គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន៖ សេចក្តីថ្លែងការណ៍របស់ NATO ពោរពេញដោយវោហារសាស្ត្រអរិភាព និងពាក្យកុហក

2024/07/11 11:22:51 am        243
អ្នកនាំពាក្យរបស់បេសកកម្មចិន ប្រចាំនៅសហភាពអឺរ៉ុបបាននិយាយថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានគ្រោងទុករបស់ទីក្រុងវ៉ាស៊ីនតោន គឺពោរពេញទៅដោយ «វោហាសាស្ត្រអរិភាព» ហើយខ្លឹមសារដែលទាក់ទងនឹងប្រទេសចិនគឺមានការញុះញង់ និងការកុហក។ពង្រាងសេចក្តីថ្លែងការណ៍នោះបាននិយាយថា ចិនបានក្លាយជាអ្នកជួយដល់កិច្ចប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយក្រុងប៉េកាំង បន្តបង្កបញ្ហាជាប្រព័ន្ធដល់អឺរ៉ុប និងសន្តិសុខ។ អ្នកនាំពាក្យចិនបាននិយាយថា «ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ប្រទេសចិនមិនមែនជាអ្នកបង្កើតវិបត្តិនៅអ៊ុយក្រែនទេ» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយបេសកកម្មចិនប្រចាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នេះ។អ្នកនាំពាក្យបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា «សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងវ៉ាស៊ីនតោន គឺពោរពេញដោយចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងវោហាសាស្ត្រដ៏អាក្រក់ ហើយខ្លឹមសារដែលទាក់ទងនឹងប្រទេសចិនគឺពោរពេញទៅដោយការញុះញង់ ការភូតកុហក បំភ្លើស និងលាបពណ៌»។មេដឹកនាំនៃបណ្តាប្រទេសណាតូ បានប្រកាន់ជំហរប្រឆាំងកាន់តែខ្លាំងលើការគាំទ្ររបស់ចិន សម្រាប់រុស្ស៊ី ហើយសេចក្តីប្រកាសនេះបានពង្រឹងភាសារិះគន់របស់ណាតូ ទៅលើចិន។ ទីក្រុងប៉េកាំង បានដាក់ចេញនូវឯកសារចំនួន ១២ ចំណុចកាលពីជាងមួយឆ្នាំមុន ដែលនិយាយពីគោលការណ៍ទូទៅសម្រាប់ការបញ្ចប់សង្រ្គាមអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។ ផែនការនោះបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅនៅពេលនោះទាំងនៅរុស្ស៊ី និងអ៊ុយក្រែន៕

អាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយសព្វាវុធរយៈចម្ងាយឆ្ងាយក្នុងអាល្លឺម៉ង់ នៅឆ្នាំ២០២៦

2024/07/11 11:18:29 am        221
សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ (១០ កក្កដា) ថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយសមត្ថភាពបាញ់រយៈចម្ងាយឆ្ងាយនៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៦ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអង្គការណាតូ និងការការពារអឺរ៉ុប។ប្រទេសទាំងពីរបាននិយាយថា «ការដាក់ពង្រាយជាដំណាក់កាល» របស់សហរដ្ឋអាមេរិក កំពុងរៀបចំសម្រាប់ការឈរជើងរយៈពេលវែងនៃសមត្ថភាពបែបនេះ ដែលនឹងរួមបញ្ចូលមីស៊ីលស្ដង់ដារ៦ (SM-6), មីស៊ីលតម្រង់គោលដៅ ថូម៉ាហក (Tomahawk) និងសព្វាវុធល្បឿនលឿនជាងសំឡេង ដែលមានរយៈចម្ងាយឆ្ងាយជាងសមត្ថភាពបច្ចុប្បន្ននៅក្នុងទ្វីបអឺរ៉ុប។មីស៊ីលដែលមានមូលដ្ឋានបាញ់ពីដី ជាមួយរយៈចម្ងាយលើសពី ៥០០ គីឡូម៉ែត្រត្រូវបានហាមឃាត់រហូតដល់ឆ្នាំ២០១៩ ក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលចុះហត្ថលេខាដោយលោក មីកហែល ហ្គូបាឈែវ (Mikhail Gorbachev) អតីតមេដឹកនាំសហភាពសូវៀត និងអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រ៉េហ្កាន (Ronald Reagan) ក្នុងឆ្នាំ១៩៨៧។នោះជាលើកដំបូងដែលមហាអំណាចទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានលុបបំបាត់អាវុធមួយប្រភេទទាំងមូល។ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា INF នោះក្នុងឆ្នាំ២០១៩ ដោយនិយាយថា ទីក្រុងមូស្គូបានរំលោភលើកិច្ចព្រមព្រៀងនេះ ដោយលើកឡើងពីការអភិវឌ្ឍន៍មីស៊ីលតម្រង់គោលដៅ 9M729 របស់រុស្ស៊ី ដែលត្រូវគេស្គាល់នៅក្នុងអង្គការណាតូថាជាមីស៊ីលបាញ់ពីដី SSC-8 ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតលើការចោទប្រកាន់នោះ៕

ក្រុមហេសបូឡា នឹងបញ្ឈប់ការបាញ់ផ្លោង ប្រសិនបើសន្តិភាពឈានដល់នៅតំបន់ហ្កាហ្សា

2024/07/11 11:08:09 am        191
មេដឹកនាំក្រុម ហេសបូឡា លោក Hassan Nasrallah បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមរបស់លោកនឹងបញ្ឈប់ការវាយប្រហារទៅលើអ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់លើបទឈប់បាញ់នៅតំបន់ហ្កាហ្សា។លោក Nasrallah បាននិយាយដូច្នេះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដើម្បីរំលឹកដល់លោក Mohammad Ni'mah Nasser ជាមេដឹកនាំគណបក្ស ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីសប្តាហ៍មុន។មេដឹកនាំក្រុមហេសបូឡា បានធ្វើការឆ្លើយតបទៅនឹងការអត្ថាធិប្បាយកាលពីពេលមុនរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant អំពីការបន្តជម្លោះដ៏មានសក្តានុពលនៅក្នុងប្រទេសលីបង់ ទោះបីជាសង្រ្គាមនៅតំបន់ហ្កាហ្សាបញ្ចប់ក៏ដោយ ដោយអះអាងពីសារៈសំខាន់នៃការការពារនៅភាគខាងត្បូងប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន។លោក Nasrallah បានបញ្ជាក់ជាថ្មីថា ក្រុមហេសបូឡា នឹងគាំទ្រនូវការសម្រេចចិត្តណាមួយ ដែលធ្វើឡើងដោយក្រុមហាម៉ាស ក្នុងការចរចាជាមួយអ៊ីស្រាអែល។ការនិយាយលើកឡើងរបស់ លោក Nasrallah ធ្វើឡើងខណៈគណៈប្រតិភូ មកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក កាតា និងអ៊ីស្រាអែល បានជួបប្រជុំគ្នា កាលពីថ្ងៃពុធក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា។

កងទ័ពជើងទឹកម៉ិកស៊ិកព្រមានថា សារធាតុគីមី ប្រើប្រាស់បានពីរយ៉ាង អាចជំរុញឲ្យមានការជួញដូមេតំហ្វេតាមីន

2024/07/11 11:06:03 am        180
ទីក្រុងកំពង់ផែ ម៉ានហ្សានីលឡូ(Manzanillo) ស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក គឺជាកំពង់ផែធំបំផុតរបស់ប្រទេស។ កំពង់ផែនេះ ទទួលបានស្ទើរតែ ៦០% នៃការដឹកជញ្ជូនទូកុងតឺន័រ ដែលមកដល់ប្រទេសម៉ិកស៊ិក ជារៀងរាល់ថ្ងៃ។ មន្ត្រីកងទ័ពជើងទឹកប្រទេសម៉ិកស៊ិក ដែលធ្វើការនៅទីតាំងនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលំហូរនៃសារធាតុគីមីដែលគ្រប់គ្រងមិនបានល្អ ចូលទៅក្នុងកំពង់ផែ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីផលិតថ្នាំញៀនសំយោគដូចជា មេតំហ្វេតាមីន និងហ្វង់តានីល ជាដើម។មន្ត្រីការពារកំពង់ផែបាននិយាយដោយមិនបញ្ចេញឈ្មោះថា ទីក្រុង Manzanillo ដោយសារទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុង វាគឺជាបង្អួចសម្រាប់កំពង់ផែនៅអាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ក្រុមមន្ត្រី បានឃើញ ការកើនឡើងការនាំចូលសារធាតុគីមីប្រើប្រាស់បានពីរយ៉ាង ភាគច្រើនមកពីប្រទេសចិន ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតទំនិញស្របច្បាប់ ដូចជាអាហារ ទឹកអប់ និងឱសថ។ ប៉ុន្តែសារធាតុគីមីដូចគ្នានេះ ក៏កើនឡើងទ្វេដងផងដែរជាសារធាតុ ដែលអាចផលិតថ្នាំញៀនសំយោគដូចជា មេតំហ្វេតាមីន និងហ្វង់តានីល។មន្ត្រីកងទ័ពជើងទឹកម្នាក់បាននិយាយថា បរិមាណដ៏ច្រើននៃសារធាតុគីមី ដែលប្រើប្រាស់បានពីរយ៉ាង ទាំងនេះ ត្រូវបានរកឃើញនៅក្នុងមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់។ មន្ត្រីម្នាក់នៅកំពង់ផែ Manzanillo បានចង្អុលទៅរកការដឹកជញ្ជូនពីប្រទេសចិន ដែលត្រូវបានរឹបអូសកាលពីខែមករា ដោយមានអាស៊ីតអាសេទិកទឹកកក៨៨តោន ជាសារធាតុគីមី មិនត្រូវបានគ្រប់គ្រង ត្រូវបានប្រើប្រាស់ក្នុងការផលិតថ្នាំញៀនមេតំហ្វេតាមីន ។មន្ត្រីកងទ័ពជើងទឹកម្នាក់ទៀតបាននិយាយថា សារធាតុដែលត្រូវបានរឹបអូសជាច្រើន ក៏ត្រូវបាននាំចូលដោយក្រុមហ៊ុន ក្នុងរដ្ឋ ចាលីស្កូ(Jalisco) និងរដ្ឋស៊ីណាឡូវ(Sinaloa) ប្រទេសម៉ិកស៊ិក។ ទាំងនេះគឺជាមូលដ្ឋានរបស់ក្រុមជួញដូរគ្រឿងញៀនធំបំផុតចំនួនពីររបស់ប្រទេសម៉ិកស៊ិក គឺក្រុម Sinaloa Cartel និងគូប្រជែងរបស់ខ្លួន គឺក្រុម Jalisco New Generation Cartel ។

កោះតៃវ៉ាន់ រាយការណ៍កំណើនសកម្មភាពទ័ពអាកាសចិន បន្ទាប់ពីនាវាផ្ទុកយន្តហោះបើកឆ្លងកាត់កោះ

2024/07/11 10:52:19 am        199
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នេះ បានរាយការណ៍ថាខ្លួនបានរកឃើញការកើនឡើងនៃយន្តហោះយោធាចិន ដែលកំពុងប្រតិបត្តិការជុំវិញកោះនេះ បន្ទាប់ពីនាវាផ្ទុកយន្តហោះចិនមួយគ្រឿង បានបើកឆ្លងកាត់ទៅភាគខាងត្បូងនៃកោះតៃវ៉ាន់ តាមផ្លូវធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក។កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីសកម្មភាពយោធាចិនម្តងហើយម្តងទៀតក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ ប្រមុខអាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា នាវាផ្ទុកយន្តហោះចិន សានតុង (Shandong) បានឆ្លងកាត់ជិតប្រទេសហ្វីលីពីន ក្នុងដំណើរឆ្ពោះទៅកាន់សមយុទ្ធប៉ាស៊ីហ្វិក។នៅក្នុងបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនអំពីសកម្មភាពយោធាចិនក្នុងរយៈពេល ២៤កន្លងមកនេះ ដែលចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ កោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៦៦ គ្រឿងដែលកំពុងប្រតិបត្តិការនៅជុំវិញកោះនេះ។ អាជ្ញាធរនេះបាននិយាយថា ក្នុងចំណោមនោះ មាន ៣៩ គ្រឿងបានឆ្លងទៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃកោះ ហើយធ្លាប់និយាយមុននោះថា ខ្លួនបានរកឃើញយន្តហោះចំនួន ៣៦ គ្រឿងដែលកំពុងធ្វើដំណើរទៅកាន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះចិន សានតុង។ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើសកម្មភាពរបស់នាវា សានតុង នោះទេ៕

ប្រភព៖ អាមេរិក នឹងបន្តដឹកជញ្ជូនគ្រាប់បែកទម្ងន់ជាង ២០០គីឡូក្រាមទៅឱ្យអ៊ីស្រាអែល

2024/07/11 10:48:59 am        277
មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នឹងបន្តដឹកជញ្ជូនគ្រាប់បែកទម្ងន់ ៥០០ ផោន (ជាង ២២៦ គីឡូក្រាម) ទៅឱ្យអ៊ីស្រាអែល ប៉ុន្តែនឹងបន្តរារាំងការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ ២.០០០ ផោន (ជាង ៩០៧ គីឡូក្រាម) ជុំវិញការព្រួយបារម្ភថាអ៊ីស្រាអែល អាចនឹងប្រើប្រាស់គ្រាប់បែកធុនធ្ងន់ទាំងនោះនៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅច្រើន។សហរដ្ឋអាមេរិក កាលពីខែឧសភា បានផ្អាកការដឹកជញ្ជូនគ្រាប់បែកទម្ងន់ ២.០០០ ផោន និង ៥០០ ផោននេះ ដោយសារតែការបារម្ភពីផលប៉ះពាល់ដែលគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចបង្កនៅក្នុងតំបន់ហ្កាហ្សា។ ការព្រួយបារម្ភជាពិសេសរបស់រដ្ឋបាលលោក បៃដិន គឺការប្រើប្រាស់គ្រាប់បែកដ៏ធំបែបនេះនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ជាទីដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានភៀសខ្លួន។គ្រាប់បែកទម្ងន់ ២.០០០ ផោនមួយគ្រាប់អាចច្រៀកបេតុង និងដែកក្រាស់ៗជាបំណែកៗ បង្កើតបានជាកាំផ្ទុះ (ទំហំនៃការផ្ទុះ) យ៉ាងធំទូលាយ។ មន្ត្រីអាមេរិកនិយាយថា គ្រាប់បែកទម្ងន់ ៥០០ ផោនត្រូវបានដាក់បញ្ចូលក្នុងការដឹកជញ្ជូនជាមួយគ្នានឹងគ្រាប់បែបធំៗដែលត្រូវបានផ្អាកទាំងនោះ ដូច្នេះហើយទើបគ្រាប់បែកទាំងអស់ត្រូវផ្អាកដឹកស្របគ្នា។ អាមេរិក បានជូនដំណឹងដល់អ៊ីស្រាអែលថាខ្លួនកំពុងបញ្ចេញគ្រាប់បែកទម្ងន់ ៥០០ ផោន ប៉ុន្តែនៅតែផ្អាកគ្រាប់បែកធំៗដដែល។កាលពីខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងដកហូតអាវុធ ហើយបានអង្វរករមន្ត្រីអាមេរិកឱ្យដោះស្រាយស្ថានការណ៍។ មន្រ្តីជំនិតរបស់លោក Biden បានសម្តែងការខកចិត្តចំពោះការលើកឡើងរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ៕

លោកZelenskyy៖ ពិភពលោកមិនអាចរង់ចាំរហូតដល់ការបោះឆ្នោតអាមេរិកក្នុងខែវិច្ឆិកា ដើម្បីចាត់វិធានការបណ្ដេញ Putin បានឡើយ

2024/07/11 10:46:25 am        199
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ីលើប្រទេសលោក ដោយប្រើសុន្ទរកថាមួយនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូដើម្បីជំរុញឱ្យមានការគាំទ្រកាន់តែខ្លាំងក្នុងអំឡុងពេលវេលាដ៏សំខាន់នេះ ប៉ុន្តែពេលនេះនយោបាយមានភាពច្របូកច្របល់នៅក្នុងសហរដ្ឋអាមេរិក។ លោក Zelenskyy បាននិយាយថា ត្រូវដើរចេញពីស្រមោលក្នុងការសម្រេចចិត្តដ៏រឹងមាំដើម្បីចាត់វិធានការ និងមិនរង់ចាំដល់ខែវិច្ឆិកា ឬខែផ្សេងទៀតឡើយ។ យើងត្រូវតែរឹងមាំ និងគេចចេញភាពមិនចុះសម្រុងគ្នា។ ថ្លែងក្នុងទីក្រុងវ៉ាស៊ីនតោន បួនខែមុនការបោះឆ្នោត ហ៊ុមព័ទ្ធដោយភាពមិនច្បាស់លាស់ថ្មី បន្ទាប់ពីការជជែកដេញដោលមិនល្អរបស់លោកប្រធានាធិបតី Joe Biden លោកបានសំដៅលើសាររបស់លោកទៅកាន់គណបក្សសាធារណរដ្ឋ ដែលមេដឹកនាំរបស់អង្គការ NATO រំពឹងថា បក្សនេះអាចឈ្នះតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំនេះ។ លោក Zelenskyy បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតែលុបបំបាត់ភាពមិនចុះសម្រុងក្នុងការការពារលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាទប់ទល់នឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

អេហ្ស៊ីប៖ ការចរចាកំពុងដំណើរការជាមួយលីបង់ និងអ៊ីស្រាអែល ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា

2024/07/11 10:43:07 am        198
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយកាលពីថ្ងៃពុធ ទី១០ កក្កដា ថា ការចរចា កំពុងដំណើរការជាមួយភាគីប្រទេសលីបង់ និងអ៊ីស្រាអែល ដើម្បីបញ្ចៀសការជាប់ពាក់ព័ន្ធដោយផ្ទាល់ទាំងអស់ក្នុងការប្រឈមមុខដាក់គ្នា។នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីប្រទេសហ្ស៊កដានី រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដ អាប់ដែលឡាតទី(Badr Abdelatty) បាននិយាយថា ជំនួបកាលពីនាពេលថ្មីៗនេះ មានគោលបំណងបញ្ឈប់ «សេណារីយ៉ូដ៏ធ្ងន់ធ្ងរ» នៅលើសមរភូមិប្រទេសលីបង់។ក្រុមហេសបូឡា បានចាប់ផ្តើមការបាញ់ផ្លោងទៅលើគោលដៅរបស់អ៊ីស្រាអែល នៅតាមព្រំដែន ដើម្បីគាំទ្រដល់ប៉ាឡេស្ទីន បន្ទាប់ពីក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។ក្រុមនេះ បានចាត់ទុកការវាយប្រហាររបស់ខ្លួនម្តងហើយម្តងទៀតថាជា «សមរភូមិគាំទ្រ» ក្នុងគោលបំណងធ្វើឲ្យធនធានយោធារបស់អ៊ីស្រាអែលចេញឆ្ងាយពីតំបន់ហ្កាហ្សា និងគាំទ្រប៉ាឡេស្ទីន។ប្រជាជនអ៊ីស្រាអែល និងលីបង់ រាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីតំបន់នៅជុំវិញព្រំដែនរវាងប្រទេសទាំងពីរ ហើយអ្នកសង្កេតការណ៍អន្តរជាតិ បានព្រមានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអំពីហានិភ័យនៃជម្លោះកាន់តែរីកធំ។

នាវាពិឃាតកងទ័ពជើងទឹកជប៉ុន ចូលក្នុងដែនទឹកចិន ក្បែរកោះតៃវ៉ាន់ ដែលធ្វើឱ្យក្រុងប៉េកាំង ព្រួយបារម្ភ

2024/07/11 10:37:42 am        193
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍កាលពីយប់ថ្ងៃពុធ (១០ កក្កដា) ថា នាវាពិឃាតរបស់កងទ័ពជើងទឹកជប៉ុនមួយគ្រឿង បានចូលទៅក្នុងដែនទឹករបស់ប្រទេសចិន នៅជិតកោះតៃវ៉ាន់ កាលពីដើមខែនេះ ដោយមិនជូនដំណឹងដល់ចិន និងបង្កឱ្យមាន «ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ» ពីទីក្រុងប៉េកាំង។ទីភ្នាក់ងារសារព័ត៌មាន ខ្យូដូ (Kyodo) បាននិយាយដោយដកស្រង់ប្រភពការទូតថា នាវាពិឃាតរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ស៊ូហ្ស៊ូសុគិ (Suzutsuki) បានធ្វើដំណើរចូលទៅក្នុងដែនទឹករបស់ប្រទេសចិន ពីខេត្ត ជឺជាំង (Zhejiang) កាលពីថ្ងៃទី០៤ ខែកក្កដា ជាទីដែលចិនបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធកងទ័ពជើងទឹក។ទូរទស្សន៍ NTV បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុនថា នាវា ស៊ូហ្ស៊ូសុគិ ដែលមានភារកិច្ចត្រួតពិនិត្យសមយុទ្ធមីស៊ីលរបស់ចិន នៅសមុទ្រចិនខាងកើត ភាគខាងជើងនៃកោះតៃវ៉ាន់ បានចូលទៅក្នុងដែនទឹកនោះដោយមិនជូនដំណឹងដល់ប្រទេសចិន។ សារព័ត៌មានក្យូដូបាននិយាយថា នាវាពិឃាតបានធ្វើដំណើរក្នុងចម្ងាយ ២២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ជឺជាំង ប្រហែល ២០ នាទី បើទោះបីជាមានការព្រមានពីនាវាចិនក៏ដោយ ហើយទីក្រុងប៉េកាំង បានសម្តែងនូវ «ការព្រួយបារម្ភយ៉ាងខ្លាំង» ដល់ទីក្រុងតូក្យូ។សារព័ត៌មានដដែលនោះបានបន្ថែមថា ក្រសួងការពារជាតិជប៉ុន បានបើកការស៊ើបអង្កេតមួយដោយធ្វើការសាកសួរកាពីទែននាវាពិឃាត ស៊ូហ្ស៊ូសុគិ ហើយចេតនារបស់នាវិកក្នុងបើកចូលដែនទឹកចិននេះនៅតែមិនច្បាស់លាស់៕

ហុងគ្រី មើលឃើញឱកាសសន្តិភាពសម្រាប់អ៊ុយក្រែន ប្រសិនបើលោក Trump ឈ្នះឆ្នោត

2024/07/11 10:33:08 am        202
រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) បាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថា ប្រទេសហុងគ្រី មើលឃើញថាលទ្ធភាពនៃការវិលត្រឡប់គ្រប់គ្រងតំណែងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺជា «ឱកាសសន្តិភាព» នៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តអង្គការណាតូ ភាគច្រើនសង្ឃឹមថានឹងផ្ញើសារយ៉ាងម៉ឺងម៉ាត់ចំពោះការគាំទ្រដល់ទីក្រុងគីវ។នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័បាន (Viktor Orban) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន នៅក្នុងអ្វីដែលលោកហៅថាបេសកកម្មសន្តិភាព ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានធ្វើឱ្យសម្ព័ន្ធមិត្តណាតូមួយចំនួនខឹងសម្បារ ដោយនិយាយថា ដំណើរនេះបានផ្តល់ភាពស្របច្បាប់ដល់ការទាមទាររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) លើទឹកដីអ៊ុយក្រែន ដែលខ្លួនបានរឹបអូសចាប់តាំងពីប្រតិបត្តការយោធាឆ្នាំ២០២២។នៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រ ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ហ្ស៊ីចាតូ បាននិយាយថា គោលបំណងរបស់ហុងគ្រី គឺដើម្បីបញ្ចប់សង្រ្គាមតាមរយៈការចរចាសន្តិភាពដែលពាក់ព័ន្ធទាំងរុស្ស៊ី និងអ៊ុយក្រែន។ លោកនិយាយថា «យើងគិតថាគួរតែមានឥទ្ធិពលពីខាងក្រៅដ៏ខ្លាំងក្លាដើម្បីបង្ខំឱ្យភាគីជម្លោះចរចាគ្នា។ នោះមានតែលោក Trump ទេដែលអាចធ្វើបាន ប្រសិនបើលោកជាប់ឆ្នោត»។លោក Trump បាននិយាយថាលោកនឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ប៉ុន្តែមិនបានផ្តល់នូវផែនការលម្អិតថាធ្វើបែបណាទើបអាចសម្រេចបាននូវរឿងនោះទេ ប៉ុន្តែសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា ទីប្រឹក្សារបស់អតីតប្រធានាធិបតីរូបនេះ បានបង្ហាញផែនការបញ្ចប់សង្រ្គាមដោយផ្នែក ដោយលក្ខខណ្ឌកាត់ផ្ដាច់ជំនួយនាពេលអនាគតដល់ទីក្រុងគីវ ប្រសិនបើអ៊ុយក្រែន មិនចូលរួមក្នុងកិច្ចចរចាសន្តិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ADBព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,៥% ក្នុងឆ្នាំ២០២៦ នាំមុខដោយវិស័យ​កម្មន្តសាល
04/10/2026 12:04 PM
Andy Robertson នឹងចាកចេញពី Liverpool ក្រោយចប់រដូវកាលនេះ
04/10/2026 12:04 PM
NOCC គាំទ្រការបង្កើតសហព័ន្ធ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា
04/10/2026 12:04 PM
ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅវ៉េណេស៊ុយអេឡា ក្នុងអំឡុងពេលនៃការតវ៉ារបស់បុគ្គលិករដ្ឋ
04/10/2026 12:04 PM
អ្នកវិភាគនិយាយថា ប៉ាគីស្ថានកំពុងស្ថិតនៅក្រោមសម្ពាធ នៅមុនកិច្ចចរចាសង្គ្រាមនៅអ៊ីរ៉ង់
04/10/2026 11:04 AM
ភាគហ៊ុនសកលរង្គោះរង្គើ និងប្រេងបន្តឡើងថ្លៃ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់សាកល្បងបទឈប់បាញ់អ៊ីរ៉ង់
04/10/2026 11:04 AM
ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័ត​ជា​ឯកច្ឆន្ទ​ថា​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភាស្របនឹងរដ្ឋធម្មនុញ្ញ
04/10/2026 11:04 AM
ADB៖ កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយ និងអតិផរណាខ្ពស់
04/10/2026 11:04 AM
ក្រុមអវកាសយានិក Artemis II របស់ណាសា ត្រៀមបញ្ចប់បេសកកម្មភពព្រះចន្ទក្នុងដំណាក់កាលវិលត្រឡប់មកផែនដីមានការប្រឈមខ្ពស់
04/10/2026 11:04 AM
អារ៉ាប៊ីសាអ៊ូឌីត និយាយថា សកម្មភាពប្រតិបត្តិការត្រូវបានផ្អាកនៅទីតាំងថាមពលជាច្រើនកន្លែង
04/10/2026 11:04 AM