រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

រាជរដ្ឋាភិបាលបញ្ចេញឥណទានគាំទ្រគម្រោងស្រូវអង្ករមានទំហំទឹកប្រាក់ ៨០ លានដុល្លារ

2022/08/16 01:00:32 pm        731
ភ្នំពេញ៖ រាជរដ្ឋាភិបាលបាន​បញ្ចេញឥណទាន ​គាំទ្រគម្រោងស្រូវអង្ករនៅកម្ពុជា គិតមកដល់​ពេល​នេះ មានទំហំទឹកប្រាក់ជាង ៨០ ដុល្លារអាមេរិក ​ដោយរាជរដ្ឋាភិបាល នឹងពិចារណាផ្តល់​ឥណទាន​បន្ថែម ​ដើម្បីជម្រុញផលិតកម្មស្រូវអង្ករ និង​ចូលរួមចំណែក​ដល់កំណើនសេដ្ឋកិច្ច​ក្រោយ​ពីវិបត្តិកូវីដ ១៩ នេះ។ឯកឧត្តម ចាន់ សីហា អគ្គនាយករង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម (ARDB) នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុង​កិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ នេះថា ចំពោះគម្រោងពិសេស​របស់​រាជរដ្ឋាភិបាល ដែលធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម បាន​អនុវត្តកន្លងមករួមមានគម្រោង​គាំទ្រ​ដល់វិស័យស្រូវ​អង្ករ​សម្រាប់ការ​នាំចេញ ​និងគម្រោងគំាទ្រដល់សហគ្រាសធុនតូច ​និងធម្យម ​ដែលពាក់ព័ន្ធវិស័យកសិកម្ម ដែលមាន​ទំហំទឹកប្រាក់សរុប ១០០ លានដុល្លារ។ឯកឧត្តម បន្តថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុវត្តគម្រោងនេះចាប់តាំងពីឆ្នាំ ២០១៦ ។ មកដល់ពេលនេះ ARDB បាន​បញ្ចេញ​ថវិកា​ប្រមាណជា ៨០ ​លានដុល្លារអាមេរិករួចហើយ គឺការ​គាំទ្រ​វិស័យស្រូវអង្ករតែមួយមុខគត់ ។ ​ចំណែកជំហានបន្តបន្ទាប់ទៀត ឯកឧត្តម រំពឹងថា រាជ​រដ្ឋាភិបាល នឹងពិចារណាផ្តល់ឥណទាន​បន្ថែម​ សម្រាប់គម្រោងទាំងនេះ ដើម្បីជម្រុញ​កំណើន​សេដ្ឋកិច្ច នៅក្រោយពីវិបត្តិជំងឺកូវីដ-១៩ នេះ។ទាក់ទងគម្រោងគាំទ្រស្រូវអង្ករ,លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​នឹងផ្តល់កញ្ចប់ថវិកាពិសេស ​ដើម្បីគាំទ្រដល់ស្រូវអង្ករកម្ពុជា ជាពិសេស​ការផ្តល់ឥណទានជាទុនបង្វែល សម្រាប់ការ​ប្រមូល​ទឹកស្រូវរបស់​ម្ចាស់សហគ្រាស​រោងម៉ាស៊ីន​ពី​កសិករ, គម្រោងពង្រីករោងម៉ាស៊ីនកិនស្រូវ និងគម្រោងសម្រាប់បង្កើតឡសម្ងួតជាដើម ។ ឯកឧត្តម ចាន់ សីហា បញ្ជាក់ថា គម្រោងផ្តល់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បាន​ចូលរួម​ចំណែកយ៉ាងខ្លាំង ​ជាពិសេសក្នុងការរីក​រាលដាល​ជម្ងឺកូវីដ ១៩ ​ដើម្បីលើកកម្ពស់ជីវភាពរស់​នៅរបស់ប្រជាជន ​និងសម្រាប់​ស្តុកស្បៀង​ក្នុងវិបត្តិដែលកំពុងកើតឡើងជាដើម, ជាក់ស្តែងការគាំទ្រ​សម្រាប់ការនាំចេញស្រូវអង្ករ ​តាមរយៈការផ្តល់ឥណទាន​មានការប្រាក់ទាបនេះ គឺជាការចូលរួម​ចំណែក​កាត់​នូវបន្ថយថ្លៃដើមដល់ម្ចាស់អាជីវកម្មជាច្រើនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

ពន្ធដារប្រមូលពន្ធ-អាករបានជាង ២ ២១០ លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែ

2022/08/16 12:08:58 pm        486
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អនឡាញ ​អនុវត្តបានចំនួនជិត ៨ ៩៥១ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ២១០ លាន​ដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ ស្មើជាង ៧៨% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឲ្យដឹងថា នៅក្នុងខែ កក្កដា ឆ្នាំ ២០២២ នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូល​អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ ​មានចំនួនជិត ៩៧០​ ប៊ីលានរៀល ​ត្រូវប្រមាណជាង ២៣៩ លានដុល្លារ ​ស្មើជាង ៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ប្រៀប​ធៀប​នឹង​ចំណូលពន្ធ-អាករប្រចាំនេះ ​ទៅខែកក្កដា ឆ្នាំ២០២១ ​ឃើញថា ​បានកើនឡើងចំនួនជាង ១៥៦ ​ប៊ីលានរៀលប្រមាណជាង ៣៨ លានដុល្លារ ស្មើជាង ១៩%។ចំណែកប្រមូលចំណូលសរុបរយៈពេល ៧ខែ ឆ្នាំ២០២២ នេះវិញ ចំណូលពន្ធ-អាករ ដែលអគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បានជាក់ស្ដែង ​តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មាន​ចំនួនជិត ៨ ៩៥១ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ២១០ ​លានដុល្លារ ស្មើជាង ៧៨% នៃផែនការ​ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ​ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ​កើនឡើងជាង ១ ៩៨៩ ប៊ីលានរៀល ត្រូវជាង ៤៩១ លានដុល្លារ ស្មើជាង ២៨%។ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ទោះបីជាមានហានិភ័យ​ដែលបណ្តាល​ពី​ភាពមិនប្រាកដប្រជា ​និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ​រលកនៃការរីករាលដាល និង​បំប្លែង​ឥតឈប់ឈរនៃមេរោគកូវីដ-១៩​ ភាពតាន ​តឹងនៃភូមិសាស្ត្រនយោបាយ ​និងសន្តិសុខ​សកល ដែល​បាន​ជះឥទ្ធិពល​មកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្ដី ​ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូល​ចំណូល​ពន្ធក្នុងឆ្នាំ២០២០, ឆ្នាំ២០២១ ​និងរយៈពេល ៧ ខែ ឆ្នាំ ២០២២ នេះ នៅតែរក្សាបាននូវ​ស្ថានភាព​ល្អប្រសើរ ដោយតែងតែសម្រេចបានគ្រប់ ​និងលើសផែនការ កំណត់ក្នុងច្បាប់​ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ​ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកាសម្រាប់ការ​ចំណាយ​នានា​ របស់រដ្ឋាភិបាល ​ជាពិសេស ​ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញកៅស៊ូមានទឹកប្រាក់សរុប ២៥៥លានដុល្លារ ក្នុងរយៈពេល៧ខែ

2022/08/15 12:30:37 pm        588
ភ្នំពេញ៖ កម្ពុជា បាននាំចេញកៅស៊ូ ទៅក្រៅប្រទេស ទទួលបានចំណូលសរុប ប្រមាណ ២៥៥លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ។របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៦១ ៥៦២តោនក្នុងរយៈពេល៧ខែនៃឆ្នាំ ២០២២ ធ្លាក់ចុះបន្តិចបន្តួច ០.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​ឆ្នាំមុន។របាយការណ៍ បាននិយាយថា ព្រះរាជាណាចក្រកម្ពុជា​ ទទួលបានប្រាក់ចំណូលចំនួន ២៥៤.៨ លាន​ដុល្លារ​អាម៉េរិក​ពីការនាំចេញទំនិញក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំនេះ​ ធ្លាក់ចុះ ៦ ភាគរយពី ២៧១ លានដុល្លារក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បាននិយាយនៅក្នុងរបាយការណ៍ថា ជ័រកៅស៊ូមួយតោនមានតម្លៃជាមធ្យម ១ ៥៧៧ ​ដុល្លារក្នុងអំឡុងពេលប្រាំពីរខែនៃឆ្នាំ ​២០២២ បាន​ថយចុះ ៩៥ ដុល្លារ ក្នុងមួយតោន​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ​កម្ពុជា​នាំចេញជ័យ​កៅស៊ូ​ភាគ​ច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម​ សិង្ហបុរី និងចិន។ការវិនិយោគពីវិស័យឯកជន ​បង្កើតរោងចក្រផលិតកង់រថយន្ត ក្នុងក្រុងបាវិត ​និងក្រុងព្រះសីហនុ កាល​ពីពេលថ្មីៗនេះ នឹងជួយជំរុញ ​និងធានាទីផ្សារដល់ជ័រកៅស៊ូក្នុងស្រុក។របាយការណ៍ ​បាន​បន្ត​ថា មក​ដល់​ពេល​នេះ​ កម្ពុជា​បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​សរុប​ចំនួន ៤០៤ ០៤៤ ​ហិកតា ដែល​ក្នុង​នោះ​​ផ្ទៃដីចៀរជ័រ​កៅស៊ូ ៣១០.១៩៣ ហិកតា ឬ ៧៧ ភាគរយ​​៕ អត្ថបទ៖ វណ្ណៈ

ស្តង់ដារជួយលើកកម្ពស់ផលិតផល និងការប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងនាំចេញ

2022/08/15 12:22:51 pm        851
ភ្នំពេញ៖ កម្ពុជា បានអនុម័តស្តង់ដារ មានចំនួនជាង ១ ពាន់ស្តង់ដាររួចហើយ និងបច្ចុប្បន្ន ក្រុមប្រឹក្សាស្តង់ដារជាតិ កំពុងជម្រុញបង្កើត និងងអនុម័តយកស្តង់ដារថ្មីៗបន្ថែមទៀត សម្រាប់​ជាមូលដ្ឋានបើកនូវរបាំងបច្ចេកទេស ដើម្បីលើកកម្ពស់ ​និងការប្រកួតប្រជែងផលិតផលទាំងក្នុង និងក្រៅស្រុក។តាមរបាយការណ៍របស់វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ បង្ហាញឲ្យដឹងថា វិទ្យាស្ថានបានកំពុងខិតខំប្រឹងប្រែង រៀបចំ កែសម្រួលស្តង់ដារ​អន្តរជាតិ​មួយចំនួន ឲ្យមកជាស្តង់ដារជាតិ, គិតមកដល់ពេលនេះកម្ពុជាបានអនុម័តស្តង់ដារ មាន​ចំនួន ១ ០៣០ ស្តង់ដាររួចហើយ នឹងកំពុងជម្រុញបង្កើត និងអនុម័តយកស្តង់ដារថ្មីៗឲ្យបាន​ច្រើន​ទៀត ជាពិសេសស្តង់ដារសម្រាប់វិស័យឧស្សាហកម្ម ​និងកសិកម្មជាដើម។ វិទ្យាស្ថានស្តង់ដារកម្ពុជា ​បានចេញ ​និងបន្តវិញ្ញាបនបត្រប្រព័ន្ធសរុបចំនួន ៣៨ ក្នុងនោះរួមមាន​ប្រព័ន្ធ​វិញ្ញាបនបត្រប្រព័ន្ធការអនុវត្តផលិតកម្មល្អ (GMP), វិញ្ញាបនបត្រប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ (HACCP), ចេញវិញ្ញាបនបត្រប្រព័ន្ធប្រព័ន្ធគ្រប់គ្រង​គុណភាព (ISO 9001:2015), វិញ្ញាបនបត្រ​ប្រព័ន្ធ​គ្រប់គ្រងសុវត្តិភាពម្ហូបអាហារ ( ISO 22000: 2018) ​និងវិញ្ញាបនបត្របញ្ជាក់អនាម័យជាដើម។ស្តង់ដាសំខាន់ៗ​ ដែលកម្ពុជាកំពុងដាក់ឲ្យប្រើប្រាស់រួមមាន៖ ​ស្តង់ដារផលិតផលផ្នែកម្ហូបអាហារ និង​ម្ហូបអាហារវេចខ្ចប់ជាមុន ​ស្តង់ដារផលិតផលផ្នែកឧបករណ៍អគ្គិសនី​ និងអេឡិចត្រូនិក ស្តង់ដាផ្នែក​វិធី​សាស្ត្រធ្វើតេស្ត, ស្តង់ដាផ្នែកសារធាតុគីមី,​ ស្តង់ដាផលិតផលផ្នែកសម្ភារសំណង់, ស្តង់ដាផលិត​ផល​ផ្នែកយានយន្ត, ស្តង់ដាផលិតផលផ្នែកផលិតផលពីកៅស៊ូ, ស្តង់ដាផលិតផលផ្នែកគ្រឿង​សង្ហារឹម​ផលិតពីឈើ​ ស្ថិតក្នុងចំណោមស្តង់ដារផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញកម្ពុជាជួបប្រជុំគ្នា បើកវេទិកាស្តីពីបញ្ញាសិប្បនិមិ្មត និងសង្គម

2022/08/11 03:18:27 pm        708
ភ្នំពេញ៖ ដោយសង្កេតឃើញថា បញ្ញាសិប្បនិមិ្មត (Artificial Intelligence) ហៅកាត់ថា អេអាយ (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច និងកសាងសង្គមឌីជីថល​នៅកម្ពុជា សាកលវិទ្យាល័យខេមតិច សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង AI-Cambodia បានរៀបចំវេទិកាសំខាន់មួយ​ ស្តីពីបញ្ញាសិប្បនិមិ្មត និងសង្គម នៅរាជធានីភ្នំពេញ។វេទិកាស្តីពី បញ្ញាសិប្បនិមិ្មត និងសង្គម បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីអ្នកតំណាងមកពីក្រសួងពាក់ព័ន្ធ សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងសិស្ស និស្សិត ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងគោលដៅល្អៗ។ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីស្តីទី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ​នៅក្រោយអង្គវេទិកាថា វេទិកានេះរៀបចំឡើងក្នុងយន្តការជាកត្តាលិករជំរុញការពិភាក្សា និង​ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ ​ដើម្បីប្រមើមើលកាលានុវត្តភាព និង​ដោះស្រាយ​បញ្ហាចម្បងមួយចំនួនមាន ដូចជាឯកជនភាព​ សនិ្តសុខនិងសុវត្ថិភាព ការអប់រំ សុខភាព ទីផ្សារការងារ ​ការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើនជំនាញ ឬបង្កើតជំនាញថ្មីសម្រាប់​យុគសម័យ​ឌីជីថល។លោក យឹម ប្រសិទ្ធីឬទ្ធិ នាយកប្រតិបតិ្ត នៃក្រុមហ៊ុន Quantum Engineering and Manufacturing បានលើកឡើងថា បច្ចេកវិទ្យាមួយនេះ ស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូង និង​ទាមទារ​ឱ្យបន្តការអភិវឌ្ឍ​ដើម្បីឲ្យវានៅតែអាចមានសមត្ថភាពជំរុញនវានុវត្តន៍ និងការលូតលាស់​ផ្នែកសេដ្ឋកិច្ច។ ក្នុងន័យនេះហើយ ​បានជាការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវបាន​ចាត់ទុក​ជារបៀបវារៈ និងគោលនយោបាយចម្បងរបស់ប្រទេសមួយចំនួនធំ។វេទិកានេះថា​ ដើម្បីពិនិត្យមើលទិដ្ឋភាពនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាទូទៅ នៅ​កម្ពុជានា ពេលបច្ចុប្បន្ន ​និងនិន្នាការអនាគត ​និងឥទិ្ធពលនៃបច្ចេកវិទ្យាមួយនេះទៅលើ​សង្គមទាំងមូល ​ព្រមទាំងបង្ហាញ ​ពីគោលនយោបាយសំខាន់ៗ​របស់រាជរដ្ឋាភិបាល សម្រាប់​ការលើកកម្ពស់ និងពង្រឹងការអភិវឌ្ឍបច្ចេក​ វិទ្យាក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៕អត្ថបទ៖ បូរ៉ាវី

កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ

2022/08/11 02:21:41 pm        453
ភ្នំពេញ៖ កម្ពុជា​ និងសហរដ្ឋអាមេរិក ជំរុញបន្តកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់បរិយាកាស​វិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាម៉េរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា។នេះជាការលើកឡើងក្នុងជំនួបរវាង ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែសីហា ជាមួយគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ​លោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួល​ដោយ​ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ​ដើម្បី​ទទួលបាននូវបច្ចុប្បន្នភាពព័ត៌មាន​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា។ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ទោះបីស្ថិតក្នុងស្ថានភាពរីករាល​ដាល​នៃជម្ងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាម៉េរិកមានចំនួន ​៦.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ ​ដែលជាការកើនឡើងក្នុងអត្រាកំណើន ​៦១.៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១។ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ​កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណា​ឱ្យ​បរិយាកាសពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផលដល់​វិនិយោគិន​អន្តរជាតិមកពីបណ្តាប្រទេសនានាលើពិភពលោក។ជាការឆ្លើយតប លោកស្រី Wallis Yu ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ជាពិសេស​គឺក្រសួងពាណិជ្ជកម្មកម្ពុជា ​ដែលបានធ្វើការសម្របសម្រួលអន្តរក្រសួង​ដើម្បី​ឱ្យកម្ពុជា​សម្រេចទទួលយកស្តង់ដារយានយន្តសហរដ្ឋអាម៉េរិក ជាហេតុធ្វើឱ្យកម្ពុជាបានក្លាយ​ជាទីផ្សារ​ដ៏សំខាន់មួយក្នុងវិស័យយាន​យន្តសហរដ្ឋអាម៉េរិក។បន្ថែមពីនេះ ​លោកស្រីបានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាព​ព័ត៌មាន​ទាក់ទង​នឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ​ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់​តំណាង​ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក​សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញ​ក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាម៉េរិក ​ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុង​វិស័យ​បច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។ជាមួយគ្នានេះ ​លោកស្រីក៏បានជម្រាបមកកាន់ក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរថា ថ្មីៗនេះរាជ​រដ្ឋាភិបាល​សហរដ្ឋអាម៉េរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា លើប្រទេស​ដែល​ទទួល​អត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ៕ អត្ថបទ៖ វណ្ណៈ

កម្ពុជានាំទំនិញចេញមានតម្លៃជាង ១៣ ប៊ីលានដុល្លារ ក្នុងរយៈពេល៧ខែ

2022/08/11 02:05:23 pm        461
ភ្នំពេញ៖ កម្ពុជានាំចេញទំនិញចេញមានទឹកប្រាក់ជាង ១៣ ប៊ីលានដុល្លារ ក្នុងរៈពេល៧ខែ ឆ្នាំ២០២២នេះ កើនឡើង ៣០.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលសំលៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ រួមចំណែកពាក់កណ្តាលនៃទំនិញនាំចេញរបស់កម្ពុជា។យោងតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា សម្រេចបាន ៣២.៨២ប៊ីលានដុល្លារ ក្នុងអំឡុងពេលពីខែមករា ​ដល់ខែកក្កដា ឆ្នាំនេះ កើនឡើង​ ២១.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញសំខាន់របស់ទំនិញរបស់កម្ពុជា ​មានតម្លៃទឹកប្រាក់ ប្រមាណ ៥ ៦៩៥ លានដុល្លារ ដោយបានរួមចំណែក ​ប្រមាណ ៤៣ភាគរយ​នៃតម្លៃការនាំចេញ​សរុប​ក្នុងរយៈពេលនេះ។ប្រទេសវៀតណាម និងប្រទេសចិន​ ជាទីផ្សារធំលំដាប់ទីពីរ និងទីបី​ ដោយមានទំហំនាំចេញ ១ ៣២៦ លានដុល្លារ​និង ៨០៩ លានដុល្លារ។ ចំណែក ការនាំចូលរបស់កម្ពុជា ​មានតម្លៃ ១៩ ប៊ីលាន​ដុល្លារ​កើនឡើង ១៥.៤ ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ទំនិញសំខាន់ៗ​ដែលកម្ពុជា នាំចេញ មានដូចជា សំលៀកបំពាក់ តម្លៃសរុប ៥ ៦១៩ លានដុល្លារ វត្ថុអំពីស្បែក តម្លៃ ១ ២២៥ លានដុល្លារ ផលិតផលស្បែកជើង តម្លៃ ១ ០៤៥ លានដុល្លារ ឧបករណ៍អគ្គីសនីតម្លៃ ៩២៧លានដុល្លារ​។ឯកឧត្តម ប៉ែន សុវិជាតិ​ អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពីពេលថ្មីៗនេះថា ​បានចាត់ទុកកំណើននេះ ដោយសារតែការ​ចាប់ផ្តើម​ឡើងវិញពេញលេញនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ​ការអនុគ្រោះពាណិជ្ជកម្ម និង​ការ​កើនឡើង​នៃតម្រូវការសកល។ឯកឧត្តម លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុងតំបន់ (RCEP) ​ដែលបានចូលជាធរមានក្នុងខែមករា​ ក៏បានរួមចំណែកដល់កំណើននេះ៕ អត្ថបទ៖ វណ្ណៈ

កម្ពុជាមានរោងចក្រដំណើរការចំនួន ១ ៨៤៩ រោងចក្រ ផ្តល់ការងារចំនួនជាង ​៩៧ ម៉ឺនកន្លែង

2022/08/11 12:59:52 pm        425
ភ្នំពេញ៖ កម្ពុជាមានរោងចក្រដំណើរការសរុប ចំនួន ១ ៨៤៩ រោងចក្រ គិតត្រឹមឆ្នាំ២០២១ បង្កើត​ការងារ​ធ្វើជាង ៩៧ម៉ឺន កន្លែងដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់ប្រាក់ចំណូល​ដល់ប្រជាពលរដ្ឋ។ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញរបាយការណ៍សមិទ្ធផល​សំខាន់ៗ​សម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល៥ឆ្នាំ ២០១៧-២០២១​ ក្នុងសន្និសីទសារព័ត៌មាន ​នៅថ្ងៃទី១១ ខែសីហា នៅអង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល។រោងចក្រដំណើរការមានចំនួន ១ ៨៤៩ រោងចក្រ ស្ថិតនៅក្នុង ២៥រាជធានី-ខេត្ត មានការកើន​ឡើង​ចំនួន ៣២៧រោងចក្រ ស្មើនឹង ២១.៤៨% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក​ ដែលនៅក្នុងឆ្នាំ ២០១៧ រោងចក្រដំណើរការមានចំនួន ១ ៥២២ រោងចក្រ។រោងចក្រកើតថ្មីក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មាន​ចំនួន ៩៦២ រោងចក្រ ខណៈ រោងចក្របិទទ្វារ​ឈប់​ដំណើរការក្នុងរយៈពេល៥ឆ្នាំ មានចំនួន ៦៩២រោងចក្រ។កម្លាំងពលកម្មសរុប មានចំនួន ៩៧០ ៤៨៧នាក់ ក្នុងនោះមាន ស្រីចំនួន ៧៤៧ ៧០០នាក់ ស្មើនឹង ៧៧.០៤% មានការថយចុះចំនួន ១១ ៧១៦ នាក់ ស្មើនឹង ១.១៩% បើធៀប ទៅនឹងរយៈពេល៥ឆ្នាំ​កន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ​កម្លាំងពលកម្មសរុបមានចំនួន ៩៨២,២០៣នាក់។ចំណែក ទុនវិនិយោគសរុប មានចំនួនជាង ១៣,៤៧៤ លានដុល្លារអាមេរិក មានការកើនឡើង​ចំនួន​ជាង ៤ ០៦៤លានដុល្លារអាមេរិក ស្មើនឹង ៤៣.១៩% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លង មក ដែល​នៅក្នុងឆ្នាំ ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩ ៤១០ ​លានដុល្លារអាមេរិក។តម្លៃបរិមាណផលិតផលសរុបនៃរោងចក្រដំណើរការ ​មានចំនួនជាង ៥ ៩៣៣ លានដុល្លារអាមេរិក ក្នុងនោះមាន ​តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមាន​ចំនួនជាង ១ ៥៦០ លានដុល្លារ​អាមេរិក និងតម្លៃបរិមាណផលិតផលនាំចេញមានចំនួនជាង​ ៤ ៣៧៣ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

ភ្ញៀវទេសចរបរទេស បន្តមានកំណើនចូលមកទស្សនានៅកម្ពុជា

2022/08/11 12:55:09 pm        626
ភ្នំពេញ៖ វត្តមានភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជាក្នុងខែកក្កដា នេះ ចាប់ផ្ដើមមាន​កំណើន​ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ខណៈភាគច្រើនឃើញមាននៅតាមទីតាំងទេសចរណ៍​សំខាន់ៗ​ក្នុងរាជធានីភ្នំពេញ។ក្រសួងទេសចរណ៍ ទើបបានបញ្ជាក់ថ្មីៗនេះថា ភ្ញៀវទេសចរជាតិ ​និងភ្ញៀវទេសចរអន្តរជាតិ មាន​ចំនួនរហូតដល់ជាង ២៤ម៉ឺននាក់ បានធ្វើដំណើរកំសាន្តជុំវិញប្រទេសកម្ពុជា ក្នុងសប្ដាហ៍ដំបូង​នៃខែសីហានេះ។ ក្នុងនោះភ្ញៀវទេសចរជាតិ មានជាង ២២ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមាន​ចំនួនជាង ២ម៉ឺននាក់។ ខណៈមានកំណើនភ្ញៀវទេសចរនេះ ​ទីតាំងទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ទទួលបាន​ការ​ចូលទស្សនាច្រើន។ ជាក់ស្ដែងសម្រាប់សារមន្ទីរជាតិ ​ដែលមានទីតាំងជិតព្រះបរមរាជវាំង គឺមាន​ភ្ញៀវទេសចរប្រមាណ ១០០ទៅ ១៣០ ​នាក់ចូលទស្សនារៀងរាល់ថ្ងៃ ហើយក៏មានភ្ញៀវទេសចរ​ជាតិ​ចូលទស្សនាប្រមាណ ១២០ ទៅ១៥០នាក់ក្នុង១ថ្ងៃ។ទីតាំងសំខាន់មួយទៀត គឺស្ថិតនៅសារមន្ទីរទួលស្លែង ​ចំនួនភ្ញៀវទេសចរអន្តរជាតិ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ផងដែរ។ ​នេះជាការលើកឡើងរបស់​ លោក ហង្ស និស្ស័យ ជាប្រធាន​សារមន្ទីរ។ លោក បញ្ជាក់ថា ភ្ញៀវទេសចរបរទេសបានកើនឡើងពីប្រមាណ​ ៥០ ទៅ ៦០នាក់​ក្នុង១ថ្ងៃ មកដល់ចំនួនជាង ២០០នាក់ក្នុងពេលនេះ។ លោក ក៏សង្ឃឹមថា ចំនួនភ្ញៀវទេសចរ​អន្តរជាតិ​បន្តកើនឡើងផងដែរ។លើកឡើងដូចគ្នាផងដែរ លោក ថុង សុំផល្គុន ជាមគ្គុទេសទេសចរណ៍មួយរូប ដែលកំពុងជូន​ភ្ញៀវបរទេស​មួយ​ក្រុមទស្សនាក្នុងសារមន្ទីរទួលស្លែង​ បង្ហាញនូវភាពសប្បាយចិត្ត។ ភាពសប្បាយចិត្ត ​ដោយសារបច្ចុប្បន្ន ​ចំនួនភ្ញៀវទេសចរបរទេសបន្តកើនឡើង ដែលអាចជួយ​ដល់​ជីវភាព​របស់លោក​ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា​ ដែលធ្វើការពាក់ព័ន្ធវិស័យ​ទេសចរណ៍ដទៃទៀត អាច​ទទួល​បានអត្ថប្រយោជន៍។ចំពោះភ្ញៀវទេសចរបរទេស​ ដែលភាគច្រើនជាដំណើរកំសាន្តមកកម្ពុជា​ជាលើកទីមួយ បានលើក​ឡើង​ពី​ការពេញចិត្តចំពោះកម្ពុជា​ ដោយប្រជពលរដ្ឋរួសរាយរាក់ទាក់ ​ទេសភាពស្អាត មាន​ប្រវត្តិសាស្រ្ត និងរឿងជាច្រើនដែលមានភាពទាក់ទាញ។ ពួកគាត់ ក៏លើកឡើងដែរថា កម្ពុជា ជា​ជម្រើស​ដ៏ល្អមួយក្នុងការដើរកំសាន្តសម្រាប់ជនបរទេស។តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ទីតាំងសំខាន់ដែលស្រូបទាញភ្ញៀវទេសចរ​បាន​ច្រើនជាងគេ ​គឺខេត្តសៀមរាប ​បន្ទាប់មកគឺខេត្តព្រះសីហនុ កំពត កែប ​ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ៕ អត្ថបទ៖ គឹមហុក  

ដំណឹងល្អ..! តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាបន្តធ្លាក់ចុះ បើធៀបនឹងសន្ទស្សន៍ចាស់

2022/08/11 11:58:41 am        672
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងរាយប្រេងឥន្ធនៈតាមស្ថានីយប្រេងនានាទូទាំងប្រទេស ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៦៥០រៀល/លីត្រ(ចុះ ១០០រៀល) និងប្រេងម៉ាស៊ុតត្រូវលក់តម្លៃ ៥.០០០រៀល/លីត្រ(ចុះ ១៥០រៀល)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ
04/24/2026 03:04 PM
អនុប្រធានទី១ អាជ្ញាធរមីន ស្នើមូលនិធិចិន សម្រាប់សន្តិភាព និងការអភិវឌ្ឍ គាំទ្រ​ដល់​ជន​មាន​ពិការ​ភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា
04/24/2026 02:04 PM
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
04/24/2026 02:04 PM
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
04/24/2026 02:04 PM
អ្នកជំនាញសេដ្ឋកិច្ច៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹង​កាន់​តែ​ស៊ីជម្រៅ​លើ​​វិស័យ​សេដ្ឋកិច្ច និងកសិកម្ម
04/24/2026 02:04 PM
មេដឹកនាំអ៊ីរ៉ង់ បញ្ជាក់ពីការរួបរួមជាតិ ខណៈប្ដេជ្ញាសងសឹក ស្របពេលមានរបាយការណ៍ពីជម្លោះផ្ទៃក្នុង
04/24/2026 12:04 PM
អនុប្រធានទី១ អាជ្ញាធរមីន និង​ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាជួបពិភាក្សាគ្នា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា
04/24/2026 12:04 PM
សម្តេចធិបតី បន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការ​បង្ក្រាប​បទ​ល្មើស​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ
04/24/2026 12:04 PM
អ្នកវិភាគ៖កម្ពុជា-ចិន គឺជាមិត្តជិតស្និទ្ធដែលមិនអាចខ្វះគ្នាបាន ខណៈកិច្ចប្រជុំ ២+២ ដើម្បីបង្កើនទំនាក់ទំនងបន្ថែម
04/24/2026 12:04 PM
កម្ពុជា-ចិន ឯកភាពគ្នាថា យន្តការ «២+២» នឹងដើរ​តួនាទី​ជា​វេទិកា​ពង្រឹង​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ
04/24/2026 12:04 PM