អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង

សន្តិសុខ និង សង្គម

ធ្លាក់ព្រិលខ្លាំង នៅតំបន់ឆ្នេរសមុទ្រជប៉ុន រួមទាំងឧបទ្វីប Noto ដែលរងគ្រោះដោយរញ្ជួយដី

2024/01/24 11:59:32 am        82
ព្រិលខ្លាំង កំពុងធ្លាក់នៅតំបន់ភាគច្រើននៅតាមបណ្តោយឆ្នេរសមុទ្រប្រទេសជប៉ុន ពីភាគខាងលិច រហូតដល់ភាគខាងកើតប្រទេសជប៉ុន រួមទាំងឧបទ្វីប ណូតូ (Noto) ដែលត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏មានឥទ្ធិពលកាលពីថ្ងៃចូលឆ្នាំថ្មី។ ទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន និយាយថា អាកាសធាតុបាននាំមកនូវខ្យល់ត្រជាក់ខ្លាំងបំផុតប្រចាំរដូវកាល រួមជាមួយនឹងគំរូសម្ពាធប្រភេទរដូវរងា។មន្ត្រីឧតុនិយម កំពុងព្រមានអំពីការបង្អាក់ចរាចរណ៍ទ្រង់ទ្រាយធំ បន្ទាប់ពីព្រិលធ្លាក់ខ្លាំងភ្លាមៗនៅក្នុងខេត្ត Fukui និងខេត្ត Shiga ។ មន្ត្រីបានព្យាករណ៍ថា ព្រិល នឹងបន្តធ្លាក់រហូតដល់ថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅឧបទ្វីប Noto នៃខេត្ត Ishikawa ។ ប្រជាជន ត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាចរាចរណ៍ និងឲ្យស្ថិតនៅក្នុងទីតាំងមានសុវត្ថិភាព។ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ការធ្លាក់ព្រិល ត្រូវបានគេរំពឹងថានឹងឡើងដល់ ៩០ សង់ទីម៉ែត្រ នៅក្នុងខេត្ត Niigata ៨០សង់ទីម៉ែត្រនៅក្នុងតំបន់ Kinki និង ៧០សង់ទីម៉ែត្រនៅក្នុងតំបន់ Hokuriku, Tohoku, Tokai និងតំបន់ Chugoku ។ អាជ្ញាធរនៅឧបទ្វីប Noto កំពុងព្រមានថា អគារដែលរងការខូចខាតដោយការរញ្ជួយដី អាចបាក់រលំក្រោមទម្ងន់ព្រិល។ មន្ត្រីឧតុនិយម ក៏បានព្រមានពីជំងឺផ្តាសាយធំផងដែរ។ សីតុណ្ហភាពនៅពេលថ្ងៃខ្ពស់សម្រាប់ថ្ងៃពុធនេះ ត្រូវបានគេរំពឹងថានឹងមាន ១ អង្សាសេនៅក្នុងទីក្រុង Toyama ២អង្សាសេនៅក្នុងទីក្រុង Wajima និង ៣អង្សាសេនៅក្នុងទីក្រុង Kanazawa ។ភាពញឹកញាប់នៃការរញ្ជួយដីនៅក្នុងតំបន់ដែលរងផលប៉ះពាល់បានថយចុះ ប៉ុន្តែសកម្មភាពរញ្ជួយដីនៅតែមានកម្រិតខ្ពស់។ ក្រុមមន្ត្រី កំពុងជំរុញឱ្យពលរដ្ឋ រក្សាការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីកម្រិតលើ ៥រ៉ិចទ័រ ឬខ្លាំងជាងនេះ នៅក្នុងសប្តាហ៍ខាងមុខនេះ។

ប្រធានាធិបតីអ៊ុយក្រែន៖ មនុស្ស១៨នាក់ស្លាប់ និងជាង១៣០នាក់របួស ក្នុងការវាយប្រហារដោយមីស៊ីល របស់រុស្ស៊ី

2024/01/24 11:55:34 am        117
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាលពីថ្ងៃពុធ បានសម្លាប់មនុស្ស១៨នាក់ និងជាង១៣០នាក់រងរបួស និងព្រមានថា ចំនួនអ្នកស្លាប់អាកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះកំពុងបន្ត។ ការវាយប្រហារតាមអាកាសបានប៉ះចំរដ្ឋធានីគីវ(Kyiv ) និងទីក្រុងខាគីវ (Kharkiv) ភាគឦសាន ក្នុងការវាយប្រហារដ៏ធ្ងន់ធ្ងរសម្រាប់អ៊ុយក្រែន ខណៈការឈ្លានពានរបស់រុស្ស៊ី បានឈានចូលអាយុកាលជិត២ឆ្នាំ។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោក ថាគួរឲ្យសោកស្ដាយ មនុស្ស១៨នាក់ និងជាង១៣០នាក់ផ្សេងទៀតរងរបួស។ លោក បាននិយាយថា ទីក្រុងខាគីវ ត្រូវបានរងគ្រោះខ្លាំងជាងគេ និងបានព្រមានថាចំនួនអ្នកស្លាប់អាចមានច្រើនជាងនេះ។ លោកបាននិយាយថា លំនៅឋានពលរដ្ឋប្រមាណ១៣៩ខ្នង ត្រូវបានខូចខាតក្នុងការវាយប្រហាររបស់រុស្ស៊ី ដែលបានបាញ់ស្រោចមីស៊ីលជាង៤០គ្រាប់ចូលទឹកដៅអ៊ុយក្រែន។ លោកបានព្រមានសងសឹកផងដែរ ដោយនិយាយថា ឲ្យរុស្ស៊ីដឹងថា អ៊ុយក្រែនដឹងពីវិធីសាស្ត្រក្នុងការឆ្លើយតបវិញ។ លោកបានបន្ថែមថា សង្រ្គាមរបស់រុស្ស៊ី ប្រាកដជានឹងត្រឡប់ទៅផ្ទះវិញ ទៅកាន់ប្រភពរបស់ភាពឃោឃៅវិញ គឺនៅក្នុងប្រទេសរុស្ស៊ី។ គួររម្លឹកថា កងកម្លាំងរុស្ស៊ីធ្លាប់មានបំណងគ្រប់គ្រងទីក្រុងខាគីវ ជាទីក្រុងដែលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត ក្នុងការវាយប្រហារទាំងយប់អំឡុងលុកលុយដំបូង កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤៕

អ៊ីស្រាអែល ប្តេជ្ញាបន្តការប្រយុទ្ធ បន្ទាប់ពីទាហានរបស់ខ្លួនចំនួន ២៤នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា

2024/01/24 11:52:17 am        101
យ៉ាងហោចណាស់ទាហានអ៊ីស្រាអែល ២១នាក់ ត្រូវបានសម្លាប់ នៅក្រោមអគារមួយ ដោយសារតែការវាយកម្ទេចនៅតំបន់ហ្កាហ្សា នៅថ្ងៃដែលស្លាប់ច្រើនបំផុតសម្រាប់ទាហាននៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងសង្រ្គាម រហូតមកទល់ពេលនេះ។លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្តេជ្ញាថា នឹងប្រយុទ្ធ នៅខាងក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលទាហានបីនាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ដោយក្រុមហាម៉ាស នៅថ្ងៃតែមួយដែរនោះ។ទាហានអ៊ីស្រាអែលទាំងអស់ ដែលកប់នៅក្រោមគំនរបាក់បែក គឺជាទាហានបំរុង ហើយការស្លាប់របស់ពួកគេ កើតឡើង នៅពេលដែលអ៊ីស្រាអែល មានបំណងផ្លាស់ប្តូរសង្រ្គាមរបស់ខ្លួនទៅកាន់ «ដំណាក់កាលកម្រិតទាប»ថ្មីមួយ។ករណីនេះ បានកើតឡើង នៅពេលដែលលោកណេតាន់យ៉ាហ៊ូ កំពុងស្ថិតនៅក្រោមសម្ពាធផ្ទៃក្នុង កាន់តែខ្លាំងឡើងអំពីរបៀបបន្តសង្រ្គាម ខណៈដែលការស្លាប់កើនឡើងលើភាគីទាំងពីរ។ទន្ទឹមនឹងនេះ លោកបានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា ដំណាក់កាលបន្ទាប់នៃសង្គ្រាម នៅតំបន់ហ្កា ហ្សា នឹងចំណាយពេល ៦ខែទៀត។កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ត្រី Daniel Hagari បាននិយាយថា៖«ក្រុមភេរវករ» មិនស្គាល់អត្តសញ្ញាណ បានបាញ់គ្រាប់រ៉ុក្កែតទៅលើរថក្រោះអ៊ីស្រាអែល។លោក Daniel Hagari បាននិយាយថា៖ «ក្នុងពេលដំណាលគ្នានោះ មានការផ្ទុះដែលបណ្តាលឲ្យមានការដួលរលំនៃសំណង់ពីរជាន់ ខណៈដែលកងកម្លាំងភាគច្រើន កំពុងស្ថិតនៅក្នុង និងនៅក្បែរនោះ»។

រញ្ជួយដីកម្រិត៧.១រ៉ិចទ័រ វាយប្រហារភាគខាងលិចប្រទេសចិន បណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់ស្លាប់

2024/01/24 11:44:25 am        110
ក្រុមមន្ត្រី បាននិយាយថា ការរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារតំបន់ដែលមានប្រជាជនរស់នៅដាច់ៗពីគ្នានៅតំបន់ Xinjiang ភាគខាងលិចប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ បានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ និងបណ្តាលឱ្យមានការខូចខាតខ្លាំងនៅក្នុងអាកាសធាតុត្រជាក់ដល់កក។ វាជាការរញ្ជួយដីជាបន្តបន្ទាប់ និងគ្រោះមហន្តរាយធម្មជាតិ ដែលបានវាយប្រហារនៅភាគខាងលិចប្រទេស។មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិនបាននិយាយថា រញ្ជួយដីបានធ្វើឲ្យរញ្ចួយតំបន់ Uchturpan ក្នុងខេត្ត Aksu ។ ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ។ គិតត្រឹមល្ងាចថ្ងៃអង្គារ អាជ្ញាធរបាននិយាយថា មនុស្ស ៣ នាក់បានស្លាប់ និង ៥ នាក់ទៀតរងរបួសនៅក្នុងតំបន់នេះ។ក្រុមអ្នកជួយសង្គ្រោះ បានស្វែងរកតាមគំនរបាក់បែក ក្រឡាប់ផ្ទាំងថ្ម ដើម្បីស្វែងរកជនរងគ្រោះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បាននិយាយថា ឧបករណ៍សង្គ្រោះបន្ទាន់ រួមមានទាំងអាវធំ តង់ និងគ្រែបត់ ដើម្បីជួយមនុស្សរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បានមកដល់ ឬកំពុងដឹកជញ្ជូនមក ។ លោក Zhang Yongjiu ប្រធានរដ្ឋបាលគ្រោះរញ្ជួយដីតំបន់ Xinjiang បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃអង្គារថា ទោះបីជាការរញ្ជួយដីមានកម្លាំងខ្លាំងក៏ដោយ ចំណុចកណ្តាលរបស់វាស្ថិតនៅក្នុងតំបន់ភ្នំដែលមានប្រជាជនរស់នៅដាច់ៗពីគ្នា។ ក្នុងចំណោមអ្នករងរបួសទាំង៥នាក់ មាន២នាក់រងរបួសធ្ងន់ ។ រដ្ឋាភិបាលតំបន់ស្វយ័ត ស៊ីនជាំង អ៊ុយហ្គឺ(Xinjiang Uygur) បានបង្ហោះនៅលើគណនីបណ្តាញទំនាក់ទំនងសង្គម Weibo ផ្លូវការរបស់ខ្លួនថា ក្នុងចំណោមអគារជាង ១២០ខ្នង ដែលរងការខូចខាត លំនៅឋានចំនួន ៤៧ខ្នងបានបាក់រលំ លំនៅឋានចំនួន៧៨ខ្នងបានខូចខាត និងរោងបន្លែមួយចំនួនត្រូវបានបាក់រាប។

កសិករបារាំង បង្កើនសម្ពាធ លើរដ្ឋាភិបាល ខណៈការតវ៉ារាលដាល

2024/01/24 11:39:38 am        126
កសិករដែលកំពុងតវ៉ា បានបិទផ្លូវនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃអង្គារ ទី ២៣ ខែមករា ហើយមានឧបទ្ទវហេតុបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ខណៈសហជីពរបស់ពួកគេបានជំរុញឱ្យរដ្ឋាភិបាល បន្ធូរបន្ថយការជំរុញសម្រាប់តម្លៃប្រើប្រាស់ឲ្យធ្លាក់ចុះទាប និងកាត់បន្ថយបទប្បញ្ញត្តិបរិស្ថាន។ ការតវ៉ា បានឈានចូលដល់សប្តាហ៍ទីពីរបន្ទាប់ពីមានការរាលដាលពីប្រទេសជិតខាង ខណៈយុទ្ធនាការសម្រាប់ការបោះឆ្នោតសហភាពអឺរ៉ុប កំពុងប្រមូលផ្តុំសន្ទុះ។ ភាពចលាចល គឺជាបញ្ហាប្រឈមដ៏សំខាន់ដំបូងសម្រាប់នាយករដ្ឋមន្ត្រីថ្មី លោក Gabriel Attal ។ រដ្ឋាភិបាល មានមោទនភាពចំពោះការប្រយុទ្ធប្រឆាំងអតិផរណា ដោយដាក់សម្ពាធលើវិស័យស្បៀងអាហារ ឱ្យបញ្ចុះតម្លៃនៅផ្សារទំនើប។ ប៉ុន្តែដោយមានការតវ៉ាផ្នែកកសិកម្ម បានរាលដាលពាសពេញទ្វីបអឺរ៉ុប ក្រុមហ៊ុនផលិត ក្រុមហ៊ុនផ្គត់ផ្គង់ និងអ្នកលក់រាយ បញ្ចប់ការចរចាតម្លៃប្រចាំឆ្នាំរបស់ពួកគេ កសិករជាច្រើននិយាយថា ពួកគេឈានដល់ទីបញ្ចប់ដ៏ផុយស្រួយនៃគោលនយោបាយនេះ។ ជាច្រើនម៉ោងបន្ទាប់ពីមន្ត្រីសហជីព បានជួបលោក Attal កាលពីល្ងាចថ្ងៃចន្ទ ក្បួនត្រាក់ទ័រថ្មីបានចេញនៅពេលយប់ ដើម្បីបិទផ្លូវនៅទូទាំងប្រទេស ដោយតវ៉ាប្រឆាំងនូវអ្វីដែលពួកគេនិយាយថាតម្លៃ និងពន្ធមិនយុត្តិធម៌ ព្រមទាំងបទប្បញ្ញត្តិបៃតងជ្រុសហួសហេតុ។ ស្ត្រីម្នាក់បានស្លាប់ និងសមាជិកពីរនាក់ក្នុងគ្រួសាររបស់នាង បានរងរបួសធ្ងន់ ខណៈរថយន្តបើកបុកចូលទៅក្នុងការបិទផ្លូវនៅតំបន់ Ariege ភាគនិរតី។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Marc Fesneau បានលុបចោលការធ្វើដំណើររបស់លោក ទៅកិច្ចប្រជុំ សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងដែលស្ត្រីរងគ្រោះបានស្លាប់។ គោលនយោបាយកសិកម្ម តែងតែជាបញ្ហារសើបនៅក្នុងប្រទេសបារាំង ជាប្រទេសផលិតកសិកម្មធំបំផុតរបស់សហភាពអឺរ៉ុប ជាកន្លែងដែលអ្នកផលិតឯករាជ្យ នូវផលិតផលសាច់ ទឹកដោះគោ ស្រា និងផលិតផលផ្សេងទៀតរាប់ពាន់នាក់ មានកំណត់ត្រានៃការតវ៉ារំខាន។ លោក Macron មានការប្រុងប្រយត្ន័ចំពោះការគាំទ្រដែលកំពុងកើនឡើងរបស់កសិករ សម្រាប់ភាពស្តាំនិយម នៅមុនការបោះឆ្នោតសភាអឺរ៉ុបក្នុងខែមិថុនា ដោយគណបក្សជាតិ Rassemblement របស់លោកស្រី Marine Le Pen នាំមុខក្នុងការបោះឆ្នោត។

UN ចំនួនអ្នកស្លាប់របស់ជនជាតិរ៉ូហ៊ីងយ៉ា នៅសមុទ្រក្នុងឆ្នាំ២០២៣ កើនច្រើនបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍

2024/01/24 11:27:08 am        142
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃអង្គារ (២៣ មករា) ថាយ៉ាងហោចណាស់ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៥៦៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួន ខណៈពេលដែលព្យាយាមរត់ភៀសខ្លួនពីសហភាពមីយ៉ាន់ម៉ា ឬប្រទេសបង់ក្លាដែស ក្នុងឆ្នាំ២០២៣ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ មកដោយអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីការពារក្រុមជនជាតិភាគតិចមួយនេះ។ទីភ្នាក់ងារជនភៀសខ្លួន UNHCR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្លាប់ ឬការបាត់ខ្លួនបានកើតឡើងក្នុងអំឡុងពេលប៉ុនប៉ងឆ្លងកាត់សមុទ្រអានដាម៉ាន់ (Andaman) ឬឈូងសមុទ្របេនហ្គាល់ (Bengal) ដោយជនជាតិរ៉ូហ៊ីងយ៉ាជិត ៤.៥០០នាក់។ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ UNHCR បាននិយាយថា អ្នកនៅរស់រានមានជីវិតបានចែករំលែកហេតុការណ៍ដ៏គួរឱ្យរន្ធត់នៃការរំលោភបំពាន និងការបៀតបៀនក្នុងអំឡុងពេលធ្វើដំណើរ រួមទាំងអំពើហិង្សាផ្អែកលើយេនឌ័រជាដើម។ជនមូស្លីមរ៉ូហ៊ីងយ៉ាជាងមួយលាននាក់មកពីមីយ៉ាន់ម៉ា រស់នៅក្នុងជំរំធ្វើពីឫស្សី និងផ្លាស្ទិកក្នុងសង្កាត់ព្រំដែនបង់ក្លាដែសនៃទីក្រុង ខកស៍បាហ្សា (Cox's Bazar) ភាគច្រើនបន្ទាប់ពីបានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧។មីយ៉ាន់ម៉ាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ មក ហើយរបបសឹកនេះបានបង្ហាញបំណងតិចតួចប៉ុណ្ណោះក្នុងទទួលយកជនជាតិរ៉ូហ៊ីងយ៉ាវិញ ដែលត្រូវបានគេចាត់ទុកថាជាអ្នកជ្រៀតជ្រែកបរទេសក្នុងប្រទេសមីយ៉ាន់ម៉ាជាយូរមកហើយ ដោយពួកគេត្រូវបានបដិសេធការចូលសញ្ជាតិ និងទទួលរងការរំលោភបំពាន៕

សហរដ្ឋអាមេរិក និរទេសជនអន្តោប្រវេសន៍ ១៣០នាក់ ទៅកាន់ប្រទេសកាតេម៉ាឡា

2024/01/24 11:16:16 am        115
អាជ្ញាធរអន្តោប្រវេសន៍ប្រទេសកាតេម៉ាឡា បាននិយាយថា ជើងហោះហើរមួយមានផ្ទុកជនអន្តោប្រវេសន៍កាតេម៉ាឡា ជាងមួយរយនាក់ ដែលត្រូវបាននិរទេសដោយសហរដ្ឋអាមេរិក បានមកដល់ទីក្រុង កាតេម៉ាឡា កាលពីថ្ងៃអង្គារ។អ្នកដែលត្រូវបាននិរទេស រួមទាំង ១៧ គ្រួសារ និងមនុស្សពេញវ័យនៅលីវ បានមកដល់អាកាសយានដ្ឋាន Aurora ក្នុងទីក្រុងកាតេម៉ាឡា តាមជើងហោះហើរដែលជួលដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ក្រុមអ្នកនិរទេសចុងក្រោយបង្អស់នេះ គឺជាផ្នែកនៃនិន្នាការធំនៃការនិរទេសដែលកើនឡើង ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍មកពីប្រទេសកាតេម៉ាឡា ហុងឌុយរ៉ាស អែលសាល់វ៉ាឌ័រ កូឡុំប៊ី និងប្រទេសវេណេហ្ស៊ុយអេឡា។ជនអន្តោប្រវេសន៍ជាច្រើននាក់ បានភៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេ ដោយសារបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច អំពើហិង្សា និងអស្ថិរភាពនយោបាយ ដោយស្វែងរកឱកាសនិងសុវត្ថិភាពប្រសើរជាងមុននៅក្នុងសហរដ្ឋអាមេរិក។ជនអន្តោប្រវេសន៍ ដែលភាគច្រើនធ្វើដំណើរជាមួយក្រុមគ្រួសារ បាននិយាយថា កង្វះការងារ និងស្ថានភាពរស់នៅលំបាក គឺជាហេតុផលសំខាន់សម្រាប់ការចាកចេញពីប្រទេសរបស់ពួកគេ។

យន្តហោះយោធាមីយ៉ាន់ម៉ា ធ្លាក់ចេញពីផ្លូវរត់ក្នុងអាកាសយានដ្ឋានឥណ្ឌា បង្ករបួស ៨នាក់

2024/01/24 10:59:23 am        153
ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានរងរបួស បន្ទាប់ពីយន្តហោះយោធាមីយ៉ាន់ម៉ា ដែលត្រូវបានគេសន្មត់ថានឹងហោះហើរដឹកទាហានរាប់សិបនាក់ ដែលភៀសខ្លួនចេញពីជម្លោះត្រឡប់ទៅប្រទេសវិញ បានធ្លាក់ពីលើផ្លូវរត់នៃអាកាសយានដ្ឋាននៅភាគឦសានប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ (២៣ មករា)។នគរបាល និងក្រុមមន្ត្រីយោធាឥណ្ឌាបាននិយាយថា អ្នករងរបួសនោះស្ថិតក្នុងចំណោមមនុស្ស ១៤នាក់នៅលើយន្តហោះ ដែលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ឡេងភួយ (Lengpui) នៃរដ្ឋ មីហ្ស៊ូរ៉ាម (Mizoram) ដើម្បីនាំយកទាហានដែលបានរត់ចូលប្រទេសឥណ្ឌា កាលពីសប្តាហ៍មុនត្រឡប់ទៅមីយាន់ម៉ាវិញ។ទាហានមីយ៉ាន់ម៉ាជិត ៧០០នាក់ បានឆ្លងចូលទៅក្នុងភាគឦសាននៃប្រទេសឥណ្ឌា ក្នុងរយៈពេល ២ខែចុងក្រោយនេះ បន្ទាប់ពីក្រុមប្រឆាំងរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគាំទ្រដោយរដ្ឋាភិបាលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានដណ្តើមកាន់កាប់ទីតាំងយោធា និងទីប្រជុំជនជាច្រើននៅជិតព្រំដែនរបស់ខ្លួន។ចាប់តាំងពីមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២១ មក ជនស៊ីវិល និងកងទ័ពរាប់រយនាក់បានភៀសខ្លួនទៅកាន់រដ្ឋឥណ្ឌា ជាទីដែលសហគមន៍រវាងប្រទេសទាំងពីរមានទំនាក់ទំនងជនជាតិភាគតិច និងគ្រួសារ។ នេះបានធ្វើឱ្យទីក្រុងញូវដែលី ព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែហានិភ័យនៃភាពតានតឹងរីករាលដាលដល់ប្រទេសឥណ្ឌា៕

ការវាយប្រហាររបស់ក្រុមហ៊ួទី ក្នុងសមុទ្រក្រហម បានធ្វើឲ្យនាវាដឹកទំនិញជាង៧លានកុងតឺន័រផ្លាស់ប្ដូរផ្លូវផ្សេង

2024/01/24 10:51:30 am        117
ក្រុមឧទ្ទាម ហ៊ួទី (Houthi)គាំទ្រដោយប្រទេសអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បាននិងកំពុងគំរាមកំហែងពាណិជ្ជកម្មពិភពលោក ដោយដាក់គោលដៅលើនាវាពាណិជ្ជកម្មដែលបានធ្វើដំណើរឆ្ពោះទៅកាន់ព្រែកជីក ស៊ុយអេ(Suez) ក្នុងសមុទ្រក្រហម។ ការចាប់ផ្តើមការវាយលុករបស់ពួកគេលើនាវាពាណិជ្ជកម្មរបស់លោកខាងលិចកាលពីថ្ងៃទី ១៩ ខែតុលា ក្រុមចលនា ហ៊ួទី របស់ប្រទេសយេម៉ែនបានពន្យឺតខ្សែផ្គត់ផ្គង់នៅអឺរ៉ុប ហើយក្រុមអ្នកជំនាញនិយាយថាអ្នកប្រើប្រាស់នឹងត្រូវជួបស្ថានភាពលំបាក ។ ក្រុមហ៊ួទី បានចាប់ផ្តើមការវាយប្រហាររបស់ពួកគេលើផ្លូវដឹកជញ្ជូនពាណិជ្ជកម្ម និងក្រុមហ៊ុនដឹកជញ្ជូនលោកខាងលិច ជាការបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីនក្នុងជម្លោះអ៊ីស្រាអែល និងហ្កាហ្សា ប៉ុន្តែភ្នាក់ងារឃ្លាំមើលអន្តរជាតិរួមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានហៅការវាយប្រហារនេះថា ជាការបំពាន។ លោក រៃអិន ពីទ័រសេន (Ryan Petersen) នាយកប្រតិបត្តិនៃក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់សូហ្វវែរ Flexport បានប្រាប់សារព័ត៌មាន CGTN ថា រហូតមកដល់ពេលនេះនាវាដឹកកុងតឺន័រជាង៧លាន ត្រូវបានបង្វែរចេញពីផ្លូវទឹកនោះ ពិតជាសំខាន់ណាស់ ៩០ ទៅ ៩៥% នៃនាវាដឹកទូកុងតឺន័រទាំងអស់ដែលឆ្លងកាត់ ព្រែកជីក ស៊ុយអេ (Suez)ជាប្រពៃណី កំពុងធ្វើដំណើរតាមផ្លូវវាងដ៏វែងឆ្ងាយជុំវិញទ្វីបអាហ្រ្វិក ដើម្បីបញ្ចៀសការវាយប្រហារ ដោយមីស៊ីលទាំងនេះពីក្រុមចលនាហ៊ួទី ។ ហើយឥឡូវនេះ ក្រុមអ្នកជំនាញខាងដឹកជញ្ជូនពាណិជ្ជកម្មនិយាយថា ក្រុមអ្នកប្រើប្រាស់នឹងជួបស្ថានភាពលំបាក់ ដោយត្រូវរង់ចាំពេលវេលាបន្ថែម និងកង្វះខាតផលិតផល។នាវាយ៉ាងហោចណាស់ចំនួន១០ គ្រឿងត្រូវបានខូចខាតនៅក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ួទី ចាប់តាំងពីខែតុលា ហើយនាវិក២៥នាក់នៅតែជាប់ឃុំខ្លួននៅក្នុងប្រទេសយេម៉ែន។ ជម្លោះនេះក៏បានឆក់យកជីវិតទាហានជើងទឹកអាមេរិកពីរនាក់ ព្រមទាំងក្រុមសកម្មប្រយុទ្ធហ៊ួទី១៥នាក់ផងដែរ៕

អាមេរិក វាយប្រហារគោលដៅនៅអ៊ីរ៉ាក់ បន្ទាប់ពីកងកម្លាំងខ្លួនបានរងរបួស

2024/01/24 09:19:44 am        157
មន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រឆាំងនឹងមូលដ្ឋានចំនួន ៣ទីតាំង ដែលភ្ជាប់ទៅនឹងកងជីវពលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (២៣ មករា) បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍ទៅលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់ ដែលបានធ្វើឱ្យកងកម្លាំងសហរដ្ឋអាមេរិករងរបួស។ទាហានអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី ត្រូវបានវាយប្រហារប្រហែល ១៥០ដងដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងតំបន់ហ្កាហ្សា បានចាប់ផ្តើមនៅក្នុងខែតុលា មកដោយបង្កើតសម្ពាធលើលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ឱ្យឆ្លើយតបផ្នែកយោធា ទោះបីជាមានភាពរសើបផ្នែកនយោបាយនៅក្នុងទីក្រុងបាកដាដ ក៏ដោយ។កាលពីថ្ងៃសៅរ៍ បុគ្គលិកអាមេរិក ៤នាក់ បានរងរបួសផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមូលដ្ឋានទ័ពអាកាស អ៊ីន អាល់អាសាដ (Ain al-Asad) របស់អ៊ីរ៉ាក់ ត្រូវបានវាយប្រហារដោយមីស៊ីលបាលិស្ទិក និងគ្រាប់រ៉ូកែតជាច្រើន ដែលបាញ់ដោយពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ពីខាងក្នុងប្រទេសអ៊ីរ៉ាក់។ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលអនុវត្តប្រតិបត្តិការនៅមជ្ឈិមបូព៌ា បាននិយាយថា ការវាយប្រហារនេះបានកំណត់គោលដៅលើក្រុម ខាតាអ៊ីប ហេសបូឡា (Kataib Hezbollah) ដែលរួមមានទីស្នាក់ការ កន្លែងផ្ទុក និងទីតាំងហ្វឹកហាត់សម្រាប់រ៉ូកែត មីស៊ីល និងសមត្ថភាពយានដ្រូន។ នៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រភពវេជ្ជសាស្រ្ត និងប្រភពសកម្មប្រយុទ្ធបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានសម្លាប់សកម្មប្រយុទ្ធយ៉ាងហោចណាស់ពីរនាក់ និងធ្វើឲ្យមនុស្សបួននាក់ផ្សេងទៀតបានរងរបួស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM