តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម
ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ "មានហូប មានប្រើ មានបាន និងមានរហូត"
ក្រសួងកសិកម្មត្រូវការមន្រ្តីកសិកម្មឃុំចំនួន ៣៥០នាក់បន្ថែមទៀត ដើម្បីលើក​ស្ទួយ​ផលិត​កម្ម​កសិករ
ឯកឧត្តម ឌិត ទីណា​ ជំរុញមន្រ្តីកសិកម្មឃុំចុះផ្សព្វផ្សាយនិងពន្យល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មដល់កសិករ

សេដ្ឋកិច្ច និង កសិកម្ម

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម

2025/06/21 09:22:39 am        215
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពីការជំរុញ ការវិនិយោគបៃតង ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញដល់កំណើននៃការចេញ វិស័យឧស្សាហកម្ម ជាក់ស្តែងការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស មានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុប របស់កម្ពុជា លើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ២០២២ ដល់ ២០២៤ កន្លងទៅ។ ឯកឧត្តមក៏បានលើកឡើងពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដែលជំរុញ និងលើកទឹកចិត្តការវិនិយោគបៃតងរួមមាន៖ ការវិនិយោគក្នុងវិស័យថាមពលបៃតង, បច្ចេកវិទ្យា ដែលរួមចំណែកដល់ការបន្សុំា និង ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រាជាដើម។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា ការរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នឹងធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា សម្រេច បានសក្តានុពលពេញលេញ ជាកត្តាជំរុញនៃកំណើនប្រកបដោយចីរភាព បៃតង និងបរិយាបន្ន។ ចំណែកដំណើរទស្សនកិច្ចសិក្សារបស់និស្សិតនៃសាកលវិទ្យាល័យក្នុងស្រុកមួយ នៅថ្ងៃទី២០ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីការវិនិយោគនៅកម្ពុជា ដែលមានសន្ទុះកើនឡើង បើទោះបីពិភពលោកបច្ចុប្បន្នកំពុងមើលឃើញសង្គ្រាម និងភាព តានតឹងផ្នែកពាណិជ្ជកម្មក៏ដោយ។ ជាក់ស្តែងនៅក្នុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦ លានដុល្លារអាម៉េរិក ខណៈដែលរយៈពេលដូចគ្នា នៅក្នុង ខែឧសភា ឆ្នាំ២០២៤ មានត្រឹមតែ ២៥ គម្រោង ឬស្នើនឹងទុនវិនិយោគ ២៤៦ លានដុល្លារអាម៉េរិកប៉ុណ្ណោះ ពោលគឺបានកើនឡើង រហូតដល់ ២៣១%, ការណ៍នេះ បានធ្វើឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅ ក.អ.ក. រយៈពេល ៥ ខែ ឆ្នាំ២០២៥ មានចំនួនសរុប ២៩០គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ "មានហូប មានប្រើ មានបាន និងមានរហូត"

2025/06/19 01:22:44 pm        122
ភ្នំពេញ៖ បន្ទាប់ពីខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានបន្តអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅ ខេត្តសៀមរាប ដែល​ជា​ខេត្ត​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សន​កិច្ចការងារវគ្គនេះ។ នៅ​ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ដែ​ល​ផ្តោត​អាទិភាពលើការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពកសិករ និងការ​រួម​ចំណែក​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ និងទស្សនាទាន "មានហូប មានប្រើ មានបាន និងមានរហូត" ដែល​ក្រសួង​កំពុង​ជំរុញ​អនុវត្តយ៉ាងសកម្ម។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សន្តិសុខស្បៀង ទាំងសម្រាប់កសិករ ទាំង​សម្រាប់ប្រជាពលរដ្ឋអ្នកទទួលទានក្នុងស្រុក មិនថាក្នុងកាល:ទេស:ណា ឬ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចម្រើន​យ៉ាង​ណា គឺជាអាទិភាពខ្ពស់បំផុតនៃវិស័យកសិកម្មកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ ដែលកំពុងជួយ​ដល់​បង​ប្អូន​កសិករ​នៅ​ទូទាំង​ប្រទេស​លើ​បច្ចេក​ទេស​ផលិត​កម្ម ការសម្របសម្រួលទីផ្សារ ការរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង​ការ​ប្រមូលផ្តុំជាសហគមន៍កសិកម្មទំនើប ដោយសម្រេច​បានលទ្ធផល​ល្អ​ប្រសើរ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​លើក​ស្ទួយជីវភាពប្រជាកសិករ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តមន្ត្រីកសិកម្មឃុំចេះសម្របសម្រួលជាមួយរដ្ឋបាលឃុំ-ស្រុក មន្ទីរកសិកម្ម និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារ និងបន្ត​យក​ចិត្ត​ទុក​ដាក់​ជួយ​ប្រជា​ពលរដ្ឋ​តាមតួនាទីភារកិច្ច ដើម្បីទទួលបានការគាំទ្រ និងទំនុកចិត្ត​កាន់​តែ​ច្រើន​ថែម​ទៀត​ដែល​អាច​បើកឱកាសឱ្យប្អូនៗចាប់យកតួនាទីក្នុងក្រុមប្រឹក្សាឃុំ-ស្រុក-ខេត្ត នាពេលអនាគត។ បើ​តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន​ជួប​សំណេះ​សំណាលជាមួយមន្រ្តីកសិកម្មឃុំចំនួនជាង ២០០នាក់ ក្នុងខេត្តចំនួន៤ គឺកំពង់ធំ, ព្រះវិហារ, ឧត្តរមានជ័យ និងសៀមរាប៕

ក្រសួងកសិកម្មត្រូវការមន្រ្តីកសិកម្មឃុំចំនួន ៣៥០នាក់បន្ថែមទៀត ដើម្បីលើក​ស្ទួយ​ផលិត​កម្ម​កសិករ

2025/06/19 01:07:56 pm        109
ភ្នំពេញ៖ បន្ទាប់ពីជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅកងពលអន្តរាគមន៍លេខ២ ទិស​ទី៣ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានបន្តអញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​មន្រ្តីកសិកម្ម ឃុំ-សង្កាត់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បាន​លើក​ឡើង​អំពី​កម្ម​វិធី​គោល​នយោបាយ​អាទិភាព​ទី​៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលតាមរយៈនេះ ប្អូនៗមន្ត្រីកសិកម្មឃុំ ចំនួន ១ ២៥០នាក់ ត្រូវបានជ្រើសរើស និងកំពុងបំពេញការងារ ខណៈដែលចំនួន ៣៥០នាក់ទៀត កំពុង​ត្រៀម​ជ្រើស​រើសបន្ថែម ដើម្បីដាក់ពង្រាយនៅទូទាំងប្រទស និងដើម្បីជួយគាំទ្របច្ចេកទេស ផលិត​កម្ម និងទីផ្សារជូនបងប្អូនកសិករ។ ក្នុង​ការ​អនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីកសិកម្មឃុំ ឯកឧត្តមរដ្ឋមន្ត្រីបា​ន​ណែនាំ​ឱ្យ​ប្អូ​ន​ៗ​ធ្វើ​ការ​វាយ​តម្លៃស្ថា​នភាពឱ្យបានច្បាស់លាស់ និងស្នេីសុំការគាំទ្របន្ថែមពីអ្នកជំនាញក្រសួង ក្នុង​ករណី​ចាំ​បាច់ តាមប្រព័ន្ធ Hotline លេខ១២៨៩ មុននឹងផ្តល់ការឆ្លើយតប ឬដំណោះស្រាយ​ទៅ​ប្រជា​កសិក​រ​វិញ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការឆ្លើយតប ក៏ដូចជា​ជំនឿ​ទុក​ចិត្ត​របស់​កសិករ។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា ការងារសំខាន់មួយទៀតរបស់ប្អូនៗ គឺ​ត្រូវ​ព្យាយាម​ពន្យល់​ប្រជា​កសិករឱ្យមានការគិតវិជ្ជមានចំពោះវិស័យកសិកម្ម ផ្អែកលើទស្សនាទាន "មានហូប មានប្រើ មាន​បាន និងមានរហូត", ជួយវិភាគ សេដ្ឋកិច្ច និងគណនាថ្លៃដើមផលិតដល់កសិករ និងលើក ទឹកចិត្ត​កសិករឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីក្រសួង​អាច​ផ្តល់​ការ​គាំទ្រ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈដែលក្រសួង នឹងបន្តខិតខំអនុវត្តយន្ត​ការ​រក្សា​លំ​នឹង​តម្លៃ​កសិផល​សំខាន់​ៗ​ក្នុង​តម្លៃស​មរម្យជូនកសិករ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ឌិត ទីណា​ ជំរុញមន្រ្តីកសិកម្មឃុំចុះផ្សព្វផ្សាយនិងពន្យល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មដល់កសិករ

2025/06/17 03:24:52 pm        297
ភ្នំពេញ​៖​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលេីកឡេីងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ជាពិសេសគោលនយោបាយ "មានហូប មានប្រេី មានបាន និងមានរហូត" ដោយសង្កត់ធ្ងន់លេីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង លេីកកម្ពស់ជីវភាពប្រជាកសិករ និងចូលរួមទ្រទ្រង់កំណេីនសេដ្ឋកិច្ចជាតិ។ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីកសិកម្មឃុំទាំងអស់ នៅពេលចុះជួយប្រជាកសិករ សូមជួយពន្យល់កសិករអំពីរបៀបគណនាថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ដើម្បីពួកគាត់យល់កាន់តែច្បាស់ថា អ្វីជាថ្លៃដើមពិតប្រាកដ ហើយការចំណាយអ្វីខ្លះដែលមិនត្រូវរាប់បញ្ចូលក្នុងថ្លៃដើមផលិត និងលើកទឹកចិត្តឱ្យបន្តបំពេញការងារតាមឃុំគោលដៅ ផ្សារភ្ជាប់ឱ្យបានជិតស្និទ្ធជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ប្រេីប្រាស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ជាប្រយោជន៍ដល់ការងារកសិកម្ម ជួយដោះស្រាយបញ្ហាប្រឈមនិងគាំទ្របច្ចេកទេសដល់ប្រជាកសិករ៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្កគម្រោងវិនិយោគតាមបណ្តាកោះ-ឆ្នេរ និងរមណីយដ្ឋាននានានៅព្រះសីហនុ

2025/06/13 03:53:48 pm        151
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្កគម្រោងវិនិយោគតាមបណ្តាកោះ-ឆ្នេរ និងរមណីយដ្ឋាននានានៅខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃតថភាពនៃគម្រោងវិនិយោគដែលទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាលកម្ពុជាកន្លងមក។

កម្ពុជាទទួលបានការវិនិយោគចំនួន ១២គម្រោង មានទុនសរុបប្រមាណ ១២៨ លានដុល្លារ

2025/06/12 04:46:38 pm        116
គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១២៨ លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ៤,៦ ពាន់កន្លែង។គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំច្រក ចេញចូលតែមួយ លើកទី៩ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ចំនួន ១២ គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការ អញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១២៨ លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ៤,៦ ពាន់កន្លែង មានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១ គម្រោង (ផលិតគ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុង ផ្ទះគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់ដូចជា កំប៉ុងទឹក ប្រអប់ ចាន ស្លាបព្រា សម ចង្កឹះ ទុយោបឺត ជើងទ្រកំប៉ុង ក្រដាសជូតមាត់, ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ខារអំបោះ និងជ្រលក់ពណ៌, ផលិតផលិតផលធ្វើអំពី ការកាវ, ផលិតបំពង់ទីបដែក, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតនុយសិប្បនិម្មិត និងសម្ភារៈ ស្ទូចត្រីគ្រប់ប្រភេទ, បង្កើតកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនមាន់ ទា, ផលិតខ្សែភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈអគ្គិសនី, និងផលិត សម្ភារៈក្មេងលេង និងសត្វចិញ្ចឹម) និងវិស័យទេសចរណ៍ចំនួន១គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២៨០ បន្ទប់)។សូមបញ្ជាក់ថា គម្រោងវិនិយោគចំនួន ១២ ខាងលើនេះ គ្រោងវិនិយោគស្ថិតនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ស្វាយរៀង កំពត កំពង់ឆ្នាំង និងកំពង់ធំ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា

2025/06/12 04:41:30 pm        155
ចិន៖ កម្ពុជាស្នើដល់អង្គសន្និសីទ បង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដោយរំលេចគំនិត ផ្តួចផ្តើមច្រករបៀង នវានុវត្តន៍មេគង្គ-ឡានឆាង ដើម្បីប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ ទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្ទេរបច្ចេកវិទ្យា។ឯកឧតុ្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃសន្និសីទខ្សែក្រវាត់ និងផ្លូវ លើកទី២ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ ដែលរៀបចំឡើងនៅខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន, ឯកឧតុ្តមរដ្ឋមន្ត្រី បានស្នើបង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់ សម្រាប់ កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដោយរំលេចគំនិតផ្តួចផ្តើម “ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង ដើម្បីប្រែក្លាយតំបន់ អាស៊ីអាគ្នេយ៍ ទៅជាមជ្ឈមណ្ឌលសម្រាប់ ការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា។ក្នុងកិច្ចប្រជុំនោះ, ឯកឧតុ្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃនវានុវត្តន៍ប្រកបដោយក្រមសីលធម៌ និងបរិយាបន្ន និងបានលើកឡើងថា សម្រាប់កម្ពុជា, កិច្ចសហប្រតិបត្តិការនេះ គឺជាការបោះជំហានដ៏សំខាន់ សម្រាប់ការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍជំនាញ និងការបង្កើតអនាគតដ៏រឹងមាំមួយ។សូមបញ្ជាក់ថា សន្និសីទខ្សែក្រវាត់ និងផ្លូវ ស្តីពីការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកទី២ គឺជាវេទិកាជំរុញកិច្ចសហប្រតិបត្តិ នវានុវត្តន៍ ក្នុងចំណោមប្រទេសដែលចូលរួមអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ សន្និសីទឆ្នាំនេះ ត្រូវបានឡើងក្រោមប្រធានបទ “រួមគ្នាដើម្បីនវានុវត្តន៍ ការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា” ដោយផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍សកលមួយ ប្រកប ដោយបរិយាបន្ន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញជ័រកៅស៊ូក្នុងរយៈពេល៥ខែ មានទំហំទឹកប្រាក់ជាង ៧៥៤លានដុល្លារអាមេរិក

2025/06/12 12:05:57 pm        156
​កម្ពុជានាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ៧៥៤ លាន ដុល្លារអាមេរិក កើនឡើងជិត ៥២ ភាគរយ ធៀបរយៈពេលដូច​គ្នា​ឆ្នាំ​២០២៤, ដែលការកើនឡើងនេះ បានបង្ហាញនូវការរីកចម្រើន នៃការ​ដាំដុះ​សម្រាប់​បម្រើ​ការ​នាំចេញ និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​នៃ​ការ​នាំ​ចេញ​ទំនិញ ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញទំនិញ មានទំហំទឹកប្រាក់សរុប ប្រមាណជិត ១២ ពាន់លាន​ដុល្លារ​អាមេរិក​ កើនឡើងប្រមាណជាង ១៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៤ ដែលការ កើន​ឡើង​នេះ បង្ហាញអំពីការអភិវឌ្ឍន៍រីគចម្រើនក្នុងស្រុក ជាពិសេស​ផលិត​ផល​នៅ​ក្នុង​វិស័យ​កសិកម្ម ដែលបានចូលរួមចំណែក ដល់កំណើននៃការនាំចេញទំនិញរបស់កម្ពុជាផងដែររ។ជាក់ស្តែងផលិតផលកសិកម្ម នៅក្នុងរយៈពេល៥ខែនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ និង​ផលិត​ផល​ធ្វើ​ពីកៅស៊ូ មានទឹក ប្រាក់ជាង ៧៥៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥១,៨ ភាគ​រយ ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ការនាំ ចេញជ័រកៅស៊ូ និង​ផលិត​ផល​ធ្វើ​ពី​កៅស៊ូ ​សម្រេចបានត្រឹម ៤៩៧ លានដុល្លារអាមេរិកប៉ុណ្ណោះ ។ ក្រៅពីកៅស៊ូ កម្ពុជាក៏បាន នាំ​ចេញ​​ផលិតផលក្នុងវិស័យកសិកម្មជាច្រើនទៀតដូចជា៖ ផ្លែឈើ និងគ្រាប់ផ្លែឈើគ្រាប់មុខ មាន​ទឹក​ប្រាក់ជាង ៩៣៨ លានដុល្លារ កើនឡើង ៤២ ភាគរយ, ផលិតផលកែច្នៃពីបន្លែ ផ្លែឈើ និង​គ្រាប់​ផ្លែ​ឈើ ចំនួន ៨៨ លានដុល្លារ កើនឡើងជិត ១៥ ភាគរយ និងធញ្ញជាតិជាដើម មាន​ទឹក​ប្រាក់​ជាង ៨០០ លានដុល្លារអាមេរិកផងដែរ។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្មីៗនេះលើកឡើងថា ប្រទេស​កម្ពុជា​ភាគ​ច្រើន​ផលិតជ័រកៅស៊ូ លេខ១ និងលេខ២ សម្រាប់បម្រើតែទីផ្សារនាំចេញ, ជាក់ស្តែង​ការ​នាំ​ចេញ​ជ័រកៅស៊ូ ដែលមានកំណើនកើនឡើងនេះ គឺជាសញ្ញាណ មួយល្អ នៃការងើបឡើង​ក្នុង​វិស័យ​កសិកម្ម គាំទ្រដល់ការនាំចេញ និងសកម្មភាពនៃការដាំដុះ ក៏ជាការគាំទ្រដល់រោងចក្រផលិត សំបក​កង់​រថយន្តក្នុងស្រុកផងដែរ។សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ២០២៤ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជា​បាននាំចេញជ័រកៅស៊ូ គិតជា ទឹកប្រាក់មានចំនួនជាង ១ ៥០០ លានដុល្លារអាមេរិក កើន​ឡើង​ជិត ៦៤ ភាគរយ ខណៈនៅក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញ កៅស៊ូ មានទឹកប្រាក់ជិត ១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកការដាំដុះវិញ, យោងតាមអគ្គនាយកដ្ឋានកៅស៊ូ គិត​ត្រឹមដំណាច់ឆ្នាំ២០២៤ នៅកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួនជាង ៤២ ម៉ឺនហិកតា ក្នុង​នោះ​ផ្ទៃ​ដី​កៅស៊ូចៀរជ័រ មានចំនួនជាង ៣៣មឺ់ន ហិកតា ស្មើជាង ៧៧ ភាគរយ នៃផ្ទៃដីកៅស៊ូសរុប និង​ផ្ទៃ​ដីថែទាំ ៩៥ ពាន់ហិកតា ស្មើនឹងជាង ២២ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាននឹងកំពុងចូលរួមគាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យកសិកម្មតាមរយៈការផ្តល់កម្ចីឥណទានមានអាទិភាពខ្ពស់

2025/06/11 03:01:37 pm        139
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាន​និង​កំពុង​បន្ត​ចូល​រួម​ដល់​ការ​រីក​លូត​លាស់​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យកសិកម្ម តាមរយៈការផ្តល់ កម្ចីឥណទានមានអាទិភាពខ្ពស់ គាំទ្រដល់ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចគ្រួសារ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ BTV ស្តីពីការផ្តល់ ឥណទានទៅដល់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀតថា ទាក់​ទង​ការផ្តល់ឥណទាននេះ ក្នុងនោះការចាប់ផ្តើមដំបូងរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គឺ​បាន​ផ្តល់​ឥណទានលើវិស័យកសិកម្មមុនគេ ប៉ុន្តែក្រោយមកដោយសារការវិវត្តន៍របស់ប្រទេសកម្ពុជា វិស័យ​មីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ក៏បានផ្តល់ឥណទានទៅដល់វិស័យជាច្រើនផ្សេងៗទៀត ដើម្បី​គាំទ្រ​ដល់​ការរីកលូតលាស់នៅក្នុងសេដ្ឋកិច្ច។លោកបន្តថា ជុំវិញការផ្តល់ឥណទាននេះ មកដល់បច្ចុប្បន្នឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាន​ផ្តល់​ឥណទានទៅដល់ កសិករច្រើនជាងគេ ជាក់ស្តែងវិស័យកសិកម្ម មានឥណទានប្រមាណ ២១​ភាគរយ, ពាណិជ្ជកម្ម លក់រាយ និងជំនួញ មានចំនួន ២០ ភាគរយ, វិស័យសេវាកម្ម ជិត ២១​ភាគរយ, សំណង់ ៧ ភាគរយ, ដឹកជញ្ជូនជិត ៣ ភាគរយ និងវិស័យផ្សេងៗ ៣ភាគរយ ។ លោកបន្តថា ទាក់ទិនការផ្តល់ឥណទាននេះដែរ ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន ការបញ្ចេញ​ឥណទាន​របស់​មីក្រូហិរញ្ញវត្ថុ គឺមានការប្រយ័ត្ន ប្រយែងខ្ពស់ ដើម្បីប្រាកដថា ការបញ្ចេញ​ឥណទាន​ទាំង​នោះពិតជាជួយដល់ការសិករ ហើយកសិករមានលទ្ធភាពបង់សង់ត្រឡប់ មកវិញ។ លោក កាំង តុងងី បញ្ជាក់បន្ថែមថា ជារួម, ការផ្តល់ឥណទានដល់វិស័យកសិកម្មនៅតែល្អ ហើយ​គ្រឹះ​មី​ក្រូ​ហិរញ្ញវត្ថុ នៅតែផ្តល់ អាទិភាពដល់វិស័យនេះ ដើម្បីចូល​រួម​ចំណែក​ដល់​ការ​រីក​លូត​លាស់​នៅ​ក្នុង​ការអភិវឌ្ឍន៍វិស័យកសិកម្ម។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលរំពឹងថា ក្នុងឆ្នាំ២០២៥ វិស័យកសិកម្ម នឹង​បន្ត​សម្រេច​បាន​កំណើន​ល្អ​ក្នុងរង្វង់ ១,១ ភាគរយ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការចិញ្ចឹមសត្វ និង​ការ​ងើបឡើងនៃអនុវិស័យនេសាទ ក្នុងនោះអនុវិស័យដំណាំត្រូវបាន រំពឹងថា នូវរក្សា​កំណើន​ល្អ ដោយសារការកើនឡើងនៃការវិនិយោគទាំងក្នុងនិងក្រៅស្រុក លើការកែច្នៃផលិតផលកសិកម្ម និង​ការបង្កើនវិនិយោគសាធារណៈរបស់រដ្ឋជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល៥ខែ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនដល់ជាង ២៥ពាន់លានដុល្លារ

2025/06/10 03:46:32 pm        130
ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ២៥ ពាន់លាន ដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មាន​ទឹក​ប្រាក់​ជិត ១២ ពាន់លានដុល្លារ ដោយទីផ្សារអាមេរិកឈរក្នុងលំដាប់ ទី១ នៃ​ការស្រូប​យក​ទំនិញ​របស់​កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​ នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ៥ ខែ ឆ្នាំ​២០២៥​នេះ, ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា មានទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជាង ២៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៨ ភាគរយ ក្នុងនោះ​កម្ពុជា​បាន​នាំចេញទំនិញ មានទឹកប្រាក់ជិត ១២ ពាន់លានដុល្លារ កើនឡើងជាង ១៧ភាគរយ ខណៈ​ការនាំចូល មានទឹកប្រាក់ជាង ១៣ពាន់លានដុល្លារ កើនឡើងជិត ២០ភាគរយ បើ​ធៀប​រយៈ​ពេល​ដូច​គ្នានឹងឆ្នំា២០២៤។ជុំវិញការនាំចេញទំនិញនេះ, ទីផ្សារដែលគាំទ្រទំនិញសំខាន់ៗរបស់កម្ពុជារួមមាន៖ សហរដ្ឋ​អាមេរិក​មានទឹកប្រាក់ជាង ៤ ៣០០ លានដុល្លារ កើនឡើង ២៧ ភាគរយ, វៀតណាម មាន​ទឹក​ប្រាក់​ជាង ២ ០០០ លានដុល្លារ កើនឡើង ៨ ភាគរយ, ចិន ៦៣៤ លានដុល្លារ ថយចុះ​បន្តិច​បន្តួច​, ជប៉ុនជាង ៦៣៥ លានដុល្លារ កើន ១៩ ភាគរយ, កាណាដា ជិត ៥០០ លានដុល្លារ កើន​ឡើង ២៦ ភាគរយ, ចក្រភពអង់គ្លេស ជិត ៤០០ លានដុល្លារ កើនជាង ១៥ ភាគរយ, អេស្បាញ​ ៤១៤ លានដុល្លារ កើនជិត ១៩ ភាគរយ, អាល្លឺម៉ង់ ៣៦៩ លានដុល្លារ កើន ១០ ភាគរយ, ហូរឡង់ ៣៥៨ លានដុល្លារ កើនជិត ៤០ ភាគរយ, បារាំង ១៨៦ លានដុល្លារ កើន ១៦ ភាគរយ, បែលហ្សិក ១៥១ លានដុល្លារ កើន ៣ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នានឹង​ឆ្នំា​២០២៤ ក្រៅពីនេះកម្ពុជានៅមាន ទីផ្សារសំខាន់ៗជាច្រើនទៀត ដែល​បាន​កំពុង​គាំទ្រ​ដល់​ការ​នាំ​ចេញ​។ចំពោះទំនិញនាំចេញសំខាន់ៗក្នុងរយៈពេល ៥ខែ នេះរួមមាន៖ ការរនាំចេញសម្លៀកបំពាក់ គ្រឿង​បន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជិត ២ ៧០០ លានដុល្លារ, សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំមិនធ្វើពីក្រណាត់ជាង ១ ៥០០ លានដុល្លារ, ស្បែក ជើង ស្រោមជើង ៨៤២ លាន​ដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ៩៣៨ លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ៨៨០ លានដុល្លារ, ធញ្ញជាតិ ជាង ៨០០ លានដុល្លារ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ៥៨៦ លាន​ដុល្លារ, គ្រឿងសង្ហារឹម ជិត ៥០០ លានដុល្លារ, បន្លែបរិភោគបាន ជិត ៤០០ លានដុល្លារ ក្រៅ​ពី​នេះក៏មានប្រភេទទំនិញជាច្រើន បាននិងកំពុងគាំទ្រដល់កំណើននៃការ នាំចេញ​របស់​កម្ពុជា​ផង​ដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គន់ គីម៖ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី នឹងខិតខំសាងសង់ផ្ទះជូនអតីតយុទ្ធជនជាង២ពាន់គ្រួសារនៅទូទាំងប្រទេស
06/21/2025 06:06 PM
ឯកឧត្តម ប៉ែន បូណា៖ «នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក»
06/21/2025 05:06 PM
ឥណ្ឌាប្រាប់ថា ខ្លួននឹងមិនស្តារសន្ធិសញ្ញាទឹក Indus ជាមួយប៉ាគីស្ថានទេ
06/21/2025 05:06 PM
អាមេរិកនឹងយកនាវាផ្ទុកយន្តហោះទី៣ ទៅកៀកនឹងតំបន់មានជម្លោះ នៅមជ្ឈិមបូព៌ា
06/21/2025 05:06 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយមីយ៉ាន់ម៉ា ខណៈមើលឃើញប្រេង និងឧស្ម័ន នៅសមុទ្រ
06/21/2025 05:06 PM
លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើស និងឈាម​របស់​បុព្វបុរស​ខ្មែរ​​ដែល​យើងត្រូវចាំបាច់ការពារ
06/21/2025 04:06 PM
ក្រសួងសុខាភិបាល៖ បុរសអាយុ៥២ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H5N1
06/21/2025 04:06 PM
ភាពតានតឹង នៅមជ្ឈិមបូព៌ា ធ្វើឲ្យវិនិយោគិនប្រុងប្រយ័ត្ន ដោយពិចារណាពីសេណារីយ៉ូអាក្រក់បំផុត
06/21/2025 04:06 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យោធាបានសម្លាប់ប្រមុខអង្គភាពប៉ាឡេស្ទីន ក្នុងក្រុមប្រដាប់អាវុធបរទេសរបស់ IRGC
06/21/2025 04:06 PM
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាំយកអំណោយ និង​សាកសួរ​សុខទុក្ខ​កងទ័ព​នៅ​ទិស​យោធភូមិភាគទី៤
06/21/2025 03:06 PM