ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបានប្រមាណ ១៧ពាន់លានដុល្លារក្នុងត្រីមាសទី១
ADBព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,៥% ក្នុងឆ្នាំ២០២៦ នាំមុខដោយវិស័យ​កម្មន្តសាល

សេដ្ឋកិច្ច និង កសិកម្ម

ឆមាសទី១ CDC អនុម័តគម្រោងវិនិយោគចំនួន១១៣ មានទុនវិនិយោគ ១,១ ពាន់លានដុល្លារ

2023/07/11 03:54:26 pm        118
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោង​ពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ ១ ១០៥ លានដុល្លារ។របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គម្រោង​វិនិយោគ​មាន​ការថយចុះចំនួន ១៥គម្រោង ​ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ​៨០០ លានដុល្លារអាមេរិក​ ធ្លាក់ចុះពី ១ ៩០០​លានដុល្លារ ​ក្នុងឆមាសទី១ឆ្នាំ២០២២។ គម្រោងវិនិយោគ​ទាំង១១៣នេះ ​បង្កើតការងារបានចំនួនប្រមាណ ​១២២ពាន់កន្លែង។ក្នុងចំណោមគម្រោងវិនិយោគ១១៣ ​មានគម្រោងចំនួន ១០២​ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម គម្រោង​ចំនួន៧ ស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គម្រោងចំនួន៣ ស្ថិតនៅ​ក្នុង​វិស័យ​ទេសចរណ៍ និងគម្រោងចំនួន១ ​ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ ​និងបានចូលរួមចំណែកប្រមាណ ២ភាគ៣ ​នៃគម្រោង សរុប ​ខណៈការវិនិយោគក្នុងស្រុក ​ឈរលំដាប់ទី២។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានចាត់ទុកការចុះបញ្ជីវិនិយោគគម្រោងថ្មីៗ ថា​ជាការវិនិយោគដែលមានសក្តានុពលក្រោមច្បាប់វិនិយោគថ្មី ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀង​តំបន់ RCEP និងការអនុគ្រោះពាណិជ្ជកម្មនាំចេញរបស់កម្ពុជា។ឧកញ៉ា លឹម ហេង ​លើកឡើងថា​ ច្បាប់វិនិយោគថ្មី ជាមួយនឹងការអនុគ្រោះពាណិជ្ជកម្មសេរី កម្ពុជា-ចិន FTA និង FTA កម្ពុជា-កូរ៉េ RCEP គឺជា​កត្តា​ដែល​ទាក់ទាញ​ការវិនិយោគពីប្រទេសចិនមកកម្ពុជា ជា​ផ្នែកនៃផលិតកម្មសម្រាប់ការនាំចេញ​ទៅកាន់សហរដ្ឋអាមេរិក ​និងទីផ្សារដទៃទៀត៕ អត្ថបទ៖ វណ្ណៈ

ប្រតិបត្តិការហិរញ្ញវត្ថុតាមគ្រឹះស្ថានហិរញ្ញវត្ថុ​ដំណើរការធម្មតា ខណៈការឆ្នោតជាតិប្រព្រឹត្តិទៅ នៅខែកក្កដានេះ

2023/07/11 03:36:00 pm        125
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងឲ្យដឹងថា នៅក្នុងនិន្នាការយុទ្ធនាឃោសនារកសំឡេងឆ្នោតរបស់បក្ស នយោបាយ ក្នុងនីតិកាលទី៧ នេះ មិនមានការប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុ ក្នុងការផ្តល់ឥណទាន ឬការបង់ត្រឡប់មកវិញ ​និងការទទួលប្រាក់បញ្ញើរនោះឡើយ ។លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា អាណត្តិ មុនៗ​កន្លងមកនេះ ទោះការចេញឃោសនា ការបោះឆ្នោត និងក្រោយការបោះឆ្នោតក្តី និន្នាការ​ទាំងនោះ មិនធ្វើឲ្យប៉ះពាល់ ដល់របរ អាជីវកម្មក្នុងឡើយ ជាពិសេសកិច្ចដំណើរ​នៃប្រតិបត្តិការ​អាជីវកម្មហិរញ្ញវត្ថុ របស់គ្រឹះស្ថានហិរញ្ញវត្ថុ ​ក៏ដូចគ្រឹះស្ថានធនាគារ នៅព្រះរាជាណាចក្រកម្ពុជា។លោក បន្តថា សកម្មភាពនៃប្រតិបត្តិការហិរញ្ញវត្ថុ ​បានដំណើរអាជីវកម្មជាធម្មតា ​ក្នុងការផ្តល់​សេវា​ឥណទាន ​ការត្រឡប់សងរបស់អតិថិជន​ ក៏ដូចជាការទទួល ​ប្រាក់បញ្ញើរ និងសេវាកម្មផ្សេងៗជាដើម ។ បើប្រៀបធៀបទៅនិងរយៈពេលមុន​ៗ ក្នុងអាណត្តិនេះ លក្ខណៈល្អប្រសើរយ៉ាងខ្លាំង ប្រកប​ដោយ​បរិយាប័ន្នរូបិយវត្ថុ, ដែលប្រការទាំងនេះបានបង្ហាញឲ្យឃើញនូវមោទនភាព ​សុខសុវត្ថិភាព ស្ថិរភាព​នយោបាយរបស់កម្ពុជាទាំងស្រុង។សូមបញ្ជាក់ថា ជុំវិញបរិយាសហិរញ្ញវត្ថុ នៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់បក្ស​នយោបាយ​នេះដែរ ថ្មីៗនេះ ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងផងដែរថា​ គិតមកដល់ពេលនេះ បរិយាប័ន្នរូបិយវត្ថុ ​ការវិនិយោគ និងការធ្វើ ពាណិជ្ជកម្មផ្សេងៗ ​មានលំហូរសាច់ប្រាក់ចេញ-ចូលជាធម្មតា ​និងបានផ្តល់នូវបរិយាកាសវិនិយោគ ការរក​ស៊ីទទួលទានផ្សេងៗ ក៏បានដំណើរការទៅដោយរលូន ពោលគឺមិនមានប៉ះពាល់​ដល់​លំហូររូបិយវត្ថុ ឬចរន្តនៃសេដ្ឋកិច្ចនោះឡើយ​ ទោះបីកម្ពុជាកំពុងបើកយុទ្ធនាការ ឃោសនា​រកសំឡេងឆ្នោត ក្នុងអណត្តិថ្មីនេះក៏ដោយ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បោះបង់គម្រោងបន្ទះឈីប Vedanta តម្លៃ ១៩,៥ពាន់លានដុល្លារក្នុងការវាយលុកទីផ្សារឥណ្ឌា

2023/07/11 02:52:33 pm        137
តៃវ៉ាន់៖ ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បានដកខ្លួនចេញពីការបណ្តាក់ទុនឧបករណ៍បន្ទះអេឡិចត្រូនិចរួមគ្នាតម្លៃ១៩,៥ពាន់លានដុល្លារជាមួយក្រុមហ៊ុនពហុឧស្សាហកម្មលោហធាតុ-ប្រេង Vedanta របស់ឥណ្ឌា ដោយក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃចន្ទ (១០ កក្កដា) នៅក្នុងជំហានថយក្រោយនៃផែនការផលិតបន្ទះឈីបលោករបស់នាយករដ្ឋមន្ត្រី Narendra Modi សម្រាប់ប្រទេសឥណ្ឌា។ក្រុមហ៊ុនទាំងពីរនេះបានចាប់ដៃគូកាលពីឆ្នាំមុនក្នុងការបង្កើតរោងចក្រផលិតបន្ទះអេឡិចត្រូនិក និងការដាក់តាំងបង្ហាញនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា។ កង្វល់អំពីការពន្យារពេលអនុម័តលើការលើកទឹកចិត្តដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានរួមចំណែកដល់ការសម្រេចរបស់ក្រុមហ៊ុន Foxconn ក្នុងការដកខ្លួនចេញពីការបណ្តាក់ទុននេះ ដោយប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទ។ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានធ្វើការជាមួយក្រុមហ៊ុន Vedanta អស់រយៈពេលជាងមួយឆ្នាំដើម្បីនាំយក "គំនិតផលិតបន្ទះអេឡិចត្រូនិកដ៏អស្ចារ្យមួយនេះឲ្យក្លាយជាការពិត" ប៉ុន្តែពួកគេបានសម្រេចព្រមគ្នាដើម្បីបញ្ចប់ការបណ្តាក់ទុនរួមគ្នា ហើយនឹងដកឈ្មោះចេញពីអង្គភាពអាជីវកម្ម ដែលឥឡូវនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Vedanta ។ក្រុមហ៊ុន Vedanta បាននិយាយថា ខ្លួនមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគម្រោងផលិតបន្ទះអេឡិចត្រូនិករបស់ខ្លួន ហើយបាន "ប្រមូលដៃគូផ្សេងទៀត ដើម្បីបង្កើតរោងចក្រដំបូងបង្អស់របស់ប្រទេសឥណ្ឌា"។ ក្រុមហ៊ុននេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមហ៊ុន Vedanta បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ" ដើម្បីបំពេញចក្ខុវិស័យរបស់លោកនាយករដ្ឋបន្រ្តី Modi ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Vedanta របស់ឥណ្ឌាបានធ្លាក់ចុះជាង ២% នៅថ្ងៃអង្គារ (១១ កក្កដា)នេះ ជុំវិញបញ្ហាមួយនេះ៕

