រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

ការចិញ្ចឹមបង្កងតាមបែបធម្មជាតិ ងាយស្រួលចំណាយដើមតិច ប្រមូលផលបានច្រើន

2022/05/31 04:36:49 pm        1201
កំពត៖ កសិករនៅស្រុកឈូក ខេត្តកំពត លើកឡើងថា ការចិញ្ចឹមបង្កងតាមបែបធម្មជាតិ មានភាពងាយស្រួល ចំណាយដើមតិច និងឆាប់បានប្រមូលផល ។លោក កែវ សុធៀន ជាកសិករ រស់នៅភូមិដំណាក់ស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្រាប់ឲ្យដឹងថា ដោយសារស្រឡាញ់ការដាំដុះ និងចិញ្ចឹមសត្វ លោកបានរៀបដីចំនួន ៦ហិកតា ដាំដំណាំហូបផ្លែជាច្រើនប្រភេទ និងជីកស្រះ យកទឹកទៅចិញ្ចឹមសត្វត្រី កង្កែប ខ្យង និងបង្កង។ បច្ចុប្បន្នលោកកំពុងប្រមូលផលខ្យងថៃ និងបង្កងអូស្ត្រាលី ចិញ្ចឹមតាមបែបធម្មជាតិ ។ លោក បានបញ្ជាក់ថា ការចិញ្ចឹមបង្កងមានភាពងាយស្រួល ក្មេងតូចក៏អាចចិញ្ចឹមបានដែរ។ អតីតសិក្ខាកាមម្នាក់ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពីការដាំដុះ និងការចិញ្ចឹមសត្វជាមួយអង្គការជាច្រើន និងធ្លាប់បានទៅរៀនបន្ថែមនៅប្រទេសថៃ លោក កែវ សុធៀន បានបញ្ជាក់ថា ការរៀបចំ​ស្រះចិញ្ចឹម​បង្កង​តាមបែបធម្មជាតិ មានសារៈប្រយោជន៍ច្រើនសម្រាប់កសិករ វាបានកាត់បន្ថយការចំណាយ កម្លាំងពលកម្ម និងពេលវេលាបានច្រើន។កសិកររូបនោះ បានបញ្ជាក់ដែរថា បង្កងចិញ្ចឹមតាមបែបធម្មជាតិ មានសាច់ស្វិតផ្អែម ជាងបង្កងផ្សេងៗ ហើយបច្ចុប្បន្នលោកចិញ្ចឹមសម្រាប់តែលក់ទៅឲ្យមិត្តភក្តិ និង​ប្រជាពលរដ្ឋក្នុងភូមិប៉ុណ្ណោះ​ ដោយមិនទាន់បានយកទៅលក់​នៅលើទីផ្សារនៅឡើយទេ។ កសិកររូបនេះ បានបញ្ជាក់ថា លោក​រីករាយក្នុងការជួយបង្រៀន​អំពីរបៀប​នៃការចិញ្ចឹម​បង្កង​តាមបែបធម្មជាតិនេះ ដោយឥតគិតថ្លៃទៅដល់អ្នកប្រជាកសិករណាដែលមានបំណងចង់ចិញ្ចឹម ហើយក្រៅពីបង្កងលោកក៏អាចជួយ​ បង្រៀនចិញ្ចឹមត្រី​ កង្កែប​ ខ្យងផងដែរ៕ អត្ថបទ៖ អន សារឹម

កម្ពុជាជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសបារាំង

2022/05/31 01:47:43 pm        607
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ជំរុញការនាំចេញផលិតផលកសិកម្មបន្ថែមទៀត ទៅកាន់ប្រទេសបារាំង និងប្រទេសអឺរ៉ុបដទៃទៀត ស្របពេលដែលប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម និងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែម។ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ក្នុងជំនួប​ជាមួយនឹង លោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ។ក្នុងជំនួបខាងលើនេះ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា ថ្វីបើ​ស្ថានភាពជំងឺកូវីដ-១៩ មាន​លក្ខណៈប្រសើរឡើងវិញ ​តែការនាំចេញកសិផលមួយចំនួនរបស់កម្ពុជា​នៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិបត្តិសង្គ្រាមរវាងរុស្សី ​និងអ៊ុយក្រែន។ឯកឧត្តម វេង សាខុន បានលើកឡើងថា វិបត្តិកូវីដ-១៩ និងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន កំពុងធ្វើឱ្យ​តម្លៃប្រេងសាំង និងការដឹកជញ្ជូនកើនឡើងទូទាំងពិភពលោក។ ទាំងនេះ ​ជាឧបសគ្គរាំងស្ទះ​ដល់​ការ​អភិវឌ្ឍវិស័យកសិកម្ម ​ជាពិសេស ធ្វើឱ្យការនាំចេញផលិត​កសិកម្មមួយ​ចំនួន​របស់​កម្ពុជា​ធ្លាក់ចុះ។រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យរដ្ឋាភិបាលបារាំង ផ្តល់ឱកាសដល់កម្ពុជាអាចនាំចេញកសិផលទៅទីផ្សារ​បារាំង និងអឺរ៉ុប ថែមទៀត ជាពិសេសអង្ករ។ឯកឧត្តម វេង សាខុន ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ល្អលើ​គ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម។ដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹង​សមត្ថភាព​លើខ្សែច្រវាក់តម្លៃបន្ថែម»។ឯកឧត្តម វេង សាខុន រំពឹងថា ភាគីបារាំងទទួលយកសំណើរនេះ នឹងបន្តជួយគាំទ្រជាធនធានថវិកា និងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ ​និងជលផល រួមទាំង​វារីវប្បកម្មនៅកម្ពុជា ​ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។យោងតាមរបាយការណ៍របស់​ក្រសួងកសិកម្ម រយៈពេល​ ៤ខែឆ្នាំ ២០២២នេះ កម្ពុជា ទទួល​បាន​ចំណូល​ពីការនាំចេញកសិផលជាង ​១ ៥៧២ លានដុល្លារ។ ​ក្នុងនោះ ការនាំចេញអង្ករចំនួន ១៨៩ លានដុល្លារ ស្រូវ ២៩៦ ​លានដុល្លារ ​និងកសិផលក្រៅពីស្រូវអង្ករ​ចំនួន ​១ ០៨៧ លាន​ដុល្លារ៕អត្ថបទ៖ វណ្ណៈ 

វិស័យដឹក​ជញ្ជួនផ្លូវ​អាកាសនៅកម្ពុជា កំពុងចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ

2022/05/28 01:38:21 pm        1018
ភ្នំពេញ៖ នៅលើពិភពលោកកំពុងព្រួយបារម្ភ ពីបញ្ហាបម្រែបម្រួលអាកាសធាតុ សម្រាប់វិស័យដឹក​ជញ្ជួនផ្លូវអាកាសអន្តរជាតិ និងអង្គការពិភពលោក បានសហការចួលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ។ថ្លៃងប្រាប់ទូរទស្សន៍ BTV news នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំកម្ពុជា ​នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ។ ឯកឧត្តម សារិន គុនករ អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​បញ្ជាក់ថា ទីភ្នាក់ងារសាធារណរដ្ឋបារាំង ហៅថា (AFD) បាន​ផ្ដល់​ថវិកា​ប្រហែលជិត ៥០ម៉ឺនដុល្លារ លើផ្នែកបច្ចេកទេស​ ក្នុងវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ​មានរយៈពេល១ឆ្នាំ ។ហើយគំរោងទីភ្នាក់ងារ AFD​ ក្នុងវិស័យអាកាសចរស៊ីវិល ផ្ដោតលើផ្នែកសំខាន់ៗមាន៤ ទី១ ពង្រឹង​ផ្នែកសុវត្ថិភាព ទាំងអាកាសយានដ្ឋាន ទាំងកិច្ចសហប្រតិបត្តិការក្រុមហ៊ុនទេសចរណ៍​ ទី២ ជួសជុល និងថែទាំយន្តហោះ ទី៣ ពេទ្យ គឺការព្យាបាល ​ពិនិត្យសុខភាពអ្នកធ្វើដំណើរ ទី៤ ការបម្រែបម្រួលអាកាសធាតុ ។ឯកឧត្តម បានបន្ថែមថា នៅក្នុងបច្ចេកទេសបច្ចេកវិទ្យាថ្មីនេះ បានការរកឃើញផលប៉ះពាល់​បរិស្ថាន​កំដៅ​បណ្ដាល​មកពីយាយរោងចក្រ ​សហគ្រាសមួយ ​និងបណ្តាលមកពីអាកាសយាន្ត ផ្នែក​ឧស្សាហកម្ម​អាកាសចរស៊ីវិល ​មានចំនួន ១៤%​ ដែលបញ្ចេញសារធាតុកំដៅ ធ្វើឱ្យប៉ះពាល់ដល់​បរិស្ថាន​ ដួចច្នេះ​អង្គការអាកាសចរស៊ីវិលពិភពលោក ​បានប្រជុំពិភាក្សា ដើម្បីរកវិធីសាស្រ្ត​កាត់​បន្ថយកំដៅ។នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ីវិល ​បានចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្រសួងបរិស្ថាន ​និងក្រសួងមួយចំនួនទៀត បាន​សហការ​ជាមួយ អាកាសចរស៊ីវិលអន្តរជាតិ ​និងអង្គការបរិស្ថានពិភពលោក ​បានបង្កើតបទប្បញ្ញត្តិថ្មី ដើម្បីណែនាំ​ដល់ក្រុមហ៊ុនហោះហើរ ទាំងជាតិ និងអន្តរជាតិ ។ ឯកឧត្តម បានស្មើដល់ក្រុមហ៊ុនហោះហើរនៅក្នុងស្រុកមួយចំនួន​ ចូលរួមសិក្សាបច្ចេកទេសថ្មីៗ កែសម្រួលផ្នែក​បច្ចេកទេសយន្តហោះ ​និងផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បី​ចូលរួម​កាត់បន្ថយបម្រែបម្រួលអាកាសធាតុផងដែរ ៕ អត្ថបទ ៖ គង់ រ៉េន

រោងចក្រ​ផលិត​សម្បក​កង់រថយន្ត តម្លៃ​ជាង​ ៣០០​លានដុល្លារ កំពុង​សង់​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

2022/05/27 02:30:36 pm        429
ព្រះសីហនុ៖ គម្រោងរោងចក្រផលិតសំបកកង់ដែលវិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTDកំពុងតែដំណើរការយ៉ាងរលូន ដែលគម្រោងនេះ​ក្រោមទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក។ស្ថានទូតចិនប្រចាំនៅកម្ពុជា លើកឡើងកាលពីពេលថ្មីៗនេះ ថា គម្រោងរោងចក្រផលិតសំបកកង់​ដែល​វិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTD គឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ ​ក្រោយពីសាងសង់រួចនឹង​អាច​បង្កើត​ជាឱកាសការងារក្នុងតំបន់សរុប១៦០០កន្លែង។គម្រោងនេះ ​ឆ្លុះបញ្ចាំង​ពី​ការកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងតែជំរុញ​ប្រកបដោយ​ភាព​លំនឹង។លោក Chen Jiangang ​អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ថា ​ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១ ​ត្រូវ​បាន​បញ្ចប់ ហើយការ​សាងសង់​តំបន់​ទ្រទ្រង់ទីក្រុង និងសួនឧស្សាហកម្មដំណាក់កាលទី២ ​ក៏កំពុងតែជំរុញជាបន្តបន្ទាប់។ លោក លើកឡើងថា បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំង បានជួយ​ដោះស្រាយ​ប​ញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។លោក Chen Jiangang បញ្ជាក់ថា នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមាន​សហគ្រាស​តាំង​ទីតាំង​កើនឡើងដល់៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី៨ម៉ឺន​ដល់​១០ម៉ឺននាក់។សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមាន​លក្ខណៈសម្គាល់​នៃ​គំនិត​ផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលកសាងរួមគ្នា​ដោយចិននិងកម្ពុជា។ យោងតាមទិន្នន័យ​គយ​ក្នុងប្រទេសកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំនៃការនាំចូលនិងនាំ​ចេញ​សរុបរបស់សហគ្រាសក្នុងតំបន់ខាងលើនេះ​កើនដល់ ២២៣៤លានដុល្លារអាមេរិក កើនឡើង ៤២.៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ក្នុងត្រីមាសទី១ ឆ្នាំ ២០២២នេះ តម្លៃការនាំចូលនិងនាំចេញសរុបកើនដល់ ​៧១០ លាន​ដុល្លារអាមេរិក ​កើនឡើង៥០.៧៤% បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ លោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជា​សំរាប់​ស្រាវជ្រាវផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍ទី២១ (Cambodia 21st Century Maritime Silk Road Research Center) បានបង្ហាញថា តាមរយៈការអនុវត្ត​ស្ថិរភាព​នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​ក្នុងតំបន់ និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន លំហូរទំនិញរវាងប្រទេសទាំងពីរនឹងមានសភាពកាន់​តែងាយស្រួល​និងមានប្រសិទ្ធភាពខ្ពស់ ហើយ​កិច្ចសហប្រតិបត្តិការវិនិយោគរវាងភាគីទាំងពីរក៏​នឹងស្វាគមន៍​ជាមួយ​ការអភិវឌ្ឍកាន់តែច្រើនផងដែរ៕អត្ថបទ៖ វណ្ណៈ 

