នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

នគរបាលអ៊ីស្រាអែល បាញ់ទឹកបំបែកក្រុមបាតុករ

2023/07/21 11:37:35 am        93
នគរបាលរបស់ប្រទេសអ៊ីស្រាអែល បានបំបែកបាតុករ ដោយប្រើបំពង់បាញ់ទឹកពន្លត់អគ្គិភ័យ កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២០ ខែកក្កដា) បន្ទាប់ពីពួកបាតុករ បានប្រមូលផ្តុំគ្នាដើរឆ្ពោះទៅកាន់ផ្លូវហាយវ៉េ ក្នុងទីក្រុងតែលអាវីវ (Tel Aviv) ដើម្បីតវ៉ាប្រឆាំងនឹងសំណើច្បាប់កែប្រែប្រព័ន្ធតុលាការ។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា កិច្ចខិតខំ ដើម្បីបានឈានដល់ការឯកភាពគ្នាលើសេចក្តីស្នើច្បាប់ស្តីពីការកែទម្រង់ប្រព័ន្ធតុលាការ កំពុងដំណើរការទៅ មុនការអនុម័តពីសភាដែលរំពឹងថានឹងទទួលបាននៅសប្តាហ៍ក្រោយ បើទោះជាច្បាប់នេះ បានបង្កឲ្យមានការតវ៉ា និងការផ្ទុះកំហឹង ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ។គេរំពឹងថា សមាជិកសភានឹងបោះឆ្នោត នៅថ្ងៃចន្ទ (ថ្ងៃទី២៤ ខែកក្កដា) លើផ្នែកដំបូងនៃការកែប្រែនេះ ពោលគឺជាអ្វីដែលគេហៅថា «ភាពសមហេតុផល»នៃសេចក្តីស្នើច្បាប់ ដែលប្រសិនបើត្រូវបានអនុម័តនោះ នឹងរារាំងតុលាការកំពូលមិនឲ្យលុបចោលសេចក្តីសម្រេច ឬការតែងតាំងដែលធ្វើឡើងដោយរដ្ឋាភិបាល ដែលរដ្ឋាភិបាលខ្លួនឯងចាត់ទុកថា ការលុបចោលនោះ គឺ«មិនសមហេតុផល»។ក្រុមអ្នកតវ៉ា បានចេញមកធ្វើបាតុកម្មជាថ្មីម្តងទៀត នៅទូទាំងប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ខណៈផ្លូវធំៗចំនួន២ ក្នុងទីក្រុងតែលអាវីវ (Tel Aviv) ត្រូវបានបិទ៕

រុស្ស៊ីបាញ់ស្រោចមីស៊ីលលើកំពង់ផែអ៊ុយក្រែន និងគំរាមបាញ់កម្ទេចនាវា ខណៈក្រុងគីវ ប្រើគ្រាប់បែកចង្កោម

2023/07/21 11:31:44 am        152
ប្រទេសរុស្ស៊ីបានធ្វើឲ្យទីផ្សារគ្រាប់ធញ្ញជាតិពិភពលោកច្របូកច្របល់ដោយសារតែការកើនឡើងភាពតានតឹងនៅក្នុងសមុទ្រខ្មៅ ស្របពេលមានការវាយប្រហារតាមអាកាស ៣យប់ជាប់គ្នា ទៅលើកំពង់ផែមួយចំនួនរបស់អ៊ុយក្រែន និងចេញការគំរាមវាយប្រហារលើនាវា ដែលមានគោលដៅទៅកាន់អ៊ុយក្រែន បើទៅក្រុងគីវ ហ៊ានបញ្ជូននាវាឆ្លងកាត់។ ជនស៊ីវិលយ៉ាងហោចណាស់២៧នាក់ ត្រូវបានរាយការណ៍ថា បានរងរបួសក្នុងការវាយប្រហារតាមអាកាសលើកំពង់ផែមួយចំនួន ដែលបណ្ដាលឲ្យឆេះអគារមួយចំនួន និងបង្កការខូចខាតស្ថានកុងស៊ុលរបស់ចិន នៅក្នុងទីក្រុងអូដេសា (Odesa។ សហរដ្ឋអាមេរិក បាននិយាយថា ការព្រមានរបស់រុស្ស៊ី ចំពោះការដឹកជញ្ជូននានា បានបង្ហាញថា ទីក្រុងមូស្គូ អាចវាយប្រហារលើនាវាទាំងឡាយនៅសមុទ្រខ្មៅ ក្រោយការដកខ្លួនរបស់ក្រុងមូស្គូ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ចេញពីកិច្ចព្រមព្រៀងសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញាជាតិ។ សញ្ញាដែលថារុស្ស៊ី មានបំណងប្រើកម្លាំង ដើម្បីបិទច្រករបស់ខ្លួនជាថ្មី លើប្រទេសមួយក្នុងចំណោម ប្រទេសនាំចេញស្បៀងអាហារធំជាច្រើនរបស់ពិភពលោក នឹងធ្វើឲ្យតម្លៃទំនិញសកលហក់ ឡើងខ្ពស់។ ក្រុងមូស្គូនិយាយថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ រយៈពេល១ឆ្នាំនេះទៀត ឡើយប្រសិនបើគ្មានលក្ខខណ្ឌល្អប្រសើរសម្រាប់ទីផ្សារលក់ស្បៀងអាហារ និងជីកសិកម្មរបស់ខ្លួន។ ចាប់តាំងពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ក្រុងមូស្គូ បានបាញ់ស្រោចមីស៊ីលទាំងយប់ទៅ​លើទីក្រុងកំពង់ផែធំបំផុតចំនួន២របស់អ៊ុយក្រែន​ គឺអូដេសា(Odesa) និង មីកូឡេអ៊ីវ( Mykolaiv)។ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ​ទំនងមានសភាពធ្ងន់ធ្ងរបំផុត។យោងតាមមន្ត្រីអាមេរិក២រូប និងបុគ្គលម្នាក់ទៀតដែលដឹកបញ្ហានេះ ទាហាអ៊ុយក្រែន បាន​ចាប់ផ្ដើមបាញ់គ្រាប់បែកចង្កោម ដែលផ្ដល់ដោយសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការវាយបកលើកងកម្លាំងរុស្ស៊ី ៕

ចំហេះព្រៃឆេះបំផ្លាញដើមឈើនៅក្បែរភូមិមួយនៅក្នុងប្រទេសក្រិក

2023/07/21 11:16:16 am        86
អាជ្ញាធររបស់ប្រទេសក្រិក ត្រូវបង្ខំជម្លៀសប្រជាជនបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២០ ខែកក្កដា) បន្ទាប់ពីចំហេះព្រៃ នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុងអាតែន (Athens) ដែលត្រូវបានពន្លត់ហើយនោះ បានត្រឡប់ជាឆេះឡើងវិញម្ដងទៀត ក្នុងកម្លាំងខ្លាំងជាងមុន។អគ្គិភ័យបានឆាបឆេះព្រៃឈើ នៅជិតអគារក្បែរភូមិ Agios Sotiras ខណៈដែលយន្តហោះ បានស្រោចទឹកពីលើ ហើយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកដល់ដើម្បីពន្លត់ភ្លើង ដែលកំពុងឆេះយ៉ាងសន្ធោរសន្ធៅនោះ។ជាមួយគ្នានេះដែរ ភ្លើងឆេះលើកោះ Rhodes និងនៅតំបន់ Lakonia ភាគខាងត្បូងប្រទេសក្រិក ក៏បានរីករាលដាលកាន់តែខ្លាំងផងដែរ នៅថ្ងៃព្រហស្បតិ៍នោះ ហើយសីតុណ្ហភាពឡើងក្ដៅខ្លាំង កំពុងគំរាមកំហែងដល់ការផ្ទុះឡើងជាថ្មី នៅក្នុងស្ថានភាពគ្រោះថ្នាក់ដែលពិបាកទប់ទល់។លើសពីនេះទៀត សេវាឧតុនិយមបានព្រមានពីហានិភ័យខ្ពស់នៃការមានអគ្គិភ័យ ចាប់ពីថ្ងៃសុក្រ (ថ្ងៃទី២១ ខែកក្កដា) នៅពេលដែលសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងឡើងខ្ពស់បន្ថែមទៀត ដោយឡើងដល់កម្រិតអតិបរមា ៤៥អង្សាសេ នៅចុងសប្តាហ៍នេះ៕

លោក Macron រុះរើរដ្ឋមន្ត្រី ក្រោយការតវ៉ា និងកុបកម្ម អង្រួនប្រទេសបារាំង

2023/07/21 11:03:36 am        66
ភ្នំពេញ៖ លោកប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍បានរុះរើរដ្ឋមន្រ្តី​របស់​លោកសម្រាប់តំណែងកិច្ចការក្នុងប្រទេសសំខាន់ៗដូចជាការអប់រំ ​លំនៅដ្ឋាន និងកិច្ចការក្នុង​ក្រុង ខណៈរដ្ឋាភិបាលរបស់លោកចាប់ផ្តើមការឆ្លើយតបរបស់ខ្លួន​ចំពោះកុបកម្ម​ដែលបានអង្រួនប្រទេស​កាលពី៣សប្តាហ៍មុន។ លោក Macron បានតស៊ូដើម្បីចាប់ផ្តើមអាណត្តិទីពីររបស់លោកឡើងវិញ ដែលត្រូវបាន​ញាំញី​ដោយវិបត្តិក្នុងស្រុក​ រួមទាំងការតវ៉ាជាច្រើនខែ ​ជុំវិញការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ក៏ដូចជា​ការផ្ទុះអំពើកុបកម្មរយៈពេល៥ថ្ងៃ​ ជុំវិញការស្លាប់ក្មេងប្រុសជំទង់ជនជាតិអាល់ហ្សេរី កាត់ម៉ារ៉ុក ​ពីសំណាក់នគរបាល​ ពេលឈប់ត្រួតពិនិត្យចរាចរណ៍។ ការផ្លាស់ប្តូរដ៏ធំបំផុតគឺនៅក្រសួងអប់រំជាទីដែលលោក ប៉ាប ឌីយ៉ាយ៉េ (Pap Ndiaye) អ្នកជំនាញ​សាកល​វិទ្យាល័យ Black studies ដែលបានក្លាយជាគោលដៅនៃការវាយប្រហារបែប​អភិរក្សនិយម ត្រូវបានជំនួសដោយរដ្ឋមន្ត្រីទទួលបន្ទុកថវិកា ​លោក ហ្គាប្រៀល​ អាតាល់ ( Gabriel Attal) វ័យ ៣៤ ឆ្នាំ។លោកAttal ជាតារាកំពុងរះក្នុងចំណោមអ្នកម៉ាក្រុងនិយម បានក្លាយជាសមាជិកគណៈរដ្ឋមន្ត្រី​វ័យក្មេង​បំផុតរបស់ប្រទេសបារាំងនៅអាយុ ២៩ ឆ្នាំនៅពេលដែលលោកបានចូលបម្រើការងារ​ក្នុងរដ្ឋាភិបាលក្នុងឆ្នាំ ២០១៨ ។លោកទទួលបានកេរ្តិ៍ឈ្មោះជាអ្នកស្មោះត្រង់ដែលមានប្រាជ្ញាឆ្លាតវៃរហ័សរហួនជាអ្នកនាំពាក្យរដ្ឋាភិបាល មុនពេលត្រូវបាន​តែងតាំង​ឲ្យទទួល​បន្ទុកការ​គ្រប់គ្រង​ថវិកា​ដ៏មានឥទ្ធិពល៕

កូរ៉េខាងជើងព្រមានសងសឹកវិញដោយប្រើនុយក្លេអ៊ែរ ចំពោះការបង្ហាញកម្លាំងយោធារបស់អាមេរិក

2023/07/21 10:53:05 am        87
សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ដោយសំអាងប្រភពពីរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង ថាប្រទេសនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយនាវាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់បែក ឬនាវាមុជទឹកបំពាក់ដោយមីស៊ីល នៅក្នុងប្រទេសកូរ៉េខាងត្បូង អាចបង្ខំឲ្យខ្លួនឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។ ការអត្ថាធិប្បាយទាំងនេះ បានបង្កើនភាពតានតឹង ខណៈភាគីនីមួយៗបង្កើនការសំញែងសាច់ដុំ ខាងយោធាក្នុងភាពជាប់គាំង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់ប្រទេសឯកោមួយនេះ។សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិនេះ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរពីបទបង្កភាពតានតឹងនៅក្នុងតំបន់នេះ ខណៈរិះគន់ជំនួបលើកដំបូងរបស់សម្ព័ន្ធភាពនេះដោយក្រុមពិក្សានុយក្លេអ៊ែរ(NCG)របស់ពួកគេ។ សេចក្ដីថ្លែងការណ៍នេះ និយាយថា សកម្មភាពបង្កើនការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងអាវុធនុយក្លេអ៊ែរផ្សេងទៀត យ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានបែបនេះ អាចធ្លាក់ក្រោមលក្ខខណ្ឌនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរស្របតាមច្បាប់នៅក្នុងប្រទេសកូរ៉េខាងជើង។ ការអត្ថាធិប្បាយរបស់លោក Kang គឺសំដៅដល់នាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទីកបំពាក់ដោយអាវុធនុយក្លេអ៊ែរ កម្រិតរដ្ឋ អូហៃយ៉ូ (Ohio) របស់សហរដ្ឋអាមេរិក ដែលបានមកដល់កំពង់ផែមួយក្នុងទីក្រុង Busan ភាគខាងត្បូង របស់កូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ។របាយការណ៍របស់ KCNA បាននិយាយថា ដំណាក់កាលនៃការប៉ះទង្គិចយោធានៅលើឧបទ្វីបកូរ៉េបានលេចចេញជាការពិតដ៏គ្រោះថ្នាក់៕

សហរដ្ឋអាមេរិក ព្រួយបារម្ភកាន់តែខ្លាំង ចំពោះស្ថានភាពរបស់ពលបាលឯក Travis King ក្រោយគ្មានការឆ្លើយតបពីកូរ៉េខាងជើង

2023/07/21 10:43:22 am        141
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញក្ដីបារម្ភកាន់តែខ្លាំងឡើងជុំវិញ ស្ថានភាព​របស់​ពលបាលឯកមួយរូប គឺ លោក Travis King ដែលបានឆ្លងចូលទៅក្នុងទឹកដីកូរ៉េខាងជើង កាលពី២ថ្ងៃមុន ដោយនិយាយថា ​វិមានបញ្ចកោណ​មានប្រវត្តិនៃការធ្វើទារុណ្ឌកម្ម​លើទាហាន​អាមេរិក​ដែលត្រូវបានចាប់ខ្លួន។អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី គ្រីស្ទីន វូម៉ូដ (Christine Wormuth) ​នៅក្នុងការអត្ថាធិប្បាយ​ជា​សាធារណៈលើកដំបូងរបស់លោកស្រីពាក់ព័ន្ធករណីនេះ ​បាននិយាយថា ​ទីក្រុងវ៉ាស៊ីនតោន បានព្យាយាមអស់ពីសមត្ថភាព​ដើម្បីទាក់ទងទីក្រុងព្យុងយ៉ាង រួមទាំងធ្វើទំនាក់ទំនាក់​តាមរយៈអង្គការ​សហប្រជាជាតិផងដែរ។ ​ក្រុមមន្ត្រី​បាននិយាយថា ​ ប៉ុន្តែកូរ៉េខាងជើងពុំទាន់​បានផ្ដល់ការឆ្លើយតបណាមួយនៅឡើយទេ។ លោកស្រី វ៉ូម៉ូដ បានប្រាប់វាទិកាសន្តិសុខអាស្ពេន(Aspen Security Forum)នៅក្នុងរដ្ឋ Colorado ថាខ្ញុំបារម្ភពីសុវត្ថិភាព​របស់កងទ័ពរូបនេះខ្លាំងណាស់។ លោកស្រីបានលើកឡើងពីករណីរបស់លោក Otto Warmbier ជានិស្សិតសកលវិទ្យាមួយរូប​របស់​អាមេរិក ដែលត្រូវបានជាប់ពន្ធនាគារក្នុងប្រទេសកូរ៉េខាងជើង​រយៈពេល១៧ខែមុនពេលស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនត្រឡប់មកសហរដ្ឋអាមេរិកវិញក្នុងស្ថានភាពដូចជាមនុស្សរុក្ខជាតិ កាលពីឆ្នាំ២០១៧កន្លងមកនេះ ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក នៅតែមានមន្ទិលខ្លាំងពីមូលហេតុដែល លោក King ឆ្លងព្រំដែនចូលទៅកូរ៉េខាងជើង។ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសកូរ៉េខាងជើង មិនបានឆ្លើយតបទៅនឹងការប៉ុនប៉ងចរចា ឲ្យមានការដោះលែងទាហានអាមេរិក ដែលបានរត់ចេញពីព្រំដែន ដែលមានការយាមកាមបំពាក់ដោយអាវុធធន់ធ្ងន់យ៉ាងតឹងរ៉ឹងនោះទេ។ គួររម្លឹកថា Travis King បានឆ្លងកាត់តំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកកូរ៉េខាងជើង និងកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ៕

