មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកស្រី Sheikh Hasina នឹងវិលត្រឡប់ទៅបង់ក្លាដែសវិញសម្រាប់ការបោះឆ្នោត

2024/08/09 11:36:29 am        188
កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina)បាននិយាយថា លោកស្រីនឹងវិលត្រលប់ទៅប្រទេសបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលចាំផ្ទះថ្មីរបស់ខ្លួនសម្រេចចិត្តរៀបចំការបោះឆ្នោត។លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ឥណ្ឌា កាលពីថ្ងៃចន្ទ (០៥ សីហា) បន្ទាប់ពីការតវ៉ាដ៏បង្ហូរឈាមជាច្រើនសប្តាហ៍ដែលសម្លាប់មនុស្សរាប់រយនាក់ និងរាប់ពាន់នាក់រងរបួស បានបង្ខំឱ្យលោកស្រីលាលែងពីតំណែង។ រដ្ឋាភិបាលចាំផ្ទះដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែលសន្តិភាព លោក ម៉ូហាម៉ាដ យូនុស (Muhammad Yunus) បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវទទួលភារកិច្ចរៀបចំការបោះឆ្នោត។ គណបក្ស អាវ៉ាមី លីគ (Awami League) របស់លោកស្រី Hasina មិនមានវត្តមាននៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ននេះទេ។ ថ្លែងទៅកាន់សារព័ត៌មានឥណ្ឌា (Times of India) កូនប្រុសរបស់លោកស្រី ឈ្មោះលោក សាជីប វ៉ាហ្សេដ ចយ (Sajeeb Wazed Joy) ដែលកំពុងនៅសហរដ្ឋអាមេរិក បាននិយាយថា «សម្រាប់ពេលនេះ លោកស្រី Hasina បន្តស្ថិតនៅឥណ្ឌា ហើយនឹងត្រឡប់ទៅបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្នសម្រេចចិត្តរៀបចំការបោះឆ្នោត”។អតីនាយករដ្ឋមន្រ្តីបង់ក្លាដែសរូបនេះកំពុងជ្រកកោនក្នុងផ្ទះសុវត្ថិភាពក្នុងតំបន់ញូវដេលី។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា លោកស្រីមានគម្រោងស្វែងរកសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស ប៉ុន្តែការិយាល័យការបរទេសរបស់អង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបាននិយាយជាមួយសមភាគីអង់គ្លេស ពីបញ្ហាបង់ក្លាដែស ប៉ុន្តែក៏មិនបានចែករំលែកព័ត៌មានលម្អិតណាមួយដែរ៕

មន្ត្រីអាមេរិកព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើ អ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

2024/08/09 11:31:04 am        265
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden និយាយថា អ៊ីរ៉ង់គ្មានសិទ្ធិវាយប្រហារលើយោធាអ៊ីស្រាអែលឡើយ បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ ដែលត្រូវបានចង្អុលមុខអ៊ីស្រាអែល។មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយអ្នកយកព័ត៌មានថា ពិតជាពុំមានមូលដ្ឋានស្របច្បាប់ណាមួយ សម្រាប់អ៊ីរ៉ង់បើកការវាយប្រហារយោធាប្រឆាំងនឹងអ៊ីស្រាអែលឡើយ។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្ទនាតាមទូរស័ព្ទជាមួយសមាភាគីអ៊ីស្រាអែល លោក Yoav Gallantកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបានពិភាក្សាពីវិធានការរបស់អាមេរិក នៅមជ្ឈិមបូព៌ាក្នុងការការពារអ៊ីស្រាអែល និងបទឈប់បាញ់នៅហ្កាហ្សា។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden និយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពអាសន្នណាមួយ។យើងបានបញ្ជូនកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងតំបន់ រួមទាំងយន្តហោះចម្បាំង F-22 ដែលបានមកដល់ថ្ងៃនេះ។ យើងកំពុងធ្វើអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការវាយប្រហារបែបនេះ ដើម្បីកម្ចាត់ការវាយប្រហារណាមួយប្រសិនបើមាន ហើយក៏ដើម្បីបង្ហាញដល់ប្រទេសអ៊ីរ៉ង់ផងដែរថា មានផ្លូវដើរទៅមុខនៅទីនេះ ប្រសើរជាងការវាយប្រហារដោយយោធា។មន្ត្រីរូបនេះបន្ថែមថា នៅសប្ដាហ៍នេះលោក Biden បានជួបប្រជុំនៅការិយាល័យប្រធានាធិបតីជាមួយរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដើម្បីពិនិត្យមើលការដាក់ពង្រាយយោធាអាមេរិកជួយការពារអ៊ីស្រាអែលពីការវាយប្រហារពីអ៊ីរ៉ង់។ មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា ផលវិបាកនៃការវាយប្រហារដោយផ្ទាល់បែបនេះអាចមានគ្រោះថ្នាក់ខ្លាំងណាស់រួមទាំងសម្រាប់សេដ្ឋកិច្ចអ៊ីរ៉ង់ ដែលខ្ញុំដឹងថារដ្ឋាភិបាលថ្មីរបស់ពួកគេមានការព្រួយបារម្ភ៕

លោកស្រី Harris នាំមុខលោក Trump ចំនួន ៥ពិន្ទុនៅក្នុងការស្ទង់មតិថ្មីរបស់ស្ថាប័ន Ipsos

2024/08/09 11:24:29 am        176
បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នាំមុខលោក ដូណាល់ត្រាំ (Donald Trump) បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ចំនួន ៥ពិន្ទុក្នុងតួលេខ ៤២ភាគរយទល់នឹង ៣៧ភាគរយ ក្នុងការប្រជែងតំណែងសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា នេះបើយោងតាមការស្ទង់មតិរបស់ស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Ipsos) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា)។ការស្ទង់មតិនេះបានរកឃើញថា លោកស្រី Harris បានពង្រីកការនាំមុខរបស់ខ្លួនចាប់តាំងពីការស្ទង់មតិកាលពីថ្ងៃទី ២២-២៣ ខែកក្កដា របស់សារព័ត៌មាន រ៉យទ័រ និង Ipsos មកដែលធ្លាប់បានរកឃើញថាលោកស្រីទទួលបានការគាំទ្រ ៣៧ភាគរយទល់នឹង ៣៤ភាគរយលើសលោក Trump។ សូមបញ្ជាក់ថា Ipsos បានធ្វើការស្ទង់មតិខែសីហានេះដោយឯករាជ្យពីរ៉យទ័រ។នៅក្នុងការស្ទង់មតិដាច់ដោយឡែកមួយ Ipsos បានរកឃើញថា លោកស្រី Harris នាំមុខលោក Trump ចំនួន ៤២ភាគរយទល់នឹង ៤០ភាគរយនៅក្នុងរដ្ឋទាំងប្រាំពីរគឺ អារីហ្សូណា (Arizona), ចចា (Georgia), មីឈីហ្កាន់ (Michigan), ណេវ៉ាដា (Nevada), ណសខារ៉ូឡាញណា (North Carolina), ផិនស៊ីលវេនៀ (Pennsylvania) និង វីស្ខនស៊ិន (Wisconsin)។ តួលេខនោះមិនបានបំបែកលទ្ធផលដាច់ដោយឡែកសម្រាប់រដ្ឋនីមួយៗទេ។លោកស្រី Harris បានចូលរួមក្នុងការប្រកួតប្រជែងកាលពីថ្ងៃទី២១ ខែកក្កដា នៅពេលដែលលោកប្រធានាធិបតី Joe Biden វ័យ ៨១ឆ្នាំបានបោះបង់បេក្ខភាព ហើយបានគាំទ្រលោកស្រី Harris។ ការស្ទង់មតិរបស់ Reuters និង Ipsos ភាគច្រើនកាលពីមុនបានបង្ហាញថា លោក Biden និងលោក Trump នាំមុខគ្នាប្រកៀកប្រកិតនៅពេលដែលលោក Biden នៅជាបេក្ខភាព ដោយបង្ហាញថាប្រធានាធិបតីរូបនេះបាត់បង់ការគាំទ្រដែលលោកធ្លាប់មាននៅចំណុចដូចគ្នាក្នុងការបោះឆ្នោតឆ្នាំ២០២០ ដែលពេលនោះលោកបានយកឈ្នះលើលោក Trump៕

ចិន ចង់ពង្រីកទីតាំងផលិតនាវា ដើម្បីផ្តួលអាមេរិក ប្រសិនបើមានសង្គ្រាមក្នុងពេលអនាគត

2024/08/09 11:16:59 am        286
នៅក្នុងផែស្ងួតដែលទើបនឹងសាងសង់ថ្មីនៅលើមូលដ្ឋានសាងសង់នាវានៃកោះ ឆាងស៊ីង (Changxing) របស់ប្រទេសចិន នៅខាងក្រៅទីក្រុងសៀងហៃ នាវាវាយប្រហារទាំងលើដីគោកនិងសមុទ្រដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានបង្កើតឡើងក្នុងទ្រង់ទ្រាយដ៏រឹងមាំ ដែលក្រុមអ្នកជំនាញនិយាយថាអាចនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៥។ប្រសិនបើការវាយតម្លៃបានមកពីរូបថតផ្កាយរណបនោះបង្ហាញថាជារឿងត្រឹមត្រូវ ការសាងសង់នាវាវាយលុកប្រភេទ ០៧៦-ខ្លាស (076 Class) ដំបូងរបស់ចិន ដែលដាក់ឈ្មោះថា «យូណាន» (Yunan) នេះនឹងក្លាយជាការរំលឹកមួយផ្សេងទៀតនៃកិច្ចខិតខំបង្កើនល្បឿនកសាងយោធារបស់ទីក្រុងប៉េកាំង ជាការត្រៀមលក្ខណៈរបស់ខ្លួនសម្រាប់ហេតុការណ៍ណាមួយនាពេលអនាគត ដោយការពង្រីកទីតាំងផលិតនាវារបស់ខ្លួន។នេះនឹងធ្វើឱ្យនាវាចម្បាំងដ៏ធំបំផុតមួយរបស់ពិភពលោកមានវត្តមានក្នុងរយៈពេលខ្លីជាង ខណៈមូលដ្ឋានផលិតនាវាបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក ឬអឺរ៉ុប ត្រូវការពេលយូរជាងនោះដើម្បីជួសជុលនាវាចម្បាំង ឬនាវាពិឃាតណាមួយ។ នេះក៏ទំនងជានឹងបង្កើនការភ័យខ្លាចសម្រាប់អ្នកដែលជឿជាក់ថា ទីក្រុងប៉េកាំងឥឡូវនេះកំពុងគិតចង់ត្រៀមរៀបចំសម្រាប់ជម្លោះដ៏ធំមួយនាពេលអនាគត ដែលភាគច្រើនទំនងជាបង្កឡើងដោយការក្រសោបយកកោះតៃវ៉ាន់។យោងតាមក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជាឱ្យយោធារបស់លោកត្រៀមខ្លួនដើម្បីធ្វើប្រតិបត្តិការបែបនោះនៅឆ្នាំ២០២៧ ដែលជាការលើកឡើងដែលទីក្រុងប៉េកាំងបដិសេធ ខណៈក៏មិនទាន់មានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចាប់ផ្តើមសកម្មភាពយោធានោះទេ។ ការត្រៀមលក្ខណៈទាំងនាវាយោធា និងស៊ីវិលនេះ ស្ថិតក្នុងល្បឿនមួយដែលឥឡូវនេះបង្កការព្រួយបារម្ភដល់បណ្ដាគូប្រជែងដ៏មានសក្តានុពលរបស់ទីក្រុងប៉េកាំង ជាពិសេសសហរដ្ឋអាមេរិក ហើយនេះក៏អាចជាសញ្ញាបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងជម្លោះណាមួយ៕

សមាជិកគណបក្សភ្លើងទៀននៅតែបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចភ្លៀងរលឹម

2024/08/09 10:20:32 am        232
ក្នុងរយៈពេលប៉ុន្មានខែនេះ គេបានមើលឃើញសមាជិក សមាជិកា​មកពី​គណបក្ស​ភ្លើងទៀន​បាន​ប្រកាស​ផ្តាច់​ខ្លួនចេញពីបក្សប្រឆាំង សុំចូលរួមក្នុងជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ជាបន្តបន្ទាប់ដូចភ្លៀងរលឹមរដូវវស្សា។ជាក់ស្តែងកាលពីថ្ងៃទី៨សីហាតាមតេឡេក្រាមផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហាញឃ្លីបវីដេអូ របស់​សមាជិក សមាជិក មកពីគណបក្សភ្លើងទៀន ជាបេក្ខភាពនៃក្រុមប្រឹក្សាសង្កាត់ព្រៃឃ្មុំចំនួន៨រូប និង​ស​ង្កាត់កំពង់កណ្តាល ខេត្តកំពតចំនួន១រូប បានប្រកាស​ផ្តាច់​ខ្លួន​ពី​បក្ស​ប្រឆាំង និង​គោរព​ស្នើ​សម្តេច​តេជោ​សុំ​ចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។សូមបញ្ជាក់ថា គិតមកដល់ពេលនេះមានបងប្អូនដែលបានផ្តាច់​ខ្លួន​ចាក​ចេញ​ពី​បក្ស​ប្រឆាំង​យ៉ាង​ច្រើន​ដោយសារតែពួកគាត់បានមើលឃើញពីគោលនយោបាយ​ដ៏​ត្រឹមត្រូវ និង​ការ​ដឹកនាំ​ប្រកប​ដោយ​ជោគ​ជ័យរបស់គណបក្សប្រជាជននិងរាជរដ្ឋាភិបាលលើការអភិវឌ្ឍ ជាពិសេសការ​បន្ត​រក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីផល​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ និង​ប្រជាជនជាធំ គឺខុសពីបក្សប្រឆាំងដែលពុំមានអ្វីក្រៅពីការបំភ្លៃ បំពុល មួល​បង្កាច់​រាជរដ្ឋាភិបាលដើម្បីតែមហិច្ឆតាទុច្ចរឹត ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Gumball 3000 ជួបពិភាក្សាការងារ

2024/08/09 09:54:22 am        142
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជា​ម៉ាកយីហោ​ដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែប​ប្រណិតភាព​។ការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែក​លើក​កម្ពស់​វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។

រាជរដ្ឋាភិបាល ណែនាំឲ្យស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ការអភិវឌ្ឍ និង​អភិរក្សជនជាតិ​ដើមភាគតិច

2024/08/09 09:50:23 am        118
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា បានណែនា ដល់ក្រសួងអភិវឌ្ឍន៍ជនបទ និង​ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់អភិវឌ្ឍ និងអភិរក្ស​ដល់​បង​ប្អូន​ជនជាតិដើមភាគតិចឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈរាជរដ្ឋាភិបាល បាន​ចាត់​ទុក​ជន​ជាតិដើមភាគតិច មានសិទ្ធិស្មើគ្នាទាំងអស់​របស់​ប្រជាជន​កម្ពុជា​ដោយ​មិន​គិ​ត​ពី​ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និងសាសនានោះ។ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និង​លើក​ទី២០ នៅកម្ពុជានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ«ការការពារសិទ្ធិរស់នៅ និង​ប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គចិត្ត»សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីបានលើកឡើងថា «រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​បងប្អូនជនជាតិដើមភាគតិច ក្នុងការការពារ អភិរក្ស និងថែរក្សាតម្លៃសីលធម៌ វប្បធម៌ ប្រពៃណី​ដ៏ល្អផូរផង់ និងរស់រវើក ជាពិសេសបានផ្ដល់ឱកាស និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បី​ចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ។ យើងកត់សម្គាល់ឃើញថា ក្នុងរយៈ​ពេល​ចុង​ក្រោយ​នេះ ការងារអភិវឌ្ឍន៍និង អភិរក្សជនជាតិដើមភាគតិចមានការរីកចម្រើន និងសម្រេច​បាន​នូវ​សមិទ្ធ​ផល​ជាច្រើនគួរជាទីមោទនៈ។ ទាំងអស់នេះ កើតឡើងពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និង​ការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល និងមានការចូលរួមសហការ និង​គាំទ្រ​យ៉ាង​ជិត​ស្និទ្ធពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងការចូល​រួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័​ន្ធ​ទាំងអស់ ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយល់ដឹង​នូវ​សារៈសំខាន់​នៃកា​រ​ងារ​អភិវឌ្ឍន៍ និង​អភិរក្សជនជាតិដើមភាគតិច»។យ៉ាងណាក៏ដោយ តាមរយៈសារលិខិតអបអរសាទរទិវាអន្ដរជាតិជនជាតិដើមភាគតិចនេះដែរ សម្តេច​ធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្តន៍​ការងារ​លើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ស្របតាមផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និង​ត្រូវ​រៀប​ចំ​ឯក​សារគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញឱ្យការងារអភិវឌ្ឍន៍ និងអភិរក្ស​ជន​ជាតិ​ដើម​ភាគ​តិច​កាន់​តែ​មានប្រសិទ្ធភាព។ ហើយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងការសម្របសម្រួល និង​សហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និង​កៀរគរ​ធនធាន​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍនានាអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើន​វឌ្ឍនភាព​បន្ថែមលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជី និង​ការ​ទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយក​ចិត្ត​ទុក​ដាក់​​លើ​ការងារ​អភិវឌ្ឍន៍ និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ទៅជាភូមិគំរូ ផ្អែកលើសក្ដានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃ និងទេសចរណ៍ ដើម្បី​លើក​កម្ពស់​ជីវភាពរស់នៅរបស់បងប្អូនជន ជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល។ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីភាពចាំបាច់ និង​សារៈ​សំខាន់​ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយ ទៅដល់គ្រប់​សហគមន៍​ជន​ជាតិ​ដើមភាគ តិច និងសាធារណជន។ មួយវិញទៀតគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅ​កសាង​សង្គម​ជាតិ​មួយ​ដែល​មាន​សមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើង​ក្នុង​នាម​ជន​ជាតិ​ខ្មែរ​តែ​មួយ​ផង​ដែរ​។សូមបញ្ជាក់ថា នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានជនជាតិដើមភាគតិច ដូចជាកួយ ទំពួន គ្រឹង ចារាយ ព្នង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្នូន លុន ស្ទូច រដែ ខិ រអង ល្ហុង ល្អីន សំរ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងទៀត។ បងប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​អស់​ មានប្រមាណជា ១,៤% នៃចំនួនប្រជាជនសរុប និងរស់នៅក្នុងខេត្តមួយចំនួនដូចជា រតនៈគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់​ស្ពឺ ​កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងនៅតាម​តំបន់​មួយ​ចំនួន​ទៀត​៕ អត្ថបទ បាន ចក់

អ្នកតាមដានស្ថានភាពនយោបាយ និងអភិវឌ្ឍន៍សង្គមប្រកាសថ្កោល​ទោសទណ្ឌិត​ក្បត់ជាតិ​បីជំនាន់ ដែលញុះញង់ឲ្យពលរដ្ឋខ្មែររត់រកសេចក្តីស្លាប់

2024/08/09 09:07:25 am        291
អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍សង្គម លោក យឿន យឿត បាន​ប្រកាស​ថ្កោល​ទោស​យ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិបីជំនាន់ ដែលបាន​ធ្វើ​ការ​ញុះញង់​ឲ្យប​ង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រត់រកសេចក្តីស្លាប់តាមរយៈការធ្វើបាតុកម្មហិង្សាដូចប្រទេសបង់ក្លាដេស ហើយ​ថា​ការ​ញុះញង់របស់ជននេះជាទង្វើរមានចេតនាបំផ្លិតបំផ្លាញជាតិសាសន៍ខ្លួនឯងសុទ្ធសាធ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV តាមតេលេក្រាម នាថ្ងៃទី៩ ខែសីហា ឆ្នាំ​២០២៤​នេះ លោក យឿន យឿត បានលើកឡើងថា ការផ្សព្វផ្សាយ​តាមរយៈ​វីដេអូ​ឃ្លីប​របស់​ជន​ក្បត់​ជាតិ​បី​ជំនាន់ កាលពីថ្ងៃទី៨ ខែសីហាកន្លងទៅនេះ ដើម្បីអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ធ្វើ​បាតុកម្ម​ដូចប្រទេសបង់ក្លាដេសនោះ គឺមិនអាចទៅរួចនោះឡើយ ហើយ​ថា​ការ​និយាយ​របស់​ទណ្ឌិត​រត់​ចោលស្រុករូបនេះក៏ គ្មានបងប្អូនប្រជាពលរដ្ឋណាស្តាប់ និងធ្វើតាមតទៅទៀតដែរ ដោយសារ​តែជនធ្វើអ្វី និយាយអ្វីមិនដែល គិតដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំនោះទេ ពោល​គឺ​គិតតែផលប្រយោជន៍ខ្លួនតាំងពីនៅស្រុក ខ្មែររហូតដល់រត់ចោលស្រុកនោះ។ លោកយឿន យឿត បានលើកឡើងទៀតថា នេះគឺជាទង្វើដ៏អាក្រក់បំផុតដែលជនក្បត់​ជាតិ​បី​ជំនាន់រូបនេះ​បាននឹងកំពុងប្រមាថជីវិតរបស់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ដោយព្យាយាម​ញុះញង់​អូស​ទាញ​ពលរដ្ឋ​ឲ្យយកជីវិតទៅស្លាប់ដើម្បីបម្រើមហិច្ឆិតា និងគំនុំរបស់ខ្លួន។ អស់រយៈពេលជាច្រើនឆ្នាំមកនេះទណ្ឌិតរត់ចោលស្រុករូបនេះ តែង​បាន​បំផុស​បំផុល​ញុះ​ញង់​ពលរដ្ឋ​គ្រប់​រូបភាព ដើម្បីធ្វើអោយប្រទេសជាតិមានចលាចលមិនឈប់មិនឈរ។អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍សង្គមរូបនេះ បាន​សង្កត់​ធ្ងន់​ថា​«សូម​ថ្កោល​ទោស​ប្រឆាំង​យ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៊ី ដែលព្យាយាម​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យក​ជីវិត​ទៅស្លាប់ ដើម្បីតែបំពេញមហិច្ឆិតារបស់ខ្លួន ហើយក៏សូម​អំពាវ​នាវ​ផង​ដែរ​ដល់​បងប្អូន​ខ្មែរ​ទាំង​អស់ទាំងក្នុង និងក្រៅប្រទេសសូមកុំជឿ ចំពោះអ្នក​នយោបាយ​ដែល​រត់​ចោល​ស្រុក​មួយ​នេះ ដែលព្យាយាមអូសទាញឲ្យបងប្អូនឲ្យខាតបង់ផលប្រយោជន៍ និងគ្រោះថ្នាក់ដល់អាយុជីវិត ហើយ​ក្នុង​នាមប្រជាពលរដ្ឋខ្មែរម្នាក់សូមចាត់ទុកទណ្ឌិត សម រង្ស៊ី ថា ជាជនវង្វេងស្មារតី បំផ្លាញ​ជាតិ​សាសន៍​ខ្លួនឯងម្តងហើយម្តងទៀត»។លោក យឿន យឿត ក៏បានប្រកាសប្ដេជ្ញាចិត្តផងដែរថា ក្នុងនាមជាកូនខ្មែរមួយរូប សូមចូល​រួម​ទប់​ស្កាត់ និងកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ និងបក្សពួក ដែល​ធ្វើ​សកម្ម​ភាព​នយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងម្តងហើយម្តងទៀត ដើម្បី​តែបម្រើនយោបាយឱ្យបរទេស និងភាពច្រណែនឈ្នានីសរបស់ជននេះផងដែរ៕អត្ថបទ បាន ចក់

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកំពុងខិតខំបង្កើនធនធានមនុស្សក្នុងដំណើរឆ្ពោះទៅឆ្នាំ២០៥០

2024/08/08 03:51:59 pm        281
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់អំពីការខិតខំជំរុញ បង្កើនធនធានមនុស្ស ដែលជាស្នូលនៃដំណើរឆ្ពោះទៅរកសម្រេចចក្ខុវិស័យឆ្នាំង២០៥០ នៃគោលនយោ បាយរបស់រាជរដ្ឋាភិបាល ។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសាកលវិទ្យាល័យ De Montfort ដែលជាសាកលវិទ្យាល័យ លើកដំបូងរបស់ចក្រភពអង់គ្លេសលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី៨ ខែសីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្ដុះធនធានមនុស្ស សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេស​មាន​ចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើថា ដើម្បីឈានទៅដល់គោលដៅនេះ ស្ថាប័ន ឧត្តមសិក្សា គឺជាដៃគូសំខាន់ដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ​បើនិយាយជារួម និង​ដោយឡែក ស្ថាប័នឧត្តមសិក្សារបស់អង់គ្លេសថ្មីមួយនេះ ក៏មានតម្លៃបន្ថែមជាពិសេសរបស់ខ្លួន​ទាក់ទងទៅនឹងការចូល រួមចែករំលែកបទពិសោធន៍របស់អង់គ្លេសនៅក្នុងការកសាងសង្គម-សេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿន ​ដែលផ្អែកលើចំណេះដឹង និងជំនាញ ៕អត្ថបទ៖ មុត សុទ្ធ

សម្តេចធិបតី៖ វត្តមានសាកលវិទ្យាល័យ De Montfortគឺជាកាលានុវត្តភាពមួយទៀត សម្រាប់និស្សិតកម្ពុជា

2024/08/08 11:21:06 am        154
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការបើកសាកលវិទ្យាល័យDe Montfort របស់អង់គ្លេសនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ សិស្សនិស្សិតកម្ពុជា ហើយសម្តេចធិបតី រំពឹងថា សាកលវិទ្យាល័យនេះ ក្លាយទៅជាហឹប និងដែកឆក់នៃការវិនិយោគមកពីចក្រភពអង់គ្លេស​មកលើទឹកដីកម្ពុជា ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀតផងដែរ។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfort របស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី បានបញ្ជាក់ថា វត្តមានជារូបវន្តនៃសាកលវិទ្យាល័យរបស់ប្រទេសមហាអំណាចមួយនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ខាងវិស័យអប់រំដល់កម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នាសម្តេច ក៏បានលើកទឹកចិត្តឲ្យសាកលវិទ្យាល័យនេះ ធ្វើការសហការជាមួយ ស្ថាប័ន​ពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផេ្សងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួម បង្កើតការងារជាក់ស្តែងនៅកម្ពុជាផងដែរ។នៅក្នុងឱកាសសម្ពោធជាផ្លូវការនូវសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេស លើទឹកដីកម្ពុជា​នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​សម្តែងមោទនភាព​ចំពោះសាកល​វិទ្យាល័យ មួយនេះដែលមាននៅកម្ពុជា ខណៈវត្តមាននេះ គឺកើតឡើងដំបូងគេបង្អស់នៅតំបន់​អាស៊ីអាគ្នេយ៍នេះ។សូមបញ្ជាក់ថា សាកលវិទ្យាល័យDe Montfort ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងមាន​ប្រវត្តិនៃការ បង្រៀនជាង១៥០ឆ្នាំ។មាន​និស្សិតប្រមាណបីម៉ឺនប្រាំពាន់នាក់កំពុង​សិក្សា​នៅក្នុងចក្រភពអង់គ្លេស និងក្រៅប្រទេស។ សាកលវិទ្យាល័យនេះ មានកម្រិតស្តង់ដាអន្តរជាតិពិតៗ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ន​នៅអាស៊ីអាគ្នេយ៍គឺនៅ​ប្រទេសកម្ពុជានេះតែម្តង៕ អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតីសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចម្រុះព្រំ​ដែនប្រទេសទាំងពីរកម្ពុជា-ថៃ​អាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័ស តាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម
04/11/2026 08:04 PM
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
04/11/2026 08:04 PM
អេស្តូនីនឹងមិនឃាត់នាវារុស្ស៊ីនៅក្នុងសមុទ្របាល់ទិក ដោយសារតែហានិភ័យនៃការកើនឡើងភាពតានតឹង
04/11/2026 05:04 PM
ប្រជាជនលីបង់នៅទីក្រុងបេរូត បង្ហាញពីភាពមិនប្រាកដប្រជា មុនពេលមានការចរចាជាមួយអ៊ីស្រាអែល
04/11/2026 05:04 PM
កូរ៉េខាងជើងដាក់តាំងបង្ហាញស្ករគ្រាប់រាងដូចមីស៊ីល និងរថក្រោះ នៅក្នុងពិធីតាំងពិព័រណ៍
04/11/2026 05:04 PM
ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្សបាត់ខ្លួន បន្ទាប់ពីទូកទេសចរណ៍លិចនៅភាគខាងជើងឥណ្ឌា
04/11/2026 05:04 PM
លីប៊ីចុះហត្ថលេខាលើថវិការដ្ឋបង្រួបបង្រួមលើកដំបូង ក្នុងរយៈពេលជាង ១ ទសវត្សរ៍
04/11/2026 05:04 PM
សួនរុក្ខជាតិអង្គរ ពិព័រណ៍ “មិត្តសត្វព្រៃ និងពិភពសត្វល្អិត” សម្រាប់អ្នកទេសចរទស្សនា ក្រៅ​ពី​អង្គរវត្ដ
04/11/2026 05:04 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និង​ធ្វើ​បុណ្យ​ឧទ្ទិសកុសល​ដល់​យុទ្ធជន​ពលី
04/11/2026 04:04 PM
តាមបណ្តាសាកលវិទ្យាល័យ រៀបចំលេងល្បែងប្រជាប្រិយមុនថ្ងៃចូលឆ្នាំថ្មី និងលើក​តម្កើង​អត្ត​សញ្ញាណ​វប្បធម៌ខ្មែរ
04/11/2026 04:04 PM