សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន​ សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើរបៀបវារៈមួយចំនួន

2022/09/09 10:24:10 am        482
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណាច​​ក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។ របៀបវារៈដែលបានលើកយកមកពិភាក្សា និងឆ្លង ដើម្បីដាក់​ជូន​ទៅ​ស្នើ​សុំ​ការ​យល់​ព្រម​ពីស្ថាប័ន​នីតិប្បញ្ញត្តិ នៅពេលនេះ រួមមាន៖-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០។-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។និងបញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ គួរបញ្ជាក់ថា ចំពោះសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០នោះ វិស័យនេះត្រូវបានចាត់ទុក មានសក្ដានុពល ក្នុងការចូលរួម​ចំណែក​ដល់​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបាន​ផ្សារ​ភា្ជប់​ជា​មួយ​ជីវភាព ប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។ ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការវិវត្ត នៃ​បច្ចេកវិទ្យា ក៏ដូចជាបែបផែនជីវិត និងរបៀបរបបរស់នៅក្នុងសង្គម ការផ្ញើសំបុត្រ​សម្រាប់​ទំនាក់​ទំនង​​គ្នាមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដោយជំនួសមកវិញ ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុងប្រទេស រវាងប្រទេសនិងប្រទេស ត្រូវបានមើលឃើញថាមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័សស្របទៅនឹងការហក់ឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រួនិក។ទន្ទឹមគ្នានេះដែរ វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើងនៃការប្រើប្រាស់សេវាអ៊ីនធឺណិត និងបណ្ដាញ សង្គមព្រមទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានបង្កើតកាលានុវត្តភាព សម្រាប់ទីផ្សារសេវាប្រៃសណីយ៍ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។ ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាពនៃការផ្តល់សេវាប្រៃសណីយ៍ នៅពុំទាន់បានគ្របដណ្ដប់ទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា និងបណ្ដាញប្រៃសណីយ៍នៅមានកម្រិតនៅឡើយ ការធ្វើអាជីវកម្ម លើការផ្តល់សេវាបញ្ញើរបស់ផ្នែកឯកជន ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ និងល្អប្រសើរ គួបផ្សំនឹងការខ្វះខាតក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការធ្វើពិពិធកម្មសេវាយន្តការគ្រប់គ្រង យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃចាប់យក បច្ចេកវិទ្យា។ហេតុដូច្នេះ ការកសាងគោលនយោបាយអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។គោលនយោបាយនេះមានចក្ខុវិស័យ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។គោលនយោបាយនេះមាន គោលបំណង ពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕

គ.ជ.ប ស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

2022/09/08 12:25:37 pm        960
ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយបន្ត ​ដើម្បីអប់រំដល់សាធារណជន អំពីការចុះបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ។ឯកឧត្ដម ទេព នីថា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២» ជូនលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត តំណាង​គណបក្ស​នយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ កាលពីថ្ងៃទី០៧ ខែកញ្ញាម្សិលមិញ បានលើក​ឡើងថា លេខាធិការដ្ឋានរាជ ​ធានី-ខេត្តរៀបចំការបោះឆ្នោត ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និង​ត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅមន្រ្តី ក្រុមចុះឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធ​ផ្សេងទៀត ក្នុងក្របខណ្ឌរាជធានី ខេត្ត របស់ខ្លួន ស្របតាមផែនការ និងប្រតិទិន ដែលបានកំណត់ និងតាមគោលការណ៍ណែនាំរបស់ គ.ជ.ប ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំ ។ឯកឧត្តម បានស្នើសុំភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយបន្ត ដើម្បីអប់រំដល់សាធារណជនអំពីការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ច​រៀងៗខ្លួន តាមគោលការណ៍ណែនាំរបស់ គ.ជ.ប សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះ​ឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រេចបានជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ​ សុវត្ថិភាព និង​មានសណ្ដាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។អគ្គលេខាធិការ គ.ជ.ប បានបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវ អនុវត្ត​តាម​បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ​លើក លែង​តែ​បញ្ញត្តិ​ពាក់ព័ន្ធនឹងសម្ភារ ​ឯកសារចុះឈ្មោះបោះឆ្នោត ដែលត្រូវផ្តល់​ជូនលេខាធិការដ្ឋាន​រាជធានី ​ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ​និងក្រុមចុះឈ្មោះបោះឆ្នោត ដូចបាន​កំណត់ និងផ្តល់ជូន ជាក់ស្តែងតាមការសម្រេចរបស់ គ.ជ.ប ​ផ្អែកលើផែនការសម្ភារ ឯកសារប្រចាំឆ្នាំ២០២២ ។ឯកឧត្ដម បានបញ្ជាក់ថា ផ្អែកតាមមេរៀនពិសោធន៍កន្លងមក ​និងក្នុងគោលបំណងធ្វើឱ្យប្រសើរ ឡើង​នូវការអនុវត្តការងារបច្ចេកទេសចុះឈ្មោះបោះឆ្នោត គ.ជ.ប បានរៀបចំកែលម្អកម្មវិធី​ចុះ​ឈ្មោះបោះ ឆ្នោតក្នុងប្រព្រ័ន្ធកុំព្យូទ័រ ​និងកែសម្រួលទម្រង់បែបបទបង្កាន់ដៃ បញ្ជាក់ការ​ចុះ​ឈ្មោះបោះឆ្នោត​ និងទម្រង់ ​បែបបទបង្កាន់ដៃទទួលកែតម្រូវ ឬ/និងប្ដូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់​ ព្រមទាំងចាត់បានវិធាន ការនានា ​ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពទិន្នន័យ​អត្តសញ្ញាណបុគ្គល៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេច ស ខេង ចាត់ទុកការជួញដូរមនុស្សនៅកម្ពុជា មានអង្គការចាត់តាំង ខណៈមេខ្លោងសុទ្ធតែជនបរទេស

2022/09/08 12:19:27 pm        318
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ករណីជួញដូរមនុស្សដែលបានកើតឡើងនៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ គឺកើតឡើងយ៉ាងសាហាវ ខណៈករណីនេះ កើតឡើងដោយសារមានអង្គការចាត់តាំង ពីព្រោះថា មេខ្លោង និងអ្នកប្រព្រឹត្តិបទល្មើសនេះ ស្ទើតែមួយរយភាគរយសុទ្ធតែជាជនបរទេសទាំងអស់។ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលកម្ពស់១០ជាន់ និងអគារសាលប្រជុំកម្ពស់៣ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ប្រទេសកម្ពុជា​បានក្លាយ​ជា​ប្រទេសរងគ្រោះ​ ដោយសារតែការ​ជួញដូរ​មនុស្ស ​ហើយករណីនេះត្រូវបានគេចាត់ទុកកម្ពុជា​ចូល​ក្នុងបញ្ជីខ្មៅ និងប្រទេសជាប់លេខបី ដែលមាន​ភាព​ប្រងើយ​កន្តើយក្នុង​ការទប់ស្កាត់​បទល្មើស​មួយនេះ។សម្តេចក្រឡាហោម បានបញ្ជាក់ថា «កម្ពុជា​ជាកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តិបទល្មើសដែលជា​មេខ្លោងនោះ ៩៩.៩៩ភាគរយ គឺមិនមែនខ្មែរ​ ហើយការរៀបចំមនុស្សចេញមកពីប្រទេសខ្លួននោះ ក៏មិនមែនជាជនជាតិខ្មែរផងដែរ»។ សម្តេចប្រមុខក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា មេខ្លោងនៃការជួញដូរមនុស្សនេះ​គឺ​ជាជនជាតិ​វៀតណាម ជនជាតិចិនតៃវ៉ាន់ ជនជាតិចិន ជនជាតិឥណ្ឌូនេស៊ី ជនជាតិម៉ាឡេស៊ី និងជនជាតិថៃដើម។យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវដល់ភាគី​ពាក់ព័ន្ធ​ទាំងអស់ត្រូវខិតខំរួមគ្នាឲ្យបានសកម្មបន្ថែមទៀតក្នុងកិច្ចការទប់ស្កាត់នូវបទល្មើស នៃការ​ជួញដូរមនុស្សនេះ ខណៈបទល្មើសនេះបានកំពុងកើតឡើងនៅលើទឹកដីកម្ពុជា គួរឲ្យព្រួយ​បារម្ភ​យ៉ាងខ្លាំងនោះ។សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមាន​សមត្ថកិច្ច​កម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសបានចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបាន​កសាងសំណុំរឿងបញ្ជូនទៅ ​តុលាការចំនួន១៧ករណី ​ជនសង្ស័យសរុបចំនួន ៦០នាក់។ ​ដោយឡែកនាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា​បានបើក​កិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ​០៧ករណី ដោយបានសង្គ្រោះជនរង​គ្រោះ​សរុបចំនួន ២៥នាក់ (មាន ៦ សញ្ជាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ​២៣នាក់ (មាន ៤ សញ្ជាតិ) នៅក្នុងខេត្តព្រះសីហនុ ​ខេត្តពោធិ៍សាត់​ ខេត្តស្វាយរៀង ​និងខេត្តឧត្តរមានជ័យ៕អត្ថបទ៖ បាន ចក់

