ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ជប៉ុនសន្យាបន្តចូលរួមចំណែកជួយគាំទ្រ និងកិច្ចការពារអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌កម្ពុជា

2023/09/12 12:45:54 pm        318
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសន្ទនាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្តោតជាសំខាន់លើវិស័យវប្បធម៌, នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីសី្តការក្រសួង។ជាកិច្ចចាប់ផ្ដើមឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី រួមជាមួយគណៈប្រតិភូបានសម្តែង​នៅការអបអរសាទរលោកជំទាវ រដ្ឋមន្រ្តីដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន តួនាទីជារដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណតិ្តទី៧។ ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា បានចោទជាសំនួរទៅកាន់​លោកជំទាវ រដ្ឋមន្រី្ត ពាក់ព័ន្ធទៅនឹងទិសដៅការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅ​អាណតិ្តទី៧ថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា មានទិសដៅបែបណាក្នុងកិច្ចការលើវិស័យវប្បធម៌នេះ? ។ជាការឆ្លើយតបលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា ក្នុងអាណតិ្តទី៧នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ​ក្នុងន័យនេះទិសដៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការបណ្តុះបណ្តាល​លើជំនាញដូនតា ដូចជា៖ ហត្ថកម្ម(វត្ថុសិល្បៈធ្វើឡើងដោយដៃ) តម្បាញ ចម្លាក់ជាដើម។ ហើយការងារទាំងអស់នេះ ផ្តោតសំខាន់ទៅបេតិកភណ្ឌអរូបី បន្ថែមពីលើការងារនេះ មន្រី្តជំនាញរបស់យើង កំពុងធ្វើការអភិរក្ស ថែរក្សាជួសជុលប្រាសាទ ជាសម្បតិ្តបេតិកភណ្ឌរូបី។ យើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ការងារដែលក្រសួងវប្បធម៌ កំពុងអនុវត្តន៍ គឺការលើកតម្កើងវប្បធម៌អរូបី និងរូបី។លោកជំទាវរដ្ឋមន្រ្តី សង្ឃឹមថា សមាគមជប៉ុន-កម្ពុជា ក៏ដូចជាអ្នកវិនិយោគិនជប៉ុន កំពុងស្វែងរក​ឱកាសដើម្បីវិនិយោគ នឹងនៅតែជួយគាំទ្រលើវិស័យវប្បធម៌ ​និងផ្តល់អ្នកជំនាញ មកជួយបណ្តុះបណ្តាល​ធនធានមនុស្សលើវិស័យវប្បធម៌ផងដែរ។ជាការឆ្លើយតបឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ស្វាគមន៍ចំពោះសំណើរលើកឡើងរបស់លោកជំទាវ រដ្ឋមន្រី្ត។ ជាទូទៅរាជរដ្ឋាភិបាលជប៉ុន តែងតែគាំទ្រ ​និងធ្វើកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា។ ជាក់ស្តែងជប៉ុន ​គឺជាសហប្រធានគណៈកម្មាធិការ ICC - Angkor នេះសបញ្ជាក់ឲ្យឃើញថា ជប៉ុន បានចូលរួមចំណែក​ផុសផុលក្នុងការការពារ និងអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា

មនុស្ស៧នាក់ស្លាប់ និងជាច្រើននាក់ជាប់ក្នុងទឹកជំនន់ ខណៈភ្លៀងធ្លាក់ឥតឈប់ឈរ បង្កជាបំណាក់ដីនៅប្រទេសចិន

