ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ចំអកឲ្យអ្នកនយោបាយជើងចាស់ម្នាក់ជេរក្មេង ហើយបែជាមកបបួលក្មេងសន្ទនាទៅវិញ

2023/10/03 10:48:27 am        143
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកទៅឲ្យអ្នកនយោបាយជើងចាស់ម្នាក់ថា មិនចេះខ្មាស់ក្មេង ខណៈអ្នកនយោបាយរូបនោះតែងតែជេរប្រមាថ និងមើលងាយដល់ក្មេងហើយ តែបែជាមកបបួលក្មេងសន្ទនាទៅវិញ ខណៈការបបួលនេះ​ត្រូវបាន​សម្តេចបដិសេធ​មិនធ្វើការសន្ទនាជាមួយនោះឡើយ។ថ្លែងក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត​តាមរោងចក្រសហគ្រាស​ចំនួន១៨០៩៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នំា២០២៣នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ​មានអ្នកនយោបាយជើងចាស់ខ្លះ បានមក​បបួលសម្តេច​ធ្វើការ​សន្ទនាគ្នា ប៉ុន្តែត្រូវបានសម្តេចបដិសេធ ដោយសារអ្នកនយោបាយរូបនេះធ្លាប់​សន្ទនា​ជាច្រើនលើក​ច្រើន​សារមកហើយជាមួយមនុស្សចាស់ដូចគ្នា ប៉ុន្តែក្រោយការ​ចរចា​រួចបែជាអ្នក​នយោបាយ​ជើងចាស់រូបនោះ​បច្ចុប្បន្នកំពុង​នីរទេសខ្លួន​នៅក្រៅប្រទេស ​លួចជេរ និង​ប្រមាថពីក្រោយ​ខ្នងទៅវិញ។បើទោះបីជាសម្តេចធិបតី ហ៊ុន ម៉ាណែត ​មិនបានបញ្ជាក់ឈ្មោះថា អ្នកនយោបាយជើងចាស់ដែល​មិនខ្មាស់ក្មេងនោះ​ជាអ្នកណាក៏ដោយក៏គេអាចដឹងថា អ្នកនយោបាយជើងចាស់​រូបនោះ​ជា​ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្សពួកដែរ៕អត្ថបទបាន ចក់

សម្តេចធិបតី៖ ការដំឡើងប្រាក់ខែជូនដល់កម្មករទោះតិចក្តី ច្រើនក្តី គឺជាគោលនយោបាយឆ្ពោះទៅមុខជានិច្ច

2023/10/03 10:35:52 am        160
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការដំឡើងប្រាក់ខែ ជូនដល់បងប្អូនកម្មករ និយោជិតសម្រាប់ឆ្នាំ២០២៤នេះទោះតិចក្តី ច្រើនក្តី ប៉ុន្តែវាជាគោលនយោបាយឆ្ពោះទៅមុខរបស់រាជរដ្ឋាភិបាលជានិច្ច គឺគ្មានការថយក្រោយនោះឡើយ ។ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ​តាមរោងចក្រ សហគ្រាស ចំនួន១៨០៩៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នំា២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បរមាជូនដល់បងប្អូនកម្មករ និយោជិតចំនួន៤ដុល្លារបន្ថែមនេះ គឺមានអត្ថន័យណាស់ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចពិភពលោក ខណៈប្រទេសខ្លះគេមិនទាន់មានការដំឡើងផង ដូចជាប្រទេសវៀតណាម ឡាវ ឥណ្ឌា នេប៉ាល និងប្រទេសបង់ក្លាដេសជាដើមនោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការដំឡើងប្រាក់ខែជូនដល់​បងប្អូន​កម្មករ និយោជិតចំនួន២ដុល្លារបន្ថែមសម្រាប់ឆ្នាំ២០២៤នេះ គឺជាការ​បង្ខិតបង្ខំ​ដល់​និយោជកទេ ខណៈក្រុមនិយោជក​គេប្រកាន់គោលជំហរ​រក្សា​ចំនួន២០០ដុល្លារដដែលនោះ។ ប៉ុន្តទោះជាយ៉ាង ​ណាក៏ដោយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា​គឺបន្តធ្វើ ការ​ខិតខំ​ដំឡើងប្រាក់ឈ្នួលអប្បរមានេះ​ជាបន្តបន្ទាប់​ជូន​ដល់ប្អូនជានិច្ច បើទោះបីសេដ្ឋកិច្ចជួបបញ្ហាអ្វីក៏ ដោយនោះ៕អត្ថបទ បាន ចក់ 

ជនអន្តោប្រវេសន៍ នៅម៉ិកស៊ិកភាគខាងត្បូង ឡើងជិះរថយន្តក្រុងក្នុងកម្មវិធីថ្មី កាត់បន្ថយហ្វូងមនុស្សចង្អៀត

2023/10/03 10:29:54 am        103
ម៉ិកស៊ិក៖ ជនអន្តោប្រវេសន៍រាប់រយនាក់ នៅប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃចន្ទបានរង់ចាំរថយន្តក្រុងទៅកាន់ភាគខាងជើង ក្នុងកម្មវិធីរដ្ឋាភិបាលថ្មី ដែលមានន័យថានឹងជួយរៀបចំចំនួនមនុស្សមកដល់ខណៈប្រធានាធិបតីម៉ិកស៊ិក និយាយថាមនុស្ស ១០.០០០នាក់ បានទៅដល់ព្រំដែនសហរដ្ឋអាមេរិករាល់ថ្ងៃ។ នៅចំណតរថយន្តក្រុមមួយកន្លែង ក្នុងទីក្រុង Juchitan រដ្ឋ Oaxaca ជនអន្តោប្រវេសន៍មួយចំនួន និយាយថា ពួកគេ នឹងចូលទៅសហរដ្ឋអាមេរិកដោយមានការណាត់ជួប ដែលត្រូវធានាបានតាមរយៈ កម្មវិធី របស់រដ្ឋាភិបាលអាមេរិក CBP One និងសំណើសុំសិទ្ធជ្រកកោន។នៅក្នុងតំបន់នេះមនុស្សប្រមាណ៤០០នាក់ រួមមានទាំងគ្រួសារដែលមានកូនតូចៗ បានរង់ចាំរថយន្តក្រុងទៅកាន់រដ្ឋធានីរបស់រដ្ឋ ឬទីក្រុង Mexico City។មន្ត្រីរដ្ឋ Oaxaca បានបើកទីតាំងនេះកាលពីសប្តាហ៍មុនក្នុងកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យសម្រាប់ជនអន្តោប្រវេសន៍ ដែលបានមកប្រមូលផ្តុំគ្នាក្នុងចំនួនដ៍ច្រើននៅចំណតរថយន្តក្រុងក្នុងតំបន់ ខណៈព្យាយាមទិញសំបុត្ររថយន្តក្រុងទៅភាគខាងជើង។ ជនអន្តោប្រវេសន៍ ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនសម្រាប់ថ្លៃឈ្នួល ហើយមនុស្សមួយចំនួនបាននិយាយថាពួកគេរង់ចាំលុយផ្ទេរមកពីសាច់ញាតរបស់ពួកគេ ឬស្វែងរកការងារធ្វើដើម្បីបង្កើនមូលនិធិ។ប្រធានាធិបតី ម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹករបស់លោក កាលពីថ្ងៃចន្ទ បាននិយាយថា មនុស្សប្រមាណ ៦.០០០នាក់ កំពុងចូលមកប្រទេសម៉ិកស៊ិកភាគខាងត្បូងរៀងរាល់ថ្ងៃ ហើយកាលពីសប្តាហ៍មុន ជនអន្តោប្រវេសន៍១០.០០០នាក់ បានទៅដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក រាល់ថ្ងៃ៕

ហ្វីលីពីន អាមេរិក និងសម្ព័ន្ធមិត្ត បន្តសមយុទ្ធកងទ័ពជើងទឹក២សប្ដាហ៍រួមគ្នា ស្របពេលមានភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិក

2023/10/03 10:27:15 am        98
ហ្វីលីពីន៖ ហ្វីលីពីន សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន បានបន្តសមយុទ្ធជើងទឹករួមគ្នារយៈពេលពីរសប្តាហ៍ នៅថ្ងៃអង្គារ (៣ តុលា) នេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របពេលមានសកម្មភាពអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងភាពតានតឹងនៅក្នុងអាស៊ីប៉ាស៊ីហ្វិក។សមយុទ្ធរួមគ្នានោះឈ្មោះថា «សាម៉ាសាម៉ា» ដែលមានន័យថា «រួបរួមគ្នា» នៅក្នុងភាសា Tagalog របស់ហ្វីលីពីន ហើយសមយុទ្ធនេះមានគោលបំណងជាចម្បង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ប្រទេសនេះ។ សមយុទ្ធនេះ ធ្វើឡើងនៅក្នុង និងជុំវិញកោះឡូហ្សូន (Luzon) ភាគខាងជើងហ្វីលីពីន ហើយនឹងបន្តរហូតដល់ថ្ងៃទី១៣ ខែតុលា។កងទ័ពជើងទឹកហ្វីលីពីនបាននិយាយថា សមយុទ្ធសាម៉ាសាម៉ា មានគោលបំណង «ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិអន្តរជាតិបន្ថែមទៀត និងជំរុញឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់»។ ជាផ្នែកមួយនៃសមយុទ្ធនេះ កងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធអន្តរប្រតិបត្តិការជាមួយកងកម្លាំងមកពីប្រទេសជប៉ុន ចក្រភពអង់គ្លេស កាណាដា បារាំង និងអូស្ត្រាលី។ កងកម្លាំងនាវាចរនូវែលសេឡង់ និងឥណ្ឌូណេស៊ី ក៏ចូលរួមជាអ្នកសង្កេតការណ៍ក្នុងសមយុទ្ធនេះផងដែរ។ ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែខ្លាំងឡើងនេះ កើតឡើងស្របពេលមានកំណើនភាពតានតឹងផ្នែកដែនសមុទ្ររវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ទល់ជាមួយឥទ្ធិពលចិននៅអាស៊ីប៉ាស៊ីហ្វិកផងដែរ៕

មនុស្សរាប់ពាន់នាក់ ភៀសខ្លួនពីប្រទេសស៊ូដង់ភាគខាងត្បូង ខណៈសង្គ្រាមរាលដាល

2023/10/03 10:25:04 am        125
ស៊ូដង់​៖ ពលរដ្ឋបាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ថា សង្គ្រាមមានរយៈពេលជាច្រើនខែរបស់ប្រទេសស៊ូដង់ បានរាលដាលដល់ទីក្រុងមួយនៅភាគខាងត្បូងប្រទេស ដែលកំពុងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។យោងតាមពលរដ្ឋបានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធកងកម្លាំងគាំទ្ររហ័ស នៅលើយានយន្តប្រដាប់អាវុធរាប់សិបគ្រឿង បានវាយប្រហារទីក្រុង Wad Ashana នៅព្រំដែនរវាងរដ្ឋ Kordofan ខាងជើង និងរដ្ឋ White Nile កាលពីថ្ងៃសៅរ៍។ការមើលឃើញដូចគ្នាត្រូវបានរាយការណ៍ នៅផ្នែកផ្សេងៗរបស់ប្រទេស ដោយអ្នកស្ម័គចិត្តបានបង្ខំចិត្ត ជីកផ្នូរធំរួម និងបានព្រមានថា ចំនួនអ្នកស្លាប់ពិតប្រាកដមានចំនួនខ្ពស់ជាងតួលេខដែលបានលើកឡើង។យោងតាមក្រុមអភិរក្ស បានប៉ាន់ប្រមាណពីគម្រោងទិន្នន័យព្រឹត្តិការណ៍និងទីតាំងជម្លោះប្រដាប់អាវុធបានឲ្យដឹងថា គិតត្រឹមដើមខែវិច្ឆិកា សង្គ្រាមរវាងមេបញ្ជាការកងទ័ពប្រទេសស៊ូដង់លោក Abdel Fattah al-Burhan និងមេបញ្ជាការរងរបស់លោក មេបញ្ជាការកម្លាំងគាំទ្ររហ័សលោក Mohamed Hamdan Daglo ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមេសា បណ្តាលឲ្យមនុស្សជិត ៧.៥០០នាក់ បានស្លាប់៕

