មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

សភាអាមេរិក ខាងបក្សសាធារណរដ្ឋ ឈ្នះការអនុម័តបទចោទទម្លាក់តំណែងប្រមុខមន្ត្រីព្រំដែនរបស់លោក Biden

2024/02/14 10:40:04 am        137
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) បានឈ្នះការបោះឆ្នោតចោទប្រកាន់ដើម្បីទម្លាក់តំណែងប្រមុខមន្ត្រីព្រំដែនរបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ដោយចោទប្រកាន់ប្រមុខមន្ត្រីរូបនោះពីគោលនយោបាយធូររលុងដែលលើកទឹកចិត្តឱ្យមានអន្តោប្រវេសន៍ខុសច្បាប់។តាមរយៈការបោះឆ្នោតគាំទ្រ ២១៤ សំឡេងទល់នឹងការប្រឆាំង ២១៣ សំឡេង សភាបានអនុម័តមាត្រាចំនួនពីរនៃការចោទប្រកាន់ទម្លាក់តំណែង ដែលចោទរដ្ឋមន្ត្រីសន្តិសុខជាតិ លោក អាឡេហ្សានដ្រូ ម៉ាយ័រខាស (Alejandro Mayorkas) ថាមិនបានអនុវត្តច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ដែលពួកសាធារណរដ្ឋ បានលើកឡើងថានាំឱ្យមានលំហូរជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ហើយនិងបានធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅកាន់សភា។លោក ម៉ាយ័រខាស បាននិយាយថា លោកមិនទទួលខុសត្រូវចំពោះស្ថានភាពព្រំដែននោះទេ ដោយបានស្ដីបន្ទោសថាមកពីប្រព័ន្ធអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកដែលខូចខាត ដែលសភាមិនអាចជួសជុលបានជំនួសវិញ។ ជនអន្តោប្រវេសន៍ជាច្រើនបានឆ្លងព្រំដែនដោយខុសច្បាប់ពីប្រទេសម៉ិកស៊ិក ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងឆ្នាំ២០២១មក ហើយអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានធ្វើឱ្យបញ្ហានេះក្លាយជាការផ្តោតសំខាន់នៃយុទ្ធនាការបោះឆ្នោតរបស់ខ្លួនប្រឆាំងនឹងលោក បៃដិន៕

សម្តេចហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តជ្រោងទង់កាន់តែខ្ពស់នូវស្មារតីនៃការកែទម្រង់

2024/02/14 10:14:17 am        201
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នៅតែបន្តផ្ដល់សារៈសំខាន់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបន្តជ្រោងទង់កាន់តែខ្ពស់ ក្នុងការកែទម្រង់នេះ រួមទាំង​ដើរ​តាម​អភិក្រមទាំងប្រាំ​របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤» នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រឹងគណនេយ្យភាព សមិទ្ធកម្ម នៅក្នុងការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និងការលើកតម្កើងវប្បធម៌គុណាធិបតេយ្យ គឺជាការ ចាំបាច់បំផុត​ក្នុងការផ្តល់ឱកាស និងលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោយសមធម៌ និងយុត្តិធម៌ ជូនដល់មន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិស្របតាមគុណវុឌ្ឍ បទពិសោធន៍សមត្ថភាព ឆន្ទៈ​ និងវិន័យក្នុងការបំពេញការងារ ខណៈគោលការណ៍​ត្រូវអនុវត្តមិនត្រឹមតែក្នុងក្រប ខណ្ឌពិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវប្រែក្លាយទៅជាគោលការណ៍ អាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹង​អភិបាលកិច្ច និងសមត្ថភាព ស្ថាប័ននៅក្នុងគ្រប់កម្រិតផងដែរ។សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា« រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តជ្រោងទង់កាន់តែ ខ្ពស់នៅស្មារតីនៃការកែទម្រង់ ​និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ការបំពេញការងាររបស់ខ្លួនដែល​ជាស្មារតីបុរេ​សកម្ម​ភ្ញាក់រលឹក​ និងម៉ឺងម៉ាត់ក្នុងការទម្រង់មុតស្រួចស៊ីជម្រៅ ​និងគ្រប់ជ្រុងជ្រោយ ពោល​គឺ«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាលបាល និងវះកាត់»។យ៉ាងណាក៏ដោយសម្តេចធិបតី ​ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដើម្បីឲ្យការកែទម្រង់នេះ​ទទួលបានជោគជ័យត្រូវតែផ្អែកលើកត្តាសំខាន់​ចំនួនបួនផងដែរ ​ដោយក្នុងនោះ ទី១.ត្រូវមានចក្ខុវិស័យ​ ច្បាស់លាស់.ទី២.ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ទី៣.ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤.ត្រូវតែមានការ លះបង់ជាដើម៕អត្ថបទបាន ចក់

វិមានក្រឹមឡាំង ច្រានចោលការព្រមានរបស់អឺរ៉ុប អំពីការឃោសនាបំភាន់របស់រុស្ស៊ី

2024/02/14 10:02:41 am        168
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) កាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) បានច្រានចោលការព្រមានរបស់អឺរ៉ុប អំពី «ការឃោសនាបំភាន់របស់រុស្ស៊ី» ដោយនិយាយថា អ្វីក៏ដោយដែលប្រឆាំងនឹងការនិទានកថាបច្ចុប្បន្ន ត្រូវបានលោកខាងលិចចាត់ថាជាការឃោសនា។លោក ផេស្កូវ ត្រូវបានសាកសួរអំពីកិច្ចប្រជុំកាលពីថ្ងៃចន្ទ រវាងរដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ ដែលពួកគេព្រមានអំពីការរីករាលដាលនៃការឃោសនារបស់រុស្ស៊ី នៅក្នុងបណ្តាប្រទេសអឺរ៉ុប នៅមុនការបោះឆ្នោតនៅខែមិថុនា ទៅកាន់សភាអឺរ៉ុប។នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយថា «វាច្បាស់ណាស់ឥឡូវនេះដែលថាប្រភព ប្រព័ន្ធផ្សព្វផ្សាយ ឬសម្ភារៈណាមួយពីអ៊ីនធឺណិត ដែលមិនបំពេញតាមលក្ខណៈវិនិច្ឆ័យ ឬមិនដូចអ្វីដែលគេចង់បាន ត្រូវបានទទួលស្គាល់ភ្លាមៗថាជាការឃោសនា»។បណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់ប្រតិបត្តិកររុស្ស៊ី ម្តងហើយម្តងទៀតថាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ីនធឺណិត ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភាន់ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ពួកគេ ហើយដើម្បីផ្សព្វផ្សាយរុស្ស៊ី ឬប៉ុនប៉ងបំភាន់មតិសាធារណៈប្រឆាំងនឹងការគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៊ី៕

UN ព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការឈ្លានពានក្រុង Rafah ព្រោះអាចនាំឱ្យមានការសម្លាប់យ៉ាងព្រៃផ្សៃ

2024/02/14 09:59:38 am        146
អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) បានព្រមានប្រឆាំងនឹងការឈ្លានពានជើងគោករបស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា (Rafah) នៅតំបន់ហ្កាហ្សាស្រ្ទីប ដោយនិយាយថាការវាយលុកនេះអាច «នាំទៅដល់ការសម្លាប់យ៉ាងព្រៃផ្សៃ» នៅក្នុងតំបន់ភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលមានប្រជាជនជាង ១ លាននាក់កំពុងជ្រកកោនមួយនេះ។អ៊ីស្រាអែលនិយាយថា ខ្លួនចង់កម្ចាត់ពួកសកម្មប្រយុទ្ធហាម៉ាស ចេញពីកន្លែងលាក់ខ្លួននៅក្រុងរ៉ាហ្វា ហើយរំដោះចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅទីនោះ និងកំពុងរៀបចំផែនការជម្លៀសជនស៊ីវិលប៉ាឡេស្ទីនដែលជាប់គាំង។ប្រធានជំនួយរបស់អង្គការសហប្រជាជាតិលោក ម៉ាទីន ហ្គ្រីហ្វីបស៍ (Martin Griffiths) បាននិយាយថា «ប្រតិបត្តិការយោធានៅទីក្រុងរ៉ាហ្វា អាចនាំឱ្យមានការសម្លាប់យ៉ាងព្រៃផ្សៃបំផុតនៅហ្កាហ្សា។ ពួកគេក៏អាចធ្វើឱ្យប្រតិបត្តិការមនុស្សធម៌ដ៏ផុយស្រួយរួចទៅហើយនេះ ស្ថិតនៅមាត់ទ្វារមរណៈផងដែរ។ សហគមន៍អន្តរជាតិបានព្រមានប្រឆាំងនឹងផលវិបាកដ៏គ្រោះថ្នាក់នៃការឈ្លានពានជើងគោកណាមួយនៅក្នុងទីក្រុងរ៉ាហ្វា ហើយរដ្ឋាភិបាលអ៊ីស្រាអែល មិនអាចបន្តមិនអើពើការអំពាវនាវទាំងនេះទេ»។ជាងពាក់កណ្តាលនៃប្រជាជន ២,៣ លាននាក់របស់តំបន់ហ្កាហ្សា កំពុងជ្រកកោននៅក្រុងរ៉ាហ្វា ហើយអ្នកទាំងនោះភាគច្រើនបានស្នាក់នៅយ៉ាងច្រើនកុះករក្នុងទីក្រុងរបងព្រំដែនជាមួយអេហ្ស៊ីបមួយនេះ និងរស់នៅក្នុងតង់បណ្តោះអាសន្ន៕

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានហ្សារីហ្វ និងសម្ព័ន្ធមិត្តព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះ

2024/02/14 09:53:05 am        92
គណបក្សរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) និងសម្ព័ន្ធមិត្តបានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ពួកគេនឹងរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ ដែលនឹងបញ្ចប់ភាពមិនច្បាស់លាស់ចាប់តាំងពីសប្តាហ៍មុន នៅពេលដែលគ្មានគណបក្សណាមួយឈ្នះសំឡេងភាគច្រើនដាច់ខាត នៅក្នុងការបោះឆ្នោតសភា។ ការវិវឌ្ឍន៍ចុងក្រោយបំផុតបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីភាគីនានា ដែលសុទ្ធតែជាគូប្រជែងរបស់អតីតនាយករដ្ឋមន្ត្រី លោកអ៊ីមរ៉ានខាន់(Imran Khan) ដែលកំពុងជាប់ពន្ធនាគាររបស់ប្រទេសនេះ បានជួបប្រជុំគ្នានៅទីក្រុង អ៊ីស្លាម៉ាបាដ (Islamabad)។ជំនួបនេះ ត្រូវបានចូលរួមដោយគណបក្សប្រជាជនប៉ាគីស្ថានរបស់អតីតប្រធានាធិបតីលោក អាស៊ីហ្វ អាលីហ្សាដារី (Asif Ali Zardari)និងដោយគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថានរបស់លោក ហ្សារីហ្វ ( Sharif) រួមទាំងប្អូនប្រុសរបស់លោកគឺជាលោក ហ្សេ បាស ហ្សារីហ្វ (Shehbaz Sharif) ដែលបានជំនួសលោកខាន់(Khan)នៅពេលលោកត្រូវបានបណ្តេញចេញតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅក្នុងសភាកាលពីឆ្នាំ២០២២ ។ នៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក ហ្សាដារី និងអ្នកនយោបាយផ្សេងទៀត លោក ហ្សេបា ហ្សារីហ្វ ពុំបាននិយាយថា តើអ្នកណានឹងជាជម្រើសរួមសម្រាប់តំណែងជានាយករដ្ឋមន្ត្រីនោះទេ ទោះបីជាគេជឿជាក់ថា លោក ហ្សេបបាស ហ្សារីហ្វនឹងដឹកនាំរដ្ឋាភិបាលថ្មីក៏ដោយ។ នៅក្នុងសុន្ទរកថាខ្លីរបស់លោកហ្សារីហ្វ បាននិយាយថា ការចរចាលើការបង្កើតក្រុមចម្រុះទទួលបានជោគជ័យ។ ចំណែកលោក Zardari បាននិយាយថា យើងបានសម្រេចចិត្តថាយើងនឹងបង្កើតរដ្ឋាភិបាលរួមគ្នា ។អ្នកនាំពាក្យគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន លោកស្រី ម៉ារីយ៉ុម អូរ៉ាងហ្សេប (Marriyum Aurangzeb)និយាយថា លោក Sharif ដែលជានាយករដ្ឋមន្ត្រីបីសម័យកាល បានតែងតាំងប្អូនប្រុសរបស់លោកសម្រាប់តួនាទីជានាយករដ្ឋមន្ត្រី។ ទោះបីជាបេក្ខជនគាំទ្រដោយគណបក្សតេរីក អ៊ី អ៊ីនសាហ្វ ប៉ាគីស្ថាន(Pakistan Tehreek-e-Insaf) របសលោក Khan ទទួលបានអាសនៈចំនួន ៩៣ ក្នុងចំណោមអាសនៈរដ្ឋសភាចំនួន ២៦៥ ក៏ដោយ ក៏មិនគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលនោះដែរ។គណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថានរបស់លោក Sharif ទទួលបានអាសនៈចំនួន៧៥ និងគណបក្សប្រជាជនប៉ាគីស្ថានរបស់លោក Zardari ទទួលបានអាសនៈចំនួន៥៤៕

កម្ពុជា-ហុងគ្រី ប្តេជ្ញាបន្តថែរក្សាទំនាក់ទំនងល្អ និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ

2024/02/14 08:37:38 am        123
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះភាគីទងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការលេចឡើងនៃបញ្ហាប្រឈមក្នុងតំបន់និងសកលក៏ដោយ ដែលបានបង្ហាញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ការប្រាស្រ័យទាក់ទងគ្នា តាមរយៈយន្តការទ្វេភាគី ដូចជា គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងកិច្ចពិគ្រោះយោបល់ទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ជាមួយគ្នា ភាគីទងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ។ទន្ទឹមគ្នាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរដល់ហុងគ្រី ក្នុងការក្លាយ​ជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២នៃឆ្នាំ២០២៤ និងបានថ្លែងអំណរគុណ​ចំពោះការ​បន្តគាំទ្ររបស់ហុងគ្រី សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបលើគ្រប់វិស័យ។

ឥណ្ឌូនេស៊ី ស្ថិតក្នុងដំណាក់កាលរៀបចំចុងក្រោយ មុនការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោក

2024/02/13 01:54:04 pm        206
ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី កំពុងរៀបចំចុងក្រោយនៅថ្ងៃអង្គារ (១៣ កុម្ភៈ) នេះមុនការបោះឆ្នោតនៅថ្ងៃពុធ (១៤ កុម្ភៈ) ដោយមាននគរបាលប្រហែល ២៥.០០០ នាក់ បានដាក់ពង្រាយដើម្បីធានាសន្តិសុខនៅក្នុងការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោក និងជាការប្រកួតមួយដែលត្រូវបានគេមើលឃើញថាជាការសាកល្បងដ៏ធំនៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលទទួលបានចាប់តាំងពីការបញ្ចប់នៃការគ្រប់គ្រងផ្តាច់ការកាលពី ២៥ ឆ្នាំមុន។បេក្ខជនប្រធានាធិបតីបីរូប កំពុងប្រជែងគ្នាដើម្បីបន្តតំណែងប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ចូកូ វីដូដូ (Joko Widodo) ដែលត្រូវបានគេស្គាល់តាមឈ្មោះហៅក្រៅថា ចូកូវី (Jokowi) ដែលកំពុងបញ្ចប់អាណត្តិទីពីរនៃចំនួនអតិបរមាពីរអាណត្តិដែលត្រូវបានអនុញ្ញាត។បេក្ខជនទាំងនោះរួមមាន លោក ហ្កាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) របស់គណបក្សដ៏ធំបំផុត និងបេក្ខជនឯករាជ្យ លោក អានីស បាស្វេដាន (Anies Baswedan) ដែលជាអតីតអភិបាល ដោយអ្នកទាំងពីរនេះស្ថិតក្នុងវ័យ ៥០ ឆ្នាំ និងរដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូបៀនរូ (Prabowo Subianto) អតីតមេបញ្ជាការកងកម្លាំងពិសេសវ័យ ៧២ ឆ្នាំ។ការស្ទង់មតិបានបង្ហាញយ៉ាងជាប់លាប់ថា លោក ប្រាបូវ៉ូ គឺជាបេក្ខភាពឈ្នះឆ្នោត ដែលមានការព្យាករណ៍ថាលោកអាចឈ្នះសំឡេងភាគច្រើនជាមួយនឹងការគាំទ្រច្រើនជាង ៥០%។ មនុស្សច្រើនជាង ២០០ លាននាក់នៃចំនួនប្រជាជន ២៧០ លាននាក់ របស់ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេទីបីរបស់ពិភពលោក មានសិទ្ធិបោះឆ្នោត៕

បារាំង ស្នើឱ្យក្រុមហេសបូឡា ដកថយ និងជំរុញកិច្ចចរចាព្រំដែនសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់

2024/02/13 01:29:39 pm        229
បារាំង បានប្រគល់សំណើជាលាយលក្ខណ៍អក្សរទៅទីក្រុងបេរូត ក្នុងគោលបំណងបញ្ចប់អរិភាពជាមួយអ៊ីស្រាអែល និងដោះស្រាយជម្លោះព្រំដែនលីបង់-អ៊ីស្រាអែល នេះបើយោងតាមឯកសារដែលឃើញដោយសារព័ត៌មានរ៉យទ័រ ដែលអំពាវនាវឱ្យក្រុមប្រយុទ្ធនានា រួមទាំងអង្គភាពវរជនហេសបូឡា (Hezbollah) ដកថយចម្ងាយ ១០ គីឡូម៉ែត្រពីព្រំដែន។ផែនការនេះមានគោលបំណងបញ្ចប់ការប្រយុទ្ធគ្នារវាងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែលនៅតាមព្រំដែន។ អរិភាពនេះបានកើតឡើងស្របគ្នានឹងសង្គ្រាមនៅហ្កាហ្សា ហើយកំពុងជំរុញឱ្យមានការព្រួយបារម្ភពីការប្រឈមមុខដាក់គ្នាដែលអាចបង្កការបំផ្លិចបំផ្លាញបន្ថែម។ឯកសារដែលជាសំណើលាយលក្ខណ៍អក្សរលើកដំបូងនោះ បាននាំយកទៅទីក្រុងបេរូត ក្នុងអំឡុងពេលជាច្រើនសប្តាហ៍នៃការសម្រុះសម្រួលលោកខាងលិច និងត្រូវបានប្រគល់ទៅឱ្យមន្ត្រីប្រមុខរដ្ឋនៃប្រទេសលីបង់ រួមទាំងនាយករដ្ឋមន្ត្រី ណាជីប មីខាទី (Najib Mikati) ដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក ស្ទេហ្វែន ស៊ឺហ្ស៊ូន (Stephane Sejourne) កាលពីសប្តាហ៍មុន នេះបើតាមមន្ត្រីជាន់ខ្ពស់លីបង់បួននាក់ និងបារាំងបីនាក់។សំណើនោះប្រកាសពីគោលបំណងនៃការទប់ស្កាត់ជម្លោះ «ដែលអាចធ្លាក់ចេញពីការគ្រប់គ្រង» និងការអនុវត្ត «លទ្ធភាពបទឈប់បាញ់ នៅពេលដែលលក្ខខណ្ឌត្រឹមត្រូវ» ហើយនៅទីបំផុតអាចនឹងមើលឃើញការចរចាស្តីពីការកំណត់ព្រំដែនដីជម្លោះរវាងលីបង់ និងអ៊ីស្រាអែល៕

ប្រមុខការបរទេសសហភាពអឺរ៉ុប ស្នើឱ្យសហរដ្ឋអាមេរិក កាត់បន្ថយជំនួយយោធាដល់អ៊ីស្រាអែល

2024/02/13 01:26:09 pm        225
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) កាលពីថ្ងៃចន្ទ (១២ កុម្ភៈ) បានធ្វើការអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យកាត់បន្ថយការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល ដោយសារតែចំនួនជនស៊ីវិលស្លាប់បាត់បង់ជីវិតឡើងខ្ពស់ខ្លាំងនៅក្នុងសង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សា។លោក បូរ៉ែល បានរំលឹកថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីសប្តាហ៍មុនថា ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ពួកហាម៉ាសគឺ «ជ្រុលហួសហេតុ» ហើយក្រុមមន្ត្រីអាមេរិក និងលោកខាងលិចផ្សេងទៀតបាននិយាយម្តងហើយម្តងទៀតថា ជនស៊ីវិលច្រើនពេកហើយកំពុងត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា។លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីជំនួយអភិវឌ្ឍន៍សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ថា «ប្រសិនបើអ្នកជឿថាមនុស្សច្រើនពេកកំពុងត្រូវបានសម្លាប់ ប្រហែលជាអ្នកគួរតែផ្តល់អាវុធតិចជាងនេះ ដើម្បីការពារមនុស្សជាច្រើនទៀត»។សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់អាវុធបរទេសដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ដោយបានផ្តល់ឱ្យអ៊ីស្រាអែលនូវជំនួយយោធាចំនួន ៣,៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រាប់ចាប់ពីយន្តហោះចម្បាំងរហូតដល់គ្រាប់បែកដ៏មានឥទ្ធិពល។ រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន មិនបានស្តាប់តាមការទទូចណាមួយ ក្នុងការកាត់ជំនួយបែបនេះទេ៕

អតីតនាយករដ្ឋមន្ត្រីថៃ ដែលជាប់ពន្ធនាគារលោក ថាក់ស៊ីន បានទទួលការលើកលែងទោស

2024/02/13 01:20:04 pm        240
មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានទទួលការលើកលែងទោស នេះបើយោងតាមសារព័ត៌មានក្នុងស្រុក ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ថាវ៉ី សុដសុង (Tawee Sodsong)។ លោក ថាក់ស៊ីន ដែលកំពុងជាប់ទោសរយៈពេលមួយឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរបាលមួយកន្លែង។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា លោកស្ថិតនៅក្នុងបញ្ជីអ្នកទោសចំនួន ៩៣០ នាក់ ដែលត្រូវបានគេចាត់ទុកថាជាមនុស្សមានវ័យចំណាស់ ឬមានជំងឺ ហើយត្រូវបានយល់ព្រមឱ្យដោះលែង។ យោងតាមច្បាប់ប្រទេសថៃ លោក ថាក់ស៊ីន អាចត្រូវបានដោះលែងបន្ទាប់ពីជាប់ទោសរយៈពេលប្រាំមួយខែនៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ។ទោះបីជាទទួលបានការដោះលែងក៏ដោយ អតីតមេដឹកនាំរូបនេះនៅតែអាចត្រូវឃុំខ្លួន ខណៈដែលព្រះរាជអាជ្ញារដ្ឋ កំពុងពិចារណាចោទប្រកាន់លោកពីបទប្រមាថព្រះមហាក្សត្រក្នុងអំឡុងពេលសម្ភាសន៍ឆ្នាំ២០១៥។កាលពីខែសីហា លោក ថាក់ស៊ីន ដែលជាឥស្សរជននយោបាយដ៏ល្បីម្នាក់របស់ប្រទេសថៃ បានវិលត្រឡប់មកប្រទេសកំណើតវិញយ៉ាងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំក្នុងការនិរទេសខ្លួនឯងដើម្បីគេចពីពន្ធនាគារ។ ការវិលត្រឡប់មកវិញរបស់លោក កើតឡើងស្របពេលដែលសម្ព័ន្ធមិត្ត និងអ្នកនយោបាយចំណូលថ្មី លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៅថ្ងៃតែមួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីកាណាដា៖ អាមេរិកមិនបានកំណត់លក្ខខណ្ឌនៃកិច្ចពិភាក្សាពាណិជ្ជកម្មទេ
04/23/2026 05:04 PM
ដំណាំពោតចូលរួមចំណែកផ្ដល់ប្រាក់ចំណូលដល់អ្នកភូមិសុវណ្ណបៃតង ក្នុងខេត្តកោះកុង
04/23/2026 05:04 PM
ការដាំបន្លែលើទឹកជួយសន្សំសំចៃទឹក មានសុវត្ថិភាពខ្ពស់ និងមានទីផ្សារល្អ ខណៈពលរដ្ឋគាំទ្រច្រើន
04/23/2026 04:04 PM
ក្រុមហ៊ុន Xpeng Inc របស់ប្រទេសចិនអាចនឹងចែកចាយរថយន្តហោះនៅឆ្នាំ២០២៧ខាងមុខ
04/23/2026 04:04 PM
ប្រជាជនជាង ១.០០០នាក់ ត្រូវបានជំរុញឲ្យជម្លៀស ខណៈចំហេះព្រៃរាលដាលនៅភាគឦសានជប៉ុន
04/23/2026 04:04 PM
រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យចូលឆ្នាំថ្មីបីថ្ងៃ បានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចច្រើនដល់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន
04/23/2026 04:04 PM
របាយការណ៍៖ រុស្ស៊ីត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅសហរដ្ឋអាមេរិក
04/23/2026 04:04 PM
អាមេរិក បញ្ជាក់ថា ខ្លួនកំពុងរង់ចាំជំហរ «តែមួយ» របស់អ៊ីរ៉ង់ ក្នុងពេលមានរបាយការណ៍ពីការបែកបាក់
04/23/2026 04:04 PM
Manchester City ឡើងកំពូលតារាងវិញខណៈ Burnley ត្រូវកាត់ចេញ
04/23/2026 04:04 PM
លោក McConkey ថា កូនក្រុមធ្វើបានល្អ ទោះលទ្ធផលមិនតាមការចង់បាន
04/23/2026 04:04 PM