សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams

សន្តិសុខ និង សង្គម

ទីក្រុងញូវយ៉ក ស្វែងរកការទប់ស្កាត់រថយន្តក្រុងដឹកជនអន្តោប្រវេសន៍ពីព្រំដែនភាគខាងត្បូង

2023/12/29 01:59:01 pm        97
ទីក្រុងញូវយ៉ក មានចំណាត់ការដើម្បីទប់ស្កាត់គោលនយោបាយរបស់រដ្ឋតិចសាស់ ពីការការដឹកជញ្ជូនជនអន្តោប្រវេសន៍រាប់ពាន់នាក់តាមរថយន្តក្រុង ទៅកាន់ទីក្រុងនេះ ជាផ្នែកមួយនៃការទប់ស្កាត់កាន់តែខ្លាំងឡើងលើការធ្វើអន្តោប្រវេសន៍ ដែលជាបញ្ហាយុទ្ធនាការស្នូលរួចទៅហើយនៅមុនពេលការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។ អភិបាលក្រុង លោក Eric Adams បានចេញបញ្ជាថា រថយន្តក្រុងដឹកជនអន្តោប្រវេសន៍ ពីព្រំដែនភាគខាងត្បូងជាមួយប្រទេសម៉ិកស៊ិក ត្រូវផ្តល់ការជូនដំណឹង ៣២ម៉ោងមុនពេលចូលមកដល់ទីក្រុង ហើយកំណត់ពេលវេលា ដែលសេវាជួលរថយន្តបែបនេះអាចទម្លាក់អ្នកដំណើរចុះបាន។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbot បានជួលរថយន្តដើម្បីដឹកជញ្ជូនជនអន្តោប្រវេសន៍ទើប មកដល់ថ្មីពីព្រំដែនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីតវ៉ាចំពោះអ្វីដែលលោកអះអាងថា គឺជាការបរាជ័យរបស់រដ្ឋាភិបាលប្រទេស ក្នុងការប្រឈមមុខទៅនឹងលំហូរជនអន្តោប្រវេសន៍។ ចំណាត់ការរបស់ទីក្រុងញូវយ៉ក ដែលបានចេញកាលពីល្ងាចថ្ងៃពុធ បានធ្វើឡើងបន្ទាប់ពីលោក Adams បានជួបជាមួយអភិបាលក្រុងឈីកាហ្គោ(Chicago) និងដេនវ័រ(Denver) សមាជិកគណបក្សប្រជាធិបតេយ្យ ដែលទីក្រុងទាំងពីរនេះជាគោលដៅពេញនិយម សម្រាប់ជនអន្តោប្រវេសន៍ ដែលទើបនឹងមកដល់។ ពួកគេបានអំពាវនាវឱ្យមានចំណាត់ការកាន់តែខ្លាំងពីអាជ្ញាធរប្រទេស ដែលលោក Adams បាននិយាយវាយប្រហារម្តងហើយម្តងទៀតចំពោះភាពអសកម្ម។ លោក Adams និយាយថា កាលពីសប្តាហ៍មុន រថយន្តក្រុងដែលត្រូវបានជួលចំនួន ១៤គ្រឿង ដឹកជនអន្តោប្រវេសន៍ បានមកដល់ទីក្រុងញូវយ៉ក កាលពីពេលយប់ មកពីរដ្ឋតិចសាស់ ជាចំនួនច្រើនបំផុត ក្នុងរយៈពេលតែមួយយប់។

ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »

2023/12/29 01:33:01 pm        33436
ក្រុមក្មេងទំនើងចំនួន០៤នាក់ ដែលបានប្រើប្រាស់ហិង្សាប្រើដាវ និងពូថៅ បង្កហិង្សាកាប់​ប្រហារ​ដល់​ជនរង​គ្រោះ​ជាច្រើននាក់ នៅក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នំពេញ ត្រូវបានលោក សំម រិទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ចំនួន​០២​បទ​ល្មើស និងបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរតាមនីតិវិធីច្បាប់បន្ត ។ ជនទាំង០៤នាក់ ត្រូវចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ » និងបទ « ប៉ុនប៉ងឃាតកម្ម​ » តាមមាត្រា​ ២១៨​ , មាត្រា​ ២៧​ និងមាត្រា​១៩៩​ នៃក្រមព្រហ្មទណ្ឌ​ ។ ជនជាប់ចោទទាំង០៤នាក់មានឈ្មោះ ទី១៖ ហឿន ប៊ុនលាភ ភេទប្រុស អាយុ ១៨ឆ្នាំ មាន​ទីលំ​នៅ​ផ្ទះ​ជួលគ្មានលេខ ផ្លូវលំ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ សិស្ស។ ទី២ឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ​ស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣ ឈ្មោះ ធី ម៉ា ហៅ ឡា ភេទប្រុស អាយុ​១៨​ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌ​ច្បារ​អំពៅ និងទី៤ ឈ្មោះ នូ សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមមៀន សង្កាត់​ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស ។ គួររំលឹកថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និង​កម្លាំង​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល កាលពីថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​បន្តបន្ទាប់ ០៤ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យក​ដាវ​ចំនួន ០៣ ដើម និងពូថៅ ចំនួន ០១ដើម ព្រួតគ្នាកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួស) ចំនួន ០២ ករណី ។  ករណីទី១. ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវចំនួន ០៣ ដើម និងពូថៅ ចំនួន ០១ដើម ព្រួតគ្នា​កាប់​លើ​ជនរង​គ្រោះប​ណ្តាល​ឲ្យ​ត្រូវ​ថ្ពាល់​ខាង​ឆ្វេង​រយៈ​ពីគុម្ព​ត្រចៀក​ដល់​ចុង​រង្វះ​មាត់​ ,ត្រូវកំភួនជើងស្តាំដាច់រយៈដល់ឆ្អឹង រងរបួសជាទម្ងន់សន្លប់បាត់ស្មារតី) កើតហេតុ​នៅ​ចំណុច​មាត់​ទន្លេ ផ្លូវទន្លេសាប ក្រុម៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ១៥ នាទី ។ ករណីទី២ កើតឡើងនៅចំណុចផ្លូវលេខ២១ កែងផ្លូវលេខ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ៤០ នាទី ៕ តារាវុទ្ធី

អាមេរិកដាក់ទណ្ឌកម្មបន្ថែម លើបណ្តាញផ្តល់ប្រាក់កម្ចី ទាក់ទងនឹងក្រុមឧទ្ទាមហ៊ួទី នៅយេម៉ែន

2023/12/29 12:11:26 pm        104
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើអង្គភាពសេវាកម្មប្តូរប្រាក់ ពីប្រទេសយេម៉ែន និងទួរគី ដែលត្រូវបានចោទប្រកាន់ថា បានជួយផ្តល់មូលនិធិដល់ក្រុមឧទ្ទាមហ៊ួទី គាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបាននិងកំពុងបើកការវាយប្រហារលើនាវាដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហមភាគខាងត្បូង។ដោយត្រូវបានរួមបញ្ចូលនៅក្នុងការដាក់ទណ្ឌកម្ម មានប្រធានអន្តរការីហិរញ្ញវត្ថុ នៅទីក្រុងសាណា( Sana'a) ប្រទេសយេម៉ែន រួមជាមួយនឹងទីតាំងប្តូរប្រាក់ចំនួនបីកន្លែងនៅប្រទេសយេម៉ែន និងទួរគី។ រតនាគារសហរដ្ឋអាមេរិក បានចោទប្រកាន់ថា បុគ្គលនិងក្រុមហ៊ុនជាច្រើន បានជួយផ្ទេរប្រាក់រាប់លានដុល្លារទៅឱ្យក្រុមហ៊ួទី តាមការណែនាំរបស់អ្នកសម្របសម្រួលហិរញ្ញវត្ថុអ៊ីរ៉ង់ដែលត្រូវបានដាក់ទណ្ឌកម្ម លោក Sa'id al-Jamal ។ ការដាក់ទណ្ឌកម្មនេះ រារាំងការចូលទៅប្រើប្រាស់ទ្រព្យធន និងគណនីធនាគារ របស់សហរដ្ឋអាមេរិក និងរារាំងបុគ្គល និងក្រុមហ៊ុនគោលដៅ មិនឱ្យធ្វើពាណិជ្ជកម្មជាមួយពលរដ្ឋអាមេរិក។ ចំណាត់ការកាលពីថ្ងៃព្រហស្បតិ៍ គឺជាជុំចុងក្រោយនៃទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ដែលមានបំណងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ួទី។ កាលពីដើមខែនេះ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងបុគ្គល និងក្រុមហ៊ុនចំនួន ១៣ ដែលត្រូវបានចោទប្រកាន់ថា កំពុងផ្តល់ប្រាក់រាប់សិបលានដុល្លារពីការលក់ និងដឹកជញ្ជូនទំនិញរបស់ប្រទេសអ៊ីរ៉ង់ទៅឱ្យក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន។ លោក Brian E Nelson អនុរដ្ឋមន្ត្រីរតនាគារសម្រាប់ការស៊ើបអង្កេតភេរវកម្ម និងហិរញ្ញវត្ថុ បាននិយាយថា ចំណាត់ការកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ដំណោះស្រាយរបស់យើងក្នុងការរឹតបន្តឹងលំហូរសាច់ប្រាក់ខុសច្បាប់ទៅកាន់ក្រុមហ៊ួទី ដែលបន្តវាយប្រហារដ៏គ្រោះថ្នាក់លើការដឹកជញ្ជូនអន្តរជាតិ និងហានិភ័យធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។លោក Nelson និយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងបន្តកំណត់គោលដៅ បណ្តាញសម្របសម្រួលសំខាន់ៗ ដែលផ្តល់លទ្ធភាពបង្កសកម្មភាពអស្ថិរភាពរបស់ក្រុមឧទ្ទាមហ៊ួទី និងអ្នកគាំទ្ររបស់ក្រុមនេះ នៅក្នុងប្រទេសអ៊ីរ៉ង់។

កងទ័ពអ៊ីស្រាអែល សម្តែងការសោកស្ដាយចំពោះការវាយប្រហារតាមអាកាសលើជំរំជនភៀសខ្លួនហ្កាហ្សា

2023/12/29 12:02:59 pm        178
កងទ័ពអ៊ីស្រាអែល បានសម្តែងការសោកស្តាយចំពោះ «គ្រោះថ្នាក់ដល់បុគ្គលដែលមិនពាក់ព័ន្ធ» ដែល បណ្តាលមកពីការវាយប្រហារនាពេលថ្មីៗនេះ លើជំរុំជនភៀសខ្លួន al-Maghazi នៅតំបន់ហ្សាស្ទ្រីបភាគ កណ្តាល។ ការវាយប្រហារកាលពីថ្ងៃទី២៤ ខែធ្នូ លើជំរំជនភៀសខ្លួនក្នុងទីក្រុង បានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានដាក់ចំនួនអ្នកស្លាប់ច្រើនជាង ៧០ នាក់ ដោយមានកុមារក្នុងចំណោមជនរងគ្រោះ។ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា មនុស្ស ៨៦ នាក់ ត្រូវបានសម្លាប់។យោងតាមអង្គការសហប្រជាជាតិ មានមនុស្សជាង ៣៣.០០០នាក់រស់នៅ ក្នុងជំរំ al-Maghasi ដែលមាន ផ្ទៃដី 0,៦ គីឡូម៉ែត្រការ៉េ។អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំងបានវាយប្រហារគោលដៅចំនួនពីរ ដែលនៅជាប់នឹងទីតាំងប្រតិបត្តិការរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី ២៤ ខែធ្នូ។លោកបានបន្តថា៖«មុនពេល ការវាយប្រហារ ត្រូវបានធ្វើឡើង វិធានការនានា ត្រូវបានចាត់ដោយកងកម្លាំងការពារអ៊ីស្រាអែល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល ដែលមិនមានការពាក់ព័ន្ធ នៅក្នុងតំបន់នោះ»។«ការស៊ើបអង្កេតបឋម បានបង្ហាញថា អគារបន្ថែមដែលមានទីតាំងនៅជិតគោលដៅក៏ត្រូវបានវាយប្រហារផងដែរ ក្នុងអំឡុងពេលវាយប្រហារនោះដែរ ដែលទំនងជាបណ្តាលឲ្យមានគ្រោះថ្នាក់ដោយអចេតនាដល់ជនស៊ីវិលដែលមិនមានការពាក់ព័ន្ធបន្ថែមទៀត»។

អ៊ីស្រាអែលព្រមានលីបង់ថា ពេលវេលាសម្រាប់ដំណោះស្រាយការទូត ជិតអស់ហើយ

2023/12/29 11:09:35 am        107
អ៊ីស្រាអែល បានព្រមានប្រទេសលីបង់ថា ពេលវេលាសម្រាប់«ដំណោះស្រាយការទូត»ជុំវិញការវាយប្រហារម្តងហើយម្តងទៀតពីក្រុមហេសបូឡា (Hezbollah) នៅតាមបណ្តោយព្រំដែនភាគខាងជើងរបស់ខ្លួន «ជិតអស់ហើយ»។លោក Benny Gantz ដែលជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងពេញចិត្តក្នុងការឡើងកាន់តំណែងពីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានថ្លែងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងធ្វើអន្តរាគមន៍ ក្នុងពេលឆាប់ៗនេះ ប្រសិនបើអាជ្ញាធរលីបង់ មិនធ្វើសកម្មភាព ដើម្បីបញ្ឈប់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ពីការបាញ់ឆ្លងកាត់ព្រំដែនទេ។ការព្រមាន បានកើតឡើង នៅពេលដែលភាគខាងជើងនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ បានឃើញការបាញ់រ៉ុក្កែតដ៏អាក្រក់បំផុតពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីការប្រយុទ្ធគ្នាឆ្លងព្រំដែនបានផ្ទុះឡើងនៅទីនោះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា។លោក Gantz បានប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃពុធថា៖«ស្ថានភាពនៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ទាមទារឲ្យមានការផ្លាស់ប្តូរ»។«ពេលវេលាសម្រាប់ដំណោះស្រាយការទូត គឺជិតអស់ហើយ ប្រសិនបើពិភពលោក និងរដ្ឋាភិបាលលីបង់មិនធ្វើសកម្មភាព ដើម្បីការពារការបាញ់ប្រហារលើអ្នកស្រុកភាគខាងជើងរបស់អ៊ីស្រាអែល និងធ្វើយ៉ាងណាឲ្យក្រុមហេសបូឡានៅឲ្យពីព្រំដែននោះទេ កងកម្លាំងការពារអ៊ីស្រាអែល នឹងចាត់វិធានការ»។

ជំងឺគ្រុនឈាមបានឆក់យកជីវិតមនុស្សជាង ១.៧០០នាក់ នៅប្រទេសបង់ក្លាដែស ក្នុងឆ្នាំ២០២៣នេះ

2023/12/29 11:03:26 am        113
ជំងឺគ្រុនឈាមដែលឆ្លងតាមរយៈមូសខ្លាបានឆក់យកជីវិតមនុស្សជាង ១.៧០០នាក់ និងចម្លងដល់មនុស្សជាង ៣០ម៉ឺននាក់ មកទល់ពេលនេះនៅទូទាំងប្រទេសបង់ក្លាដែស។ យោងតាមតួលេខផ្លូវការបានឲ្យដឹងថា ក្នុងចំណោមតួលេខសរុបនេះ មនុស្សចំនួន ១៦៨នាក់ ជាកុមារអាយុចន្លោះពី ០ឆ្នាំ (មិនទាន់គ្រប់មួយឆ្នាំ) ទៅ ១៥ឆ្នាំ។យោងតាមស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានសេវាសុខភាព (DGHS) បានឲ្យដឹងថា អត្រាពិតប្រាកដនៃជំងឺគ្រុនឈាមបានឈានដល់ស្ថានភាពគួរឱ្យព្រួយបារម្ភនៅឆ្នាំនេះ ដោយមានជំងឺចំនួនសរុប ៣២០.៩៤៥ករណី និងមានអ្នកស្លាប់ចំនួន ១.៧០១នាក់ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ។ ទិន្នន័យបានបង្ហាញថាការស្លាប់ដោយសារជំងឺគ្រុនឈាមឆ្នាំនេះរួមបញ្ចូលតួលេខ ៧៩ករណីនៅក្នុងខែធ្នូ ហើយចំនួន ២៧៤ករណីនៅក្នុងខែវិច្ឆិកា និង៣៥៩ករណីនៅក្នុងខែតុលា។ប្រទេសបង់ក្លាដែស បានជួបប្រទះនឹងការរីករាលដាលនៃជំងឺគ្រុនឈាមខ្ពស់បំផុតនៅក្នុងខែកញ្ញា ដោយមានការឆ្លងថ្មីចំនួន ៧៩.៥៩៨ករណី និងការស្លាប់ចំនួន ៣៩៦ករណីត្រូវបានរាយការណ៍។ មេរោគឆ្លងមួយនេះគឺចម្លងទៅមនុស្សនៅពេលត្រូវបានមូសខ្លាដែលមានមេរោគខាំ ប៉ុន្តែមិនមានការព្យាបាលសម្រាប់ការឆ្លងនោះទេ៕

អេហ្ស៊ីបបញ្ជាក់ថា ខ្លួនកំពុងរង់ចាំការឆ្លើយតបលើផែនការបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា

2023/12/29 10:48:10 am        118
ប្រទេសអេហ្ស៊ីប បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់ចេញនូវសំណើក្របខ័ណ្ឌមួយ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលរួមមានបីដំណាក់កាលដែលបញ្ចប់ដោយបទឈប់បាញ់ ហើយបាននិយាយថា ខ្លួនកំពុងរង់ចាំការឆ្លើយតបលើផែនការនេះ។លោក Diaa Rashwan ប្រធានផ្នែកសេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អេហ្ស៊ីប នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីផែនការនេះ នៅពេលដែលការឆ្លើយតបទាំងនោះ ត្រូវបានទទួល។លោក បានបន្តថា សំណើនេះ គឺជាការតស៊ូពុះពារមួយ «ដើម្បីនាំយកទស្សនៈរវាងភាគីពាក់ព័ន្ធទាំងអស់ឲ្យ កាន់តែជិតស្និទ្ធគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការបង្ហូរឈាមរបស់ប៉ាឡេស្ទីន និងការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សាស្ទ្រីប និងការស្តារសន្តិភាព និងស្ថិរភាព ក្នុងតំបន់»។ប្រភពសន្តិសុខអេហ្ស៊ីប ធ្លាប់បាននិយាយថា សំណើនេះរួមមានបទឈប់បាញ់ច្រើនដំណាក់កាល ដែលពាក់ព័ន្ធនឹងការដោះលែងអ្នកទោសដោយអ៊ីស្រាអែល និងក្រុមហាម៉ាស។ ប្រភពអេហ្ស៊ីបមួយ បាននិយាយថា គំនិតនៃការគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាម ក៏ត្រូវបានលើកឡើងដែរ។

ការកាត់ផ្តាច់ថាមពលច្រឡំ បណ្ដាលឲ្យធ្លាក់យន្តហោះនេប៉ាល់ស្លាប់មនុស្ស៧២នាក់

2023/12/29 10:41:12 am        137
យោងតាមតាមរបាយការណ៍ដែលចេញផ្សាយដោយគណៈកម្មការស៊ើបអង្កេត ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ បានឲ្យដឹងថា ការធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines នៅប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្ស ៧២នាក់ស្លាប់ កាលពីជិតមួយឆ្នាំមុន គឺបណ្តាលមកពីអកាសយានិកផ្តាច់ថាមពលអគ្គិសនីច្រឡំ ដែលនាំទៅដល់ការជាប់គាំងថាមពលខ្យល់។ យន្តហោះ ATR 72 ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ជាកម្មសិទ្ធិឯកជន បានធ្លាក់ មុនពេលចុះចតនៅទីក្រុងទេសចរណ៍ Pokhara កាលពីថ្ងៃទី ១៥ ខែមករា។ មានមនុស្ស ៧២ នាក់នៅលើយន្តហោះម៉ាស៊ីនភ្លោះ រួមមានទាំងទារក២នាក់ បុគ្គលិកអាកាសយានិក៤នាក់ និងជនបរទេស ១៥នាក់ ហើយគ្មានអ្នកនៅរស់រានមានជីវិតនោះទេ។ លោក ឌីប៉ាក ប្រាសាដ បាស្តូឡា(Dipak Prasad Bastola) វិស្វករគ្រប់គ្រងប្រព័ន្ធអាកាសយាន និងជាសមាជិកនៃគណៈកម្មការស៊ើបអង្កេត បាននិយាយថា ដោយសារតែខ្វះការយល់ដឹង និងខ្វះផែនការប្រតិបត្តិការស្តង់ដា អាកាសយានិកបានដាក់ប្រព័ន្ធគ្រប់គ្រងតុល្យភាពដែលគ្រប់គ្រងកម្លាំងនៅក្នុងទីតាំងស្លាបហោះផ្ទុយពីការទប់លំនឹង។ លោក Bastola បានប្រាប់សារព័ត៌មានរ៉យទ័រថា ការធ្វើបែបនេះ នាំឱ្យម៉ាស៊ីនយន្តហោះមិនដំណើរការ និងមិនបង្កើតកម្លាំងជំរុញ។ វាគឺជាការធ្លាក់យន្តហោះមានមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសនេប៉ាល់ ចាប់តាំងពីឆ្នាំ ១៩៩២ នៅពេលដែលយន្តហោះ Airbus A300 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានធ្លាក់ចូលទៅក្នុងភ្នំមួយ នៅជិតទីក្រុង Kathmandu បណ្តាលឲ្យមនុស្សទាំងអស់១៦៧នៅលើយន្តហោះស្លាប់។ មនុស្សជិត៣៥០ នាក់បានស្លាប់ចាប់តាំងពីឆ្នាំ ២០០០ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ឬឧទ្ធម្ភាគចក្រនៅប្រទេសនេប៉ាល់ ជាប្រទេសមានភ្នំខ្ពស់បំផុតចំនួន ៨ ក្នុងចំណោមភ្នំខ្ពស់បំផុតទាំង១៤ របស់ពិភពលោក រួមមានភ្នំអេវឺរ៉េស ជាកន្លែងដែលមានបម្រែបម្រួលអាកាសធាតុភ្លាមៗ អាចបណ្តាលឱ្យមានស្ថានភាពគ្រោះថ្នាក់។ សហភាពអឺរ៉ុប បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ពីដែនអាកាសរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៣ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។

ចិនជំរុញប្រជាជនខ្លួនឱ្យចាកចេញពីតំបន់ខាងជើងមីយ៉ាន់ម៉ា ស្របពេលមានភាពចលាចល

2023/12/29 10:27:26 am        113
ស្ថានទូតចិន ប្រចាំសហភាពមីយ៉ាន់ម៉ា បានជំរុញជនជាតិរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (២៩ ធ្នូ) ឱ្យចាកចេញពីតំបន់ ឡោកខៃ (Laukkai) ក្នុងតំបន់ កូកាង (Kokang) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលើកឡើងពីហានិភ័យផ្នែកសន្តិសុខដែលកំពុងកើនឡើង។ យោធាមីយ៉ាន់ម៉ា បាននិងកំពុងប្រយុទ្ធនឹងការវាយប្រហារដោយក្រុមឧទ្ទាមដែលបានសម្របសម្រួលនៅភាគខាងជើងក្នុងការប្រកួតប្រជែងសមរភូមិដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលធ្វើឱ្យប្រទេសចិន ជាអ្នកជិតខាងមានការព្រួយបារម្ភយ៉ាងខ្លាំង។អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា «ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ស្វ័យគ្រប់គ្រង កូកាង (Kokang) របស់មីយ៉ាន់ម៉ា គឺមានភាពធ្ងន់ធ្ងរ និងស្មុគស្មាញយ៉ាងខ្លាំង»។ លោកស្រីបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានធានាសុវត្ថិភាពរបស់បុគ្គលិកជនជាតិចិន។កាលពីដើមខែនេះ ប្រទេសចិន បានសម្រុះសម្រួលកិច្ចចរចាសន្តិភាពរវាងយោធា ដែលកំពុងកាន់អំណាច និងក្រុមឧទ្ទាមរបស់ប្រទេសមីយ៉ាន់ម៉ា ហើយភាគីជម្លោះទាំងនេះបានព្រមព្រៀងលើបទឈប់បាញ់បណ្តោះអាសន្ន និងរក្សាការសន្ទនា។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធក្រុមបះបោរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកម្ចាត់នូវអ្វីដែលខ្លួនហៅថា «របបផ្តាច់ការ» របស់មីយ៉ាន់ម៉ា ហើយមិនបាននិយាយអំពីការចរចាសន្តិភាព ឬបទឈប់បាញ់នោះទេ៕

ទាហានអ៊ីស្រាអែល បានសម្លាប់ចំណាប់ថ្នូរព្រោះច្រឡំ ការស្រែករកជំនួយរបស់ពួកគេថា ជាការលបវាយឆ្មក់

2023/12/29 10:23:05 am        148
ទាហានអ៊ីស្រាអែល បានសម្លាប់ចំណាប់ថ្នូរអ៊ីស្រាអែលចំនួនបីនាក់ នៅហ្កាហ្សាកាលពីថ្ងៃទី១៥ ខែធ្នូ នៅពេលដែលយល់ច្រឡំការស្រែករកជំនួយរបស់អ្នកទាំងនោះថា ជាការបញ្ឆោតដោយពួកសកម្មប្រយុទ្ធហាម៉ាស ដើម្បីទាក់ទាញពួកគេឱ្យចូលទៅក្នុងការវាយឆ្មក់មួយ នេះបើយោងតាមយោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) ដោយសន្និដ្ឋានថាក្រុមទាហានបានធ្វើសកម្មភាពត្រឹមត្រូវតាមការយល់ដឹងរបស់ពួកគេ។កាលពីថ្ងៃទី១៥ ខែធ្នូ យោធាអ៊ីស្រាអែលបានចេញមុខទទួលខុសត្រូវភ្លាមៗចំពោះការសម្លាប់ចំណាប់ថ្នូរចំនួនបីនាក់ ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស លើទីក្រុងនានានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ ចំណាប់ថ្នូរបីនាក់ដែលត្រូវបានសម្លាប់នោះស្ថិតក្នុងចំណោមមនុស្ស ២៤០នាក់ ដែលក្រុមប៉ាឡេស្ទីនមួយនេះចាប់ជាចំណាប់ថ្នូរ។យោធាអ៊ីស្រាអែលបានចេញផ្សាយការរកឃើញរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយបានសន្និដ្ឋានថា «មិនមានអំពើឃោរឃៅនៅក្នុងព្រឹត្តិការណ៍នេះទេ ហើយទាហានបានអនុវត្តសកម្មភាពត្រឹមត្រូវតាមការយល់ដឹងរបស់ពួកគេអំពីព្រឹត្តិការណ៍នៅពេលនោះ»។ការស៊ើបអង្កេតបានរកឃើញថា ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាច្រើនថ្ងៃ មិនមានការស៊ើបការណ៍សម្ងាត់ណាមួយដែលបង្ហាញថាចំណាប់ថ្នូរទាំងនោះត្រូវបានឃុំខ្លួននៅក្នុងអគារដែលកងទ័ពជួបប្រទះនឹងការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរនោះទេ។ យោធាបាននិយាយថា វីដេអូបានបង្ហាញពីចំណាប់ថ្នូរបានដោះអាវរបស់ពួកគេ ហើយម្នាក់ក្នុងចំណោមនោះបានគ្រវីទង់ពណ៌ស ប៉ុន្តែពួកគេត្រូវបានគេកំណត់អត្តសញ្ញាណថាជាចំណាប់ថ្នូរ បន្ទាប់ពីសាកសពត្រូវបានពិនិត្យប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពរបស់ប្រទេសឆាដ និយាយថាកងកម្លាំងរបស់ខ្លួន២៣នាក់ស្លាប់ក្នុងការវាយប្រហារពីក្រុមបូកូ ហារ៉ាម
05/06/2026 12:05 PM
ការស្ទង់មតិបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនប្រឆាំងការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់
05/06/2026 12:05 PM
អាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-លីបង់ អាចឈានដល់បាន ប៉ុន្តែក្រុមហេសបូឡាគឺជាបញ្ហា
05/06/2026 12:05 PM
អគ្គិភ័យដ៏ធំមួយនៅផ្សារទំនើបប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស
05/06/2026 12:05 PM
ចិនទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក Trump
05/06/2026 12:05 PM
ពលរដ្ឋប៉ាឡេស្ទីនក្នុងដែនដីហ្កាហ្សានៅតែបន្តស្លាប់ ខណៈអ៊ីស្រាអែលវាយប្រហារឥតឈប់ទោះមានបទឈប់បាញ់
05/06/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ
05/06/2026 12:05 PM
សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ
05/06/2026 11:05 AM
ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា
05/06/2026 11:05 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី
05/06/2026 11:05 AM