ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិនខេត្តហឺណាន ទស្សនកិច្ចអង្គភាពប្រឆាំងអំពើពុករលួយACU

2023/09/11 09:43:28 am        276
ភ្នំពេញ៖ លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន នៅព្រឹកថ្ងៃទី១១ខែកញ្ញានេះ បានដឹកនាំគណៈប្រតិភូមកពីប្រទេសចិន អញ្ជើញមកទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយទទួលការស្វាគមន៍ពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា។ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងចំនួន៣រួមមាន៖ទី១.ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តហឺណាន និងប្រទេសកម្ពុជាឲ្យកាន់តែស៊ីជម្រៅ ទី២.ពង្រឹងការផ្លាស់ប្តូរ បទពិសោធន៍ក្នុងការប្រយុទ្ឋប្រឆាំងអំពើពុករលួយអន្តរជាតិ និងទី៣.ពង្រីកបណ្ដាញស្វែងយល់រកជនគេចខ្លួន និងប្រមូលទ្រព្យសម្បត្តិដែលត្រូវបានលួចត្រលប់មកវិញ៕

របបយោធាហ្គាបុង សម្លឹងមើលការផ្លាស់ប្តូររយៈពេល២៤ខែទៅកាន់ការបោះឆ្នោត

2023/09/11 09:35:29 am        85
ហ្គាបុង៖ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីហ្គាបុង លោក Raymond Ndong Sima ដោយនិយាយថា ការផ្លាស់ប្តូររយៈពេល២៤ខែទៅកាន់ការបោះឆ្នោតនៅក្នុងប្រទេសហ្គាបុង នឹងជារឿង «សមហេតុផល» បន្ទាប់ពីរដ្ឋប្រហារកាលពីខែមុន។ក្រុមមន្ត្រីកងទ័ព បានដណ្តើមអំណាចកាលពីថ្ងៃទី៣០ ខែសីហា ដោយលុបចោលលទ្ធផលបោះឆ្នោតត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីមានការប្រកាសថាលោកប្រធានាធិបតី អាលី បុងហ្គោ បានឈ្នះឆ្នោត ជាលទ្ធផលដែលពួកគេបាននិយាយថា មិនគួរឱ្យទុកចិត្ត។ លោក បុងហ្គោ ដែលកាន់អំណាចតាំងពីឆ្នាំ២០០៩មក បានស្នងតំណែងពីឪពុករបស់ខ្លួនឈ្មោះ លោក អូម៉ា បុងហ្គោ ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល៤២ឆ្នាំ។របបសឹកហ្គាបុង បានសន្យាថា នឹងត្រួតពិនិត្យការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែមិនបានផ្តល់ពេលវេលាសម្រាប់រៀបចំការបោះឆ្នោតនោះទេ។ នៅក្នុងការអត្ថាធិប្បាយដំបូងអំពីរយៈពេលដែលអាចកើតមាននៃការផ្លាស់ប្តូរនេះ លោក Ndong Sima បានប្រាប់ព័ត៌មាន AFP ថា «នេះជាការចាប់ផ្តើមដ៏ល្អក្នុង ជាមួយនឹងគោលដៅសមហេតុផល ហើយយើងសង្ឃឹមថា នឹងមើលឃើញដំណើរការនេះបានបញ្ចប់ក្នុងរយៈពេល២៤ខែ ដូច្នេះយើងអាចត្រលប់ទៅរកការបោះឆ្នោតវិញបាន»៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិនិត្យវឌ្ឍនភាពការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

2023/09/11 09:12:08 am        211
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ប្រតិភូអមដំណើរ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងអាជ្ញាធរដែនដី បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ដែលក្នុងនោះ រួមមានតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងវិនិយោគិនដែលជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរក៏បានពិនិត្យមើលសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕

មនុស្ស៤៣នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសលើផ្សារមួយកន្លែងនៅប្រទេសស៊ូដង់

2023/09/11 08:49:01 am        83
ស៊ូដង់៖ យោងតាមក្រុមវេជ្ជសាស្រ្ដបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើផ្សារមួយកន្លែងក្នុងរដ្ឋធានី Khartoum ប្រទេសស៊ូដង់ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមវេជ្ជបណ្ឌិតរបស់ស៊ូដង់បាននិយាយថា មនុស្ស៥៥នាក់ ក៏បានរងរបួសផងដែរនៅក្នុងការវាយប្រហារដែលបានកំណត់គោលដៅផ្សារបើកចំហមួយ នៅក្នុងសង្កាត់ Mayo ក្នុងភាគខាងត្បូងរដ្ឋធានី Khartoum។គេមិនទាន់ដឹងថានរណាជាអ្នកនៅពីក្រោយការវាយប្រហារតាមអាកាសនេះទេ ហើយការវាយប្រហារនេះកើតមានស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពស៊ូដង់ និងក្រុមកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ក្នុងរដ្ឋធានីនៃប្រទេសនេះ។យោងតាមក្រុមគ្រូពេទ្យក្នុងតំបន់បានឱ្យដឹងថា ជនស៊ីវិលជាង៣.០០០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ាចាប់តាំងពីខែមេសា មក។ កិច្ចព្រមព្រៀងឈប់បាញ់ជាច្រើន ដែលសម្របសម្រួលដោយអារ៉ាប៊ីសាអូឌីត និងអាមេរិក បានបរាជ័យក្នុងការបញ្ចប់អំពើហិង្សាក្នុងប្រទេសមួយនេះ៕

[UPDATE] ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក បានកើនឡើង ជាង២.១០០នាក់ និងរបួសជាង២.៤០០នាក់

2023/09/11 08:44:46 am        79
ម៉ារ៉ុក៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយរបស់ក្រសួងមហាផ្ទៃដែលបានបញ្ចេញកាលពីម៉ោង៤ល្ងាចថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់២.១២២នាក់ បានស្លាប់ និង២.៤២១នាក់ បានរងរបួស ក្នុងគ្រោះរញ្ជួយដីក៏មហន្តរាយ ដែលបានអង្រួនខេត្ត អាល់ ហូស (Al Haouz) ភាគកណ្ដាល របស់ប្រទេសម៉ារ៉ុក កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ។  ក្រុមអាជ្ញាធរ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីពន្លឿនសហប្រតិបត្តិការសង្គ្រោះ ជម្លៀស និងផ្ដល់ការថែទាំអ្នករបួស និងចល័យគ្រប់ធនធានក្នុងករណីចាំចាំទាំងអស់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃសោកនាកម្មដ៏ខ្លោចផ្សានេះ ។ វីដេអូពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីក្រុមអ្នកសង្រ្គោះ និងកងកម្លាំងយោធាកំពុងព្យាយាមកាយគំនរកម្ទេចកម្ទីរនៅក្នុងភូមិម៉ូឡេ ប្រាហីម (Moulay Brahim)ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង ម៉ារ៉ាកិច (Marrakech)ដែលទីក្រុងធំបំផុតទី៤របស់ប្រទេសម៉ារ៉ុក ។ ក្រុមអ្នកនៅរស់រានមានជីវិត ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង៦ទសវត្សរ៍មកនេះ បានព្យាយាម ស្វែងរកអាហារ ទឹក និងជម្រក ខណៈការស្វែងរកអ្នកបាត់ខ្លួននៅតែបន្តក្នុងភូមិដាច់ស្រាយាលនានា ។  ក្រុមបុគ្គលិកផ្ដល់ជំនួយប្រឈមនឹងផលវិបាកខ្លាំងនៃការស្វែងរកអ្នកបាត់ខ្លួន នៅក្នុងភូមិនានាដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត នៅក្នុងតំបន់ភ្នំ High Atlas ជាជួរភ្នំខ្ពស់ៗ ជាទីដែល លំនៅឋានជាច្រើន នៅដាច់ឆ្ងាយពីគេ និងជា ទីដែលផ្ទះសម្បែងជាច្រើនរងការបំផ្លិចបំផ្លាញ ៕

កិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័សលើឆាកតំបន់ និងអន្តរជាតិ

2023/09/10 10:57:32 am        222
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា វត្តមាន និង​សកម្មភាព​រប​ស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅឯកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ៤ ដល់ទី ៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជា​វិញ្ញាសា​សាកល្បង​ដ៏ធំ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដឹកនាំ និង​ចាត់ចែង​របស់​នាយករដ្ឋ​មន្ត្រី​វ័យ​ក្មេង​ នៃកម្ពុជា ក្នុងវិស័យនយោបាយការទូតកម្រិតតំបន់ និងអន្តរជាតិ ខណៈ​ដែល​រាជ​រដ្ឋាភិបាល​ថ្មី​ទើប​តែចាប់កំណើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។សំណួរសំខាន់បំផុតនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​ហ្សាការតា​ នោះគឺ តើនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងរបស់កម្ពុជា មាន​សមត្ថភាព​អាច​ប្រឈម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​កម្រិតតំបន់ និងកម្រិតអន្តរជាតិនេះបានដែរឬទេ? ទី​បំផុត​វិញ្ញាសា​ដ៏​ធំមួយ​នេះ​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​បន្ត​វេន​ឆ្លង​កាត់​ដោយ​ជោគ​ជ័យ​ហួស​ពី​ការ​រំពឹងទុក។ បេសកកម្មដ៏ធំ និងដំបូងបំផុតលើឆាកតំបន់ និងអន្តរជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកស្ទួយកិត្យានុភាពរបស់រាជរដ្ឋាភិបាលស្របច្បាប់ និង​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋខ្មែរឲ្យល្បី​រន្ទឺលើឆាកតំបន់ និងអន្តរជាតិ។ទី១-អំពីភាពស្របច្បាប់៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា កើតឡើង​ដោយ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានគណបក្សចំនួន ១៨ ចូលរួម។ មាន​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះក្នុ​ងបញ្ជីអ្នកបោះឆ្នោតជាង ៨៤% បានទៅបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ហើយក្នុងនោះជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយ​ការ​ប្រកាស​លទ្ធផល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​ព្រះមហាក្សត្រចា​ត់​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​តាម​សំណើរបស់ប្រធានគណបក្សឈ្នះឆ្នោតស្របតាមមាត្រា១១៩(ថ្មី)២ នៃរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីចាត់តាំងក៏បានបង្កើតគណៈរដ្ឋមន្ត្រី ហើយ​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​នៅ​ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ ២០២៣។ នៅរសៀលថ្ងៃដដែល សមាជិក​រាជ​រដ្ឋាភិបាល​ទាំ​ងអ​ស់​ក៏​បានចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង។ នេះ​គឺ​ជា​ដំណើរ​ការ​នីតិវិធី​ស្រប​តាម​ច្បាប់​កម្ពុជា​ទាំង​ស្រុង​ដែល​ធ្វើ​ឲ្យរាជរដ្ឋាភិបាល​អាណត្តិទី៧ មាន​លក្ខណៈ​ស្រប​ច្បាប់​យ៉ាង​ពេញ​លេញ​ដោយ​មិន​អាច​ប្រកែក​បាន។ទី២-អំពីកិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧៖ ចាប់​តាំង​ពី​ក្រោយ​ការ​ជ្រើស​តាំង​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សារ​អបអរ​សាទរ​ពី​សំណាក់​ប្រទេស​ជា​មិត្ត​បាន​ធ្លាក់​មក​ជាបន្តបន្ទាប់ពីគ្រប់ជ្រុងជ្រោយ នៃពិភពលោក។ រហូតមកទល់ពេលនេះ មាន​មេ​ដឹក​នាំ​បរទេស​ជាង​ ៥០ ប្រទេស និងស្ថាប័ន រាប់ទាំងប្រទេសមហាអំណាច និង​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិផង បានបន្តផ្ញើសាអបអរសាទរដល់ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។ នៅ​ឯ​កិច្ច​ប្រជុំ​កំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅហ្សាការតា មេដឹកនាំ​អាស៊ាន​ក៏​ដូច​ជា​មេដឹកនាំប្រទេសធំៗផ្សេងទៀត សុទ្ធតែបានសម្តែងការសាទរ និងស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ ម្យ៉ាងទៀត ការ​ចូល​រួមប្រជុំ​ស្មើ​មុខ​មាត់​គ្នា​ជា​មួយ​ប្រទេស​ដទៃ​គឺ​ជាតម្លៃដែលប្រទេសក្នុងតំបន់ និងពិភព​លោក​ផ្តល់​ជូន​កម្ពុជា​ក្នុង​នាម​ជា​រាជរដ្ឋាភិបាល​ស្របច្បាប់ និងជារដ្ឋអធិបតេយ្យមួយដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។ សរុប​មកវិញ លើស​ពី​ភាព​ស្រប​ច្បាប់​ដែល​ខ្លួន​ទទួល​បាន​យ៉ាង​ពេញ​លេញ​ស្រប​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ និងនីតិវិធីច្បាប់របស់កម្ពុជា កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេ​ច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និង​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​ឆាក​តំបន់ និងអន្តរជាតិ ដោយសារសមត្ថភាពក្នុងការចាត់ចែង និង​ដឹក​នាំ​ដ៏​ប៉ិន​ប្រសប់​របស់​នាយករដ្ឋម​ន្ត្រីវ័យក្មេងនៃកម្ពុជា៕

គុយបា ប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត

2023/09/10 08:40:46 am        240
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស បានលើកឡើងថា គុយបាប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើអនុស្សរណៈ ដែ​លភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងនាពេលកន្លងមកនោះ។ ក្នុងជំនួបនេះ, ឯកឧត្តម ប្រធានាធិបតី ក៏បាន​គូស​បញ្ជាក់​ឡើង​វិញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពី​ការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ឯកឧត្តមប្រធានាធិបតី ក៏​បាន​រំឭក​នូវ​អនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ នៅ​សាធារណ​រដ្ឋ​គុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូ​វ​បាន​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​សំខាន់​នៃ​ការ​លើក​កម្ពស់​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែង​ឡើង​តាម​រយៈ​កា​រចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។ ក្នុងកិច្ចសន្ទនានោះដែរ ឯកឧត្តមប្រធានាធិបតីគុយបា ក៏បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ជូន​ចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​បាន​ផ្តាំ​ផ្ញើ​នូវការសួរសុខទុក្ខ និងអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅផងដែរ។ក្នុង​កិច្ច​ជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតីគុយបា ដែលបានគាំទ្រ និងអបអរ​សាទរ​ចំពោះ​សម្តេច​ត្រូវ​បាន​តែង​តាំង​ជា​នាយករដ្ឋ​មន្រ្តីក​ម្ពុជា ហើយជាមួយគ្នានោះ សម្តេចក៏​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ជំនួយ​ឧបត្ថម្ភ​ និងការគាំទ្រ របស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុត ជា​ពិសេស​​នៅ​ក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់​នេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​​ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។សម្តេចធិបតីបានលើកឡើងទៀតថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច​ធិបតី បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹង​កិច្ច​សហប្រត្តិ​ការ​ល្អ​នៅ​ក្នុង​វិស័យ​ដែល​មាន​ស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងការពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុង​ន័យនេះ, សម្តេចធិបតី បានគាំទ្រ និងជំរុញ​ឱ្យមា​ន​ការ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើកទី៣​ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំ​រុញ​ការ​អនុវត្ត​អនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យ​មាន​ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ផងដែរ៕ អត្ថបទ

សម្តេចធិបតី បញ្ជាឲ្យអគ្គស្នងការនគរបាលជាតិស្រាវជ្រាវជាបន្ទាន់ក្នុងករណីតែងតាំងមេប៉ុស្តិ៍ម្នាក់ដែលមានប្រវត្តិមិនល្អនៅខេត្តកំពង់ធំ

2023/09/10 08:27:32 am        1536
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងស្នងការខេត្តកំពង់ធំ ធ្វើកាពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ចំពោះករណីតែងតាំង មេប៉ុស្តិ៍ម្នាក់នៅឃុំសំពោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋ។តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម»។ សម្តេចបានបន្ថែមទៀតថា «ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»៕

គ្រូពេទ្យស្ម័គ្រចិត្ដក្រុម៨ ចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃជាង៥០០នាក់ នៅស្រុកជើងព្រៃ

2023/09/09 05:23:14 pm        339
កំពង់ចាម៖ នាព្រឹកទី៩ ខែកញ្ញាឆ្នាំ២០២៣ គ្រូពេទ្យស្ម័គ្រចិត្ដក្រុម៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង ៥០០នាក់ នៅវត្តស្អាង ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជន​ក្រុម៨ បានពាំនាំការសួរសុខទុក្ខ និងការ​នឹក​រលឹក​ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ​ជូនចំពោះ​ប្រជាពលរដ្ឋទាំងអស់ ដែល​មានវត្តមាន​ក្នុងកម្មវិធីនេះ។ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានបន្ដទៀតថា សកម្មភាពចុះពិនិត្យព្យាបាលជំងឺ​ប្រជាពលរដ្ឋ​ដល់មូលដ្ឋានជាការបង្ហាញឲ្យឃើញថា ​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រី ​តែងតែយកចិត្តទុកដាក់បំផុតអំពី​សុខុមាលភាព​របស់ប្រជាពលរដ្ឋ ព្រោះសុខភាពគឺជាកត្តាចំបងបំផុតដែលអាចឲ្យបុគ្គលម្នាក់ៗ មានលទ្ធភាពចូលរួម​អភិវឌ្ឍន៍​កិច្ចការងារសេដ្ឋកិច្ចសង្គម ជាពិសេសការជួយសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឲ្យមានភាពរីក​ចម្រើន​ទៅបានលុះត្រាតែមានសុខភាពល្អ។ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាចបង្កបង្កើនផលមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ ទទួល​បានសេវាពិនិត្យព្យាបាលជម្ងឺ មានកម្មសិទ្ធិដីធ្លី លំនៅឋាន មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និង​មានការអភិវឌ្ឍពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាងបួន​ទសវត្សរ៍​កន្លងមក ដែលនាពេលនេះ ស្នាដៃ​ដ៏​ឧត្ដុង្គឧត្ដម​នេះ ត្រូវបានបន្តវេនថែរក្សា​ និងដឹកនាំអភិវឌ្ឍន៍ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ដែលធានា​បាន​នូវសុខសន្តិភាព និងការអភិវឌ្ឍ​ពេញលេញ​ជូនប្រជាពលរដ្ឋ​ និងប្រទេសជាតិទាំងមូល។សូមបញ្ជាក់​ផងដែរថា ​ក្រោមការដឹកនាំឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានរួមចំណែក​ចុះជួយ​ប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមាន​វិស័យសុខាភិបាល វិស័យអប់រំ​ ជាពិសេស ​វិស័យកសិកម្ម ដែលជា​សសរស្ដម្ភ​សេដ្ឋកិច្ចជាតិ​ដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕ អត្ថបទ កុម្ភៈ

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ស្នើដល់ភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើការងារអក្ខរកម្ម ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ

2023/09/08 03:58:46 pm        285
ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ អំពាវនាវដល់គ្រឹះស្ថានពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបជួយបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្តទៀត លើការងារអក្ខរកម្ម ក៏ដូចជាការអប់រំទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងស្មារតី ដើម្បី​បន្តការចូលរួម​លើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ថ្លែងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាស​អញ្ជើញជាអធិបតីភាពក្នុងទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ " អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច"។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា រដ្ឋបាលខេត្តព្រះវិហារ ពិតជាមានកិត្តិយសណាស់ ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំ​បុណ្យជាតិ បានផ្ដល់កិត្តិយសជ្រើសរើស ឱ្យខេត្តព្រះវិហារ រៀបចំធ្វើជាម្ចាស់ផ្ទះក្នុង​ការប្រារព្ធ​ទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធ ធ្វើឡើងក្រោមប្រធានបទ " អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព ​និងសង្គមសេដ្ឋកិច្ច" ក្នុងអត្ថន័យជំរុញប្រជាពលរដ្ឋកម្ពុជា​គ្រប់រូបឱ្យទទួលបានការសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់​មធ្យោបាយ​សំដៅសម្រេច ឱ្យបាននូវការអភិវឌ្ឍធនធានមនុស្ស ​ស្របតាមទិសដៅ យុវជនម្នាក់ មានជំនាញ​មួយយ៉ាងតិចប្រចាំជីវិត។ក្នុងពិធីនោះដែរឯកឧត្តម ណុះ ស្លេះ បានអានសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ឆ្នាំ ២០២៣ ថា រាជរដ្ឋាភិបាលបាន​និងកំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមជាប្រវត្តិសាស្ត្ររបស់ខ្លួន​ ដោយបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបម្រើប្រជាពលរដ្ឋ ​ពន្លឿនកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងជំរុញអនុវត្តកំណែទម្រង់កាន់​តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ។ឯកឧត្តមបន្តថា ប្រធានបទឆ្នាំនេះ បានបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់​អក្ខរកម្មតាម​គ្រប់រូបភាព ​និងជាការផ្ដល់ឱកាសសារជាថ្មីដល់អ្នកសិក្សា ជាពិសេសអ្នកដែលមានសេដ្ឋកិច្ច​ទន់ខ្សោយ​ជនបាត់បង់ឱកាស ​ពលរដ្ឋក្រីក្រ កុមារ យុវជន ​និងជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់​មានសមត្ថភាពក្នុងការអាន សរសេរ គិតលេខ និងអាចដោះស្រាយបញ្ហា​មួយចំនួន​នៅក្នុងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ សារលិខិតដដែលនេះ លើកឡើងទៀតថា ជាការពិតណាស់អក្ខរកម្មជាមូលដ្ឋានគ្រឹះ ​នៃចំណេះដឹង និងការអប់រំ ដែលជួយមនុស្សគ្រប់រូបអាច​យល់ដឹងពីប្រភេទព័ត៌មានទូទៅ និងទទួលបាននូវចំណេះដឹងថ្មីៗ ​ព្រមទាំងបង្កើនឱកាសក្នុង​ការ​កែលម្អគុណភាពនៃជីវិតមនុស្ស ​និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិតផងដែរ។ពោលគឺអក្ខរកម្ម បានជួយឱ្យប្រជាពលរដ្ឋ ទទួលបានការអប់រំភាសា វិទ្យាសាស្ត្រ និងវប្បធម៌ និង​សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅរកការកសាងនូវមូលធនបញ្ញា ​និងមូលធនសង្គម សម្រាប់ជម្រុញ​កំណើនទិដ្ឋភាពសីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ប្រកប​ដោយចីរភាព។ នេះបើតាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ចេញឱសានវាទឲ្យអ៊ីរ៉ង់ ទទួលយកកិច្ចព្រមព្រៀង បើមិនដូច្នេះប្រឈមនឹងការទម្លាក់គ្រាប់បែកបន្ថែមទៀត
05/07/2026 09:05 AM
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅហ្វីលីពីន
05/07/2026 09:05 AM
អាមេរិក៖ យន្តហោះចម្បាំង បានបញ្ឈប់នាវាដែលព្យាយាមទម្លាយការបិទផ្លូវទឹកនៅកំពង់ផែអ៊ីរ៉ង់
05/07/2026 09:05 AM
អ៊ីស្រាអែល វាយប្រហារទីក្រុងបេរូតរបស់ប្រទេសលីបង់ ជាលើកដំបូងចាប់តាំងពីមានបទឈប់បាញ់
05/07/2026 09:05 AM
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន
05/07/2026 09:05 AM
អ៊ីរ៉ង់កំពុងពិនិត្យសំណើរអាមេរិកដើម្បីបញ្ចប់សង្គ្រាម ទោះការទាមទារសំខាន់ៗនៅមិនទាន់បានដោះស្រាយក៏ដោយ
05/07/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៅក្នុងខេត្តតាកែវ ជម្រុញការអនុវត្តការងារនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព
05/07/2026 08:05 AM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តព្រះវិហារ
05/07/2026 07:05 AM
យានដ្រូនរុស្ស៊ីវាយប្រហារសាលាមតេយ្យសិក្សាអ៊ុយក្រែននៅទីក្រុង Sumy សម្លាប់មនុស្សម្នាក់
05/06/2026 09:05 PM
ប្រជុំកោះ Canary បដិសេធន៍មិនឲ្យនាវាកម្សាន្ត MV Hondius ចូលចតកំពង់ផែរបស់ខ្លួន
05/06/2026 09:05 PM