2023/09/12 12:37:35 pm        229
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ភ្លៀងធ្លាក់ឥតឈប់ឈរជាច្រើនថ្ងៃពីសំណល់នៃអតីតព្យុះទីហ្វុង ហៃខួយ (Haikui) បានបណ្តាលឱ្យមានបំណាក់ដីជាង១០០កន្លែង ដែលបានធ្វើឲ្យអ្នកស្រុកប្រហែល១.៣៦០នាក់ ជាប់នៅក្នុងទឹកជំនន់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ នៅភាគខាងត្បូងនៃប្រទេសចិន។ ព្យុះទីហ្វុង ហៃខួយ បានបោកបក់មកភាគខាងត្បូងប្រទេសចិនកាលពីប្រាំបីថ្ងៃមុន ហើយចាប់តាំងពីពេលនោះមក បានប្រែក្លាយទៅជាព្យុះត្រូពិចវិញ ប៉ុន្តែភ្លៀងមិនឈប់ឈរនៅតែបន្តវាយប្រហារនៅភាគនិរតីនៃខេត្តគ័ងស៊ី (Guangxi)។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ខ្យល់ព្យុះមិនឈប់ឈរក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ នៅក្នុងតំបន់ភាគច្រើននៃទីក្រុងយូលីន (Yulin) បានបណ្តាលឱ្យមានបំណាក់ដីចំនួន១១៥កន្លែង ដែលបានបំផ្លាញផ្លូវថ្នល់ ដើមឈើបាក់រលំ បណ្តាលឱ្យមានទឹកជំនន់ និងនាំឱ្យក្រុមអាជ្ញាធរចេញការព្រមានអំពីភាពអាសន្ននៅលើផ្លូវជាតិ និងផ្លូវខេត្តជាច្រើនផងដែរ។មនុស្ស៣នាក់នៅតែបាត់ខ្លួននៅឡើយ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។ ក្រុមសង្កេតការណ៍របស់ទីក្រុងនេះ បានបង្កើនការព្រមានអំពីព្យុះ ដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធប្រកាសអាសន្នចំនួនបួនកម្រិត បន្ទាប់ពីមានភ្លៀងធ្លាក់លើសពីកម្រិត ១០១មីលីម៉ែត្រ ក្នុងរយៈពេល៣ម៉ោងនៅព្រឹកថ្ងៃអង្គារ (១២ កញ្ញា) នេះ ហើយបានបង្ហាញពីហានិភ័យនៃទឹកជំនន់ដ៏គំហុក គ្រោះមហន្តរាយភូគព្ភសាស្ត្រ និងការលិចលង់ក្នុងទីក្រុង និងតំបន់ជនបទផងដែរ៕

អាមេរិក និងវៀតណាម ព្រមានប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង នៅសមុទ្រចិនខាងត្បូង

2023/09/12 12:33:11 pm        178
អា​មេរិក៖ សហរដ្ឋអាមេរិក និងវៀតណាមបានព្រមានកាលពីថ្ងៃចន្ទ (១១ កញ្ញា) ប្រឆាំងនឹង «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង» នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយដែលពាក់ព័ន្ធនឹងនាវាចិន។ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន និងប្រធានបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) បាននិយាយថា ការទាមទារប្រកួតប្រជែងលើផ្លូវទឹកយុទ្ធសាស្ត្រនោះ ត្រូវតែដោះស្រាយក្រោមបទដ្ឋានអន្តរជាតិ។ទីក្រុងប៉េកាំង ទាមទារសិទ្ធស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ធ្វើការឆ្លងកាត់តាមរយៈនោះ ហើយចិនបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា ការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់។អាមេរិក និងវៀតណាម ក៏បានអំពាវនាវឱ្យមាន «សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ ព្រមទាំងពាណិជ្ជកម្មស្របច្បាប់គ្មានការរារាំង នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ»។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបៃដិន និងលោកទុ្រង បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមើលឃើញយ៉ាងទូលំទូលាយថា ជាមធ្យោបាយមួយដើម្បីប្រឆាំងនឹងការអះអាងដែលកំពុងកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់៕

អតិផរណាប្រចាំខែសីហារបស់អាហ្សង់ទីន គឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩១មក

2023/09/12 12:29:12 pm        219
អាហ្សង់ទីន៖ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសអាហ្សង់ទីន បានកើនឡើងចំនួន១១,៨% នៅក្នុងខែសីហា ដែលនោះនឹងក្លាយជាតួលេខប្រចាំខែខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩១មក នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ ពីក្រុមអ្នកវិភាគកាលពីថ្ងៃចន្ទ (១១ កញ្ញា) បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ណប្រាក់ប៉េសូក្នុងស្រុកកាលពីខែមុន។រដ្ឋាភិបាលរបស់ប្រទេសនេះ បានបន្ថយតំលៃរូបិយប័ណ្ណរបស់ខ្លួនជិត២០% កាលពីពាក់កណ្តាលខែសីហា បន្ទាប់ពីអ្នកនយោបាយសេរីនិយម លោក Javier Milei ដែលចង់កាត់ផ្តាច់ធនាគារកណ្តាល និងធ្វើឱ្យប្រាក់ដុល្លារក្លាយជារូបិយប័ណ្ណគោលរបស់សេដ្ឋកិច្ច បានឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលដោយសម្លេងចំនួន៣០% នៅក្នុងការបោះឆ្នោតបឋមបើកចំហរបស់ប្រទេសនេះ។អាហ្សង់ទីនកំពុងប្រយុទ្ធនឹងអតិផរណាប្រចាំឆ្នាំរបស់ខ្លួនមានកម្រិតជិត១១៥% ដែលកំពុងជំរុញឱ្យមានវិបត្តិជីវភាពរស់នៅដ៏ឈឺចាប់ និងរុញប្រជាជនឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ។ វិបត្តិនេះក៏កំពុងធ្វើឲ្យកក្រើកឆាកនយោបាយមុនការបោះឆ្នោតសកលនៅប្រទេសអាហ្សង់ទីន ក្នុងខែតុលាខាងមុខនេះផងដែរ៕

មេដឹកនាំកូរ៉េខាងជើងបានទៅដល់រុស្ស៊ី ស្របពេលអាមេរិកព្រមានមិនឲ្យមានការលក់អាវុធ

2023/09/12 12:26:49 pm        177
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) តាមរថភ្លើងឯកជនរបស់ខ្លួន ដែលអមដោយក្រុមមន្ត្រីឧស្សាហកម្មអាវុធជានខ្ពស់ និងក្រុមមន្ត្រីយោធា ព្រមទាំងរដ្ឋមន្ត្រីការបរទេសផងដែរ។ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារនេះ ដោយសំអាងដល់ប្រភពផ្លូវការរបស់រុស្ស៊ីដែលមិនបញ្ចេញឈ្មោះថា រថភ្លើងដឹកលោកគីម បានទៅដល់ស្ថានីយ៍ខាសាន (Khasan) ដែលជាច្រកផ្លូវដែកសំខាន់ទៅកាន់ចុងបូព៌ារបស់រុស្ស៊ីពីកូរ៉េខាងជើង។លោកពូទីន ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) នៅថ្ងៃអង្គារនេះ ជាទីដែលលោកត្រូវបានគ្រោងនឹងចូលរួមសម័យប្រជុំសំខាន់នៃវេទិកាសេដ្ឋកិច្ចបូព៌ាដែលដំណើរការរហូតដល់ថ្ងៃពុធ (១៣ កញ្ញា) ស្អែកនេះ។កិច្ចប្រជុំរបស់លោកពូទីន ជាមួយលោក គីម ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅខាងក្រៅវេទិកានោះ ទោះបីជាមិនទាន់មានការបញ្ជាក់អំពីទីតាំង ឬថាតើលោក គីម នឹងចូលរួមក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចបូព៌ា នោះក៏ដោយ៕

កុមារី អាត ស្រីនុ មានបញ្ហាក្នុងការបន្ទោរបង់ ឪពុក-ម្ដាយមានជីវភាពខ្វះខាត ត្រូវបានឧបត្ថម្ភទំនុកបម្រុងពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

2023/09/12 12:22:18 pm        279
កំពង់ស្ពឺ៖ កុមារី អាត ស្រីនុ ដែលមានបញ្ហាក្នុងការបន្ទោរបង់ទទួលការព្យាបាលវះកាត់ចំនួន ២លើក ប៉ុន្តែ ដោយសារមាតាបិតាមានជីវភាពខ្វះខាត ពុំអាចធ្វើការព្យាបាលបន្ត ត្រូវបានឧបត្ថម្ភទំនុកបម្រុង ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ បើយោងតាមឆាណែលផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញានេះថា កុមារី អាត ស្រីនុ អាយុ ៣ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រគៀត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបញ្ហាក្នុងការបន្ទោបង់ឧច្ចារៈ(លាមក) ហើយកាលពីអាយុ ១ខែកន្លះកន្លងទៅ ក្មួយស្រីមានអាការហើមពោះ បន្ទោបង់មិនចេញ និងបានទទួលការព្យាបាលដោយវះកាត់ចំនួន២លើក ប៉ុន្តែដោយសារមាតាបិតាមានជីវភាពខ្វះខាត ពុំអាចធ្វើការព្យាបាលបន្តបាន។ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ក៏បានចាត់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ធ្វើការសម្របសម្រួលបញ្ជូន​ក្មួយស្រីមកព្យាបាលនៅ​មន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ទី៩ កញ្ញា ២០២៣។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យឯកទេសកំពុងពិនិត្យ និងព្យាបាលជូនក្មួយស្រីយ៉ាងយកចិត្តទុកដាក់បំផុត។ការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់​មន្ទីរពេទ្យគន្ធបុប្ផា រីឯការចំណាយ​លើការ​ស្នាក់នៅ និងហូបចុកផ្សេងៗ​ត្រូវបាន​ឧបត្ថម្ភទំនុកបម្រុងដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

លោកត្រាំ ស្នើឲ្យមានការដកសិទ្ធិចៅក្រមអាមេរិកក្នុងសំណុំរឿងបោះឆ្នោតសហព័ន្ធ

2023/09/12 12:22:12 pm        193
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានដាក់សំណើកាលពីថ្ងៃចន្ទ (១១ កញ្ញា) ដើម្បីដកសិទ្ធិចៅក្រមសហព័ន្ធប្រចាំតំបន់របស់អាមេរិក លោកស្រី Tanya Chutkan ពីការធ្វើជាប្រធានលើសំណុំរឿងព្រហ្មទណ្ឌមួយ ដែលចោទប្រកាន់លោកពីបទព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ របស់ខ្លួន។ លោកត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ បាននិយាយកាលពីខែមុនថា លោកមានគម្រោងស្វះស្វែងឲ្យមានការដកតំណែងរបស់លោកស្រី Chutkan ក៏ដូចជាការផ្លាស់ប្តូរទីតាំងកាត់ក្ដីសម្រាប់ករណីនេះផងដែរ។លោកត្រាំ បានលើកឡើងនៅក្នុងឯកសារតុលាការ ដែលសេចក្តីថ្លែងការណ៍ពីមុនរបស់លោកស្រី Chutkan បានសំដៅទៅលើតួនាទីរបស់លោកក្នុងការជំរុញឲ្យមានការវាយប្រហារលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្ររបស់លោកបានចោទជាសំណួរអំពីភាពមិនលំអៀងរបស់លោកស្រីនៅក្នុងសំណុំរឿងនេះ។មេធាវីរបស់លោកត្រាំ បានប្រកែកថា ការអត្ថាធិប្បាយដែលលោកស្រី Chutkan បានធ្វើនៅក្នុងសវនាការកាត់ទោសឆ្នាំ២០២២ លើចុងចោទករណីកុប្បកម្មនៅវិមានកាពីតូល ដោយលោកស្រី បានស្នើថាកុបកម្មនោះត្រូវបានជំរុញដោយ «ភាពស្មោះត្រង់ដោយងងឹតងងុលចំពោះមនុស្សម្នាក់ ដែលនៅមានសេរីភាពរហូតមកដល់សព្វថ្ងៃនេះ» បានបង្ហាញថា ចៅក្រមរូបនោះ ជឿថាលោកត្រាំ «គួរតែត្រូវបានកាត់ទោស និងដាក់ពន្ធនាគារ»។កាលពីថ្ងៃចន្ទ (១១ កញ្ញា) លោកត្រាំ ក៏បានព្យាយាមច្រានចោលការចោទប្រកាន់ចំនួនប្រាំពីរករណី ដែលលោកប្រឈមមុខនៅក្នុងសំណុំរឿងបោះឆ្នោតនៅរដ្ឋ Georgia ដាច់ដោយឡែក ដោយលើកហេតុផលថា លោកមានអភ័យឯកសិទ្ធិពីការកាត់ទោសចំពោះសកម្មភាព ដែលលោកបានធ្វើនៅក្នុងសមត្ថភាពផ្លូវការរបស់ខ្លួនជាប្រធានាធិបតី៕

អាមេរិកបដិសេធសង្គ្រាមត្រជាក់ជាមួយចិន ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម

2023/09/12 12:19:57 pm        181
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបដិសេធថា សហរដ្ឋអាមេរិកមិនបានកំពុងព្យាយាមរារាំងឥទ្ធិពលអន្តរជាតិរបស់ចិននោះទេ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រថ្មីមួយជាមួយវៀតណាម។រយៈពេលជាង៥០ឆ្នាំចាប់តាំងពីទាហានអាមេរិកចុងក្រោយបានចាកចេញពីប្រទេសវៀតណាម លោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនឹងនាំអតីតសត្រូវមួយនេះឲ្យកាន់តែជិតស្និទ្ធជាងមុន។ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺជាការលើកកំពស់ទំនាក់ទំនងដ៏សំខាន់សម្រាប់អាមេរិក។ នេះគឺជាចំណុចកំពូលនៃការជំរុញមិនឈប់ឈររបស់ក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដែលខ្លួនមើលឃើញថា ជាគន្លឹះដើម្បីទប់ទល់ឥទ្ធិពលរបស់ចិននៅអាស៊ី។ភាពជាដៃគូជាមួយទីក្រុងវ៉ាស៊ីនតោន គឺជាទំនាក់ទំនងការទូតកម្រិតខ្ពស់បំផុត ពង្រីកដោយវៀតណាម ដែលជាមិត្តចាស់បំផុត និងរឹងមាំបំផុតរបស់ចិន។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហាណូយថា សកម្មភាពរបស់អាមេរិក មិនមែនសំដៅលើការទប់ស្កាត់ ឬដាក់ឱ្យនៅដាច់ដោយឡែកពីប្រទេសចិននោះទេ ប៉ុន្តែលោកបាននិយាយអំពីការរក្សាស្ថិរភាពស្របតាមច្បាប់អន្តរជាតិ៕

ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថ្កោលទោសឧបទ្ទវហេតុដែលបានមើលឃើញការដុតគម្ពីរកូរ៉ាន

2023/09/12 12:16:25 pm        238
អឺរ៉ុប៖ កាលពីថ្ងៃច័ន្ទ (១១ កញ្ញា) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានថ្កោលទោសចំពោះឧប្បត្តិហេតុជាបន្តបន្ទាប់ ដែលបានមើលឃើញការដុតគម្ពីរកូរ៉ានដ៏វសិដ្ឋនៅអឺរ៉ុបកាលពីដើមឆ្នាំនេះ។ ការលើកឡើងរបស់លោក បានធ្វើឡើងក្នុងពេលបើកសម័យប្រជុំលើកទី៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ ក្រុមប្រឹក្សានេះត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាដុតគម្ពីកូរ៉ានកាលពីថ្ងៃទី៦ ខែតុលា។ប្រទេសដាណឺម៉ាក និងស៊ុយអែត បានមើលឃើញការតវ៉ាជាច្រើននៅក្នុងខែកក្កដា ដែលច្បាប់ចម្លងនៃគម្ពីរកូរ៉ាន ត្រូវបានដុត ឬត្រូវបានបំផ្លាញ ដែលជំរុញឱ្យមានកំហឹងនៅក្នុងបណ្ដាប្រទេសមូស្លីមជាច្រើន ដែលទាមទារឱ្យរដ្ឋាភិបាលក្រុមប្រទេសអឺរ៉ុបខាងជើង បញ្ឈប់ការដុតបំផ្លាញនោះផងដែរ។ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សមួយចំនួន រួមទាំងការស្អប់ខ្ពើមសាសនាដែលបង្កើតជាការញុះញង់ឱ្យមានការរើសអើង ការលម្អៀងប្រឆាំងពូជសាសន៍ និងទម្រង់នៃការមិនអត់ឱន ក្នុងចំណោមប្រធានបទផ្សេងទៀតទាក់ទងនឹងសិទ្ធិមនុស្សផងដែរ៕

សហរដ្ឋអាមេរិករំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះទទួលអ្នកការទូតជាន់ខ្ពស់របស់ចិន នៅមុនដំណាច់ឆ្នាំនេះ

2023/09/12 12:12:45 pm        193
អាមេរិក៖អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ (១១ កញ្ញា) ថា រដ្ឋធានីវ៉ាស៊ីនតោនរំពឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅសហរដ្ឋអាមេរិកមុនដំណាច់ឆ្នាំនេះ មិនថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ឬក្រោយពីនោះក៏ដោយ។សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីសប្តាហ៍មុនដោយសំអាងដល់អ្នកដែលបានរាយការណ៍អំពីបញ្ហានេះថា ប្រទេសចិនគ្រោងនឹងបញ្ជូនលោកអនុប្រធានាធិបតី ហាន ជឹង (Han Zheng) ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ជំនួសឱ្យការបញ្ជូនលោក វ៉ាង យី (Wang Yi) ក្នុងដំណើរបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាន់តែទូលំទូលាយ ដូចដែលបានផ្តល់សញ្ញាពីមុន។ការជួបជុំប្រចាំឆ្នាំរបស់បណ្ដាមេដឹកនាំពិភពលោកនោះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) បានសម្តែងការខកចិត្តដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង មិនបានចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបានបន្ថែមថា លោកនឹងទៅជួបលោក ស៊ី ។ លោក Blinken បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីខែមិថុនា ជាទីដែលលោកបានជួបជាមួយអ្នកកាន់តំណែងពីមុនរបស់លោក វ៉ាង គឺលោក ឈីន កាង (Qin Gang) នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ ទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារសាលាមតេយ្យសិក្សាអ៊ុយក្រែននៅទីក្រុង Sumy សម្លាប់មនុស្សម្នាក់
05/06/2026 09:05 PM
ប្រជុំកោះ Canary បដិសេធន៍មិនឲ្យនាវាកម្សាន្ត MV Hondius ចូលចតកំពង់ផែរបស់ខ្លួន
05/06/2026 09:05 PM
ក្រុមនាវាផ្ទុកយន្តហោះបារាំង ធ្វើដំណើរចូលទៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden
05/06/2026 08:05 PM
លោក Trump៖ សង្គ្រាមលើអ៊ីរ៉ង់អាចបញ្ចប់បាន បើទីក្រុងតេអេរ៉ង់យល់ព្រមតាមលក្ខខណ្ឌ
05/06/2026 08:05 PM
កូរ៉េខាងត្បូងផ្អាកពិនិត្យការអំពាវនាវរបស់លោក Trump ឲ្យចូលរួមក្នុងបេសកកម្ម «Project Freedom»
05/06/2026 08:05 PM
កម្មករ ៩នាក់ បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅកូឡុំប៊ី
05/06/2026 08:05 PM
មន្ត្រីឥណ្ឌូនេស៊ី៖ រថយន្តក្រុង និងរថយន្តដឹកប្រេង បុកគ្នានៅកោះ Sumatra បណ្ដាលឲ្យមនុស្ស ១៦នាក់ស្លាប់
05/06/2026 07:05 PM
ពលរដ្ឋវេណេស៊ុយអេឡា ប្រឈមនឹងការលំបាកក្នុងជីវភាពរស់នៅដោយសារការដាច់ចរន្តអគ្គិសនី និងអាកាសធាតុក្តៅខ្លាំង
05/06/2026 07:05 PM
ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប Starlink ទៅកាន់ទីអវកាស
05/06/2026 07:05 PM
អូស្រ្តាលីនឹងចំណាយថវិកាជាង ៧ពាន់លានដុល្លារ ដើម្បីជំរុញស្តុកប្រេងឥន្ធនៈ
05/06/2026 07:05 PM