អាវនិងស្ទីកគ័រគណបក្សប្រជាជនកម្ពុជាលក់ដាច់ខ្លាំងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

2022/05/27 11:57:44 am        355
ភ្នំពេញ៖ ចាប់ផ្ដើមពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី ២១ខែ ឧសភា មកទល់ពេលនេះ អាវ មួក ក៏ដូចជាស្ទីកគ័រគណបក្សប្រជាជនកម្ពុជា កំពុងលក់ដាច់ខ្លាំង រហូតដល់រាប់ម៉ឺនអាវ។ នេះជាការបញ្ជាក់របស់បណ្ដាហាងបោះពុម្ពអាវនៅបណ្ដោយផ្លូវ ក្បែរវិមានឯករាជ្យ។រដូវការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ការលក់អាវ មួក ស្ទីកគរ គណបក្សប្រជាជនកម្ពុជា កំពុងលក់ដាច់ខ្លាំង រហូតដល់រាប់ម៉ឺនអាវ ខណៈដែលការឃោសនានឹងបន្តរហូតដល់ថ្ងៃទី ៣ ខែមិថុនាខាងមុខ។ នេះជាការលើកឡើងរបស់ បណ្ដាហាងបោះពុម្ពអាវនៅបណ្ដោយផ្លូវ ក្បែរវិមានឯករាជ្យ។លោកស្រី រតនា ជាម្ចាស់ហាងបោះពុម្ពវឌ្ឍនៈ លើកឡើងថា អាជីវកម្មមានភាពមមាញឹកខ្លាំងចាប់តាំងពីដើមខែ ឧសភា មកម្លេះសម្រាប់អាវយឺត ចំណែកឯស្ទីកគរ ចាប់ផ្ដើមលក់ដាច់នាពេលថ្មីៗនេះ។ លោកស្រីបញ្ជាក់ដែរថា គឺមានតែសមាជិកគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះដែលបានមកទិញអាវ និងស្ទីរគ័រ សម្រាប់បិទឡាន ដោយមានទាំងការទិញសម្រាប់ក្រុមការងារបក្ស និងការទិញជាលក្ខណៈគ្រួសារផងដែរ។លើកឡើងដូចគ្នាផងដែរ សម្រាប់ហាងបោះពុម្ព ផ្កាយប្រាំ ក៏លក់បានអាវយឺតគណបក្សប្រជាជនកម្ពុជា រហូតដល់ ៥ទៅ ៦ម៉ឺនអាវផងដែរ ក្នុងរដូវការឃោសនាបោះឆ្នោត។ នេះជាការបញ្ជាក់របស់អ្នកចាត់ការទូទៅរបស់ហាង។នាព្រឹកនេះ លោក ម៉ែន មករា ជាសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ក៏បានមកទិញ ស្ទីកគរបិទរថយន្ត និងស្ទីកគរមួយចំនួន សម្រាប់ចែកជូនសមាជិកគណបក្សរបស់ខ្លួន ក្នុងការចូលរួមហែគណបក្សនៅថ្ងៃទី ២៩ ខែឧសភា នៅភូមិសាស្រ្តឃុំមួយកន្លែង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានចាប់ផ្ដើមនៅថ្ងៃទី ២១ ខែឧសភា និងបន្តរហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោត គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ដោយមានគណបក្សចូលរួមសរុបចំនួន ១៧ គណបក្ស ក្នុងនោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានបេក្ខភាពឈរឈ្មោះគ្រប់ឃុំសង្កាត់ទាំងអស់ទូទាំងប្រទេស៕អត្ថបទ៖ គឹមហុក  

ADB សាទរចំពោះភាពជោគជ័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឈានបើកប្រទេសពេញលេញឡើងវិញ

2022/05/27 11:44:21 am        209
ភ្នំពេញ៖ នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី ថ្លែងនូវការអបអរសាទរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងអាចបើកដំណើរការប្រទេសពេញលេញលើគ្រប់វិស័យឡើងវិញ។គណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្តម Tony McDonald នាយកប្រតិបត្តិប្រចាំប្រទេសចំនួន១៣ នៅអាស៊ីអាគ្នេយ៍ ថ្លែងលើកឡើងនៅក្នុងជំនួបពិភក្សា​ការងារ​ជាមួយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ នេះថា បានថ្លែងនូវការសាទរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលប្រទេសនៅលើពិភពលោកមួយចំនួនធំ នៅកំពុងជួបបញ្ហានៃការរីករាលជំងឺកូវីដ ១៩ នៅឡើយ។កម្ពុជា មិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គម បានល្អប្រសើរឡើងវិញ​ជា​បណ្តើរៗ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសាកលនេះប៉ុណ្ណោះទេ តែថែមទាំងអាចបើកដំណើរការ​ប្រទេសពេញលេញឡើងវិញ​លើគ្រប់វិស័យកាលពីពេលថ្មីៗមក។គណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងកម្រិតនៃការអភិវឌ្ឍប្រទេសរបស់ កម្ពុជានាពេលនេះ ធៀបទៅនឹងរយៈកាលកន្លងទៅផងដែរ។ក្នុងជំនួបនេះ, ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា កម្ពុជាគឺជាប្រទេសទទួលបាននូវវិបុលភាព តាមរយៈការបើកចំហរសេដ្ឋកិច្ច ​នៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ សូមប្រឆាំងនឹងការគាំពារ​និយម ហើយបន្តគាំទ្រនូវនិន្នាការនៃសកលភាវូបនីយកម្ម និងយន្តការពហុ ភាគីនិយម ក្នុងការគ្រប់គ្រង​កិច្ចការពិភពលោក ។ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជា ក៏ដូចជាអាស៊ាន នឹងរីករាយក្នុងការចូលរួមក្របខណ្ឌនៃកិច្ច​សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទាំងអស់​ ឱ្យតែក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងនោះ ធានា​បាននូវសន្តិភាព ​និងកិច្ចអភិវឌ្ឍក្នុងតំបន់, ​ការលើកកម្ពស់កិច្ចសហប្រតិ បត្តិការ និង​មជ្ឈភាព​របស់អាស៊ាន៕អត្ថបទ៖ សុន រ៉ាឌី

