សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីទេសចរណ៍ អេកម៉ិក និងCLMV សរសើរតំបន់Pub Street ក្នុងខេត្តសៀមរាប ដ៏ទាក់ទាញទេសចរ

2022/11/04 05:04:51 pm        571
សៀមរាប៖ រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសសមាជិក អេកម៉ិក (ACMECS) និងប្រទេសសមាជិក (CLMV) បានសម្ដែងការកោតសរសើរចំពោះការរៀបចំតំបន់ទេសចរណ៍ Pub Street ក្នុងខេត្តសៀមរាប ដ៏ទាក់ទាញទេសចរ ។នៅក្នុងខេត្តសៀមរាប ក្រសួងទេសចរណ៍កម្ពុជា បាននឹងកំពុងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋ មន្ត្រីទេសចរណ៍ អេកម៉ិក លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកានេះ ។ក្នុងអំឡុងពេលនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំរដ្ឋមន្ត្រី​ទេសចរណ៍ និងប្រតិភូ ​នៃប្រទេសសមាជិក អេកម៉ិក និង CLMV ដទៃទៀត ​ទៅទស្សនកិច្ចនៅតំបន់ទេសចរណ៍រាត្រី Pub Street ក្នុងក្រុងសៀមរាប ។ គណៈប្រតិភូ បានធ្វើដំណើរទស្សនកិច្ចដោយថ្មើរជើង នៅ ​តាមផ្លូវក្នុងតំបន់ Pub Street ប្រកប​ដោយភាពសប្បាយរីករាយ និងត្រូវបានទទួលស្វាគមន៍ពីសំណាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងដើរលេងកម្សាន្តនៅទីនោះដែរ។គណៈប្រតិភូ បានមើលឃើញពីសក្ដានុពលតំបន់ Pub Street ដែលជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញ​មួយ ផ្ដល់ជូននូវការកម្សាន្តសប្បាយបន្ថែមសម្រាប់ភ្ញៀវទេសចរ ​ដែលមកដល់ទឹកដី​អង្គរ។ ពួកគេ បានកោតសរសើរកម្ពុជា ដែលបានរៀបចំឱ្យមានតំបន់ទេសចរណ៍រាត្រី Pub Street នេះ ឱ្យមានភាពទាក់ទាញឡើងវិញ ​នៅតាមដងផ្លូវ ​មានភាពស្អាតជាងមុន ការរៀបចំតុបតែង​នៅ​តាមហាងនីមួយៗកាន់តែមានសោភ័ណភាព​ បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ ក៏ដូចជា​​ការ​បិទបណ្ដោះអាសន្ន ​ដោយសារតែវិបត្តិកូវីដ-១៩។Pub Street គឺជាតំបន់ទេសចរណ៍រាត្រីតូចមួយនៅខេត្តសៀមរាប​ ដែលភ្ញៀវទេសចរបរទេស ទទួល​ស្គាល់ថា ជាពិភពលោកដ៏តូចមួយ (Small World) ៕អត្ថបទ៖ ឈិត សាវី

សម្ដេចតេជោ ស្នើគុយវ៉ែតពិនិត្យមើលកិច្ចសហការលើវិស័យថាមពល និងស្បៀងអាហារជាមួយកម្ពុជា

2022/11/04 03:42:12 pm        279
ភ្នំពេញ៖ ឯកឧត្តម មហាំម៉ាត់ សាអីត អាល់ហាជរី ឯកអគ្គរដ្ឋទូតគុយវ៉ែតថ្មីនៃប្រទេសគុយវ៉ែត ប្រចាំកម្ពុជាត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម​ នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី៤ វិច្ឆិកានេះ។នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតបានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតរបស់​ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តមនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តធ្វើ​យ៉ាងណា​ឲ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង ក្នុងនោះឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តមនឹងជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀង​ដែល​ប្រទេសទាំងពីរ​មានកន្លងមក។ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់​ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងវិស័យពាណិជ្ជកម្មស្បៀង​អាហាររវាងប្រទេសទាំងពីរជាដើម។ជាមួយគ្នានោះដែរ ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជាទីបំផុតជូនចំពោះ​សម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួប​ឯកឧត្តម ហើយឯកឧត្តម​ក៏បានគោរពជូនពរសម្ដេចតេជោ ឲ្យទទួលបានជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាន​នៅពេលខាងមុខនេះ។ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តម មហាំម៉ាត់ សាអ៊ីត អាល់ហាជរី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិង​ពេញសមត្ថភាព​នៃប្រទេសគុយវ៉ែតប្រចាំកម្ពុជា។សម្ដេច ក៏បានស្វាគមន៍ផងដែរ ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីក ពង្រឹង មិត្តភាពនិងកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរជាមួយនឹងការ​ប្ដេជ្ញាចិត្តជំរុញការអនុវត្ត​លើរាល់កិច្ចព្រមព្រៀង​ដែលបានចុះហត្ថលេខារួចហើយ។ សម្ដេចក៏បានផ្ដល់អនុសាសន៍ជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូតគុយវ៉ែតគប្បីណាពិនិត្យមើលលើវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចសហការគ្នាបាន។ សម្ដេចបានបន្តថា ប្រទេសគុយវ៉ែតមានថាមពល ដោយឡែកព្រះរាជាណាចក្រកម្ពុជាមានស្បៀង​អាហារដែលវិស័យទាំងពីរនេះអាចជំរុញពាណិជ្ជកម្មធ្វើយ៉ាងណាឲ្យមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក៕

គ.ជ.ប ជំរុញពលរដ្ឋដែលឈប់សម្រាកក្នុងពិធីបុណ្យអុំទូក ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

2022/11/04 03:33:49 pm        313
ភ្នំពេញ៖ ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ​ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប បានជំរុញដល់​ប្រជាពលរដ្ឋឆ្លៀត​ពេលទៅពិនិត្យបញ្ជីឈ្មោះ ​និងចុះឈ្មោះបោះឆ្នោត បើសិនមិនទាន់មាន​ឈ្មោះក្នុងបញ្ជី។មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី០៤ខែតុលានេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បាន​ថ្លែងថា ក្នុងអំឡុងពិធីបុណ្យអុំទូកខាងមុខនេះ ​ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត​នៅតែបន្តដំណើរការ ហើយសូមបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅ​ស្រុកកំណើត​ឆ្លៀតពេល​ទៅពិនិត្យ​បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រោះការមានឈ្មោះក្នុងបញ្ជី មានសារៈសំខាន់ណាស់​ក្នុងពេល​បោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅជារៀរាល់ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ​នៅតាមសាលាឃុំ សង្កាត់ ឬ នៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ តាមការប៉ាន់ប្រមាណរបស់ គ.ជ.ប អ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២២នេះ គឺមានប្រមាណជាង៤០ម៉ឺននាក់។ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា៖​ ត្រូវបង្ហាញខ្លួន និងមាន​អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ​ ដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណ​បម្រើ​ឲ្យការ​ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២, ត្រូវមានអាយុពី១៨ឆ្នាំឡើង ​គិតត្រឹម ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ​ពោលគឺត្រូវកើតមុន ឫត្រឹមថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០០៥ និង មានលំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោតជាដើម៕អត្ថបទ៖ទូច សោភ័ណ

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ

2022/11/04 02:50:09 pm        238
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ដើមខែធ្នូខាងមុខ រាជធានីភ្នំពេញនឹងរៀបចំកិច្ចប្រជុំអភិបាលក្រុងអាស៊ាន ,កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានឆ្នាំ២០២២

2022/11/04 12:50:01 pm        296
ភ្នំពេញ៖ កិច្ចប្រជុំអភិបាលក្រុងអាស៊ាន ដែលហៅថា AMF , កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ គ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ចំពោះមុខនេះ ដើម្បីឱ្យដំណើរនៃកិច្ចប្រជុំខាងលើ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់មួយចំនួនទៀត ប្រធាន​គណៈបញ្ជាការ​រដ្ឋបាលខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ពិសេសការដាក់កម្លាំង​ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ​ជាមួយនឹងការពិនិត្យរដ្ឋបាលនៅតំបន់​ស្មុកស្មាញ​ឱ្យបានខ្លាំងក្លា ព្រោះថា​សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំ​ប្រទេសមហា​អំណាចជាច្រើនរូប ​មានទាំងចិន ​អាមេរិក​ រុស្ស៊ី​ ជាដើមនឹងមកចូលរួមនៃកិច្ចប្រជុំនេះ។ឯកឧត្តម ក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំង និងអាជ្ញាធរទាំងអស់ត្រូវរឹតបន្តឹងសន្តិសុខ​ឱ្យ​បានខ្លាំងក្លាបំផុត ដាច់ខាតមិនឱ្យភាគីណាមួយមកបំផ្លាញកិច្ចប្រជុំកំពូលអាស៊ាននេះបានឡើយ។លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់កិច្ចប្រជុំអភិបាលក្រុង​អាស៊ាន ​ដែលហៅថា AMF និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើងនៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ ។ លោកថា ក្នុងនាមយើងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ​យើងត្រូវរៀបចំវេទិកានេះឱ្យបានម៉ត់ចត់។លោក បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានទីក្រុងចំនួន៧៣ហើយ ដែលកម្ពុជាបានអញ្ជើញ​ឱ្យ​មកចូលរួម ហើយក៏បាននិងកំពុងអញ្ជើញអភិបាលក្រុងធំៗ​ ជាបន្តបន្ទាប់ទៀតផងដែរ។ ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន AMF ​និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានី​អាស៊ាន MGMAC គឺបានផលពីការចែករំលែកបទពិសោធន៍រវាងទីក្រុង​ និងទីក្រុង ពិសេស​ធ្វើឱ្យទីក្រុងមានភាពធន់ ទីក្រុងស្អាត​ និងជាក្រុងមានភាពឆ្លាតវៃជាដើម។គួរបញ្ជាក់ថា គណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន ​និងកិច្ចប្រជុំអភិបាលរាជធានី និង​រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ត្រូវបានបង្កើតឡើង ​ដោយមានសមាជិកចំនួន៧១រូប ដែលមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធាន និងលោក នួន ផារ័ត្ន អភិបាលរងរាជធានី ជា​អនុប្រធានប្រចាំការ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

កម្ពុជាសម្រេចបញ្ជូនអ្នកជំនាញ ទៅជួយហ្វឹកហ្វឺនកម្លាំងបោសសម្អាតមីនរបស់អ៊ុយក្រែន

2022/11/03 01:38:47 pm        314
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងបញ្ជូនមន្ត្រីជំនាញបច្ចេកទេស ទៅបំពេញបេសកកម្មជួយហ្វឹកហ្វឺនមន្ត្រីជំនាញសកម្មភាពមីន នៅប្រទេសអ៊ុយក្រែន ក្រោមការគាំទ្រគម្រោងជំនួយរបស់ប្រទេសជប៉ុន ។យោងតាមលិខិតទីស្ដីការគណៈរដ្ឋមន្ត្រី ផ្ញើជូនអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដែល BTV ទទួលបាននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមបញ្ជូនមន្ត្រីជំនាញបច្ចេកទេសស៊ីម៉ាក់ ចំនួន៣រូប ​ទៅជួយហ្វឹកហ្វឺន ហើយ​កម្លាំងស៊ីម៉ាក់ ត្រូវសហការឲ្យបានល្អជាមួយមិត្តជប៉ុន ​ដើម្បីជួយដល់អ៊ុយក្រែន បំផ្លាញចោលគ្រាប់មីន ។អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្ដម ហេង រតនា បានឱ្យដឹងថា ក្រោយ​ពីបាន​ទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុត ​ពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាល​រួចមក អង្គភាពស៊ីម៉ាក់បានសហការយ៉ាង​ជិតសិ្នទ្ធ​ជាមួយមិត្តជប៉ុន ក្នុងការបញ្ជូនក្រុមគ្រូជំនាញ​បច្ចេកទេសបោសសំអាតគ្រាប់មីន ​ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន ។សូមបញ្ជាក់ថា ​ក្រោយមានគោលការណ៍នេះអង្គភាពស៊ីម៉ាក់ ​និងភាគីជប៉ុន បានពិភាក្សាគ្នាយ៉ាង​មមាញឹក​បំផុត ។ ជាផែនការក្រុមដំបូងអាចចេញដំណើរនៅដើមខែធ្នូ ឆ្នាំ២០២២ និងក្រុមទី២ អាច​បំពេញបេសកកម្មនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​ស្តីពីលទ្ធផល​ជំនួប​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​និងឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែឡិនស្គី កាលពីថ្ងៃទី១ ខែវិច្ឆិកា បានឲ្យដឹងថា ដោយមានកិច្ច​សហប្រតិបត្តិការ​ពីប្រទេសជប៉ុន កម្ពុជាបានត្រៀមខ្លួនជាស្រេច ​ក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយ​បណ្ដុះបណ្ដាលដល់អ្នកដោះមីន របស់អ៊ុយក្រែន តាមពេលវេលាសមស្រប ៕ អត្ថបទ បាន សុខរិទ្ធិ

គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាប្រជុំពិនិត្យលើសំណើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៣

2022/11/03 12:48:07 pm        266
ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំពិនិត្យលើសំណើនៃសេចក្តីព្រាង​ច្បាប់​ហិរញ្ញវត្ថុឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់ទូទាត់ថវិកាឆ្នាំ២០២១ ព្រមទាំងពិធីសារទាក់ទង​វិស័យអាកាសចរស៊ីវិល។នៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បានដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិភាក្សា និងពិនិត្យលើសំណើរបស់រាជរដ្ឋាភិបាលជុំវិញ​ថវិកា​ជាតិឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ជូន​គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ​និងសេចក្តីព្រាងច្បាប់ ស្ដីពី​ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ​ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​ និងសវនកម្ម នៃរដ្ឋសភា ​ដើម្បីពិនិត្យ និងសិក្សា។ទន្ទឹមគ្នានេះ កិច្ចប្រជុំក៏បានសម្រេច​លើពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្ម​អនុសញ្ញា​ស្ដីពី​អាកាសចរណ៍​ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន ៤.២- ពិធីសារទាក់ទងនឹងការធ្វើ​វិសោធន​កម្ម​មាត្រា៥០(ក) ​នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ។ បន្ថែមពីលើនេះ អង្គប្រជុំ​ ក៏បានសម្រេចលើពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃ​អនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល អន្តរជាតិ ​ដោយប្រគល់ជូន​គណៈកម្មការសាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ​ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ​ដោយសហការជាមួយគណៈកម្មការ ​កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ​ឃោសនាការ ​និងព័ត៌មាន ​នៃរដ្ឋសភា ពិនិត្យសិក្សាបន្ថែម៕អត្ថបទ សេក ឧត្តម 

សម្តេចតេជោ៖ អេកម៉ិច និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍសហគមន៍និង អេកូទេសចរណ៍

2022/11/03 10:38:48 am        275
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​សមាជិក​អេកម៉ិច និងCLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ទេសចរណ៍ជនបទ សហគមន៍ និង​អេកូទេសចរណ៍ឲ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពធន់ និង​ចីរភាព​។តាមរយៈសារលិខិតស្វាគមន៍របស់សម្តេចសម្រាប់ បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិច (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦​ដែល​ប្រារព្ធ​នៅ​ខេត្ត​សៀមរាប​ នាព្រឹកថ្ងៃទី៣វិច្ឆិកានេះ ជាមួយនឹងបង្ហាញមោទនភាព ដែលកម្ពុជា​បាន​ទទួល​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំអន្តរជាតិធំៗ ជាច្រើន បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញ ចាប់​ពី​ចុង​ឆ្នាំ២០២១ មកសម្តេច​ក៏បានយកឱកាសចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ទេសចរណ៍អេកម៉ិក និង CLMV ថា៖គួរបង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ផលិតផល​ថ្មីៗ ការបំពេញឲ្យគ្នា ទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្រប​តាម​ការ​ប្រែប្រួល​និន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើ ដំណើរការបរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញ ទៅមក លើ​ការ​អនុវត្ត​កម្មវិធី​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុង​ការ​បង្កើន​ផលិតភាព និងឧត្តមភាពប្រកួតប្រជែង។អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler)​ និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរ ផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍​បើកបរដោយខ្លួនឯង (Self-Driving Tour)។ សម្រាប់ការទាក់ទាញទេសចរពី ប្រទេសទី៣ សម្តេចបានគាំទ្រឲ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ "ប្រទេសប្រាំ គោលដៅ​ទេសចរណ៍ តែមួយ” និង "ប្រទេសបួន គោលដៅទេសចរណ៍តែមួយ”។ដើម្បី​សម្រប​សម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបាន ដាក់ចុះ សម្តេចក៏បានគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយ​កម្ពុជា​មាន​សេចក្តី​រីករាយ​ក្នុង​ការទទួលធ្វើជាម្ចាស់ផ្ទះ៕

ពលរដ្ឋខ្មែរនៅអាម៉េរិក ស្ញប់ស្ញែងចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា

2022/11/02 01:14:46 pm        179
ភ្នំពេញ៖ លោក ម៉ក់ ហឺន ប្រជាពលរដ្ឋខ្មែរ-អាម៉េរិក និងជាអ្នកវិភាគបញ្ហានយោបាយ និងសង្គម រស់នៅសហរដ្ឋអាម៉េរិក ​បានសម្តែងការស្ងប់ស្ងែងជាខ្លាំង​ក្រោយពីឃើញការអភិវឌ្ឍជឿនលឿន​របស់កម្ពុជា។ ចំពោះភាពស្ងប់ស្ងែងរបស់លោក ម៉ក់ ហឺន ធ្វើឡើងក្នុងពេល​អញ្ជើញប្រគល់​អំណោយ​អាវពោង​ជាង១ពាន់​អាវជូនមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​នៅថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ​ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១​នៃ​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ ​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។លោក ម៉ក់ ហឺន បានប្រាប់BTVថា បន្ទាប់ពីលោកបានមកដល់កម្ពុជា ​ឃើញថា សន្តិភាព និង​ការអភិវឌ្ឍ​អគារ​ស្កឹមស្កៃ​លើស​ពី​ការ​រំពឹង និង​ផ្ទុយ​ពី​ការ​បំភ្លៃរបស់​អ្នក​នយោបាយ​មួយ​ចំនួនតូច​នៅក្រៅប្រទេស។លោក ម៉ក់ ហឺន បានលើកឡើងទៀតថា ​ការធ្វើដំណើរមកកម្ពុជានាពេលនេះ និងក្នុង​នាមប្រជាពលរដ្ឋខ្មែរម្នាក់នៅក្រៅប្រទេស ​គឺប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ ដើម្បី​មើល​ឃើញពីប្រទេសរបស់ខ្លួន ​ជាជាងជឿទៅលើការបំបោងរបស់អ្នកនយោបាយមួយក្តាប់តូច។លោក ម៉ក់ ហឿន ​បន្តថា ​លោកនិងក្រុមគ្រួសារនឹងចូលរួម​ចុះឈ្មោះបោះឆ្នោតក្នុងការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧​ ឆ្នាំ២០២៣ខាងមុខ ដើម្បីជ្រើសរើសមេដឹកនាំ​សម្រាប់​កូនចៅ​ជំនាន់ក្រោយ។គួរបញ្ជាក់ថា លោក ម៉ក់ ហឺន ជាប្រជាពលរដ្ឋខ្មែរ-អាម៉េរិកកាំង ​និងជាអ្នកវិភាគបញ្ហានយោបាយ និង​សង្គមខ្មែរ ​នៅសហរដ្ឋអាម៉េរិក​ ដែលតែងសម្តែងការរិះគន់ទៅលើរាជរដ្ឋាភិបាល​ ដើម្បីស្ថាបនា៕ អត្ថបទ៖ សេក ឧត្តម

សម្តេចតេជោ ចែករំលែកទស្សនៈផ្ទាល់ ៤ចំណុច ដើម្បីឱ្យដៃគូទាំង​អស់​ទាញយក​ប្រយោជន៍​ពី​អាសិប​ជាអតិបរមា

2022/11/02 10:55:57 am        798
ភ្នំពេញ៖ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញនាព្រឹកថ្ងៃទី២វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម បើកវេទិកាពិគ្រោះ យោបល់​កម្រិត​ខ្ពស់​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍១០ឆ្នាំ ស្តីពីកិច្ច ព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(អាសិប) និង​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៃ​សៀវភៅ​ស្ដីពី​ក្រប​ខណ្ឌ​ សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​តំបន់​របស់​វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា(ERIA) ផងដែរ។ សម្ដេចបាន​រម្លឹក​ថា អាសិប ត្រូវបានប្រកាសឲ្យចាប់ផ្ដើមចរចា កាលពីឆ្នាំ២០១២នៅរាជធានី​ភ្នំពេញ​ ក្នុងឱកាស​ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធានអាស៊ាន។ដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិបសម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដូចខាក្រោម៖ ទី១-កាគីសមាជិក និង ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគី សមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមក ក្នុង ការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ ឱ្យបានជា អតិបរមា ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យ កាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាព និងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុង ការធ្វើសមាហរណកម្មតំបន់។ ក្នុងទិសដៅនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋានអាសិបនៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រនិងសម្បទានចាំបាច់នានា។ទី២-ខ្ញុំសូមលើកទឹកចិត្តយ៉ាងទទូចឱ្យភាគីសមាជិកនិងភាគីហត្ថលេខីទាំងអស់នៃ អាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀតឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើងនឹងអនុញ្ញាតឱ្យមានការស្នើសុំចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ ។ទី៣-កម្ពុជាសូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិកនិងភាគី ហត្ថលេខីនៃអាសិបសំដៅគាំទ្រនិងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា និងសូមអំពាវនាវដល់សមាជិកទាំងអស់នៃអាសិបពនឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសនេះឱ្យបានឆាប់ចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះឱ្យទៅជាយន្តការរួមមួយដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន។ទី៤-វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់។ ហេតុដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាពសកម្មភាពលើក​កម្ពស់ការ​យល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលនឹងអាចក្លាយជាក្របខណ្ឌ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា។ សម្ដេចបានលើកទឹកចិត្តយ៉ាងទទូច ឱ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់ នៃអាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធី សម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀត ឱ្យ​បាន​ឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើងនឹងអនុញ្ញាតឱ្យមានការស្នើសុំ ចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ ។សម្ដេចបានបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិក និង ភាគី ហត្ថលេខី នៃអាសិប សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍​តិចតួច​រួមទាំងកម្ពុជា និងសូមអំពាវនាវដល់ សមាជិកទាំងអស់នៃអាសិប ពន្លឿនការពិភាក្សាលើយន្តការ នៃការប្រើប្រាស់​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងបច្ចេកទេសនេះ ឱ្យបានឆាប់ ចែករំលែក​ឧត្តមានុវត្តន៍ ក្នុងការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយ​កិច្ចព្រមព្រៀង​អាសិបនេះឱ្យទៅជាយន្តការរួមមួយ ដែល គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន។សម្ដេចបន្តថា វិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និង បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់ ។ ហេតុដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាព សកម្មភាពលើក​កម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ ជាមួយវិស័យឯកជន ដែលនឹង​អាចក្លាយ​ជាក្របខណ្ឌ ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា ។គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប បានចូលជាធរមាននៅដើមឆ្នាំ២០២២នេះ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលដ៏ស្មុគស្មាញ ក្នុងការចរចាជាច្រើន ចាប់តាំងពីបានចាប់ផ្តើមចរចាក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់កម្ពុជាដែលជាប្រធានអាស៊ាន ។អាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលគ្របដណ្តប់ជិត៣០% នៃផលិតផលសរុបក្នុងស្រុកពិភពលោក នឹងចំនួនប្រជាជន ព្រមទាំងទំហំពាណិជ្ជកម្មរបស់ពិភពលោក។វេទិកាជាន់ខ្ពស់នាពេលនេះ ក៏រួមបញ្ចូលផងដែរនូវការដាក់ឱ្យប្រើប្រាស់សៀវភៅទី២ របស់ ERIA ស្ដីពីកិច្ចព្រម ព្រៀងអាសិប ក្រោមមូលបទ “ ថាមវន្តនៃអាស៊ីបូព៌ា និងកិច្ចព្រមព្រៀងភាពជាគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាសិប៖ ក្របខ័ណ្ឌសម្រាប់សមាហរណកម្មក្នុងតំបន់ ដែលសៀវភៅទី១ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីដើមឆ្នាំ២០២២នេះ នៅទីក្រុងភ្នំពេញ។ ERIAក៏ទើបតែបញ្ចប់កំណែលើកទី៣ ស្ដីពីផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយ Comprehensive Asia Development Plan, CADP 3.0 ដែលត្រូវបានលើកយកមកពិភាក្សាផងដែរអំពីតួនាទីនៃកិច្ចព្រមព្រៀងអាសិប ដែលដើរតួយ៉ាងសំខាន់ក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា។នៅក្នុងវេទិកានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាក៏មានសុទិដ្ឋិនិយមចំពោះសក្ដានុពលនៃផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយ CADP 3.0 ដែលរួមចំណែកដល់ការសម្រេចបាននូវសេដ្ឋកិច្ចរួមបញ្ចូលគ្នាប្រកប ដោយភាពច្នៃប្រឌិត មានលក្ខណៈរួមគ្នា និងនិរន្តរភាពសេដ្ឋកិច្ចក្នុងតំបន់ ហើយការសិក្សា ដែលធ្វើឡើងដោយ ERIA នឹងផ្តល់ អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីអាចទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងអាសិប៕ អត្ថបទ៖ មុត សុទ្ធ    

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការនគរបាលរាជធានីភ្នំពេញ បន្តពង្រឹងកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងកាន់តែជិតស្និទ្ធិជាមួយនគរបាលសាធារណៈរដ្ឋកូរ៉េ
06/28/2026 09:06 AM
អ៊ីរ៉ង់បញ្ជាក់ថា បាន​វាយប្រហារគោលដៅជាប់​ទាក់ទង​ជាមួយអាមេរិក ខណៈបារ៉ែនប្រាប់​ពីការវាយប្រហារដោយយាន​ដ្រូន
06/28/2026 08:06 AM
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM