គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុត ក្នុងពិភពលោក

2024/07/08 03:26:25 pm        163
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់វេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុតនៅក្នុងពិភពលោក ដែលវិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគជាមួយនឹងកម្មសិទ្ធបរទេស ១០០ ភាគរយ នៅក្នុងវិស័យភាគច្រើនដោយមិនមាន​លក្ខខណ្ឌ​តម្រូវឱ្យចូលរួមពីវិនិយោគិនក្នុងស្រុក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ​បានបញ្ជាក់ថា ​រាជរដ្ឋាភិបាលកម្ពុជា តែងតែ​ប្រកាន់ភ្ជាប់នូវ​អភិក្រម​គាំទ្រធុរកិច្ច ​ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន​នូវគ្រប់ដំណាក់កាល​នៃ​ប្រតិបត្តិការ​អាជីវកម្ម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន​នឹងកំពុងអនុវត្តនូវគោលនយោបាយ​យុទ្ធសាស្រ្ដ​គ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ច និងការធ្វើការវិនិយោគយ៉ាងច្រើនលើហេដ្ឋា​រចនាសម្ព័ន្ធគន្លឹះ ​លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ ​ការងារសមរម្យ កិច្ចគាំពារសង្គម ឌីជីថលូបណីយកម្ម ​និងចីរភាពបរិស្ថានសម្រាប់វិស័យឯកជនផងដែរ។ សូមជម្រាបថា រាជជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ​នៃរដ្ឋសភា បាននិងកំពុងបន្តនូវការទាក់ទាញ​វិនិយោគិនបរទេសនិយាយជារួម ​និងវិនិយោគិនបារាំង ​និយាយដោយឡែក។ តាមរយៈវេទិកាធុរកិច្ចកម្ពុជា-បារាំង​ថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ចនិងសង្គម រ​វាងប្រទេសកម្ពុជា​ និងបារាំងតាមរយៈការជំរុញឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដោយមានការសម្របសម្រួលប្រកបដោយអត្ថន័យរវាងក្រុមហ៊ុន​បារាំង​ទាំងក្នុងតំបន់ និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជាជាមួយសមភាគីកម្ពុជា។ បន្ថែមពីនេះទំនាក់ទំនងដ៏រឹងមាំ ​និងយូរអង្វែងរវាងប្រជាជាតិទាំងពីរ ហើយក្នុងអំឡុងពេលនោះ​សភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ដ៏សំខាន់មួយ​ជាមួយសម្ព័ន្ធអង្គការនិយោជកបារាំង (APF) ​ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ និង​ភាពជាដៃគូរវាងសហគ្រិននៅក្នុងសហគមន៍​សេដ្ឋកិច្ចនិយាយភាសាបារាំងផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ រាជរដ្ឋាភិបាលបង្កើតគណៈកម្មការជាន់ខ្ពស់ចំនួនពីរដើម្បីពង្រឹងនូវធុរកិច្ច និងការវិនិយោគ

2024/07/08 03:15:17 pm        144
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍​បញ្ជាក់ថា ​ដើម្បីគិតគូរពីភាពងាយស្រួល និងសុខុមាលភាពរបស់វិនិយោគិន​ទាំងអស់ ជាពិសេស​វិនិយោគិនបរទេស រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាន់ខ្ពស់ចំនួនពីរ ដើម្បីពង្រឹងនូវធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខ​របស់​វិនិយោគិនទាំងអស់ដោយយកចិត្តទុកដាក់ស្ដាប់ទាំងអស់រាល់បញ្ហាប្រឈម ដែលវិនិយោគិនលើក​ឡើង និងពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែល​កើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ គិតរួម ធ្វើសកម្មភាពរួម និងទទួលខុសត្រូវរួម។ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាល ក៏កំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្ដល់​មធ្យោបាយងាយស្រួលបំផុតសម្រាប់វិស័យឯកជន ក្នុងការបញ្ជេញមតិ ​កង្វល់ និងសូមណូមពរ ក្នុងនោះយន្តការដែលលេចធ្លោជាងគេ គឺវេទិការរដ្ឋាភិបាលផ្នែកឯកជន ដែលសម្ដេចធិបតី​ផ្ទាល់តែង​តែអញ្ជើញ​ចូលរួម​ធ្វើជាធិបតីក្នុងវេទិការនេះ ដើម្បីស្ដាប់មតិយោបល់របស់វិនិយោគិន​ទាំងក្នុង និងក្រៅប្រទេសដែលមានកង្វល់ និងសូមណូមពរ។ សូមជម្រាបថា ដើម្បីលើកទឹកចិត្ត និងផ្ដល់ភាពងាយស្រួលដល់វិនិយោគិនទាំងក្នុង និងក្រៅ​ប្រទេស​រាជរដ្ឋាភិបាលបានសម្រាលបន្ទុករបស់វិស័យឯកជនពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម ការស្នើសុំ​អាជ្ញាបណ្ណ អនុលោមភាពការងារ និងអនុលោមភាពគណនេយ្យ និងសវនកម្មជាដើម។ ក្រៅពីនេះរាជរដ្ឋាភិបាលបាននឹងកំពុងផ្ដល់អាទិភាពខ្ពស់ដល់ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយតាមរយៈការរៀបចំ និងអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាដើម្បីដោះស្រាយកង្វល់​របស់វិស័យ​ឯកជនជាពិសេសពាក់ព័ន្ធនឹងសវនកម្ម និងការវាយតម្លៃពន្ធឡើងវិញ៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមបញ្ឈប់យករូបលោកបណ្ឌិត កែម ឡី ដើម្បីកេងចំណេញនយោបាយ និងបំផ្លើសបំភ្លៃការពិត

2024/07/08 03:07:07 pm        162
ភ្នំពេញ៖ លោក ហេង សំណាង ដែលជាអតីតកូនសិស្ស និងលោក ធូវី សុវណ្ណដារ៉ា ត្រូវ​ក្មួយ​បង្កើត​​លោក​បណ្ឌិត កែម ឡី និងជាប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការ​សង្គម​ស៊ីវិល​សាខា​ខេត្តតាកែវ បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល និងសារព័ត៌មានបរទេសជាខេមរៈភាសាមួយចំនួន បញ្ឈប់​យក​គ្រប់​រូបភា​ពរ​បស់​លោក​បណ្ឌិត កែម ឡី ដើម្បីកេងចំណេញ នយោបាយ និងប្រើប្រាស់រូបភាព​ដើម្បី​បំផ្លើស​បំភ្លៃ​ការ​ពិត។ ក្រុមយុវជនបានអំពាវនាវនេះស្របពេលដែលខួប៨ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ឈាន​ជិតមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ហើយមាន​ក្រុម​ប្រឆាំង​ជ្រុលនិ​យមមួ​យ​ចំនួន​កំពុងយករូបភាពលោកបណ្ឌិត ដើម្បីកេញចំណេញនយោបាយរបស់ពួកគេ។លោក ធូវី សុវណ្ណដារ៉ា បានអំពាវនាវ និងទទូចម្តង​ហើយ​ម្តង​ទៀត​ដល់​ក្រុម​ប្រឆាំង​ជ្រុលនិយម​សុំកុំយ​ក​រូបភាពលោកពូរបស់ខ្លួន គឺលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់​លោក​ដើម្បី​យក​ទៅ​ធ្វើ​ជា​ឈ្នាន់នយោបាយ និងដើម្បីកេងចំណេញនយោបាយ។ ជាពិសេសនាពេលបច្ចុប្បន្ននេះ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន មេក្លោងចលនា​ខុសច្បាប់​បាន​យករូបភា​ព​លោក​បណ្ឌិត កែម ឡី ដើម្បីយកទៅផ្សព្វផ្សាយក្នុងការកេងចំណេញ និងវាយប្រ​ហារ​មក​លើ​រាជរដ្ឋាភិបាល។ សារព័ត៌មាន ឌឹ ខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ដែលតែងតែ​យករូបភាព​លោក​បណ្ឌិត កែម ឡី យកទៅវាយប្រហារមកលើរាជរដ្ឋាភិបាល។លោក ធូវី សុវណ្ណដារ៉ា បានអះអាងថា៖«កន្លងមកលោកពូ កែម ឡី មិនដែលមាន​គំនិត​ទៅ​ប្រឆាំ​ង​ជាមួ​យរដ្ឋាភិបាលទេ ហើយក៏មិនដែលមានគំនិតផ្តួចផ្តើមក៏ដូចជាចង់ផ្តួលរំលំរដ្ឋាភិបាលដែរ។ ជាមួយគ្នានេះ ខ្ញុំសូមអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុម​គ្រួសារ​ដែល​តែង​តែ​ឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ខ្ញុំបាទក្នុងការធ្វើបុណ្យរម្លឹកខួបលោកពូ កែម ឡី កន្លងមកជា​រឿយ​ៗ និងបានឧបត្ថម្ភថវិកាជាច្រើនដើម្បីកសាងចេតីយបង្ហើយជូនលោកបណ្ឌិត កែម ឡី»។លោក ហេង សំណាង ជាកូនសិស្ស និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវ​ទៅដ​ល់​គណបក្ស​នយោបាយក្រុមប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិល វិទ្យុអាស៊ីសេរី និងខេមបូឌា​ដេលី ដែលតែងតែយករូបភាពលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារ ដើម្បីកេងចំណេញ​នយោបាយ សូមបញ្ឈប់យករូបភាពលោកបណ្ឌិត កែម ឡី មកផ្សព្វផ្សាយចាប់ពីពេលនេះតទៅ។ឆ្លើយតបទៅនឹងក្រុមប្រឆាំងជ្រុលនិយមលោក ហេង សំណាង បានអះអាងថា លោកគ្រូបណ្ឌិត កែម ឡី មិនដែលលម្អៀតទៅគណបក្សនយោបាយណាមួយទេ គឺគាត់នៅកណ្តាល គាត់វិភាគ​បើក​វាំង​នននៃសង្គម ហើយក៏មិនដែលមានគំនិតនៅក្នុងការផ្តួចផ្តើមផ្តួលរំលំរដ្ឋាភិបាលនោះទេ ដែលពួកក្រុមប្រឆាំងតែងតែលើកឡើងកន្លងមកនោះជាពាក្យចចាមអារាម។លោកបញ្ជាក់ថា៖«ពិសេសការដាក់ការសន្និដ្ឋាន យើងខ្លាំងបំផុតក្រុមជនទី៣ជ្រុលនិយម ដែលធ្វើ​នយោបាយ (ស្វាស៊ីបាយ លាបមាត់ពពែ) ព្រោះជនទីបីជ្រុលនិយម គឺតែងតែឆ្លៀតឱកាស វាយ​ប្រហារដើម្បីគេហចំណេញនយោបាយរបស់ពួកគេ»។សូមជម្រាប​ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅហាងស្តាម៉ាត​ក្នុង​ស្ថានីយ​ប្រេង ឥន្ធនៈកាល់តិច ជិតស្តុបបូកគោ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ចំណែក​ឃាតករ​ត្រូវបានសមត្ថកិច្ចតាមចាប់បានភ្លាមៗ បន្ទាប់ពីបានព្យាយាមរត់គេចខ្លួន។ ឃាតករត្រូវ​បាន​តុលាការផ្តន្តាទោសដាក់ពន្ធនាគារអស់មួយជីវិត៕ 

អ្នកនយោបាយ៖ ក្រុមសកម្មជនបរិស្ថានដែលត្រូវផ្តន្ទាទោស គឺជាឈ្នាន់របស់ជនក្បត់ជាតិ​នៅក្រៅស្រុក

2024/07/08 03:02:08 pm        98
អ្នកនយោបាយមួយចំនួននៅកម្ពុជា បានចាត់ទុក ការសម្រេចផ្តន្ទាទោសក្រុមសកម្មជនបរិស្ថាន គឺជាការអនុវត្តផ្លូវច្បាប់ត្រឹមត្រូវដោយសារពួកគេនោះជាឈ្នាន់របស់ជនក្បត់ជាតិបង្កើតព្រឹត្តិការណ៍​វិទ្ធង្សនា ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ថ្លែងប្រាប់ BTV នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ស្រប​ពេល​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍គាំទ្រ និងថ្កោលទោសលើ​អំពើ​របស់​ក្រុម​សកម្មភាព​បរិស្ថាន​ដែល​ត្រូវ​សាលា​ដំបូង​រាជ​ធានីភ្នំពេញសម្រេចផ្តន្ទាទោសកាលពីថ្មីៗនេះ លោក អ៊ុន វិសិទ្ធគុន ប្រធាន​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ បានឱ្យដឹងថា ក្នុងនាមអ្នក​នយោបាយ​មួយ​រូប​ដែល​បាន​តាម​ដាន​ជុំវិញ​សំណុំ​រឿងនេះ បានចាត់ទុកសកម្មភាព​របស់​ក្រុម​សកម្មជន​បរិស្ថាន​ជា​ចេតនា​បង្កើត​ព្រឹត្តិការណ៍​វិទ្ធង្សនា ក្នុងការទាញយកមជ្ឈដ្ឋាន​ពី​បរទេស​ឱ្យ​ដាក់​សម្ពាធ​លើ​ការ​អនុវត្ត​របស់​តុលាការ​។ ប្រធានគណបក្ស​រូបនេះ បញ្ជាក់ថា ចេតនានៃការបង្កើតព្រឹត្តិការណ៍ទាំងអស់នេះ គឺសុទ្ធតែឈ្នាន់​របស់​ជន​ក្បត់ជាតិ៣ជំនាន់នៅពីក្រោយ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ជាមួយគ្នា លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងថា តាមរយៈ​ការ​ផ្តន្ទា​ទោស​ក្រុម​សកម្មជនបរិស្ថាននេះកំពុងត្រូវបានអ្នក​នយោបាយ​ក្បត់​ជាតិ​យក​ធ្វើ​ជា​ចំណី​នយោបាយ​របស់​ខ្លួន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋលែងទុកចិត្តចំពោះអង្គព្រះមហាក្សត្រ និងផ្លូវច្បាប់​របស់​កម្ពុជា​។ សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បាន​ប្រកាស​សាល​ក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំ ទៅ​៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និង​រួម​គំនិតក្បត់។ ការសម្រេចផ្តន្ទាទោសលើក្រុមសកម្មជនបរិស្ថាននេះ ដោយសារកាលពីឆ្នាំ២០២១ ក្រុម​សកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោយ​ពី​បែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នានាពេលនោះ៕ អត្ថបទ សេក ឧត្តម 

សម្ដេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨ គម្រោង

2024/07/08 03:00:53 pm        64
ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨ គម្រោង និងគិតជាទឹកប្រាក់មានចំនួនជិតប្រាំពាន់លានដុល្លារ។ គម្រោងវិនិយោគនេះ បានបង្ហាញឱ្យឃើញថា កម្ពុជា គឺជាប្រទេសដែលមានការបោះទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះសេដ្ឋកិច្ចសាកល, ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្គ្រាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានប្រមាណ អត្រាកំណើន ៥ភាគរយនៅឆ្នាំ ២០២៣ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ច ៦ភាគរយនៅឆ្នាំ ២០២៤នេះ។ សម្ដេច បញ្ជាក់ថា កន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញកម្ពុជាឱ្យក្លាយជាគោលដៅ​វិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍នៅ​ក្នុងទសវត្សរ៍​ចុងក្រោយនេះកម្ពុជាតែងតែស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍​តិចតួច ដែលទទួល​បានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។ សូមជម្រាបថា បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា​សម្រេច​បានសម្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ​ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោងវិនិយោគសរុបចំនួន ១៩០ មានតម្លៃ ៣,២ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ វ៉ន ដារ៉ា

កូរ៉េខាងត្បូង នឹងពិភាក្សាពីការគំរាមកំហែងរបស់កូរ៉េខាងជើង ចំពោះអឺរ៉ុប នៅក្នុងកិច្ចប្រជុំ NATO

2024/07/08 01:51:33 pm        59
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល (Yoon Suk Yeol) បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រថា លោកនឹងពិភាក្សាជាមួយបណ្ដាមេដឹកនាំណាតូ (NATO) អំពីការគំរាមកំហែងដោយឡែកពីគ្នា ដែលកូរ៉េខាងជើងបង្កឡើងចំពោះអឺរ៉ុប ដោយការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ដោយព្រមានថាទីក្រុងមូស្គូ ត្រូវតែធ្វើការជ្រើសរើសរវាងកូរ៉េទាំងពីរ ជាទីដែលផលប្រយោជន៍ពិតរបស់ខ្លួនស្ថិតនៅ។លោក Yoon បាននិយាយថា នោះ «ពឹងផ្អែកទាំងស្រុង» លើរុស្ស៊ី ដែលថាខ្លួនចង់មានទំនាក់ទំនងនាពេលអនាគតជាមួយកូរ៉េខាងត្បូងឬទេ ដោយបន្ថែមថា ទីក្រុងសេអ៊ូល នឹងធ្វើការសម្រេចចិត្តលើការគាំទ្រអាវុធសម្រាប់អ៊ុយក្រែន ដោយផ្អែកលើមធ្យោបាយដែលកិច្ចព្រមព្រៀងយោធាថ្មីរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដំណើរការ។លោក Yoon បានប្រាប់រ៉យទ័រថា «កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បង្កការគំរាមកំហែងដោយឡែក និងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ និងនៅអឺរ៉ុប»។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះសំណួររបស់រ៉យទ័រ នៅមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូ ដែលធ្វើឡើងនៅថ្ងៃទី០៩ ទី១០ និងទី១១ ខែកក្កដា។លោក Yoon ដែលបានក្លាយជាមេដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងឆ្នាំ២០២២ បានចាកចេញនៅថ្ងៃចន្ទ (០៨ កក្កដា) នេះសម្រាប់កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន ដោយនោះជាលើកទីបីរបស់លោកដែលចូលរួមក្នុងកិច្ចប្រជុំបែបនេះ។ រុស្ស៊ី បានហៅកូរ៉េខាងត្បូង ថាជា «ប្រទេសគួរឱ្យរាប់អានបំផុត» ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានថា កូរ៉េខាងត្បូងនឹងធ្វើ «កំហុសដ៏ឆ្គងធំ» ប្រសិនបើខ្លួនសម្រេចចិត្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន៕

សម្ព័ន្ធមិត្តរបស់បារាំង ធូរចិត្តដែលក្រុមស្ដាំនិយមជ្រុលចាញ់ឆ្នោត ប៉ុន្តែបារម្ភពីភាពវឹកវរនយោបាយ

2024/07/08 01:05:05 pm        74
សម្ព័ន្ធមិត្តជាច្រើនរបស់ប្រទេសបារាំង សម្ដែងក្ដីត្រេកអរដែលរឿងអាក្រក់បំផុតត្រូវបានបញ្ចៀស នៅពេលដែលក្រុមស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បរាជ័យក្នុងការឈ្នះការបោះឆ្នោតសភាជុំទីពីរកាលពីថ្ងៃអាទិត្យ (០៧ កក្កដា) ប៉ុន្តែពួកគេបារម្ភថា សម្ព័ន្ធភាពដ៏រញ៉េរញ៉ៃនៅក្នុងសភាបារាំង អាចបង្ករឿងឈឺក្បាលសម្រាប់អឺរ៉ុប។គណបក្ស រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ឡឺប៉ែន បានឈរនៅលេខរៀងទីមួយឈ្មោះបោះឆ្នោតជុំទីមួយ ដោយបង្កើនហានិភ័យថាអាចមានរដ្ឋាភិបាលស្តាំនិយមជ្រុលដំបូងរបស់បារាំង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងការគម្រាមកំហែងលើគោលនយោបាយសេដ្ឋកិច្ច និងការបរទេសនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ។ជាពិសេស សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបារម្ភថា រដ្ឋាភិបាលដឹកនាំដោយលោកស្រី ឡឺប៉ែន អាចនឹងងាកលើខាងទីក្រុងមូស្គូ និងកាត់បន្ថយការផ្តល់ជំនួយផ្នែកយោធា ដែលទីក្រុងគីវ ពឹងផ្អែកចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ ទោះបីជាបក្សលោកស្រី ឡឺប៉ែន បាននិយាយថា រុស្ស៊ីគឺជាការគំរាមកំហែងក៏ដោយ។ ប្រតិកម្មដំបូងៗជាច្រើនពីក្រៅប្រទេសដូចជា ប៉ូឡូញ អាល្លឺម៉ង់ អេស្ប៉ាញ និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតជាច្រើនបានត្រេកអរ ដែលការគំរាមកំហែងភ្លាមៗរបស់រដ្ឋាភិបាលស្តាំនិយមជ្រុលត្រូវបានលុបបំបាត់។ ការបរាជ័យរបស់បក្ស រួបរួមកម្លាំងជាតិ បង្ហាញថាយ៉ាងហោចណាស់មានការរុញច្រានជាបណ្តោះអាសន្នប្រឆាំងនឹងកំណើនក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប ប៉ុន្តែក៏បង្ហាញពីរយៈពេលនៃអស្ថិរភាពជាមួយរដ្ឋាភិបាលថ្មីនៅក្នុង «ការរួមរស់ជាមួយគ្នា» ដែលមិនងាយស្រួល សម្រាប់លោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)៕

នាយករដ្ឋមន្ត្រីឥណ្ឌា ធ្វើទស្សនកិច្ចលើកដំបូងទៅរុស្ស៊ី ចាប់តាំងពីសង្គ្រាមអ៊ុយក្រែន ចាប់ផ្ដើម

2024/07/08 01:00:42 pm        81
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទ (០៨ កក្កដា) នេះ ដែលជាលើកទីមួយរបស់លោកចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន ដែលជាសង្រ្គាមមួយដែលធ្វើឱ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តមានភាពស្មុគស្មាញ និងបានរុញច្រានរុស្ស៊ី ឱ្យកាន់តែជិតស្និទ្ធជាមួយគូប្រជែងរបស់ឥណ្ឌា គឺប្រទេសចិន។ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី នឹងរួមបញ្ចូលការជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលលោកបានជួបចុងក្រោយនៅរុស្ស៊ី ក្នុងឆ្នាំ២០១៩ នៅក្រុងកំពង់ផែចុងបូព៌ា វ្ល៉ាឌីវ៉ូស្តុក (Vladivostok)។ មេដឹកនាំទាំងពីរក៏បានជួបផ្ទាល់នៅខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសអ៊ូសបេគីស្ថាន ក្នុងកិច្ចប្រជុំកំពូលនៃប្លុកអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។រុស្ស៊ី មានទំនាក់ទំនងរឹងមាំជាមួយឥណ្ឌា តាំងពីសង្គ្រាមត្រជាក់មក ហើយសារៈសំខាន់របស់ទីក្រុងញូវដែលី ក្នុងភាពជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ទីក្រុងមូស្គូ បានរីកចម្រើនចាប់តាំងពីវិមានក្រឹមឡាំង បានបញ្ជូនកងទ័ពចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មក។ ក្រោមការដឹកនាំរបស់លោក ម៉ូឌី ឥណ្ឌាបានជៀសវាងការថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការដោះស្រាយដោយសន្តិវិធី។ភាពជាដៃគូរវាងទីក្រុងមូស្គូ និងទីក្រុងញូវដេលី កាន់តែមានភាពស្រពិចស្រពិល ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយគូប្រជែងសំខាន់របស់ឥណ្ឌា គឺចិន ដោយសារតែអរិភាពនៅអ៊ុយក្រែន៕

លោក Zelenskyy សង្ឃឹមថា មេដឹកនាំណាតូ នឹងព្រមព្រៀងលើជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែន

2024/07/08 11:36:35 am        108
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញក្តីសង្ឃឹមថា មេដឹកនាំសម្ព័ន្ធយោធាណាតូ នឹងព្រមព្រៀងដើម្បីជំរុញជំនួយដល់ប្រទេសរបស់លោក ខណៈកងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ខ្លួននៅភាគខាងកើតអ៊ុយក្រែន។កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នឹងបើកនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារស្អែកនេះ។លោក Zelenskyy បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម ថា ដើម្បីការពារទីក្រុងនានា និងភូមិទាំងអស់របស់យើង និងដើម្បីយកឈ្នះពិតប្រាកដលើភេរវកររុស្ស៊ី យើងត្រូវការ ការសម្រេចចិត្តច្បាស់លាស់បន្ថែមទៀត។ ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ថា កងកម្លាំងរបស់ខ្លួនបានដណ្តើមកាន់កាប់ភូមិមួយនៅតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែន។ ក្រសួងនិយាយថា កងកម្លាំងដណ្តើមបានទីតាំងយុទ្ធសាស្ត្ររបស់ពួកគេ ជាលទ្ធផលនៃប្រតិបត្តិការដ៍សកម្ម។កងកម្លាំងអ៊ុយក្រែន បានប្រកាសថា ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់រុស្ស៊ីនៅលើសមរភូមិ Pokrovsk ក្នុងតំបន់ Donetsk។ការយកចិត្តទុកដាក់ ត្រូវបានផ្តោតទៅលើថាតើជំនួយចំនួនប៉ុន្មាន ដែលមេដឹកនាំសម្ព័ន្ធយោធាណាតូ នឹងអាចផ្តល់ឲ្យ ខណៈលោក Zelenskyy បានបញ្ជាក់លើតម្រូវការសម្រាប់ការគាំទ្រក្នុងការទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ និងការពង្រឹងប្រព័ន្ធការពារដែនអាកាស។

ហ្វីលីពីន និងជប៉ុន ចុះហត្ថលេខាលើកិច្ចសន្យាការពារជាតិ ដោយសម្លឹងមើលការទប់ទល់ចិន

2024/07/08 11:28:35 am        86
មន្រ្តីម្នាក់បាននិយាយនៅថ្ងៃចន្ទ (០៨ កក្កដា) នេះថា ប្រទេសហ្វីលីពីន និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមក (RAA) ដែលអនុញ្ញាតឱ្យពួកគេដាក់ពង្រាយកម្លាំងនៅលើដីរបស់គ្នាទៅមក ដែលជាជំហានដ៏សំខាន់ក្នុងទំនាក់ទំនងសន្តិសុខរបស់ភាគីទាំងពីរ ដោយសម្លឹងរកមើលការទប់ទល់ឥទ្ធិពលចិន ស្របពេលមានភាពតានតឹងកើនឡើងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ។រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្នុងពិធីមួយនៅទីក្រុងម៉ានីល ដោយមានការចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) នេះបើតាមលេខាធិការទំនាក់ទំនងប្រធានាធិបតីបាននិយាយនៅក្នុងសារមួយ។កិច្ចព្រមព្រៀងនេះបង្កើតក្របខ័ណ្ឌមួយដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការយោធា ដូចជាធ្វើឱ្យការចូលក្នុងប្រទេសរបស់បុគ្គលិកបរទេស និងគ្រឿងយុទ្ធោបករណ៍កាន់តែងាយស្រួលសម្រាប់កងកម្លាំងបំពេញទស្សនកិច្ច។ ក្រុមមន្ត្រីនិយាយថា កិច្ចព្រមព្រៀង ដែលជាប្រភេទដំបូងដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជប៉ុននៅអាស៊ីនេះ នឹងចូលជាធរមានបន្ទាប់ពីការផ្តល់សច្ចាប័នដោយសភានៃប្រទេសទាំងពីរ។វត្តមានយោធាជប៉ុន នៅហ្វីលីពីន អាចជួយទីក្រុងម៉ានីល ទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅសមុទ្រចិនខាងត្បូង ជាទីដែលការទាមទារដែនសមុទ្រដ៏ធំទូលាយរបស់ទីក្រុងប៉េកាំង មានជម្លោះជាមួយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។ ទាំងហ្វីលីពីន និងជប៉ុន ដែលជាសម្ព័ន្ធមិត្តអាស៊ីដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក បានប្រកាន់ខ្ជាប់នូវជំហរដ៏រឹងមាំប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថាជាសកម្មភាពដ៏កម្រោលរបស់នាវាចិន ស្របពេលមានជម្លោះលើអធិបតេយ្យភាពដែនសមុទ្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កសិករបង់ក្លាដែសជួបការលំបាកហិរញ្ញវត្ថុ ស្របពេលវិបត្តិអ៊ីរ៉ង់បង្កឲ្យមានវិបត្តិប្រេងឥន្ធនៈ
04/09/2026 09:04 PM
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់
04/09/2026 08:04 PM
មនុស្ស ៤នាក់ស្លាប់ ពេលជនអន្តោប្រវេសន៍ព្យាយាមឡើងជិះទូកនៅជិតតំបន់ឆ្នេរភាគខាងជើងបារាំង
04/09/2026 08:04 PM
មន្ត្រីអ៊ីរ៉ង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បង្កហានិភ័យដល់កិច្ចព្រមព្រៀងបទឈប់បាញ់
04/09/2026 08:04 PM
ការផ្អាកសង្គ្រាម នៅអ៊ីរ៉ង់ មានន័យថា ការកាត់ក្ដីពុករលួយរបស់លោក Netanyahu នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ
04/09/2026 08:04 PM
របាយការណ៍៖ លោក Trump ចេញ «ឱសានវាទ» ដល់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz
04/09/2026 08:04 PM
ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់
04/09/2026 08:04 PM
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅឥណ្ឌានិយាយថា ប៉ាគីស្ថានមិនមែនជាតួអង្គគួរឲ្យទុកចិត្តនោះទេ
04/09/2026 08:04 PM
អេក្វាទ័រកោះហៅឲ្យមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូឡុំប៊ី នៅក្នុងជម្លោះការទូតចុងក្រោយ
04/09/2026 08:04 PM
ចក្រភពអង់គ្លេសបានដាក់ពង្រាយយោធា ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យចូលដែនទឹករបស់ខ្លួន
04/09/2026 08:04 PM