កម្ពុជា-ចិនបង្កើតប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែន សម្រាប់សម្រួលដល់ការធ្វើធុរកិច្ច

2023/07/11 02:30:02 pm        111
ភ្នំពេញ៖ កម្ពុជា-ចិន បង្កើតកិច្ចសហប្រតិបត្តិការ លើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងប្រទេស រវាង KHQR នៃប្រព័ន្ធបាគង ជាមួយបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់សម្រួលដល់ការទូរទាត់ ជាពិសេសទេសចរណ៍ ប្រទេសទាំងពីរ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុង​ពិធី​ចុះហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែន ​តាមឃូអរកូត" នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ នេះថា ការបង្កើតកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងរវាងកម្ពុជា ចិន នៅពេលនេះ ជាការជំរុញនវានុវត្តន៍​ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ប្រកប​ដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធ ភាព ស្ថិរភាព និងបរិយាបន្ន សំដៅគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។អនុស្សារណៈនេះ គឺដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគង ជាមួយ នឹងបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay International។ គំនិតផ្តួចផ្តើមនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទាត់ UPI ដែលមកទស្សនាប្រទេសកម្ពុជា អាចប្រើប្រាស់សេវាទូទាត់របស់ UnionPay ដើម្បីស្កេន KHQR Code ដែលមានភ្ជាប់ជាមួយគណនី ធនាគារជាប្រាក់រៀល (KHR) ក្នុងស្រុក សម្រាប់ធ្វើការទូទាត់នានា និងការក៏ជាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ទន្ទឹមនឹងនោះ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង ក៏អាចធ្វើការស្កេន QR Code របស់ពាណិជ្ជករ UnionPay ​នៅក្នុងប្រទេសចិន និងទូទាំង ពិភពលោកផងដែរ។ ការណ៍នេះនឹងរួមចំណែកយ៉ាងច្រើន ​ក្នុងការជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្ម​កាន់តែមានភាព ងាយស្រួល និងតម្លៃសមរម្យ។លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការនេះ ក្រុម​ការងាររបស់ធនាគារជាតិនៃកម្ពុជា និងខាងក្រុមហ៊ុន UnionPay International នឹងធ្វើការជាមួយគ្នា​បន្តទៀត ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះ ចេញជាលទ្ធផលផ្លែផ្កាមុន ​ដាច់ឆ្នាំ២០២៣ នេះ នឹង​ឈានទៅដាក់ឲ្យដំណើរជាផ្លូវការ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ​៕ អត្ថបទ៖ សុន រ៉ាឌី

អាហ្សង់ទីនសម្ពោធន៍ដាក់ឲ្យប្រើប្រាស់បំពង់បង្ហូរឧស្ម័នសំខាន់ដើម្បីផ្លាស់ប្តូរឱនភាពថាមពល

2023/07/10 02:28:39 pm        101
 អាហ្សង់ទីន៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អាហ្សង់ទីន បានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័នដែលនឹងបង្ហូរឧស្ម័នធម្មជាតិចេញពីបឹងប្រេង Vaca Muertaស្ថិតនៅតំបន់ភាគខាងលិចអាហ្សង់ទីន ទៅកាន់ខេត្ត Santa Feដោយឆ្លងខេត្ត Buenos Airesនោះ គឺជាការងារដ៏ចាំបាច់មួយដើម្បីផ្លាស់ប្តូរឱនភាពថាមពលសំខាន់របស់ប្រទេសមួយនេះ ។   បឹង Vaca Muertaដែលជាប្រឹងប្រេងដ៏ធំមួយមានទំហំស្មើប្រទេសបែលហ្ស៊ិកទាំងមូល និងស្ថិតនៅតំបន់ Patagoniaត្រូវបានគេចាត់ទុកថាជាប្រភពថមពលដ៏សំខាន់មួយក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័ននៅប្រទេសអាមេរិកខាងត្បូងមួយនេះ ក៏ដូចជាកាត់បន្ថយការនាំចូលថ្លៃ ។  ការបញ្ចប់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័ន ដែលបានចាប់ផ្តើមឡើងនៅខេត្ត Neuquen និងបង្ហូរដល់ខេត្ត Buenos Aires នឹងបន្ថែមឧស្ម័ន១១លានម៉ែត្រត្រីគុណក្នុង១ថ្ងៃ ដល់ប្រទេសអាហ្សង់ទីន ៕

សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុន Alibaba ពង្រីកទីផ្សារអង្ករនៅចិន

2023/07/10 12:24:38 pm        220
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ពង្រីកទីផ្សារអង្ករនៅប្រទេសចិន​ ខណៈចិនជាប្រទេសទិញអង្ករធំជាងគេរបស់កម្ពុជា។សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រជុំជាមួយតំណាងក្រុមហ៊ុន Alibaba កញ្ញា Jiali Pan នាយកផ្នែកកិច្ចការសាធារណៈ និងលោក ឆាយ ម៉េង អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិ នៃក្រុមហ៊ុន​អាលីបាបា (Alibaba) ដើម្បីពិភាក្សាអំពីការនាំចេញ និងដាក់លក់អង្ករកម្ពុជា​នៅអាលីបាបា និងទីផ្សារផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិនមួយនេះ។ នេះបើតាមលោក លន់ យ៉េង អគ្គលេខាធិការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។លោក លន់ យ៉េង លើកឡើងនៅថ្ងៃទីចន្ទនេះថា ភាគីទាំងពីរ សម្រេចថា នឹងពិនិត្យការងាររួមគ្នា លើការជំរុញ ​ផ្សព្វផ្សាយ​ឱុ្យបានកាន់តែទូលំទូលាយ ​លើប្រភេទអង្កររបស់កម្ពុជា ឱ្យមានការចាប់អារម្មណ៍នៅប្រទេសចិន។លោកអគ្គលេខាធិការ បន្តថា តាមរយៈការពិភាក្សាគ្នានេះ ភាគីទាំងពីរ ក៏នឹងពិនិត្យលើការធ្វើ​ផ្សព្វផ្សាយ​រួមគ្នានាពេលខាងមុខ និងភាគីនាំចូលអង្កររបស់កម្ពុជា ​នៅប្រទេសចិន ទាក់ទងនឹងការស្តុងអង្ករផ្គត់ផ្គង់នៅប្រទេសចិន។បច្ចុប្បន្ន កម្ពុជានាំចេញអង្ករទៅប្រទេសចិន ក្រោមកូតា៤០ម៉ឺនតោន។​ ក្រៅពីអង្ករ កម្ពុជា ក៏នាំចេញ​ផងដែរ នូវកសិផលច្រើនមុខទៀត ដូចជា ស្វាយស្រស់ ចេកស្រស់ ដំឡូងមីចំណិត ផ្លែមៀនប៉ៃលិន ជាដើម។យោងតាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៣​នេះ ​កម្ពុជា​បាន​សម្រេច​ការនាំចេញ​អង្ករ​បាន​ជិត ៥០​ភាគរយ នៃ​ផែនការ ៧០​ម៉ឺន​តោន​ ពោលគឺ​សម្រេច​បាន​ចំនួន ៣៣​ម៉ឺន​តោន ​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២២៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕អត្ថបទ៖ វណ្ណៈ

អាកាសយានដ្ឋានអន្តរជាតិ ទទួលបានអ្នកដំណើរជាង ២,៤​លាននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៣

2023/07/10 12:19:25 pm        430
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា បានទទួលបានអ្នកដំណើរ​​ចំនួន ២,៤៨ លាននាក់ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ កើនឡើង ២៧០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍ស្ថានភាពនៃវិស័យអាកាសចរណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បង្ហាញថា ចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០២៣​ អាកាសយានដ្នានអន្តរជាតិទាំងបី ​ទទួលបាន ចំនួនជើង​ហោះហើរ ជាង២,៤ ម៉ឺន ជើង មានការកើនឡើងជិត ១៥០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ចំណែក ចំនួនទំនិញឆ្លងកាត់ មានចំនួនជាង ២,៤ម៉ឺនតោន មានការថយចុះប្រមាណជាង១៧% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ ដោយឡែក ចំនួនជើងហោះហើរសរុប ក្នុង១សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានចំនួន ៨០៨ជើង/សប្តាហ៍ នៃជើងហោះហើរទ្វេទិស។របាយការណ៍បន្តថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរទ្វេទិសចំនួន ៦០២ជើង/សប្តាហ៍ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានជើងហោះហើរចំនួន ១៩២ជើង/សប្តាហ៍។ ចំណែក អាកាសយានដ្ឋានអន្តរជាតិព្រះស៊ីហនុទទួលបាន​ជើងហោះហើរចំនួន ១៤ជើង/សប្តាហ៍។អាកាសយានដ្ឋានអន្តរជាតិចំនួនខាងលើនេះ​ ស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុន​​ Cambodia Airports ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Vinci Airports របស់ប្រទេសបារាំង ​និងក្រុមហ៊ុន Muhibbah Masteron Cambodia ដែល​ជា​ក្រុម​ហ៊ុន​រកស៊ីចូលហ៊ុនគ្នា​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី។យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួន ២,៥៧ លាននាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ​កើនឡើង ៤០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ

គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ចង់ឃើញផ្សារទំនើបដាក់លក់ផលិតផលក្នុងស្រុកច្រើន

2023/07/10 11:59:27 am        163
ភ្នំពេញ៖ ផលិតផលភូមិ១ ផលិតផល១ បានហូរចូលទីផ្សារទំនើបៗក្នុងរង្វង់ ៨០ ភាគរយ ខណៈដែលផលិតផលប្រមាណ ២០ ភាគរយ ត្រូវបានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ កំពុងជំរុញលើកទឹកចិត្តដល់ម្ចាស់ផលិតកម្មឲ្យអនុវត្តយកស្តង់ដារ ដើម្បី ជំរុញនាំចូលទៅកាន់ផ្សារទំនើបឲ្យកាន់តែច្រើន។ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នៃទីស្រ្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ជុំវិញការផលិត និងវេចខ្ចប់របស់​សមាជិកភូមិ១ ផលិតផល១ បច្ចុប្បន្នទទួលបានជោគជ័យក្នុងអាជីវកម្មជាច្រើន នៅក្នុងដំណើរការ​ផលិត ក៏ដូចជាការចែកចែកទំនិញនៅតាមទីផ្សារផងដែរ ដោយតាមរយៈនេះ​បានបង្ហាញ​ឲ្យឃើញពី​ការរីកចម្រើន នឹងមានការរំពឹងខ្ពស់ថា នៅពេលខាងមុខ ផលិតផលខ្មែរ ​របស់សមាជិកសហគមន៍ នឹងមានអ្នកស្គាល់កាន់តែច្រើន ​និងលក់ដាច់កាន់ តែច្រើនថែមទៀត។ជុំវិញទីផ្សារនេះ, ឯកឧត្តមបណ្ឌិត បន្តថា ពាក់ព័ន្ធអ្នកបញ្ជាទិញសម្រាប់នាំចេញវិញ ពួកគេតែងតែ​ដើរ​មើល​ទំនិញ​ផ្សេងៗនៅ តាមទីផ្សារ ប្រសិនផលិតផលទាំងនោះមានដាក់លក់នៅលើទីផ្សារ ច្បាស់​ជាផលិតផលមានសក្តានុពល ឬមានការគាំទ្រ។ មកដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ បានប្រមូលផ្តុំផលិតផល​បានប្រមាណ ៦៨០ មុខទំនិញ ហើយក្នុងនោះការចូលជាសមាជិក នឹងបាន​កើនឡើងជាបន្តបន្ទាប់ ហើយរំពឹងថា ​នៅពេលខាងមុខ ​គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និង​មានសមាជិក រាប់ពាន់ក្រុមហ៊ុន/សហគ្រាស​ ហើយមានផលិតផលកាន់តែច្រើនថែមទៀត សម្រាប់ការលក់នៅលើទីផ្សារ៕អត្ថបទ៖ សុន រ៉ាឌី 

ចិនគ្រោងវិនិយោគប្រាក់១,៤៤ពាន់លានដុល្លារសម្រាប់ការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ

2023/07/10 10:09:10 am        121
ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនកំពុងហូរចូលទៅក្នុងប្រទេសថៃ ដោយសន្យាវិនិយោគក្នុងទំហំទឹកប្រាក់១,៤៤ពាន់លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រផលិតរថយន្តនៅក្នុងទីផ្សារផលិតរថយន្តធំបំផុតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលធ្លាប់បានវាយលុកទីផ្សារយ៉ាងខ្លាំងដោយក្រុមហ៊ុននានារបស់ជប៉ុន។ រលកនៃការវិនិយោគថ្មីនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលរបស់ប្រទេសថៃ ដែលបានដាក់ចេញនូវការលើកទឹកចិត្ត និងផ្តល់ការប្រឹក្សាដល់ក្រុមហ៊ុនចិន ដោយមានគោលដៅផ្លាស់ប្តូរប្រហែល ៣០% នៃផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ប្រទេសនេះទៅជារថយន្ត អគ្គិសនី ឬEV នៅឆ្នាំ ២០៣០។  ក្រុមហ៊ុន Great Wall Motor របស់ប្រទេសចិន បានវាយលុកដំបូងលើទីផ្សារប្រទេសថៃកាលពីឆ្នាំ២០២០ នៅពេលខ្លួនបានទិញរោងចក្រពីក្រុមហ៊ុន General Motors ដែលនឹងចំណាយប្រាក់ ចំនួន២២,៦ ពាន់លានបាត ស្មើរនឹង ៦៤៧,៣៨ លានដុល្លារ ដោយក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់សម្រាប់រថយន្ត EV និងរថយន្តកូនកាត់ឬ hybrid។   ក្រុមហ៊ុនផលិតរថយន្តនេះនឹងចាប់ផ្តើមផលិតរថយន្ត Ora Good Cat EV ដ៏ពេញនិយមរបស់ខ្លួននៅក្នុងប្រទេសថៃនៅឆ្នាំក្រោយ ហើយក៏កំពុងនាំយកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផងដែរគឺ MIND Electronics, HYCET និង Nobo Auto ដែលផលិតគ្រឿងអេឡិចត្រូនិច ប្រព័ន្ធបញ្ជូនថាមពល និងកន្លែងអង្គុយ។ គូប្រជែងរបស់ចិន SAIC Motor ដែលជាម្ចាស់ក្រុមហ៊ុន MG Motor និងមានភាពជាដៃគូជាមួយក្រុមហ៊ុនថៃ Charoen Pokphand Group បានបើកដំណើរការរថយន្ត EV ដំបូងរបស់ខ្លួននៅក្នុងប្រទេសនេះកាលពីឆ្នាំ ២០១៩ ។ ក្រុមហ៊ុនបាននិយាយកាលពីខែមេសាថា ខ្លួនកំពុងវិនិយោគ ៥០០ លានបាត ដើម្បីពង្រីករោងចក្រដែលមានស្រាប់របស់ខ្លួនសម្រាប់គ្រឿងបន្លាស់របស់រថយន្ត EV និងការផលិតអាគុយ៕

កម្មករកាត់ដេរសង្ឃឹមប្រាក់ឈ្នួលអប្បបរមាកើនឡើងថែមទៀត នៅឆ្នាំ២០២៤ខាងមុខ

2023/07/07 10:55:44 am        271
ភ្នំពេញ៖ កម្មករកម្មការិនី សង្ឃឹមថា ប្រាក់ឈ្នួលអប្បបរមានឹងអាចនឹងដំឡើងទៅមុខទៀត ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលសព្វថ្ងៃនេះ ដែលលោកតែងតែគិតគូរជាប់ជានិច្ច។នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃតី៧ កក្កដា ឆ្នាំ២០២៣នេះ ក្រុមកម្មករនិយោជិតនៅរោងចក្រកាត់ដេរ​សំលៀកបំពាក់​មួយ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ បាននិយាយថា ប្រាក់​ឈ្នួល​អប្បបរមា​តែងតែមានការ​ដំឡើង​ជារៀងរាល់ឆ្នាំ ទោះបីជាជួបវិបត្តិ​ធ្ងន់ធ្ងរ​ដោយសារកូវីដ១៩ ​យ៉ាងណាក្តី ក្រោមការដឹកនាំរបស់​សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន នៅតែទទួលបានការយកចិត្តទុកដាក់បំផុត​ពីគ្រប់ភាគីពាក់ព័ន្ធ។ពាក់ព័ន្ធការប្រជុំប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនេះ​ លោក អាត់ ធន់ ប្រធានសហភាព​ការងារ​កម្ពុជា (CLC) បានលើកឡើងថា ការងារនេះគ្រប់ភាគីពាក់ព័ន្ធ ​ត្រូវជជែកគ្នាជារៀងរាល់ឆ្នាំ ទោះបីជាការឡើងដល់កម្រិតណា ច្រើនឬតិច​ ដាច់ខាតត្រូវតែបន្ត។​ ប៉ុន្តែអ្វីដែលលោកចង់ស្នើបន្ថែម គឺការជំរុញឲ្យមានការពង្រីក​នូវវិស័យ​ផ្សេងទៀត ​ព្រោះកន្លងមកក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈក៏បានបញ្ជាក់ដែរថា វិស័យផ្សេងទៀតក៏មានបញ្ហាប្រាក់ឈ្នួលដែរ ដូច្នេះ​ទាមទារ​ត្រូវមានការយកចិត្តទុកដាក់ដូចគ្នា។សូមបញ្ជាក់ ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករនិយោជិតក្នុងវិស័យ​វាយនភណ្ឌកាត់ដេរ សំលៀក​បំពាក់ ស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប ​បានកើនពីចំនួន ៤០ដុល្លារ​អាម៉េរិកក្នុងឆ្នាំ១៩៩៧ រហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣នេះ៕ អត្ថបទដោយ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក និងអ៊ីរ៉ង់ ព្រមានថាត្រៀមរួចរាល់សម្រាប់សង្គ្រាម ខណៈការចរចាស្ថិតក្នុងភាពមិនច្បាស់លាស់
04/21/2026 09:04 AM
លោក Netanyahu ថ្កោលទោសទាហានដែលវាយបដិមាព្រះយេស៊ូ នៅលីបង់ ហើយសន្យាឲ្យទទួលខុសត្រូវ
04/20/2026 08:04 PM
អេស្ប៉ាញ បញ្ជាក់ថា អ៊ីស្រាអែលកំពុងអនុវត្ត «យុទ្ធសាស្ត្រហ្កាហ្សា» នៅលីបង់
04/20/2026 08:04 PM
លោក ស៊ី អំពាវនាវឲ្យច្រកសមុទ្រ Hormuz នៅតែបើកចំហរ អំឡុងជជែកតាមទូរស័ព្ទជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត
04/20/2026 07:04 PM
អ៊ីស្រាអែលអះអាងវាយប្រហារជើងទម្របាញ់រ៉ូកែត នៅភាគខាងត្បូងលីបង់ ទោះមានបទឈប់បាញ់ក្ដី
04/20/2026 07:04 PM
ប្រភពប៉ាគីស្ថាន៖ អ៊ីរ៉ង់នឹងចូលរួមកិច្ចចរចាជុំទី២ ជាមួយអាមេរិក ទោះមានអរិភាពនៅច្រកសមុទ្រ Hormuz ក្ដី
04/20/2026 07:04 PM
EU ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំប៉ាឡេស្ទីន សម្រាប់កិច្ចចរចាសន្តិភាព នៅតំបន់ហ្កាហ្សា និង West Bank
04/20/2026 07:04 PM
ប្រមុខការពារជាតិកម្ពុជាអំពាវនាវដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិនិងត្រូវគោរពរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលប្រគល់ជូន
04/20/2026 07:04 PM
ជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
04/20/2026 07:04 PM
ក្រសួងការងារ និង KOICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស
04/20/2026 07:04 PM