សមាគមអតីតយុទ្ធជន គ្រោងបញ្ចប់​ការសាងសង់​ផ្ទះ​ជាង​ ៤០០ខ្នងបន្ថែម ជូនអតីតយុទ្ធជន​ក្នុងឆ្នាំនេះ

2022/09/08 11:19:26 am        157
កំពង់ឆ្នាំង៖ សមាគមអតីតយុទ្ធជនកម្ពុជា គ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី ២ ដោយ​នឹង​ប្រគល់​ផ្ទះជាង ៤០០ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជនក្នុងខេត្ត៤ មានខេត្តបាត់ដំបង ឧត្តរមានជ័យ កំពង់ឆ្នាំង និងព្រះសីហនុ នៅដំណាច់ឆ្នាំ ២០២២ នេះ។ក្រោយពេលចុះពិនិត្យដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជន ស្ថិតក្នុងឃុំក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម​នាយឧត្តម​សេនីយ៍ គន់ គីម អនុប្រធាន និង​ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយជីវភាពរបស់អតីតយុទ្ធជន ជារៀងរាល់​ឆ្នាំ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា​ប្រធានសមាគម បាន​ណែនាំឱ្យ​បន្តស​កម្មភាព​ដំណើរ​ការ​សាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជន។នាយឧត្តមសេនីយ៍ គន់ គីម បន្តថា ជាក់ស្តែងនាពាក់កណ្តាលឆ្នាំនេះ សមាគមអតីត​យុទ្ធជន​កម្ពុជា បានខិតខំ និងគ្រោងប្រគល់ផ្ទះចំនួន៤០០ខ្នងដែលនឹងសាងសង់រួចបន្ថែមទៀត ជូន​ដល់​អ​តីត​យុទ្ធជនមុនដំណាច់ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ ថ្លែងថា អំឡុងពេលសាងសង់ផ្ទះនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ជាតម្រូវ​ការ​ចាំបាច់​ សម្រាប់​ឱ្យ​ការ​រស់​នៅ​របស់​អតីត​យុទ្ធជន​គ្រប់​រូប​ទទួល​បានការអភិវឌ្ឍជាបន្តបន្ទាប់ រួមមាន ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្រ្ត សាលារៀន វត្ត​អារាម​ជា​ដើម​។នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ សូមបន្តរក្សាស្មារតី វីរភាព​ដ៏​ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បី​បន្ត​ធ្វើ​ជា​គំរូ​ល្អ​ក្នុ​​​ងសង្គមជាតិ ហើយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវ​ការ​លះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូបចំពោះជាតិមាតុភូមិ ។បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញ​ឱ្យ​ថ្នាក់​ដឹកនាំ​សមាគម​គ្រប់​ថ្នាក់​ត្រូវ​បន្តយ​ក​ចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំ-សង្កាត់ ដោយត្រូវ​បែង​ចែក​ភារកិច្ច​គ្នា​ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់​ទំនងឱ្យ​កាន់​តែ​ជិត​ស្និទ​ជា​មួយ​អតីត​យុទ្ធជន​តាម​ខ្នង​ផ្ទះនីមួយៗឱ្យប្រាកដថា គ្រួសារដែល​ជួបការលំ​បាក​ទាំងអ​ស់​ទទួល​បាន​ការ​ជួយ​ពី​សមាគម​អតីតយុទ្ធជនកម្ពុជា៕​ អត្ថបទ៖ សេក ឧត្ដម

សម្តេចប្រមុខរដ្ឋស្តីទីកម្ពុជា ជួបពិភាក្សាការងារមួយចំនួនជាមួយឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់​ប្រចាំនៅកម្ពុជា

2022/09/07 12:09:12 pm        455
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក Stenfan Anton Messerer ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងពិភាក្សាការងារមួយចំនួន នៅវិមានព្រឹទ្ធសភា។ថ្លែងនៅក្នុងឱកាសនោះ លោកStenfan Anton Messerer បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃ​ខ្ពស់​ចំពោះទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសកម្ពុជា ​និងអាល្លីម៉ង់ ហើយលោក​ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាផងដែរ។លោកទូត បានលើកឡើងទៀតថា តាមរយៈបេសកកម្មការទូតរបស់លោក នៅព្រះរាជាណាចក្រ​កម្ពុជា ​លោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រពៃរវាង​រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចប្រមុខរដ្ឋស្តីទីបានកត់សម្គាល់​ដោយសេចក្តីរីករាយចំពោះ​ទំនាក់​ទំនង ចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន ​និងប្រទេសទាំងពីរ ដែល​មានការរីកចម្រើនជាបន្តបន្ទាប់។ សម្តេច មានជំនឿជឿជាក់ថា ក្នុងឋានៈលោក​ជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងបន្តខិតខំថែរក្សាប្រពៃណីដ៏ល្អ​នៃចំណង​មិត្តភាព ​និងសហប្រតិបត្តិការរវាងប្រជាជន ​និងប្រទេសទាំងពីរ ដែលមានទំនាក់ទំនង​ជាយូរលង់ណាស់​មកហើយឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ក្នុងនាមប្រជាជនកម្ពុជា​ និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​អាល្លឺម៉ង់ ​ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាលើវិស័យអប់រំ .សុខាភិបាល .បោសសម្អាតមីន .សាលាក្តីខ្មែរក្រហម .អភិបាលកិច្ច និងអភិវឌ្ឍន៍​វិស័យថាមពលនៅជនបទជាដើម។សម្តេចប្រមុខរដ្ឋស្តីទីក៏ បានគូសបញ្ជាក់ផងដែរថា ព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន​ជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ​ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ​ជាមួយនឹង​ឯកឧត្តម​ក៏ដូចជាស្ថានទូតអាល្លឺម៉ង់ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ដើម្បីរួមចំណែក​ពង្រឹង​ពង្រីក​ចំណងមិត្តភាព ​និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅ​មកជូនប្រជាជន និង​ប្រទេសទាំងពីរ៕ អត្ថបទ៖ បាន ចក់

ប្រព័ន្ធធារាសាស្ត្រធំៗចំនួនពីរទៀត នឹងត្រូវសាងសង់ក្នុងខេត្តបាត់ដំបង

2022/09/06 02:59:24 pm        1025
បាត់ដំបង៖ សំណង់ប្រព័ន្ធធារាសាស្ត្រធំៗចំនួន២ទៀត នៅក្នុងប្រព័ន្ធនៃស្ទឹងសង្កែ ក្នុងខេត្ត​បាត់ដំបង នឹងត្រូវសាងសង់ឡើង ដើម្បីបម្រើផលប្រយោជន៍នៃការស្រោចស្រព​ដំណាំកសិកម្ម និង​ការប្រើប្រាស់ប្រចាំថ្ងៃ ​របស់ប្រជាពរដ្ឋ ខណៈដងស្ទឹងមួយនេះ កំពុងមានស្រាប់នូវ​ប្រព័ន្ធធារាសាស្ត្រ​ធំៗ​មួយចំនួន រួមទាំងស្ពាន ​ឆ្លងស្ទឹងជាច្រើនកន្លែងទៀត ។លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រ ដែលគ្រោង​សាងសង់បន្ថែមទៀត​លើប្រព័ន្ធដងស្ទឹងសង្កែនោះ ​រួមមានស្ទឹងគ្រញូង ស្ថិតក្នុង​ស្រុកសំឡូត ប្រភពទឹកតភ្ជាប់ពីខាងព្រំដែនថៃ ​មកកាន់ប្រទេសកម្ពុជា ​អាចស្តុកទឹកបានជាង ១០០លាន​ម៉ែត្រ​គូបទៀត​ ដែលនៅបែកខាងលើ ហើយយកទឹកទៅបំពេញឲ្យអាងទឹកពហុបំណង​សេកសក ។លោក បានបន្តថា ទំនប់មួយទៀត​ ដែលគ្រោងសាងសង់ដែរនោះ ​គឺសំណង់ស្ទាក់ទឹក ថ្វាក ស្ថិតក្នុង ស្រុករតនមណ្ឌល ​នៅក្រោមទំនប់សេកសក ​ដែលអាចយកទឹកមកប្រើប្រាស់នៅក្នុងស្រុកនេះ។ មន្ទីរកំពុងស្នើសុំទៅក្រសួងធនធានទឹក ​និងឧតុនិយម ​និងដៃគូអភិវឌ្ឍន៍ ​ដើម្បីជួយសាងសង់ ​ដោយ​មានដៃគូខ្លះ ​បានទៅសិក្សាហើយ ​និងបើសិក្សាបានសម្រេច គ្រោងនឹងសាងសង់នាពេលឆាប់ៗ​ខាងមុខនេះ ។លោក ឡុង ផលគុណ បានបន្ថែមថា នៅក្នុងប្រព័ន្ធស្ទឹងសង្កែនេះ កំពុងមានប្រព័ន្ធធារាសាស្ត្រធំៗ ចំនួន៣ ដូចជា ទំនប់ពហុបំណងសេកសក ​ទំនប់ស្ទាក់ទឹកកង្ហត់ ​និងទំនប់ស្ទាក់ទឹកសាលាតាអន ដែល ​អាច​ផ្គត់ផ្គង់​ដំណាំកសិកម្មជាច្រើនម៉ឺនហិកតា ​ក្នុងស្រុកបាណន់ ​រតនមណ្ឌល ​មោងឫស្សី គាស់ក្រឡ ស្រុកឯកភ្នំ ​និងក្រុងបាត់ដំបង ។ល។ក្រៅពីមានប្រព័ន្ធធារាសាស្ត្រធំៗហើយនោះ ស្ទឹងសង្កែ​ ខេត្តបាត់ដំបង ​មានស្ពានជាច្រើនប្រភេទ ដែលត្រូវ​បានសាងសង់ឡើង​ រួមមាន ​ស្ពានដែក ​ស្ពានយោល ​ស្ពានបាឡេ ​និងស្ពានថ្ម ហើយ​ទឹកស្ទឹងនេះ ​ក៏ត្រូវបានទាញមកធ្វើជាប្រភពទឹកស្អាតផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

គ.ជ.ប ប៉ាន់ប្រមាណថា មានពលរដ្ឋជាង១លាននាក់ នឹងចុះឈ្មោះបោះឆ្នោតនាខែតុលានេះ

2022/09/06 12:14:34 pm        824
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា តាមការប៉ាន់ប្រមាណ មានប្រជាពលរដ្ឋដែលនឹងចុះឈ្មោះបោះឆ្នោតនៅខែតុលា ខាងមុខនេះ ចំនួនជាង១លាននាក់ សម្រាប់បញ្ជីបោះឆ្នោតឆ្នាំ២០២២។ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សមាជិក និងជាអ្នកនាំ​ពាក្យអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ​យោងតាមប្រតិទិនស្តីពីការពិនិត្យបញ្ជី និងការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២២ ​សម្រាប់ឈានទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ គ.ជ.ប បានកំពុងដំណើរការនូវការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធ រួមមាន ​មន្រ្តី តំណាង​គណបក្ស​នយោបាយ អង្គការសង្គមស៊ីវិល ​សមាគម ដើម្បីចូលរួមអនុវត្ត និងតាមដានការរៀបចំ​នូវបញ្ជីបោះឆ្នោតផ្លូវការនាខែធ្នូខាងមុខ។ ឯកឧត្តម បន្តថា ​តាមការប៉ាន់ស្មានបឋមរបស់ គ.ជ.ប នាខែតុលាខាងមុខ ដែលជា​កាលបរិច្ឆេទ​នៃការ​ពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងកើនឡើងដល់ជាង ១០លាននាក់ ​បើធៀបនឹងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១​ មានតែជាង ៩លាននាក់។ជាមួយនឹងការប៉ាន់ស្មានចំនួនកើនឡើងនៃអ្នកចុះបោះឆ្នោតនេះ ​ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដើម្បី​អាច​ចុះបោះឆ្នោតបាន ​សូមប្រជាពលរដ្ឋត្រូវត្រៀមនូវឯកសារភ្ជាប់​ជា​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​ដែល​មានសុពលភាពតែមួយគត់ ដើម្បីធានាដល់ការរៀបចំបញ្ជីឈ្មោះផ្លូវការ​សម្រាប់ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងឆ្នាំ២០២២។ចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ​នឹងមានរយៈពេល៥០ថ្ងៃ គិត​ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់មក គ.ជ.ប នឹង​ដំណើការ​ពិនិត្យ​នឹង​រៀបចំនូវបញ្ជីឈ្មោះបោះឆ្នោតផ្លូវការផងដែរ៕ អត្ថបទ៖ សេក ឧត្តម

លោក ទៀ សីហា៖ ការប្រមូលផ្តុំអ្នកគាំទ្រលោក ខឹម វាសនា បានប្រកាសរំសាយអស់ហើយ

2022/09/06 07:48:39 am        1260
សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងថា ការប្រមូលផ្តុំរបស់អ្នកគាំទ្រ លោក ខឹម វាសនានៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។លោកបន្ដថា អាជ្ញាធរត្រូវរៀបចំសម្របសម្រួលអោយប្រជាជនចេញទាំងអស់ ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។នីតិវិធីដែលត្រូវបំពេញច្រើន អាជ្ញាធរ នឹងបន្តការងារនេះបន្តទៀត។ ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះអាជ្ញាធរបានឱ្យម្ចាស់ដីបញ្ជក់ចំនួនឱ្យច្បាស់លាស់ ស្របតាមច្បាប់អាស្រ័យផលលើដីឯកជន។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់។លោក ទៀ សីហា បញ្ជាក់ថា បច្ចប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុនណ្ណោះ ហើយអាជ្ញាធរនឹងបន្ត សម្របសម្រួល រវាងម្ចាស់ដី និងប្រជាជនដែលត្រូវចាកចេញ៕

អាស៊ានព្រួយបារម្ភពីការគំរាមកំហែងដល់បេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

2022/09/05 05:12:47 pm        1041
សៀមរាប៖ អាស៊ាន បានសម្ដែងនូវការព្រួយបារម្ភពីការគំរាមកំហែង នៃការជួញដូរសម្បត្ដិ​បេតិកភណ្ឌ នៅតំបន់ អាស៊ីអាគ្នេយ៍ និងកំពុងរៀបចំបង្កើតនូវវិធានការជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុងបតំបន់នេះ។នៅឯខេត្តសៀមរាប ចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា នេះ សន្និសីទអន្ដរជាតិ ស្ដីពីការការពារ និងទប់ ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់អាស៊ាន ត្រូវបានធ្វើឡើង ដោយសហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋអាមេរិក ដែលសន្និសីទនេះ ​ផ្ដោតសំខាន់លើការការពារ និងការទប់ ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ។សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រុមអ្នកជំនាញចម្រុះ នឹងរួមគ្នារៀបចំបង្កើតនូវវិធានការ ជាក់លាក់​មួយ ដើម្បីការពារកេរមរតកក្នុងបតំបន់ សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញ​នូវ​រតនសម្បត្តិជាតិសម្រាប់អាស៊ាន។ អាស៊ានបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ដែល​ជំរុញ​ឱ្យសារមន្ទីរ និងអ្នកប្រមូល​សមុច្ច័យ​ឯកជននានា ពិចារណាឡើងវិញនូវការប្រមូល និងការទិញ ឬការទទួលយកវត្ថុបុរាណ ។ ចំណែកកម្ពុជា កំពុងធ្វើយុទ្ធនាការសកល ដើម្បីស្វែងរកមកវិញនូវរតនសម្បត្តិជាតិរបស់ខ្លួន។បើតាមសេចក្ដីប្រកាសព័ត៌មាន ​ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាតិជា ច្រើន ត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់ក្នុង​ទីផ្សារ​សិល្បៈអន្តរជាតិ ប៉ុន្ដែកម្ពុជា​បានធ្វើការជាមួយបណ្តាប្រទេសនានា​ក្នុងការកាត់បន្ថយ​អំពើ​ចោរកម្មគួរឱ្យកត់សម្គាល់ ​ហើយបានប្រគល់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធ៌ម៌របស់ខ្លួន។កាលពីពេលថ្មីៗនេះ កម្ពុជា​ ទទួលបានមកវិញនូវស្នាដៃឯក ចំនួន៣០រូប ក្នុងនោះមានរូបចម្លាក់ ព្រះគណេស” និង “ព្រះស្កន្ទគង់លើសត្វក្ងោក ​តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ សហរដ្ឋអាមេរិក ដែលជាជោគជ័យដ៏ធំធេង។ ស្នាដៃចម្លាក់ដ៏ល្អឯកទាំងពីរនេះ មានប្រភពមក​ពីតំបន់​ប្រាសាទកោះកេ ដែលជារាជធានី ​នៃអាណាចក្រខ្មែរបុរាណ ​ក្នុងសតវត្សរ៍ទី១០ នៃគ.ស។ កន្លងមកកម្ពុជា បានទាមទារ មកវិញនូវសម្បត្តិវប្បធម៌ជាតិ ​ជាការបង្ហាញឱ្យឃើញពីភាពជោគជ័យ តាមរយៈកិច្ច​សហប្រតិបត្តិការអន្តរ ជាតិ ក្នុងការបញ្ជូនមកវិញនូវសម្បត្តិ វប្បធម៌ជាតិ ដែលត្រូវបាន​គេ​លួចនាំចេញ​ដោយខុសច្បាប់។ កម្ពុជា នឹងអាចចែករំលែកនូវបទពិសោធន៍ទាំងនេះ សំដៅពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេស​សមាជិកអាស៊ាន ក្នុងការប្រឆាំងចំពោះជន​ទុច្ចរិត​ លួច ប្លន់ ​និងទីផ្សារសិល្បៈខុសច្បាប់ សម្រាប់​ជាផលប្រយោជន៍ សេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌៕អត្ថបទ៖ ឈិត សាវី 

លោកជំទាវ ឃួន សុដារី ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាទឹកអាស៊ី ពាក់ព័ន្ធការប្រើប្រាស់ទឹកនៅកម្ពុជា

2022/09/05 01:18:39 pm        645
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាជាតិ បានអនុញ្ញាត​ឱ្យប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយឯកឧត្តម Yongdeok Cho អគ្គលេខាធិការក្រុម​ប្រឹក្សា​ទឹកអាស៊ី (Asian Water Council-AWC) ​ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ​មួយចំនួនពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹក​ នៃសភាអាស៊ីលើកទី៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​នាឆ្នាំ២០២៣ ខាងមុខនេះ ។ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និង​សូមស្វាគមន៍យ៉ាងកក់ក្ដៅ ​ចំពោះប្រតិភូក្រុមប្រឹក្សាទឹកអាស៊ី ក្នុងដំណើរទស្សនកិច្ចការងារ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​ជាពិសេសរដ្ឋសភាជាតិនាពេលនេះ ។ លោកជំទាវ មានប្រសាសន៍ថា ​សារៈសំខាន់នៃទឹកដែលជាតម្រូវការបឋម យ៉ាងចាំបាច់បំផុត​របស់​មនុស្ស ដោយទឹកជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់គ្រប់ផលិតកម្ម ​ប្រកបដោយចីរភាព ជាមូលដ្ឋាន​គ្រឹះនៃសន្តិសុខស្បៀង​ និងជាប្រភពចម្បងនៃជីវភាព ​របស់ប្រជាជនទូទាំងសកលលោក ។ លោកជំទាវ ឃួន សុដារី បន្ថែមថា ​សន្តិសុខទឹកមានសារៈសំខាន់ ហើយមានពាក់ព័ន្ធទៅនឹងវិស័យ​ច្រើន​រួមគ្នាក្នុងការគ្រប់គ្រងទឹក​ ដូចជាវិទ្យាសាស្រ្ត ​បច្ចេកវិទ្យា បរិស្ថាន សង្គម និងនយោបាយ​ជាដើម ជាងនេះទៅទៀត ​ការគ្រប់គ្រងត្រួតពិនិត្យបរិមាណ ​និងគុណភាពទឹក ​មានកិច្ចការងារ និង​អ្នកជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើន កសាងហេដ្ឋារចនាសម្ព័ន្ធទឹក អន្តរាគមន៍ និង កិច្ចការពារ​ផ្សេងៗ សំដៅរក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន ព្រមទាំងរក្សាសេវាសម្រាប់តម្រូវ​ផ្គត់ផ្គង់​ដល់​មនុស្ស និងសេដ្ឋកិច្ច ។ក្នុងជំនួបនោះ ឯកឧត្តម Yongdeok Cho បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មាមាញឹក​ជួបប្រតិភូក្រុមប្រឹក្សាទឹកអាស៊ីនាពេលនេះ ។ ជាមួយនេះ ឯកឧត្តមបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅសាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២២នេះ ដោយទទួលបានលទ្ធផល​ដ៏ត្រចះត្រចង់ ។ នាដំណើរទស្សនកិច្ចនាពេលនោះ ឯកឧត្តម Byun Jaeill ប្រធានក្រុមមិត្តភាពកូរ៉េ-កម្ពុជា និងជាប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានថ្លែងអំណរគុណចំពោះសភាកម្ពុជា​ដែលបានចាត់តាំង ​ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាកម្ពុជា​ចូលរួម​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ី លើកទី៤ ​នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២២ និងបានសម្តែង​នូវការរីករាយដែលកម្ពុជា​បានឯកភាពរៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាទឹក នៃសភាអាស៊ីលើកទី៥ ​នាឆ្នាំ២០២៣ខាងមុខ ។គូសបញ្ជាក់ថា កិច្ចប្រជុំលើកទី៤ របស់ AAWC ក៏បានអនុម័តលើគម្រោងមួយ ក្រោមកម្មវិធី​សុខុមាលភាព​ទឹកស្អាត AAWC នៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ។ គម្រោងនេះ មានថវិកាចំនួន ៩៩៨លានវ៉ុនកូរ៉េ ប្រមាណ៧៤៨,៩៤៥ដុល្លារ ក្នុងគោលបំណងបង្កើតផែនការមេសម្រាប់សន្តិសុខទឹកក្នុងស្រុកគងពិសី ដោយមានក្រសួងឧតុនិយម និងធនធានទឹក ជាភ្នាក់ងារអនុវត្តគម្រោង ៕ អត្ថបទ បាន សុខរិទ្ធិ, រូបភាពវ៉ាន់ ណារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM