សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams

សន្តិសុខ និង សង្គម

ប្រធានចារកម្មអ៊ីស្រាអែល ប្តេជ្ញាតាមស្វែងរកចាប់ភេរវករហាម៉ាសទាំងអស់ ដែលទទួលខុសត្រូវចំពោះការវាយនៅថ្ងៃទី៧ ខែតុលា

2024/01/04 11:42:50 am        90
ប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងតាមស្វែងរកក្រុមភេរវករ ហាម៉ាសទាំងអស់ដែលទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើទីក្រុងព្រំដែនអ៊ីស្រាអែល ដែលក្នុងនោះអ៊ីស្រាអែល និយាយថា មនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់ និងច្រើនជាង ២៤០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។ ការវាយប្រហារនេះ បានបង្កឲ្យមានសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសបច្ចុប្បន្ន។ប្រធានទីភ្នាក់ងារចារម្ម Mossad លោក David Barnea បាននិយាយនៅជិតទីក្រុងតែលអាវីវ (Tel Aviv) ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកស្នងតំណែងមុនរបស់ខ្លួនគឺ លោក Zvi Zamir ថា សូមឲ្យម្តាយជនជាតិអារ៉ាប់គ្រប់រូបដឹងថា ប្រសិនបើកូនប្រុសរបស់គាត់ បានចូលរួមដោយផ្ទាល់ ឬដោយប្រយោល នៅក្នុងការសម្លាប់រង្គាលថ្ងៃទី៧ ខែតុលា ឈាមរបស់គាត់ នឹងត្រូវបាត់បង់» ។លោកបានបន្ថែមថា៖«ថ្ងៃនេះ យើងនៅកណ្តាលសង្រ្គាមម្តងទៀត។ ទីភ្នាក់ងារចារកម្ម Mossad ថ្ងៃនេះដូចកាលពី ៥០ឆ្នាំមុន ប្តេជ្ញាដោះស្រាយបញ្ហានេះជាមួយក្រុមឃាតករដែលបានវាយលុកទូទាំងតំបន់ ហ្កាហ្សាកាលពីថ្ងៃទី៧ ខែតុលា ជាមួយអ្នករៀបចំផែនការ និងជាមួយអ្នកដែលដាក់បញ្ជូនពួកគេទៅ។ វានឹងត្រូវការពេលវេលា ព្រោះវាត្រូវការពេលវេលា បន្ទាប់ពីការសម្លាប់រង្គាលក្នុងទីក្រុងមុយនិក (Munich) ប៉ុន្តែយើងនឹងតាមស្វែងរកចាប់ពួក មិនថាពួកគេ នៅទីណានោះទេ»។មន្ត្រីអ៊ីស្រាអែល បាននិយាយថា មេក្លោងនៃការវាយប្រហារថ្ងៃទី៧ ខែតុលា គឺលោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា និងលោក Mohammed Deif មេបញ្ជាការយោធា នៅតែមានវត្តមាន ហើយអ៊ីស្រាអែល បានបញ្ជាក់ថា វាអាចត្រូវការពេលច្រើនខែទៀត ដើម្បីតាមស្វែងរកចាប់ពួកគេ។

ក្រុមអ្នកសង្រ្គោះជនរងគ្រោះក្នុងបំណាក់ដីនៅប្រទេសជប៉ុន ជួបឧបសគ្គដោយសារអាកាសធាតុខណៈអ្នកស្លាប់បន្តកើនឡើង

2024/01/04 11:38:30 am        52
ក្រុមអ្នកជួយសង្គ្រោះជប៉ុនបានតស៊ូនឹងភ្លៀងធ្លាក់ខ្លាំង ការរាំងស្ទះផ្លូវ និងរលករញ្ជួយកាលពីថ្ងៃពុធទី ៣ ខែមករា បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣ នាក់ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានថាមពលអគ្គិសនី ឬទឹកស្អាតប្រើប្រាស់។ នៅទូទាំងខេត្ត អ៊ីហ្ស៊ីកាវ៉ា(Ishikawa) នៅលើកោះហ៊ុងស៊ូ (Honshu) ស៊ីរ៉ែនបានបន្លើឡើង ខណៈរថយន្តសង្គ្រោះបន្ទាន់ព្យាយាមបើកជំម្នះផ្លូវនានា ដែលត្រូវបានរាំងខ្ទប់ដោយកម្ទេចថ្មនិងដើមឈើដួលរលំ។ឧបទ្វីប ណូតូ(Noto) រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយការរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ កាលពីថ្ងៃទី ១ ខែមករា ទន្ទឹមនឹងទីក្រុងកំពង់ផែដូចជា វ៉ាជីម៉ា (Wajima) និងទីក្រុងស៊ូស៊ុយ (Suzu) ក៏មិនខុសពីតំបន់រងគ្រោះផ្សេងៗ ដែលផ្លូវត្រូវបានគ្របដណ្ដប់ដោយល្បប់ លំនៅឋានជាច្រើនខ្នងបាក់រាបដល់ដី និងទូកជាច្រើនគ្រឿងបានលិច។ លោកអភិបាលក្រុង ម៉ាស៊ូហ៊ីរ៉ូ អ៊ីហ្ស៊ូមីយ៉ា (Masuhiro Izumiya) បាននិយាយថា ស្ទើរតែគ្មានផ្ទះសម្បែងណាមួយនៅឈរទេ នៅក្នុងទីក្រុងមួយនៅក្នុងតំបន់ ស៊ូស៊ុយ ។ យោងតាមទូរទស្សន៍ TBS លោកអភិបាលក្រុង បាននិយាយថា លំនៅឋានប្រហែល៩០ % នៅក្នុងទីក្រុងនោះ ត្រូវបានបំផ្លាញទាំងស្រុង ឬស្ទើរតែទាំងស្រុង ហើយស្ថានភាពពិតជាមហន្តរាយបំផុត ។ រដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់ថា មនុស្ស ៧៣នាក់បានស្លាប់ និងជិត ៤០០នាក់រងរបួស ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។ មនុស្សជាង៣៣.៤០០ នាក់ ស្ថិតនៅក្នុងជម្រកបណ្ដោះអាសន្នហើយអគារយ៉ាងហោចណាស់ ២០០ បានដួលរលំ។ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី ក្នុងតំបន់បាននិយាយថា មនុស្សប្រហែល៣០.០០០ គ្រួសារនៅតែគ្មានថាមពលប្រើប្រាស់ នៅក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa) ហើយមនុស្សជាង១១០.០០០ គ្រួសារ គ្មានទឹកប្រើប្រាស់៕

សហរដ្ឋអាមេរិក មើលមិនឃើញមានអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាទេ

2024/01/04 10:37:20 am        142
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលលើ (Matthew Miller) បាននិយាយកាលពីថ្ងៃពុធ (០៣ មករា) ថាសហរដ្ឋអាមេរិក មិនបានសង្កេតឃើញសកម្មភាពនៅក្នុងតំបន់ហ្កាហ្សា ដែលបង្កើតបានជាអំពើប្រល័យពូជសាសន៍នោះទេ បន្ទាប់ពីប្រទេសអាហ្រ្វិកខាងត្បូងបានបើកដំណើរការនីតិវិធីអំពើប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។លោក មីលលើ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា «ទាំងនោះគឺជាការចោទប្រកាន់ដែលមិនគួរត្រូវបានមើលស្រាលនោះទេ។ យើងមិនបានឃើញសកម្មភាពណាមួយដែលបង្កើតជាការប្រល័យពូជសាសន៍ឡើយ ហើយនេះគឺជាការកំណត់ដោយក្រសួងការបរទេស»។អ្នកនាំពាក្យរូបនេះត្រូវបានគេសាកសួរអំពីសំណើរបស់អាហ្រ្វិកខាងត្បូង កាលពីថ្ងៃអង្គារ ដែលតុលាការពិភពលោកមួយនេះចេញដីកាបន្ទាន់មួយដោយប្រកាសថាអ៊ីស្រាអែល បានបំពានលើកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។ លោក មីលលើ បាននិយាយថាខ្លួនមិនមានការវាយតម្លៃណាមួយដើម្បីចែករំលែកថាតើឧក្រិដ្ឋកម្មសង្រ្គាម ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិត្រូវបានប្រព្រឹត្តនៅហ្កាហ្សានោះទេ។អ៊ីស្រាអែលបានហៅបណ្ដឹងប្រល័យពូជសាសន៍នេះថា «គ្មានមូលដ្ឋាន» ច្បាស់លាស់ហើយនិយាយថាក្រុមហាម៉ាស កំពុងប្រើប្រជាជនប៉ាឡេស្ទីនជាខែលការពារខ្លួន និងលួចជំនួយពីជនរងគ្រោះទាំងនោះ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់នេះ៕

