ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសចំនួន ៣៨៣ កន្លែង មានកម្មករសរុបជាង ១៥ ម៉ឺននាក់

2023/02/09 02:34:00 pm        592
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ន ទូទាំងខេត្តកំពង់ស្ពឺ​មានរោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន ៣៨៣ កន្លែង ក្នុងនោះមានកម្មករ ​និយោជិតសរុបចំនួន ១៥៥,៧៦១ នាក់ ស្រី ១១៥.៥២២នាក់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» ​រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ​នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន ៣៨៣ ​កន្លែង ក្នុងនោះ វិស័យ​វាយនភណ្ឌកាត់ដេរ​សំលៀកបំពាក់ និងស្បែកជើងចំនួន ១៨៩ កន្លែង មានកម្មករ​និយោជិតសរុប ១៤៥.៣៩៩ នាក់ ស្រី ១១០.៨៤៣ នាក់។ ជាមួយគ្នានេះ ​ក៏មានរោងចក្រធុនធំចំនួន ២២៩ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ស្រី ១០២,៨៨៥នាក់ ​ដោយប្រើប្រាស់ទុនវិនិយោគសរុប​ ១.៧១៤.៨៣៦.០០០ ដុល្លាសហរដ្ឋអាមេរិកផងដែរ។ បើតាមឯកឧត្ដមអភិបាលខេត្ត ចំពោះរោងចក្រធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួន ១,១៣០ មូលដ្ឋាន ដោយមានទុនវិនិយោគចំនួន ២៦.៤៤៩.៩១០ ដុល្លារ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤.៦២០ នាក់ ស្រីចំនួន ៧.៧០០នាក់៕អត្ថបទ៖ វ៉ន ដារ៉ា

សហព័ន្ធស្រូវអង្ករកម្ពុជា កំណត់គោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំនេះ

2023/02/08 01:51:29 pm        337
ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា សម្រាប់អាណត្តិទី៤នេះ បានកំណត់យក​គោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣​ និងឈានដល់ ១លានតោនក្នុងឆ្នាំ២០២៥ ខណៈសហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ច និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការបើកច្រកទីផ្សារថ្មីៗដើម្បីជំរុញដល់ការនាំចេញ។ក្នុងជំនួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់អាណិត្តថ្មី ជូនឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៣នេះ ​នៅទីស្តីការក្រសួង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហព័ន្ធមានផែនការ​បន្ត​សហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣នេះតទៅ ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែ​ទូលំទូលាយ ​ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ។ល។ ព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាកសមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK”។ជាមួយការលើកឡើងខាងលើនេះឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា វិស័យ​ស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយ​ដែលរាជរដ្ឋាភិបាល ​ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់ជាអាទិភាពបំផុត ​ហើយសម្តេច​តែងតែ​យកវិស័យនេះ​ ជាប្រធានបទ និង​ជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។ ឯកឧត្តម បន្តទៀតថា ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ​ក្រសួងបាននិងកំពុងខិតខំបើកច្រក​ទីផ្សារស្រូវអង្ករ ​និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការ​បញ្ចូល​ទំនិញទាំងនេះ ​ទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ព្រមទាំង​កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ​ប្រទេសនានា ​ដូចជាការចុះអនុស្សរណៈយោគយល់ ​ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត ហ្វីលីពីន បង់ក្លាដេស ។ល។កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ​បានចំនួន ៦៣ម៉ឺន តោន និងនាំចេញស្រូវ​បានចំនួន ៣,៤ លានតោនក្នុងឆ្នាំ២០២២កន្លងទៅ ដែលគិតជាទឹកប្រាក់​ប៉ាន់ស្មាន​បានចំនួនជាង១ ២៥៥​ លាន​ដុល្លារសហរដ្ឋអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី

IFAD នឹងផ្តល់ហិរញ្ញប្បទាន ១៩៤ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

2023/02/08 01:43:35 pm        352
ភ្នំពេញ៖ កម្ពុជា នឹងចុះហត្ថលេខាជាមួយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ១៩៤ លានដុល្លារ ​ដើម្បីគាំទ្រសេដ្ឋកិច្ចជនបទ និង​ពាណិជ្ជកម្មផលិតផលកសិកម្ម ​ជាពិសេសការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកប​ដោយបរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាល បម្រុងរបស់កម្ពុជា ប្រចាំមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា ទេសាភិបាល​លើកទី ៤៦ របស់ IFAD ប្រចាំឆ្នាំ ២០២៣ នៅទីក្រុងរ៉ូម​ ប្រទេសអ៊ីតាលី និង​គ្រោងចុះហត្ថលេខា ជាមួយឯកឧត្តម Alvaro Lario ប្រធាន IFAD លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន​សហប្រតិបត្តិការ​ សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ ​និងពាណិជ្ជកម្ម ​ផលិតផលកសិកម្ម ដែល​មានទឹកប្រាក់សរុបចំនួន ១៩៤ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពី IFAD មានចំនួន ៤៧,៩ លានដុល្លារអាមេរិក។នៅក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម កម្ពុជាមានគោលបំណង​ចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាមរយៈការលើកកម្ពស់ភាពធន់ទៅ​នឹងអាកាសធាតុ ​និងការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ន​និង​ចីរភាពបរិស្ថាន ​លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ ដោយកម្មវិធីនេះ មានវិសាលភាពគ្រប​ដណ្ដប់​ទូទាំងប្រទេស ​ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោលដៅចំនួន ៦រួមមាន៖ បន្លែ, មាន់, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ផ្លែឈើស្រស់ និងផ្លែឈើដែលបានកែច្នៃរួច៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនជប៉ុន គ្រោងពង្រីការវិនិយោគ លើដំណាំស្វាយចន្ទី នៅខេត្តបាត់ដំបង

2023/02/08 11:53:10 am        376
បាត់ដំបង៖ ក្រុមហ៊ុន Top Planning Japan Co.,LTD នៃប្រទេសជប៉ុន គ្រោងនឹងពង្រីការវិនិយោគលើដំណាំស្វាយចន្ទី នៅតំបន់អតីតដីចម្ការមីន ក្នុងខេត្តបាត់ដំបង និងនាំយកទៅលក់នៅទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជា​ប្រេងឥន្ធនៈ ។ក្នុងជំនួបជាមួយឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Tetsuo MURAYAMA អគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD លើកឡើងថា បច្ចុប្បន្ននៅកម្ពុជា ដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងមួយឆ្នាំអាចទទួល​ផល​បានជាង ១លានតោន ដែលចាត់ថាជាប្រទេសដាំបានច្រើនមួយផងដែរក្នុងពិភពលោក ដោយលក់​ក្នុង​តម្លៃស្រស់បានប្រមាណ ១ពាន់លានដុល្លារ ហើយក្រុមហ៊ុនរបស់លោក គ្រោងនឹងកែច្នៃអាច​លក់បានរហូតដល់ ៣ពាន់លានដុល្លារ ។លោកបានបន្តថា Top Planning Japan Co.,LTD ក៏ចង់ពង្រីកការវិនិយោគបន្ថែមផងដែរ នៅក្នុងខេត្តបាត់ដំបង ដែលជាទីតាំងត្រូវបានបោសសំអាតមីនរួចរាល់ ដោយមានទាំងការកែច្នៃ​ផ្លែស្វាយចន្ទីនាំចេញ និងចម្រាញ់ធ្វើជា​ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ផងដែរ ដោយការវិយោគនេះ នឹងជួយធ្វើឲ្យស្វាយចន្ទីរនៅកម្ពុជា កាន់តែមានតម្លៃ ជួយធ្វើឲ្យសេដ្ឋកិច្ចរបស់កសិករ កាន់តែល្អប្រសើរឡើង ។ក្នុងជំនួបនេះ លោក MURAYAMA បានស្នើដល់ស៊ីម៉ាក់ជួយគាំទ្រ និងសហការលើការងារបោស​សំអាតមីន ដើម្បីឲ្យគម្រោងនេះ អាចអនុវត្តទៅបាន ខណៈភាគីក្រុមហ៊ុន ក៏មានដៃគូក្រុមហ៊ុន ដែលមានឧបករណ៍បោសសំអាតមីនទំនើបៗ សម្រាប់បោសសំអាតមីនចូលរួមលើការ​អនុវត្តនូវគម្រោងនេះផងដែរ ។ជាការឆ្លើយតប ឯកឧត្តម ហេង រតនា បានសម្ដែងនូវការគាំទ្រពេញ​ទំហឹង នូវគម្រោងនេះ ព្រោះវានឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់កសិករកម្ពុជា ហើយរំពឹងថា ពលរដ្ឋកម្ពុជា នឹងអាច​ទទួលបានចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្ម ពីប្រទេសជប៉ុន ដែលជាអ្នកជំនាញ ។ជាមួយនេះ ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនជប៉ុន ដែលបានធ្វើការវិនិយោគជាបន្ត​បន្ទាប់ នូវគម្រោងនានា ក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាល និងពលរដ្ឋជប៉ុន តែងផ្ដល់នូវជំនួយ​ជាច្រើនដល់កម្ពុជា ដែលក្នុងនោះមានគាំទ្រលើវិស័យមីនផងដែរ ។គួរបញ្ជាក់ថា ក្រុមហ៊ុន Top Planning Japan (TPJ) នេះ មានមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង មានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ គ្រាប់ស្វាយចន្ទីកែច្នៃ ជាកសិផលនាំចេញ ដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ហើយគិត​ពីឆ្នាំ២០១៩ ដល់២០២២ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុន​ប្រមាណជាង ១៨៤តោន ក្នុងនោះឆ្នាំ២០២២ មានជាង ១២៦តោន ៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្ដម ថោង ខុន៖ កម្ពុជានឹងប្រឹងទាក់ទាញទេសចរចិនឱ្យបាន ៨០ ម៉ឺនទៅ ១ លាននាក់ក្នុងឆ្នាំ២០២៣

