអំពីគ្រោះថ្នាក់តាមប្រព័ន្ធអ៊ីនធឺណិត រួមមានអ្នកប្រព្រឹត្តបំពានផ្លូវភេទ ការគំរាមកំហែងតាមអ៊ីនធឺណិត និងការធ្វើអត្តឃាតរបស់ក្មេងជំទង់។ ច្បាប់ដែលត្រូវបានអនុម័តក្នុងសំឡេង ២៣ទល់នឹង១៤សំឡេង ពេលនេះនឹងបង្វែរទៅកាន់វិមានរដ្ឋ។ វាបានអនុម័តនៅទីនោះរួចហើយ ដោយប្រធានសភាជាអ្នកគាំទ្រច្បាប់ ប៉ុន្តែការផ្លាស់ប្តូរបានធ្វើឡើងក្នុងព្រឹទ្ធសភា ដែលចាំបាច់ត្រូវអនុម័តនៅសភាជាន់ទាប។ ក្រោយមក សេចក្តីស្នើច្បាប់នេះនឹងត្រូវចុះហត្ថលេខាដោយអភិបាលរដ្ឋគណបក្សសាធារណរដ្ឋ លោក Ron DeSantis។ កិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នាដោយរដ្ឋផ្សេងទៀតកាលពីពេលមុន ត្រូវបានរារាំងដោយតុលាការ។ លោក DeSantis ធ្លាប់បាននិយាយថា លោកពិតជាមានការព្រួយបារម្ភចំពោះផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារ សម្តែងការព្រួយបារម្ភអំពីសិទ្ធិរបស់ឪពុកម្តាយ។ លោក អភិបាលរដ្ឋ បានអះអាងជាច្រើនលើកមកហើយថា ឪពុកម្តាយគួរមានការគ្រប់គ្រងកាន់តែខ្លាំងលើការសម្រេចចិត្តដែលធ្វើឲ្យប៉ះពាល់ដល់កូនៗរបស់ពួកគេ ជាពិសេសក្នុងការសិក្សាអប់រំ។ នៅក្រោមរដ្ឋបាលលោក DeSantis រដ្ឋ Florida បានអនុម័តច្បាប់ជាច្រើនដើម្បីទប់ស្កាត់ការបង្រៀនអំពីការអប់រំផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រនៅក្នុងសាលារៀន និងដើម្បីលុបបំបាត់កម្មវិធីមួយចំនួនទៀត នៅក្នុងសាកលវិទ្យាល័យដែលផ្តល់មូលនិធិដោយរដ្ឋ។ អ្នករិះគន់មួយចំនួននិយាយថា ច្បាប់បែបនេះ កំពុងផ្តោតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងបំពានលើវិសោធនកម្មដំបូងរបស់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលធានាបាននូវសេរីភាពនៃការបញ្ចេញមតិ។

សហរដ្ឋអាមេរិក សម្រេចបានការចុះចតលើឋានព្រះចន្ទ ជាលើកដំបូង ក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍

2024/02/23 02:27:06 pm        137
យានអវកាស ដែលត្រូវបានសាងសង់ និងហោះហើរដោយក្រុមហ៊ុន អ៊ីនធូអ៊ីធីវ ម៉ាស៊ីនស៍ (Intuitive Machines) ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ (Texas) របស់សហរដ្ឋអាមេរិក បានចុះចតនៅជិតប៉ូលខាងត្បូងរបស់ឋានព្រះចន្ទ កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ដែលជាការចុះចតលើកដំបូងរបស់សហរដ្ឋអាមេរិក លើផ្ទៃព្រះចន្ទក្នុងរយៈពេលជាងកន្លះសតវត្ស និងជាចុះចតលើកដំបូងដែលមិនធ្លាប់មានដោយវិស័យឯកជន។អង្គការណាសា (NASA) ដែលមានឧបករណ៍ស្រាវជ្រាវជាច្រើននៅលើយាននោះ បានសាទរការចុះចតនេះថាជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងគោលដៅរបស់ខ្លួនក្នុងការបញ្ជូនក្រុមយានអវកាសហោះហើរពាណិជ្ជកម្មក្នុងបេសកកម្មរុករកវិទ្យាសាស្ត្រទៅកាន់ឋានព្រះចន្ទ មុនពេលការវិលត្រឡប់ដែលបានគ្រោងទុកនៃអវកាសយានិកនៅទីនោះនៅចុងទសវត្សរ៍នេះ។ប៉ុន្តែបញ្ហាបណ្ដាញទំនាក់ទំនងដំបូងបន្ទាប់ពីការចុះចតកាលពីថ្ងៃព្រហស្បតិ៍នោះ បានចោទជាសំណួរថាតើយានអាវកាសនេះអាចត្រូវបង្អាក់សមត្ថភាព ឬជួបឧបសគ្គក្នុងមធ្យោបាយណាមួយឬយ៉ាងណា។ ក្រុមហ៊ុន ណាសា និងអ្នកអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់នៃបេសកកម្មអវកាសនេះបាននិយាយ យានចុះចតរូបយន្ត ដែលមានជើងប្រាំមួយ និងត្រូវគេដាក់ឈ្មោះថា «អូឌីសសើស» (Odysseus) នោះបានចុះចតនៅម៉ោងប្រហែល ៦:២៣ ល្ងាច (ម៉ោងសកល) នៅជិតប៉ូលខាងត្បូងនៃឋានព្រះចន្ទ៕

លោក ពូទីន បញ្ជូនសញ្ញាទៅកាន់លោកខាងលិច ថារុស្ស៊ី មានសមត្ថភាពនុយក្លេអ៊ែរ

2024/02/23 02:19:31 pm        181
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានហោះហើរលើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទំនើប Tu-160M ដែលមានសម្ថភាពនុយក្លេអ៊ែរ កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ក្នុងសកម្មភាពមួយ ដែលទំនងជាត្រូវបានគេមើលឃើញនៅក្នុងលោកខាងលិច ថាជាការបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់អំពីសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ។យន្តហោះខ្នាតយក្ស ដែលត្រូវបានឱ្យឈ្មោះថា ប្លែកជែកស៍ (Blackjacks) ដោយសម្ព័ន្ធយោធាណាតូនេះ គឺជាកំណែទំនើបនៃយន្តហោះទម្លាក់គ្រាប់បែកសម័យសង្រ្គាមត្រជាក់ ដែលអតីតសហភាពសូវៀតមួយនេះអាចដាក់ពង្រាយក្នុងព្រឹត្តិការណ៍នៃសង្រ្គាមនុយក្លេអ៊ែរ ដើម្បីចែកចាយអាវុធនៅរយៈចម្ងាយឆ្ងាយ។ទូរទស្សន៍រដ្ឋបានបង្ហាញរូបភាព លោក ពូទីន ចុះពីលើយន្តហោះនោះបន្ទាប់ពីការហោះហើរ ហើយប្រាប់អ្នកសារព័ត៌មានថា នេះជាយន្តហោះដែលមានសមត្ថភាពអាចទុកចិត្តបាន និងទំនើបដែលអាចទទួលយកបានដោយកងទ័ពអាកាសរុស្ស៊ី។មេដឹកនាំរុស្ស៊ី ដែលត្រូវបានគេរំពឹងថានឹងអាចឈ្នះអាណត្តិរយៈពេលប្រាំមួយឆ្នាំទៀតក្នុងការបោះឆ្នោតនៅខែក្រោយនេះ បានធ្វើការហោះហើរ នៅពេលដែលទីក្រុងមូស្គូ និងលោកខាងលិចមានជម្លោះជុំវិញសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន និងការស្លាប់នៅក្នុងពន្ធនាគាររបស់អ្នកនយោបាយប្រឆាំង លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត និងកង្វះខាតស្រូវសាលី ក្លាយជាការងារប្រឈមដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំថ្មីស៊ីរី
08/18/2025 09:08 PM
អេស្ប៉ាញព្យាយាមពន្លត់ភ្លើងឆេះព្រៃដោយមានជំនួយច្រើនបំផុតពីសហគមន៍អន្តរជាតិ
08/18/2025 08:08 PM
លោក Trump និយាយថា លោក Zelenskyy អាចបញ្ចប់សង្រ្គាមភ្លាមៗបាន
08/18/2025 08:08 PM
មនុស្ស ២៦៣នាក់ រួមទាំងកុមារ ១១២នាក់ ដាច់ពោះស្លាប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង
08/18/2025 08:08 PM
ក្តីសង្ឃឹមសម្រាប់អ្នករស់រានលែងមាន ពេលដែលក្រុមជួយសង្រ្គោះ ព្យាយាមស្វែងរកមនុស្សបាត់ខ្លួន ១៥០នាក់ក្នុងជំនន់ប៉ាគីស្ថាន
08/18/2025 08:08 PM
អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់
08/18/2025 08:08 PM
ចិនគំាទ្ររាល់កិច្ចខិតខំទាំងអស់ ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពក្នុងវិបត្តិសង្រ្គាមអ៊ុយក្រែន
08/18/2025 08:08 PM
លោក Zelenskyy ព្រមានប្រឆាំងនឹង «ការផ្តល់រង្វាន់» ដល់រុស្ស៊ី បន្ទាប់ពីលោក Trump ជំរុញឲ្យព្រមសម្បទាន
08/18/2025 08:08 PM
ភ្នាក់ងារពន្លត់អគ្គិភ័យ ២នាក់ស្លាប់ និងមនុស្សយ៉ាងហោច ៤នាក់រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុង Osaka ប្រទេសជប៉ុន
08/18/2025 08:08 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចធ្ងន់ធ្ងរនៅទីក្រុងម៉ុមបៃ និងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា
08/18/2025 08:08 PM