សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ត្រូវបានទម្លាក់ចោលនៅមជ្ឈមណ្ឌលឆ្លងកាត់រដ្ឋកាលីហ្វ័រនីញ៉ា បន្ទាប់ពីឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក

2023/09/22 09:21:17 am        212
អាមេរិក៖ យោងតាមអង្គការផ្ដល់ជំនួយ ជនអន្តោប្រវេសន៍ជាង៣.០០០នាក់ ត្រូវបានទម្លាក់ចោលកាលពីសប្ដាហ៍មុន នៅមជ្ឈមណ្ឌលឆ្លងកាត់ នៅទីក្រុង San Diego រដ្ឋ California បន្ទាប់ពីពួកគេបានឆ្លងព្រំដែនអាមេរិក-ម៉ិកស៊ិក ។ក្រុមទីភ្នាក់ងារល្បាតព្រំដែនអាមេរិក កំពុងធ្វើការលើកិច្ចការជនអន្តោប្រវេសន៍មកពីជុំវិញពិភពលោក ដែលកំពុងរង់ចាំនៅចន្លោះរបងដែកព្រំដែនរវាងប្រទេសទាំង២នៅព្រំដែនភាគខាងត្បូង ជាការកើនឡើងយ៉ាងច្រើនៃចំនួនជនអន្តោប្រវេសន៍ដ៏ធំ ដែលបានប្រមូលផ្ដុំគ្នានៅទីនោះកាលពីខែឧសភា។ លោក ស៊ឺជីអូ ម៉ូជីកា (Sergio Mogica) បានធ្វើដំណើរមកពីប្រទេសប្រេស៊ីល និងបានផ្លោះរបងព្រំដែន កាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញា ជាមួយមនុស្សប្រហែល៣០០នាក់ផ្សេងទៀត ។ លោក ត្រូវបានផ្ដល់កាលបរិច្ឆេទនៅតុលាការសម្រាប់ការដាក់លិខិតស្នើសុំសិទ្ធិជ្រកកោន នៅខែតុលាឆ្នាំ២០២៥ ។ជាមួយគ្នានេះដែរ លោក គ្រោងធ្វើដំណើរទៅកាន់រដ្ឋ Oklahoma ជាទីដែលគ្រួសាររបស់លោករស់នៅទីនោះ។ លោកថា នេះជារឿងល្អណាស់ ។លោកមិនធ្លាប់បានមកដល់ទីនេះទេ។ លោកមានក្ដីស្រម៉ៃចង់មកកាន់ទីនេះ។ លោកមិនដែលគិតទេថាលោកបានមកដល់ទីនេះ ប៉ុន្តែលោកបានសម្រេចចិត្តមកកាន់ទីនេះ ព្រោះលោកមានបញ្ហាសេដ្ឋកិច្ចតិចតួចនៅក្នុងប្រទេសរបស់លោក ហេតុនេះ ទើបលោកព្យាយាម ថាតើលោកអាចមកកាន់ទីនេះនិងធ្វើអ្វីមួយនៅទីនេះ បានដែរឬអត់៕

ក្រុមហ៊ូធីយ៉េម៉ែនបង្ហាញសាច់ដុំយោធាក្នុងព្យុហយាត្រា ខណៈដែលទីក្រុងរីយ៉ាដស្វះស្វែងរកបទឈប់បាញ់

2023/09/22 09:18:44 am        173
យ៉េម៉ែន៖ ចលនាហ៊ូធី ( Houthi) នៅប្រទេសយ៉េម៉ែន បានបង្ហាញមីស៊ី និងយានដ្រូនប្រដាប់អាវុធ នៅក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំមួយក្នុងទីក្រុងសាណា(Sanaa) កាលពីថ្ងៃព្រហស្បតិ៍ ដែលជាសារមួយទៅកាន់សត្រូវរបស់ពួកគេ នៅក្នុងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលពួកគេបន្តការចរចាបទឈប់បាញ់ជាមួយទីក្រុងរីយ៉ាដ (Riyadh) ។ប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ហ៊ូធីរបស់ប្រទេសយ៉េម៉ែន លោក ម៉ាឌី អាល់ ម៉ាសហាត (Mahdi al-Mashat) និងមន្ត្រីផ្សេងទៀត បានឃ្លាំមើល នៅពេលដែលរថយន្តដឹកទំនិញធុនធ្ងន់រាប់សិបគ្រឿង បានដឹកមីស៊ីលតម្រង់គោលដៅ និងយានដ្រូនប្រដាប់អាវុធរយៈចម្ងាយឆ្ងាយ។ទាហានរាប់ពាន់នាក់ បានដើរក្បួន ក្រោមពន្លឺថ្ងៃកកតៅខ្លាំង ខណៈដែលក្រុមមន្ត្រីពាក់ទង់ជាតិយ៉េម៉ែនជាខ្សែក្រវាត់ គ្រវីដៃដាក់ក្រុមអ្នករាំប្រពៃណីចេញពីវេទិកានោះ។ក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានវាយប្រហារសម្រុកចូលទៅក្នុងរដ្ឋធានី និងភាគច្រើននៃប្រទេសយ៉េម៉ែនភាគខាងជើង នៅក្នុងឆ្នាំ ២០១៤ នៅពេលដែលពួកគេ បានបណ្តេញរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិពីអំណាច។អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បានធ្វើអន្តរាគមន៍ក្នុងសង្រ្គាមក្នុងឆ្នាំ ២០១៥ ដើម្បីព្យាយាមស្ដាររដ្ឋាភិបាលឡើងវិញ ប៉ុន្តែជម្លោះនេះ បានអូសបន្លាយយ៉ាងយូរ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើ ឲ្យមនុស្សរាប់លាននាក់ ពឹងផ្អែកលើជំនួយមនុស្សធម៌៕

អាមេនី និងអាស៊ែរបៃហ្សង់ចោទដាក់គ្នាពីបញ្ហានៅតំបន់ការ៉ាបាក់ ខណៈក្រុមប្រឹក្សាសន្តិសុខUNទាមទារសន្តិភាព

2023/09/22 08:39:50 am        183
អាមេនី៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានសហរដ្ឋអាមេរិក ទួរគី រុស្ស៊ី និងអាល្លឺម៉ង់ បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) សម្រាប់សន្តិភាពនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលជាតំបន់បំបែកខ្លួនរបស់អាមេនីនៅក្នុងប្រទេសអាស៊ែរបៃហ្សង់ ជាទីដែលរដ្ឋធានីបាគូ បានបើកការវាយលុកក្នុងសប្តាហ៍នេះ។រដ្ឋមន្ត្រីការបរទេសអាមេនី លោក អារ៉ារ៉ាត់ មឺហ្ស៊ូយ៉ាន (Ararat Mirzoyan) បាននិយាយថា រដ្ឋធានីបាគូ ទំនងជានឹងបន្តប្រើកម្លាំងប្រឆាំងនឹងជនស៊ីវិលនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ម្តងទៀត លុះត្រាតែមានការរារាំងដោយមហាអំណាចពិភពលោក។ សមភាគីអាស៊ែបៃហ្សង់របស់លោក មឺហ្ស៊ូយ៉ាន គឺលោករដ្ឋមន្ត្រីការបរទេស Jeyhun Bayramov ដែលចោទប្រកាន់រដ្ឋធានីយេរ៉េវ៉ាន់ ពីការផ្សព្វផ្សាយព័ត៌មានមិនពិត បាននិយាយថា រដ្ឋធានីបាគូបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងនឹងកងកម្លាំងរបស់រដ្ឋធានីយេរ៉េវ៉ាន់ តែប៉ុណ្ណោះ។គួរបញ្ជាក់ផងដែរថា តំបន់ ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃប្រទេសអាស៊ែរបៃហ្សង់ ប៉ុន្តែបានទទួលឯករាជ្យភាពជាក់ស្តែង ចាប់តាំងពីផ្តាច់ខ្លួននៅក្នុងសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៩០មក នៅពេលដែលសហភាពសូវៀតបនាដួលរលំ។ អាស៊ែរបៃហ្សង់បានបើកការវាយលុកយោធាដើម្បីដណ្តើមបានការគ្រប់គ្រងឡើងវិញលើទីក្រុង ការ៉ាបាក់ នេះកាលពីថ្ងៃទី១៩ ខែកញ្ញា រយៈពេលមួយថ្ងៃបន្ទាប់ពីជំនួយមនុស្សធម៌ត្រូវបានបញ្ជូនទៅតំបន់នេះជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ៕

