សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

សន្តិសុខ និង សង្គម

ភាពអត់ឃ្លាន និងអំពើហិង្សារុញច្រានឲ្យពលរដ្ឋហៃទីរាប់ពាន់នាក់ សម្រុកចូលទៅក្នុងសាធារណរដ្ឋដូមីនីក

2024/03/19 11:12:19 am        46
អំពើហិង្សាដែលនៅតែបន្តនិងភាពអត់ឃ្លានញាំញីនៅក្នុងប្រទេសហៃទីបានរុញឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោណហៃទីពាន់នាក់រត់ចូលទៅក្នុងប្រទេសជិតខាងសាធារណរដ្ឋដូមីនីក ដែលនាំឲ្យមានភាពតានតឹងកើនឡើងនៅតាមព្រំដែន។ នគរបាលជាតិដូមីនីក បាននិងកំពុងប្រម្រែប្រមូលជនជាតិហៃទីជាច្រើនដែលបានឆ្លងព្រំដែន ក្រោយការបើករថយន្តដេញតាម។ នគរបាលបាននិយាយថា ថ្មីៗនេះពួកគេបានចាប់ជនជាតិហៃទី៤០នាក់ សង្ស័យពីបទប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម នៅលើទឹកដីរបស់ខ្លួន និងបានបញ្ជូនពួកគេត្រឡប់ទៅកាន់ប្រទេសហៃទីវិញតាមរថយន្ត pick-ups។ នៅចំនុចព្រំដែននានា ត្រូវបានដំឡើងដោយរនាំងដែករុំបន្លាលួសពីលើដែលត្រូវបានបង្កើតឡើងដោយប្រធានាធិបតីដូមីនីក បច្ចុប្បន្នលោក ល្វីស អាប៊ីណាឌ័រ (Luis Abinader) ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរឹតបន្តឹងព្រំដែន។ ភាពតានតឹងកើនឡើងកាន់តែខ្លាំង រវាងសាធារណរដ្ឋដូមីនីក និងប្រទេសហៃទី ខណៈដែលស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរបង្ខំឲ្យពលរដ្ឋហៃទីរាប់ពាន់នាក់ឆ្លងព្រំដែនគេចចេញពីអំពើហិង្សានិងភាពអត់ឃ្លាននៅលើកោះសមុទ្រការ៉ាអ៊ីបមួយនេះ។ប្រធានទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារទី១២មីនាថា មនុស្ស៤លាននាក់ប្រឈមអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរ និង១លាននាក់ផ្សេងទៀត ស្ទើរតែធ្លាក់ចូលក្នុងគ្រោះទិរ្ភិក្ស៕

ភ្លៀងធ្លាក់យ៉ាងគំហុក ធ្វើឲ្យជន់លិចភាគខាងត្បូងប្រទេសប៉េរូ ធ្លាក់ចូលក្នុងភាពចលាចលដីល្បប់

2024/03/19 11:08:08 am        102
ភ្លៀងធ្លាក់យ៉ាងគំហុក បានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Alca ភាគខាងត្បូងប្រទេសប៉េរូ ខណៈ បំណាក់ដីល្បប់ បានហូរជន់លិចផ្លូវ លំនៅឋាន សាលារៀន និងមន្ទីរពេទ្យមួយកន្លែង។អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅនេះ បានបង្កឱ្យមានបំណាក់ដីល្បប់នៅតំបន់ភ្នំជុំវិញទីក្រុង Alca ដោយបានបំផ្លាញផ្លូវថ្នល់ និងបំផ្លាញលំនៅឋានចំនួន ៧៥ ខ្នង។ក្រុមជួយសង្គ្រោះ ត្រូវបានដាក់ឲ្យចល័តដើម្បីជួយអ្នកទាំងឡាយណាដែលរងគ្រោះដោយគ្រោះមហន្តរាយ។ទោះជាយ៉ាងណា ការចូលទៅដល់តំបន់រងផលប៉ះពាល់នៅតែពិបាក ដោយសារផ្លូវត្រូវបានរាំងស្ទះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយ។

នគរបាល បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកលើបាតុកររងវិបត្តិស្បៀងអាហារ នៅប្រទេសអាហ្សង់ទីន

2024/03/19 10:57:50 am        41
សហជីពនានា និងក្រុមឆ្វេងនិយម បានដឹកនាំបាតុកម្មនៅក្នុងប្រទេសអាហ្សង់ទីន កាលពីថ្ងៃចន្ទ ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ ប្រធានាធិបតី លោក ចាវីអឺ មីឡេ (Javier Milei) ដែលបានកាត់ការចំណាយសង្គម បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាជាមួយនគរបាលបង្ក្រាបកុបកម្ម។នៅក្នុងទីក្រុង Buenos Aires នគរបាល បានប្រឈមមុខជាមួយបាតុកម្មបិទផ្លូវ ដោយបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងរារាំងពួកគេមិនឱ្យធ្វើដំណើរឆ្ពោះទៅមុខ។រដ្ឋមន្ត្រីសន្តិសុខប្រទេសអាហ្សង់ទីន លោក ប៉ាទ្រីស៊ីយ៉ា ប៊ុលរិច (Patricia Bullrich) បានប្រកាសកាលពីថ្ងៃទី ១៤ ខែធ្នូថា កងកម្លាំងនឹងត្រូវបានប្រើប្រាស់ដើម្បីដកចេញការបិទផ្លូវតវ៉ា ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលថ្មី បានប្រកាសវិធានការរឹតត្បិតថវិកាដ៏តឹងរ៉ឹង។លោក Milei ដែលកំពុងព្យាយាមគ្រប់គ្រងអតិផរណារាលដាលខ្លាំង បានអនុវត្តវិធានការរឹតត្បិតថវិកា រួមមាន ការកាត់ផ្តាច់ដ៏គួរឲ្យព្រួយបារម្ភចំពោះការចំណាយរបស់រដ្ឋ ការកាត់ការឧបត្ថម្ភធន និងការកាត់ចេញវិស័យសាធារណៈ។

កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ខ្មាន់កាំភ្លើង២០នាក់ ក្នុងការវាយឆ្មក់នៅមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា

2024/03/19 10:51:01 am        72
កងទ័ពអ៊ីស្រាអែល បានឆ្មក់ចូលបរិវេណមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ដោយបានសម្លាប់ខ្មាន់កាំភ្លើងជាង ២០នាក់ ក្នុងប្រតិបត្តិការមួយ ដែលអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន និយាយថា បានបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ និងបានបង្កអគ្គិភ័យឆាបឆេះអគារមួយកន្លែងក្នុងចំណោមអគារជាច្រើន។យោធានិយាយថា កងកម្លាំងពិសេស ដែលគាំទ្រដោយកងទ័ពជើងគោក និងរថក្រោះ បានធ្វើប្រតិបត្តិការច្បាស់លាស់ ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ថា មន្ទីរពេទ្យនេះ កំពុងត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀត ដោយមេដឹកនាំក្រុមហាម៉ាស។អ្នកនាំពាក្យ លោក Daniel Hagari បាននិយាយថា យើងបានចាប់ខ្លួនជនសង្ស័យភេរវករជាង ២០០ នាក់ ដែលពេលនេះកំពុងត្រូវបានសួរចម្លើយ។ យើងបានសម្លាប់ភេរវករជាង ២០ នាក់នៅក្នុងបរិវេណមន្ទីរពេទ្យនេះ។លោក Hagari និយាយថា ទាហានអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា ហើយក្រុមហាម៉ាស់ បានព្យាយាមបង្កើតមូលដ្ឋានរបស់ខ្លួនឡើងវិញនៅក្នុងមន្ទីរពេទ្យនេះ ដោយប្រើប្រាស់មន្ទីរពេទ្យជាទីលាក់ខ្លួនសម្រាប់ក្រុមភេរវករ។ មន្ទីរពេទ្យ Al Shifa ជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា នៅមុនពេលសង្រ្គាម ហើយបច្ចុប្បន្ននេះ គឺជាកន្លែងថែទាំសុខភាពតែមួយគត់ដែលនៅតែដំណើរការ ទោះបីជានៅមានប្រតិបត្តិការដោយផ្នែកក៏ដោយ នៅភាគខាងជើងនៃដែនដីនេះ ហើយក៏ជាកន្លែងស្នាក់នៅរបស់ជនស៊ីវិលរាប់រយនាក់ដែលបានភៀសខ្លួន។ យោធាបាននិយាយថា កងទ័ពត្រូវបានណែនាំអំពីសារៈសំខាន់នៃប្រតិបត្តិការដោយប្រុងប្រយ័ត្ន ព្រមទាំងវិធានការនានាដែលត្រូវអនុវត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកជំងឺ ជនស៊ីវិល បុគ្គលិកពេទ្យ និងឧបករណ៍ពេទ្យ និងបាននិយាយថា អ្នកជំងឺមិនត្រូវបានតម្រូវឱ្យជម្លៀសខ្លួនចេញនោះទេ។ក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យោធាអ៊ីស្រាអែល បានប្រព្រឹត្តឧក្រិដ្ឋកម្ម ថ្មីមួយ ដាក់គោលដៅដោយផ្ទាល់ទៅលើអគារមន្ទីរពេទ្យ ដោយមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ បុគ្គលិកពេទ្យ ឬអ្នកភៀសខ្លួននៅទីនោះឡើយ។

វិមានក្រឹមឡាំង អះអាងថា មធ្យោបាយតែមួយគត់ដើម្បីការពាររុស្ស៊ី គឺបង្កើតតំបន់ទ្រនាប់ជាមួយអ៊ុយក្រែន

2024/03/19 10:41:18 am        112
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា មធ្យោបាយតែមួយគត់ ដើម្បីការពារទឹកដីរុស្ស៊ីពីការវាយប្រហាររបស់អ៊ុយក្រែន គឺបង្កើតតំបន់ទ្រនាប់ ដែលនឹងធ្វើឲ្យតំបន់រុស្ស៊ីជៀសផុតពីរយៈចម្ងាយនៃការបាញ់ប្រហាររបស់អ៊ុយក្រែន។វិមានក្រឹមឡាំង កំពុងធ្វើអត្ថាធិប្បាយ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីលទ្ធភាពនៃការបង្កើតតំបន់បែបនេះ នៅក្នុងសុន្ទរកថាមួយ បន្ទាប់ពីឈ្នះការបោះឆ្នោតឡើងវិញ កាលពីថ្ងៃអាទិត្យ។នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖«ការពារប្រឆាំងនឹងស្ថានភាពនៃការវាយប្រហារដោយយានដ្រូនរបស់ (អ៊ុយក្រែន) និងការបាញ់ផ្លោងលើទឹកដីរបស់យើងៈ ទ្រព្យសម្បត្តិសាធារណៈ អគារលំនៅដ្ឋាន វិធានការនានា ត្រូវតែចាត់ឡើង ដើម្បីការពារទឹកដីទាំងនេះ។«ពួកវាទាំងអស់ អាចធានាបាន ដោយការបង្កើតតំបន់ទ្រនាប់ប្រភេទណាមួយ ដើម្បីជាមធ្យោបាយដែលអាចបញ្ចៀសការវាយប្រហារពីចម្ងាយរបស់សត្រូវមកលើយើង»។ បន្ទាប់ពីឈ្នះការបោះឆ្នោតឡើងវិញ លោក ពូទីន បាននិយាយថា លោកមិនច្រានចោលការបង្កើតតំបន់ទ្រនាប់បែបនេះទេ។

កាណាដា មានការកើនឡើងយ៉ាងខ្លាំងនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជ្វីហ្វ និងមូស្លីម

2024/03/19 10:38:27 am        127
នគរបាលក្រុងតូរ៉ុនតូ បាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា) ថា ចំនួនឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជ្វីហ្វ និងប្រឆាំងមូស្លីម នៅទីក្រុងតូរ៉ុនតូ (Toronto) របស់ប្រទេសកាណាដា បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា នៅក្នុងប្រទេសអ៊ីស្រាអែល។ប្រមុខនគរបាល លោក ម៉ាយរ៉ុន ឌែមខីវ (Myron Demkiw) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុង តូរ៉ុនតូ មានការចាប់ខ្លួនចំនួន ៦៩ នាក់ និងការចោទប្រកាន់ចំនួន ១៧៣ ករណីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើមក្នុងអំឡុងពេលនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ទីក្រុងតូរ៉ុនតូ បានមើលឃើញឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន ២០៣ ករណី ដែលកើនឡើងចំនួន ៩៣ ភាគរយធៀបនឹងឆ្នាំមុន។លោក Demkiw បាននិយាយថា ការហៅទូរស័ព្ទរាយការណ៍ពីឧក្រិដ្ឋកម្មស្អប់ខ្ពើមបានធ្លាក់ចុះនៅក្នុងខែធ្នូ និងខែមករា ប៉ុន្តែបន្ទាប់មកបានកើនឡើងនៅក្នុងខែកុម្ភៈ ចំនួន ៦៧ ភាគរយ ហើយក្នុងចំណោមឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន ៨៤ ករណីរហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២៤ មាន ៥៦ ភាគរយគឺជាការប្រឆាំងជនជាតិជ្វីហ្វ។ប្រមុខនគរបាលក្រុងតូរ៉ុនតូ រូបនេះបានបន្ថែមថា ប្រភេទលំអៀងខ្ពស់បំផុតទីពីរនៅឆ្នាំនេះ គឺឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលផ្តោតលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (2SLGBTQI+) បន្ទាប់មកគឺប្រឆាំងជនជាតិស្បែកខ្មៅ និងប្រឆាំងនឹងមូស្លីម អារ៉ាប់ និងប៉ាឡេស្ទីន៕

ខ្មាន់កាំភ្លើងនៅនីហ៊្សេរីយ៉ា ចាប់ជំរិតមនុស្សប្រហែល ១០០ នាក់ក្នុងការវាយប្រហារកាលពីចុងសប្តាហ៍

2024/03/19 10:18:00 am        119
ខ្មាន់កាំភ្លើងនៅក្នុងប្រទេសនីហ៊្សេរីយ៉ា បានចាប់ជំរិតមនុស្សប្រហែល ១០០ នាក់ រួមទាំងស្ត្រី និងកុមារ នៅក្នុងការវាយប្រហារចំនួនពីរកាលពីចុងសប្តាហ៍នៅក្នុងរដ្ឋ ខាឌុណា (Kaduna) នេះបើយោងតាមអ្នកស្រុក និងនគរបាលបាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា)។ ការចាប់ជំរិតដោយក្រុមឧក្រិដ្ឋជនទាមទារប្រាក់លោះខ្លួន បានក្លាយទៅជារឿងស្ទើរតែរាល់ថ្ងៃនៅនីហ៊្សេរីយ៉ា ជាពិសេសនៅភាគខាងជើង ដោយអាជ្ញាធរហាក់ដូចជាគ្មានអំណាចក្នុងការបញ្ឈប់ពួកគេឡើយ។អ្នកនាំពាក្យនគរបាលរដ្ឋ ខាឌុណា លោក ម៉ានសួរ ហាសសាន (Mansur Hassan) បានបញ្ជាក់អំពីឧប្បត្តិហេតុនៅក្នុងភូមិស្ថានីយ៍ ខាជូរ៉ូ (Kajuru) កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែមិនអាចផ្តល់តួលេខអំពីអ្នកបាត់ខ្លួននោះទេ។ លោកថា ភ្នាក់ងារសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះអ្នកភូមិដែលត្រូវចាប់ខ្លួនទាំងនោះ។ប្រជាពលរដ្ឋបាននិយាយថា ក្រុមបុរសប្រដាប់អាវុធបន្លំស្លៀកពាក់ឯកសណ្ឋានទាហានបានមកដល់ភូមិ ដោយពួកគេមិនបានដឹងខ្លួនឡើយ ព្រោះខ្មាន់កាំភ្លើងទាំងនោះបានចតម៉ូតូឆ្ងាយពីភូមិ។ ជារឿយៗ ខ្មាន់កាំភ្លើង តែងតែបង្ខំចាប់ជនរងគ្រោះចូលទៅក្នុងព្រៃ ដោយឃុំខ្លួនពួកគេអស់រយៈពេលជាច្រើនខែ ខណៈពេលដែលកំពុងរង់ចាំការបង់ប្រាក់លោះ ហើយហេតុការណ៍ទាំងនេះបានបង្ខំឱ្យក្រុមគ្រួសារត្រូវលក់ទ្រព្យសម្បត្តិដើម្បីរំដោះសាច់ញាតិរបស់ពួកគេ៕

UN និយាយថា ការលុកលុយលើក្រុង រ៉ាហ្វា នឹងបំផ្លាញការចែកចាយជំនួយនៅហ្កាហ្សា

2024/03/19 10:14:54 am        56
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា) ថា ការវាយលុករបស់អ៊ីស្រាអែល លើទីក្រុង រ៉ាហ្វា (Rafah) នឹងធ្វើឱ្យការចែកចាយជំនួយនៅហ្កាហ្សា «ត្រូវបំផ្លាញ» ដោយសារតែអង្គការនឹងមិនអាចរៀបចំការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រជាជនដែលរត់ភៀសខ្លួនចេញពីតំបន់នោះអស់ទេ។ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ តាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងហ្សេរុយសាឡឹម លោក ជេមមី មែកហ្គូលឌ្រីក (Jamie McGoldrick) បាននិយាយថា ស្ថាប័នមនុស្សធម៌របស់អង្គការសហប្រជាជាតិ មិនអាចរៀបចំផែនការប្រតិបត្តិការផ្តល់ជំនួយនៅតំបន់ហ្កាហ្សារបស់ខ្លួនលើសពីរយៈពេលពីរ ឬបីថ្ងៃមុនបានទេ ដោយសារលក្ខខណ្ឌ ដែលលោកបានពិពណ៌នាថាមិនច្បាស់លាស់ និងមិនមានស្ថិរភាព។លោក មែកហ្គូលឌ្រីក បាននិយាយថា «នោះនឹងក្លាយជាសេណារីយ៉ូដ៏លំបាកមួយសម្រាប់ពួកយើងក្នុងការស្រមៃមើលពីលទ្ធភាពនៃមនុស្សរាប់សែននាក់ ដែលត្រូវបានបង្ខំឱ្យចេញពីក្រុងរ៉ាហ្វា ដោយសារតែការលុកលុយ ហើយប្រឈមនឹងភាពអត់ឃ្លានដោយសារតែការចែកចាយជំនួយត្រូវបំផ្លាញ»។ដោយប្រឆាំងនឹងការអំពាវនាវរបស់អន្តរជាតិឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសន្យាថានឹងវាយរុញចូលទៅក្នុងទីក្រុង រ៉ាហ្វា នៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប ជាទីដែលមានមនុស្សជាងពាក់កណ្តាលនៃប្រជាជនសរុបចំនួន ២,៣ លាននាក់របស់ហ្កាហ្សា បានរត់ទៅជ្រកកោននៅក្នុងតង់បណ្តោះអាសន្នដើម្បីគេចពីការវាយប្រហាររបស់អ៊ីស្រាអែល នៅចុងភាគខាងជើង៕

មនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅជាយរដ្ឋធានីហៃទី ខណៈភាពតានតឹងកើនឡើងខ្លាំង

2024/03/19 09:59:28 am        52
មនុស្សយ៉ាងតិច១០នាក់ ត្រូវបានសម្លាប់នៅជាយក្រុងដ៏សម្បូរទ្រព្យស្តុកស្តម្ភនៃរដ្ឋធានីរបស់ប្រទេសហៃទី កាលពីថ្ងៃច័ន្ទ (១៨ មីនា) និងមានការរាយការណ៍ពីការលួចទ្រព្យសម្បត្តិ ហើយនិងឧបករណ៍អគ្គិសនី ដែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ខណៈដែលសកម្មភាពគ្មានច្បាប់បានរីករាលដាលដល់តំបន់អ្នកមានទាំងនេះ ហើយក្រុមជនអន្ធពាលបានរឹតបន្តឹងការកាន់កាប់ទីក្រុងកាន់តែខ្លាំងឡើង។សាក្សីសាររព័ត៌មាន រ៉យទ័រ ម្នាក់បានឃើញសាកសពមនុស្សយ៉ាងហោចណាស់ ១០ នាក់ ដែលសាកសពខ្លះមានរបួសគ្រាប់កាំភ្លើងកាលពីព្រឹកថ្ងៃច័ន្ទ នៅតាមដងផ្លូវ ប៉េតុងវីល (Petion-Ville) ជាយរដ្ឋធានី ព័រអូប្រាំង ហើយអាជ្ញាធរមិនបានធ្វើអត្ថាធិប្បាយអំពីព្រឹត្តិការណ៍ជុំវិញការស្លាប់នោះទេ។ក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលបាននិងកំពុងបង្កើនអំណាចរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានទាញយកប្រយោជន៍ពីការអវត្តមានកាលពីដើមខែនេះរបស់នាយករដ្ឋមន្ត្រីដែលលាលែងពីតំណែង លោក អារីយែល ហុងរី (Ariel Henry) ហើយបង្កើនអំពើហិង្សា ដោយវាយលុកហេដ្ឋារចនាសម្ព័ន្ធរួមទាំងស្ថានីយ៍នគរបាល និងការិយាល័យរដ្ឋាភិបាល។ដោយស្ថិតក្រោមសម្ពាធអន្តរជាតិ និងជាប់គាំងនៅដែនដីព័រតូរីកូ លោក ហុងរី បានប្រកាសលាលែងពីតំណែងដោយរង់ចាំការតែងតាំងក្រុមប្រឹក្សា និងការជំនួសបណ្តោះអាសន្នកាលពីមួយសប្តាហ៍មុន ប៉ុន្តែក្រុមប្រឹក្សាអន្តរកាលមិនទាន់ត្រូវបានតែងតាំងនៅឡើយ ស្របពេលមានការខ្វែងគំនិតគ្នាដោយក្រុមមួយចំនួនក្នុងការរើសតំណាងរបស់ខ្លួន៕

ជប៉ុន៖ មីស៊ីលបាលីស្ទីកផលិតនៅកូរ៉េខាងជើង បាញ់ទៅអ៊ុយក្រែន ដោយរុស្ស៊ី គឺមិនអាចទទួលយកបានជាដាច់ខាត

2024/03/19 09:54:33 am        88
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានថ្កោលទោសចំពោះការផ្គត់ផ្គង់សព្វាវុធពីប្រទេសកូរ៉េខាងជើងដល់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពី «ការរំសាយអាវុធនុយក្លេអ៊ែរ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ»។លោកស្រី Kamikawa បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា មីស៊ីលបាលីស្ទីកផលិតនៅកូរ៉េខាងជើង បាញ់ចូលទៅប្រទេសអ៊ុយក្រែន ដោយរុស្ស៊ី គឺពិតជាមិនអាចទទួលយកបាននោះទេ។លោកស្រី Kamikawa បានបញ្ជាក់ថា ប្រទេសជប៉ុន ជាប្រទេសតែមួយគត់ ជាជនរងគ្រោះនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ហើយការគំរាមកំហែងនិងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី មិនគួរឲ្យកើតឡើងទៀតឡើយ។លោកស្រី ក៏បានប្រកាសពីការបង្កើតក្រុម FMCT Friends ជាក្រុមអន្តេរតំបន់ដោយមានការចូលរួមពីរដ្ឋមានអាវុធនុយក្លេអ៊ែរ និងរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ រួមមាន ប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ នីហ្សេរីយ៉ា ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ក្រុមនេះ មានបំណងរក្សា និងបង្កើនការយកចិត្តទុកដាក់ផ្នែកនយោបាយលើក្រុម FMCT (សន្ធិសញ្ញាកាត់ផ្តាច់វត្ថុធាតុបំផ្ទុះបរមាណូ) នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលត្រៀមរថយន្តក្រុងជិត៦០០គ្រឿង ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
09/11/2025 07:09 AM
រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM