ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ីពិចារណាការចូលរួមជាមួយចិន ក្នុងការហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុន

2023/09/27 12:49:05 pm        106
យោងតាមនិយតកររុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្សី កំពុងពិចារណាការចូលរួមជាមួយប្រទេសចិនក្នុងការហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុន បន្ទាប់ពីប្រទេសជប៉ុនបានបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លាញ ចូលទៅក្នុងសមុទ្រ ហើយកំពុងស្វែងរកការពិភាក្សាជាមួយប្រទេសជប៉ុនលើបញ្ហានេះ ។ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រនេះចូលទៅក្នុងមហាសមុទ្រកាលពីខែមុន ដោយធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ ជាការសងសឹក ប្រទេសចិន បានដាក់បម្រាមលើការនាំចូលផ្នែកជលផលទាំងអស់ពីប្រទេសជប៉ុន។អង្គការឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ី រ៉ូសែលខូសស្នាស័រ(Rosselkhoznadzor) កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានពិភាក្សាអំពីការនាំចេញអាហារជប៉ុនជាមួយសមភាគីចិន។ ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបំផុតមួយទៅកាន់ប្រទេសចិន ហើយកំពុងស្វែងរកការបង្កើនចំណែកទីផ្សាររបស់ខ្លួន។ អង្គការ Rosselkhoznadzor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ដោយគិតពីហានិភ័យដែលអាចកើតមាននៃការបំពុលដោយសារធាតុវិទ្យុសកម្មនៃផលិតផលនេះ អង្គការRosselkhoznadzor កំពុងពិចារណាពីលទ្ធភាពនៃការចូលរួមជាមួយវិធានការរឹតត្បិតរបស់ប្រទេសចិនលើការផ្គត់ផ្គង់ផលិតផលត្រីពីប្រទេសជប៉ុន»។ ការសម្រេចចិត្តចុងក្រោយ នឹងត្រូវបានធ្វើឡើងបន្ទាប់ពីការចរចាជាមួយភាគីជប៉ុន។ និយតករបាននិយាយថា រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ រុស្ស៊ីបាននាំចូលអាហារសមុទ្រជប៉ុនចំនួន ១១៨ តោន។

លោក McCarthy និយាយថាលោក Biden ត្រូវតែរឹតបន្តឹងព្រំដែន ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល

2023/09/27 12:40:08 pm        137
ខណៈពេលវេលាផុតកំណត់ជិតមកដល់ដែលអាចបង្ខំឱ្យផ្នែកដ៏ធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បិទទ្វារសភា និងព្រឹទ្ធសភា ហាក់ដូចជាស្ថិតឆ្ងាយក្នុងការតតាំងគ្នាលើការចំណាយដែលមានហានិភ័យខ្ពស់។ ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy កំពុងព្យាយាមទប់ស្កាត់ការបះបោរដោយសមាជិកប្រកាន់តឹងរ៉ឹងនៃក្រុមផ្ទាល់របស់លោក ដែលបានអំពាវនាវដល់ប្រធានាធិបតីលោក Joe Biden ឲ្យព្រមព្រៀងលើការរឹតបន្តឹងព្រំដែនកាន់តែតឹងរ៉ឹង ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល ជាសំណើមិនទំនងជាអាចដោះស្រាយបាននោះទេនូវភាពជាប់គាំងជុំវិញការផ្តល់មូលនិធិរបស់រដ្ឋាភិបាល។នៅក្នុងព្រឹទ្ធសភា មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយថា សមាជិកព្រឹទ្ធសភាមួយក្រុម ជិតឈានដល់ការប្រកាសបណ្តោះអាសន្នច្បាប់ផ្តល់មូលនិធិ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលនៅថ្ងៃទី ១ ខែតុលា ហើយលោកបានរិះគន់ផែនការរបស់លោក McCarthy ក្នុងការជំរុញឆ្ពោះទៅមុខជាមួយនឹងសេចក្តីស្នើច្បាប់លើការចំណាយពេញមួយឆ្នាំចំនួន៤ ដែលឆ្លុះបញ្ចាំងពីអាទិភាពបែបអភិរក្សនិយម ហើយពុំមានឱកាសក្លាយជាច្បាប់នោះទេ។ សមាជិកសភាគណបក្សសាធារណរដ្ឋដ៏រឹងរុះ បានសម្តែងការប្រឆាំងចំពោះសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភា។ទន្ទឹមនឹងនេះលោក McCarthy រៀបចំជាស្រេចសេចក្តីស្នើច្បាប់ចំណាយបណ្តោះអាសន្ន ដែលនឹងចាប់ផ្តើមឡើងវិញការសាងសង់ជញ្ជាំងព្រំដែនអាមេរិក និងម៉ិកស៊ិក ជាគោលនយោបាយហត្ថលេខារបស់អតីតប្រធានាធិបតីលោក Donald Trump និងរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ ដែលប្រាកដថានឹងត្រូវច្រានចោលដោយលោក Biden និងព្រឹទ្ធសភា។ ប្រសិនបើភាគីទាំងពីរ មិនបានឈានដល់កិច្ចព្រមព្រៀងមួយ បុគ្គលិកសហព័ន្ធរាប់សែននាក់នឹងត្រូវបានបញ្ឈប់ពីការងារ ហើយសេវាកម្មជាច្រើនចាប់ពីការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច រហូតដល់អត្ថប្រយោជន៍អាហារូបត្ថម្ភ នឹងត្រូវបានផ្អាកចាប់ពីថ្ងៃអាទិត្យខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តសម្រួចយុទ្ធសាស្រ្ត ឈានឆ្ពោះទៅឆាកអន្តរជាតិ

2023/09/27 12:31:56 pm        73
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រួច​យុទ្ធសាស្រ្តឈានឆ្ពោះទៅឆាកអន្តរជាតិ គឺជាទិសដៅចម្បង ដែលអគ្គនាយកដ្ឋាន​គោលនយោបាយ និងយុទ្ធសាស្រ្តត្រូវតែធ្វើឱ្យខានតែបានក្នុងពេលឆាប់ៗនេះ ដោយមានថ្នាក់ដឹកនាំជំនាញរបស់ក្រសួងរង់ចាំត្រួតពិនិត្យ និងតម្រង់ទិសលើយុទ្ធសាស្រ្តគោលទាំងនោះ។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការ នៃ​អគ្គនាយកដ្ឋានគោលនយោបាយ ​និងយុទ្ធសាស្រ្តនា នាព្រឹកថ្ងៃទី២៧ខែកញ្ញា ​ ឆ្នាំ ២០២៣ ស្ថិតនៅទីស្តីការក្រសួង ។នៅក្នុងឱកាសនោះឯកឧត្តមបានបន្តថា ក្រសួងត្រូវរៀចំផែនការសកម្មភាពផ្ទៃក្នុង ពិនិត្យផែនការ​សកម្មភាពខាងក្រៅ ​និងទាញយកឱកាសសម្រាប់កម្ពុជា​ឈានឆ្ពោះទៅភាពស្អាត ​បៃតង និងចីរភាព ដោយផ្អែកលើសម្មតភាពកម្ពុជា ​ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថាន។ ក្រសួងផ្ទាល់មានធនធានមនុស្សជំនាញៗ ​ដែលមានសមត្ថភាពខ្ពស់ ដែលអាចធ្វើកិច្ចការបរិស្ថាន​នៅលើឆាកអន្តរជាតិ បង្ហាញស្នាដៃ ​កៀរគរ​ថវិកា​ពីគម្រោងនានា ដោយមិនឱ្យបាត់បង់​នៅ​ឯករាជ្យភាព អធិបតីភាព​ និងភាពជាម្ចាស់ឡើយ ។ថ្លែងផ្តាំផ្ញើនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់នាយកដ្ឋានគោលនយោបាយ និង​យុទ្ធសាស្រ្ត ត្រូវចេះបំបែកនូវផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ហើយដាក់ចេញនូវផែនការ​សកម្មភាព ដែលឆ្លើយតបនឹងរដ្ឋាភិបាលផង ​និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋផង ។ គួរបញ្ជាក់ដែរថា ​ពីធីជួបសំណេះសំណាលខាងលើ ធ្វើឡើងដើម្បីកសាងចំណងទាក់ទង​ជិតស្និត​រវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ ​ដើម្បីសិក្សាស្វែងយល់ពីសមិទ្ធផលការងារ កន្លងមក និងផែនការយុទ្ធសាស្រ្តតាមនាយកដ្ឋាននិមួយៗ ​ដែលស្ថិតក្រោមចំណុះរបស់អគ្គនាយកដ្ឋាន​គោលនយោបាយ ​និងយុទ្ធសាស្រ្ត ដើម្បីរុញនាវា​បរិស្ថានកម្ពុជាឱ្យសម្រេចបាន​សុក្រឹតកម្ម​បរិស្ថានកិច្ច៕ អត្ថបទ៖ទូច សោភ័ណ

មេដឹកនាំចិន កូរ៉េខាងត្បូង និងជប៉ុន នឹងបើកកិច្ចប្រជុំកំពូលលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក

2023/09/27 12:24:48 pm        77
ប្រទេសចិន និយាយកាលពីថ្ងៃអង្គារថា ខ្លួនបានព្រមព្រៀងជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីបើកកិច្ចប្រជុំកំពូល រវាងមេដឹកនាំប្រទេសទាំងបីខណៈអាចធ្វើទៅបាន បន្ទាប់ពីជំនួបដ៏កម្ររវាងអ្នកការទូតជាន់ខ្ពស់ នៅក្នុងទីក្រុងសេអ៊ូល។កិច្ចពិភាក្សាបីភាគី ដែលត្រូវបានចូលរួមដោយអនុរដ្ឋមន្ត្រី និងឧបការីរដ្ឋមន្ត្រីមកពីប្រទេសទាំងបី ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយក្តីបារម្ភរបស់ទីក្រុងប៉េកាំងជុំវិញទំនាក់ទំនងសន្តិសុខស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។ ទីក្រុងប៉េកាំង បានចាត់ទុកវាថាជាកិច្ចពិភាក្សាស៊ីជម្រៅ លើការជំរុញស្ថិរភាពដោយការចាប់ផ្តើមជាថ្មីកិច្ចសហប្រតិបត្តិការ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បាននិយាយថា វាត្រូវបានយល់ស្របថាការអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូងស្ថិតក្នុងផលប្រយោជន៍រួមរបស់ភាគីទាំងបី។ លោក Wang និយាយថា ប្រទេសទាំងបី បានព្រមព្រៀងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយនឹងជំរុញការបើកកិច្ចប្រជុំមេដឹកនាំឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលវេលាសមស្របណាមួយ ដល់ប្រទេសទាំងបី។ កិច្ចប្រជុំកំពូលបែបនេះចុងក្រោយ បានកើតឡើងនៅក្នុងឆ្នាំ២០១៩។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងបីមានតួនាទីយ៉ាងសំខាន់មិនត្រឹមតែនៅក្នុងអាស៊ីឦសានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងសន្តិភាព ស្ថិរភាព វិបុលភាពរបស់ពិភពលោកផងដែរ។

កូរ៉េខាងជើងប្រាប់ UN ថា គ្មានជម្រើសក្រៅពីពន្លឿនការកសាងសមត្ថភាពស្វ័យការពាររបស់ខ្លួន

2023/09/27 12:20:13 pm        70
បេសកជនអង្គការសហប្រជាជាតិរបស់ប្រទេសកូរ៉េខាងជើង លោក Kim Song បានបន្ទោសសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សម្រាប់ការបង្កើតស្ថានភាព ជាអ្វីដែលទីក្រុងព្យុងយ៉ាងត្រូវការបន្ទាន់ដើម្បីពន្លឿនបន្ថែមទៀតការបង្កើនសមត្ថភាពស្វ័យការពារ ខណៈលោកបានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ។ឯកអគ្គរដ្ឋទូតលោក Kim Song បានថ្លែងនៅថ្ងៃចុងក្រោយនៃការជួបប្រជុំមេដឹកនាំពិភពលោកនៅអង្គការសហប្រជាជាតិប្រចាំឆ្នាំថា ឆ្នាំ២០២៣នេះ ត្រូវបានកត់ត្រាថាជាឆ្នាំគ្រោះថ្នាក់ខ្លាំង។ ឧបទ្វីបកូរ៉េ ស្ថិតនៅក្នុងស្ថានភាពបង្កឡើងដោយអាវុធជាមួយគ្រោះថ្នាក់ដែលនឹងកើតមានឡើងនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។ លោក Kim បាននិយាយទៅកាន់មហាសន្និបាតមានសមាជិក១៩៣ប្រទេសថា ដោយត្រូវបានផ្តល់ឲ្យនូវកាលៈទេសៈសំខាន់ ប្រទេសកូរ៉េខាងជើងត្រូវការបន្ទាន់ដើម្បីពន្លឿនថែមទៀតការកសាងសមត្ថភាពស្វ័យការពារ ដើម្បីការពារខ្លួនដែលអាចទប់ទល់បាន។ ប្រទេសកូរ៉េខាងជើង បានសាកល្បង មីស៊ីលបាលីស្ទីករាប់សិបគ្រាប់ ក្នុងរយៈពេល១៨ខែកន្លងទៅនេះ។ សហរដ្ឋអាមេរិក បានព្រមានជាយូរមកហើយថាទីក្រុងព្យុងយ៉ាងត្រៀមរួចជាស្រេចដើម្បីអនុវត្តការសាកល្បងនុយក្លេអ៊ែរលើកទី៧។ ទីក្រុងព្យុងយ៉ាងនិយាយថា ខ្លួនកំពុងអនុវត្តសិទ្ធស្វ័យការពារជាមួយការសាកល្បងមីស៊ីលបាលីស្ទីកដើម្បីការពារដែនអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួនពីការគំរាមកំហែងដោយយោធា។ប្រទេសចិន និងរុស្ស៊ី និយាយថា សមយុទ្ធយោធារួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបង្ករឿងដល់ទីក្រុងព្យុងយ៉ាង ខណៈទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ទីក្រុងមូស្គូ និងប៉េកាំងពីការគាំទ្រប្រទេសកូរ៉េខាងជើងដោយការលាក់បាំងប្រទេសនេះពីទណ្ឌកម្មបន្ថែមទៀត។

ប្រធាសភាកាណាដា លាលែងពីតំណែងបន្ទាប់ពីការសរសើររបបណាស៊ីជាសាធារណៈ

2023/09/27 12:14:40 pm        64
ប្រធានសភាជាន់ទាបរបស់ប្រទេសកាណាដា កាលពីថ្ងៃអង្គារ បាននិយាយថាលោកនឹងលាលែងពីតំណែង រយៈប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានសរសើរអតីតទាហានរបបណាស៊ីជាសាធារណៈ នៅក្នុងសភា ក្នុងឧបទ្ទវហេតុមួយដែលរុស្ស៊ីនិយាយថា បានជួយបង្ហាញភាពត្រឹមត្រូវសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។លោក Anthony Rota បានប្រាប់សមាជិកសភាថាលោកបានធ្វើឲ្យមានកំហុសមួយ ដោយការអញ្ជើញអតីតយោធា លោក Yaroslav Hunka អាយុ៩៨ឆ្នាំ ឲ្យមកចូលរួមសម័យប្រជុំនៅក្នុងសភា ដែលផ្តល់កិត្តិយសដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃសុក្រ។ លោក Rota បានទទួលស្គាល់លោក Hunka ដោយចាត់ទុកលោកជាវីរបុរស។តំណែងរបស់ប្រធានសភាពុំអាចរក្សាបន្តទៅទៀតបាន បន្ទាប់ពីវាបានលេចឡើងថា លោក Hunka ទទួលការសាទរពីសភា ដែលបានបម្រើការនៅក្នុងអង្គភាព Waffen SS របស់លោក Adolf Hitler អំឡុងសង្គ្រាមលោកលើកទី២។រុស្ស៊ីបានចាត់ទុកឧបទ្ទវហេតុនេះថាជាការជ្រុលហួសហេតុ។ ព្រឹត្តិការណ៍ដែលបានបង្ហាញ ជំរុញដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលលោកបានបញ្ជូនទាហានរបស់លោកទៅកាន់អ៊ុយក្រែនកាលពីឆ្នាំមុន ដើម្បីធ្វើឲ្យប្រទេសនេះគ្មានយោធានិងរលំរលាយ ជាការចោទប្រកាន់មួយដែលទីក្រុងគីវ និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច និយាយថាគ្មានមូលដ្ឋាន។

កម្មករកាត់ដេររំពឹងខ្ពស់ពីការកើនឡើងប្រាក់ឈ្នួលអប្បបរមា ខណៈកិច្ចចរចា នឹងបិទបញ្ចប់ថ្ងៃស្អែកនេះ

2023/09/27 12:00:57 pm        175
ភ្នំពេញ៖ ក្រុមកម្មករ កម្មករិនីរោងចក្រកាត់ដេរ បានបង្ហាញទឹកមុខរីករាយ ចំពោះដំណឹងថា ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២៤ នឹងត្រូវដំឡើងបានថែមទៀត ខណៈក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួលអប្បបរមា​ នឹងបិទបញ្ចប់កិច្ចប្រជុំ​ចរចា​នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។ក្រុមកម្មកររោងចក្រកាត់​សំលៀកបំពាក់ សៅឡេន ​ស្ថិតនៅតំបន់វេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​បានប្រាប់តាមរយៈបទសម្ភាស​ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ​ស្រដៀងគ្នាថា ​ប្រាក់ឈ្នួលអប្បបរមាថ្មី​សម្រាប់ឆ្នាំ​ក្រោយ​នេះ ​ទោះបីជាមិន​អាច​ដំឡើងបានសមបំណង ​ឬច្រើនដូចឆ្នាំ​កន្លងទៅក្តី ​ប៉ុន្តែអាច​និយាយបានថា ពិតជា​អស្ចារ្យ​ណាស់​ជាពិសេសក្នុងពេលដែលសកលលោកកំពុងជួបប្រទះបញ្ហាវិបត្តិសេដ្ឋកិច្ច ហើយកម្ពុជា​នៅតែអាចបន្តដំឡើងប្រាក់​ឈ្នួលដល់កម្មករ។កម្មករ​កម្មករិនី​សង្ឃឹម​ទៀតថា ​តាមរយៈការដឹកនាំដោយសម្ដេចធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា អាណត្តិទី៧នេះ នឹងជួយឲ្យកម្មករទាំងអស់ ​មានការងារធ្វើច្រើន ប្រាក់​ខែខ្ពស់ និងការរស់នៅប្រកបដោយភាព​សម្បូរ​សប្បាយ​ក្រោមម្លប់​សន្តិភាពទៅមុខបន្តទៀត។លទ្ធផលចុងក្រោយនៃកិច្ចប្រជុំ​ចរចា​ប្រាក់ឈ្នួល​អប្បបរ​មាកម្មករ​និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង​ និងផលិតផលិតផលធ្វើដំណើរ និងកាបូប ​កាលពីថ្ងៃទី១៨ ខែកញ្ញា ​ឆ្នាំ២០២៣ ភាគីសហជីព​បាន​កំណត់តួលេខ២ផ្សេងគ្នា​ គឺ​ចំនួន ២០៤ ​ដុល្លារ​ និង២១៣ដុល្លារ ដើម្បីស្នើសុំ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​និយោជិតសម្រាប់ឆ្នាំ២០២៤​ ខណៈភាគី​និយោជកកំណត់ ២០១,៥ដុល្លារ​ និង​ភាគី​រដ្ឋាភិបាល ​កំណត់​តួលេខចំនួន ​២០២ដុល្លារ។ សូមបញ្ជាក់ថា​ គិតក្នុងឆ្នាំ២០២៣នេះ ​កម្មករនិយោជិត​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០០ដុល្លារ​ ក្នុង១ខែៗ៕អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្ត្រីកសិកម្ម ទទួលជួបក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី

2023/09/27 11:52:18 am        93
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាគ្នាក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករនៅកម្ពុជា និងការងារមួយចំនួនពាក់ព័ន្ធផ្សេងទៀត។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍រាល់កម្មវិធីវិនិយោគ និងគម្រោងអភិវឌ្ឍន៍ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករ​ឱ្យមានភាព​ប្រសើរឡើង និងដើម្បីកម្ពុជា​សម្រេចបាននូវគោលដៅក្លាយជាប្រទេស​ដែលមានចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា ការងារមន្ទីរពិសោធន៍ជាតិ គឺជាផ្នែកចាំបាច់មួយក្នុង​ការត្រួត​ពិនិត្យផលិតផលកសិកម្ម ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រង​នូវជំងឺឆ្លងផ្សេងៗ។ ​វាមានសារសំខាន់ និងជាជំហានដែលត្រូវចាប់ផ្តើម ក្នុងការកសាងហេដ្ឋា​រចនាសម្ព័ន្ធ អគារពិសោធន៍ ដែលតម្រូវឱ្យមានការគៀងគរលទ្ធភាព ដើម្បីសម្រេចការងារនេះ ហើយក្រសួងស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារនេះ។ចំពោះគម្រោង One Health ​ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការពិនិត្យ និងយកចិត្តទុកដាក់លើ​ច្បាប់​គោលនយោបាយ ​និងគោលការណ៍ណែនាំនានាឱ្យបានច្បាស់លាស់​ ត្រូវមានភាពម្ចាស់ការ ព្រមទាំងសិក្សាពីតម្រូវការក្រុមគោលដៅ ​ដើម្បីប្រើប្រាស់ថវិកាឱ្យចំទិសដៅ ​មានប្រសិទ្ធភាពការងារ និងផ្ដល់ផលប្រយោជន៍ពិតដល់កសិករ​ បង្កើនចំណូល ​មានចំណេញ មានប្រសិទ្ធភាព​និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ តាមក្រសួងកសិកម្ម ​ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី ​បានណែនាំឱ្យមានការចូលរួម និង​សហការគ្នាល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីការងារសម្រេចបានជោគជ័យល្អប្រសើរ៕

ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបឋមសិក្សា(១២+២) ជំនាន់ទី៣៩ របស់សាលាគរុកោសល្យ និងវិក្រិតការ​ខេត្តព្រះវិហារ

2023/09/27 11:25:17 am        89
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញនេះ បានអញ្ជើញ​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​គ្រូបឋមសិក្សា (១២+២) ​។ ​ពិធីបិទវគ្គនេះ ធ្វើឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ស្ថិតនៅក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។លោក អ៊ុ វត្តនា នាយកសាលាគរុកោសល្យ និង​វិក្រិតការ​ខេត្ត បានឲ្យដឹងថា ពិធីបិទវគ្គ បណ្តុះ​បណ្តាល​គ្រូបឋមសិក្សា (១២+២) ជំនាន់ទី៣៩ ​ឆ្នាំសិក្សា ២០២១-២០២៣ ​សរុប ចំនួន​២៥នាក់ ស្រី១៦នាក់ ពិធីនេះក៏មានការចូលរួមពីគរុណសិស្សពីរជំនាន់ ​គឺជំនាន់ទី៣៧ និង៣៨ ដែលបាន​បញ្ចប់វគ្គបណ្តុះ ​បណ្តាលគ្រូបឋមសិក្សា (១២+២) ​និងចែកសញ្ញាបត្រជូន ​ដល់ប្អូនៗផងដែរ ។ លោកបានបន្តថា បច្ចុប្បន្ននេះ សាលាគរុកោសល្យមាន បុគ្គលិកសរុបចំនួន ៤២នាក់ ស្រី ២៥នាក់ បុគ្គលិកកិច្ចសន្យា ០១នាក់​ បែងចែកជាពីផ្នែកគឺ សាលាគរុកោសល្យ​ និងវិក្រិតការ​មានបុគ្គលិក​សរុប ២២នាក់ ស្រី ០៧នាក់ និងសាលាបឋមសិក្សាអនុវត្តមានបុគ្គ ​លិកសរុប ២០នាក់ ស្រី ១៨នាក់ ។ នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងកោតសរសើរ ​ចំពោះលោកនាយកសាលា និង​គ្រូឧទ្ទេស ដែលបានខិតខំផ្តល់ការបង្ហាត់បង្រៀន ​ណែនាំដល់ គរុសិស្សឲ្យបានទទួលការបណ្តុះ​បណ្តាល​ក្នុងការក្លាយខ្លួនជាគ្រូបង្រៀនល្អ ​ដើម្បីបង្ហាត់បង្ហាញ ​កុមារនៅតាមសហគមន៍ ។ ឯកឧត្តម ក៏បានលើកឡើង​នូវ​អនុសាស្ត្របញ្ចកោណ ​មាន​បាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥ និង​អាទិភាពគន្លឹះ៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ​នៃរដ្ឋសភា ​ក្រោមការ​ដឹកនាំដោយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​សម្រេច​គោលដៅ​យុទ្ធសាស្រ្តបញ្ចកោណនេះ​ ត្រូវលើកកម្ពស់សមត្ថភាព​កិត្តិយស ​សេចក្ដី​ថ្លៃថ្នូរ​គ្រូបង្រៀន ការបន្ត​អភិវឌ្ឍន៍​កម្មវិធីសិក្សា​ សៀវភៅសិក្សាគោល​ ការពង្រឹងវិធីសា ស្រ្តបង្រៀន ​និង​រៀនតាម​និន្នាការថ្មី (ការអប់រំឌីជីថល)​ ការពង្រឹងអធិការកិច្ចការ​គ្រប់គ្រង ​សាលារៀន ​ការពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​រវាងសាលា​ និងមាតា បិតាសិស្ស ការពង្រឹងការ ​ប្រឡង​គ្រប់ប្រភេទ ការ​អនុវត្ត​តេស្តវាយ​តម្លៃលទ្ធផល​សិក្សាសិស្ស ថ្នាក់ជាតិ និងអន្តរជាតិ ៕

សម្តេច ឃួន សុដារី ស្នើឯកអគ្គរាជទូតអង់គ្លេសបន្តលើកកម្ពស់ពាណិជ្ជកម្ម និងទំនាក់ទំនងទ្វេភាគី

2023/09/27 11:17:09 am        100
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា បន្តជួយគាំទ្រលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេសឱ្យកាន់តែកើនឡើង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានរឹងមាំ ​និងគ្រប់ជ្រុងជ្រោយ។ នេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី ​បានអនុញ្ញាត ​និងទទួលជួបពិភាក្សា​ការងារ​ជាមួយ ​ឯកឧត្តម Dominic Williams ​នៅព្រឹកថ្ងៃទី២៧ ​ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅ​វិមានរដ្ឋសភា។នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាអធិបតី បានគូសបញ្ជាក់ថា ​ការចូលរួមចំណែករបស់ភាគី​អង់គ្លេស ​ជាផ្នែកសំខាន់នៅក្នុងការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការធ្វើ​ឱ្យ​សម្រេចបាននូវផែនការអភិវឌ្ឍរបស់កម្ពុជា ដែលនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត​ខ្ពស់នៅឆ្នាំ២០៣០ ​និងប្រទេសមានប្រាក់ចំណូលខ្ពស់​នៅឆ្នាំ២០៥០។សម្តេចរដ្ឋសភាធិបតី ​បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង​ប្រជាជនអង់គ្លេសដែល​បានជួយ​គំាទ្រ​ដល់ការអភិវឌ្ឍនៅកម្ពុជាតំាងពីដើមរហូតមក ​ដូចជាវិស័យសង្គម ​សេដ្ឋកិច្ច ​ការកំចាត់មីន សាលាក្តីខ្មែរក្រហម ​និងជាពិសេសការផ្តល់​អាហារូបករណ៍​ដល់សិស្ស និស្សិត និងមន្រ្តីរាជការ​កម្ពុជា​បានទៅសិក្សានៅចក្រភពអង់គ្លេស។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានស្វាគមន៍​ការបើកសាកលវិទ្យាល័យរបស់​ប្រទេសអង់គ្លេស​នៅភ្នំពេញ ដែលជាផ្នែកសំខាន់ក្នុងការរួមចំណែក​កសាងធនធានមនុស្សនៅកម្ពុជា។ សម្តេច បានគូសបញ្ជាក់ថា មានយុវជនកម្ពុជាជាច្រើនមានក្តីប្រាថ្នាចង់ទៅសិក្សា​នៅប្រទេស​អង់គ្លេស ប៉ុន្តែនៅពេលនេះ​អង់គ្លេស​បានបើកសាកលវិទ្យាល័យនៅកម្ពុជា ដូចនេះពួកគេនឹង​សម្រេច​បាននូវក្តីប្រាថ្នា​របស់ខ្លួន។ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានស្នើសុំឯកឧត្តមឯកអគ្គរាជទូតជួយ​ជំរុញ​ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានកាន់តែប្រសើរ ​និងសកម្មថែមទៀត នៅក្នុង​នោះ​មាន​ការលើក​កម្ពស់សមត្ថភាព​ និងភាពអង់អាចរបស់ស្រ្តី ​ការចូលរួមបណ្តុះបណ្តាល​ធនធានមនុស្ស ​លើកកម្ពស់សមត្ថភាព​មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា​ក្នុងការផ្តល់សេវា​ជូនតំណាង​រាស្រ្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងការធ្វើទំនើបកម្ម ដោយប្រែក្លាយរដ្ឋសភាទៅ​ជាសភាអេឡិចត្រូនិច “E-parliament” ជាដើម។សម្តេចរដ្ឋសភាធិបតី ​និងឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងក្តីពេញចិត្តចំពោះវឌ្ឍនភាព​ដ៏ប្រសើរនៃចំណងការទូតប្រទេសទំាងពីរ​ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់ ដែលបានឈាន​ដល់ខួបលើកទី៧០នៅឆ្នាំនេះ ជាសក្ខីភាពមួយ ​ឆ្លុះបញ្ចាំង​ពីភាពស្ថិតស្ថេរនៃទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ កាលពីឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា​និងអង់គ្លេស ឈានដល់ចំនួនប្រមាណជិត ១ពាន់លានដុល្លារអាមេរិក។ឯកឧត្តម Dominic Williams ​បាន​គំាទ្រ​ប្រសាសន៍​លើកឡើង​របស់​សម្តេចរដ្ឋសភាធិបតី និងបាន​ថ្លែងអំណរគុណ​ដែលសម្តេចរដ្ឋសភាធិបតី បានចំណាយពេលវេលាទទួលជួប​ពិភាក្សាការងារ​ជាមួយ​ឯកឧត្តមនាពេលនេះ។ឯកឧត្តម ឯកអគ្គរាជទូតបានអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភា​បោះឆ្នោត​ជាប្រធានរដ្ឋសភា ជាស្រ្តីដំបូងនៅកម្ពុជា​ ទទួលតំណែងដ៏សំខាន់នេះ។ ​ឯកឧត្តម Dominic Williams ​បញ្ជាក់ថា ​សម្តេចរដ្ឋសភាធិបតី ​ជាគំរូសម្រាប់កុមារី ​និងស្រ្តីនៅកម្ពុជា។នៅក្នុងឱកាសនេះដែរ ​ឯកឧត្តម ឯកអគ្គរាជទូត​ បានជម្រាបជូនសម្តេច​ប្រធានរដ្ឋសភា ពី​គម្រោង​ជាច្រើន ដែលប្រទេសអង់គ្លេសនឹងជួយដល់កម្ពុជា ​មានទំាងវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាល​ធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ​ជាពិសេសអង់គ្លេស​នឹងបន្តជួយបោសសម្អាតមីន​នៅកម្ពុជា​រហូតដល់ឆ្នាំ២០២៥៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូ នៃសភាប្រើភាសាបារាំង (APF) រួមជាមួយសមាជិកសភាកម្ពុជា អញ្ជើញ​ទស្សនា​សារ​មន្ទីរ​តេជោសនិ្តភាព ខេត្តសៀមរាប
05/05/2026 02:05 PM
អង់គ្លេសអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីអារ៉ាប់រួមរាយការណ៍ពីការវាយប្រហារ
05/05/2026 02:05 PM
បញ្ហាសិទ្ធិផ្សាយផ្ទាល់អាចធ្វើឱ្យមនុស្សរាប់លាននាក់ខកខានទស្សនា World Cup នៅចិន និងឥណ្ឌ
05/05/2026 02:05 PM
លក្ខខណ្ឌតវ៉ាថ្មីនៅប្រទេសស៊ីរី បង្កើនការព្រួយបារម្ភអំពីសេរីភាព
05/05/2026 02:05 PM
កម្ពុជាចាត់ទុកការបញ្ចប់ MoU 2001 របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយរវាងប្រទេសទាំងពីរ
05/05/2026 02:05 PM
អ៊ីរ៉ង់ចោទអេមីរ៉ាតអារ៉ាប់រួមថា បានសហការជាមួយអ្នកឈ្លានពានប្រឆាំងនឹងទីក្រុងតេអេរ៉ង់
05/05/2026 02:05 PM
រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងការពារទឹកដី ទាំងដែនគោក និងសមុទ្រ ដោយ​សន្តិវិធី និងច្បាប់អន្តរជាតិ
05/05/2026 02:05 PM
ត្រឹមខែឧសភានេះ អតីតពលករមកពីថៃជាង ៧០០នាក់បានធ្វើតេស្តទទួលស្គាល់ជំនាញពីរាជរដ្ឋាភិបាល
05/05/2026 01:05 PM
រដ្ឋមន្ដ្រីទេសចរណ៍ ចាត់ទុកការជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រ បង្ហាញពិភពលោកថា កម្ពុជាមានសន្ដិភាព សុវត្ថិភាព គ្រប់ពេល និងទីកន្លែង
05/05/2026 01:05 PM
មនុស្ស១០នាក់ស្លាប់នៅប៉ាគីស្ថាន ខណៈទីក្រុងការ៉ាជីរបស់ប្រទេសនេះកំពុងទប់ទល់នឹងថ្ងៃក្ដៅបំផុតក្នុងពេល៨ឆ្នាំ
05/05/2026 12:05 PM