អាជ្ញាធររាជធានីបញ្ជាឱ្យម្ចាស់សំណង់ភូមិគ្រឹះខុសច្បាប់សង់លើចំណីទន្លេនៅបាក់ខែង រុះរើ​សំណង់​ចេញជាបន្ទាន់
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

សន្តិសុខ និង សង្គម

មេដឹកនាំក្រុមម៉ាហ្វីយ៉ាអ៊ីតាលីលោក Messina Denaro បានទទួលមរណភាពដោយសារជំងឺមហារីកពោះវៀនធំ

2023/09/25 01:31:58 pm        153
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃចន្ទនេះ ដោយលើកប្រភពពីសារព័ត៌មានអ៊ីតាលីថា មេដឹកនាំក្រុមម៉ាហ្វីយ៉ាអ៊ីតាលីលោក Messina Denaro ដែលត្រូវបានចាប់ខ្លួនកាលពីខែមករាកន្លងទៅ ក្រោយរត់គេចអស់រយៈពេល ៣០ឆ្នាំនោះ បានទទួលមរណភាពហើយដោយសារជំងឺមហារីកពោះវៀនធំ ។ លោក Messina Denaro វ័យ ៦១ឆ្នាំ បានកើតជំងឺមហារីកពោះវៀនធំនៅពេលចាប់ខ្លួនលោក ។ ស្របពេលដែលស្ថានភាពសុខភាពរបស់លោកកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចេញពីពន្ធនាគារដែលមានការយាមកាមយ៉ាងតឹងរឹង ស្ថិតនៅតំបន់ភាគកណ្តាលប្រទេសអ៊ីតាលី ជាទីដែលលោកត្រូវបានឃុំឃាំងដំបូង ។ លោកត្រូវបានតុលាការកាត់ទោសពីបទព្រហ្មទណ្ឌជាច្រើនករណី រួមទាំងការរួមចំណែករបស់លោកក្នុងការរៀបផែនការធ្វើឃាតក្រុមរដ្ឋអាជ្ញាធរប្រឆាំងក្រុមម៉ាហ្វីយ៉ា លោក Giovanni Falcone និងលោក Paolo Borsellino កាលពីឆ្នាំ ១៩៩២ គឹជាឧក្រិដ្ឋកម្មមួយដែលបានធ្វើឲ្យប្រទេសអ៊ីតាលីតក់ស្លុតយ៉ាងខ្លាំង និងនាំឲ្យមានវិធានការបង្រ្កាបក្រុមម៉ាហ្វីយ៉ា ។ លោកគឺជាអ្នកទទួលខុសត្រូវផងដែរសម្រាប់ការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Rome, Florence និងទីក្រុង Milan កាលពីឆ្នាំ ១៩៩៣ ដែលបានសម្លាប់មនុស្ស ១០នាក់ ក៏ដូចជាជួយរៀបចំការចាប់ជម្រិតក្មេងប្រុស Giuseppe Di Matteo អាយុ ១២ឆ្នាំ ដើម្បីព្យាយាមរារាំងឪពុកក្មេងប្រុសពីការផ្តល់ភស្តុតាងប្រឆាំងនឹងក្រុមម៉ាហ្វីយ៉ា ។ ក្មេងប្រុសម្នាក់នេះ ត្រូវបានចាប់ខ្លួនអស់រយៈពេល ២ឆ្នាំ ហើយក្រោយមកត្រូវបានសម្លាប់ចោល ។ ដោយសារព័ត៌មានអ៊ីតាលីដាក់រហ័សនាមថាជា “ឪពុកធម៌ចុងក្រោយ” លោក Messina Denaro ពុំត្រូវបានគេជឿថា បានផ្តល់ព័ត៌មានណាមួយដល់ក្រុមនគរបាលនោះឡើយ ក្រោយរូបលោកត្រូវបានចាប់ខ្លួននៅក្រៅគ្លីនិកសុខភាពឯកជន ស្ថិតក្នុងទីក្រុង Palermo រដ្ឋធានីកោះ Sicilyកាលពីថ្ងៃទី ១៦ ខែមករាកន្លងទៅ ។ យោងតាមប្រវត្តិសុខភាពដែលបែកធ្លាយដល់សារព័ត៌មានអ៊ីតាលី បានឲ្យដឹងថា លោកបានទទួលការវះកាត់មហារីកពោះវៀនធំនៅឆ្នាំ ២០២០ និងឆ្នាំ ២០២២ ដោយប្រើឈ្មោះក្លែងក្លាយ ។ គ្រូពេទ្យនៅគ្លីនិកទីក្រុង Palermo បាននិយាយប្រាប់កាសែត La Repubblica ថា សុខភាពរបស់លោកធ្ងន់ធ្ងរខ្លាំងរួចទៅហើយ រយៈពេលច្រើនខែមុនការចាប់ខ្លួនរបស់លោក ៕

ប្រទេសឈីលីដំឡើងកម្រិតអាសន្នពីពណ៌លឿងទុំ ដល់កម្រិតពណ៌ក្រហមសម្រាប់ភ្នំភ្លើង Villarrica

2023/09/25 01:26:37 pm        140
កាលពីថ្ងៃអាទិត្យម្សិលមិញ សេវាកម្មរុករករ៉ែ និងភូគព្ភសាស្រ្តជាតិឈីលី បានដំឡើងកម្រិតអាសន្នសម្រាប់ភ្នំភ្លើង Villarrica ពីកម្រិតពណ៌លឿងទុំ ដល់កម្រិតពណ៌ក្រហម ដោយពួកគេលើកឡើងពីសកម្មភាពកម្រើកកើនឡើងរបស់ភ្នំភ្លើង ។ ស្ថិតនៅក្នុងចំណោមភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅអាមេរិកខាងត្បូង ភ្នំភ្លើង Villarrica មានទទឹងមាត់ប្រវែង ២០០ម៉ែត្រ ហើយនិងបានផ្ទុះលើកចុងក្រោយកាលពីឆ្នាំ ២០១៥ ធ្វើឲ្យមានការជម្លៀសខ្លួនមនុស្សទ្រង់ទ្រាយធំ ប៉ុន្តែវាពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។ ការប្រកាសកម្រិតពណ៌ក្រហម មានន័យថាមាននូវលទ្ធភាពខ្ពស់ ដែលការផ្ទុះភ្នំភ្លើង នឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ គួរឲ្យដឹងថា ភ្នំភ្លើង Villarrica ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសឈីលី ហើយនិងស្ថិតក្នុងចំណោមភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅក្នុងប្រទេសមួយនេះ ។ សកម្មភាពរញ្ជួយមិនមែនជាសូចនាករតែមួយនៃសកម្មភាពកម្រើកដ៏ខ្លាំងក្លារបស់ភ្នំភ្លើងនោះទេ ។ មាននូវសញ្ញាជាច្រើនទៀតដូចការបំភាយឧស្ម័ន ការខូចទ្រង់ទ្រាយភ្នំភ្លើង ហើយនិងសកម្មភាពមាត់ភ្នំភ្លើង ត្រូវបានគេសង្កេតផងដែរ ។ ទាំងអស់នេះគឺជាសូចនាករថា ភ្នំភ្លើងអាចនឹងផ្ទុះ ហើយក្រុមអាជ្ញាធរត្រូវតែដំឡើងកម្រិតប្រកាសអាសន្នរបស់ភ្នំភ្លើង ក៏ដូចជាត្រៀមខ្លួនជម្លៀសមនុស្សចេញពីតំបន់ងាយរងគ្រោះ ឬតំបន់ប្រឈមនឹងហានិភ័យខ្ពស់ ៕

ពលរដ្ឋឥណ្ឌាកាន់សាសនាស៊ីគ ព្រួយបារម្ភអំពីអនាគត ខណៈជម្លោះជាមួយកាណាដា កាន់តែកើនឡើង

2023/09/25 01:23:03 pm        111
ជម្លោះដ៏ជូរចត់រវាងប្រទេសឥណ្ឌា និងកាណាដា ជុំវិញការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ កំពុងប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជននៅក្នុងរដ្ឋ ភុនចាប (Punjab) ជាទីដែលជនជាតិស៊ីគ ភ័យខ្លាចទាំងការប្រតិកម្មពីរដ្ឋាភិបាលជាតិនិយមហិណ្ឌូ របស់ប្រទេសឥណ្ឌា និងការគំរាមកំហែងដល់អនាគតរបស់ពួកគេសម្រាប់ជីវិតកាន់តែប្រសើរឡើងនៅអាមេរិកខាងជើង។ពលរដ្ឋកាន់សាសនាស៊ីគ មានត្រឹមតែ២%ប៉ុណ្ណោះ នៃប្រជាជនឥណ្ឌាសរុបចំនួន១,៤ពាន់លាននាក់ ប៉ុន្តែពួកគេភាគច្រើនរស់នៅក្នុងរដ្ឋ ភុនចាប ដែលជារដ្ឋមានប្រជាជនចំនួន ៣០លាននាក់ និងជាទីដែលសាសនារបស់ពួកគេបានចាប់កំណើតកាលពី៥០០ឆ្នាំមុន។ ក្រៅពីរដ្ឋ ភុនចាប ក៏មានប្រជាជនកាន់សាសនាស៊ីគ ជាច្រើនរស់នៅក្នុងប្រទេសកាណាដាផងដែរ ជាទីនៃការតវ៉ាជាច្រើនបានកើតឡើងដែលបានធ្វើឱ្យប្រទេសឥណ្ឌាខឹងសម្បា។នៅក្នុងភូមិ បាស៊ីងពូរ៉ា (Bharsinghpura) ដែលជាស្រុកកំណើតរបស់អតីតមេដឹកនាំផ្ដាច់ខ្លួន ដែលត្រូវបានសម្លាប់ លោក Hardeep Singh Nijjar មានការចងចាំតិចតួចប៉ុណ្ណោះអំពីរូបលោក ប៉ុន្តែជម្លោះរវាងប្រទេសកាណាដា និងឥណ្ឌាបានធ្វើឱ្យមនុស្សព្រួយបារម្ភជាខ្លាំងនៅក្នុងភូមិដ៏តូចមួយនេះ។ ប្រទេសឥណ្ឌាគឺជាប្រភពនិស្សិតអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា ដែលតួលេខ នោះបានកើនឡើង ៤៧% កាលពីឆ្នាំមុនដល់ចំនួន ៣២០.០០០នាក់។ ខណៈពេលសិស្សមួយចំនួន និងឪពុកម្តាយរបស់ពួកគេព្រួយបារម្ភអំពីជម្លោះរវាងប្រទេសទាំងពីរថាអាចប៉ះពាល់ដល់ការរំពឹងទុកនៃការអប់រំនោះ អ្នកផ្សេងទៀតកំពុងគិតអំពីផលប៉ះពាល់សម្រាប់ជនជាតិស៊ីគ នៅក្នុងប្រទេសឥណ្ឌា៕

មនុស្ស១៤នាក់បានស្លាប់ និង៦០នាក់ត្រូវបានចាប់ជំរិត ក្នុងការវាយប្រហារនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា

2023/09/25 01:11:04 pm        104
ក្រុមអ្នកស្រុក និងមេដឹកនាំក្នុងតំបន់បាននិយាយថា ក្រុមខ្មាន់កាំភ្លើងនៅក្នុងប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្ស៨នាក់កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) និងបានចាប់ជំរិតមនុស្សយ៉ាងហោចណាស់៦០នាក់ផ្សេងទៀត នៅក្នុងសហគមន៍ចំនួនពីរ នៅភាគពាយព្យនៃរដ្ឋ Zamfara រយៈពេលពីរថ្ងៃបន្ទាប់ពីក្រុមប្រដាប់អាវុធនោះ បានចាប់ជំរិតមនុស្សរាប់សិបនាក់ពីសាកលវិទ្យាល័យមួយក្នុងរដ្ឋ។ប្រភពពីនគរបាល និងអ្នកបើកបរម្នាក់ ដែលបានមើលឃើញការវាយប្រហារបាននិយាយថា នៅកន្លែងផ្សេងទៀត នៅភាគឦសាននៃប្រទេសនេះ ក្រុមបះបោរអ៊ីស្លាមដែលសង្ស័យ បានស្ទាក់ចាប់ក្បួនរថយន្ត ក្រោមការអមការពារដោយយោធា ដោយបានសម្លាប់ទាហានពីរនាក់ និងជនស៊ីវិល៤នាក់ផងដែរ ដោយធ្វើឲ្យតួលេខអ្នកស្លាប់សរុបមានចំនួន១៤នាក់។ សាក្សីបាននិយាយថា ក្រុមអ្នកវាយប្រហារបានដុតរថយន្តចំនួន៥គ្រឿង ហើយបានរត់គេចជាមួយនឹងរថយន្តដឹកទំនិញមួយគ្រឿងផងដែរ។លោកប្រធានាធិបតី Bola Tinubu មិនទាន់បានពន្យល់ពីមធ្យោបាយ ដែលលោកនឹងដោះស្រាយអសន្តិសុខ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសនេះនៅឡើយទេ។ អ្នកស្រុកបាននិយាយថា កាលពីព្រឹកថ្ងៃអាទិត្យ ខ្មាន់កាំភ្លើងបានព្យាយាមវាយប្រហារមូលដ្ឋានទ័ពខាងមុខនៅក្នុងសហគមន៍ជនបទ Magami នៃរដ្ឋ Zamfara ប៉ុន្តែត្រូវបានបណ្តេញចេញ។ រដ្ឋ Zamfara គឺជារដ្ឋមួយក្នុងចំណោមរដ្ឋ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការចាប់ជំរិតដើម្បីទារយកប្រាក់លោះខ្លួន ដោយក្រុមជនអន្ធពាលប្រដាប់អាវុធដែលគេស្គាល់ថាជាក្រុមចោរនៅក្នុងប្រទេសនេះផងដែរ៕

ចំនួនអ្នកស្លាប់ដោយអគ្គិភ័យនៅរោងចក្រផលិត ឧបករណ៍វាយកូនហ្គោលកើនឡើងដល់៩នាក់

2023/09/25 12:08:56 pm        202
ចំនួនអ្នកស្លាប់ ដោយសារអគ្គិភ័យ នៅរោងចក្រផលិតឧបករណ៍វាយកូនហ្គោល នៅកោះតៃវ៉ាន់ភាគខាងត្បូងកាលពីថ្ងៃចុងសប្តាហ៍ បានកើនឡើងដល់យ៉ាងហោចណាស់៩នាក់។ មន្ត្រីបាននិយាយនៅថ្ងៃចន្ទនេះថា ចំនួននេះបូករួមទាំងអ្នកពន្លត់អគ្គិភ័យ ដែលបានស្លាប់នៅក្នុងការផ្ទុះ។យោងតាមរដ្ឋាភិបាលតំបន់ បានឲ្យដឹងថា អគ្គិភ័យ ដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រ និងបន្តរហូតពេញមួយយប់ បានធ្វើឲ្យរងរបួសមនុស្សជាង១០០នាក់ ដែលភាគច្រើនជាកម្មករនៅក្នុងរោងចក្រ ក្នុងតំបន់ Pingtung ។ មន្ត្រីតំបន់ បានប្រាប់សារព័ត៌មាន AFP ថា មនុស្សម្នាក់នៅតែត្រូវបានចុះបញ្ជីថានៅបាត់ខ្លួននៅឡើយ ខណៈការធ្វើតេស្តបន្ថែមទៀតត្រូវការដើម្បីផ្ទៀងផ្ទាត់ការកំណត់អត្តសញ្ញាណបំណែកសាកសព ដែលត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ទីភ្នាក់ងារសារព័ត៌មានកណ្តាលកោះតៃវ៉ាន់ ដោយដកស្រង់សម្តីមន្ត្រីអគ្គិភ័យតំបន់ Pingtung បាននិយាយថា ការផ្ទុះបានបណ្តាលឲ្យផ្នែកនៃអគារ បានបាក់រលំនៅម៉ោងប្រហែល៦:១០ នាទីថ្ងៃសុក្រ ម៉ោងក្នុងតំបន់ ដែលបានធ្វើឲ្យជាប់ក្រុមអ្នកពន្លត់អគ្គិភ័យ និងកម្មករនៅក្រោមកម្ទេចកម្ទី ហើយការផ្ទុះលើកទី២ កើតឡើងរយៈពេល២០នាទីក្រោយមក។ មូលហេតុនៃអគ្គិភ័យនៅពុំទាន់ដឹងច្បាស់នៅឡើយ។ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាស៊ីតដែលមានសារធាតុអ៊ីដ្រូហ្សែនគីមីច្រើន ត្រូវបាស្តុកទុកនៅខាងក្នុងរោងចក្រ ដែលអាចបង្កឲ្យមានការផ្ទុះធំមួយលើក និងការផ្ទុះទ្រង់ទ្រាយតូចៗជាច្រើន។ មេដឹកនាំលោកស្រី Tsai Ing-wen និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានពិនិត្យកន្លែងកើតហេតុដើម្បីបង្ហាញការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងសន្យាស៊ើបអង្កេតរកមូលហេតុអគ្គិភ័យនេះ។

ក្រុមហ៊ុនផលិតអាហារប្រអប់ជប៉ុន ត្រូវបានហាមឃាត់មិនឲ្យធ្វើប្រតិបត្តិការ ជុំវិញការពុលអាហារ

2023/09/25 12:00:34 pm        199
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា ក្រុមហ៊ុនផលិតអាហារប្រអប់ នៅប្រទេសជប៉ុនភាគឦសាន ត្រូវបានហាមឃាត់ ដោយអាជ្ញាធរសុខភាពសាធារណៈមិនឲ្យធ្វើប្រតិបត្តិការដោយសារតែ មានករណីពុលអាហាររាប់រយករណី បណ្តាលមកពីផលិតផលរបស់ខ្លួន។Yoshidaya ជាក្រុមហ៊ុនផលិតអាហារប្រអប់ក្នុងតំបន់ ដែលត្រូវបានគេស្គាល់យ៉ាងសាម័ញ្ញថា Bento ជាភាសាជប៉ុន បានផ្អាកប្រតិបត្តិការដោយស្ម័គ្រចិត្ត ចាប់ផ្តើមពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីត្រូវបានហាមឃាត់ពីប្រតិបត្តិការកាលពីថ្ងៃសៅរ៍ដោយអាជ្ញាធរសុខភាពសាធារណៈ នៅក្នុងខេត្ត Aomori ។ មនុស្សជិត៣០០នាក់ មកពីខេត្តចំនួន ២៤ នៅក្នុងប្រទេសនេះ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនខេត្តនៅទូទាំងប្រទេសជប៉ុន បានរាយការណ៍ពីរោគសញ្ញា ដូចជា រាគ និងក្អួត បន្ទាប់ពីទទួលទានអាហារច្រកប្រអប់ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុង Hachinohe ខេត្ត Aomori ។មន្ត្រីសុខភាពសាធារណៈ ក្នុងក្រុង Hachinohe និយាយថា ចំនួនអ្នកជំងឺអាចកើនឡើងបន្ថែមទៀត។

ជំរំជនអន្តោប្រវេសន៍ នៅខាងក្រៅស្ថានីយរថយន្តក្រុង Mexico City ស្វែងរកការដឹកជញ្ជូន​ទៅភាគខាងជើង

2023/09/25 11:53:41 am        148
ជនអន្តោប្រវេសន៍ជាប់គាំងដំណើរ ដែលបានបោះជំរំនៅស្ថានីយរថយន្តក្រុង នៅទីក្រុង Mexico City កំពុងរងចាំ ប្រមូលលុយដើម្បីទិញសំបុត្រទៅកាន់ភាគខាងជើង។ជនអន្តោប្រវេសន៍មកពីប្រទេសវ៉េណេស៊ុយអេឡា និងហុងឌុយរ៉ាស់ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានជ្រើសរើសយកការបោះជំរំនៅខាងក្រៅស្ថានីយរថយន្តក្រុង ព្រោះពួកគេពុំមានមធ្យោបាយដើម្បីមានលទ្ធភាពធ្វើដំណើរទៅកាន់គោលដៅចុងក្រោយរបស់ពួកគេនៅព្រំដែនសហរដ្ឋអាមេរិក នោះទេ។ នាង Gina ជាជនអន្តោប្រវេសន៍ម្នាក់មកពីប្រទេសវ៉េណេស៊ុយអេឡា និយាយថា នាងនិងស្វាមីរបស់នាង Ricardo ធ្លាប់លាងរថយន្ត និងធ្វើការជាអ្នកសម្អាត នៅក្នុងអាជីវកម្មមួយកន្លែងនៅក្បែរនោះ ប៉ុន្តែពួកគេត្រូវបញ្ឈប់ការងារបណ្តោះអាសន្ននៅពេលកូនរបស់ពួកគេឈឺ។ ជនអន្តោប្រវេសន៍មួយចំនួន បាននិយាយថាពួកគេបានជាប់គាំងដំណើររហូតដល់១៥ថ្ងៃ ដោយគ្មានទឹកទទួលទាន ឬទឹកសម្រាប់ងូតឡើយ។ ពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះបានផ្តល់អាហារ និងទឹក ដើម្បីជួយពួកគេស៊ូទ្រាំចំពោះការលំបាក។ ជនអន្តោប្រវេសន៍ជាច្រើន ត្រូវបានចាប់ខ្លួន ដែលកំពុងឆ្លងកាត់ដោយខុសច្បាប់ ឬបង្ហាញខ្លួនពួកគេនៅព្រំដែនស្របច្បាប់ដោយការឆ្លងកាត់បានកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីបានធ្លាក់ចុះកាលពីពាក់កណ្តាលខែឧសភា។

មនុស្ស៣៥នាក់បានស្លាប់ ក្នុងអគ្គិភ័យឆាបឆេះហាងលក់ទំនិញនៅភាគអាគ្នេយ៍ប្រទេសបេណាំង

2023/09/25 11:46:25 am        158
តំណាងក្រសួងយុត្តិធម៌បាននិយាយថា យ៉ាងហោចណាស់មនុស្ស៣៥នាក់ បានស្លាប់នៅភាគអាគ្នេយ៍ប្រទេសបេនីន កាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅក្នុងហាងលក់ទំនិញមួយកន្លែង ដែលសាក្សីបាននិយាយថាប្រេងសាំងកំពុងត្រូវបានបង្ហូរចេញ។ អគ្គីភ័យបានឆាបឆេះនៅម៉ោង៩:៣០នាទី (ម៉ោងក្នុងស្រុក) នៅក្នុងក្រុង Seme-Podji ជិតព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ា។ព្រះរាជអាជ្ញា Abdoubaki Adam-Bongle បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងថា «អគ្គិភ័យបានឆាបឆេះហាងមួយនោះ ហើយយោងទៅតាមការវាយតម្លៃដំបូង បានបណ្តាលឱ្យមនុស្ស៣៥នាក់បានស្លាប់ ក្នុងនោះមានកុមារម្នាក់»។ លោកបានបន្តថា តាមសាក្សីដែលបានសម្ភាសនោះ អគ្គិភ័យប្រហែលជាផ្តើមឆាបឆេះក្នុងពេលបង្ហូរសាំងមកវិញ» ហើយមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

មនុស្សយ៉ាងហោចណាស់១៦នាក់ បានស្លាប់ នៅក្នុងអគ្គីភ័យអណ្តូងរ៉ែធ្យូងថ្ម នៅភាគនិរតីនៃប្រទេសចិន

2023/09/25 11:42:28 am        99
មន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៦នាក់ បានស្លាប់នៅក្នុងអគ្គីភ័យអណ្តូងរ៉ែធ្យូងថ្មកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) នៅក្នុងខេត្ត គួយចូវ (Guizhou) ភាគនិរតីនៃប្រទេសចិន។ រដ្ឋាភិបាលទីក្រុងផានចូវ (Panzhou) បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីយប់ថ្ងៃអាទិត្យថា អគ្គីភ័យបានឆាបឆេះនៅអណ្តូងធ្យូង សានចាវស៊ូ (Shanjaoshu) នៅម៉ោងប្រហែល៨:១០ព្រឹក (ម៉ោងក្នុងស្រុក)។សេចក្តីជូនដំណឹងនោះបាននិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់បានពន្លត់ភ្លើង ហើយសីតុណ្ហភាពនៅទីតាំងកើតហេតុបានវិលមកសភាពធម្មតាវិញ ប៉ុន្តែបន្ទាប់ពីការផ្ទៀងផ្ទាត់បឋម មនុស្ស១៦នាក់បានស្លាប់បាត់បង់ជីវិត។ អណ្តូងរ៉ែនៅទីក្រុងប៉ានចូវ នោះ មានចម្ងាយប្រហែល៣៦០០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីប៉េកាំង។ខណៈពេលដែលស្តង់ដារសុវត្ថិភាពនៅក្នុងវិស័យរុករករ៉ែ របស់ប្រទេសចិន មានភាពប្រសើរឡើងក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គ្រោះថ្នាក់នៅតែបន្តកើតមានជាញឹកញាប់នៅក្នុងឧស្សាហកម្មនេះ ដោយសារតែការអនុវត្តន៍ពិធីការតិចតួច ជាពិសេសនៅកន្លែងដែលមានមូលដ្ឋានរុករករ៉ែច្រើនបំផុត។ កាលពីឆ្នាំមុន មនុស្ស២៤៥នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់១៦៨ករណី នេះបើយោងតាមតួលេខផ្លូវការ៕

ពលរដ្ឋស៊ុយអែត តវ៉ាសំណើចូលជាសមាជិកអង្គការណាតូរបស់រដ្ឋាភិបាល

2023/09/25 11:38:59 am        171
ជនជាតិស៊ុយអែតជាង ១០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Stockholm កាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) ដើម្បីតវ៉ាចំពោះការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ ដោយអំពាវនាវឱ្យបញ្ចប់សង្គ្រាម និងបដិសេធសមាជិកភាពនៃសម្ព័ន្ធយោធាមួយនេះ។ក្រុមអ្នកតវ៉ាបានលើកស្លាកសញ្ញាដែលសរសេរថា «ស៊ុយអែតមិនត្រូវការ ណាតូ សម្រាប់សន្តិភាពទេ ហើយណាតូ នឹងនាំតែសង្គ្រាមសម្រាប់ស៊ុយអែត ប៉ុណ្ណោះ» និង «និយាយថា ទេ ចំពោះណាតូ» ព្រមទាំងសម្តែងការប្រឆាំងរបស់ពួកគេ ចំពោះការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់ស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការណាតូ។ក្រុមអ្នកតវ៉ាបាននិយាយថា ណាតូ មិនមែនជាសម្ព័ន្ធមិត្តការពារជាតិទេ ប៉ុន្តែជាសម្ព័ន្ធមិត្តប្រដាប់អាវុធនុយក្លេអ៊ែរ ដែលបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងធ្វើសង្គ្រាមនៅក្រៅប្រទេស ខណៈអាវុធនុយក្លេអ៊ែរបានបង្កើតមូលដ្ឋានគ្រឹះយុទ្ធសាស្ត្ររបស់ណាតូ ជាមួយនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថា មិនមែនជាការធានាសន្តិសុខនោះទេ។សូមបញ្ជាក់ថា បញ្ហាការចូលជាសមាជិកណាតូរបស់ស៊ុយអែត កំពុងស្ថិតក្រោមការពិភាក្សាជិតមួយឆ្នាំហើយ។ នៅក្នុងសម្ព័ន្ធភាពយោធា មានតែសភាទួរគី និងហុងគ្រីប៉ុណ្ណោះ ដែលមិនទាន់អនុម័តសមាជិកភាពរបស់ប្រទេសស៊ុយអែតនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការលើកលែងទោសអន្តរជាតិ៖ អ្នករិះគន់រដ្ឋាភិបាលឥណ្ឌូនេស៊ី គឺជាគោលដៅនៃការវាយប្រហារ និងអំពើហិង្សា
05/19/2026 05:05 PM
កូរ៉េខាងត្បូង និងជប៉ុន យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការថាមពល និងពង្រឹងទំនាក់ទំនងសន្តិសុខ
05/19/2026 05:05 PM
ការិយាល័យអគ្គអធិការកិច្ចយោធាអាមេរិកកំពុងស៊ើបអង្កេតការវាយប្រហារលើទូកដែលចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន
05/19/2026 05:05 PM
មនុស្សយ៉ាង​តិច​ ១០នាក់ស្លាប់ ខណៈមាន​ភ្លៀងធ្លាក់ខ្លាំង​លិច​​ភាគខាងត្បូង និងភាគ​កណ្តាល​ចិន
05/19/2026 05:05 PM
ក្រសួងពាណិជ្ជកម្ម បញ្ចប់ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងមុនកាលកំណត់ ដោយមានអ្នកចូលរួមជាង ១ពាន់នាក់
05/19/2026 05:05 PM
រដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
05/19/2026 04:05 PM
អង្គការ MSF ព្រមានថា ជំនួយត្រូវបានប្រើប្រាស់សម្រាប់ «គោលបំណងយោធា» នៅស៊ូដង់ខាងត្បូង
05/19/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin និងលោក Xi នឹងអនុម័តសេចក្តីប្រកាស ស្តីពីពិភពលោកពហុប៉ូល ពេល​ជួបគ្នា​
05/19/2026 04:05 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពប្រជានេសាទ ក្នុងហេតុការណ៍លិចទូកនៅសមុទ្រខេត្តកែប
05/19/2026 04:05 PM
បារាំង៖ក្រុមប្រទេស G7 បានឯកភាពគ្នាថា IMF និងធនាគារពិភពលោក គួរតែបង្កើនជំនួយដល់ប្រទេសងាយរងគ្រោះ
05/19/2026 04:05 PM