ទួរគីចាប់ខ្លួនមនុស្ស២០នាក់ សង្ស័យថាបានជួយដល់ក្រុមសកម្មប្រយុទ្ធឃឺដ បន្ទាប់ពីការការវាយប្រហារដោយគ្រាប់បែក

2023/10/03 10:22:50 am        132
ទួរគី៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា នគរបាលប្រឆាំងភេរវកម្មទួរគី បានចាប់ឃុំខ្លួនមនុស្ស២០នាក់ កាលពីព្រឹកថ្ងៃចន្ទ (២ តុលា) ក្នុងការវាយឆ្មក់កំណត់គោលដៅក្រុមមនុស្សដែលមានទំនាក់ទំនងនឹងពួកសកម្មប្រយុទ្ធឃឺដ។លោក Yerlikaya បាននិយាយនៅលើបណ្ដាញសង្គម X ថា អ្នកនាំពាក្យថ្នាក់ខេត្តជនជាតិឃឺដម្នាក់ និងបណ្ដាប្រធានស្រុកនៃគណបក្សនយោបាយគាំទ្រជនជាតិឃឺដដ៏ធំមួយ បានស្ថិតក្នុងចំណោមអ្នកដែលត្រូវឃុំខ្លួននោះ ដោយសង្ស័យថាបានប្រមូលជំនួយ និងផ្តល់ទីជម្រកសម្រាប់សមាជិកប្រឆាំងនៃគណបក្សពលករឃើឌីស្ថាន (PKK) ដែលមិនស្របច្បាប់។ កាលពីព្រឹកថ្ងៃអាទិត្យ (១ តុលា) ក្រុមអ្នកវាយប្រហារពីរនាក់ បានបំផ្ទុះគ្រាប់បែកនៅជិតអគាររដ្ឋាភិបាលក្នុងទីក្រុងអង់ការ៉ា ដោយបានបណ្ដាឲ្យជនដៃដល់ទាំងពីរនាក់បានស្លាប់ និងរបួសមន្ត្រីនគរបាលពីរនាក់។គណបក្សពលករ PKK ដែលត្រូវបានចាត់ទុកជាអង្គការភេរវករដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្រោយមកបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកលើរដ្ឋធានីប្រទេសទួរគីមួយនេះ។ ការវាយប្រហារដោយគ្រាប់បែកនៅលើមហាវិថី Ataturk គឺជាឧបទ្ទវហេតុលើកទីមួយក្នុងទីក្រុងអង់ការ៉ា ចាប់តាំងពីឆ្នាំ២០១៦មក នៅពេលមានការវាយប្រហារនៅក្នុងបណ្ដាទីក្រុងរបស់ទួរគី ដែលអះអាងទទួលខុសត្រូវដោយពួកសកម្មប្រយុទ្ធឃឺដ រដ្ឋអ៊ីស្លាម និងក្រុមផ្សេងៗទៀតផងដែរ៕

ចំហេះព្រៃនៅផ្នែកជាច្រើន នៅប្រទេសអូស្ត្រាលីភាគអាគ្នេយ៍ ក្នុងពេលរលកកម្តៅនិទាឃរដូវ

2023/10/03 10:20:28 am        112
អូស្ត្រាលី៖ ចំហេះព្រៃនៅរដ្ឋVictoria ប្រទេសអូស្ត្រាលី មានចំនួនច្រើនជាង៣ដងកាលពីពេលយប់ ហើយអាជ្ញាធរ បានជំរុញឲ្យពលរដ្ឋ នៅក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋ Tasmania ឲ្យជម្លៀសខ្លួន ខណៈរលកកម្តៅនិទាឃរដូវបានវាយបក់អគ្គិភ័យ នៅទូទាំងភាគអាគ្នេយ៍របស់ប្រទេស។ យោងតាមអាជ្ញាធរអគ្គិភ័យរដ្ឋ បានឲ្យដឹងថា ផ្ទៃដីប្រមាណ១៧.០០០ហិចតា ត្រូវបានឆាបឆេះនៅថ្ងៃអង្គារនេះនៅផ្នែកភាគខាងកើត តំបន់ Gippsland រដ្ឋ Victoria បន្ទាប់ពីខ្យល់បក់ខ្លាំងរាលដាលអគ្គិភ័យកាលពីពេលយប់ ដែលក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ ៦៥០ នាក់ត្រូវបានដាក់ពង្រាយ ។នៅទូទាំងច្រកសមុទ្រ Bass ក្នុងរដ្ឋ Tasmania ពលរដ្ឋនៅជាយភាគខាងជើងនៃកោះ Flinders ត្រូវបានប្រាប់ឲ្យជម្លៀសខ្លួនពីចំហេះព្រៃដែលហួសពីការគ្រប់គ្រង។ អគ្គិភ័យបានឆាបឆេះដោយកម្តៅ និងខ្យល់ស្ងួតនៅទូទាំងភាគអាគ្នេយ៍ខណៈប្រទេសនេះជួបប្រទះរដូវនិទាឃរដូវ ក្តៅខ្លាំងមិនសមស្របតាមរដូវកាល។យោងតាមការិយាល័យឧតុនិយមបានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានចាប់ផ្តើមនិទាឃរដូវក្នុងខែកញ្ញាស្ងួតហួតហែងក្នុងកំណត់ត្រា ដោយមានភ្លៀងធ្លាក់៧១ភាគរយ ជាកម្រិតក្រោមមធ្យមនៅក្នុងឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៩០។ស្ថានភាពត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរឆាប់រហ័សនៅក្នុងរដ្ឋ Victoria នៅរសៀលថ្ងៃអង្គារនេះ ដោយ មានភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងទុកដើម្បីជួយពន្លត់ភ្លើង ប៉ុន្តែអាចបង្កឲ្យមានទឹកជំនន់យ៉ាងគំហុក៕

ទីក្រុងប៉េកាំងរបស់ចិន មានភ្ញៀវទេសចរជាង៦,៨២លាននាក់ ក្នុងរយៈពេល៣ថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក

2023/10/03 10:18:02 am        102
ចិន៖ ទីក្រុងប៉េកាំងរបស់ប្រទេសចិន បានស្វាគមន៍ភ្ញៀវទេសចរជាង៦,៨២លាននាក់ ក្នុងរយៈពេលបីថ្ងៃដំបូងនៃពិធីបុណ្យពាក់កណ្តាលសរទរដូវ និងថ្ងៃបុណ្យជាតិ ដែលបន្តពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំនេះ។យោងតាមការិយាល័យវប្បធម៌ និងទេសចរណ៍ទីក្រុងប៉េកាំង បានឱ្យដឹងថា ចាប់ពីថ្ងៃសុក្រ (២៩ កញ្ញា) រហូតដល់ថ្ងៃអាទិត្យ (១ តុលា) តំបន់ទេសចរណ៍សំខាន់ៗរបស់ទីក្រុងនេះ បានកត់ត្រាចំនួនភ្ញៀវទេសចរសរុបចំនួន៦,៨២៥លាននាក់ ដោយកើនឡើងចំនួន៦០,៦% ពីឆ្នាំមុន និងកើនឡើងចំនួន៣១,៨% ធៀបនឹងតួលេខមុនពេលមានជំងឺកូវីដកាលពីឆ្នាំ២០១៩។ទិន្នន័យបានបង្ហាញថា ប្រាក់ចំណូលទេសចរណ៍សរុបបានឈានដល់៤១៨,៧៦លានយ័ន (ប្រហែល ៥៧,៣៥លានដុល្លារអាមេរិក) ក្នុងអំឡុងពេលបីថ្ងៃ ដោយកើនឡើងចំនួន២៥,២ភាគរយ បើធៀបនឹងឆ្នាំមុន និងកើនឡើងចំនួន៨៩,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩៕

អង្គការសុខភាពពិភពលោក ណែនាំវ៉ាក់សាំងការពារជំងឺគ្រុនចាញ់ថ្មីសម្រាប់ដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៤

2023/10/03 10:15:08 am        103
WHO៖ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍កាលពីថ្ងៃចន្ទ (២ តុលា) ឱ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺគ្រុនចាញ់លើកទីពីរ ដើម្បីទប់ស្កាត់ជំងឺគំរាមកំហែងអាយុជីវិត ដែលរីករាលដាលដល់មនុស្សដោយសារប្រភេទមូសខាំមួយចំនួន។ប្រធានអង្គការសុខភាពពិភពលោក លោគ Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា វ៉ាក់សាំងថ្មីប្រភេទ R21/Matrix-M ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអាហ្រ្វិកមួយចំនួននៅដើមឆ្នាំ២០២៤ ខាងមុខនេះ និងអាចរកទិញបាននៅពាក់កណ្តាលឆ្នាំ២០២៤ នៅក្នុងប្រទេសដទៃទៀត។ វ៉ាក់សាំងចំនួនមួយដូស នឹងត្រូវចំណាយចាប់ពី ២ដុល្លារទៅ ៤ដុល្លារអាមេរិកប៉ុណ្ណោះ។ វ៉ាក់សាំង R21/Matrix-M ត្រូវបានផលិតឡើងដោយវិទ្យាសា្ថនស្រាវជ្រាវវ៉ាក់សាំង Serum Institute នៃប្រទេសឥណ្ឌា ហើយប្រើប្រាស់បច្ចេកវិទ្យាបន្ស៉ាំវីរុស Matrix M adjuvant របស់ក្រុមហ៊ុនឳសថ Novavax សហរដ្ឋអាមេរិកផងដែរ៕

អង្គការសហប្រជាជាតិ អនុញ្ញាតឲ្យបេសកកម្មទៅកាន់ប្រទេសហៃទី ប្រយុទ្ធប្រឆាំងជនអន្ធពាល

2023/10/03 10:09:53 am        100
UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានអនុញ្ញាតឲ្យបេសកកម្មសន្តិសុខបរទេសទៅកាន់ប្រទេសហៃទី រយៈពេល១ឆ្នាំបន្ទាប់ពីប្រទេសនៅតំបន់ការ៉ាអ៊ីបមួយនេះ បានស្នើសុំជំនួយដើម្បីប្រយុទ្ធប្រឆាំងជនអន្ធពាលហិង្សាបានចូលលុកលុយភាគច្រើននៅរដ្ឋធានីព័រអូប្រាំង។ ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស បានអនុម័តសេចក្តីសម្រេច ដែលត្រូវបានពង្រាងដោយអង្គការសហប្រជាជាតិ និងប្រទេសអេក្វាឌ័រ បានអនុញ្ញាតនូវអ្វីដែលគេហៅថាបេសកកម្មគាំទ្រសន្តិសុខពហុជាតិ ដើម្បីមានវិធានការចាំបាច់ទាំងអស់ ជាក្រមសម្រាប់ការប្រើប្រាស់កម្លាំង។ប្រទេសចិន និងរុស្ស៊ី អនុប្បវាទមិនបោះឆ្នោត ដែលប្រុងប្រយ័ត្នពីការអនុញ្ញាតការប្រើប្រាស់គ្របដណ្តប់លើកម្លាំងក្រោមជំពូកទី៧នៃការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ សមាជិកចំនួន១៣ប្រទេសដែលនៅសល់ បានបោះឆ្នោតគាំទ្រ។ឆ្លើយតបទៅនឹងសំណើររបស់ប្រទេសហៃទី សម្រាប់ជំនួយដែលត្រូវបានពន្យាពេល ដោយសារតែការព្យាយាមស្វែងរកឆន្ទះរបស់ប្រទេសនេះដើម្បីដឹកនាំបេសកកម្មជំនួយសន្តិសុខ។ បេសកកម្មជំនួយសន្តិសុខ ខណៈត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពុំមែនជាប្រតិបត្តិការអង្គការសហប្រជាជាតិនោះទេ។ កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសហៃទីនៅក្នុងឆ្នាំ២០០៤ បន្ទាប់ពីការបះបោរ នាំទៅរកការបណ្តេញចេញនិងនិរទេសប្រធានាធិបតីលោក Jean-Bertrand Aristide ។ កងទ័ពរក្សាសន្តិភាព បានចាកចេញនៅឆ្នាំ២០១៧ ហើយត្រូវបានដាក់ជំនួសដោយនគរបាលអង្គការសហប្រជាជាតិ ដែលបានចាកចេញនៅឆ្នាំ២០១៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល វាយប្រហារប្រទេសលីបង់ភាគខាងត្បូង បន្ទាប់ពីការព្រមានឲ្យជម្លៀសចេញថ្មី
05/04/2026 03:05 PM
ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សាកើនឡើងដល់ ៧២.៦១០នាក់
05/04/2026 03:05 PM
កុមារមកពីរុស្ស៊ី និងចិន ចូលរួមក្នុងព្យុហយាត្រានៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីមុនទិវាជ័យជំនះ
05/04/2026 03:05 PM
ប៉ូឡូញ៖ គ្មានសញ្ញាណាមួយបង្ហាញថាកងទ័ពអាមេរិកចេញពីអាល្លឺម៉ង់ អាចត្រូវបានផ្លាស់ទីតាំងនោះទេ
05/04/2026 03:05 PM
លោក MACRON ជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូសឡើងវិញ
05/04/2026 03:05 PM
អាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយជួសជុលផ្ទះពលរដ្ឋ ដែលត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់
05/04/2026 03:05 PM
ប្រមុខក្រសួងរតនាគារ៖ អាមេរិក «កំពុងធ្វើឲ្យអ៊ីរ៉ង់ដកដង្ហើមលែងរួច» ដោយការបិទខ្ទប់ផ្លូវ
05/04/2026 03:05 PM
អ៊ីរ៉ង់ព្រមានអំពីការរំលោភបទឈប់បាញ់ ខណៈអាមេរិកគ្រោងអមដំណើរនាវា នៅច្រកសមុទ្រ Hormuz
05/04/2026 03:05 PM
ក្រុមហេសបូឡា បានរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមជាមួយអ៊ីស្រាអែល
05/04/2026 03:05 PM
CENTCOM៖ កងទ័ពអាមេរិកប្រមាណ ១៥.០០០នាក់ នឹងចូលរួមប្រតិបត្តិការរំដោះនាវានៅច្រកសមុទ្រហ័រមូស
05/04/2026 03:05 PM