ឥណ្ឌាបញ្ឈប់ការផ្ដល់ទិដ្ឋាការថ្មីសម្រាប់ជនជាតិកាណាដា ដោយស្នើទីក្រុងអូតាវ៉ា កាត់បន្ថយបេសកកម្មការទូតខណៈភាពតានតឹងកាន់តែខ្លាំង

2023/09/22 08:36:29 am        210
ឥណ្ឌា៖ ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ បានផ្អាកការផ្ដល់ទិដ្ឋាការឆ្លងដែនថ្មីសម្រាប់ពលរដ្ឋកាណាដា និងបានស្នើឲ្យទីក្រុងអូតាវ៉ា (Ottawa) កាត់បន្ថយវត្តមានអ្នកការទូតរបស់ខ្លួននៅក្នុងប្រទេសនេះ ជាការកើនឡើងកម្ដៅខ្លាំងថ្មី កើតចេញពីការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) ពាក់ព័ន្ធទៅនឹងទីក្រុង New Delhi ចំពោះឃាតកម្មរបស់មេដឹកនាំក្រុមផ្ដាច់ខ្លួនកាន់សាសនាស៊ីគ។ ក្រសួងការបរទេសឥណ្ឌា បាននិយាយថា កាណាដា ពុំបានចែករំម្លែកព័ត៌មានជាក់លាក់ណាមួយជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពី សំណាក់លោកទ្រូដូ នោះទេ ហើយថា ទីក្រុង New Delhi មានឆន្ទៈទទួល ប្រសិនបើត្រូវបានផ្ដល់ឲ្យនោះ ។ការផ្អាកដ៏ធំនៃទិដ្ឋាការឆ្លងដែនថ្មីធ្វើឡើងដោយប្រទេសឥណ្ឌា សម្រាប់ប្រទេសលោកខាងលិចមួយនេះ ពុំធ្លាប់បានកើតឡើងទេ និងធ្វើឲ្យទំនាក់ទំនងឥណ្ឌា -កាណាដា ធ្លាក់ដល់ចំណុចទាបបំផុត។សេចក្ដីប្រកាសនេះ បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរជាន់ខ្ពស់របស់កាណាដានិយាយថា ខ្លួននឹងកាត់បន្ថយវត្តមានបុគ្គលិកផ្នែកការទូតរបស់ខ្លួនជាបណ្ដោះអាសន្ននៅក្នុងប្រទេសឥណ្ឌា ក្រោយក្រុមអ្នកការទូតមួយចំនួន បានទទួលសារគំរាមនៅលើបណ្ដាញសង្គម។  អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក អារីនដាំបាកជី(Arindam Bagchi) បាននិយាយថា ឥណ្ឌាបានផ្អាកចេញទិដ្ឋាការឆ្លងដែនថ្មី ចំពោះពលរដ្ឋកាណាដា ដោយសារការគំរាមផ្នែកសន្តិសុខចំពោះបុគ្គលិករបស់ខ្លួនក្នុងស្ថានកុងស៊ុលរបស់ខ្លួននៅកាណាដា។ គួររម្លឹកថា ភាពតានតឹងមិនធ្លាប់មានបានរីកកាន់តែធំកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីលោកទ្រូដូ និយាយថា ទីក្រុងអូតាវ៉ា កំពុងស៊ើបអង្កេតការចោទប្រកាន់ដែលអាចទុកចិត្តបានអំពីការពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌាក្នុងករណីឃាតកម្មកាលពីខែមិថុនាលើសកម្មជនកាន់សាសនាស៊ីគ លោក   ហាឌីបស៊ីញនីចា (Hardeep Singh Nijjar)នៅខេត្តប្រ៊ីធីសកូឡុំប៊ីរបស់កាណាដា៕

ឃាតកម្មលើអ្នកកាន់សាសនាស៊ីគជនជាតិកាណាដា បង្កការតវ៉ានៅប៉ាគីស្ថាន ជុំវិញការពាក់ព័ន្ធរបស់ឥណ្ឌា

2023/09/21 03:14:56 pm        244
អ្នកកាន់សាសនាស៊ីគ នៅក្នុងទីក្រុងLahore ប្រទេសប៉ាគីស្ថាន បានចេញតវ៉ាកាលពីថ្ងៃពុធ បន្ទាប់ពី ប្រទេសកាណាដា បង្ហាញការសង្ស័យថា ភ្នាក់ងារឥណ្ឌាមានជាប់ពាក់ព័ន្ធចំពោះឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនកាន់សាសនាស៊ីគ នៅក្នុងខេត្ត British Columbia ។ សមាជិកប្រមាណ៦០នាក់ របស់សហគមន៍សាសនាស៊ីគ បានតវ៉ានៅក្នុងទីក្រុង Lahore និងទីក្រុង Peshawar បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Justin Trudeau និយាយថា ប្រទេសកាណាដា កំពុងស៊ើបអង្កេតការចោទប្រកាន់ដែលគួរជឿជាក់ អំពីការជាប់ពាក់ព័ន្ធដ៏មានសក្តានុពលរបស់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាក្នុងការសម្លាប់ លោក Hardeep Singh Nijjar នៅក្នុងខេត្ត British Columbia កាលពីខែមិថុនា។ កាលពីថ្ងៃពុធប្រទេសប៉ាគីស្ថាន បាននិយាយថាឃាតកម្មតាមដែលចោទប្រកាន់លើសកម្មជនសាសនាស៊ីគ របស់ឥណ្ឌា នៅលើទឹកដីកាណាដា គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងគោលការណ៍ដែនអធិបតេយ្យរដ្ឋ របស់អង្គការសហប្រជាជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោកស្រី Mumtaz Zehra Baloch បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ទីក្រុងអ៊ីស្លាម៉ាបាត ចាត់ទុកឧបទ្ទវហេតុនេះបានធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងបន្ថែមទៀតរវាងប្រទេសកាណាដានិងឥណ្ឌា គឺជាទង្វើរធ្វេសប្រហេស និងមិនទទួលខុសត្រូវ ដែលបានចោទជាសំណួរពីភាពជឿជាក់របស់ប្រទេសឥណ្ឌា ជាដៃគូអន្តរជាតិ និងការអះអាងរបស់ខ្លួនសម្រាប់ការទទួលខុសត្រូវជាសកល។ លោកស្រីនិយាយថា វាបានបង្ហាញថា បណ្តាញនៃការធ្វើឃាតក្រៅដែនដីរបស់ឥណ្ឌា បច្ចុប្បន្ននេះ បានរាលដាលជាលក្ខណៈសកលហើយ។

កូរ៉េខាងត្បូងបានឆ្មក់មូលដ្ឋានយោធាអាមេរិក ក្នុងការស៊ើបអង្កេតគ្រឿងញៀន

2023/09/21 03:07:38 pm        243
នគរបាលកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតទាហានអាមេរិក១៧នាក់ និងមនុស្ស៥នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថា បានរត់ពន្ធឬប្រើប្រាស់កញ្ឆាសំយោគតាមរយៈប្រអប់សំបុត្រយោធា។ការស៊ើបអង្កេតនេះ បានកើតឡើងបន្ទាប់ពីការវាយឆ្មក់នៅមូលដ្ឋានទ័ពអាមេរិកយ៉ាងហោចណាស់ពីរក្នុងខែឧសភា រួមទាំងមូលដ្ឋាន Camp Humphreys ដែលជាមូលដ្ឋានធំបំផុតរបស់ខ្លួននៅបរទេស។ជនជាតិហ្វីលីពីនម្នាក់ និងកូរ៉េខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួន ខណៈដែលរដ្ឋអាជ្ញាសើរើសំណុំរឿងប្រឆាំងនឹងជនសង្ស័យទាំង២២នាក់។ព័ត៌មានជំនួយពីកងកម្លាំងអនុវត្តរបស់កងទ័ពអាមេរិក បានជំរុញឲ្យមានការស៊ើបអង្កេតរយៈពេល៤ខែដោយអាជ្ញាធរកូរ៉េ។ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយដកស្រង់សម្តីលោក Cha Min-seok ដែលជាអ្នកស៊ើបអង្កេតជាន់ខ្ពស់នៅប្រទេសកូរ៉េខាងត្បូងថា នេះគឺជាករណីមួយក្នុងចំណោមករណីធំបំផុតដែលពាក់ព័ន្ធ នឹងទាហានអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ការឆ្មក់ចូលរួមគ្នារបស់នគរបាលកូរ៉េខាងត្បូង និងផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កងទ័ពសហរដ្ឋអាមេរិក បានរកឃើញកញ្ឆាសំយោគចំនួន ៧៧ ក្រាម (២.៧ អោន) ជាង ៤ គីឡូក្រាមនៃ «សារធាតុរាវចម្រុះ» ដែលប្រើសម្រាប់ជក់ និងប្រាក់សរុបចំនួន ១២.៨៥០ ដុល្លារ (១០.៤៤០ ផោន) ជាប្រាក់នៅក្នុងផ្ទះ របស់ជនសង្ស័យទាំង២២នាក់។

ករណីលាងលុយកខ្វក់នៅសិង្ហបុរី បានកើនឡើងដល់ជាង ២,៤ពាន់លានដុល្លារសិង្ហបុរី ដែលជាទ្រព្យសម្បត្តិដែលរឹបអូស ឬបង្កក

2023/09/21 02:34:44 pm        322
ករណីសម្អាតប្រាក់ឆ្លងដែនដ៏ធំមួយដែលបានកើតឡើងក្នុងប្រទេសសិង្ហបុរី បានកើនឡើងបន្ថែមទៀតរហូតដល់ពេលនេះពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរឹបអូស ឬ បង្កកជាង ២,៤ ពាន់លានដុល្លារសិង្ហបុរី (១,៨ ពាន់លានដុល្លារ)។ចំនួននេះ ច្រើនជាងទ្វេដងនៃតម្លៃដើមសរុបមួយពាន់លានដុល្លារសិង្ហបុរីនៃរថយន្តទំនើប ផ្ទះ សាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងទៀត ដែលបានបោះបង់ចោល នៅពាក់កណ្តាលខែសីហា បន្ទាប់ពីនគរបាលសិង្ហបុរី បានវាយឆ្មក់ចូលទីតាំងជាច្រើននៅទូទាំងកោះនេះ និងចាប់ខ្លួនជនបរទេសចំនួន១០នាក់។នៅដើមខែកញ្ញា រដ្ឋអាជ្ញានៅតុលាការបានធ្វើបច្ចុប្បន្នភាពតួលេខនេះទៅជា១,៨ ពាន់លានដុល្លារសិង្ហបុរី។នៅថ្ងៃពុធ (ទី ២០ ខែកញ្ញា) នគរបាលបាននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការបន្ថែមទៀតដែលទ្រព្យសម្បត្តិបន្ថែម ត្រូវបានរឹបអូស និងចេញបញ្ជាហាមបោះបង់ចោល។ បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិដែលត្រូវប្រមូលបានរួមមានគណនីធនាគារ ដែលមានតម្លៃសរុប ដែលត្រូវគេប៉ាន់ប្រមាណគឺជាង១.១២៧ពាន់លានដុល្លារសិង្ហបុរី និងសាច់ប្រាក់រួមទាំងរូបិយប័ណ្ណបរទេសជាង ៧៦លានដុល្លារសិង្ហបុរី។ ចំនួនទឹកប្រាក់ដំបូងដែលរឹបអូស បានក្នុងខែសីហាមានជាង ១១០លានដុល្លារសិង្ហបុរី និង ២៣លានដុល្លារសិង្ហបុរី ដោយដាច់ដោយឡែកពីគ្នា។

អាមេរិកផ្តល់ឲ្យជនអន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡា រាប់ពាន់នាក់នូវឋានៈស្របច្បាប់ និងលិខិតអនុញ្ញាតការងារ

2023/09/21 01:58:05 pm        226
រដ្ឋបាលលោកបៃដិនកាលពីថ្ងៃពុធ បានផ្តល់ឲ្យជនអន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡាជិតកន្លះលាននាក់នៅក្នុងសហរដ្ឋអាមេរិក នូវលទ្ធភាពក្នុងការរស់នៅ និងធ្វើការនៅក្នុងប្រទេសនេះ ដោយស្របច្បាប់ ដោយយល់ព្រមលើសំណើដ៏យូរពីទីក្រុងនានា ដែលជួបការលំបាកក្នុងការផ្តល់ជម្រកដល់អ្នកសែ្វងរកសិទ្ធិជ្រកកោន។ក្រសួងសន្តិសុខមាតុភូមិ បានពង្រីក ឬរៀបចំឡើងវិញនូវកម្មវិធីផ្តល់ឋានៈការពារបណ្តោះអាសន្ន(TPS)សម្រាប់ជនអន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡា ដែលអនុញ្ញាតឲ្យអ្នកមកដល់នាពេលថ្មីៗនេះ ដើម្បីដាក់ពាក្យស្នើសុំការការពារពីការនិរទេស និងលិខិតអនុញ្ញាតការងារ ដែលផ្តល់ដោយគោលនយោបាយនេះ។ សារព័មាន CBS News បានរាយការណ៍ជាលើកដំបូងអំពីការសមេ្រចនេះ កាលពីថ្ងៃពុធ។កាលពីមុន មានតែជនជាតិវ៉េណេហ្ស៊ុយអេឡា ដែលបានមកដល់សហរដ្ឋអាមេរិក មុនខែមីនាឆ្នាំ២០២១ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់TPS ដែលជាកម្មវិធីដែលបង្កើតឡើងដោយសភាក្នុងឆ្នាំ១៩៩០ ដើម្បីផ្តល់ជម្រកសុវត្ថិភាពបណ្តោះអាសន្នដល់ជនអន្តោប្រវេសន៍មកពីប្រទេសដែលប្រឈមនឹងវិបត្តិមនុស្សធម៌ ដូចជាជម្លោះប្រដាប់អាវុធ ឬគ្រោះមហន្តរាយធម្មជាតិ។តាមរយៈការរៀបចំឡើងវិញនូវកម្មវិធីTPSរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា សហរដ្ឋអាមេរិក កំពុងបង្ហាញចំនួនកំណត់ត្រានៃជនជាតិវ៉េណេហ្ស៊ុយអេឡា ដែលបានទៅដល់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំចុងក្រោយដែលមានសិទ្ធិទទួលបានឋានៈនេះ។ ក្រសួងសន្តិសុខមាតុភូមិ បាននិយាយថា ប្រជាជនវ៉េណេ ហ្ស៊ុយអេឡាប្រមាណ ៤៧២.000នាក់បន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់TPS ដែលបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ប្រហែល២៤២.០០០នាក់ពីប្រទេសនេះ ទទួលបានឋានៈនេះរួចហើយ។ ប្រជាជនវ៉េណេហ្ស៊ុយអេឡា ដែលបានទៅដល់សហរដ្ឋអាមេរិក ក្រោយចុងខែកក្កដា នឹងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់TPSនេះទេ។

បារាំងសោកស្តាយចំពោះបម្រាមរបស់ប៉ូឡូញលើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/09/21 12:19:11 pm        214
បារាំង៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherina Colonna បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ប៉ូឡូញក្នុងការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន គឺមិនសមហេតុផលទេ ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសអឺរ៉ុបខាងកើតទាំងពីរជុំវិញជម្លោះនេះ។សហភាពអឺរ៉ុប បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបញ្ចប់ការរឹតបន្តឹងបណ្តោះអាសន្នលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសចំនួន៥ រួមទាំងប្រទេសប៉ូឡូញផងដែរ។ ប៉ុន្តែទីក្រុងវ៉ាសូវី បាននិយាយថា ខ្លួននឹងបន្តអនុវត្តការហាមឃាត់ជាឯកតោភាគី ដោយធ្វើឲ្យសម្ព័ន្ធមិត្តដែលហែកហួរដោយសង្រ្គាម និងអ្នកជិតខាងរបស់ខ្លួន ផ្ទុះកំហឹង។លោកស្រី Colonna បានថ្លែងប្រាប់សារព័ត៌មានAFP នៅក្នុងបទសម្ភាសន៍មួយនៅខាងក្រៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថា៖«ភាពតានតឹងទាំងនេះ គឺពិតជាគួរឲ្យសោកស្តាយណាស់។ដោយលើកឡើងពីការសិក្សារបស់សហភាពអឺរ៉ុប លោកស្រី Colonna បាននិយាយថា ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នឹងមិនរំខានដល់ទីផ្សារ ឬធ្វើឲ្យ កសិករអឺរ៉ុប ខូចខាតនោះទេ៕

ប្រធានាធិបតីរុស្ស៊ី ទទួលយកជាផ្លូវការនៃការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងខែតុលា

2023/09/21 12:15:56 pm        227
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ បានទទួលយកជាផ្លូវការនៃអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា។ វានឹងក្លាយជា ដំណើរទស្សនកិច្ចដែលត្រូវបានគេដឹងថា ជាលើកដំបូងរបស់លោក Putin ទៅបរទេសចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីការចាប់ខ្លួនលោក ជុំវិញការនិរទេសកុមារពីប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់មួយដែលវិមានក្រឹមឡាំង បានបដិសេធ។កាលពីថ្ងៃពុធ លោក Putin បានទទួលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi សម្រាប់កិច្ចពិភាក្សា នៅទីក្រុង St Petersburg ។កាលពីថ្ងៃអង្គារ លោក Nikolai Patrushev ជាសម្ព័ន្ធមិត្តជិតស្និតជាមួយលោក Putin និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថាលោក Putin នឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងខែតុលារ។ប្រទេសចិន បាននិយាយកាលពីដើមខែនេះថា ប្រទេសចំនួន៩០ បានបញ្ជាក់ពីវត្តមានសម្រាប់ការចូលរួមសន្និសីទគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងក្នុងខែតុលា។កាលពីលើកមុន ក្រសួងការបរទេសបាននិយាយថា វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BFR) នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុងប៉េកាំង ក្នុងខែតុលារ ដោយឆ្នាំ២០២៣នេះ នឹងប្រារព្ធខួបទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee ប្រកាសតំបន់គ្រោះមហន្តរាយ ក្រោយទឹកជំនន់
07/22/2025 07:07 PM
អ៊ីស្រាអែលសម្លាប់មនុស្ស ១២នាក់ក្នុងជំរំសំពត់តង់នៅភាគខាងលិចទីក្រុងហ្កាហ្សា
07/22/2025 07:07 PM
អគារ និងរថយន្តខូចខាត ត្រូវបានមើលឃើញនៅភូមិ al-Mazra'a ប្រទេសស៊ីរី បន្ទាប់ពីភាពរំជើបរំជួល
07/22/2025 07:07 PM
ភ្លៀងធ្លាក់ខ្លាំង បង្កការជន់លិចនៅតាមទីក្រុងជាច្រើនក្នុងប្រទេសឥណ្ឌា
07/22/2025 07:07 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការរំខានដល់តំបន់ជនបទ និងជន់លិចដីកសិកម្មនៅចិន
07/22/2025 07:07 PM