ការផ្ទុះហ្គាសនៅកណ្តាលក្រុង Johannesburg បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់

2023/07/20 03:19:33 pm        147
យោងតាមការផ្សាយរបស់វិទ្យុ ៧០២ នៅប្រទេសអាហ្រ្វិកខាងត្បូង បានឲ្យដឹងថា ការផ្ទុះមួយនៅកណ្តាលសង្កាត់ប្រកបអាជីវកម្មនៃរដ្ឋធានីពាណិជ្ជកម្ម Johannesburg បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបានធ្វើឲ្យមនុស្សជាង៤០នាក់ផ្សេងទៀតរងរបួស។អាជ្ញាធរនៅមិនទាន់កំណត់ពីមូលហេតុនៃការផ្ទុះ នៅរសៀលថ្ងៃពុធ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវថ្នល់ បើទោះបីជាការប៉ាន់ស្មានជាបឋម បានលម្អៀងទៅលើការផ្ទុះបំពង់បង្ហូរឧស្ម័នក៏ដោយ។ ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាស់របស់ទីក្រុង Egoli Gas Ltd. បាននិយាយថា ការលេចធ្លាយទំនងជាមិនអាចកើតឡើងនោះទេ ដោយសារប្រព័ន្ធរបស់ខ្លួន មិនបានជួបប្រទះការបាត់បង់សម្ពាធណាមួយឡើយ។អ្នកនាំពាក្យរបស់ City Power លោក Isaac Mangena បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ ៧០២ នៅថ្ងៃព្រហស្បតិ៍នេះថា៖ «នៅពេលដែលយើងនៅកន្លែងកើតហេតុ កាលពីពាក់កណ្តាលអធ្រាត្រជាមួយថ្នាក់ដឹកនាំ រួមទាំងអភិបាលទីក្រុង និងនាយកដ្ឋានទាំងអស់ដែលពាក់ព័ន្ធ យើងមិនមានការពន្យល់ណាមួយច្បាស់លាស់នោះទេ ពីព្រោះការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ»។សេវាវេជ្ជសាស្រ្ដសង្គ្រោះបន្ទាន់ ER24 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការផ្ទុះនេះបានធ្វើឲ្យរថយន្តតាក់ស៊ីមីនីប៊ឹស និងយានយន្តជាច្រើនផ្សេងទៀតក្រឡាប់ ខណៈដែលផ្លូវមួយហាក់ដូចជាត្រូវបានហែកចេញពីគ្នា។ របាយការណ៍បឋមពីកន្លែងកើតហេតុ បានបង្ហាញថា មនុស្សជាច្រើនបានរងរបួសពីស្រាលទៅមធ្យម»៕

សហរដ្ឋអាមេរិកព្យាយាមរក្សា "សុវត្ថិភាព និងការវិលត្រឡប់" របស់ទាហានដែលបានឆ្លងព្រំដែន

2023/07/20 03:06:59 pm        93
ក្រុមមន្ត្រីអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២០ កក្កដា)នេះថា សហរដ្ឋអាមេរិកកំពុងចូលរួមយ៉ាងសកម្មក្នុងការធានាការវិលត្រឡប់ដោយសុវត្ថិភាពរបស់ទាហានអាមេរិកដែលបានឆ្លងព្រមដែនចូលទៅក្នុងប្រទេសកូរ៉េខាងជើង។បេសកជនពិសេសអាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim បានធ្វើអត្ថាធិប្បាយពីទាហានឈ្មោះ Travis King ដែលបានឆ្លងព្រំដែនចូលកូរ៉េខាងជើងកាលពីថ្ងៃអង្គារ (១៨ កក្កដា) មុនពេលកិច្ចប្រជុំត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង ស្តីពីការប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។ជំនួបនេះបានធ្វើឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងជុំវិញឧបទ្វីបកូរ៉េ។ ការឆ្លងដែនដោយគ្មានការអនុញ្ញាតរបស់លោក King ចូលទៅក្នុងប្រទេសកូរ៉េខាងជើងបានកើតឡើងនៅថ្ងៃដូចគ្នាដែលនាវាមុជទឹកមីស៊ីលបាលិស្ទិកបំពាក់ដោយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានទៅកាន់កូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក៕

សេតវិមាន៖ រុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយប្រហារទៅលើនាវាស៊ីវិលនៅសមុទ្រខ្មៅ

2023/07/20 03:02:56 pm        124
រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានព្យួរការចូលរួមក្នុងកិច្ចព្រមព្រៀង​សម័យ​សង្រ្គាមដែលអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិហូរចេញពីអ៊ុយក្រែន ទៅកាន់ប្រទេសជុំវិញពិភពលោក សេតវិមានកាលពីថ្ងៃពុធ បានព្រមានថា យោធារុស្ស៊ីកំពុងរៀបចំសម្រាប់លទ្ធភាពវាយប្រហារ​ទៅលើនាវាដឹកជញ្ជូនស៊ីវិលនៅសមុទ្រខ្មៅ។ចាប់តាំងពីចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក្នុងសប្តាហ៍នេះ ប្រទេសរុស្ស៊ី បានវាយប្រហារកំពង់ផែនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនរួចហើយនៅក្នុងទីក្រុងអូដេសា (Odesa) ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន។ គ្រាប់ធញ្ញជាតិប្រហែល ៦០.០០០តោន ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនោះ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Adam Hodge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ព័ត៌មានរបស់យើង បង្ហាញថា រុស្ស៊ីបានដាក់គ្រាប់មីនសមុទ្របន្ថែម នៅតាមផ្លូវទៅកាន់កំពង់ផែអ៊ុយក្រែន»។ «យើងជឿថា នេះគឺជាការខិតខំប្រឹងប្រែងសម្របសម្រួលមួយ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារណាមួយប្រឆាំងនឹងនាវាស៊ីវិលនៅក្នុងសមុទ្រខ្មៅ ហើយបានបន្ទោសអ៊ុយក្រែនចំពោះការវាយប្រហារទាំងនេះ»។ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ដែនទឹកអន្តរជាតិនៅភាគពាយ័ព្យ និងភាគអាគ្នេយ៍នៃសមុទ្រខ្មៅ «មានគ្រោះថ្នាក់ជាបណ្តោះអាសន្ន»សម្រាប់ការដឹកជញ្ជូន។ ការប្រកាសនោះ បានធ្វើឡើងបន្ទាប់ពីការសន្យារបស់អ៊ុយក្រែន ក្នុងការបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ បើទោះបីជារុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងក៏ដោយ។ក្រសួងនេះ បានព្រមានថា ខ្លួននឹងចាត់ទុកនាវាចូលមកណាមួយថា ជានាវាផ្ទុកគ្រឿងយុទ្ធោបករណ៍។

កម្មករក្រុមហ៊ុន UPS ប្រមូលផ្តុំគ្នានៅទីក្រុង Los Angeles ខណៈថ្ងៃផុតកំណត់នៃកូដកម្មមកដល់

2023/07/20 02:57:43 pm        160
ក្រុមកម្មករដែលជួលដោយក្រុមហ៊ុនដឹកជញ្ជូន UPS បានធ្វើការប្រមូលផ្តុំគ្នានៅខាងក្រៅក្រុមហ៊ុន UPS កាលពីថ្ងៃពុធ (១៩ កក្កដា) ខណៈដែលថ្ងៃផុតកំណត់នៃកូដកម្មប្រឆាំងនឹងក្រុមហ៊ុនជិតមកដល់។ ក្រុមសមាជិកសភាអាមេរិកចំនួន ២០០នាក់កាលពីថ្ងៃពុធបាននិយាយថា ពួកគេបានយល់ព្រមមិនធ្វើអន្តរាគមន៍ក្នុងករណីធ្វើកូដកម្មរបស់កម្មករនៅក្រុមហ៊ុន UPS នេះទេ។ក្រុមហ៊ុនដឹកជញ្ជូនទំនិញធំបំផុតរបស់ពិភពលោកមួយនេះ និងសហជីពកម្មករ International Brotherhood of Teamsters មានពេលរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៣១ ខែកក្កដា ក្នុងការឈានដល់កិច្ចព្រមព្រៀងកិច្ចសន្យាដែលគ្របដណ្តប់លើកម្មករប្រហែល ៣៤០.០០០នាក់ ដែលរៀបចំ ផ្ទុក និងចែកចាយទំនិញនៅសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប៉ះទង្គិចជាមួយលោក Musk ជាថ្មី ដោយគំរាមផ្ដាច់មូលនិធិ Tesla និង SpaceX
07/02/2025 10:07 AM
លោក Putin និងលោក Macron ពិភាក្សាពីមជ្ឈិមបូព៌ា និងអ៊ុយក្រែន ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងចាប់តាំងពីឆ្នាំ២០២២
07/02/2025 09:07 AM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”
07/02/2025 09:07 AM
ទិន្នន័យបញ្ជាទិញ PMI របស់សហរដ្ឋអាមេរិក ធ្លាក់ក្នុងភាពទន់ខ្សោយ ខណៈពន្ធកំពុងបញ្ចេញឥទ្ធិពល
07/02/2025 09:07 AM
អង្គការសប្បុរសធម៌ ១៧០ក្រុម ទាមទារឱ្យបិទក្រុមជំនួយហ្កាហ្សា ដែលគាំទ្រដោយអាមេរិក និងអ៊ីស្រាអែល
07/02/2025 09:07 AM
អឺរ៉ុប រងការវាយប្រហារពីរលកកម្តៅខ្លាំង ខណៈសីតុណ្ហភាពហក់ឡើងលើស៤០អង្សាសេ
07/02/2025 09:07 AM
មន្ត្រី UN ព្រមានពីវិបត្តិកាន់តែធ្ងន់នៅហ្កាហ្សា ស្របពេលប្រតិបត្តិការយោធាកំពុងបន្ត និងការរាំងខ្ទប់ជំនួយ
07/02/2025 09:07 AM
លោកTrump៖ អ៊ីស្រាអែលបានយល់ព្រមលើលក្ខខណ្ឌចាំបាច់ ដើម្បីសម្រេចបទឈប់បាញ់រយៈពេល ៦០ថ្ងៃនៅហ្កាហ្សា
07/02/2025 08:07 AM
ចិន ត្រៀមខ្លួនពិភាក្សាអំពីការដំឡើងពន្ធ និងការឧបត្ថម្ភធនជាមួយអាមេរិក នៅអង្គការ WTO
07/02/2025 08:07 AM
សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការ បតេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត
07/01/2025 08:07 PM