សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី
TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស

នយោបាយ​ និង ការអភិវឌ្ឍន៍

ចំនួនពលករខ្មែរវិលមកពីថៃ តាមច្រកខេត្តបាត់ដំបងថយចុះ ខណៈមួយចំនួនវិជ្ជមានកូវីដ-១៩

2022/03/01 01:39:30 pm        600
បាត់ដំបង៖ ចំនួនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង ក្នុងមួយរយៈពេលចុងក្រោយនេះ មានការថយចុះជាបន្តបន្ទាប់ ខណៈពលករមួយចំនួនតូច ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩។លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ​ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវបានយក​សំណាកធ្វើ តេស្តរហ័សរកជំងឺកូវីដ-១៩ នៅច្រកព្រំដែន ​ហើយចំពោះអ្នកវិជ្ជមាន ​ក្រុមគ្រូពេទ្យ នឹង​បញ្ជូន​ទៅព្យាបាល ​អ្នកអវិជ្ជមានគ្មានកាតចាក់វ៉ាក់សាំង ​ត្រូវបញ្ជូន​ទៅធ្វើចត្តាឡីស័ក ហើយ​អ្នក​អវិជ្ជមាន​ មានកាតចាក់វ៉ាក់ សាំងពីរដូស ​ត្រូវ​បាន​អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ប្រធានច្រកព្រំដែនរូបនេះ ​បានបញ្ជាក់ថា ​មួយរយៈពេលចុងក្រោយនេះ ​រំហូរ​ពលករថយចុះ​ ប៉ុន្តែ ក្នុងចំណោមពលករចូលមកជាង ១០០នាក់ ក្នុងមួយថ្ងៃ មានចន្លោះពី១ទៅ៥នាក់ ត្រូវបានធ្វើតេស្តរហ័ស ​រកឃើញឆ្លងជំងឺកូវីដ-១៩ ​ខណៈពេលមុនរំហូរពលករកើនឡើង តែចំនួនរកឃើញឆ្លងមេរោគកូវីដ-១៩​ មានតិចតួច ​ឬស្ទើរតែគ្មាន។លោក បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង វិធានការ សុខាភិបាលនៅច្រកព្រំដែន ​ត្រូវបាន​រឹតបន្តឹង​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​ឡើយ ទោះបី​រំហូរ​ពលករខ្មែរ ​វិលត្រឡប់មកពីប្រទេសថៃ​ មានការថយចុះ ហើយ​ពលករ​ភាគច្រើន​មានកាតចាក់​វ៉ាក់សាំង​ចាប់ពីពីរដូស ​ឡើងទៅក៏ដោយ។ក្នុងមួយរយៈពេលចុងក្រោយនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ ​ក្នុងខេត្តបាត់ដំបង ​មានការ ហក់​ឡើង​បន្តិចវិញ ​ក្រោយ​មាន​ការ​ស្ងប់ស្ងាត់​មួយ​រយៈពេលធំ។ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាលឆ្លង ​ជំងឺកូវីដ-១៩ ​កងកម្លាំងចម្រុះការពារព្រំដែន​ក្នុង​ភូមិសាស្រ្តខេត្តបាត់ដំបង ​បាន​ធ្វើការ​ទំនាក់ទំនង និងសហការយ៉ាង​ជិតស្និទ​ជាមួយភាគីថៃ ដើម្បី​ទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុង ទឹកដីថៃដោយមិនស្របច្បាប់៕ អត្ថបទ៖ នឿត សុភក្រ្ត

ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ានលើកទី៤ ប្រចាំឆ្នាំ២០២១

2022/03/01 01:30:49 pm        768
កែប៖ ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ាលើកទី៤ ប្រចាំឆ្នាំ២០២១ ដែលតាមរយៈពានរង្វាន់នេះ ត្រូវគេមើលឃើញថា ខេត្តនេះ នឹងកាន់តែមានកិតិ្តសព្ទល្បីរន្ទឺ និងអាចស្រូបទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ផងដែរ។នៅព្រឹកថ្ងៃទី១ ខែមីនានេះ រដ្ឋបាលខេត្តកែប បានរៀបចំពិធីអបអរសាទរក្រុងកែប ខេត្តកែប បាន ទទួលវិញ្ញាបនបត្រទទួលស្គាល់ជាទីទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ាលើកទី៤ ប្រចាំឆ្នាំ២០២១ ពិធីនេះ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សោម ចិន្តា បានបញ្ជាក់ថា ខេត្តកែប ទទួលបានពាន រង្វាន់ច្រើន ទាក់ទងបរិស្ថាន និងអនាម័យ ។ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប​ បានឲ្យដឹងដែរថា​ ខេត្តកែប ធ្លាប់ទទួលបានពានរង្វាន់ នេះម្តងហើយ ​ដែលនេះ​គឺជាការទទួលជាលើកទី២។យុវជនខេត្តកែប បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយរបស់ខ្លួនថា ​ពួកគេពិតជាមាន មោទនភាព​ក្រៃលែង​ ដែលខេត្តកែប ទទួលបាពានរង្វាន់នេះ។ដើម្បីបន្តទទួលបានពានរង្វាន់នេះ និងពានរង្វាន់ផ្សេងៗទៀត ឯកឧត្តម បានស្នើដល់គ្រប់ភាគី ទាំងអស់ ​ចូលរួមថែរក្សាការពារបរិស្ថានអនាម័យ ​ហើយរាល់គម្រោង​អភិវឌ្ឍន៍​ទាំងអស់ ត្រូវ​សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវ។ រាល់មូលដ្ឋានបម្រើសេវាទេសចរណ៍​ និង​សិប្បកម្ម​នានា ដែលមានទីតាំងជាប់ឆ្នេសមុទ្រ ត្រូវមាន​អាង​ប្រព្រឹត្តកម្មទឹកកខ្វក់​ ឬធុងចម្រោះទឹកកខ្វក់ផ្ទាល់ខ្លួន ​មុនបង្ហូរចូល ប្រព័ន្ធ​លូ​សាធារណៈគ្រប់​ទីកន្លែង។ ស្ថានប័នរដ្ឋ និង​ឯកជនផ្ទះប្រជាពលរដ្ឋត្រូវមានធុងសំរាម ​និងទទួល​យក​សេវាប្រមូលសំរាម។ គ្រប់ការដ្ឋានយករ៉ែផ្សេងៗ ​ការដ្ឋានសំណង់ ​ផ្លូវថ្នល់ ​ត្រូវអុវត្តតាមបច្ចេកទេសឲ្យ​បានត្រឹមត្រូវ ជាពិសេស ​ឧទ្យានជាតិ​ខេត្តកែប ត្រូវបន្តថែទាំដាំដើមឈើបន្ថែម ៕អត្ថបទ៖ អន សារឹម

រោងចក្រដំឡើងគ្រឿងបរិក្ខារអគ្គិសនីតំលៃ ២,៥ លានដុល្លា ក្នុងខេត្តពោធិ៍សាត់ បើកដំណើរការ

2022/03/01 01:15:40 pm        997
ពោធិ៍សាត់៖ រោងចក្រដំឡើងគ្រឿងបរិក្ខារអគ្គិសនីតំលៃ ២,៥ លានដុល្លា ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកដំណើរការជាផ្លូវការ រួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា។ពិធីសម្ពោធបើកអោយដំណើរការរោងចក្រនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២២ ក្រោម​អធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងដោយមានការអញ្ជើញចូលរួម​ពីឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។រោងចក្រថ្មីនេះ មានឈ្មោះថា ស្នេថេក ឈីន (SchneiTec CHINT) ​ដែលត្រូវបានបង្កើតឡើង ពី​ការ​បណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនស្រុក ​ស្នេថេកគ្រុប (SchneiTec Group)និងក្រុមហ៊ុនចិន​ ឈីនគ្រុប (CHINT Group) ​ដោយសាងសង់នៅលើផ្ទៃដីទំហំ ២០ ០០០ ម៉ែត្រការ៉េ។ក្នុងជំហានទី១ រោងចក្រនេះ ផ្តោតទៅលើការផលិតសម្ភារៈអគ្គិសនីតង់ស្យុងកំរិតមធ្បមគ្រប់ប្រភេទ និង​សម្ភារៈប្រព័ន្ធសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យខ្នាតតូច ។ថ្លែងក្នុងពិធីនោះ ឯកឧត្តម ស៊ុយ សែម ​ការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន​ដែល​មានបទពិសោធន៍គ្រឿងបរិក្ខារអគ្គីសនីមកពីប្រទេសចិន បានជួយលើកមុខមាត់ខេត្ត​អោយ​មានសន្ទុះនៃការអភិវឌ្ឍប្រកួតប្រជែងកាន់តែខ្លាំងនៅតំបន់ និងបានផ្តល់ឱកាសការងារក្នុងស្រុកបានកាន់តែច្រើនផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ​ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ​ស្រុកក្រគរ និងស្រុកកណ្តៀង បានលើកឡើងថា ពិធីសម្ពោធបើកអោយដំណើរការរោងចក្រ​ក្នុង​ថ្ងៃនេះជា សេចក្តីរីករាយសម្រាប់ប្រជាជនកម្ពុជា​ទាំងមូល ជាពិសេសគឺសម្រាប់ប្រជាជន​ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ​ដោយសារតែប្រទេសកម្ពុជា​ពីមុនពោពេញដោយសង្គ្រាម តែដោយសារមាននយោបាយឈ្នះរបស់សម្តេចតេជោ​ បានធ្វើអោយកម្ពុជាមានសន្តិភាព ទើប​មានការអភិវឌ្ឍជាហូរហែ ​នៅតាមតំបន់អស្ថេរភាពពីមុន ៕អត្ថបទ៖ ពៅ ភិរុណ

កម្ពុជាចាប់ផ្ដើមធ្វើជំរឿនសេដ្ឋកិច្ចជាលើកទីពីរ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន

2022/03/01 12:58:39 pm        942
ភ្នំពេញ៖ កម្ពុជា បានចាប់ផ្ដើមការធ្វើជំរឿនសេដ្ឋកិច្ចដោយចាប់ផ្ដើមពី ថ្ងៃទី១ខែមីនា ដល់ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ការធ្វើជំរឿនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២នេះ គឺជាលើកទី ២ ដែលកម្ពុជារៀបចំឡើង ហើយក៏ជាជំរឿនដែលប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ក្រសួងផែនការ បានចាប់ផ្ដើម ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដោយចាប់ផ្ដើមពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ខាងមុខ ​សម្រាប់ការចុះ​សម្ភាសន៍​ប្រមូល​ទិន្នន័យ​ពីអង្គភាព​សេដ្ឋកិច្ចទាំងអស់ទូទាំងប្រទេស។ សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺធ្វើឡើងក្នុងរយៈពេល ១០ ឆ្នាំម្ដង ដូចជាជំរឿនប្រជាជនផងដែរ គ្រាន់តែក្រុមគោលដៅត្រូវ​សម្ភាសន៍​ផ្សេងពីគ្នា។ ​ជំរឿនសេដ្ឋកិច្ចឆ្នាំ ​២០២២នេះ ​ជាលើកទី ២​ ដែលបានធ្វើឡើង។ នៅថ្ងៃចាប់ផ្ដើមដំបូងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ មាន​ប្រសាសន៍ថា ការងារជំរឿនសេដ្ឋកិច្ចនេះ​ ជាកិច្ចការសំខាន់ ដើម្បីដឹងពីកំណើនសេដ្ឋកិច្ចពិតប្រាកដ ហើយលទ្ធផលដែលទទួលបានគឺមានសារៈសំខាន់សម្រាប់​រាជ​រដ្ឋាភិបាលរៀបចំ​គោល​នយោបាយ។ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ តាមការ​ប៉ាន់ប្រមាណ ​គឺមានទីតាំងត្រូវចុះ​សម្ភាសន៍​ចំនួន ជាង ៧៤ម៉ឺនទីតាំង។ ​សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ​ គឺ​សម្ភាសន៍​ម្ចាស់​អាជីវកម្ម សហគ្រាសធ្វើ​សកម្មភាព​ផលិតកម្ម និងសេវាកម្មទូទាំង​ប្រទេស​ ស្ថិតក្នុងវិស័យផ្នែកអាជីវកម្មរ៉ែ ​កម្មន្តសាល ​អគ្គិសនី និង​ឧស្ម័នផលិត​ទឹកស្អាតអនាម័យ ​និងសេវាកម្មដទៃទៀត​ដែលត្រូវបានកំណត់​តាម​ចំណាត់ថ្នាក់​ស្តង់ដារ​អន្តរជាតិ នៃ​វិស័យសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ៕ អត្ថបទ៖ គឹមហុក

ប្រធានសមាគមស៊ីក្លូ ក្រើនរម្លឹកអ្នកប្រកបរបរធាក់ស៊ីក្លូឱ្យរួសរាន់ ទៅចាក់វ៉ាក់សាំងដូសជំរុញ

2022/03/01 12:11:10 pm        478
ភ្នំពេញ៖ ប្រធានសមាគមស៊ីក្លូ នៅថ្ងៃទី១ ខែមីនានេះ បានក្រើនរម្លឹកដល់អ្នកប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញ ឱ្យរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ដើម្បីបង្កើនអង់ទីគ័រ ទប់ទល់ នឹងការវាយលុកពីជំងឺនេះ ។នៅថ្ងៃទី១ខែមីនានេះ លោក អ៊ឹម សម្បត្តិ ប្រធានសមាគមស៊ីក្លូ បានឱ្យដឹងថា បច្ចុប្បន្នការ​ប្រកប​របរ​អ្នក​ធ្លាក់ស៊ីក្លូ ​ដែលមានជាង ២០០នាក់នៅភ្នំពេញ ​ដំណើរ​ការ​ធម្មតា ប៉ុន្តែការរកចំណូលមិនសូវកាក់​កប​ដូចមុននោះទេ ​ពោលដោយសារការរីករាលដាលសកលនៃជំងឺកូវីដ-១៩។ ក្រៅពីនេះ លោកបានក្រើនរម្លឹកដល់អ្នកប្រកបរបរធាក់ស៊ីក្លូ សូមរួសរាន់ទៅទទួលការ​ចាក់វ៉ាក់សាំង​បង្កាជំងឺកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ដើម្បីបង្កើនអង់ទីគ័រទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។សម្រាប់អ្នកធាក់ស៊ីក្លូ ដែលបានចាក់វ៉ាក់សាំងកូវីដរួច ​បានប្រាប់BTV​ ឱ្យដឹងដែរថា បន្ទាប់ពីចាក់​វ៉ាក់សាំង​ដូសទី៤រួច ​បានជួយបង្កើនទំនុកចិត្តជាងមុន​ ក្នុងពេលប្រកបរបរប្រចាំថ្ងៃ។បើទោះបី​ចាក់វ៉ាក់​សាំងរួច ​ពួកគាត់​នៅតែ​បន្តអនុវត្តវិធានសុខាភិបាល ​៣កុំ ៣ការពារ។ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជូនប្រជាពលរដ្ឋ ​គឺជាយុទ្ធសាស្រ្ត​ចម្បង​មួយ ដែល​រាជ​រដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំង​នឹងការរាតត្បានៃជំងឺកូវីដ-១៩ ។បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានជាង៤៣ ​លានដូស រាប់បញ្ជូលទាំងការបញ្ជា​ទិញ​ពី​ប្រទេសចិន​ ជំនួយតាមរយៈយន្តការកូវ៉ាក់​ និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចាប់ពីដូសទី១ ដល់ដូសទី៤ អាយុពី៣ឆ្នាំឡើង អាច​ទៅ​ទទួល​ការ​ចាក់វ៉ាក់សាំងកូវីដបាន​ នៅទីតាំង​សុខាភិបាលសាធារណៈ​ ដោយភ្ជាប់​ទៅជាមួយ សំបុត្រកំណើត​ អត្តសញ្ញាណប័ណ្ណ ​កាត់ចាក់វ៉ាក់សាំង ​ឫឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ 

ពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ក្នុង​ចន្លោះពី៧០០នាក់ ទៅ១០០០នាក់ក្នុងមួយថ្ងៃ

2022/03/01 11:48:41 am        603
ភ្នំពេញ៖ កុមារ យុវវ័យ ប្រជាពលរដ្ឋ ក្នុងចន្លោះពី ៧០០នាក់ រហូតដល់ទៅ ១០០០នាក់ ក្នុងមួយថ្ងៃ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បើតាមលោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះថា បច្ចុប្បន្ន​មណ្ឌលសុខភាព​ស្ទឹងមានជ័យ ដោយមាន​ការ​សហការ​ពីអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់​ ខណ្ឌបានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់ដូសទាំងអស់ ជូនប្រជាពលរដ្ឋ ដោយរលូន។ ទន្ទឹមនឹងនោះស្ថិតក្នុងសម័យកូវីដ-១៩ យើងទាំងអស់ត្រូវមកទទួល​ការចាក់វ៉ាក់សាំង​ឲ្យបាន​គ្រប់ៗគ្នា ​សម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយកី្ត ​ក៏ត្រូវតែការពារខ្លួន ៣កុំ ៣ការពារ ​រក្សា​គម្លាត ​លាងដៃជាមួយសាប៊ូ ​ឬអាល់កុល​ ឬជែល ឲ្យបានញឹកញាប់ និងសូមនៅផ្ទះ​ប្រសិន​បើអ្នកមានគ្រុនក្តៅ ​ឬសង្ស័យថា បានឆ្លងជំងឺកូវីដ-១៩ និង​សូមស្វែងរកជំនួយសុខាភិបាល​ភ្លាមៗ។ជាមួយគ្នានោះដែរ អាណាព្យាបាលនាំកូនអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ ​មកទទួលការចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសមូលដ្ឋាននិងយុវវ័យ ​ប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងដូសទី២ ដូសទី៣ និងដូសទី៤ ​នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ​បាន​លើកឡើង​ស្រដៀងគ្នាថា​ ពួកគាត់​ពិតជា​មាន​មោទនភាពជាទីបំផុត ​ដោយមាន​ប្រមុខដឹកនាំ ​ដុតដៃដុតជើងរកវ៉ាក់សាំងមកចាក់ការពារ​អាយុជីវិតរបស់​ប្រជាពលរដ្ឋទូទាំង​ប្រទេស។ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា បានបញ្ជាក់ថា ​សព្វថ្ងៃលោកគ្រូពេទ្យ ​អ្នកគ្រូពេទ្យ ក្នុង​មណ្ឌលសុខភាពស្ទឹងមានជ័យ​ មានចំនួន ១៤នាក់ មមាញឹកក្នុងការចាក់វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ១៩ ជូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ​និងផ្តល់សេវាសុខាភិបាលផ្សេងៗ​ជូនប្រជាពលរដ្ឋ ក្រៅ​ពីការចាក់វ៉ាក់សាំង ​ដូចជាការពិនិត្យជំងឺទូទៅ​ ពិនិត្យផ្ទៃពោះ​ ពន្យាកំណើត និង​សម្រាលកូនតាម​ធម្មជាតិ​ និងចាក់វ៉ាក់សាំងជូនកុមារទើបនឹងកំណើតអាយុចាប់ពី១ខែកន្លះ ​រហូតដល់១៨ខែផងដែរ៕ អត្ថបទ រដ្ឋា

ACU ទទួលពាក្យបណ្តឹងពីពលរដ្ឋចំនួន៤៦ បណ្ដឹង នៅក្នុងខែកុម្ភៈ

2022/03/01 11:35:11 am        411
ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា នៅក្នុងខែកុម្ភៈ អង្គភាពប្រឆាំងអំពើពុករលួយACU បានទទួលពាក្យប្តឹងសរុបចំនួន ៤៦ បណ្ដឹង ក្នុងនោះបណ្តឹងពីជនអនាមិកចំនួន ២៣ បណ្ដឹង។ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី៩ អាណត្តិទី៣ បានដំណើរការ​ក្រោម​អធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។នៅក្នុងកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានរាយការណ៍ថា នៅក្នុងខែកុម្ភៈនេះ ក្រុមអ្នកច្បាប់របស់ACU បានប្រជុំពិនិត្យ វិភាគ និងមាន​ចំណាត់​ការ​លើ​ពាក្យប្តឹង ​ជារៀងរាល់ព្រឹក ​នៃថ្ងៃ​បន្ទាប់​ដែល​ទទួល​បាន​ពាក្យបណ្តឹង។នៅកិច្ចប្រជុំក្រុម​ប្រឹក្សា​ភិបាលនេះដែរ ​ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏បានរាយការណ៍​ដែរថា​ គិតត្រឹមខែកុម្ភៈនេះ​ ដើម្បីបញ្ជាក់​ពីភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល​នៅ​ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធមួយចំនួន បានដាក់ឯកសារប្រកាស​ទ្រព្យ​សម្បត្តិ និងបំណុលតាមរបប២ឆ្នាំម្តង ឆ្នាំ២០២២នៅអង្គភាពប្រឆាំងអំពើពុករលួយចំនួន ​១៥ ០៤៨ រូប ស្មើនឹង ៩៩.៩៩% នៃចំនួនត្រូវប្រកាសសរុប ១៥ ០៥០ រូប។នៅក្នុងដំណើរការប្រកាសឯកសារប្រកាសទ្រព្យសម្បត្តិ ​និងបំណុលនេះដែរ មានមន្ត្រី​សាធារណៈតែងតាំង​ថ្មី ១៥៥ រូប - លាឈប់រួចប់អាណត្តិពីការងារ ៤២ រូប ​ចូលនិវត្តន៍ ៦៦ រូប និងបាន​បញ្ឈប់ពីការងារ ​១១រូប ខណៈអង្គភាពប្រឆាំងអំពើពុករលួយ បានបើកស្រោមសំបុត្រ​ពិនិត្យ​ទ្រព្យ​សម្បត្តិ និងបំណុលដែលជាប់ការសង្ស័យចំនួន ​១៦នាក់ និងបើកតាមសំណូមពរ​ក្រុម​អ្នកស៊ើបអង្កេតចំនួន ៧ ករណី។ក្នុងដំណើរការប្រឆាំងអំពើពុករលួយនៅកម្ពុជានេះដែរ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ​ឱម យិនទៀង បាន​ពិនិត្យឃើញថា ​មហាជនបានទទួលស្គាល់ច្បាស់ថា ACU ​ជាអង្គភាពស្អាត៕អត្ថបទ ស៊ុម សុខជា

មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្គត់ផ្គង់ឈាមឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន

2022/02/28 05:17:43 pm        667
ភ្នំពេញ៖ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមថា ស្ថានភាពនៃការផ្គត់ផ្គង់ឈាម ទៅដល់មន្ទីរពេទ្យនានាទូទាំងប្រទេស ក្នុងការជួយសង្គ្រោះជីវិតមនុស្ស អាចទប់ទល់នឹងស្ថានភាពតម្រូវការបច្ចុប្បន្នបាន ខណៈការបរិច្ចាកឈាមពីសប្បុរសជន នៅបន្តចូលរួមបរិច្ចាកជាធម្មតា ទោះបីស្ថានភាពនៃជំងឺកូវីដ-១៩ នៅបន្តក៏ដោយ។លោកវេជ្ជបណ្ឌិត លី សាវិត្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងនៅក្នុង​កម្មវិធី​បរិច្ឆាកឈាម​ របស់ក្រសួងរ៉ែ និងថាមពល ​នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា បច្ចុប្បន្នការ​ផ្គត់ផ្គង់ឈាម​ នៅតែមានតម្រូវយ៉ាងខ្លាំង​ ជាក់ស្តែងក្នុងមួយថ្ងៃៗ ​តម្រូវការនៃការ​ផ្គត់ផ្គង់​ មានចាប់ពី ១៥០ ទៅ ៣០០ប្លោក បើធៀបទៅនឹងការបរិច្ចាកឈាម ដែលទទួលបានពីការចូលរួមបរិច្ចាកឈាម​ពីសប្បុរសជន​ នៅតាមក្រសួង មន្ទីរ ស្ថាប័ន ​ទាំងវិស័យរដ្ឋ និងឯកជន គឺមានលក្ខណៈប្រហាក់​ប្រហែល​គ្នា ។លោកវេជ្ជបណ្ឌិត បន្តថា ជុំវិញការបរិច្ចាកឈាម ទោះបីនៅក្នុងស្ថានភាពនៃវិបត្តិជម្ងឺកូវីដ ១៩ បានបង្ករឡើងយ៉ាង​ណាក៏ដោយ ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅតែទទួលបានការចូលរួមពី​សប្បុរសជន​ជា​បន្តបន្ទាប់ ​ដែលធ្វើឲ្យការផ្គត់ផ្គង់ឈាម​ អាចឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នបាន ក្នុងនោះដើម្បីបន្តនិរន្តភាពនៃការផ្គត់ផ្គង់ ​លោកវេជ្ជបណ្ឌិត ​បានអំពាវនាវដល់សប្បុរសជនទាំងអស់ ជួយគាំទ្រ ​និងផ្តល់ការ​បច្ចាកឈាម​ជាបន្តបន្ទាប់ទៀត ​ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។នៅក្នុងការបរិច្ចាកឈាមនេះដែរ ឯកឧត្តម ស៊ុយ ឌីម៉ង់​ រដ្ឋលេខាធិការក្រសួងរ៉ែ​ និងថាមពល បាន​ថ្លែងនូវការកោត​សរសើរ ​ចំពោះមន្រ្តីរបស់ក្រសួង​ ដែលបានចំណាយ​ពេលវេលា ​ជាពិសេស​ការ​បរិច្ឆាកឈាម​របស់ខ្លួន ​ចូលរួមជាមួយសង្គម ​និងជួយដល់ជនកំពុងរងគ្រោះ ដែលកំពុងត្រូវការ​ឈាម ​ក្នុងនោះ​ដើម្បីចូលរួមចំណែកតាមរយៈនៃការបរិច្ចាកឈាមនេះ​ ឯកឧត្តម បានអំពាវដល់​មន្រ្តី​ទាំងអស់​ បន្តវប្បធម៌នៃការចូលរួម​ជាមួយ​សកម្មភាព​បរិច្ចាក​ឈាម​លើកក្រោយៗទៀត ដើម្បី​ធ្វើការ​បរិច្ចាកឈាម ​ជូនទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ​ដែលកំពុងមានតម្រូវការ ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាប្រកាសខេត្តកែប ជាខេត្តទី១អស់មីន

2022/02/28 05:07:00 pm        686
កែប៖ កម្ពុជាបានប្រកាសខេត្តកែប ជាខេត្តទី១អស់មីន ហើយគ្រោងនឹងប្រកាសរាជធានី-ខេត្តចំនួន០៧ទៀត អស់មីនជាបន្តបន្ទាប់ ក្នុងឆ្នាំនេះ រួមមាន រាជធានីភ្នំពេញ ខេត្តព្រៃវែង កណ្តាល កំពង់ចាម ព្រះសីហនុ រតនគិរី និងខេត្តតាកែវ។ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីអបអរសាទរការប្រកាសខេត្តកែប ជាខេត្តទី១ អស់មីន នៅថ្ងៃទី២៨ ខែកុម្ភៈនេះ នៅខេត្តកែប បានលើកឡើងថា ក្នុងឆ្នាំ២០២១ ដោយ​បាន​ទទួលនូវការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ​សម្រេចជ្រើសរើសយកខេត្តកែប ដែល​មាន​ផលប៉ះពាល់តិចតួច ​ធ្វើការបោសសម្អាត​ និងរៀបចំប្រកាសជាខេត្តអស់មីនដំបូងគេបង្អស់ ក្រោម​ការ​ចូលរួមឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុប្រទេសន័រវេស្ស និងប្រទេសហុងគ្រី ដោយជ្រើសរើស​យក​មជ្ឈមណ្ឌល​សកម្មភាពកម្ចាត់មីនកម្ពុជា ​(CMAC) ​ជាអ្នកបោសសម្អាត។ឯកឧត្តម បានបញ្ជាក់ថា “កម្ពុជា បាន​ទទួលរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៦០ ​មានទាំងបញ្ហាមីន​ និងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ​ហើយថា ភូមិអស់មីន ​ឬខេត្តអស់មីន មិនមែនជាភូមិ ​ឬជាខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ​មានដូចជា គ្រាប់បែក​ទម្លាក់​ពីលើយន្តហោះ ​គ្រាប់បែកចង្កោម ​និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាដើមនោះទេ។ ខេត្តកែប អស់មីន តែមិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ ​ដូច្នេះប្រជាពលរដ្ឋ ត្រូវតែ​បន្តប្រុងប្រយ័ត្ន ​និងរួមគ្នាបន្តចាត់វិធានការដោះស្រាយ​ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់”។ឯកឧត្តម បានបញ្ជាក់ថា ​ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល និងឈានទៅ​សម្រេច​បាននូវចក្ខុវិស័យ “កម្ពុជាមួយ ​គ្មានមីនឆ្នាំ២០២៥” ​អាជ្ញាធរមីន បានរៀបចំនូវគោល​ការណ៍​ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ​ដែលនឹងធានាថា ​រាល់​ចម្ការ​មីនទាំង​អស់ ដែលមាន​នៅ​ក្នុងភូមិ​ ត្រូវបានបោសសម្អាត ​ក្នុងគោលដៅជួយពន្លឿន​ដល់ការបោសសម្អាតមីន និង​ទាក់ទាញ​នូវការចូលរួមគាំទ្រពីម្ចាស់ជំនួយថ្មីៗ​ និងវិស័យឯកជនបន្ថែមទៀត។ គិតត្រឹមឆ្នាំ២០២១ កម្ពុជា នៅ​សល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន២០១៧គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដី​មានមីន ៧៨៨គីឡូម៉ែត្រក្រឡា ​ដែលកម្ពុជា​ ត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ កំពុង​នៅ​សល់ក្នុងរាជធានី-ខេត្តចំនួន២៣ ទៀត។លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ​បានឱ្យដឹងថា ​ខេត្តកែប ​ជាតំបន់សមរភូមិ ដែល​មាន​ការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាល​ និងកងទ័ពខ្មែរក្រហម ​ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយ ​ក្នុងចំណោមតំបន់ក្តៅទាំងឡាយ ​នៃប្រទេសកម្ពុជា។ក្រោយពីសង្គ្រាមត្រូវបាន​បញ្ចប់ ​តំបន់មួយចំនួន ​បានបន្សល់ទុកនូវគ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ​បណ្តាលឲ្យមានអ្នកគ្រោះថ្នាក់​ដោយសារមីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម ​ដែលគិតត្រឹមឆ្នាំ២០២១​ ចំនួន២២១នាក់​ ក្នុងនោះស្រុកដំណាក់ចង្អើរ មាន១៩៨នាក់ ​និងក្រុងកែប មាន២៣នាក់ ៕អត្ថបទ៖ អន សារឹម

ពលរដ្ឋក្នុងឃុំព្រះរំកឹល លែងប្រឈមនឹងការពិបាកធ្វើដំណើរទៀតហើយ​បន្ទាប់​ពី​ទទួល​បាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម​១ខ្សែ

2022/02/28 04:51:11 pm        460
ស្ទឹងត្រែង៖ ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ត្រូវបានកសាងរួចរាល់ជាស្ថាបពរ ជូនដល់ប្រជាពលរដ្ឋនៅក្នុងព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីបញ្ចប់ភាពលំបាកនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ។ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត កាលពីម្សិលមិញ បានដឹកនាំមន្ត្រីរាជការ ចុះពិនិត្យមើលផ្លូវមួយខ្សែ ដែលបានស្ថាបនាឡើង​ដោយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ក្នុងឃុំព្រះរំកឹល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ជា​ប្រភេទផ្លូវក្រាលគ្រួសក្រហម ​មានទទឹង៦ម៉ែត្រ ប្រវែង១២ពាន់ម៉ែត្រ ដែលជាគម្រោងសាងសង់​ដោយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ​ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំព្រះរំកឹល និងអ្នកដំណើរឆ្លងកាត់។លោកបានបញ្ជាក់ថា ពីមុនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ​មានការលំបាកក្នុងកាធ្វើដំណើរ ដឹកកសិផលទៅកាន់ទីផ្សារ ​ពីព្រោះគ្មានផ្លូវឆ្លងកាត់ឡើយ ​តែពេលនេះ ​មន្ទីអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវខ្សែនេះរួចរាល់ហើយ។ក្នុងឱកាសចុះពិនិត្យផ្លូវ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានកោតសរសើដល់មន្ទីរអភិវឌ្ឍន៍​ជនបទ និងក្រុមការងារស្ថាបនាផ្លូវ ​ដែលបានខិតខំប្រឹងប្រែងក្នុងការស្ថាបនាផ្លូវ១ខ្សែនេះ ឲ្យ​បាន​រួចរាល់ ​ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ​ហើយនេះជាផ្នែកមួយ ក្នុងការជួយ​ដោះស្រាយ​បញ្ហាទុក្ខលំបាក​របស់ប្រជាពលរដ្ឋ ។ឯកឧត្តម បានស្នើដល់ប្រជាពលរដ្ឋ ​ដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ ​មេត្តាចូលរួមថែរក្សាផ្លូវនេះឲ្យ ល្អ​ ដើម្បីប្រើប្រាស់បានយូរអង្វែង ​និងសម្រាប់បម្រើជាផលប្រយោជន៍សាធារណៈផងដែរ៕អត្ថបទ៖ មាស ផល្លា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការ បតេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត
07/01/2025 08:07 PM
តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ
07/01/2025 08:07 PM
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម
07/01/2025 08:07 PM
លោក Netany របស់អ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងជួបលោក Trump នៅសប្តាហ៍ក្រោយ
07/01/2025 08:07 PM
អង្គការសប្បុរសធម៌ជាង ១៧០ អំពាវនាវឲ្យបញ្ចប់ប្រព័ន្ធចែកចាយជំនួយថ្មី នៅហ្កាហ្សា ដោយបារម្ភពីសុវត្ថិភាពជនស៊ីវិល
07/01/2025 08:07 PM
រដ្ឋធានីឥណ្ឌា ហាមមិនឲ្យលក់ប្រេងឥន្ធនៈឲ្យរថយន្តចាស់ៗ ជាការប៉ុនប៉ងប្រឆាំងការបំពុល
07/01/2025 07:07 PM
«សហរដ្ឋអាមេរិក និងកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេចបាននូវលទ្ធផលលើការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា រួមទាំងចូលរួមចំណែកពង្រឹងសន្តិសុខសុខភាពសកលតាមរយៈការកាត់បន្ថយជំងឺឆ្លង»
07/01/2025 07:07 PM
សម្ដេចធិបតីជួបជាមួយមេធាវីអន្តរជាតិដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធការបន្តនីតិវិធីរបស់កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីវិវាទព្រំដែនជាមួយថៃ
07/01/2025 07:07 PM
ឯកឧត្តម សុខ ពុទ្ធិវុធ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស
07/01/2025 07:07 PM
អភិបាលក្រុង Izhevsk៖ មនុស្ស ៣នាក់ស្លាប់ និង ៣៥នាក់រងរបួស ដោយសារការវាយប្រហាររបស់អ៊ុយក្រែន
07/01/2025 07:07 PM