ប្រទេសចិន ធ្វើការល្បាតនៅសមុទ្រចិនខាងត្បូង ស្របពេលមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់

2024/01/04 10:27:32 am        88
ទីបញ្ជាការតំបន់ភាគខាងត្បូងរបស់យោធាបាននិយាយថា យោធាចិនកំពុងធ្វើការល្បាតជាប្រចាំជាមួយកងកម្លាំងទ័ពជើងទឹក និងដែនអាកាសរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ពីថ្ងៃពុធ (០៣ មករា) ដល់ថ្ងៃព្រហស្បតិ៍ (០៤ មករា) នេះខណៈដែលភាពតានតឹងកំពុងបន្តកើតមាននៅក្នុងតំបន់ជុំវិញដែនទឹកដែលមានជម្លោះនេះ។ទីបញ្ជាការនេះបាននិយាយថា កងទ័ពនៅក្នុងតំបន់នឹងមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ហើយនឹងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងសិទ្ធិដែនសមុទ្រ។ ការល្បាតនេះក៏មានគោលបំណងរារាំងសកម្មភាពដែលរំខានដល់សមុទ្រចិនខាងត្បូង និងបង្កើត «ចំណុចក្តៅ» នៅក្នុងតំបន់នេះ នេះបើតាមយោធាបាននិយាយនៅលើគណនីបណ្ដាញសង្គម វីឆាត (Wechat) របស់ទីបញ្ជាការតំបន់ភាគខាងត្បូង។សមយុទ្ធនេះកើតឡើងខណៈដែលចិនប្រឈមនឹងភាពតានតឹងកើនឡើងក្នុងតំបន់ ជាពិសេសជាមួយហ្វីលីពីន។ ប្រទេសទាំងពីរនាពេលថ្មីៗនេះបានចោទដាក់គ្នាទៅវិញទៅមកជាច្រើនជុំវិញការប្រឈមមុខដាក់គ្នាក្នុងដែនសមុទ្រដ៏តានតឹងនេះ។ហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការល្បាតរួមគ្នារយៈពេលពីរថ្ងៃនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ ដែលជាទង្វើមួយទំនងជាធ្វើឱ្យចិនខឹងសម្បារ។ កាលពីសប្តាហ៍មុន ហ្វីលីពីនបាននិយាយថា ខ្លួនមិនបានបង្កជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងទេ ដោយឆ្លើយតបទៅនឹងការចោទប្រកាន់របស់ចិនដែលថាទីក្រុងម៉ានីល កំពុងរំលោភបំពានលើទឹកដីរបស់ទីក្រុងប៉េកាំង៕

ក្រុមហ៊ុន Japan Airlines ប៉ាន់ប្រមាណពីការខាតបង់ប្រហែល ១០៤,៨ លានដុល្លារពីការប៉ះទង្គិចគ្នា

2024/01/04 08:36:09 am        167
ក្រុមហ៊ុន Japan Airlines Co (JAL) បានប៉ាន់ប្រមាណនៅថ្ងៃព្រហស្បតិ៍នេះថាការបុកគ្នានៃជើងហោះហើរ JL516 របស់ខ្លួនជាមួយនឹងយន្តហោះឆ្មាំល្បាតឆ្នេរជប៉ុនកាលពីថ្ងៃទី ២ ខែមករានឹងបណ្តាលឱ្យបាត់បង់ប្រតិបត្តិការប្រហែល ១៥ ពាន់លានយ៉េនស្មើរនឹង១០៤,៨១ លានដុល្លារអាមេរិក ។ ក្រុមហ៊ុនបាននិយាយថា ការខាតបង់នឹងត្រូវ រ៉ាប់រងដោយការធានារ៉ាប់រង ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងវាយតម្លៃផលប៉ះពាល់នៃការខាតបង់យន្តហោះលើការព្យាករណ៍ប្រតិបត្តិការហិរញ្ញវត្ថុ រួមដែលបញ្ចប់នៅខែមីនា ឆ្នាំ ២០២៤ ។ក្រុមហ៊ុនអាកាសចរណ៍JAL ក៏បាននិយាយផងដែរថា ខ្លួននឹងបង្ហាញព័ត៌មានចាំបាច់ណាមួយភ្លាមៗ នៅពេលពួកគេប្រមូលបានគ្រប់គ្រាន់ហើយនោះ ។ មនុស្ស ចំនួន ៣៧៩ នាក់នៅលើយន្តហោះ JAL ត្រូវបានជម្លៀសអ្នកដំណើរចេញដោយសុវត្ថិភាពនៅពេលដែលយន្តហោះកំពុងឆេះ បន្ទាប់ពីការប៉ះទង្គិចជាមួយយន្តហោះល្បាតឆ្នេរនៅឯអាកាសយានដ្ឋាន ហាណេដា (Haneda)ក្នុងទីក្រុងតូក្យូ។ អាកាសយានិក៥នាក់ក្នុងចំណោម៦ នាក់នៅលើយន្តហោះខ្នាតតូចនោះ បានស្លាប់នៅក្នុងការបុកគ្នានេះ។ គួររម្លឹកថា ឧបទ្ទវហេតុបុកគ្នារវាងយន្តហោះដឹកអ្នកដំណើរនិងយន្តហោះខ្នាតតូចនេះ បានកើតឡើងអំឡុងប្រទេសនេះរងការគ្រោះពីគ្រោះរញ្ជួយដីសម្លាប់មនុស្សចំនួន៧៣នាក់ ៕

ឧបទ្ទវហេតុយន្តហោះនៅអាកាសយានដ្ឋាន Haneda បង្ខំឱ្យមានការលុបចោលជើងហោះហើរជាង១០០

2024/01/03 02:29:46 pm        100
ឧបទ្ទវេហតុយន្តហោះបុកគ្នានៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃអង្គារ បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលុបចោលនិងកំណត់ពេលជើងហោះហើរឡើងវិញ។ ជើងហោះហើរជាង ១០០ ជាសំខាន់ ទៅនិងមក ពីអាកាសយានដ្ឋាន Haneda ត្រូវបានគេរំពឹងថា នឹងត្រូវបានលុបចោលនៅថ្ងៃពុធនេះ ដោយធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរប្រហែល ២០.០០០នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និងក្រុមហ៊ុន All Nippon Airways។ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៥០ជើង ទៅនិងមកពីពីអាកាសយានដ្ឋាន Haneda ។ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៥៤ជើង និងជើងហោះហើរអន្តរជាតិចំនួន១។ ប៉ុន្តែក្រុមហ៊ុននិយាយថា ក្រុមហ៊ុននឹងផ្តល់ជើងហោះហើរបន្ថែមចំនួន៩ជើង ដែលតភ្ជាប់ទីក្រុង Haneda ជាមួយទីក្រុង Sapporo, Saga, Nagasaki និងទីក្រុង Naha។ ការលុបចោលជើងហោះហើរផ្សេងទៀត ទៅនិងមកពីអាកាសយានដ្ឋាន Haneda រួមមានជើងហោះហើរចំនួន ៤ ដោយក្រុមហ៊ុនអាកាសចរណ៍ Skymark Airlines ជើងហោះហើរចំនួន៧ដោយក្រុមហ៊ុន Airdo និងជើងហោះហើរចំនួន១ ដោយក្រុមហ៊ុនអាកាសចរណ៍ Solaseed Air ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Peach Aviation និយាយថា ក្រុមហ៊ុនមានផែនការដំណើរការជើងហោះហើរអន្តរជាតិចំនួន៦ជើង តភ្ជាប់ទីក្រុង Haneda និងកោះតៃវ៉ាន់ តាមការគ្រោងទុក។ ក្រុមហ៊ុនដឹកជញ្ជូនអាកាសចរណ៍ និយាយថា កាលបរិច្ឆេទរបស់ពួកគេនៅតែអាចផ្លាស់ប្តូរ និងណែនាំអ្នកដំណើរឱ្យបន្តធ្វើបច្ចុប្បន្នភាពជាមួយព័ត៌មានជើងហោះហើរចុងក្រោយបំផុត។ ក្រុមហ៊ុនរថភ្លើង Central Japan Railway Company បានប្រកាសថា ក្រុមហ៊ុន នឹងផ្តល់សេវារថភ្លើងល្បឿនលឿន ឬរថភ្លើងក្បាលគ្រាប់កាំភ្លើង បន្ថែមនៅថ្ងៃពុធនេះ ដើម្បីឆ្លើយតបទៅនឹងការលុបចោលជើងហោះហើរក្នុងស្រុក។ ក្រុមហ៊ុនបានកំណត់ពេលសេវារថភ្លើងល្បឿនលឿនបន្ថែមទៀតចំនួនបួនគ្រឿង ពីទីក្រុងតូក្យូ ទៅស្ថានីយ Shin-Osaka។

រញ្ជួយដីនៅប្រទេសជប៉ុន អ្នករស់រានមានជីវិតប្រឈមភ្លៀងធ្លាក់ត្រជាក់ខ្លាំង និងការគំរាមកំហែងពីបំណាក់ដី

2024/01/03 02:24:09 pm        99
ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលបានកើនឡើងដល់ ៦២នាក់នៅថ្ងៃពុធនេះ ខណៈអាជ្ញាធរប្រញាប់ប្រញាល់នាំយកជំនួយទៅដល់អ្នកនៅរស់រានមានជីវិត ដែលប្រឈមនឹងសីតុណ្ហភាពត្រជាក់ និងការព្យាករណ៍ភ្លៀងធ្លាក់ខ្លាំង សម្រាប់ថ្ងៃបន្ទាប់នេះ។ រញ្ជួយដីកម្រិតបឋម ៧,៦ រ៉ិចទ័រ បានវាយប្រហារឧបទ្វីប Noto កាលពីរសៀលថ្ងៃច័ន្ទ បណ្តាលឲ្យលំនៅឋានជាច្រើនខ្នងរងការបំផ្លាញ និងកាត់ផ្តាច់ទៅជាតំបន់ដាច់ស្រយាលពីការផ្តល់ជំនួយដែលត្រូវការច្រើន។ អាជ្ញាធរ និយាយថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍នៅក្នុងតំបន់រងគ្រោះរញ្ជួយដីនៅថ្ងៃពុធនេះ ដែលបង្កើនការព្រួយបារម្ភពីបំណាក់ដី ជាអ្វីដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយសង្គ្រោះមនុស្សជាច្រើនទៀតដែលជាប់នៅក្រោមគំនរបាក់បែក។ ផ្លូវជាច្រើនដែលត្រូវបានកាត់ផ្តាច់ ហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លាញ និងទីតាំងដាច់ស្រយាល នៅតំបន់រងគ្រោះខ្លាំងបំផុត បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញ ហើយទំហំពេញលេញនៃការបំផ្លាញ និងអ្នកស្លាប់ឬរងរបួស នៅតែពុំទាន់ច្បាស់នៅឡើយ រយៈពេលពីរថ្ងៃបន្ទាប់ពីរញ្ជួយដី។ អភិបាលក្រុង លោក Masuhiro Izumiya បាននិយាយថា នៅក្នុងក្រុង Suzu ជាទីប្រជុំជនមានគ្រួសារត្រឹមតែជាង ៥.០០០គ្រួសារ នៅជិតចំណុចកណ្តាលនៃការរញ្ជួយដី អាជ្ញាធរមិនអាចឆ្លើយតបទៅនឹងការហៅទូរស័ព្ទសុំជំនួយចំនួន៧២លើក ។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយនៅថ្ងៃពុធនេះថា វាមានរយៈពេលជាង៤០ម៉ោងហើយចាប់តាំងពីការរញ្ជួយដីដំបូង។ នេះគឺជាពេលធ្វើការដោយមិនឈប់សម្រាក ហើយលោកជឿថា ពេលនេះគឺជាពេលវេលាដ៏សំខាន់នៅក្នុងការជួយសង្គ្រោះ។លោក Kishida និយាយថា រដ្ឋាភិបាលបានបើកផ្លូវសមុទ្រដើម្បីដឹកជញ្ជូនជំនួយ ហើយរថយន្តដឹកទំនិញធំៗមួយចំនួន ពេលនេះអាចទៅដល់តំបន់រងគ្រោះខ្លាំងបំផុត។

អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បដិសេធការពាក់ព័ន្ធក្នុងតួនាទីនៅក្នុង «ការតាំងទីលំនៅថ្មី»របស់ ប្រជាជនហ្កាហ្សា

2024/01/03 02:13:36 pm        173
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្ល៊ែរ (Tony Blair) បានបដិសេធយ៉ាងដាច់អហង្ការនូវរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ដែលភ្ជាប់រូបលោកទៅនឹងកិច្ចពិភាក្សាកាលពីសប្តាហ៍មុនអំពីការតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា នៅក្នុងប្រទេសផ្សេងទៀត។បណ្តាញសារព័ត៌មាន Channel 12 បានអះអាងកាលពីថ្ងៃអាទិត្យថា លោកប្ល៊ែរ ដែលបានចាកចេញពីតំណែង ក្នុងឆ្នាំ ២០០៧ ហើយបានបម្រើការជាបេសកជនមជ្ឈិមបូព៌ា ដែលត្រូវបានចោទប្រកាន់ពីបទ កសាងស្ថាប័នប៉ាឡេស្ទីន បានស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន។បណ្តាញព័ត៌មាននេះ បាននិយាយថា លោកបានជួបជាមួយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គ្រាម លោក Benny Gantz អំពីតួនាទីសម្របសម្រួលមួយ បន្ទាប់ពីសង្គ្រាមជាមួយក្រុមហាម៉ាស។បណ្តាញព័ត៌មានដដែល បានបន្ថែមថា លោកក៏អាចដើរតួជាអ្នកសម្របសម្រួលរវាងរដ្ឋអារ៉ាប់កម្រិតមធ្យមអំពី«ការតាំងទីលំនៅថ្មីដោយស្ម័គ្រចិត្តរបស់ប្រជាជនហ្កាហ្សា។ការបណ្តេញជនស៊ីវិលក្នុងអំឡុងពេលមានជម្លោះ ឬបង្កើតលក្ខខណ្ឌមិនអាចរស់បាន ដែលបង្ខំឲ្យពួកគេចាកចេញ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។វិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរពិភពលោក ( Tony Blair Institute for Global Change ) ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ បាននិយាយថា របាយការណ៍នេះ គឺជា «ការភូតកុហក»។

កម្រិតទឹកកើនឡើងនៅរោងចក្រនុយក្លេអ៊ែរជប៉ុន បន្ទាប់ពីរលកយក្សស៊ូណាមិ កាលពីថ្ងៃច័ន្ទ

2024/01/03 02:04:10 pm        179
ប្រតិបត្តិកររោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងខេត្ត Ishikawa ដែលរងគ្រោះដោយរញ្ជួយដី និយាយថា កម្រិតទឹក បានកើនឡើងប្រហែល ៣ ម៉ែត្រនៅទីតាំងរោងចក្រ បន្ទាប់ពីរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយការរញ្ជួយដីកម្រិត ៧,៦ រិចទ័រ នៅភាគកណ្តាលប្រទេសជប៉ុន។ រោងចក្រ Shika មានទីតាំងនៅតំបន់ Noto របស់ខេត្ត។ ការព្រមានអំពីរលកយក្សស៊ូណាមិដ៏ធំ ត្រូវបានចេញបណ្ដោះអាសន្នសម្រាប់តំបន់នេះ បន្ទាប់ពីការរញ្ជួយដីដែលបានវាយប្រហារ កាលពីថ្ងៃច័ន្ទ។ ក្រោយមកទឹករលក បានទៅដល់ទីតាំងជាច្រើនកន្លែង នៅតាមបណ្តោយឆ្នេរសមុទ្រជប៉ុន។បុគ្គលិកនៅ ក្រុមហ៊ុនថាមពលអគ្គិសនី Hokuriku បានពិនិត្យរង្វាស់កម្រិតទឹកនៅជិតទីតាំងទឹកសមុទ្រចូលមក។ ពួកគេបានរកឃើញថា កម្រិតទឹក មានកម្ពស់ខ្ពស់ជាងធម្មតា ៣ ម៉ែត្រ នៅចន្លោះម៉ោង ៥ និង ៤៥ នាទីល្ងាច និងម៉ោង ៦ ល្ងាច កាលពីថ្ងៃច័ន្ទ។ ទឹកសមុទ្រ ត្រូវបានប្រើជាទឹកដើម្បីធ្វើឲ្យត្រជាក់។ នៅពេលដំបូង អង្គភាពសេវាកម្មសាធារណៈ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃអង្គារថា អង្គភាពពុំបានតាមដានការផ្លាស់ប្តូរកម្រិតទឹកដ៏សំខាន់នោះទេ ខណៈកំពុងត្រួតពិនិត្យការវាស់ស្ទង់។ អង្គភាពសេវាកម្ម បានរកឃើញថា ជញ្ជាំងសមុទ្រកម្ពស់ ៤ ម៉ែត្រ ដែលត្រូវបានដំឡើង ដើម្បីការពារម៉ាស៊ីនរ៉េអាក់ទ័រទី ១ បានផ្អៀងជាច្រើនសង់ទីម៉ែត្រ។ប្រព័ន្ធមួយចំនួន នៅរោងចក្រនេះមិនដំណើរការនោះទេ បន្ទាប់ពីបំពង់ផ្លាស់ប្តូរ ដែលត្រូវបានប្រើសម្រាប់ផ្គត់ផ្គង់អគ្គិសនីខាងក្រៅដល់ម៉ាស៊ីនរ៉េអាក់ទ័រ បានរងការខូចខាតដោយរញ្ជួយដី។ ការបែកធ្លាយនាំឱ្យមានការលេចប្រេង។ ប្រតិបត្តិករ និយាយថា រោងចក្រនេះ កំពុងប្រើប្រាស់មធ្យោបាយផ្សេងទៀត ដើម្បីផ្គត់ផ្គង់ថាមពលដល់ឧបករណ៍សំខាន់នេះ។ អង្គភាពសេវាកម្មសាធារណៈ បាននិយាយថា ការងារស្តារឡើងវិញ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយកំពុងដំណើរការយ៉ាងឆាប់រហ័ស។ ការងារនោះរួមមានការប្រមូលយកមកវិញប្រេងដែលលេចធ្លាយ។ ម៉ាស៊ីនរ៉េអាក់ទ័រ ទី១ និងទី២ នៅរោងចក្រនេះ ត្រូវបានគេបិទនៅក្រៅបណ្តាញជាយូរ មុនពេលរញ្ជួយដី។

ជនអន្តោប្រវេសន៍នៅម៉ិកស៊ិក រង់ចាំទទួលឯកសារធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក

2024/01/03 02:00:36 pm        92
អាជ្ញាធរនៃវិទ្យាស្ថានអន្តោប្រវេសន៍ប្រទេសម៉ិកស៊ិក (INM) បានដឹកជញ្ជូនជនអន្តោប្រវេសន៍រាប់ពាន់នាក់ពីទីក្រុង ម៉ាប៉ាសតេប៉ិក(Mapastepec) ភាគខាងត្បូងទៅកាន់ទីក្រុង ហួយត្លា(Huixtla) ដែលនៅជិតខាង កាលពីថ្ងៃអង្គារ ជាកន្លែងដែលពួកគេនឹងទទួលបានការអនុញ្ញាតធ្វើដំណើរ ដែលនឹងអនុញ្ញាតឱ្យពួកគេទៅដល់ព្រំដែនជាមួយសហរដ្ឋអាមេរិក។លោក លូអ៊ីស ហ្កាសៀ(Luis Garcia) សកម្មជន បាននិយាយថា ការអនុញ្ញាតនេះ នឹងឱ្យជនអន្តោប្រវេសន៍ជិត ៤.០០០នាក់ ធ្វើដំណើរដោយសេរី ឆ្លងកាត់ប្រទេសម៉ិកស៊ិក សម្រាប់រយៈពេលមួយឆ្នាំ។ជនអន្តោប្រវេសន៍ភាគច្រើន ដែលឡើងជិះរថយន្តក្រុង បានចេញដំណើរពីទីក្រុង Tapachula កាលពីថ្ងៃទី ២៤ ខែធ្នូ ក្នុងក្បួនដំណើររៀបចំដោយលោក Garcia ដើម្បីទាមទារការអនុញ្ញាតធ្វើដំណើរពីអាជ្ញាធរប្រទេសម៉ិកស៊ិក។ក្បួនដំណើររបស់ក្រុមចុងក្រោយ នៃក្រុមជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលភាគច្រើនមានកូនតូចៗ កំពុងធ្វើដំណើរយឺតៗឆ្លងកាត់ប្រទេសម៉ិកស៊ិកភាគខាងត្បូង ឆ្ពោះទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។ លោក Lopez Obrador បានប៉ាន់ប្រមាណថា ក្បួនដំណើរនេះ មានប្រជាជនប្រហែល ១.៥០០នាក់ ប៉ុន្តែសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន បានដាក់តួលេខនេះដល់ចំនួន ៧.០០០នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM