រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

អគ្គនាយកដ្ឋានគយ ទទួលបានប្រាក់ពន្ធអាករលើរថយន្តគ្មានពន្ធ និងចង្កូតស្តាំ​ ជាង៧៦លានដុល្លារ

2022/07/07 11:15:04 am        2101
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចំណូលពីការបង់ពន្ធអាករលើរថយន្តចង្កូតឆ្វេងនាំចូលអត់ពន្ធ និងរថយន្តចង្កូតស្តាំ កែទៅចង្កូតឆ្វេង មានប្រមាណជាង៧៦លានដុល្លារ។​ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា។​គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចុះទទួលប្រាក់បង់ពន្ធពន្ធអាករ និងកក់ប្រាក់សម្រាប់រថយន្តចង្កូតស្តាំ ទៅចង្កូតឆ្វេង សុរបចំនួន ៩ ៧៥៣គ្រឿង។ ក្នុងនោះ​ រថយន្តចង្កូតឆ្វេងនាំចូលអត់បង់ពន្ធ មានចំនួន ២ ៧១៣ គ្រឿង ដែលបានបង់ពន្ធអាករ សរុប ៣៥លានដុល្លារ។​ចំណែក រថយន្តចង្កូតស្តាំ កក់ប្រាក់សម្រាប់កែចង្កូតឆ្វេង មានសរុប ៧ ០៤០ គ្រឿង ដែលមានទឹកប្រាក់សរុប ៤១.៥លានដុល្លារ។ យុទ្ធនាការបង់ពន្ធអាករលើរថយន្តគ្មានពន្ធ និងរថយន្តចង្កូតស្តាំ បានបិទបញ្ចប់ នៅនៅចុងខែមិថុនា ឆ្នាំនេះ បន្ទាប់ពីចាប់អនុវត្ត ពីខែមករាដើមឆ្នាំ។ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ កក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីការអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំ ចូលបង់ដោយមិនបាច់កែចង្កូតនេះ សម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ប៉ុណ្ណោះ។សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្ត្រីគយ ក៏ដូចជាកម្លាំងសមត្ថកិច្ចតាមព្រំដែនត្រូវស្តាប់ឲ្យច្បាស់ គឺមិនត្រូវឲ្យមានការបន្លំយករថយន្តចង្កូតស្តាំថ្មីៗ ចូលមកកម្ពុជា ដើម្បីចូលបង់ពន្ធនោះទេ។ សម្តេចបញ្ជាក់ថា រថយន្តចង្កូតស្តាំអត់ពន្ធ មានតែលួចនាំចូលតាមព្រំដែនថៃប៉ុណ្ណោះ។អត្ថបទ៖ វណ្ណៈ 

CDC ត្រៀមខ្លួនសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍នៅកម្ពុជា

2022/07/06 04:36:25 pm        685
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងនាមជាស្ថាប័នជំរុញវិនិយោគ ត្រៀមចខ្លួនរួច​ជា​ស្រេច​ក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី ​និងវិនិយោគិន​គ្រប់ជាតិសាសន៍ ហើយច្បាប់ស្តីពីវិនិយោគថ្មីដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២១ ជាក្របខណ្ឌ​គតិយុត្តិមួយ​ដ៏រឹងមាំ​ដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជា។ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកឡើងក្នុង “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទំនាក់ទំនង​សេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” លើកទី៦ ​នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៥-៦ ខែកក្កដា។កម្មវិធីនេះ ត្រូវបានរៀបចំដោយ សមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី និងសាជីវកម្មសហគ្រាស​ធុនតូច និងមធ្យមម៉ាឡេស៊ី ​ដោយមានវត្តមានចូលរួមរបស់ ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជ​ទូតកម្ពុជា​ប្រចាំ​ប្រទេសម៉ាឡេស៊ី ​លោក Sharan Valiram ប្រធានសមាគម MRCA លោក Dato Sri Ricky Yaw អនុប្រធាន​សាជីវកម្ម SME Malaysia និងលោក លោកស្រីជាប្រធាន និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ម៉ាឡេស៊ីចំនួន ១៥។ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវអំណរគុណចំពោះតំណាងក្រុមហ៊ុន​ទាំងអស់​ដែលមាន​ចំណាប់​អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម បានលើកឡើងថា ការអភិវឌ្ឍ និងកត្តាជោគជ័យទាំងឡាយរបស់កម្ពុជា កើតចេញ​ពី​កិច្ចខិត​ខំប្រឹងប្រែងដោយពុំគិតពីការ​នឿយហត់​របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ ​ដែលបានទទួលជ័យជម្នះក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង​បានផ្តល់លទ្ធភាពឱ្យកម្ពុជា​អាចបើកដំណើរការសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ​ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។ លោក លោកស្រី ដែលជាប្រធានសមាគម អនុប្រធានសាជីវកម្ម និងធុរជនទាំងអស់បានវាយ​តម្លៃខ្ពស់ ​និងសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរបស់​ប្រទេសកម្ពុជានាប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ជាពិសេសលើការគ្រប់គ្រងបានយ៉ាងល្អប្រសើរនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ​ដែលបានធ្វើឱ្យអត្រាអ្នកឆ្លងនៅកម្ពុជា​មានចំនួនតិចតួចបំផុតនាពេលបច្ចុប្បន្ន។ ដោយមើលឃើញពីកត្តាវិជ្ជមានជាច្រើនរបស់កម្ពុជា តំណាងក្រុមហ៊ុនម៉ាឡេស៊ីទាំងអស់ប្តេជ្ញាពង្រីក​អាជីវកម្មរបស់ខ្លួននៅកម្ពុជា​ឱ្យខាងតែបាននាថ្ងៃអនាគតដ៏ខ្លី។ ជាក់ស្តែង ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ​ស្ថានទូតកម្ពុជា​ប្រចាំប្រទេស​ម៉ា​ឡេស៊ី សហការជាមួយសមាគម MRCA នឹងរៀបចំបេសកកម្មពាណិជ្ជកម្មចំនួន ៤ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសសន្ទនារវាងក្រុមហ៊ុននៅកម្ពុជា​និង​ក្រុមហ៊ុន​របស់ម៉ាឡេស៊ីដែលរំពឹងថា នឹងអាចឈានទៅរកការសហការគ្នាបន្ថែមទៀត ៕ អត្ថបទ៖ វណ្ណៈ

អត្រាប្តូរប្រាក់មានលំនឹងល្អ ជាការលើកកម្ពស់ជីវិភាពដល់ប្រជាពលរដ្ឋ និងការទាក់ទាញវិនិយោគិន

2022/07/06 01:31:30 pm        763
ភ្នំពេញ៖ ស្ថានភាពអត្រាប្តូរប្រាក់មិនមានប្រែប្រួលខ្លាំង ជាការធ្វើឲ្យលំហូរសាច់ប្រាក់របស់កម្ពុជា​មាន​លំនឹង ស្ថេរភាពល្អ និងជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់ និងជាទំនុកចិត្តរបស់អ្នក​វិនិយោគ ជាពិសេសការផ្តល់ភាពទាក់ទាញពីវិនិយោគិន ឲ្យមកបណ្តាក់ទុននៅក្នុងទីផ្សារ​ព្រះរាជា​ណា​ចក្រកម្ពុជា។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនួញនៅក្នុងអាជីវកម្ម ថ្លែង​លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ ​ជាមួយភ្នាក់អ្នកយកព័ត៌ BTV ​នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះថា តាមការសង្កេតមើលទីផ្សារប្តូរប្រាក់នៅកម្ពុជា ​ជាច្រើនឆ្នាំមកនេះ គឺមិនមានការប្រែប្រួល​ខ្លាំង​នោះឡើយ ដោយរក្សាអតិផរណាលំនឹងប្រាក់រៀល​ និងប្រាក់ដុល្លារបានល្អប្រសើរ។លោកឧកញ៉ា បន្តថា ទោះបីអត្រាប្តូរប្រាក់មានស្ថេរភាពល្អយ៉ាងណាក៏ដោយ ការគាំទ្រ និងរួមគ្នាប្រើ​ប្រាស់​រូបិយវត្ថុ​ប្រាក់រៀល​ ត្រូវជំរុញឲ្យបានផុលផុសថែមទៀត។ទាក់ទងរូបិយវត្ថុនេះ, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងថា ​ចំពោះការរក្សាស្ថេរ ភាពអត្រាប្តូរប្រាក់ល្អក្នុងរក្សាវែងបែបនេះ គឺមិនមែនជារឿង​ចៃដន​នោះឡើយ ​ពោលគឺបានកើតចេញពីការគិតគូរ ​និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល នឹង​ស្ថាប័នជំនាញ ​ជាពិសេសជាងនេះទៅទៀត ​វាជាការទាក់ទាញអ្នកវិនិយោគផងដែរ ។សូមបញ្ជាក់ថា៖ ថ្មីៗនេះមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ដោយមានការដាក់​ចេញ​នូវគោលនយោបាយជាច្រើន ​និងការជម្រុញលើកកម្ពស់ប្រាក់រៀលជាដើម​ ក្នុងរយៈពេល ២០ឆ្នាំ មកនេះ​ អត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារ ​មានស្ថេរភាពល្អ ក្នុងរង្វង់មធ្យមជាង ៤ ០០០រៀល ក្នុងមួយដុល្លារ​ ពោលគឺដោយមានការប្រែប្រួលតិចតូច។ជាក់ស្តែងថ្ងៃទី ០៦ខែកក្កដា ឆ្នាំ ២០២២ ធនាគារជាតិនៃកម្ពុជា​ បានបង្ហាញអត្រាប្តូរប្រាក់ផ្លូវការ គឺ ៤ ០៧៥ រៀល ​ក្នុងមួយដុល្លារអាមេរិក។​ ដូច្នេះវត្តមានរបស់ប្រាក់រៀល គឺបានរួមចំណែកយ៉ាង​សំខាន់ ​ក្នុងការស្តារ ​និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ជាពិសេសការបន្ធូរបន្ថយអត្រាការប្រាក់​សម្រាប់​ជំរុញការវិនិយោគ ​និងការប្រើប្រាស់​ ក៏ដូចជាការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ចផងដែ ៕អត្ថបទ៖ សុន រ៉ាឌី

ចំណូលលក់សំបុត្រចូលទស្សនាអង្គរដល់ភ្ញៀវទេសចរបរទេស កើនឡើងក្នុងឆមាសទី១

2022/07/05 12:53:06 pm        891
សៀមរាប៖ កម្ពុជាទទួលបានចំណូលពីការលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរវត្ត បានកើនឡើងខ្ពស់ ក្នុងឆមាសទី១​ឆ្នាំនេះ ឆ្លុះបញ្ជាំងពីវត្តមានភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនានៅក្នុងប្រទេស ចាប់តាំងពីរដ្ឋាភិបាលប្រកាសបើកព្រំដែន ទទួលទេសចរណ៍បរទេសចាក់វ៉ាកសាំងកូវីដ១៩។កម្ពុជាទទួលបានចំណូលជាង ២,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២២ កើនឡើងជាង ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ៦ខែនេះ មានទេសចរសរុប ៥៩ ៩៨៣នាក់ បានទិញសំបុត្រចូល​រមណីយដ្ឋាន​អង្គរ ដែលកើន ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ ដោយឡែក ក្នុង​ខែមិថុនា កន្លងទៅនេះ មានទេសចរ ១៤ ២០៤នាក់ បាន​ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយ​ចំណូលលក់សំបុត្រនោះមាន ៥៦៣ ៦៥៣ដុល្លារ។គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៦ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ដែលបាន​ឧបត្ថម្ភ​ទៅមូលនិធិ​គន្ធបុប្ផា ​មាន​ចំនួន ១១៩ ៩៦៦ដុល្លារ។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់គ្រឹះស្ថានអង្គរ។ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ប្រាសាទអង្គរ ​ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​លោក​របស់ យូណេស្កូ ក្នុងឆ្នាំ ១៩៩២ គឺជាគោលដៅទេសចរណ៍​ពេញ​និយមបំផុត​នៅក្នុង​ប្រទេសកម្ពុជា។ក្នុងអំឡុងមុនការរាតត្បាតជំងឺកូវីដ១៩ រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទអង្គរ បាន​ទទួល​ភ្ញៀវអន្តរជាតិដល់ទៅ ២,២ លាននាក់ក្នុងឆ្នាំ ២០១៩​ ដែលរកចំណូលបាន​ ៩៩ លានដុល្លារ ពីការលក់សំបុត្រ។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ សម្រេចបើកប្រទេសពេញលេញឡើងវិញ ​កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់​ពីស្ថានភាពកូវីដ១៩ក្នុងប្រទេសមានភាពធូរស្រាល ​ដោយសារអត្រាខ្ពស់នៃប្រជាពលរដ្ឋ​បាន​ចាក់វ៉ាក់សាំងមូលដ្ឋាន។ នៅក្រោយ​ប្រកាស​ទទួលភ្ញៀវទេសចរបរទេសដែល​បានចាក់វ៉ាក់សាំង​កូវីដ១៩ អាជីវកម្មទេសចរណ៍នានា ​ត្រូវបានគេមើលឃើញថា បានបើកដំណើរការឡើងវិញ​ជា​បន្តបន្ទាប់៕

ប្រតិបត្តិការហិរញ្ញវត្ថុរបស់គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា មានភាពល្អប្រសើរ

2022/07/04 02:25:18 pm        344
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បង្ហាញថា ប្រតិបត្តិការរបស់​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុនៅកម្ពុជា បាន​ដំណើរការយ៉ាងរលូន និងរឹងមាំនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយសារតែការស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័ស នៃសកម្មភាពអាជីវកម្មចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបើកដំណើរការ​សេដ្ឋកិច្ច​សង្គមពេញលេញឡើងវិញ ។គិតត្រឹមឆមាសទីមួយឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់​ឥណទាន​ដល់វិស័យឯកជនសរុប ៥០,៧ពាន់លានដុល្លារ។ ​នេះបើយោងតា របាយការណ៍​ពី​ធនាគារជាតិ​នៃកម្ពុជា ដោយបានបញ្ជាក់ថា ​ទំហំឥណទាននេះ ​គឺកើនជាង ២២ភាគរយ បើធៀបនឹងចុងឆ្នាំ​ត្រីមាស​ទីមួយឆ្នាំ២០២១។របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ទឹកប្រាក់ចំនួន២០៥,៤ទ្រីលានរៀល (ប្រមាណ​៥០,៧ពាន់លានដុល្លារ) ​គឺជាទំហំឥណទានដែល​គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុនៅកម្ពុជា ផ្តល់ឱ្យវិស័យឯកជននានា ​ដើម្បីបំពេញតាមតម្រូវការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ច។ យោងតាមរបាយការណ៍ដដែល ​ការផ្តល់ឥណទានតាមវិស័យរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រួមមាន​ ១៣,៧ពាន់ដុល្លារបានគ្រប់ដណ្តប់លើវិស័យសំណង់ ​ដែលកើន២៩,៣ភាគរយ ធៀប​នឹង​ឆ្នាំមុន​ ឥណទាន ៤,៨ពាន់លានដុល្លារ គ្រប់​ដណ្តប់​លើវិស័យកសិកម្ម ​កើន១១,៦ភាគរយ និង​វិស័យ​សេវា​កម្មកើន ១១,៥ភាគរយក្នុងទំហំ ៥ពាន់លានដុល្លារ។ ដោយឡែក ផ្នែកពាណិជ្ជកម្មលក់ដុំ និងរាយទទួលបាន​ឥណទាន​ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១២,៦ ពាន់​លាន​ដុល្លារ កើន២៦,១ភាគរយ, អង្គភាពគ្រួសារមាន២,៧ ​ពាន់​លានដុល្លារ កើន៣៧ ភាគរយ, ផ្នែកកម្មន្តសាល ១,៧ ពាន់លានដុល្លារ ​កើន២៤,៨ ភាគរយ ​និងផ្នែកផ្សេងៗ ១០,២ ពាន់​លានដុល្លារ កើន ១៦,៨ ភាគរយ។បច្ចុប្បន្ន​កម្ពុជា មាន​ធនាគារ និងមីក្រូហិរញ្ញសរុប ៣៨៣គ្រឹះស្ថាន ក្នុង​នោះមាន ​ធនាគារពាណិ្ជកម្ម ចំនួន៥៤ ​និង​ធនាគារ​ឯកទេស ចំនួន១០។ដោយឡែក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល​ប្រាក់​បញ្ញើ​ពីសាធារណជន​ មាន៦, គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ​មាន៧៩​ និង​គ្រឹះ​ស្ថាន​ឥណទាន​ជនបទ មាន២៣៤៕ អត្ថបទ៖ វណ្ណៈ

ទំហំទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានទឹកប្រាក់ជាង៩៧០លានដុល្លារ

2022/07/04 12:37:17 pm        653
ភ្នំពេញ៖ ទំហំផ្សារនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានកើនឡើងជាលំដាប់ ខណៈរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម តម្រូវឱ្យអាជីវកម្ម ពាណិជ្ជកម្ម ចុះបញ្ជី ដើម្បីទទួលសិទ្ធស្របច្បាប់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំទីផ្សារសរុបនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​នៅកម្ពុជា ក្នុងឆ្នាំ២០២១ មានតម្លៃទឹកប្រាក់ ៩៧០,១លានដុល្លារ បានកើនឡើងពី ៨១៣,២៥លានដុល្លារ ក្នុងឆ្នាំ ២០២០។ របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចំណូលនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាម​វិស័យ​នីមួយៗ កាលពីឆ្នាំ ២០២១ រួមមាន៖ សំលៀកបំពាក់ ២៦៣,៣០លានដុល្លារ, គ្រឿង​អេឡិចត្រូនិក ២៥៤,៤លានដុល្លារ, គ្រឿងសម្អាង ​ផលិតផលសុខភាព ​និងសម្ភារៈប្រើប្រាស់ ២៣០,៥លានដុល្លារ, សម្ភារៈក្មេងលេង ​សម្ភារៈកម្សាន្ត និងសម្ភារៈកែច្នៃផ្សេងៗ ៦២,៩៤លានដុល្លារ, ម្ហូបអាហារ ៥៧,១៩លានដុល្លារ, គ្រឿង​សង្ហារិម ៤៦,២៩លានដុល្លារ ​និងប្រព័ន្ធផ្សព្វផ្សាយ ១១,១៩លានដុល្លារ។យោងតាមរបាយការណ៍ដដែល ចំនួនអ្នកប្រើប្រាស់អ៊ិនធើណេត នៅកម្ពុជា មានជាង១៣លាននាក់ ខណៈចំនួនអ្នកប្រើប្រាស់ស៊ីមកាតទូរស័ព្ទមានចំនួន ២២លាននាក់។តាមការប៉ាន់ប្រមាណនៅឆ្នាំ ២០២២នេះ ទំហំ​ទីផ្សារនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​នៅកម្ពុជា ​នឹងកើនដល់ប្រមាណ ១១១៧,២៩លានដុល្លារ ​និងបន្តកើនដល់ប្រមាណ ១៧៨២,៣៤ លានដុល្លារ នៅឆ្នាំ ២០២៥ខាងមុខ។ក្រសួងពាណិជ្ជកម្ម បានតម្រូវឲ្យម្ចាស់អាជីវកម្មអនឡាញទាំងអស់នៅទូទាំងប្រទេស មកធ្វើការ​ចុះ​បញ្ជីនៅក្រសួង ​ដើម្បីចៀសវាងការផាកពិន័យដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែកក្កដា ​ឆ្នាំ ២០២២។សូមបញ្ជាក់ថា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកដែលចូល​ជាធរមានកាលពី​ចុង​ឆ្នាំ​២០២០ បានដើរតួនាទីជាមូលដ្ឋានច្បាប់ដ៏សំខាន់ ​សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក ​ជាពិសេសដើម្បីការពារផលប្រយោជន៍ ​និងបង្កើត​ទំនាក់ទំនង​ប្រកបដោយ​ទំនុក​ចិត្តខ្ពស់​ជាមួយអ្នកប្រើប្រាស់អេឡិចត្រូនិក​ ក៏ដូចជា ​ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និង​បរទេសឲ្យមកបណ្តាក់ទុននៅកម្ពុជា៕ អត្ថបទ៖ វណ្ណៈ

បន្លែដាំដុះដោយប្រើប្រាស់ប្រព័ន្ធហាយត្រូផូនិក ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារល្អ

2022/07/02 01:42:36 pm        917
កំពង់ធំ៖ កសិករ ទូច ស៊ីភឿន ប្រធានក្រុមគណៈកម្មការដាំដុះបន្លែ ដោយប្រើប្រាស់ប្រព័ន្ធហាយត្រូផូនិក ក្រោមការជួយឧបត្ថម្ភពីអង្គការចលនាភូមិថ្មី រស់នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រាប់BTV ឲ្យដឹងថា គម្រោងអង្គការចលនាភូមិថ្មី បានជួយធ្វើរោងបន្លែសម្រាប់ក្រុមកសិករ ក្នុងក្រុមសហគមន៍ ចំនួន ៣រោង ដែលមានរោងផ្ទះសំណាញ់ និងរោងហាយត្រូផូនិកផងដែរ។ បច្ចុប្បន្នរោងបន្លែទាំងបីក្នុងភូមិគោលដៅកំពុងដាំដុះន្លែខុសៗគ្នា និងបាននាំទៅលក់ក្នុងទីផ្សារខេត្ត និងផ្សារសហគមន៍ ហើយបន្លែដែលដាំដុះ ដោយប្រើប្រាស់ប្រព័ន្ធហាយត្រូផូនិក ភាគច្រើនជាបន្លែស្លឹក និងដាំវិលជុំគ្រប់រដូវ។កសិករដដែល បានបញ្ជាក់បន្ថែមថា បន្លែទាំងអស់ ដែលដាំនៅក្នុងផ្ទះសំណាញ់ និងបន្លែមួយចំ នួនទៀតដាំដោយប្រើប្រាស់ប្រព័ន្ធហាយត្រូផូនិក មិនប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត ឬជីគីមីឡើយ។ ជារៀងរាល់ថ្ងៃ បន្លែនៅក្នុងរោងហាយត្រូផូនិកទំហំ (៣០ម៉ែត្រ គុណ៤០ម៉ែត្រ) អាចប្រមូលផលបានប្រមាណចន្លោះពី២០គីឡូក្រាម ទៅ៣០គីឡូក្រាម។ជាមួយគ្នានេះដែរ កសិករក្នុងគម្រោង ត្រូវបានជួយគាំទ្រទាំងស្រុងលើការធ្វើផ្ទះសំណាញ់​ និងការ រៀបចំប្រព័ន្ធហាយត្រូផូនិក ដោយអង្គការចលនាភូមិថ្មី ក្រោមមូលនិធិរបស់ប្រទេសកូរ៉េ និង​ត្រូវបាន​បណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំដុះ ដោយមន្រ្តីការិយាល័យកសិកម្មក្រុងស្ទឹងសែន និងមន្ទីរ​កសិករកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តំពង់ធំផងដែរ៕ អត្ថបទ៖ លី សាងស៊ីន

កម្ពុជាមានផែនការបង្កើតដៃគូពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀតទៅកាន់អឺរ៉ុប និងអាស៊ី

2022/07/01 02:24:01 pm        658
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា មានផែនការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀតជាមួយ សហភាពសេដ្ឋកិច្ចអឺរ៉ុប ឥណ្ឌា រុស្ស៉ី ជប៉ុន និងម៉ុងហ្គោលីជាដើម។ឯកឧត្តម ប៉ាន សូរស័ក្កិ បានលើកឡើងពីផែនការរពង្រីកសក្តានុពលទីផ្សារ​ពាណិជ្ជកម្មសេរី​ទៅកាន់​ប្រទេស​និងតំបន់មួយចំនួនទៀត ខាងលើនេះ ក្នុងអំឡុងពេលអញ្ជើញ ធ្វើបទបាឋកថាស្ដីពី «សក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចូលជាធរមាន» ជូនដល់ គណៈគ្រប់គ្រង មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២​ និងកម្មសិក្សាការី ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាលកាលពីរសៀលថ្ងៃទី ៣០មិថុនា ម្សិលមិញនេះ។ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា សម្រាប់កម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ចំនួន២ ដែលបានចូលជាធរមានគឺកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន (CCFTA) និង​កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ​ដែលបានចូលជាធរមាន នៅថ្ងៃទី១ ​ខែមករា ឆ្នាំ២០២១ ក្លាយជាកម្លាំង ​ចលករ ដ៏សំខាន់ ក្នុងការជំរុញកំណើន ពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន។ឯកឧត្តម បន្តថា វាផ្តល់ទីផ្សារ បន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយមុខបន្ថែមទៀត ​សម្រាប់ការ នាំចេញ​ពីកម្ពុជា ប​ន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ​ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការ​វិនិយោគ​បរទេសផ្ទាល់ (FDI) និងការងារថ្មីៗ​ ជូនប្រជាពលរដ្ឋផងដែរ។នៅក្នុងឱកាសនេះ ឯកឧត្តម សង្ឃឹមយ៉ាងម៉ុតមាំថា បាឋកថានាថ្ងៃនេះ នឹងផ្តល់ដល់សិស្ស​មន្ត្រីជាន់​ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ​ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល ទទួលបានជា​ព័ត៌មាន និងចំណេះដឹងទូទៅជា ​មូលដ្ឋានបន្ថែម ​ពិសេសអំពីសក្តានុពល ​និងអត្ថប្រយោជន៍ ក៏ដូចជា​កាលានុវត្តភាពរបស់ ​កិច្ចព្រមព្រៀង ពាណិជ្ជ កម្មសេរី ​ដែលកម្ពុជាចុះហត្ថលេខី ក៏ដូចជា​អត្ថប្រយោជន៍ក្នុងការ អភិវឌ្ឍន៍សេដ្ឋ កិច្ចរបស់យើង៕អត្ថបទ៖ មុត សុទ្ធ

អាជីវកម្មទេសចរណ៍អាចខ្ចីប្រាក់ពីតាមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៩ ចាប់ពីថ្ងៃទី១ ខែកក្តដានេះទៅ

2022/07/01 01:56:36 pm        647
ភ្នំពេញ៖ គម្រោងសហហិរញ្ញប្បទានស្តារ និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍ ដែល​រាជរដ្ឋាភិបាលប្រកាសអនុត្ត កាលពីនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២មកនេះ រហូតមកដល់ថ្ងៃទី១ ខែ​កក្កដា​នេះ រាជរដ្ឋាភិបាល ​បានទម្លាក់កម្ចីឥណទានដាក់​នៅតាមបណ្តាធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​ដែលជាដៃគូចំនួន១៩រួចហើយ​ ហើយបណ្តាអាជីវកម្មទេសចរណ៍​ក៏អាចចាប់ផ្តើមទៅ​ទទួល​កម្ចីនេះបានចាប់ពីថ្ងៃនេះតទៅដែរ។បើតាមឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារ​គាំពារ​សហគ្រាស និងការងារក្នុងវិស័យទេសចរណ៍ បានថ្លែងប្រាប់BTV ​នៅថ្ងៃទី១​ ខែកក្កដានេះថា ជាក់ស្តែងកាលពីថ្ងៃទី ២៧ខែឧសភា​ ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកា​ក្នុង​ទម្រង់​ជាគម្រោង​សហហិរញ្ញប្បទានស្តារ និង​ជម្រុញកំណើនវិស័យទេសចរណ៍​ក្នុងទំហំទឹក​ប្រាក់ ១៥០​លាន​ដុល្លាអាមេរិច ក្នុងនោះ​បដិភាគ​របស់រាជរដ្ឋាភិបាលមាន​ទំហំទឹកប្រាក់ ៧៥លាន​ដុល្លាអាមេរិច ផ្តល់តាមរយៈធនាគារ​សហគ្រាស​ធុនតូច ​និងមធ្យម SME Bank និងថវិកា​បដិភាគរបស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុជាដៃគូចំនួន៧៥លានដុល្លាអាមេរិច ដែលមានអាត្រាការប្រាក់៦.៥% នៅថ្ងៃទី១​ខែកក្តដានេះ​ គឺបានទម្លាក់ទៅឲ្យបណ្តាធនាគារជាដៃគូទាំងអស់រួចហើយ។ឯកឧត្តម សុង តុងហាប់ ថ្លែងថា នៅក្នុងអំឡុងពេលនេះ ក្រសួងទេសចរណ៍បាននឹងកំពុងរៀប​បញ្ជីឈ្មោះ​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូចំនួន១៩គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយជូនបណ្តាអាជីកម្មទេសចរណ៍ងាយស្រួលទាក់ទងស្វែងរកប្រាក់កម្ចីនេះដែលចាប់ផ្តើមទទួលកម្ចីឥណទាននេះចាប់ពីថ្ងៃទី១ខែកក្តដានេះតទៅដែរ៕អត្ថបទ ស៊ុម សុខជា

សហគ្រាសជាច្រើន កំពុងពង្រីកប្រព័ន្ធគុណភាពផលិតកម្ម ដើម្បីឆ្លើយតបទីផ្សារ និងការប្រកួតប្រជែង

2022/07/01 01:48:03 pm        522
ភ្នំពេញ៖ វិធីសាស្ត្រ«ស៥» នឹងជួយដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម អាចពង្រីក​ខ្លួន​អនុវត្តយក ស៦ ឬ ស៧ និងឈានទៅអនុវត្តយកប្រព័ន្ធគ្រប់គ្រងគុណភាព ឬសុវត្ថិភាព​ផ្សេងៗ​ទៀត ដើម្បីបង្កើនផលិតភាពក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ឆ្លើយតបតាម​តម្រូវ​ការទីផ្សារ និងការ​ប្រកួត​ប្រជែង នឹងជាផ្នែកមួយនៃការរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច​របស់ប្រទេសជាតិ។ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង​ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី​សមិទ្ធផល​ផលិតភាព ប្រចាំឆ្នាំ២០២២ នៅ​ថ្ងៃទី ៣០ខែ មិថុនា ឆ្នាំ២០២២ថា ការអនុវត្ត «ស៥» គឺផ្តើមចេញពី ស ទាំង៥រួមមាន៖ សម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរឲ្យបានជោគជ័យ និងបានស្ថិតស្ថេរទៅបាន គឺចាំបាច់ទាមទារនូវការប្តេជ្ញាចិត្តមោះមុត របស់អ្នកដឹកនាំថ្នាក់កំពូល។ចំណែកម្ចាស់សហគ្រាសធំៗចំនួន ៤ បានលើកឡើងស្រដៀងគ្នាថា ការអនុវត្ត «ស៥» របស់​មជ្ឈមណ្ឌល​ផលិតភាពជាតិ​ បានធ្វើឲ្យសហគ្រាសរបស់ពួកគាត់ រួមចំណែកលើកកម្ពស់ការ​គ្រប់គ្រង និងប្រសិទ្ធភាពការងាររបស់រោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងការពង្រីក​ផលិតភាព​ខ្សែច្រវ៉ាក់ផលិតកម្មឲ្យកាន់តែធំ និងមានទំនុកចិត្ត ​ការកាត់បន្ថយវេលា ​និងទទួលបានប្រាក់​ចំណេញ​មកវិញ តាមរយៈនៃការអនុវត្តគម្រោងទាំងនេះ។លោក ហ៊ឹម ផានិត ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ ​លើកឡើងឲ្យដឹងថា ​នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ​មជ្ឈមណ្ឌល​ផលិតភាពជាតិ ​សហការជាមួយអង្គការ APO ជ្រើសរើស​ក្រុមហ៊ុន ​ដើម្បីអនុវត្តគម្រោង Business Excellence (ឧត្ដមធុរកិច្ច) នេះជាផ្នែកមួយនៃកម្មវិធី​សមិទ្ធផល​ផលិតភាព ​ដលនឹងបន្តអភិវឌ្ឍន៍រហូតដល់មានកម្មវិធីប្រគល់ពានរង្វាន់ «សមិទ្ធផល​ផលិតភាព៖ ឧត្ដមធុរកិច្ច» នាឆ្នាំក្រោយៗទៀត។ Business Excellence ជួយអភិវឌ្ឍ ​និងពង្រឹងប្រព័ន្ធគ្រប់គ្រង ​និងដំណើរការរបស់អង្គភាព ដើម្បី​កែ​លម្អការអនុវត្ត ​និងបង្កើតតម្លៃសម្រាប់អ្នកពាក់ព័ន្ធ។ ​សម្រេចបាននូវភាពល្អឥតខ្ចោះ នៅក្នុងអ្វី​គ្រប់យ៉ាង​ដែលអង្គភាពប្រតិបត្តិ ​ហើយសំខាន់បំផុតគឺការសម្រេចបាននូវលទ្ធផល​អាជីវកម្ម​ដ៏ប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ
04/24/2026 09:04 PM
លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM
ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ
04/24/2026 07:04 PM
គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន
04/24/2026 07:04 PM