ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ជប៉ុនប្រគល់សំណង់អគារដ៏ទំនើបមួយដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បំរើសាវាព្យាបាល និងសង្គ្រោះអ្នកជំងឺ

2023/10/02 02:59:52 pm        254
សៀមរាប៖ នៅថ្ងៃទី២ខែតុលា ឆ្នាំ២០២២នេះ ជប៉ុនប្រគល់សំណង់អគារដ៏ទំនើបមួយដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បំរើសាវាព្យាបាលនិងសង្គ្រោះអ្នកជំងឺ។ឯកឧត្តមបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា អគារមន្ទីរពេទ្យក្រោមគម្រោងធ្វើឱ្យប្រសើរឡើង របស់មន្ទីរពេទ្យបង្អែក ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិ JICA ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ហើយបានបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងការ រៀបចំបំពាក់ឧបករណ៍វេជ្ជសាស្ត្រកម្រិតស្តង់ដារមន្ទីរពេទ្យ។គម្រោងសំណង់អគារ រួមមាន៖ អគារមួយដែលទំហំ២៦គុណនឹង៦៨ ម៉ែត្រ កម្ពស់ បួនជាន់ កំពស់២៧,៥ ម៉ែត្រ ដែលសាងសង់ នៅលើផ្ទៃដីចំនួន៣,៨១១ ម៉ែត្រការេ ហើយសំណង់នេះ ត្រូវបានរៀបចំប្រព័ន្ធគ្រប់គ្រង និងព្យាបាលតាម លក្ខណៈស្តង់ដារ មន្ទីរពេទ្យ ។ក្រៅពីការរៀបចំរចនាសម្ព័ន្ធខាងក្នុង អគារនេះក៏មានបណ្តាញទំនាក់ទំនង និងមាន ជណ្តើរថ្មើរជើងចំនួនពីរ និងបំពាក់ជណ្តើរយន្តចំនួនពីរផងដែរ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានដាក់ឈ្មោះថា “ មណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តសៀមរាប”៕

ក្រសួងប្រៃសណីយ៍ដាក់ឱ្យដំណើរការផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល

2023/10/02 02:28:17 pm        192
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធី​អភិវឌ្ឍន៍​ជំនាញឌីជីថល ​ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល។ដើម្បីចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថល ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បង្កើត​កម្មវិធីអភិវឌ្ឍន៍​ជំនាញឌីជីថល ដែលជាការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍មូលធនមនុស្ស​ឌីជីថល តាមរយៈការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ ​ការប្រឹក្សាយោបល់ដល់និស្សិត ការ​សម្របសម្រួល ការស្នាក់នៅរបស់និស្សិត ​ការសហការជាមួយគ្រឹះស្ថានសិក្សា ​និងស្ថាប័នពាក់ព័ន្ធ និងការអភិវឌ្ឍ ​និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់បម្រើដល់ការអប់រំ។កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយគ្នា និងពិធីចុះហត្ថ​លេខា​លើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការ​លើកកម្ពស់​ការយល់ដឹង​ និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល ​នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំ​គ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ ​នៅទីស្តីការក្រសួង។សូមជម្រាបជូនថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល មានដៃគូពីគ្រឹះស្ថានឧត្តមសិក្សាធំៗចំនួន៦​សម្រាប់និស្សិតជ្រើសរើសសិក្សា ដូចជា ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ​សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិក​កាំង​ភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មន្រ្តីរាជការចាំបាច់ត្រូវបុរេសកម្ម និងរៀបចំផែនការឱ្យបានច្បាស់លាស់ ទើបទទួលបានជោគជ័យក្នុងការងារ

2023/10/02 02:08:31 pm        246
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱវាទឱ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបុរេសកម្ម មានការរៀបចំផែនការយុទ្ធសាស្រ្តផ្ទាល់ខ្លួន និងកំណត់អាទិភាពការងារ ទើបទទួលបានជោគជ័យក្នុងការងារ ហើយឈានឆ្ពោះទៅជាអ្នកដឹកនាំដ៏មានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត ។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រោមឱវាទនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣ ។ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ អ្នកចេះពិតប្រាកដ អ្នកមានសមត្ថភាព គឺនឹងត្រូវបាន​លើក​តម្កើង​ឱ្យក្លាយទៅជាអ្នកដឹកនាំបន្តវេន ​នាពេលអនាគត អនុលោមតាមនេះ​ ឯកឧត្តមរដ្ឋមន្រ្តី បាននឹង​កំពុងបង្កបរិយាកាសប្រកួតប្រជែង​ដោយស្មើភាព និងតម្លាភាពបំផុត ចំពោះមន្រ្តីរាជការ​ទាំងអស់ ដូចនេះទាមទារឱ្យមានភាពបុរេសកម្ម ​និងមានចំណេះដឹង ចេះរៀបចំផែនការ​យុទ្ធសស្រ្ត​ផ្ទាល់ខ្លួន និងបែងចែក ចាត់ចែងការងារអាទិភាព (ទាំងបច្ចេកទេស និងទាំងការងារបក្ស) ដើម្បីសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់ក្រសួង។ ជាងនេះទៅទៀត អ្នកដែលមានស្នាដៃ ឯកឧត្តមរដ្ឋមន្រ្តី នឹងដំឡើងឋានន្តរស័ក្តិ រួមទាំងមេដាយ​ស្របទៅតាមពេលវេលា ដែលក្រសួងមុខងារសាធារណៈបានចែងផងដែរ ។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ​ក្រសួងបានរៀបចំរួចហើយនូវយុទ្ធសាស្រ្តចក្រា ដែល​ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបាននឹងកំពុងដាក់ឆ្លង​ជាមួយ​ថ្នាក់ដឹកនាំ ឱ្យពិនិត្យ និងសម្រេច ដើម្បីអគ្គនាយកដ្ឋាននីមួយៗ យកទៅបំបែក​ជាយុទ្ធសាស្រ្ត​សកម្មភាពការងារទៅតាមផែន និងជំនាញរៀងខ្លួន ក្នុងន័យជំរុញការងារ​សុក្រឹតកម្មបរិស្ថានកិច្ចឱ្យសម្រេចបានជោគជ័យ ដើម្បីឱ្យនាវាបរិស្ថានឈាន​ទៅមុខដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផល៕អត្ថបទ៖ទូច សោភ័ណ

មនុស្សរាប់លាននាក់សម្រុកទៅកាន់តំបន់ទេសចរណ៍នានា របស់ប្រទេសចិន ដើម្បីអបអរបុណ្យជាតិ

2023/10/02 12:27:19 pm        179
តំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសចិន ត្រូវបានពេញណែនដោយភ្ញៀវទេសចរកាលពីថ្ងៃអាទិត្យទី១ខែតុលា ខណៈប្រទេសនេះប្រារពទិវាបុណ្យជាតិរបស់ខ្លួន។ អ្នកដើរលេងកម្សាន្តរដូវឈប់សម្រាករាប់លាននាក់ បានធ្វើដំណើរនៅក្នុងប្រទេសរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍ជាច្រើន ដូចជា មហាកំផែងក្នុងទីក្រុងប៉េកាំង ព្រមទាំងបឹងខាងលិច (West Lake) ក្នុងតំបន់សេដ្ឋកិច្ចក្រុង ហាង ចូវ (Hangzhou) អំឡុងថ្ងៃឈប់សម្រាករយៈពេល៨ថ្ងៃរបស់ប្រទេសចិន ដែលគេស្គាល់ថាជាសប្ដាហ៍មាស ឬ Golden Week បានចាប់ផ្ដើមកាលពីថ្ងៃសុក្រទី២៩ខែកញ្ញា។ សារព័ត៌មានរដ្ឋ បានរាយការណ៍ថា ទីក្រុងប៉េកាំង គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុត បន្ទាប់ពីទីក្រុងស៊ៀងហៃ (Shanghai) និងហាងចូវ។ឧស្យានរបស់រដ្ឋធានីប៉េកាំង រួមទាំង វិមានរដូវក្ដៅ ឬ Summer Palace និងឧស្យានអូឡាំពិក(Olympic Park) បានកត់ត្រា អ្នកចូលទៅទស្សនាចំនួន១,៨៨ លាននាក់ ។ ក្រសួងសាធារណការនិងដឹកជញ្ជួន ព្យាករណ៍ថា ចំនួនអ្នកធ្វើដំណើរកម្សាន្ត២,០៥ពាន់លាននាក់ជាចំនួនបំបែកកំណត់ត្រា នឹងកើតឡើងនៅថ្ងៃឈប់សម្រាកសប្ដាហ៍មាស រួមទាំងការធ្វើដំណើរតាមរថភ្លើង ផ្លូវហាយវ៉េ ផ្លូវទឹក និងផ្លូវអាកាស៕ចំណែកនៅក្នុងដែនដីមួយទៀតរបស់ចិន គឺទីក្រុង ហុងកុង កាំជ្រួចភ្ញីបានបំភ្លឺផ្ទៃមេលើកំពង់ផែវីកតូរីយ៉ា (Victoria Harbour) របស់ទីក្រុងនេះ កាលពីយប់ថ្ងៃអាទិត្យ ដែលបានទាក់ទាញមនុស្សរាប់ម៉ឺននាក់ទៅទស្សនាខណៈទីក្រុងនេះ បានប្រារព្ធទិវាបុណ្យជាតិ លើកទី៧៤របស់ប្រទេសចិន ៕

Zelenskiy៖ ពុំមានអ្វីអាចធ្វើឲ្យការប្ដេជ្ញាចិត្តរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ីចុះខ្សោយឡើយ

2023/10/02 12:14:07 pm        99
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (១ តុលា)ថា មិនមានអ្វីអាចនឹងធ្វើឱ្យការប្ដេជ្ញាចិត្តប្រយុទ្ធរបស់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ចុះខ្សោយនោះទេ រយៈពេលមួយថ្ងៃបន្ទាប់ពីសភាសហរដ្ឋអាមេរិក បានអនុម័តលើការបញ្ឈប់រយៈពេលខ្លីលើច្បាប់ផ្តល់មូលនិធិ ដែលលុបចោលជំនួយដល់អ៊ុយក្រែន។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែន លោក Rustem Umerov បាននិយាយថា លោកបានទទួលការធានាឡើងវិញអំពីជំនួយយោធាបន្ថែមទៀត នៅក្នុងការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ទីក្រុងគីវ កំពុងធ្វើការជាមួយដៃគូអាមេរិករបស់ខ្លួន ដើម្បីធានាការសម្រេចលើថវិកាថ្មី នឹងរួមបញ្ចូលមូលនិធិសម្រាប់ប្រទេសមួយនេះ ហើយការគាំទ្ររបស់សហរដ្ឋអាមេរិក គឺនៅតែដដែល។ លោក Zelenskiy បាននិយាយក្នុងសុន្ទរកថា នៃការប្រារព្ធទិវាការពារជាតិ ដោយមិនបានបញ្ជាក់ពីការបោះឆ្នោតនៅក្នុងសភាអាមេរិកដោយផ្ទាល់នោះទេ ប៉ុន្តែបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការតស៊ូដើម្បីជ័យជំនះរបស់អ៊ុយក្រែន។ លោកបាននិយាយថា គ្មាននរណាម្នាក់អាច «បិទ» ស្ថេរភាព ការស៊ូទ្រាំ ភាពរឹងមាំ និងភាពក្លាហានរបស់អ៊ុយក្រែនបានទេ។ ជាមួយគ្នានោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យថា គណបក្សសាធារណរដ្ឋបានសន្យាផ្តល់ជំនួយដល់អ៊ុយក្រែន តាមរយៈការបោះឆ្នោតដាច់ដោយឡែកមួយ ហើយការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន មិនអាចត្រូវបានរំខាន ទោះជានៅក្នុង «កាលៈទេសៈណាក៏ដោយ»៕

ប្រធានសភាអ៊ឺរ៉ុបគាំទ្រ UN ដែលតែងតាំងបេសកជន ដើម្បីឲ្យជួយចាប់ផ្តើមកិច្ចចរចាសន្តិភាពប្រទេសកោះស៊ីប ឡើងវិញ

2023/10/02 12:05:34 pm        84
ប្រធានសភាអឺរ៉ុប បាននិយាយកាលពីថ្ងៃអាទិត្យថា លោកស្រី បានបង្ហាញពីការគាំទ្ររបស់ស្ថាប័ននីតិប្បញ្ញត្តិសម្រាប់ការតែងតាំងបេសកជនរបស់អង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃឱកាសនៃការបន្តឡើងនូវកិច្ចចរចា ដែលជាប់គាំង ដើម្បីបង្រួបបង្រួមប្រទេសកោះស៊ីបដែលបែកបាក់ជាក្រុមកុលសម្ព័ន្ធ។លោកស្រី រ៉ូប៊ឺតា ម៉េតសូឡា (Roberta Metsola) បានថ្លែងថា លោកស្រី បានទាក់ទងដោយផ្ទាល់នូវជំហររបស់សភាសហភាពអឺរ៉ុបទៅកាន់លោកអគ្គលេខាធិការUN អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) នៅទីក្រុងញូវយ៉កកាលពីខែមុន។ លោកស្រីម៉េតសូឡា បាននិយាយថា លោកស្រី បានប្រាប់ ហ្គុយតឺរេស ថាអឺរ៉ុប នឹងមិនអស់ចិត្តទេ ដរាបណាប្រទេសកោះស៊ីបនេះ នៅតែបែកបាក់គ្នានោះ។លោកស្រី បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Nikos Christodoulides ប្រធានាធិបតីនៃប្រទេសកោះនេះថា៖«នេះមិនមែនគ្រាន់តែជាបញ្ហារបស់កោះស៊ីបទេប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបញ្ហារបស់អឺរ៉ុប»។លោកស្រី ម៉េតសូឡា ក៏បានចូលរួមក្នុងការដង្ហែក្បួនយោធាកាលពីថ្ងៃអាទិត្យ ដើម្បីប្រារព្ធខួបលើកទី ៦៣ នៃការឯករាជ្យរបស់ប្រទេសកោះស៊ីបពីអាណានិគមរបស់អង់គ្លេសដែរ។ លោក Christodoulides បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ការពិគ្រោះយោបល់នៅតែបន្តលើការតែងតាំងបេសកជនអង្គការសហប្រជាជាតិ។ លោកបានធ្វើការបន្តកិច្ចចរចាបង្រួបបង្រួមជាមួយក្រុមជនជាតិដើមទួរគី ដែលបំបែកខ្លួន ជាចំណុចសំខាន់បំផុតនៃរដ្ឋបាលក្រិកជនជាតិដើមស៊ីបរបស់លោក។ កិច្ចចរចាបានជាប់គាំងដ៏ជ្រៅ ចាប់តាំងពីការកិច្ចប្រឹងប្រែងចុងក្រោយក្នុងកិច្ចព្រមព្រៀងសន្តិភាព បានបញ្ចប់ក្នុងរដូវក្ដៅឆ្នាំ២០១៧។

ព្រឹទ្ធសភាលើកទឹកចិត្តរាជរដ្ឋាភិបាលថ្មី បង្កើនសកម្មភាពដោះស្រាយបញ្ហានៅសេសសល់

2023/10/02 10:33:51 am        162
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលថ្មី ត្រូវបង្កើនសកម្មភាពដោះស្រាយបញ្ហា ដែលនៅសេសសល់ ដើម្បីពន្លឿនសន្ទុះរីកចម្រើនសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ហើយក៏ជឿជាក់ផងដែរ ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ។បន្ទាប់ពីបើកសម័យប្រជុំលើកទី១១ នីតិកាលទី៤ ដើម្បីស្ដាប់របាយការណ៍របស់គណៈកម្មាធិការ អចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១ ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ថា តាមដំណើរបេសកកម្មទៅកាន់មូលដ្ឋាន ព្រឹទ្ធសភាសូមវាយតម្លៃខ្ពស់​ ចំពោះលទ្ធផល និង​សមិទ្ធផលថ្មីៗ​បន្ថែមទៀត ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល​ខិតខំសម្រេចបាន ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ​និងសេដ្ឋកិច្ចជាតិបន្តមានកំណើនវិជ្ជមាន ដើម្បីពង្រឹងគោលនយោបាយគាំពារសង្គម ​ដោយធានាបាននូវជីភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងប្រទេស ។ឯកឧត្តមបន្តថា ជារួមរាជរដ្ឋាភិបាលបានបន្តជំរុញអនុវត្តន៍ដោយសកម្ម​ នូវរាល់កំណែទម្រង់រដ្ឋស៊ី​ជម្រៅរបស់ខ្លួន ​លើគ្រប់វិស័យដោយប្រកាន់យកអភិបាលកិច្ចល្អជាស្នូល ហើយដំណើរការ​អនុវត្តលទ្ធិប្រជាធិបតេយ្យទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ​ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ និងកំពុងបន្តទៅមុខដោយរលូនតាមគន្លងនីតិរដ្ឋ ដោយឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោត​អាណត្តិទី៧កន្លងទៅ ។ ជាមួយនេះ ព្រឹទ្ធសភាជាតិ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ថ្លៃថ្លា​ពី​គ្រប់មជ្ឈដ្ឋានដៃគូនានា និងគ្រប់ស្ថាប័នជាតិ ​ដែល​ញ៉ាំង​ឲ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន ៕ អត្ថបទ បាន សុខរិទ្ធិ

ប្រធានសភាអាមេរិក ប្រឈមមុខនឹងការធ្លាក់ពីតំណែងព្រោះតែបញ្ចៀសការបិទរដ្ឋាភិបាល

2023/10/02 10:15:26 am        123
សមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ លោក Kevin McCarthy អាចនឹងប្រឈមមុខនឹងការបញ្ចប់តួនាទីជាប្រធានសភាគ្រប់ពេលវេលា បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងនៅក្នុងគណបក្សរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (១ តុលា) និងបានអំពាវនាវឱ្យមានការបោះឆ្នោតដើម្បីបណ្តេញលោកចេញតំណែង បន្ទាប់ពីការអនុម័តការផ្អាករយៈពេលខ្លីនៃច្បាប់ផ្តល់មូលនិធិ ដែលទាក់ទាញការគាំទ្រកាន់តែច្រើនពីគណបក្សប្រជាធិបតេយ្យ ជាជាងគណបក្សសាធារណរដ្ឋ។ តំណាងគណបក្សសាធារណរដ្ឋប្រកាន់ជំហរប្រកាន់តឹង លោក Matt Gaetz បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ «សំណើសុំបណ្ដេញចេញពីតំណែង» ដែលជាការអំពាវនាវឱ្យមានការបោះឆ្នោតដកលោក McCarthy ចេញពីតំណែងជាប្រធានសភាអាមេរិក។បន្ទាប់ពីបានយល់ព្រមចំពោះក្រុមគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជុំទី១៥ ដ៏ស្វិតស្វាញ សម្រាប់តំណែងប្រធានសភាក្នុងខែមករា លោក McCarthy បានប្រឈមមុខនឹងការបះបោរពីបក្សពួករបស់ខ្លួន ជុំវិញការគាំទ្ររបស់លោកចំពោះសេចក្ដីស្នើច្បាប់ ដែលរារាំងការបិទរដ្ឋាភិបាល ដោយចោទប្រកាន់លោក McCarthy ថា បានចូលរួមក្នុង «គណបក្សចម្រុះ» នៃទីក្រុងវ៉ាស៊ីនតោន និងការគំរាមកំហែងតំណែងរបស់លោក ជាមួយនឹង«សំណើសុំបណ្ដេញចេញពីតំណែង»។ការបរាជ័យនៃច្បាប់នេះ បានបញ្ចប់ក្តីសង្ឃឹមរបស់គណបក្សសាធារណរដ្ឋ ក្នុងការផ្លាស់ប្តូរវិធានការអភិរក្ស និងបានបើកទ្វារទៅរកវិធានការទ្វេភាគី ដែលគាំទ្រដោយសមាជិកសភាគណបក្សប្រជាធិបតេយ្យចំនួន២០៩រូប និងគណបក្សសាធារណរដ្ឋចំនួន១២៦រូប ប៉ុន្តែសមាជិកគណបក្សសាធារណរដ្ឋចំនួន៩០រូប បានប្រឆាំងនឹងសំណើបញ្ឈប់រយៈពេលខ្លីមួយនេះ៕

លោក Biden ស្វះស្វែងរកការធានាជាថ្មីចំពោះអ៊ុយក្រែន ខណៈជំនួយសង្រ្គាមក្លាយជាសមរភូមិនយោបាយនៅអាមេរិក

2023/10/02 10:02:51 am        109
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា អាមេរិកនឹងមិនដើរចេញពីអ៊ុយក្រែនទេ បន្ទាប់ពីសភាបានផ្តល់ជំនួយចំនួន ៦ ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល ទោះបីជាគណបក្សសាធារណរដ្ឋបានភ្ជាប់ការផ្តល់មូលនិធិបន្ថែមទៅនឹងបញ្ហាសន្តិសុខព្រំដែនក៏ដោយ។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា លោកចង់ធានាជាថ្មីដល់ក្រុមសម្ព័ន្ធមិត្តអាមេរិករបស់យើងថា ប្រជាជនអាមេរិក និងប្រជាជននៅក្នុងប្រទេសអ៊ុយក្រែន ថា អ្នកអាចពឹងពាក់លើការគាំទ្ររបស់យើងបាន ។យើងនឹងមិនដើរចេញពីអ្នកឡើយ។ លោក Biden បានបន្ថែមថា សំឡេងដ៏ច្រើននៃគណបក្សទាំង២ បានគាំទ្រជំនួយដល់ទីក្រុងគីវ (Kyiv) ដោយជំរុញដល់ក្រុមតំណាងរាស្ត្រ ឈប់លេងល្បែងនយោបាយទាំងនេះ ។ អំឡុងភាពតានតឹងកាលពីចុងសប្ដាហ៍មុន នៅវិមាន Capitol ក្រុមតំណាងរាស្ត្រ បានលុបចោលការផ្ដល់ប្រាក់បន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន ពីពង្រាងច្បាប់ទ្វេបក្ស ដែលនឹងផ្ដល់មូលនិធិដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី១៧ខែវិច្ឆិកា ក្នុងការសម្របសម្រួលរយៈពេល១១ម៉ោងដ៏ភ្ញាក់ផ្អើល ទទួលយកដោយសេតវិមាន។ បញ្ហានេះ បានកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីព្យាយាមប្រមូលការគាំទ្រសម្រាប់ការផ្ដល់ជំនួយជាថ្មី។ ជំនួយអ៊ុយក្រែន ក្លាយជាចំណុចសំខាន់មួយនៅក្នុងនយោបាយអាមេរិកអស់ជាច្រើនខែ មកនេះ ប៉ុន្តែវិធានក្នុងការដកការផ្ដល់ជំនួយចេញពីកិច្ចព្រមព្រៀងនេះនៅតែបន្ត ទោះជាបានបង្កការភ្ញាក់ផ្អើលដល់សម្ព័ន្ធមិត្តជាច្រើនរបស់ ទីក្រុងគីវ ក៏ដោយ៕

ជនអន្តោប្រវេសន៍គុយបា១០នាក់ស្លាប់ ១៧នាក់របួស ក្នុងគ្រោះថ្នាក់រថយន្តនៅម៉ិកស៊ិក

2023/10/02 09:02:07 am        146
ម៉ិកស៊ិក៖ វិទ្យាស្ថានអន្តោប្រវេសន៍ប្រទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍យ៉ាងហោចណាស់១០នាក់ស្លាប់ និង១៧នាក់រងរបួសធ្ងន់ នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងដែលកំពុងដឹកពួកគេ បានជួបឧបទ្ទវហេតុ នៅរដ្ឋ Chiapas ប្រទេសម៉ិកស៊ិកភាគខាងត្បូង។ឧបទ្ទវហេតុនេះ បានកើតឡើង នៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិកលើផ្លូវហាយវ៉េ Pijijiapan-Tonala ក្នុងរដ្ឋ Chiapas ជាផ្លូវធម្មតាមួយដែលធ្វើដំណើរដោយជនអន្តោប្រវេសន៍ឆ្លងកាត់ចូលទៅក្នុងប្រទេសម៉ិកស៊ិក ពីប្រទេសហ្គាតេម៉ាឡា ក្នុងផ្លូវធ្វើដំណើរទៅភាគខាងជើង ឆ្ពោះទៅសហរដ្ឋអាមេរិក។ វិទ្យានស្ថានទេសន្តប្រវេសន៍ជាតិ(INM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបើកបររថយន្តដឹកទំនិញប្រភេទ Ford ត្រូវបានរៀបចំដើម្បីដឹកមនុស្សជាច្រើននាក់ ដែលបានភៀសខ្លួនចេញពីកន្លែងគ្រោះថ្នាក់។វិទ្យាស្ថាន IMN និយាយថា មនុស្ស១៧នាក់ដែលបានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងកំពុងត្រូវបានពិនិត្យ។ ជនអន្តោប្រវេសន៍ម្នាក់ក្នុងចំណោមជនអន្តោប្រវេសន៍ដែលបានស្លាប់គឺជាកុមារ។ គ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធទៅនឹងជនអន្តោប្រវេសន៍ ពុំមែនជារឿងប្លែកនោះទេ នៅក្នុងប្រទេសម៉ិកស៊ិក ជាកន្លែងដែលមនុស្សជាច្រើនឆ្លងកាត់ប្រទេសនេះ ទៅកាន់សហរដ្ឋអាមេរិក ធ្វើដំណើរដោយគ្មានការអនុញ្ញាត ហើយយានយន្តពុំមានការថែទាំងល្អឡើយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មានអ៊ីរ៉ង់៖ មីស៊ីល ២គ្រាប់ វាយប្រហារនាវាចម្បាំងអាមេរិកដែលព្យាយាមចូលច្រកសមុទ្រ Hormuz
05/04/2026 06:05 PM
របាយការណ៍៖ ការកាន់កាប់របស់អ៊ីស្រាអែល នៅហ្កាហ្សា ពង្រីកដល់ ៥៩% ទោះមានបទឈប់បាញ់ក្ដី
05/04/2026 06:05 PM
ម្រមុខណាតូ លោក Rutte និយាយថា បណ្តាប្រទេសនៅអឺរ៉ុប «បានទទួលសារ» ពីលោក Trump
05/04/2026 06:05 PM
ជនអន្តោប្រវេសន៍ ៤នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅជិតព្រំដែនក្រូអាស៊ី និងស្លូវេនី
05/04/2026 06:05 PM
តុលាការអ៊ីរ៉ាក់កាត់ទោសមនុស្ស ៤នាក់ ឲ្យជាប់ពន្ធនាគារពីបទផ្សព្វផ្សាយគណបក្ស Baath ដែលត្រូវបានហាមឃាត់
05/04/2026 06:05 PM
ក្រសួងការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកត្រូវតែ «បោះបង់ចោលការទាមទារហួសហេតុរបស់ខ្លួន»
05/04/2026 06:05 PM
ឥណ្ឌូនេស៊ី និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ
05/04/2026 06:05 PM
ចំនួនអ្នកស្លាប់ដោយសារការបាញ់ប្រហារ នៅសាលារៀន ក្នុងប្រទេសទួរគី កើនឡើងដល់ ១០នាក់
05/04/2026 06:05 PM
មេដឹកនាំអ៊ុយក្រែន៖រដូវក្ដៅនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការជំរុញលោក Putin ទៅរកផ្លូវការទូត
05/04/2026 06:05 PM
ផ្លូវជនបទ១ខ្សែក្នុងស្រុកតំបែរ បានរក្សាគុណភាពល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង
05/04/2026 06:05 PM