2023/02/08 09:39:19 am        209
ភ្នំពេញ៖ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី ៨០ ម៉ឺននាក់ទៅ ១ លាននាក់ ក្នុងឆ្នាំ២០២៣នេះ បន្ទាប់បានស្វាគមន៍ភ្ញៀវទេសចរចិន ១២៥ នាក់ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់បែបនេះក្នុងឱកាសទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥ នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេស​ឡើងវិញ​ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖«បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើង​នឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី ៨០ ម៉ឺននាក់ទៅ ១ លាននាក់ក្នុង​ឆ្នាំ២០២៣នេះ»។ឯកឧត្តមបានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនគឺជាទីផ្សារធំសម្រាប់តែកម្ពុជានិងពិភពលោក។ឯកឧត្តមបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ក៏នឹងមានជើងហោះលើកដំបូង​ពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ ឯកឧត្តមមានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់​ពីខែមីនា ឆ្នាំ២០២៣នេះ»។ឯកឧត្តមបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ ៤០ ម៉ឺននាក់ក្នុងនោះក៏មានទេសចរចិនប្រមាណ ២៥,០០០ នាក់ដែរ ដែលមានការកើនឡើង ៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានេះដែរ ជើងហោះហើរដែល​ចូលមកដល់កម្ពុជាមានចំនួនសរុប ១,៦៤៨ជើងក្នុងនោះអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​ទទួលបាន ១,១៧៨ ជើង៕អត្ថបទ៖វ៉ន ដារ៉ា

សមាគមជប៉ុន-កម្ពុជា សន្យាទាក់ទាញវិនិយោគិនជប៉ុនជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

2023/02/07 03:06:46 pm        486
ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា(JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យ​បាន​ច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់កម្ពុជា​ឲ្យកាន់តែមាន​សមត្ថភាពទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីក​ចម្រើន​នាពេលបច្ចុប្បន្ននេះ។ការសន្យាថានឹងជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្សនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ​មួយរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ឯកឧត្តមបន្តថា ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រង​ក្រុមហ៊ុន រោងចក្រ​ ឱ្យកាន់តែមានភាពងាយស្រួល។ ​ឯកឧត្តមកត់សម្គាល់ឃើញថា ក្រុមហ៊ុន​របស់ជប៉ុន​ដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារណាស់ ក្រុមហ៊ុនអនុវត្តទៅ​តាមច្បាប់​បានល្អ រួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិតកម្ពុជាមានភាព​សុខដុមរមនា​នឹងគ្នា។ឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញកម្មសិក្សាការីកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន ឱ្យបាន ៥ ម៉ឺននាក់ ខណៈបច្ចុប្បន្នកម្មសិក្សាការីកម្ពុជាបានចេញទៅធ្វើការនៅជប៉ុនបានត្រឹមប្រមាណ ២ ម៉ឺននាក់​ប៉ុណ្ណោះ។ ដោយឯកឧត្តម ស្នើដល់ខាងភាគីជប៉ុនធ្វើការបណ្តុះបណ្តាល​ធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវចំនួន ៥ ម៉ឺននាក់នាពេលដ៏ខ្លីខាងមុខនេះ។លោក Fumiaki រួមនឹងសមាជិករបស់សមាគម បញ្ជាក់ថា នឹងប្រឹងប្រែងធ្វើយ៉ាងណាជួយ​មក​កម្ពុជាលើជំនាញដ៏ចំាបាច់ដែលកំពុងមានតម្រូវការសម្រាប់ទៅធ្វើការនៅជប៉ុន។ លោកបន្តថា ដោយសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុន​បានចរាចរណ៍នៅ​កម្ពុជា​មានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាល​លើ​ជំនាញថែទាំ និងជួសជុលរថយន្តនេះទៅដល់យុវជនកម្ពុជា​ឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់​ការបណ្តុះបណ្តាលជំនាញ​កែសម្ផស្ស​ដែលជាជំនាញមួយកំពុងតែពេញនិយម ដែលអាចផ្តល់​ចំណូលបានប្រសើរ ​បើយុវជន ​យុវតីរបស់កម្ពុជា ចាប់យក​អាជីព​ខាង​កែសម្ផស្ស​នេះបាន​ស្ទាត់ជំនាញ៕ អត្ថបទ៖ វ៉ន ដារ៉ា

គយរកចំណូលបាន​ជិត ២ ៧០០ លាន​ដុល្លារ កើនលើសផែនការ១០៥ភាគរយ ក្នុងឆ្នាំ២០២២

2023/02/06 03:20:30 pm        628
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រកចំណូល​បាន​ចំនួន ១០ ៩៩៨,៩ ប៊ី​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ ២ ៦៩០លាន​ដុល្លារ មាន​កំណើន​ ១៨,៣​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ ​និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ​២០២២ នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះថា ​ជុំវិញការប្រមូលចំណូលនៅក្នុងឆ្នាំ ២០២២ គយ និងរដ្ឋាករ ​ប្រមូលចំណូលបានជិត ១១ ​ពាន់ប៊ីលានរៀល ស្មើជាង ២ ៦៩០ លានដុល្លារអាមេរិក គឺសម្រេចបានប្រមាណ ជិត ១០៥ ភាគរយ​ នៃផែនការដែលកំណត់ដោយច្បាប់។ចំពោះក្រុមទំនិញ ​ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានរួមមាន៖ យានយន្ត​និងគ្រឿងចក្រមានចំនួនជាង ៥ ០៧៨ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៦ ភាគរយ នៃចំណូលសរុប, ទំនិញចម្រុះ ជាង ៣ ០៣២ ប៊ីលានរៀល​ ត្រូវជាង ២៧ ភាគរយ, ផលិតផល​តេលសិលា ២ ២៣៨ ប៊ីលានរៀល ត្រូវជាង ២០ ភាគរយ, និងសម្ភារសំណង់ និងកម្រៃផ្សេងៗ មានចំនួនជាង​ ៦៤៩ ប៊ីលានរៀល ត្រូវជិត ៦ ភាគរយ​ នៃចំណូលសរុប។ជុំវិញការប្រមូលចំណូលនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានណែនាំ​និងជំរុញឲ្យគយ​ និងរដ្ឋាករកម្ពុជា ត្រូវបន្ត​ខិតខំ​ប្រឹងប្រែងប្រមូលចំណូលឱ្យបានអស់សក្ដានុពល, ពិនិត្យឡើងវិញនូវគោលនយោបាយ​និង​ធ្វើ​វិចារណកម្មពន្ធ និងអាករដើម្បីជួយគាំទ្រដល់វិស័យផលិតកម្មក្នុងស្រុក និងទំនិញចាំបាច់​បម្រើ​ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, ពង្រឹង​អនុលោមភាពនៃការដាក់ពន្ធ និងអាករជាបន្ទុករដ្ឋ, អនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការដាក់​ទោសទណ្ឌ ​ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើស, ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់​គេចពន្ធនិងបន្លំពន្ធ​ តាមរយៈការពង្រឹងការគ្រប់គ្រងដើមទី ​កណ្ដាលទី និងចុងទី ទន្ទឹមនឹងការពង្រឹង​ការអនុវត្ត​ការងារសវនកម្ម។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ក្រៅពីគោលការណ៍ខាងលើ, គយ និងរដ្ឋាករ ត្រូវព​ង្រឹង​ការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ពិសេសទំនិញដែលមាន​លក្ខណៈជាបញ្ញើប្រៃសណីយ៍, ពិនិត្យឡើងវិញការធ្វើវិ​មជ្ឈការ​ដល់អង្គភាពក្រោមឱវាទ, ធ្វើទំនើបកម្ម និងពង្រីកវិសាលភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, បន្តលើកកម្ពស់ប្រសិទ្ធភាព​កិច្ច​សហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងផ្នែកឯកជន, ​ពិនិត្យលទ្ធភាពវិសោធនកម្ម ច្បាប់​ស្ដីពីគយ, ចូលរួមអនុវត្តគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល, និងបន្តរៀបចំ​អភិវឌ្ឍន៍​ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធដោយឈរលើទស្សនៈវិស័យវែងឆ្ងាយ និងវិធានការ​ផ្សេងៗទៀត ដើម្បីសម្រាប់ការអនុវត្តការប្រមូលចំណូលពន្ធ ​និងអាករបន្ថែមនៅឆ្នាំ ២០២៣ ឲ្យមានប្រសិទ្ធភាព៕អត្ថបទ៖ សុន រ៉ាឌី

ការបើកជើងហោះត្រង់កម្ពុជា-ចិន នៅក្នុងខែកុម្ភៈនេះ នឹងបន្តកើនឡើងទ្វេដង

2023/02/06 02:52:56 pm        616
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលរដ្ឋាភិបាលចិន ប្រកាសបើកផ្លូវការ អនុញ្ញាតឱ្យក្រុមហ៊ុនទេសចរណ៍នានានាំភ្ញៀវទេសចចេញដើរកម្សាន្ត នៅតាមប្រទេសគោលដៅ​អនុញ្ញាតចំនួន២០ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​បានឲ្យដឹងថា តាមរយៈការប្រកាសបើក​ទេស​ចរណ៍ចិន បានធ្វើឲ្យជើងហោះហើរកម្ពុជា ​ចិន ​កើនឡើងទ្វេដងនៅក្នុងខែកុម្ភៈនេះ។ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល​កម្ពុជា បានថ្លែងប្រាប់BTV​ នៅថ្ងៃទី០៦ ខែកុម្ភៈនេះថា ចាប់តាំងពីរដ្ឋាភិបាលចិន ប្រកាស​បើកប្រទេសចិនវិញ នៅថ្ងៃទី០៣ ខែមករានេះមក សំគាល់ឃើញថា​ ចំនួនជើងហោះហើរកម្ពុជា-ចិននៅក្នុងខែមករា​ ឆ្នាំ២០២៣ មានកំណើនជាង៧០% ធៀបនឹងខែធ្នូឆ្នាំ២០២២ ហើយនៅក្នុង​កុម្ភៈនេះ មានក្រុមហ៊ុនអាកាសចរណ៍ចិនដាក់សំណើរហោះហើរត្រង់កម្ពុជា-ចិន កើនដល់ជាង ៦០០ជើង ពោលគឺកើនឡើងជាង ២ដងបើធៀបនឹងខែមករា។ឯកឧត្តម ជា អូន បន្តថា ចាប់ពីថ្ងៃស្អែកនេះតទៅ ​មានក្រុមហ៊ុនអាកាសចរណ៍ចិនមួយ បានប្រកាស​បើក​ជើងហោះហើរត្រង់ទៅមករាជធានីភ្នំពេញ ​ក្រុងប៉េកាំងប្រទេសចិនជាដំបូង និងមិនធ្លាប់​មានក្នុងប្រវត្តិសាស្ត្រ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន២២ ក្នុងនោះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍ចិនចំនួន១៦ ​និងកម្ពុជាចំនួន​ ៦ក្រុមហ៊ុនផងដែរ បានតភ្ជាប់ជើងហោះហើរ​ត្រង់ចំនួន ៣៧ខេត្តក្រុង ក្នុងនោះកម្ពុជាចំនួន ៣ខេត្តក្រុង និងភាគីចិនចំនួន ៣៤ខេត្តក្រុង ។បើតាមភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន​ បានថ្លែងថា ពួកគេសប្បាយចិត្តណាស់ ដែលប្រទេស​ចិនប្រកាសបើកប្រទេសវិញ ​ហើយគោលដៅទេសចរណ៍ដំបូងបំផុត គឺចង់មក​ទស្សនាកម្ពុជា ពិសេសទៅទស្សនាប្រាសាទអង្គរវត្ត ​និងគោលដៅទេសចរណ៍នានាទៀតនៅកម្ពុជា ។តាមឲ្យដឹងពីគណៈកម្មការអន្តរក្រសួង សម្រួលការធ្វើការដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ​អន្តរជាតិ ​និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ​និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ. អ.ច.ទ) ៖ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ ​ប្រទេសចិនប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុន​ទេសចរណ៍​នាំភ្ញៀវទេសចរចិន​ចេញក្រៅប្រទេស ដោយជ្រើសរើសគោលដៅប្រទេសចំនួន​២០រួមមាន៖ ​ប្រទេស​កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាលឌីវ ស្រីលង្កា អារ៉ាប់រួម អេហ្ស៊ីប កេនយ៉ា អាហ្រឹ្វកខាងត្បូង រុស្ស៊ី សី្វសហ្សឺឡេន ហុងគ្រី ញ៉ូវហ្សេឡេន ហ្វីជី គុយប៉ា និងអាហ្សង់ទីន៕ អត្ថបទ៖ ស៊ុម សុខជា

ទេសចរបរទេសចាប់ផ្ដើមមានកំណើនមកលេងកម្សាន្ត និងសរសើរប្រទេសកម្ពុជា

2023/02/03 02:37:20 pm        408
ព្រះសីហនុ៖ បន្តាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ មកដល់ពេលនេះ ខេត្ដព្រះសីហនុ មានភ្ញៀវទេសចរអន្ដរជាតិ ចូលមកលេងកម្សាន្ដ និងស្នាក់នៅលម្ហែច្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០៣៣ ពិសេសភ្ញៀវទេសចរបទេសប៉ែកអឺរ៉ុប ។ល។ នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ មានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ បានធ្វើដំណើរទៅលេង កម្សាន្ដ និងស្នាក់នៅលម្ហែនៅរមណីយដ្ឋានទេសចរណ៍តាមបណ្ដាកោះ អ្នកខ្លះ ទើបធ្វើដំណើរមកប្រទេសកម្ពុជាដំបូង អ្នកខ្លះទៀតធ្លាប់បានចូលមកច្រើនដង ពួកគេ សុទ្ធតែ​បានសម្ដែងក្ដីរីករាយចំពោះបរិស្ថាន ការអភិវឌ្ឍ ​និងសន្ដិសុខសុវត្ថិភាព ព្រមទាំង​មធ្យោយធ្វើដំណើរតាមផ្លូវទឹកទំនើប ​និងសុវត្ថិភាពខ្ពស់ ។តំណាងក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ជលយានខេត្ដព្រះសីហនុ ​បានឱ្យដឹងថា​ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ រហូត មកដល់ខែកុម្ភៈ ឆ្នាំ២០២៣ ​ចំនួនភ្ញៀវទេសចរ ​មានការកើនឡើង ពិសេស​ភ្ញៀវទេសចរបរទេស (អឺរ៉ុប) ​ហើយកត្ដាដែល ធ្វើឱ្យភ្ញៀវមានការចាប់អារម្មណ៍ទៅលេង​តាម​បណ្ដាកោះនេះ​ គឺដោយសារតាមបណ្ដាកោះមានការអភិវឌ្ឍច្រើន​ ធនធាន ​ធម្មជាតិសម្បូរបែប ឆ្នេរសមុទ្រស្អាត ​ពិសេសគឺសន្ដិសុខល្អ ​មធ្យោបាយធ្វើដំណើរទំនើប​ លឿន ​និងសុវត្ថិភាព។អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ (កងកេង) បានទទួលជើងហោះហើរលើក​ដំបូងមក​ពីប្រទេសចិន​ កាលពីថ្ងៃទី២៧ ​ខែមករា ឆ្នាំ២០២៣ ​ជាមួយវត្តមានភ្ញៀវទេសចរជាង១០០នាក់ ខណៈទេសចរ​ប៉ែកអឺរ៉ុប ​ក៏បន្តចូលមក ​លេងខេត្តនេះផងដែរ ៕អត្ថបទ៖ គង់ ប៊ុនថា

ឆ្នាំ២០២២ខេត្តកំពង់ចាមផលិតស្រូវបានជាង ៥៤ ម៉ឺនតោនកើន ១១,៧ ភាគរយ

2023/02/03 11:08:09 am        268
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងឱ្យដឹងថា ការងារកសិកម្ម ដំណាំស្រូវក្នុងខេត្តកំពង់ចាម អនុវត្តបានចំនួន ១៤០.៧៣៦ ហិកតា ក្នុងឆ្នាំ២០១៨ កើនដល់ ១៤៧.៤២២ ហិកតា ក្នុងឆ្នាំ២០២២ កើនប្រមាណជា ៤,៧%។ ចំណែកផលិតផលស្រូវផលិតបានចំនួន ៤៨៨.២៩២ តោនក្នុងឆ្នាំ២០១៨ កើនដល់ ៥៤៥.៥២១ តោនក្នុងឆ្នាំ២០២២ កើនប្រមាណ១១,៧ ភាគរយ។ឯកឧត្តម អភិបាលខេត្តកំពង់ចាម ថ្លែងឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ឯកឧត្តម អភិបាលខេត្តបានឱ្យដឹងថា សម្រាប់តុល្យភាពស្បៀង ជារៀងរាល់ឆ្នាំខេត្តកំពង់ចាម ធានាបាននូវសន្តិសុខស្បៀងជានិច្ច ដោយក្នុងមួយឆ្នាំៗ ផលិតស្រូវបានចំនួន ៤៧៤.៦០៤ តោន គិតជាស្បៀងប្រមាណ ៣០៣.៧៤៦ តោន មិនតែប៉ុណ្ណោះខេត្តកំពង់ចាម នៅសល់ស្បៀង​ជា​អង្ករប្រមាណជា ១៦២,៣៤១ តោន គិតជាស្រូវ ២៥៣.៦៥៨ តោន សម្រាប់ការនាំចេញផងដែរ។បើតាមឯកឧត្តម អភិបាលខេត្ត ដំណាំរយៈពេលខ្លីបានចូលរួមយ៉ាងសកម្មក្នុងលើកស្ទួយសេដ្ឋកិច្ច​គ្រួសាររបស់ប្រជាពលរដ្ឋ។ ដំណាំនេះអាចផលិតបានពី ២ទៅ៣ដងក្នុង១ឆ្នាំ ដូចជា ដំណាំបន្លែគ្រប់មុខ ដំណាំសណ្តែក ដំណាំឡូង និងថ្នាំជក់ជាដើម ដែលក្នុងឆ្នាំ២០១៨ ផលិតបានចំនួន ៦៣២.៣០៣ តោន កើនដល់ ៧៣៦.៧១៣តោន ក្នុងឆ្នាំ២០២២។ រីឯដំណាំរយៈពេលវែងដូចជា ចេក ចន្ទី ស្វាយ ដូង ខ្នុរ ជាដើម ក្នុងឆ្នាំ២០១៨ ផលិតបានចំនួន ១៦៦.៦០៤ តោន កើនដល់ ២៥៦ ៦៨០ តោន ក្នុងឆ្នាំ២០២២។ ដោយឡែក ដំណាំកៅស៊ូ គឺជាដំណាំកសិ-ឧស្សាហកម្មមួយដ៍សំខាន់ ដែលបានបន្សល់ទុកកាល​ពីសម័យបារាំងមកម្ល៉េះ។ ខេត្តកំពង់ចាមចាប់តាំងពីឆ្នាំ២០១៤មក មកទល់ពេល នេះដំណាំកៅស៊ូ មានសរុបចំនួន ៣៣.២៤៥ ហិកតា ដែលក្នុងនោះមាន ដំណាំកៅស៊ូ គ្រួសារចំនួន ២៥.៤៨៧ ហិកតានិងដំណាំកៅស៊ូក្រុមហ៊ុន ចំនួន ៧.៧៥៨ ហិកតា៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជានុរាស្រ្តបន្តបួងសួងថ្វាយព្រះពរព្រះមហាក្សត្រឱ្យឆាប់ជាសះស្បើយពីព្រះរោគ
04/22/2026 02:04 PM
អ្នកវិភាគនយោបាយបង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើនទំនាក់ទំនងបន្ថែមទៀតរវាងចិន និងកម្ពុជា
04/22/2026 01:04 PM
អ៊ីរ៉ង់រិះគន់ខ្លាំងៗ ចំពោះការចរចាសន្តិភាពរបស់អាមេរិក ដោយចាត់ទុកថា ជាការ «ខ្ជះខ្ជាយពេលវេលា»
04/22/2026 01:04 PM
អ្នកនាំពាក្យ៖ បញ្ហាព្រំដែន​ជាមួយថៃ​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាក់​ទឹក​ចិត្ត​ឡើយ​តែ​ធ្វើ​ឱ្យ​រួប​រួម​គ្នា​កាន់​តែ​ខ្លាំង
04/22/2026 12:04 PM
សហរដ្ឋអាមេរិកថា ខ្លួននឹងមិនដកប្រព័ន្ធការពារជាតិចេញពីកូរ៉េខាងត្បូងទេ
04/22/2026 12:04 PM
សហគ្រាសក្នុងស្រុកបង្កើតថ្មីៗជាច្រើន ស្របពេលមានសន្ទុះមហាជនគាំទ្រផលិតផលក្នុងស្រុក
04/22/2026 12:04 PM
ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
04/22/2026 12:04 PM
ពលរដ្ឋអាមេរិកអ៊ីរ៉ង់ ប្រមូលផ្តុំគ្នានៅរដ្ឋកាលីហ្វ័រនីញ៉ា ជំរុញឱ្យមានបទឈប់បាញ់ជាមួយការការពារសិទ្ធិមនុស្ស
04/22/2026 11:04 AM
អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនខ្លួនមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងអ្នកពាក់ព័ន្ធ ២នាក់ទៅតុលាការរសៀលនេះ
04/22/2026 11:04 AM
លោក Trump គំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាថ្មីទៀត បន្ទាប់ពីប្រកាសបន្ថែមពេលបទឈប់បាញ់
04/22/2026 11:04 AM