សភាពាណិជ្ជកម្មកម្ពុជា នឹងបើកដំណើរការការិយាល័យតំណាងក្នុងប្រទេសកាណាដា សប្តាហ៍នេះ

2022/05/25 02:36:36 pm        691
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងបើកដំណើរការការិយាល័យតំណាងការិយាល័យ សភាពាណិជ្ជកម្មនៅក្រៅប្រទេសរបស់ខ្លួន ជាលើកដំបូង ស្ថិតនៅក្នុងប្រទេសកាដាណា នាសប្តាហ៍នេះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងជំរុញកំណើនទំហំពាណិជ្ជកម្ម។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការិយាល័យតំណាង​ការិយា​ល័យ សភាពាណិជ្ជកម្មដំបូងនេះ ​នឹងបើកដំណើរការក្នុងទីក្រុងតូរ៉ង់តូ​ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដែលនេះជាលើកទីមួយ ​ដែលសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាង​ការិយាល័យ​សភាពាណិជ្ជកម្ម នៅក្រៅប្រទេស។ឧកញ៉ា លើកឡើងថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ​នៅប្រទេសកាណាដា នឹង​ជំរុញការ​នាំ​ចេញទំនិញពីកម្ពុជា ​កាន់តែកើនឡើងថែមទៀត ខណៈការដោះដូរពាណិជ្ជកម្មរវាង​កម្ពុជា និងកាណាដា​ នាពេលបច្ចុប្បន្ននេះ ​បានរីកចម្រើនជាបន្តបន្ទាប់ ហើយទំនិញដែល​កម្ពុជា​នាំ​ចេញទៅកាណាដាក៏មានទំហំធំផងដែរ។ក្រៅពីកាណាដា សភាពាណិជ្ជកម្មកម្ពុជា គ្រោងបើកការិយាល័យតំណាងរបស់ខ្លួននៅប្រទេសជប៉ុន​នាពេលខាងមុខ ហើយនឹងបន្តទៅប្រទេសដទៃទៀត ​ដើម្បីផ្សព្វផ្សាយ ហើយទាក់ទាញវិនិយោគ​ចូល​មកកម្ពុជា។របាយការណ៍ពីអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានលើកឡើងថា កាណាដា​គឺជា​ប្រទេសឈរនៅ​លេខរៀងទី៤ ដែលកម្ពុជានាំចេញទំនិញច្រើនជាងគេ។ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ​កម្ពុជាបាននាំចេញទំនិញទៅប្រទេសនេះ​ ក្នុងតម្លៃជាង ៣៤០លានដុល្លារអាមេរិក កើនឡើង ២២.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ដោយឡែក​ ក្នុងខែមេសាកន្លងទៅ ​ការនាំចេញទំនិញទៅកាណាដាមានតម្លៃជាង៥៣លានដុល្លារ កើនឡើង៨៤.៣%៕អត្ថបទ៖ វណ្ណៈ 

កម្ពុជានាំចេញ​ម្រេច ​ក្នុង​រយៈពេល៤ខែកើន ៨០ភាគរយ

2022/05/25 01:50:41 pm        508
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ការនាំចេញម្រេចមានចំនួន ៣,៨៣៤.៦៧តោន បានកើនឡើងចំនួន ៧៩.៣ភាគរយ។ការនាំចេញទៅប្រទេសវៀតណាម ចំនួន៣ ៥៤០​ តោន, ប្រទេសអាល្លឺម៉ង់ចំនួន ២៥៥ តោន ប្រទេសម៉ាឡេស៊ីចំនួន ១៣តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៨.៨តោន ប្រទេសបារាំងចំនួន ៨.៦តោន, ឆេកចំនួន២.៣តោន, ប្រទេសជប៉ុនចំនួន ២តោន, និងប្រទេសកាណាដាចំនួន ១តោន។កម្ពុជាក៏បាននាំចេញម្រេចទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក អង់គ្លេសចំនួន ប្រទេសស៊ុយអ៊ែត ប្រទេសកាហ្សាក់ស្ថាន និងប្រទេសអូស្ត្រាលី ក្នុងបរិមាណ សរុបជាង៥តោនផងដែរ។លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និង​គ្រឿងទេសកម្ពុជា បានថ្លែងថា ​ការកើន​ឡើងនាំចេញ​ម្រេច​នេះ គឺដោយសារ ការដឹកជញ្ជូនមានប្រភាពប្រសើរឡើង​ ក្រោយប្រទេស​បើក​ដំណើរ​ការ​ឡើងវិញ និង​វិធាន​មួយ​ចំនួន​ត្រូវ​បាន​សម្រួល និងដកចេញ។លោកប្រធានសមាគម ​សាទរទៅនឹងបរិមាណនៃការនាំចេញកើនឡើង ​បើទោះបីជាតម្លៃជាទូទៅ បាន​ធ្លាក់ក៏ដោយ ​ធ្លាក់ចុះពីប្រមាន ​១៦លានរៀល ឬ ៤ ០០០ ដុល្លារ​ ក្នុងមួយតោន ​មកត្រឹមតែ ១៣ លានរៀល ​ក្នុងមួយតោន ​ក្នុងពេលបច្ចុប្បន្ន។បច្ចុប្បន្ន ម្រេចធម្មតា ​ត្រូវបាន​នាំចេញទៅប្រទេសវៀតណាម ​ដែលជាទីផ្សារធំជាងគេរបស់​ម្រេច​កម្ពុជា។ ប៉ុន្តែសមាគម ​និងក្រសួងពាក់ព័ន្ធ ​កំពុងធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ្សេងទៀត ដើម្បី​ជំរុញបរិមាណនាំចេញផលិតផលម្រេចកម្ពុជា កើនឡើង ជាពិសេស​នឹងជួយ​រក្សា​ស្ថិរភាពថ្លៃម្រេច។ប្រធាន​សមាគម​ម្រេច​កំពត ​លោក ងួន ឡាយ បានលើកឡើងកាលពីពេលថ្មីៗនេះ​ថា ​ម្រេច​កំពត ជា​ផលិតផលសំគាល់ភូមិសាស្រ្ត GI ​នៅសហគមន៍អឺរ៉ុប ​កំពុង​តែ​ប្រមូល​ផល ​និង​បាន​នាំចេញ​បណ្តើរៗ​បាន​ជាង ១០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​ប្រចាំឆ្នាំ​ប្រមាណ​ ១២០​ តោន​។លោក ប្រធានសមាគម ​បញ្ជាក់ថា ក្រុមហ៊ុននាំចេញ ​ដែលជាដៃគូរបស់សមាគម បាន​កំពុង​ចុះកុងត្រា​ជាមួយកសិករដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ​ជាពិសេសសហគមន៍អឺរ៉ុប៕ អត្ថបទ៖ វណ្ណៈ

រោងចក្រផ្គុំដំឡើងយានយន្តអគ្គិសនីតម្លៃជាង ២០លានដុល្លារ សម្ពោធជាផ្លូវការនៅខេត្តកណ្តាល

2022/05/25 01:40:02 pm        353
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក (Inion Mobility) បានសម្ពោធជាផ្លូវការ រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំវិនិយោគសរុបចំនួនប្រមាណជាង ២០លានដុល្លារអាម៉េរិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម ទា​ ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីអ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ សិង្ហបុរី និងអន្តរជាតិ ដៃគូពាណិជ្ជកម្មក្នុង និងក្រៅស្រុក និងពីសំណាក់ដៃគូសហការរបស់ក្រុមហ៊ុនប្រមាណ ៤០០នាក់។ លោក ខេ វូ (Kay Woo) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី បានមាន​ប្រសាសន៍​ថា ​នេះជាការវិនិយោគដ៏ល្អមួយ ក្នុងការកសាង​ហេដ្ឋា​រដ្ឋា​សម្ព័ន្ធសម្រាប់​យានយន្ត​អគ្គិសនី ​ដើម្បីឈានទៅ​រក​អភិវឌ្ឍន៍​បៃតងដោយគ្មានផ្សែង​បំពុល​ ក្នុង​តំបន់អាស៊ីអាគ្នេយ៍​ និង​ពិភពលោក។លោកឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងរៀបចំផ្តល់​សេវា​កម្ម​នៃយាន​ជំនិះ​អគ្គិសនី​ទាំងមូល រាប់​ចាប់​តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយ​សំខាន់ៗ​ផងដែរ គ្រាដែលបច្ចុប្បន្ន ក្រុមហ៊ុន កំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈាន​ដល់ការពង្រីក​យាន​ជំនិះ​ជារថយន្តប្រើដោយ​ថាមពលអគ្គិសនី។លោក បានបញ្ជាក់ថា ​អនៀន ម៉ូប៊ីលីធី ​ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និង​ត្រីចក្រយានយន្តអគ្គិសនី ​ដែលអាចបង្កើនចង្វាក់ផលិតកម្មកាន់​តែច្រើន និង​ផ្តល់​ឱកាសការងារ​ជាង ៥០០កន្លែង ក្នុងផែនការឆ្នាំ២០២៥ ហើយបច្ចុប្បន្នក៏បានបើកដំណើរ​ការស្ថានីយមេហ្គា​របស់​ខ្លួនចំនួន ១កន្លែង និងអនុស្ថានីយប្តូរអាគុយចំនួន ៣កន្លែង និងអនុស្ថានីយដៃគូចំនួន​ ៦កន្លែង ដែល​បច្ចុប្បន្នសរុបរួមមានដល់ ១០ស្ថានីយ ​និងបន្តពង្រីកជាបន្តបន្ទាប់​តាមផែន​ការរបស់​ក្រុមហ៊ុន នៅទី​ក្រុងភ្នំពេញ ​និងតាមបណ្តាខេត្តផ្សេងៗជុំវិញ​ប្រទេសកម្ពុជា។សូមជម្រាបជូនទៀតថា ​ក្នុងពិធីសម្ពោធនេះដែរ ​ក្រុមហ៊ុន MVL Energy Investment Company នៃ​ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ​បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន​ Central ស្តីអំពី​គម្រោង​ផលិតយានជំនិះដឹកទំនិញខ្នាតតូច​ដែលប្រើថាមពលអគ្គិសនី ដើម្បីជម្រុញឲ្យមានការលើក​កម្ពស់​ការប្រើប្រាស់​យានយន្តអគ្គិសនីឲ្យកាន់តែច្រើនឡើងបន្ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

អង្ករកម្ពុជា នឹងកើនតម្លៃពី១០ទៅ១៥ ភាគរយក្នុងរយៈពេល២ខែខាងមុខ

2022/05/25 01:18:52 pm        990
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា បានព្យាករណ៍ថា ក្នុងរយៈពេល២ខែខាងមុខ ពោលចាប់ខែកក្កដា និងសីហា តម្លៃស្រូវនៅកម្ពុជា នឹងអាចឡើងថ្លៃយ៉ាងហោចណាស់ពី ១០ ទៅ១៥% ដោយសារតម្លៃអង្ករលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃ។លោក លន់ យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា​កន្លងទៅ មានប្រសាសន៍ប្រាប់ប៊ីធីវីថា វិបត្តិសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានធ្វើឱ្យពិភពលោក​ខ្វះ​ស្បៀងអាហារ ព្រោះប្រទេសទាំង២នេះ ផលិតស្រូវសាលីសម្រាប់នាំចេញទៅអឺរ៉ុបច្រើនជាងគេ និងប្រទេសមួយចំនួនទៀតនៅអាហ្រ្វិក ដែលបណ្តាលឱ្យស្រូវសាលីកើនឡើងខ្លាំង​រហូត​ដល់​៣០%។ ក្នុងពេលពិភពលោកកំពុងខ្វះស្បៀងអាហារនេះ ក៏ជាឱកាសល្អសម្រាប់​អង្ករកម្ពុជា​ផងដែរ​។ លោក បានបន្ថែមថា ​ប៉ុន្តែយ៉ាងណាមិញ ​លោកមានការព្រួយបារម្ភពីការឡើង​ថ្លៃជី នឹង​ធ្វើ​ឲ្យប្រជាកសិករមួយចំនួនកាត់បន្ថយការដាំស្រូវវិញ។តាមការលើកឡើងរបស់មន្រ្តីអង្គការសហប្រជាជាតិ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ​តម្លៃអាហារបានកើនឡើងថ្លៃយ៉ាងគំហុក​ ហើយប្រសិនបើកំពង់ផែ Odesa របស់​អ៊ុយក្រែន មិនត្រូវបានបើកនោះទេ ​នឹងធ្វើឱ្យមានបញ្ហាកាន់តែខ្លាំង ខណៈមានមនុស្សប្រមាណ ៤៩លាននាក់​ នៅក្នុងប្រទេសចំនួន៤៣ ​ដែលកំពុងជួបគ្រោះទុរភិក្ស ហើយពិភព​លោក​នឹង​ប្រឈមមុខ ​អស្ថិរភាព និងការធ្វើចំណាកស្រុកដ៏ធំប្រសិនបើមិនដោះស្រាយ។យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ ការនាំចេញ​អង្ករកម្ពុជាទៅ​កាន់ទីផ្សារអន្តរជាតិ ​មានចំនួនជាង ​២២ម៉ឺនតោន ដោយទទួល​បាន​ចំណូលជាង ១៣៩លានដុល្លារអាមេរិក។ ​ដោយឡែក​ការនាំចេញស្រូវក្នុងរយៈពេល៤ខែដូចគ្នានេះ​ តាមរយៈការឆ្លងកាត់ព្រំដែន​ជាមួយ​ប្រទេសវៀតណាម ​មានចំនួន ១.៦លានតោន ​ទទួល​បាន​ទឹកប្រាក់​ប្រមាណជាង ៣៧០លានដុល្លារ៕អត្ថបទ៖ បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM