ផលិតករក្នុងស្រុកបង្ហាញនូវគោលជំហលក់ផលិតផលមិនទាន់ឡើងថ្លៃនៅឡើយ ទោះបី​តម្លៃ​ប្រេង​ប្រែប្រួល
អ្នកជំនាញហិរញ្ញវត្ថុ៖ ប្រាក់រៀលមានស្ថិរភាពជាងរូបិយប័ណ្ណបរទេសក្នុងស្ថានភាពសកលកំពុងប្រួលប្រែ
NBC និងUNDP ប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ស្ដីពី «ដុល្លារូបនីយកម្ម និងការ​ទូទាត់​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​នាំ​ចេញ​សំខាន់ៗ» ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍ស្ដីពី ពាណិជ្ជកម្ម​សេវា​ដើម្បីការអភិវឌ្ឍ (TS4D) នៅប្រទេសកាម៉េរូន

សេដ្ឋកិច្ច និង កសិកម្ម

ប្រធានសមាគមភស្តុភារកម្ម៖ សេវាកម្មដឹកជញ្ជូន​នឹងហក់ឡើង​ប្រសិន​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​អូសប​ន្លាយ

2026/03/06 12:27:28 pm        113
ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងថា សេវាកម្មដឹកជញ្ជូននៅកម្ពុជា គិតមក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការប៉ះពាល់អ្វីនោះឡើយ ប៉ុន្តែប្រសិនសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងអូសបន្លាយ វា​អាច​នឹងប៉ះពាល់ដល់ថ្លៃនៃការដឹកជញ្ជូន ខណៈប្រេងឥន្ធនៈត្រូវរំពឹងថា នឹងឡើងថ្លៃផងដែរ។ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបច្ចុប្បន្នភាពនៃ វិស័យដឹកជញ្ជូន និង​ផល​ប៉ះពាល់​ដោយ​សារ​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា ​នេះថា វិស័យដឹកជញ្ជូននៅដើមឆ្នាំ២០២៦នេះ បាននិង កំពុងដោយរលូន ស្រប​ពេល​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិរបស់កម្ពុជា មានកំណើនកើនឡើង និងការស្រូបយកឱកាសវិនិយោគមក បណ្តាក់​ទុនជាបន្តបន្ទាប់ បានគាំទ្រដល់ចលនានៃការដឹកជញ្ជូនមានសកម្មភាពមមាញឹកខ្លាំង។ឧកញ៉ា បន្តថា អ្វីដែលជាការបារម្ភ គឺការផ្ទុះឡើង​នៃ​សង្គ្រាម​ដែល​កំពុង​រាល​ដាល​នៅ​តំបន់​មជ្ឈិម​បូព៌ា ​ក្នុងនោះប្រសិនសង្គ្រាម នេះនៅអូសបន្លាយ វានឹងអាចប៉ះពាល់ដល់ការឡើងថ្លៃប្រេងឥន្ធនៈ ខណៈ​ដែលប្រទេសនៅតំបន់ទាំងនោះភាគច្រើនជាអ្នកផលិត និង ផ្គត់ផ្គង់ប្រេងឥន្ធនៈ និង​ក៏​ជា​ផ្លូវ​ដឹក​ជញ្ជូនដ៏សំខាន់តាមច្រកសមុទ្រហ័រមូស (Hormuz) ខណៈប្រទេស​អ៊ីរ៉ង់​បាន​និង​កំពុង​គំរាមកំ​ហែង ព្រមានបាញ់កប៉ាល់ដឹកប្រេងឥន្ធនៈឆ្លងកាត់ក្នុងតំបន់នោះ។ ឧកញ៉ា បន្ថែមថា ប្រសិន​ប្រេងឥន្ធនៈហក់ឡើងថ្លៃ វិស័យដឹក ជញ្ជូននឹងត្រូវឡើងថ្លៃផងដែរ។ បញ្ហានេះ ឧកញ៉ា អំពាវ​នាវដល់អ្នកប្រកបអាជីវកម្មដឹកជញ្ជូន ត្រូវប្រើប្រាស់ប្រេងឥន្ធនៈដោយមានការ សន្សំសំចៃ ក្នុង​ការ​បន្តអាជីវកម្មរបស់ខ្លួន ទោះបច្ចុប្បន្នតម្លៃប្រេងមិនទាន់មានការប្រែប្រួលក៏ដោយ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ជុំវិញប្រេង​ឥន្ធនៈ​នេះ​កម្ពុ​ជា​ក៏​ដូច​ប្រទេស​ក្នុងតំបន់ និង ពិភពលោក មានផលប៉ះពាល់ដូចគ្នា ជាពិសេសថ្លៃប្រេង និងឧស្ម័ន​ជា​ដើម ​ខណៈបច្ចុប្បន្នថ្លៃប្រេងលើពិភពលោកបានហក់ឡើង ជាង ៣០ ភាគរយរួចហើយ។ ចំណែក​ចំពោះ​ប្រទេស​កម្ពុជា បច្ចុប្បន្ននេះពុំទាន់មានសញ្ញាណណាមួយ បង្ហាញអំពី​ផល​ប៉ះពាល់​បន្ទាន់​ភ្លាម​នោះទេ ខណៈការផ្គត់ផ្គង់ប្រេងនៅតែបន្ត ដោយមិនមានការរអាក់រអួលឡើយ។សូម​បញ្ជាក់ថា ប្រទេសអឺរ៉ង់ជាប្រទេសផលិតប្រេងលំដាប់ថ្នាក់ទី៣ បន្ទាប់ពីវ៉េណេស៊ុយអេឡា និង​អារ៉ាប៊ីសាអូឌីត និងជាតំបន់ដឹក ជញ្ជូនច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែល​ជា​ផ្លូវ​ទឹក​យុទ្ធ​សាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក តភ្ជាប់ឈូង សមុទ្រពែក្ស ទៅកាន់ឈូង​សមុទ្រ​អូម៉ង់ ​និងមហាសមុទ្រឥណ្ឌា៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល៖ កម្ពុជានឹងជួបចរចា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​លើ​ការ​កំណត់​ពន្ធបដិការថ្មី

2026/03/06 11:49:47 am        202
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា នឹងជួបចរចា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​ឆាប់​ៗ​នេះ​ ដើម្បីពិនិត្យរួមគ្នាអំពីការកំណត់ពន្ធគយ ត្រូវបានប្រធានាធិបតី សហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ​បាន​ដាក់ ១៥% ដោយអនុវត្តន៍ជាសាកលក្នុងរយៈពេល១៥០ថ្ងៃ។ កម្ពុជាសង្ឃឹមថា សហរដ្ឋ​អាម៉េរិក​នឹង​ដាក់​ពន្ធគយមកលើទំនិញកម្ពុជាទាបជាងពេលមុន។ការជួបចរចានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីពន្ធគយបដិការដែលអាម៉េរិកកំណត់លើទំនិញកម្ពុជា ក្នុង​អត្រា ១៩% ត្រូវបានលុប​ចោល​ដោយ​ស្វ័យប្រវត្តិ​ដោយ​តុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក​កាល​ពី​ពេល​ថ្មី​ៗនេះ​។ បច្ចុប្បន្ន ដៃគូពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកទាំងអស់ កំពុងអនុវត្តន៍​ពន្ធ​គយ​ថ្មី ​១៥% តាមច្បាប់សហរដ្ឋអាមេរិក នៃ មាត្រា ១២២ ក្នុងរយៈពេល១៥០ថ្ងៃ ត្រូវបាន​ដាក់​ដោយ​ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) និង ជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ​ភាគីកម្ពុជា-សហរដ្ឋអាមេរិក បានប្រាប់ BTV ថា ឯកឧត្តម នឹងមាន​ជំនួប​ពិភាក្សា​ឆាប់​ៗ​នេះ ​​ជាមួយតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដើម្បីពិនិត្យរួម​គ្នា​ទៅ​លើកា​រ​កំណត់​ពន្ធ​បដិកា​រថ្មី។ ដើម្បីអាចរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ឯកឧត្តម នឹងខិតខំ​ប្រឹង​ប្រែង​ចរចា​ធ្វើ​យ៉ាង​ណា​ឱ្យពន្ធគយមានកម្រិតទាបជាង១៩% ដែលកម្ពុជាធ្លាប់មានពីពេលមុន។បើតាម ឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិក កំពុងពិនិត្យមើលមាត្រាពីរទៀតគឺ មាត្រា ២៣២ និង៣០១ ។ មាត្រា ២៣២គឺ សំដៅទៅមុខទំនិញដែលគាត់យល់ថា ប៉ះពាល់​ដល់​សន្តិសុខ​ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដូចជា ផលិតផលដែក អាលុយមីញ៉ូម និងរថយន្ត ដែល​សហរដ្ឋ​អាមេរិកនឹងដាក់ពន្ធគយខ្ពស់ ដើម្បីការពាររោងចក្រនៅសហរដ្ឋអាម៉េរិក។ មាត្រា ៣០១ គឺ​សំដៅទៅលើលារ ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមិនស្មើភាពគ្នា។ ប៉ុន្តែសម្រាប់​កម្ពុជា​គឺ​មិនស្ថិតនៅក្នុងមាត្រាទាំងពីរនេះទេ ព្រោះកម្ពុជាចរចា​ដោ​យ​ស្មោះត្រ​ង់​ជាមួយ​សហ​រដ្ឋ​អាម៉េរិក ហើយកម្ពុជាក៏ពុំទាន់មានការនាំចេញប្រភេទទំនិញទាំងនោះ ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​៕ អត្ថបទ៖ ធូ វិរៈ

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល៖ ការផ្គត់ផ្គង់ និងថ្លៃអគ្គិសនី មិនប៉ះ​ពាល់​ឡើយ​ទោះ​តម្លៃ​ប្រេង​ហក់​ឡើង​ក៏​ដោយ

2026/03/06 11:35:13 am        219
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា ទោះបីតម្លៃប្រេងឥន្ធនៈដែលរំពឹងថានឹងហក់ថ្លៃ គឺ​មិន​ប៉ះ​ពាល់​ដ​ល់ការផ្គត់ផ្គង់អគ្គិសនី និងថ្លៃអគ្គិសនីនៅកម្ពុជានោះឡើយ ខណៈការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​បច្ចុប្បន្ន ភាគច្រើនជាថាមពលស្អាត មានប្រភពពីវារីអគ្គិសនី និងការ ថាមពល​ពន្លឺ​ព្រះអាទិត្យ​។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ភ្នាក់​ងារ​អ្នក​យក​ព័ត៌មាន​នៅក្នុងឱកាស ដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះថា ជុំវិញការផ្គត់ផ្គង់អគ្គិសនីនេះ ពីមុន​កម្ពុជា​មាន​រោង​ចក្រ​ប្រើដោយធ្យូងថ្ម និងរោងចក្រប្រើដោយប្រេងឥន្ធនៈ ប៉ុន្តែដោយសារភាព​រីក​ចម្រើន​ក្នុង​រយៈ​ពេល​នា​ប៉ុន្មានឆ្នាំមកនេះ កម្ពុជាបាននិងកំពុងប្រើប្រាស់ថាមពលបៃតង ដែល​មាន​ប្រភព​ពី​វារី​អគ្គិសនី និងការថាមពលពន្លឺព្រះអាទិត្យជាដើម, ជាក់ស្តែងប្រទេសនៅក្នុងអាស៊ាន កម្ពុជា​ជាប់​លំដាប់​ទី២ បន្ទាប់ពីប្រទេសឡាវ ដែលមានកម្រិតថាមពលបៃតងខ្ពស់នៅក្នុងបណ្តាញជាតិ។ឯកឧត្តម បន្តឱ្យដឹងថា ទាក់ទិនថាមពលបៃតងនេះ នៅក្នុងឆ្នាំ២០២៥ កម្ពុជា​បាន​ប្រើ​ប្រាស់​ថាមពល​បៃតង​ប្រមាណ ៦៣% និង នៅក្នុងឆ្នាំ២០២៦ នេះ ការប្រើប្រាស់​ថាមពល​បៃតង​នៅ​កម្ពុជា​ នឹងអាចកើនឡើងដល់ ៦៧% និងមានផែនការឆ្នាំ២០៣០ មានក្នុងរង្វង់ ៧០% ដែល​ជា​អត្រា​ថាមពល​បៃតងមួយខ្ពស់នៅក្នុងពិភពលោក។ ដែលបញ្ហានេះ មិនមែនកើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺដោយសារការអភិវឌ្ឍរបស់សម្តេចតេជោពីអតីតកាល។ ឯកឧត្តម បន្ថែមថា ចំពោះ​សភាពការណ៍នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលនឹងធ្វើឱ្យប៉ះពាល់តម្លៃប្រេងលើទីផ្សារ ក្នុង​នោះសម្រាប់ថាមពលអគ្គិសនីនៅកម្ពុជា គឺមិនមានកត្តាណាមួយប៉ះពាល់នោះឡើយ ទាំង​ការ​ផ្គត់​ផ្គង់ និងថ្លៃប្រើប្រាស់អគ្គិសនីជាដើម។ជុំវិញថាមពលនេះ ឯកឧត្តម កែវ រតនៈក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិនិយោគិន ដែល​កំពុង​ធ្វើ​ការ​វិនិយោគនៅព្រះរាជា ណាចក្រកម្ពុជា សូមកុំមានការបារម្ភអំពីការកង្វះថាមពល និង​ថ្លៃ​ប្រើ​ប្រាស់អគ្គិសនីជាដើម។ ឯកឧត្តមបន្ថែមថា ទាក់ទងបញ្ហាអគ្គិសនីក្នុងពេលបច្ចុប្បន្ននេះ ក៏​ជា​ការ​បើកផ្លូវដល់បងប្អូនប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ខណៈ​កម្ពុជា​មិន​មាន​រោង​ចក្រ​ប្រើ​ប្រាស់​ប្រេង​ឡើយ, ស្របពេលនេះដែរ ក្រសួងក៏បានរៀបចំផែនការ ដាក់​ពង្រាយ​ស្ថានីយ៍​សាក​រថយន្ត​អគ្គិសនីទូទាំងប្រទេស នៅក្នុងគម្រោងចំណាយថវិកាបន្ថែម ប្រមាណជាង ១០ លាន​ដុល្លារ ​ដើម្បីជំរុញបង្កើតស្ថានីយ៍សាកនៅទូទាំងប្រទេស៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា

2026/03/05 12:15:12 pm        209
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ( EU-ASEAN Business Council-EU-ABC) បានជួបពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​រវាងកម្ពុជា និងសហភាពអឺរ៉ុប ការប្រកួតប្រជែងពាណិជ្ជកម្ម ឱកាសវិនិយោគ នៅថ្ងៃទី៥ ខែមីនាឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ។ ក្នុងជំនួបនេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បង្ហាញចំណាប់​អារម្មណ៍ចង់បោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំកិច្ចប្រជុំជួបពិភាក្សាជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហភាពអឺរ៉ុប ការប្រកួតប្រជែងពាណិជ្ជកម្ម ឱកាសវិនិយោគ និងប្រធានបទជាក់លាក់ផ្សេងៗទៀតតាមវិស័យ។ ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ BTV ក្រោយពីចប់កិច្ចប្រជុំនេះថា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជាចំពោះក្រុមហ៊ុនអឺរ៉ុបដែលមានមូលដ្ឋានស្រាប់នៅក្នុងប្រទេសកម្ពុជា ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ក្រុមហ៊ុនថី្មៗរបស់សហគមអឺរ៉ុបដែលមិនទាន់មានវត្តមាននៅកម្ពុជា ឱ្យមកបោះទុនវិនិយោគ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋាន។លោក Noel Clehane អនុប្រធាន EU-ABC ដែលដឹកនាំគណៈប្រតិភូ បានលើកឡើងក្នុងកិច្ចប្រជុំនេះថា អាជីវកម្មអឺរ៉ុបជឿជាក់រួចហើយលើភាពទាក់ទាញរបស់ប្រទេសកម្ពុជាសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។ លោក Clehane មានការសាទរយ៉ាងខ្លាំងពីមន្ត្រីរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនអឺរ៉ុប ហើយយើងក៏ចង់វិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាផងដែរ។លោកលើកឡើងថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ កម្ពុជា អាចជាទីផ្សារតូចមួយនៅក្នុងអាស៊ាន ប៉ុន្តែមានភាពស្វាហាប់មិនគួរឱ្យជឿជាមួយនឹងកម្លាំងពលកម្មវ័យក្មេង និងឱកាសដ៏សំខាន់សម្រាប់ការរីកចម្រើន។សូមបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃបេសកកម្មពាណិជ្ជកម្មរយៈពេលពីរថ្ងៃរបស់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC)មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមីនា ដែលដឹកនាំដោយលោក Noel Clehane អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC Vice-Chair Noel Clehane)។ ជាមួយគ្នានេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប គឺជាសំឡេងចម្បងសម្រាប់អាជីវកម្មអឺរ៉ុបនៅក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ ធូ វិរៈ

អនុប្រធានទី១ CDC លើក​ទឹក​ចិត្ត​វិនិយោគិន​នានា​ឱ្យ​ចាប់​យក​កាលា​នុវ​ត្ត​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ឱកាសពិសេសជាច្រើន

2026/03/05 11:31:27 am        185
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​លើក​ទឹកចិត្តដល់វិនិយោគិន ឱ្យចាប់​យក​កាលានុវត្ត​វិនិយោគ​នៅ​ក្នុង​ប្រទស​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស​ ដោយបានគូសបញ្ជាក់អំពីកត្តាសំខាន់ៗមួយចំនួនរួមមាន រាជ​រដ្ឋាភិបាល​ដែល​គាំទ្រ​វិស័យ​ឯកជន កម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង​របប​វិនិយោគ​ដ៏​បើក​ទូលាយ​របស់កម្ពុជា ដែលកត្តាទាំងនេះបានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពល។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បង្ហាញ​ការ​លើកទឹកចិត្តបែបនេះដល់បណ្ដាវិនិយោគិននានាក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ថ្លែង​សុន្ទរក​ថា​គន្លឹះ និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ​២០២៦ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមា​ហរ​ណ​កម្ម ​និងការវិវត្តឧស្សាហកម្ម” ។ក្នុងឱកាស​នោះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា តាមរយៈការ​គាំទ្រ​ពី​កំណែ​ទម្រង់​គោល​នយោបាយ ការសម្រួលនីតិវិធី និងការតភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ កម្ពុជា​អាច​ផ្តល់​ជូ​ន​វិនិយោគិន​នូវ​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​ដែល​មាន​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​លាន​នាក់​។ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីតួនាទីយ៉ាង​សកម្ម​របស់​កម្ពុជា​ក្នុង​​នាម​ជា​រដ្ឋ​សមា​ជិកអាស៊ាន ក្នុងការលើកកម្ពស់កត្តាសំខាន់ៗទាំងនេះជាបន្តបន្ទាប់។ សមិទ្ធ​ផល​សំខាន់​ៗ​រួម​មាន​ ការអនុម័តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង​ភស្តុភារ​កម្ម​កម្ពុជា ឆ្នាំ២០២៣-២០៣៣, ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង​អាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបនឹងបើកដំណើរការថ្មីៗនេះ ក៏ដូច​ជា​គម្រោង​កំពុង​ដំណើរ​ការ​ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រែកជីកហ្វូណនតេជោ និងការ​ពង្រីក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ លើសពីនេះ ឯកឧត្តមបាន​លើក​ឡើង​ពី​ការ​ពិនិត្យ​ឡើ​ង​វិញ​នូវ​គោល​នយោបាយ​ពាណិជ្ជ​កម្ម​ឆ្នាំ​២០២៥ ​របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបាន​ទទួល​ស្គាល់​ការ​អនុវត្ត​ពេញ​លេញ​របស់​កម្ពុជាលើការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ចាប់តាំងពីខែមករា ឆ្នាំ​២០២៥។មុន​នឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យ​ចាប់​យក​កាលានុវត្ត​វិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស ដោយបានគូសបញ្ជាក់​អំពី​កត្តា​សំខាន់​ៗ​មួយចំ​នួនរួមមាន រាជរដ្ឋាភិបាលដែលគាំទ្រវិស័យឯកជន កម្លាំងពលកម្ម​វ័យក្មេង និង​ស្វាហាប់ ​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគដ៏បើកទូលាយរបស់កម្ពុជា ដែល​កត្តា​ទាំង​នេះ​បាន​ផ្តល់​នូវ​ឱកាសវិនិយោគដ៏មានសក្តានុពល។ តាមរយៈការ​គាំទ្រ​ពី​កំណែ​ទម្រង់​គោល​នយោបាយ ​ការសម្រួលនីតិវិធី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កម្ពុជា​អាច​ផ្តល់ជូ​នវិនិយោគិននូវការចូលទៅកាន់ទីផ្សារពិភពលោក ដែល​មាន​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​លាន​នាក់​។សូម​ជម្រាបថាឆ្នាំនេះជាឆ្នាំទី៣ ជាប់ៗគ្នា ដែលកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុងរាជធានីភ្នំពេញ។ សម្រាប់កិច្ចប្រជុំឆ្នាំ២០២៦ នេះ មានការចូលរួមពីក្រុមហ៊ុនជាតិ និង​អន្តរជាតិជាង ៣០០ ក្រុមហ៊ុន និងថ្នាក់ដឹកនាំធុរកិច្ចជិត ៧០០ នាក់។ លើស​ពី​តួ​លេខ​ទាំង​នេះ ​វេទិកានេះដើរតួជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ និង​ការ​ផ្គូរ​ផ្គង​អាជីវកម្ម ដែលជំរុញសមាហរណកម្មតំបន់ និងស្មារតី​សហការ​ដើម្បី​ជំរុញ​អាស៊ាន​ឆ្ពោះ​ទៅ​មុខ​៕

កម្ពុជា-ធុរកិច្ចអាស៊ាន-អឺរ៉ុប បើកកិច្ចសន្ទនាលើអាទិភាពសំខាន់ៗ នៃ​ការ​ចាក​ចេញ​ប្រទេស​អភិវឌ្ឍន៍​តិចតួចរបស់កម្ពុជា

2026/03/05 10:54:38 am        198
កម្ពុជា និងធុរកិច្ចអាស៊ាន-អឺរ៉ុប បើកកិច្ចសន្ទនាដោយចំហក្នុងគោលដៅសម្រួលពាណិជ្ជកម្ម បរិវត្ត​កម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ ផ្គត់ផ្គង់ និងការលើក​កម្ពស់​សមាហរណ​កម្ម​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ ​និងពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការឆ្ពោះ​ទៅ​ឆ្នាំ​២០៣០​ និងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូក្រុ​មប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំ​ដោយ​លោក​ស្រី​ Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៃក្រុមប្រឹក្សា ធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន​ ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​ដើម្បី​បន្ត​លើក​កម្ពស់​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេភាគី​។ ក្នុងទម្រង់កិច្ចសន្ទនាបើកចំហ រវាងរដ្ឋនិងឯកជន ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ជុំវិញ​ប្រធាន​បទ​ជា​អាទិ៍​រួម​មាន៖ កិច្ចសម្រួលពាណិជ្ជ កម្ម បរិវត្តកម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការ​លើក​កម្ពស់​សមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ សក្ដានុពល ពិពិធកម្មទីផ្សារ តាមរយៈ​ការ​ចរចា​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី និងគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ និង​ការ​ចាក​ចេញ​​ពីចំ​ណាត់ក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច។ជុំវិញកិច្ចសន្ទនានេះ, បើយោងតាមផេកផ្លូវការរបស់ EU-ASEAN Business Council បាន​បង្ហាញ​ឱ្យ​ដឹង​ថា ការពិភាក្សានោះ បានផ្តោតទៅលើគន្លងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅ​ពេល​ខិត​ជិត​ដល់​ការបញ្ចប់ការសិក្សា ពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) ហើយ​តួនាទី​បន្ត​, ​ធុរកិច្ចអឺរ៉ុបអាចដើរតួក្នុងការជួយដល់ការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ កិច្ច​ប្រជុំ​នេះ​ដែរ​ បានអះអាងសារជាថ្មី អំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងពាណិជ្ជកម្ម និង​វិនិយោគ​សហភាព​អឺរ៉ុប-កម្ពុជាឱ្យរឹងមាំ ចំពេលបរិយាកាស សេដ្ឋកិច្ចពិភពលោកកាន់តែស្មុគស្មាញ។ចំណែកការផ្លាស់ប្តូរនាពេលខាងមុខរបស់កម្ពុជា ពីស្ថានភាព LDC ក៏បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ការ​ពិភាក្សាផងដែរ, ការផ្លាស់ ប្តូរឈានដល់ការបញ្ចប់នៅពេលខាងមុខ វាអាច​បាត់​បង់​ការ​ចូល​ប្រើ​ប្រាស់​ពន្ធជិតសូន្យ ទៅកាន់ទីផ្សារអ៊ឺរ៉ុប ក្រោមគម្រោងអ្វីគ្រប់យ៉ាង លើកលែងតែអាវុធ (EBA)។ តំណាង EU-ABC បានសម្តែងការគាំទ្រ ចំពោះរបៀបវារៈកំណែទម្រង់របស់កម្ពុជា ខណៈ​ពេលដែលការ លើកទឹកចិត្តបន្ត ឆ្ពោះទៅរកការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់​ការ​រៀប​ចំ​ពាណិជ្ជ​កម្មអនុគ្រោះផ្សេងទៀត របស់សហភាពអឺរ៉ុប ដែលនឹងជួយ​រក្សា​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អាម៉េរិកលុបចោលពន្ធបដិការអត្រា១៩% ដោយងាកមកអនុវត្តពន្ធថ្មី ១៥% ជា​អត្រា​ទាប​ជាង​មុន

2026/03/05 10:34:17 am        248
អនុ​ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាពន្ធគយបដិកាដែលសហរដ្ឋអាម៉េរិក កំណត់​លើ​ទំនិញកម្ពុជាក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ដោយ​ងាក​មក​អនុវត្ត​អត្រា​ពន្ធថ្មី ១៥% ដែលមានអត្រាទាបជាងមុន បន្ថែមលើ (Most-favored-nation) ដែល​ជា​គោលការណ៍ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ក្នុង​កិច្ចសម្ភាសន៍ក្នុងកម្ម វិធីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ "ការ​ផ្លាស់​ប្តូរ​អាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម" នៅថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២៦ថា ជុំវិញពន្ធបដិការដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក បានកំណត់​លើ​ទំនិញ​កម្ពុជា​ក្នុង​អត្រា ​១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិរួចហើយ បន្ទាប់ពីតុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក​សេច​ក្តីសម្រេចកាលពីពេលថ្មីៗ បច្ចុប្បន្នបាន ងាកមកអនុវត្តអត្រាពន្ធថ្មី ១៥% តាម​មាត្រា ១២២ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ ចំពោះការអនុវត្តពន្ធថ្មីនេះ មានរយៈពេល ត្រឹម​ ១៥០ ថ្ងៃប៉ុណ្ណោះ ដោយបូកបញ្ចូលជាមួយ MFN (Most-favored-nation) ដែល​ជា​គោលកា​រណ៍​ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា អ្វីដែលជាក្តីកង្វល់ បន្ទាប់ពីការអនុវត្តពន្ធបដិការថ្មី ១៥% មាន​រយៈ​ពេល ១៥០ ថ្ងៃ ត្រូវ បានបញ្ចប់ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល ដោយមិនដឹងថា ប្រធានា​ធិបតីសហរដ្ឋអាម៉េរិក នឹងអនុវត្តតាមមាត្រាណាបន្ថែម ទៀតនោះទេ តែយ៉ាងក៏ដោយ កម្ពុជា​នៅ​តែបន្តនីតិវិធីលើបទប្បញ្ញត្តិផ្សេងៗរបស់ខ្លួន លើការស្នើរសុំពន្ធដិការនេះបន្ថែម ដែល​បញ្ហា​នេះ ឯកឧត្តមរំពឹងថា កម្ពុជានឹងទទួលបានអត្រាពន្ធទាបជាងមុន ដែល​បាន​កំណត់​លើ​ទំនិញ​កម្ពុជា​ក្នុងអត្រា ១៩% ។ជុំវិញពន្ធបដិការនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការ​អនុវត្តអត្រាពន្ធ ១៥% នៅក្នុងរយៈពេល១៥០ថ្ងៃនេះ គឺមិនមាន​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​កម្ពុជា​នោះ​ទេ ​ខណៈកន្លងមកប្រទេសកម្ពុជាអនុវត្តលើអត្រា១៩%។ ដែលបញ្ហានេះ គឺមិន​មាន​ការ​ប៉ះពាល់​ដល់​ការប្រកួតប្រជែងរបស់កម្ពុជាឡើយ ខណៈកម្ពុជាក្នុងពេលបច្ចុប្បន្ននៅទទួលបាន EBA ក៏ដូច GSP (លើមុខទំនិញមួយចំនួន) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗជាដើម។សូមរំលឹកថា ជុំវិញអត្រាពន្ធបដិការនេះ នាពេលកន្លងមក សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ចេញ​ពន្ធ​បដិការ​ប្រមាណ ៤៩% បន្ទាប់មកនៅថ្ងៃ ទី២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋ​អាម៉េរិក​បាន​ទម្លាក់​មក​នៅត្រឹម ៣៦% ហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានទម្លាក់បន្ថែម ទៀតមកនៅត្រឹម ១៩%​ ខណៈបច្ចុប្បន្នបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិក សេចក្តី​សម្រេច​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ពន្ធបដិការត្រូវ បានទម្លាក់មកនៅក្នុងអត្រាពន្ធថ្មី ១៥% បញ្ចូលជាមួយ MFN មានអត្រារង្វង់ ១៨​ ទៅ ១៩% ដែលជាគោលការណ៍ស្នូល កំណត់ ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO)៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនអាស៊ានតភ្ជាប់បណ្តាញធុរកិច្ច និង​វិនិយោគ​ក្នុង​តំបន់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ខណៈសក្តានុពលវិនិយោគនៅមិនទាន់បានប្រើប្រាស់ពេញលេញ

2026/03/04 10:14:35 am        165
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា សក្តានុពល​នៃ​ការ​វិនិយោគ​នៅ​ក្នុងតំ​បន់​អាស៊ាននៅតែមិនទាន់បានប្រើប្រាស់ពេញលេញ និងបាន​លើក​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​អាស៊ានត​ភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុងគោលដៅ​ជំរុ​ញ​សមាហរណ​កម្ម​សេដ្ឋកិច្ច​តំបន់​ឱ្យ​កាន់​តែស៊ីជម្រៅបន្ថែមទៀត។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោម​មូល​បទ ​«ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» កាល​ពី​ល្ងាច​ថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ កម្មវិធីនេះ ក៏មាន​វត្ត​មាន​ចូល​រួម​ពី​តំណាង​ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាង​អង្គ​ទូត ​និងវិស័យឯកជនជាច្រើនរូប។ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ចំពោះ​ការ​ប្តេជ្ញាចិត្ត​ក្នុងការពង្រឹងការតភ្ជាប់វិស័យឯកជនអាស៊ាន និងការធ្វើឱ្យកិច្ច​សហប្រតិបត្តិការ​វិនិយោគ​ក្នុង​តំបន់កាន់តែស៊ីជម្រៅ និងបានវាយតម្លៃខ្ពស់ចំពោះមូលបទរបស់កម្មវិធី ស្តីពី "ការផ្លាស់​ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម" ដែលបង្ហាញ​ពី​បំណង​ប្រាថ្នារួមស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ថ្លែងនៅ​ក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់​អំពីសក្តានុពល​នៃ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន ដែលនៅតែមិនទាន់បានប្រើប្រាស់ពេញលេញ និងបានលើកទឹ​​ក​ចិត្ត​ដល់​វិស័យ​ឯក​ជនអា​ស៊ាន​តភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុង​គោល​ដៅ​ជំរុញ​សមាហរណ​កម្មសេ​ដ្ឋកិច្ច​តំបន់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ បន្ថែមទៀត។លោកជំទាវរដ្ឋមន្ត្រី បន្តថា ដើម្បីសម្រេចគោលដៅខាងលើ អាស៊ានបាន​និង​កំពុង​បន្ត​ពង្រឹង​រចនា​សម្ព័ន្ធ​ស្ថាប័ន និងក្របខណ្ឌគោលនយោបាយរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព​តាម​រយៈ​ការ​ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងមួយចំនួន រួមមាន៖ កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អាស៊ាន ​និងកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយមួយរបស់អាស៊ានជាដើម។មុន​នឹង​បញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការរៀបចំកម្មវិធី Networking Cocktail នាពេលនេះ ដែលបាន​ផ្តល់​ឱកាស​ដ៏​មាន​តម្លៃមួ​យ​សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់​ភ្ជាប់ទំនាក់ទំនងគ្នា ផ្លាស់ប្តូរយោបល់ និងជាមូលដ្ឋានសម្រាប់​ភាព​ជាដៃ​គូ​នាពេ​ល​អនាគត​ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ប្រែក្លាយការ​ពិភាក្សា​នា​ពេល​ល្ងាច​នេះ ​ទៅជាការវិនិយោគ និងគម្រោងអាជីវកម្មជាក់ស្តែង ផងដែរ៕

មន្រ្តីជំនាញ៖ កម្ពុជាត្រូវតែបង្កើតប្រព័ន្ធអេកូឡូស៊ីដល់ SME តភ្ជាប់​ទៅឧស្សាហកម្ម​ដើម្បី​ជំរុញ​ការ​រីក​ចម្រើន

2026/03/03 01:55:56 pm        178
មន្រ្តីជំនាញឧស្សាហកម្ម ថ្លែងថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងវិស័យឧស្សាហកម្ម និង​សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បីពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ គាំទ្រដល់ការ រីក​លូត​លាស់​នៃ​វិស័យ​ទាំង​ពីរ​។ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចពិភាក្សា អំពីដំ​ណោះ​ស្រាយ​របាំង​បច្ចេក​ទេស​ពាណិជ្ជ​កម្ម នៅសប្តាហ៍កន្លងមកថា វិស័យឧស្សាហកម្មបានផ្តោត លើការបង្កើត និង​ការ​ផលិត​នូវ​ផលិតផលថ្មីៗ និងសេវាកម្មថ្មី ដែលប្រើប្រាស់ចំណេះដឹង បច្ចេកវិទ្យា និងមានភាព​ច្នៃ​ប្រឌិត​ និងជាវិស័យដែលមានតួនាទីសំខាន់ៗ ក្នុងការបង្កើនភាពប្រកួតប្រជែង និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ឯកឧត្តម បន្ថែមថា ជុំវិញវិស័យឧស្សាហកម្មនេះ អគ្គនាយកដ្ឋានឧស្សាហកម្ម បាននិងកំពុងជំរុញ និង​លើកកម្ពស់ឧស្សាហកម្ម ប្រតិគមន៍ ដើម្បីបង្កើនភាពប្រកួតប្រជែង និង​បង្កើត​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និងមធ្យម (SME cluster) ដើម្បីជំរុញតភ្ជាប់ ទៅឧស្សាហកម្មធុនធំ។ ឯកឧត្តម បន្តថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា នៅក្នុងវិស័យឧស្សាហកម្ម និង​សហ​គ្រាស​ធុន​តូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បី​ពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ ដែលបញ្ហានេះ ត្រូវមាន​ការ​ចូលរួ​ម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ​វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ គាំទ្រដល់ការធ្វើធុរកិច្ច ក្នុងនោះប្រសិនយើង បង្កើត​បាន​ប្រព័ន្ធ​មួយ​នេះឡើង ចំពោះកិច្ចដំណើរការធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារ គឺកាន់​តែ​មាន​ប្រសិទ្ធ​ភាព ​ដើម្បីជំរុញ ដល់វិស័យទាំងពីរនេះឱ្យកាន់តែមានភាពរីកចម្រើន និងគាំទ្រដល់​កំណើន​សេដ្ឋកិច្ចជាតិបន្ថែម។ ជុំវិញ SME នេះ, ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជា (FASMEC) ថ្មីៗនេះលើកឡើងថា សហគ្រាសធុន តូច និងមធ្យម ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាត់​ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាវិស័យមួយអាចជួយ ជ្រោមជ្រែង​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតតំបន់ប្រមូលផ្តុំ ការឈានទៅ​តោង​ថ្ពក់​ផ្គត់​ផ្គង់​ដល់​វិស័យ​ឧស្សាហកម្ម ក្នុងគោលដៅពង្រីកអាជីវកម្មខ្លួនឯងផង និងជួយគាំទ្រដល់​ឧស្សាហ​កម្ម​ផង​ដែរ​។ ទាក់ទិនវិស័យនេះ កន្លងមកនេះ រាជរដ្ឋាភិបាលបាន ផ្តល់ហិរញ្ញប្បទានគាំទ្រ, តាមរយៈ​ការ​ទម្លាក់​កញ្ចប់​ថវិកាបណ្តុះបណ្តាល មូលនិធិអភិវឌ្ឍន៍កម្ពុជា ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកែសម្រួលនីតិវិធី ដោយកាត់​បន្ថយ​ឯកសារ​តម្រូវ​សម្រាប់​ពាក្យ​ស្នើសុំ និងកាត់បន្ថយរយៈ ពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. និងការលើក​ទឹក​ចិត្ត​ពិសេស​នៃ​ការបញ្ចុះតម្លៃចុះបញ្ជីជាដើម ប្រការទាំងនេះដើម្បីគាំទ្រដល់ការរីក លូតលាស់​នៃ​សហ​គ្រាស​ធុន​តូច និងមធ្យមនៅកម្ពុជា អាចឈរនៅលើទីផ្សារកាន់តែរឹងមាំ និងប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ខណៈ ដែលប្រជាជនកម្ពុជាបាននិងកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា បន្តលើកទឹកចិត្តឱ្យវិនិយោគលើកែច្នៃផលិតផលកសិកម្ម ទៅជាកសិ-ឧស្សាហកម្មគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

2026/03/02 03:47:17 pm        226
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តលើកកម្ពស់ដល់ម្ចាស់សហគ្រាសក្នុងស្រុក បង្កើតឧស្សាហកម្ម កែច្នៃ និងសិប្បកម្មកែច្នៃវត្ថុធាតុដើមចេញពីវិស័យកសិកម្ម ដើម្បីរុញវិស័យនេះឱ្យទៅជាកសិ-ឧស្សាហកម្ម បង្កើតតម្លៃបន្ថែមខ្ពស់ និងគាំទ្រដល់ទីផ្សារនាំចេញ។ជុំវិញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាចាត់ជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់មួយ ឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ វិស័យ ឧស្សាហកម្មបានបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៩,៣%, ដោយឡែកក្នុងឆ្នាំ២០២៦នេះ ទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើន រួមទាំង អរិភាពព្រំដែនជាមួយប្រទេសជិតខាងក្តី ក៏វិស័យនេះត្រូវបានព្យាករណ៍មានកំណើន ៧,២% ផងដែរ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្មីៗនេះបានលើកឡើងថា ជុំវិញ វិស័យឧស្សាហកម្ម នៅក្នុងពេលនេះគឺជាឱកាសមាសសម្រាប់កម្ពុជា ខណៈដែលនិន្នាការឧស្សាហកម្មធំៗបាននិងកំពុងងាកមករកដៃ គូផ្គត់ផ្គង់ក្នុងស្រុក។ ដូច្នេះនៅក្នុងកិច្ចការងារគាំទ្រហូបនីយកម្មធុរកិច្ចផលិតភាពនេះ កម្ពុជាត្រូវកសាងគ្រឹះឱ្យបានរឹងមាំ តាមរយៈខ្លួន ឯង និងកិច្ចសហប្រតិបតិការជាមួយដៃគូរ ដើម្បីទម្លូសនូវរបាំងទាំងនោះ តាមរយៈការបន្តធ្វើពិពិធកម្មវិស័យឧស្សាហកម្ម ក្នុងទិសដៅ ទាក់ទាញវិនិយោគិន ជាពិសេសកម្មន្តសាលកែច្នៃ ឱ្យក្លាយទៅជាកសិ-ឧស្សាហកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុកនិងនាំចេញ។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជុំវិញការនាំចេញឃើញថា ទំនិញរបស់កម្ពុជា កំពុងមាននិន្នាការកើនឡើង ក្នុងនោះចំពោះវិស័យកសិកម្ម ភាគច្រើនកម្ពុជាបាននាំចេញជាប្រភេទកសិផលស្រស់។ បញ្ហានេះ, ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់សហគ្រិនក្នុងស្រុក សិក្សាលទ្ធភាពបន្ថែម លើគម្រោងវិនិយោគកសិ-ឧស្សាហកម្មកែច្នៃ ឬការវេច ខ្ចប់ចេញជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃបន្ថែម និងការងារ ជាពិសេសការចូលរួមពង្រីងទីផ្សារក្នុងស្រុក ឱ្យមានផលិត ផលកាន់តែសំបូរបែប ដើម្បីជំនួសទីផ្សារនាំចូល។សូមបញ្ជាក់ថា វិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៥, បានបង្កើតតម្លៃបរិមាណផលិតផលសរុប មានចំនួនជាង ១៣,៥ ពាន់លានដុល្លារ អាមេរិក ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ៣,៦ ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណ ផលិតផលការនាំចេញមាន ចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ូទី នៅយេម៉ែនអះអាងការវាយប្រហារដោយមីស៊ីលលើកទីបីលើអ៊ីស្រាអែល ខណៈលូកដៃចូលជ្រៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា
04/02/2026 12:04 PM
លោក Trump ហៅ NATO ថាជា «ខ្លាក្រដាស» ហើយកំពុងពិចារណាដកខ្លួនចេញ
04/02/2026 12:04 PM
បណ្ដាទីតាំងសំខាន់ៗសម្រាប់ប្រារព្ធ«នគរសង្ក្រាន្ត» កំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អ
04/02/2026 12:04 PM
អាមេរិក ដកទណ្ឌកម្មលើប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ដោយបើកផ្លូវឱ្យគ្រប់គ្រងទ្រព្យសម្បត្តិឡើងវិញ
04/02/2026 12:04 PM
អាហ្វ្រិកខាងត្បូង ដាក់ពង្រាយកងទ័ពដើម្បីដោះស្រាយអំពើហិង្សារបស់ក្រុមជនអន្ធពាល នៅ Western Cape
04/02/2026 12:04 PM
ស្ថាប័នហិរញ្ញវត្ថុ និងថាមពលពិភពលោក សហការគ្នាឆ្លើយតបទៅនឹងផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ា
04/02/2026 12:04 PM
យោធាកោះតៃវ៉ាន់៖ ការពន្យារពេលលើកញ្ចប់ថវិកា ប៉ះពាល់ដល់ការទិញអាវុធ និងការហ្វឹកហ្វឺនតម្លៃ ២,៤ពាន់លានដុល្លារ
04/02/2026 12:04 PM
MPL Cambodia រដូវកាលទី១០ ត្រលប់មកវិញកាន់តែអស្ចារ្យ កើនទាំងក្រុម កើនទាំង​ប្រាក់រង្វាន់
04/02/2026 12:04 PM
កម្ពុជា និងសាធារណរដ្ឋបង់ក្លាដែស ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ
04/02/2026 11:04 AM
ពលរដ្ឋអាល្លឺម៉ង់ សម្រុកឆ្លងកាត់ព្រំដែនទៅប៉ូឡូញដើម្បីស្វែងរកប្រេងឥន្ធនៈដែលមានតម្លៃទាបជាង
04/02/2026 11:04 AM