សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
បញ្ជូនខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ ចូលមកភ្នំពេញ២នាក់ទៅកាន់អយ្យការដើម្បីចោទប្រកាន់

សន្តិសុខ និង សង្គម

មេបញ្ជាការទីពីររបស់កងទ័ពស៊ូដង់ និយាយថាសង្គ្រាមនឹងបញ្ចប់ដោយការចរចា

2023/08/16 12:00:06 pm        135
ស៊ូដង់៖ មន្ត្រីជាន់ខ្ពស់ស៊ូដង់ម្នាក់បាននិយាយថា ផែនការមួយគួរតែត្រូវបានដាក់ចេញដើម្បីបញ្ចប់ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ស្របពេលអំពើហិង្សានៅតែបន្តកើតមាននៅក្នុងប្រទេសនេះ។ អនុប្រធានក្រុមប្រឹក្សាអធិបតេយ្យរបស់ប្រទេសស៊ូដង់ លោក Malik Agar បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលចាំផ្ទះមួយត្រូវតែបង្កើតឡើង ខណៈដែលការប្រយុទ្ធគ្នារវាងភាគីទាំងពីរបានឈានចូលដល់ខែទីប្រាំរបស់ខ្លួន។លោក Agar បាននិយាយនៅក្នុងការបន្ទន់ជំហររបស់កងទ័ពស៊ូដង់ ដោយលើកឡើងពីផលលំបាកដែលប្រជាពលរដ្ឋបានស៊ូទ្រាំថា «នៅចុងបញ្ចប់ សង្រ្គាមនេះនឹងត្រូវបញ្ចប់នៅតុចរចា»។ លោក Agar បាននិយាយថា ការផ្តោតសំខាន់របស់រដ្ឋាភិបាលបច្ចុប្បន្ន គឺដើម្បីបញ្ចប់សង្រ្គាម ហើយសម័យក្រោយសង្រ្គាមនឹងផ្តោតលើការស្ដារប្រទេសឡើងវិញ និងការកសាងឡើងវិញនូវស្ថាប័នរដ្ឋ។លោកបានអំពាវនាវឲ្យមានការពិភាក្សាគ្រប់ជ្រុងជ្រោយ ពីសកម្មជននយោបាយស៊ីវិលទាំងអស់ក្នុងប្រទេសដោយមិនមានការលើកលែង។ លោក Agar ក៏បាននិយាយដែរថា អំពើហិង្សាគួរតែបញ្ចប់ដោយកងទ័ពរួបរួមតែមួយក្នុងប្រទេស។ កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ដើម្បីចរចាបទឈប់បាញ់ត្រូវបានជាប់គាំង ហើយភ្នាក់ងារមនុស្សធម៌បានជួបការលំបាកក្នុងការផ្តល់ជំនួយដោយសារតែអសន្តិសុខ ការលួចប្លន់ និងឧបសគ្គខាងការិយាធិបតេយ្យផងដែរ៕

ជម្លោះរវាងគូបដិបក្ខ នៅប្រទេសលីប៊ី បានផ្អាកការប្រយុទ្ធនៅរដ្ឋធានីទ្រីប៉ូលី ដោយមានអ្នកស្លាប់២៧នាក់

2023/08/16 11:56:48 am        134
លីប៊ី៖ គូបដិបក្ខប្រដាប់អាវុធដ៏មានឥទ្ធិពលចំនួនពីរក្រុម បានប្រយុទ្ធគ្នាក្នុងរដ្ឋធានីនៃប្រទេសលីប៊ី កាលពីថ្ងៃអង្គារ ក្នុងអំពើហិង្សាដ៏អាក្រក់បំផុតរបស់ទីក្រុងក្នុងឆ្នាំនេះ ប៉ុន្តែការប៉ះទង្គិចគ្នាយ៉ាងសាហាវបានស្ងប់ស្ងាត់ បន្ទាប់ពីភាគីម្ខាង បានដោះលែងមេបញ្ជាការម្នាក់ ដែលការឃុំខ្លួនរបស់មេបញ្ជាការនោះ បានបង្កឱ្យមានការប្រយុទ្ធគ្នានេះ។ទីភ្នាក់ងារសុខភាពរដ្ឋធានីទ្រីប៉ូលី បាននិយាយថា មនុស្ស២៧នាក់ បានស្លាប់ និងជាង១០០នាក់ បានរងរបួស ក្នុងអំពើហឹង្សានេះ ដោយមិនបាននិយាយថាតួលេខនេះរួមមានទាំងអ្នកប្រយុទ្ធ និងជនស៊ីវិលឡើយ។ កងកម្លាំងការពារពិសេស និងកងពលតូចលេខ៤៤៤ គឺជាកងកម្លាំងយោធាដ៏ខ្លាំងក្លាបំផុតចំនួនពីរក្រុម នៅក្នុងរដ្ឋធានីទ្រីប៉ូលី ហើយការប្រយុទ្ធរបស់ពួកគេចាប់តាំងពីល្ងាចថ្ងៃចន្ទ បានធ្វើឱ្យរង្គោះរង្គើទូទាំងរដ្ឋធានី។ផ្សែងខ្មៅបានហុយពាសពេញផ្នែកខ្លះនៃទីក្រុងនេះ អស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃអង្គារ ហើយសំឡេងនៃផ្ទុះអាវុធធុនធ្ងន់ បានលាន់ឡើងពាសពេញផ្លូវ ខណៈដែលការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅតំបន់ជាយក្រុងផ្សេងៗគ្នា។ គូបដិបក្ខប្រយុទ្ធទាំងពីរក្រុមនេះ បានគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្ននៃការរួបរួមជាតិ (GNU) ក្នុងអំឡុងពេលការប្រយុទ្ធគ្នារយៈពេលខ្លីកាលពីឆ្នាំមុន ហើយការប្រយុទ្ធគ្នាភ្លាមៗរបស់ពួកគេ បានបំផ្លាញភាពស្ងប់ស្ងាត់ជាច្រើនខែនៅទីក្រុងទ្រីប៉ូលី នេះ ដោយសង្កត់ធ្ងន់លើហានិភ័យនៅក្នុងជម្លោះដែលនៅតែមិនទាន់ដោះស្រាយបាន៕

ចំនួនអ្នកស្លាប់ពីចំហេះព្រៃកោះម៉ូអ៊ី កើនឡើងដល់១០១នាក់ ខណៈអ្នកស្រុករងចាំដំណឹងពីសាច់ញាតិបាត់ខ្លួន

2023/08/16 11:53:39 am        128
កោះម៉ូអ៊ី៖ រយៈពេលមួយសប្តាហ៍បន្ទាប់ពីចំហេះព្រៃបានឆេះបំផ្លាញទីក្រុងរមណីយដ្ឋាន ឡាហេណា មក អ្នកស្រុកកោះម៉ូអ៊ី ដែលរងទុក្ខវេទនា មានការនឿយហត់ពីការរស់នៅដោយគ្មានជំនួយសង្គ្រោះ ខណៈដែលមនុស្សជាច្រើនមិនអនុញ្ញាតឱ្យត្រួតពិនិត្យលំនៅឋានរបស់ខ្លួន ហើយនៅតែទុកឲ្យពួកគេរង់ចាំព័ត៌មានអំពីការបាត់ខ្លួនរបស់សាច់ញ្ញាតិ។ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១០១នាក់ហើយ បន្ទាប់ពីគ្រោះមហន្តរាយនេះ បានរាលដាលពីវាលស្មៅនៅខាងក្រៅទីក្រុងចូលទៅក្នុងទីក្រុង ឡាហេណា កាលពីថ្ងៃអង្គារសប្តាហ៍មុន។ទំហំនៃចំហេះដែលបានឆាបឆេះតំបន់៥ម៉ាយល៍ក្រឡា (១៣ គីឡូម៉ែត្រក្រឡា) នៃទីក្រុងក្នុងរយៈពេលប៉ុន្មានម៉ោងនេះ រួមជាមួយនឹងបញ្ហាប្រឈមនៃការស្តារឡើងវិញ បានធ្វើឱ្យអ្នកស្រុកជាច្រើននាក់នៃទីក្រុង ឡាហេណា ចំនួន១.៣០០០នាក់ រងផលប៉ះពាល់យ៉ាងខ្លាំងរយៈពេលពេញមួយឆ្នាំ ដែលពួកគេក៏ប្រឈមមុខនឹងការរំពឹងទុកនៃផលប៉ះពាល់ផ្នែកទេសចរណ៍ផងដែរ។ទោះបីជាការបរិច្ចាគបានធ្វើឡើង ហើយរដ្ឋហាវ៉ៃ និងក្រុមមន្ត្រីសហព័ន្ធ បានសន្យាថាមានធនធានយ៉ាងច្រើនដើម្បីជួយក្នុងការសង្គ្រោះក៏ដោយ ក៏លោក Kanamu Balinbin ដែលជាគ្រូបង្វឹកបាល់ទាត់ក្នុងតំបន់ម្នាក់ បានដោះស្រាយបញ្ហាដោយបង្កើតជំរុំសង្គ្រោះមួយ ដែលមនុស្សដែលបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេអាចស្វែងរកទឹកនិងអាហារនៅទីនោះបានផងដែរ៕

ប្រមុខអង្គការសហប្រជាជាតិ និយាយថា ការប្រើប្រាស់កម្លាំងដ៏រឹងមាំគឺជារឿងចាំបាច់ក្នុងការប្រឆាំងក្រុមជនអន្ធពាលនៅហៃទី

2023/08/16 11:48:54 am        115
UN៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍ទទួលបានដោយសារព័ត៌មាន Reuters កាលពីថ្ងៃអង្គការទី១៥សីហា ថា ការប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាដោយការបញ្ជូនកងកម្លាំងនគរបាលពហុជាតិ និងការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ គឺ ចាំបាច់ដើម្បីស្ដារច្បាប់ និងសណ្ដាប់ធ្នាប់ឡើងវិញនៅក្នុងប្រទេសហៃទី និងដកហូតអាវុធពីក្រុមជនអន្ធពាល។ កាលពីឆ្នាំមុន ប្រទេសហៃទី បានស្នើសុំជំនួយពីអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំង ក្រុមជនអន្ធពាលហិង្សា ដែលបានគ្រប់គ្រងផ្ទៃដីយ៉ាងច្រើនក្នុងរដ្ឋធានី ព័រអូប្រាំង (Port-au-Prince) ។ លោក Guterres បានលើកឡើងកាលពីខែតុលាថា ប្រទេសជាច្រើននឹងបញ្ជូនកងកម្លាំងប្រតិកម្មរបហ័សដើម្បីជួយដល់កងកម្លាំងនគរបាលហៃទី។  កាលពីខែមុន ក្រុមប្រឹក្សានេះ បានជំរុញដល់ប្រទេសនានាជួយផ្ដលើការគាំទ្រខាងសន្តិសុខ និងបានស្នើលោក Guterres ឲ្យរាយការណ៍ក្នុងរយៈពេល៣០ថ្ងៃស្ដីពីជម្រើសពេញលេញរបស់អង្គការសហប្រជាជាតិ រួមទាំងការគាំទ្រសម្រាប់កងកម្លាំងមិនមែនពហុជាតិរបស់អង្គការសហប្រជាជាតិ ឬ ប្រតិបត្តិការថែរក្សាសន្តិសុខដែលអាចធ្វើទៅបាន។ កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានបញ្ជូនទៅកាន់ប្រទេសហៃកាលពីឆ្នាំ ២០០៤ បន្ទាប់ពីមានការបះបោរដែលនាំទៅដល់ការបណ្តេញចេញពីតំណែង និងនិរទេសខ្លួនប្រធានាធិបតី លោក ហ្សង់ ប៊ែរត្រង់ អារីស្ទីដ (Jean-Bertrand Aristide) ។ ទាហានរក្សាសន្តិភាពបានចាកចេញកាលពីឆ្នាំ ២០១៧ ហើយត្រូវបានជំនួសដោយនគរបាលរបស់អង្គការសហប្រជាជាតិដែលបានចាកចេញកាលពីឆ្នាំ ២០១៩ ៕

រោងចក្រទឹកកកក្នុងប្រទេសអ៊ីរ៉ាក់ មើលឃើញពីកំណើនអាជីវកម្ម ស្របពេលអាកាធាតុក្ដៅខ្លាំង

2023/08/16 11:45:57 am        98
អ៊ីរ៉ាក់៖ រោងចក្រទឹកកកនៅក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កំពុងមើលឃើញកំណើនការបញ្ជាទិញ ខណៈរលកកម្ដៅបន្តដុតកម្តៅប្រទេសនេះ។ នៅតំបន់ដែលមិនមានការផ្គត់ផ្គង់អគ្គិសនីជាប់លាប់ ប្រជាជនក្នុងតំបន់ ក៏ដូចជាម្ចាស់ហាងនានា ត្រូវទិញដុំទឹកកកដើម្បីធ្វើភេសជ្ជៈកក ឬរក្សាទុកបម្ហូបអាហារ ស្របពេលរលកកម្ដៅដ៏ខ្លាំងនៅក្នុងរដូវក្តៅ។លោក Mustafa Najjar ម្ចាស់រោងចក្រផលិតទឹកកកបាននិយាយថា រោងចក្ររបស់លោកឥឡូវនេះផលិតដុំទឹកកកចំនួន៥០០ដុំក្នុងមួយថ្ងៃ ដោយលក់ក្នុងតម្លៃ១,២៥ដុល្លារអាមេរិកក្នុងមួយដុំ។ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ីរ៉ាក់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមអូសបន្លាយ និងការបំផ្លិចបំផ្លាញដោយចេតនាដោយក្រុមជ្រុលនិយម។លើសពីនេះ ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ បានបង្កការលំបាកដល់អ៊ីរ៉ាក់ ក្នុងការនាំចូលថាមពលគ្រប់គ្រាន់ពីប្រទេសជិតខាង។ ប្រទេសអ៊ីរ៉ាក់ ក៏បានប្រឈមមុខនឹងកង្វះខាតអគ្គិសនីយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំផងដែរ៕

អាមេរិក គាំទ្រផែនការរបស់ជប៉ុន ក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រហ្វូគូស៊ីម៉ា

2023/08/16 11:42:09 am        112
អាមេរិក៖ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានសម្តែងទំនុកចិត្តលើផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីជាងមួយទសវត្សរ៍មុន។រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រសួងការបរទេសថា ទីក្រុងវ៉ាស៊ីនតោន «ពេញចិត្ត» ចំពោះផែនការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញសារធាតុកខ្វក់ឱ្យបានឆាប់នៅចុងខែសីហានេះ ដែលលោកបានពណ៌នាថា «មានសុវត្ថិភាព និងស្របតាមស្តង់ដារអន្តរជាតិ រួមទាំង ស្តង់ដារសុវត្ថិភាពនុយក្លេអ៊ែរខ្ពស់ពីទីភ្នាក់ងារ IAEA»។លោក Blinken បាននិយាយថា "ប្រទេសជប៉ុន បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ IAEA លើផែនការរបស់ខ្លួន ហើយពួកគេបានអនុវត្តដំណើរការដែលផ្អែកលើវិទ្យាសាស្ត្រ និងតម្លាភាព និងជាដំណើរការមួយដែលយើងពេញចិត្ត" លោកបាននិយាយបែបនេះដោយសំដៅទៅដល់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺទីភ្នាក់ងារថាមពល (IAEA) ។ផែនការរបស់ប្រទេសជប៉ុនក្នុងការបង្ហូរសំណល់ទឹកវិទ្យុសកម្ម ត្រូវបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលខូចចូលទៅក្នុងមហាសមុទ្រ គ្រោងនឹងអនុវត្តក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ផែនការនេះ ទទួលបានការរិះគន់ពីប្រទេសជិតខាងក្នុងតំបន់ ជាពិសេសប្រទេសចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជាក្រុមអ្នកនេសាទ ដោយសារតែមានការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាព និងបរិស្ថាន ដែលអាចកើតមានពីទឹកសំណល់នេះ៕

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីអណ្តូងរ៉ែថ្មយក់នៅមីយ៉ាន់ម៉ា កើនឡើងដល់៣១នាក់

2023/08/16 11:39:25 am        129
មីយ៉ាន់ម៉ា៖ ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៣១នាក់ ខណៈដែលមនុស្ស៨នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីបំណាក់ដីនៅឯអណ្តូងរ៉ែថ្មយក់ ដែលមិនអាចគ្រប់គ្រងបាន នៅក្នុងតំបន់ដាច់ស្រយាលនៃសហភាពមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបំណាក់ដីបានកើតឡើងកាលពីថ្ងៃអាទិត្យនៅខាងក្រៅទីប្រជុំជន Hpakant ភាគខាងជើងនៃរដ្ឋ Kachin។ការជីកយករ៉ែថ្មយក់ នៅក្នុងសហភាពមីយ៉ាន់ម៉ា គឺជាអាជីវកម្មដែលរកកម្រៃបានមួយប្រភេទ ប៉ុន្តែឧស្សាហកម្មដែលមិនមានការគ្រប់គ្រងនេះ ត្រូវបានរងគ្រោះដោយការស្លាប់របស់កម្មករជាញឹកញាប់ រួមទាំងអ្នកស្លាប់ច្រើនជាង១៧០នាក់នៅក្នុងតំបន់ដូចគ្នា បន្ទាប់ពីបំណាក់ដីកាលពីឆ្នាំ២០២០ផងដែរ។យោងតាមក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា គំនរអាចម៍ដីដ៏ធំដែលមានកំពស់ប្រហែល១៥០ម៉ែត្រ ទៅ១៨០ម៉ែត្រ (៥០០ហ្វីត ទៅ៦០០ហ្វីត) ដែលបន្សល់ទុកដោយការជីកយករ៉ែ ត្រូវបានបន្ធូរដោយភ្លៀងធ្លាក់ខ្លាំង ហើយក៏បានបាក់ទៅជាបំណាក់ដី។ ប្រតិបត្តិការរបស់អណ្តូងរ៉ែត្រូវបានផ្អាកនៅរដូវវស្សា ប៉ុន្តែអ្នកដែលជាប់នៅក្នុងបំណាក់ដីនេះ ត្រូវបានគេជឿថាជាអ្នកស្រុក ដែលដើរស្វែងរកថ្មយក់នៅទីនោះ ដោយសង្ឃឹមថានឹងរកឃើញរបស់មានតម្លៃនៅក្នុងភក់៕

អាមេរិកនឹងស្វាគមន៍រាល់ជំហានរបស់អ៊ីរ៉ង់ក្នុងការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ

2023/08/16 11:36:25 am        87
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនអាចបញ្ជាក់ពីរបាយការណ៍ដែលថា ប្រទេសអ៊ីរ៉ង់ បានកាត់បន្ថយល្បឿននៃការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលជិតឈានដល់កម្រិតផលិតអាវុធបាន ប៉ុន្តែនឹងស្វាគមន៍រាល់វិធានការណាមួយរបស់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយ ការគំរាមកំហែងនុយក្លេអ៊ែរដែលកំពុងកើនឡើងរបស់ប្រទេសនេះ។ លោក Blinken បានប្រាប់អ្នកសារព័ត៌មានថា អ៊ីរ៉ង់កំពុងផ្លាស់ប្តូរអ្នកជាប់ឃុំអាមេរិកចូលទៅក្នុងការឃុំខ្លួននៅក្នុងលំនៅឋានដែលមិនជាប់ទាក់ទងនឹងទិដ្ឋភាពផ្សេងៗទៀតនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ ដែលលោកបាននិយាយថា បង្ហាញពីយុទ្ធសាស្ត្រនៃការរារាំង សម្ពាធ និងផ្នែកការទូត។ប្រភពនានាបាននិយាយថា ប្រទេសអ៊ីរ៉ង់ អាចដោះលែងពលរដ្ឋអាមេរិកចំនួនប្រាំនាក់ដែលត្រូវបានឃុំខ្លួនជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចេញប្រាក់ចំនួន ៦ ពាន់លានដុល្លារអាមេរិកនៅក្នុងមូលនិធិអ៊ីរ៉ង់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ៊ីរ៉ង់ បានអនុញ្ញាតឱ្យពលរដ្ឋអាមេរិកចំនួនបួននាក់ដែលត្រូវបានឃុំខ្លួនឲ្យផ្លាស់មកដាក់ឃុំខ្លួនក្នុងផ្ទះ ដោយផ្ទេរចេញពីពន្ធនាគារ ខណៈអ្នកទីប្រាំបានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះរួចហើយ។ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបន្ថយល្បឿនយ៉ាងខ្លាំង ដែលខ្លួនកំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជិតឈានដល់កម្រិតផលិតអាវុធ ហើយបានកាត់បន្ថយបរិមាណស្តុកមួយចំនួន ជាចំណាត់ការដែលអាចជួយបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងរៀបចំឡើងវិញកិច្ចពិភាក្សាកាន់តែទូលំទូលាយជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

អ្នកដំណើរជាង១០.០០០នាក់ បានរងផលប៉ះពាល់ពីកូដកម្មបុគ្គលិកព្រលានយន្តហោះនៅក្នុងប្រទេសអាហ្សង់ទីន

2023/08/16 11:31:37 am        83
អាហ្សង់ទីន៖ កូដកម្មរបស់បុគ្គលិកជញ្ជូនឥវ៉ាន់នៅព្រលានយន្តហោះ បានធ្វើឱ្យអ្នកដំណើរជាង១០.០០០នាក់ជាប់គាំង និងបណ្តាលឱ្យមានការលុបចោលជើងហោះហើរយ៉ាងហោចណាស់៦០ជើង នៅអាកាសយានដ្ឋានជាច្រើនក្នុងប្រទេសអាហ្សង់ទីន កាលពីព្រឹកថ្ងៃអង្គារ (១៥ សីហា)។ក្រុមកម្មករនៃក្រុមហ៊ុនរដ្ឋ Intercargo ដែលផ្តល់សេវាផ្ទេរឥវ៉ាន់ បញ្ជូន និងដឹកជញ្ជូន នៅតំបន់រងចាំឡើងយន្តហោះ បានចាប់ផ្តើមធ្វើកូដកម្មកាលពីថ្ងៃចន្ទ (១៤ សីហា) ក្នុងការតវ៉ាទាក់ទងនឹងជម្លោះអន្តរសហជីពជាមួយក្រុមហ៊ុនសេវាកម្មព្រលានយន្តហោះ Swissport។បន្ទាប់ពីការតវ៉ាអស់រយៈពេល២០ម៉ោង ក្រុមបុគ្គលិកជញ្ជូនឥវ៉ាន់បានបញ្ឍប់កូដកម្មនៅពាក់កណ្តាលថ្ងៃបន្ទាប់ពីកិច្ចប្រជុំថ្មីជាមួយក្រុមអាជ្ញាធរនៃក្រសួងការងារអាហ្សង់ទីន។ អាកាសយានដ្ឋានដែលរងផលប៉ះពាល់ដោយការធ្វើកូដកម្មគឺមានអាកាសយានដ្ឋាន Ezeiza, អាកាសយានដ្ឋាន Cordoba, អាកាសយានដ្ឋាន Mendoza, អាកាសយានដ្ឋាន Salta, អាកាសយានដ្ឋាន Iguazu និងស្ថានីយអាកាសយានដ្ឋាន Bariloche ផងដែរ៕

បេសកជនអង្គការសហប្រជាជាតិ ជំរុញឱ្យតុលាការពិភពលោកកាត់ទោសការរើសអើងភេទនៅអាហ្វហ្គានីស្ថាន

2023/08/16 11:24:54 am        73
UN៖ បេសកជនអប់រំពិភពលោករបស់អង្គការសហប្រជាជាតិ លោក Gordon Brown បាននិយាយកាលពីថ្ងៃអង្គារ (១៥ សីហា)ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គួរតែទទួលស្គាល់ការរើសអើងភេទនៅអាហ្វហ្គានីស្ថាន ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបើកការស៊ើបអង្កេតករណីនោះក្នុងគោលបំណងកាត់ទោសអ្នកដែលប្រព្រឹត្តខុស។លោក Brown បានប្រាប់ក្រុមអ្នកសារព័ត៌មានថា "នេះគឺជាឧទាហរណ៍ដ៏អាក្រក់បំផុតនៃការរំលោភសិទ្ធិមនុស្សលើក្មេងស្រី និងស្ត្រីនៅជុំវិញពិភពលោក ហើយប្រសិនបើយើងអនុញ្ញាតឱ្យរឿងនេះកើតឡើង ហើយបន្តដោយនិទណ្ឌភាព នោះអ្នកផ្សេងទៀតអាចនឹងព្យាយាមធ្វើរឿងដូចគ្នានេះ" ។ក្មេងស្រីដែលមានអាយុលើសពី១២ឆ្នាំភាគច្រើន មិនត្រូវបានអនុញ្ញាតឲ្យចូលរៀនទេ ចាប់តាំងពីពួកតាលីបង់ បានកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថានមក។ ពួកតាលីបង់ក៏បានបញ្ឈប់បុគ្គលិកស្ត្រីជនជាតិអាហ្វហ្គានីស្ថាន ភាគច្រើន មិនអោយធ្វើការនៅភ្នាក់ងារផ្តល់ជំនួយ ដោយបិទហាងកែសម្ផស្ស រារាំងស្ត្រីមិនឲ្យទៅកាន់សួនកម្សាន្តនិងកាត់បន្ថយការធ្វើដំណើរសម្រាប់ស្ត្រី ក្នុងករណីដែលគ្មានអាណាព្យាបាលបុរស។លោកបានជំរុញឱ្យបណ្ដាប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើន បញ្ជូនគណៈប្រតិភូទៅទីក្រុង Kandahar ដើម្បីបញ្ចុះបញ្ចូលបណ្ដាមេដឹកនាំតាលីបង់ ឱ្យលុបចោលបម្រាមរបស់ពួកគេលើការអប់រំសម្រាប់ក្មេងស្រី និងការងាររបស់ស្ត្រី ដែលមិនមានមូលដ្ឋាននៅក្នុងគម្ពីរកូរ៉ាន ឬសាសនាឥស្លាម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM