ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

សន្តិសុខ និង សង្គម

អ៊ីស្រាអែលវាយប្រហារភាគខាងកើតក្រុងរ៉ាហ្វា ខណៈកិច្ចចរចាបទឈប់បាញ់បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង

2024/05/10 08:07:49 am        155
ប្រជាជនប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់នានារបស់ទីក្រុងរ៉ាហ្វា (Rafah) កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ឧសភា ខណៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានច្រានចោលការគំរាមរបស់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងការឈប់ផ្ដល់អាវុធឲ្យទៅអ៊ីស្រាអែល ប្រសិនបើខ្លួន វាយលុកទីក្រុងហ្កាហ្សា ភាគខាងត្បូង។ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការចរចាដោយប្រយោលចុងក្រោយបំផុតនៅទីក្រុងគែរ(Cairo)ប្រទេសអេហ្ស៊ីប ដើម្បីបញ្ឈប់អរិភាពនៅតំបន់ហ្កាហ្សាបានបញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀង ហើយអ៊ីស្រាអែល នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅរ៉ាហ្វា និងផ្នែកផ្សេងទៀតនៃដែនដីហ្កាហ្សាស្ទ្រីប តាមការគ្រោងទុក។មន្ត្រីបាននិយាយថា អ៊ីស្រាអែល បានដាក់ជូនក្រុមអ្នកសម្រមសម្រួលនូវការបម្រុងរបស់ខ្លួនអំពីសំណើរបស់ក្រុមហាម៉ាសសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា ប្រសិនបើយើងត្រូវតែប្រយុទ្ធ យើងនឹងត្រូវប្រើគ្រប់មធ្យោបាយទាំងអស់ដែលយើងមាន ហើយមានច្រើនជាងសត្រូវរបស់យើង ក្នុងករណីអាមេរិក ឈប់ផ្ដល់អាវុធឲ្យទៀត។ នៅតំបន់ហ្កាហ្សា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានបាញ់គ្រាប់រ៉ូកែតប្រឆាំងរថក្រោះ និងកាំភ្លើងត្បាល់ទៅលើរថក្រោះអ៊ីស្រាអែល ដែលប្រមូលផ្តុំនៅជាយក្រុងភាគខាងកើត។ក្រុមអ្នកស្រុក និងគ្រូពេទ្យនៅតំបន់រ៉ាហ្វា ដែលជាតំបន់ជាយទីក្រុងដ៏ធំបំផុតនៅក្នុងតំបន់ហ្កាហ្សា មិនទាន់ត្រូវបានវាយលុកដោយកងកម្លាំងថ្មើរជើងករបស់អ៊ីស្រាអែលនៅឡើយនោះ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតវិហារអ៊ីស្លាមមួយកន្លែង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងមួយចំនួនរងរបួសនៅក្នុងតំបន់ភាគខាងកើត៕

នគរបាលទួរគី ឃុំខ្លួនជនសង្ស័យ១៥នាក់ ពាក់ព័ន្ធទៅនឹងរដ្ឋប្រហារបរាជ័យ ឆ្នាំ២០១៦

2024/05/09 01:35:55 pm        60
យោងតាមប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅទីក្រុងអង់ការ៉ា បាននិយាយកាលពីថ្ងៃពុធថា នគរបាលប្រទេសទួរគី បានឃុំខ្លួនជនសង្ស័យចំនួន១៥នាក់ ជុំវិញការជាប់ពាក់ព័ន្ធដែលបានចោទប្រកាន់ចំពោះបណ្តាញមួយប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០១៦។ការិយាល័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នគរបាលបានបើកការវាយឆ្មក់ នៅក្នុងរដ្ឋធានី បន្ទាប់ពីរដ្ឋអាជ្ញា បានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន១៦នាក់ ដែលត្រូវបានគេជឿថាជាសមាជិកនៃអង្គការមួយ។សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ប្រតិបត្តិការរបស់នគរបាល កំពុងដំណើរការដើម្បីចាប់ខ្លួនជនសង្ស័យដែលនៅសល់។ ជនសង្ស័យ ត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយចលនា Gulen ជាបណ្តាញមួយដែលតាមការចោទប្រកាន់ថា ដឹកនាំដោយបព្វជិត លោក Fethullah Gulen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយត្រូវបានដាក់កំហុសដោយរដ្ឋាភិបាលទួរគី សម្រាប់ការរៀបចំការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៥០នាក់ ស្លាប់។បន្ទាប់ពីការប៉ុនប៉ងនេះ រដ្ឋាភិបាល បានចាប់ផ្តើមការបង្ក្រាបទ្រង់ទ្រាយធំ លើបុគ្គលដែលសង្ស័យថាមានទំនាក់ទំនងជាមួយចលនានេះ។

និស្សិតនៅសាកលវិទ្យាល័យអង់គ្លេសជាង១០ សាកលវិទ្យាល័យ តវ៉ាប្រឆាំងអ៊ីស្រាអែល

2024/05/09 01:28:41 pm        58
ការតវ៉ាប្រឆាំងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើឡើងនៅសាកលវិទ្យាល័យអង់គ្លេសជាង១០សាកលវិទ្យាល័យ ខណៈបាតុកម្មនៅបរិវេណសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិកនៅតែបន្តការតវ៉ា ដោយអ្នកតវ៉ាជាច្រើននាក់ត្រូវបានចាប់ខ្លួន។ និស្សិត និងបុគ្គលិក នៅសាកលវិទ្យាល័យខេមប្រ៊ីជ បានបោះជំរំតង់ជិត៥០តង់។ក្រុមបាតុករ កំពុងទាមទារឱ្យសាកលវិទ្យាល័យបញ្ឈប់ការវិនិយោគជាមួយក្រុមហ៊ុនដែលផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ីស្រាអែល។ ពួកគេ និយាយថា មិនគួរទទួលយកមូលនិធិស្រាវជ្រាវពីក្រុមហ៊ុនបែបនេះទេ។ និស្សិតម្នាក់ បាននិយាយថាគោលបំណងរបស់ពួកគេ គឺដើម្បីធ្វើឱ្យប្រាកដថាតម្លៃសិក្សារបស់ពួកគេ មិនត្រូវបានប្រើប្រាស់សម្រាប់អ្វីមួយដែលពួកគេមិនយល់ស្របជាមួយ។ និស្សិតរូបនេះ និយាយបន្ថែមថា ការតវ៉ានឹងបន្តរហូតដល់សាកលវិទ្យាល័យ ស្តាប់ការទាមទាររបស់ពួកគេ។នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានថ្លែងននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា មានការកើនឡើងដែលមិនអាចទទួលយកបាននូវការប្រឆាំងជនជាតិជ្វីហ្វនៅក្នុងបរិវេណសាកលវិទ្យាល័យ។លោក Sunak ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យសាកលវិទ្យាល័យទាំងអស់ចាត់វិធានការរឹងមាំ ចំពោះអាកប្បកិរិយាមិនអាចទទួលយកបាន នៅក្នុងកិច្ចប្រជុំ នៅការិយាល័យនាយករដ្ឋមន្រ្តី របស់លោក។

នគរបាលប៉ះទង្គិចជាមួយបាតុករក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យហូឡង់

2024/05/09 01:25:28 pm        48
នគរបាលប្រឆាំងកុបកម្មរបស់ប្រទេសហូឡង់ បានប៉ះទង្គិចជាមួយក្រុមបាតុករនៅសាកលវិទ្យាល័យ អាំស្ទែដាំ (Amsterdam) កាលពីថ្ងៃពុធ (០៨ ឧសភា) ស្របពេលដែលបាតុករជាច្រើននាក់នៅមហាវិទ្យាល័យរបស់សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនក្នុងពេលមួយយប់ ខណៈការតវ៉ាដែលដឹកនាំដោយនិស្សិតប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្កាហ្សា បានធ្វើឱ្យកក្រើកសាកលវិទ្យាល័យកាន់តែច្រើននៅសងខាងនៃមហាសមុទ្រអាត្លង់ទិក។នៅក្នុងទីក្រុងអាំស្ទែដាំ ក្រុមបាតុករ ដែលឈរនៅលើរនាំងដែលបង្កើតពីតុ ឥដ្ឋ និងបន្ទះឈើ បានប្រើបំពង់ពន្លត់អគ្គិភ័យដើម្បីរុញច្រាននគរបាលនៅក្នុងការប៉ះទង្គិចគ្នានោះ។ វីដេអូរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញ មន្ត្រីនគរបាល បានប្រើឧបករណ៍កុបកម្ម ហើយវាយទៅលើក្រុមបាតុករដោយដំបង និងវាយកម្ទេចរនាំង ដោយអូសនិស្សិតវ័យក្មេងៗជាច្រើននាក់ចេញ ខណៈដែលមនុស្សរាប់រយនាក់ផ្សេងទៀតបានស្រែកពាក្យតវ៉ា។ការប្រឈមមុខដាក់គ្នានេះ បានគូសបញ្ជាក់ពីភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងបរិវេណសាលាអឺរ៉ុប បន្ទាប់ពីភាពចលាចលជាច្រើនសប្តាហ៍នៅសាកលវិទ្យាល័យជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈដែលនិស្សិតអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា។និស្សិតទាំងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បាននិងកំពុងធ្វើបាតុកម្មភាគច្រើនដោយសន្តិវិធី ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងឱ្យសាលារៀនរបស់ពួកគេកាត់ផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ដែលពួកគេនិយាយថាទទួលបានផលចំណេញពីការគៀបសង្កត់លើពលរដ្ឋប៉ាឡេស្ទីន៕

មេដឹកនាំស៊ូដង់៖ គ្មានការចរចា និងបទឈប់បាញ់ទេ រហូតដល់កងកម្លាំងយោធាប៉ារ៉ា បរាជ័យ

2024/05/09 01:14:20 pm        90
ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ លោក Abdel Fattah Al-Burhan កាលពីថ្ងៃពុធ បាននិយាយថា នឹងពុំមានការចរចា ឬបទឈប់បាញ់ទេ រហូតដល់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ត្រូវបរាជ័យ។ ក្រុមប្រឹក្សាអធិបតេយ្យភាព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Al-Burhan ដែលជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បាននិយាយដូច្នេះ ទៅកាន់កងកម្លាំងយោធានៅក្នុងរដ្ឋ ទន្លេនីល(River Nile) ភាគខាងជើងប្រទេសស៊ូដង់។ លោក Al-Burhan និយាយថា នឹងគ្មានការចរចា គ្មានសន្តិភាព និងគ្មានបទឈប់បាញ់ឡើយ លុះត្រាតែបន្ទាប់ពីក្រុមបះបោរនេះត្រូវបរាជ័យ ដូច្នេះប្រទេសនេះអាចរស់នៅក្នុងសន្តិភាព។ការនិយាយលើកឡើងរបស់លោក Al-Burhan បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការប្រយុទ្ធគ្នាដោយហិង្សា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) នៅក្នុងរដ្ឋ North Kordofan ។ កាលពីថ្ងៃអង្គារកងកម្លាំងគាំទ្ររហ័ស(SAF) បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា កងពលធំថ្មើរជើងទី៥ របស់កងទ័ព បានទទួលជ័យជម្នះនៅក្នុងទីក្រុង El Obeid រដ្ឋធានីនៃរដ្ឋ North Kordofan ។ ទោះជាយ៉ាងណា កងកម្លាំងប្រដាប់អាវុធស៊ូដង់(RSF) កាលពីថ្ងៃពុធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយរុញច្រានការវាយលុករបស់កងកម្លាំងគាំទ្ររហ័ស (SAF) នៅក្នុងរដ្ឋ North Kordofan ។ គំនិតផ្តួចផ្តើមសន្តិភាពមួយចំនួន ត្រូវបានជំរុញឆ្ពោះទៅមុខដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសស៊ូដង់ រួមទាំងធ្វើឡើងដោយសហភាពអាហ្រ្វិក អាជ្ញាធរអន្តររដ្ឋាភិបាលលើការអភិវឌ្ឍន៍ ប្លុកអាហ្វ្រិកខាងកើត ប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ប៉ុន្តែរហូតមកដល់ពេលនេះបានបរាជ័យទាំងអស់។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ប្រហែល២៥លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ដោយមនុស្សជិត១៨លាននាក់ប្រឈមមុខទៅនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ ដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឲ្យដឹងថា ចាប់តាំងពីជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) បានផ្ទុះឡើងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ អ្នកស្លាប់និងរងរបួសប្រហែល១៥.០០០នាក់ ត្រូវបានកត់ត្រា ខណៈចំនួនប្រជាជនភៀសខ្លួននៅខាងក្នុង និងខាងក្រៅប្រទេសស៊ូដង់ បានកើនឡើងដល់ ៨,២ លាននាក់ ។

ព្យុះដ៏ខ្លាំងក្លាឆក់យកជីវិតមនុស្ស៣នាក់ ខណៈព្យុះកួចបោកបក់ពាសពេញភាគកណ្ដាល និងខាងត្បូងអាមេរិក

2024/05/09 12:58:59 pm        98
ព្យុះដ៏ខ្លាំងក្លា បានវាយប្រហារជាថ្មី ពាសពេញតំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បង្កឲ្យមានព្យុះកួចដ៏បំផ្លិចបំផ្លាញ និងបង្កើតឲ្យមានជាដុំទឹកកកធ្លាក់លាយឡំជាមួយទឹកភ្លៀង ដែលបានឆក់យកជីវិតមនុស្ស២នាក់ នៅក្នុងរដ្ឋធិនណេសស៊ី និងម្នាក់នៅក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង (North Carolina) ។ព្យុះដែលបានបោកបោក់ទូទាំងភាគខាងជើងរដ្ឋធិនណេសស៊ី បាននាំខ្យល់ដ៏ខ្លាំងក្លា ដែលបានផ្ដួលរំលំបង្គោលភ្លើង និងដើមឈើ។ កាលពីរសៀលថ្ងៃពុធ សេវាអាកាសធាតុ បានចេញការព្រមានឲ្យប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត សម្រាប់តំបន់មួយនៅភាគខាងត្បូង ទីក្រុងណាស្វ៊ីល (Nashville ) រួមទាំងទីប្រជុំជន Spring Hill, Chapel Hill និង Eagleville។ ក្រុមមន្ត្រីនិយាយថា នៅក្នុងរដ្ឋ North Carolina ការដាក់រដ្ឋក្នុងគ្រាអាសន្នត្រូវបានប្រកាសឡើងសម្រាប់សង្កាត់ ហ្កាស្តុន(Gaston County) កាលពីល្ងាចថ្ងៃពុធ ក្រោយមានព្យុះដ៏ធំ ។ ដំបូល និងជញ្ជាំងហាងលក់ទំនិញមួយចំនួន រងការបំផ្លិចបំផ្លាញក្រោយព្យុះដ៏ខ្លាំងក្លានៅក្នុងរដ្ឋ មីជីហ្គិន (Michigan)។ យោងតាមគេហទំព័រតាមដានថាមពល PowerOutage.us. អតិថិជនជាង១៣៥.០០០នាក់គ្មានអគ្គិសនី ប្រើប្រាស់ នៅក្នុងរដ្ឋ North Carolina កាលពីល្ងាចថ្ងៃពុធ ៕

ប្រភពសន្តិសុខលីបង់៖ មនុស្ស៥នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូង

2024/05/09 12:49:48 pm        70
ប្រភពសន្តិសុខលីបង់ បាននិយាយថា មនុស្ស ៥នាក់ រួមទាំងយុទ្ធជនហេសបូឡាពីរនាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសលីបង់ ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន រាយការណ៍ថា ក្នុងចំណោមក្រុមរបស់ខ្លួន មានមនុស្សបីនាក់ បានស្លាប់។អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស បានបង្កើនការវាយប្រហារឆ្លងព្រំដែនទៅវិញទៅមក ដែលបាននិងកំពុងបន្ត បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែលភាគខាងត្បូង បានបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។យោងតាមប្រភពសន្តិសុខលីបង់ យុទ្ធជនហេសបូឡាពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុងព្រំដែន Adaisseh។ក្រោយមក ក្រុមហេសបូឡា បាននិយាយថា យុទ្ធជនពីរនាក់របស់ខ្លួន ត្រូវបាន«ធ្វើឲ្យរងរបួស និងឈឺចាប់ នៅតាមផ្លូវទៅកាន់ទីក្រុងហ្ស៊េរុយសាឡឹម» ជាឃ្លាដែលក្រុមនេះ ប្រើដើម្បីសំដៅលើសមាជិកដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល។ប្រភពលីបង់ បានអះអាងថា ការវាយប្រហារដាច់ដោយឡែកមួយទៅលើភូមិ Khiam កាលពីថ្ងៃពុធ បានសម្លាប់មនុស្សបីនាក់ ដែលទំនងជា «យុទ្ធជនប៉ាឡេស្ទីន»។

មន្ទីរពេទ្យនៅក្រុង Rafah ឈប់ដំណើរការក្នុងពេលមានការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល

2024/05/09 12:07:35 pm        99
មន្ទីរពេទ្យ Abu Youssef al-Najjar នៅទីក្រុង Rafah មានទីតាំងស្ថិតនៅក្នុងតំបន់នៃទីក្រុងហ្កាហ្សាភាគខាងត្បូង ដែលត្រូវបានកងទ័ពអ៊ីស្រាអែលកំណត់ថាជាតំបន់ប្រយុទ្ធ ជាផ្នែកមួយនៃប្រតិបត្តិការយោធានៅទីនោះ។ មន្ត្រីក្រសួងសុខាភិបាល បាននិយាយថា អ្នកជំងឺប្រហែល២០០នាក់ នៅក្នុងមន្ទីរពេទ្យនេះ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញ ទៅភាគខាងលិចទីក្រុង បន្ទាប់ពីបានទទួលការហៅទូរស័ព្ទព្រមានឲ្យពួកគេចាកចេញ។ មន្ទីរពេទ្យត្រូវបញ្ឈប់ការផ្តល់សេវាកម្ម។ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល នៅភាគខាងកើតទីក្រុង Rafah កាលពីថ្ងៃពុធ។ លោក មូហាម៉េដ ហ្សាហ្គូត(Muhammad Zaqout) គឺជាវេជ្ជបណ្ឌិតប៉ាឡេស្ទីន និយាយថា ស្ថានភាពពេលនេះ អ្នកជំងឺភាគច្រើនដែលធ្ងន់ធ្ងរនឹងស្លាប់នៅក្នុងមន្ទីរពេទ្យចល័ត។ អ៊ីស្រាអែល បានគំរាមកំហែងការវាយលុកទ្រង់ទ្រាយធំទៅលើទីក្រុង Rafah ដើម្បីកម្ទេចក្រុមអ្នកប្រយុទ្ធហាម៉ាសរាប់ពាន់នាក់ ដែលខ្លួននិយាយថាកំពុងលាក់ខ្លួននៅទីនោះ។ប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិ បានព្រមានថា ការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងនេះ នឹងក្លាយជាមហន្តរាយមនុស្សធម៌ ចាប់តាំងពីមនុស្សជាងមួយលាននាក់កំពុងជ្រកកោននៅទីក្រុងនេះ។ អ៊ីស្រាអែល បានប្រាប់ជនស៊ីវិលនៅទីក្រុង Rafah ឱ្យទៅកាន់តំបន់មនុស្សធម៌ដែលត្រូវបានពង្រីក នៅក្រុង al-Mawasi មានចម្ងាយប្រហែល១២ ម៉ាយ។មន្ត្រីអាមេរិក បាននិយាយថារដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានផ្អាកការដឹកជញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន ក្នុងការឆ្លើយតបជាក់ស្តែងចំពោះការវាយលុកទៅលើទីក្រុង Rafah។

តុលាការក្រុងហុងកុង ហាមប្រាមចម្រៀងតវ៉ា ដោយនិយាយថា វាអាចប្រើជាអាវុធ

2024/05/09 12:03:03 pm        70
សាលាឧទ្ធរណ៍ទីក្រុងហុងកុង កាលពីថ្ងៃពុធ (០៨ ឧសភា) បានអនុម័តលើការស្នើសុំដោយរដ្ឋាភិបាលដើម្បីហាមឃាត់បទភ្លេង ឬចម្រៀងនៃការតវ៉ា ដែលហៅថា «សិរីល្អដល់ហុងកុង» (Glory to Hong Kong) ដោយលុបចោលសាលក្រមរបស់តុលាការជាន់ទាប ដែលបានច្រានចោលការហាមឃាត់បែបនេះ ដោយសារតែ «ឥទ្ធិពលមិនល្អ» លើសិទ្ធិបញ្ចេញមតិដោយសេរី។សេចក្តីសម្រេចនេះ កើតឡើងស្របពេលដែលក្រុមអ្នករិះគន់និយាយថា ជាការធ្លាក់ចុះនៃនីតិរដ្ឋរបស់ហុងកុង និងសិទ្ធិបុគ្គល ក្នុងពេលមានការបង្ក្រាបផ្នែកសន្តិសុខដោយទីក្រុងប៉េកាំង ដែលបានមើលឃើញអ្នកប្រជាធិបតេយ្យប្រឆាំងជាច្រើននាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ និងបិទប្រព័ន្ធផ្សព្វផ្សាយសេរី។ករណីនេះមានផលប៉ះពាល់ដល់សេរីភាពអ៊ីនធឺណិត និងប្រតិបត្តិការរបស់ក្រុមហ៊ុន រួមទាំងប្រតិបត្តិករវេទិកាអ៊ីនធឺណិត (IPO) និងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា ហ្គូលហ្គល (Google) ជាដើម។ បណ្ដាចៅក្រមសាលាឧទ្ធរណ៍ដូចជា លោក ចេរ៉េមី ភូន (Jeremy Poon) លោកស្រី ខាលី ឆូ (Carlye Chu) និងលោកស្រី អាន់ធា ផាង (Anthea Pang) បានសម្រេចថា អ្នកនិពន្ធបទចម្រៀងតវ៉ានេះ មានគោលបំណងប្រើវាជាអាវុធ ដើម្បីដាស់មនោសញ្ចេតនាប្រឆាំងនឹងការបង្កើតឡើងនៃក្រុងហុងកុង។ទីក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភជុំវិញការលុបបំបាត់សិទ្ធិមនុស្សនៅហុងកុង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយកាលពីថ្ងៃដដែលនោះថា បម្រាមនេះគឺជា «ការវាយប្រហារចុងក្រោយបំផុតចំពោះកេរ្តិ៍ឈ្មោះអន្តរជាតិនៃទីក្រុងដែលពីមុនមានមោទនភាពចំពោះការបង្កើតតុលាការឯករាជ្យរបស់ខ្លួន»៕

បណ្តាញអគ្គិសនីរបស់អ៊ុយក្រែន រងការវាយប្រហារតាមអាកាសដ៏ធំបំផុតពីរុស្ស៊ី

2024/05/09 11:45:14 am        132
ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា មីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ជាង ១០ ទីតាំងកាលពីថ្ងៃពុធ (០៨ ឧសភា) ដោយបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅរោងចក្រថាមពលកម្ដៅសម័យសូវៀត ចំនួនបីកន្លែង និងមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន។កងទ័ពអាកាសរបស់អ៊ុយក្រែន និយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ៣៩ គ្រាប់ក្នុងចំណោម ៥៥ គ្រាប់ និងយានដ្រូនចំនួន ២០ គ្រឿងក្នុងចំណោម ២១ គ្រឿងដែលប្រើសម្រាប់ការវាយប្រហារ ដែលដាក់សម្ពាធកាន់តែខ្លាំងលើប្រព័ន្ធថាមពលអ៊ុយក្រែន រយៈពេលជាង ២ ឆ្នាំ បន្ទាប់ពីរុស្ស៊ី បានបើកការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួន។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ័រ គ្លីមិនខូ (Ihor Klymenko) បាននិយាយថា មនុស្សពីរនាក់ បានរងរបួសនៅក្នុងតំបន់នៃរដ្ឋធានីគីវ និងម្នាក់ទៀតរងរបួសនៅក្នុងតំបន់ គីរ៉ូវ៉ូរ៉ាដ (Kirovohrad) ហើយក្រុមជួយសង្គ្រោះប្រហែល ៣៥០ នាក់បានខិតខំកាត់បន្ថយទំហំនៃការខូចខាតដល់បរិក្ខារថាមពល លំនៅឋាន រថយន្តដឹកជញ្ជូនសាធារណៈ រថយន្ត និងស្ថានីយ៍ពន្លត់អគ្គិភ័យជាដើម។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនបានវាយប្រហារលើអគារឧស្សាហកម្មយោធា និងឧស្សាហកម្មថាមពលរបស់អ៊ុយក្រែន ជាការសងសឹកចំពោះការវាយប្រហាររបស់ទីក្រុងគីវ ទៅលើរោងចក្រថាមពលរុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ
08/22/2025 09:08 PM
ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
08/22/2025 08:08 PM
រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
08/22/2025 08:08 PM
កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
08/22/2025 08:08 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
08/22/2025 08:08 PM
ហ្វីលីពីន និងអូស្ត្រាលី គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មី នៅឆ្នាំ២០២៦
08/22/2025 07:08 PM
រដ្ឋាភិបាលអាល្លឺម៉ង់ហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថា ជាការធ្វើឲ្យខូចប្រយោជន៍
08/22/2025 07:08 PM
អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានវាយប្រហារស្ថានីយ៍បូមប្រេង Unecha របស់រុស្ស៊ី
08/22/2025 07:08 PM
កងទ័ពជើងទឹករុស្ស៊ី ហ្វឹកសមការការពារ ប្រឆាំងនឹង «អំពើវិឆ្ឆេទកម្មក្រោមទឹក» នៅសមុទ្របាល់ទិក
08/22/2025 07:08 PM
SpaceX បាញ់បង្ហោះរ៉ូកែត ដោយនាំយកយានអវកាសសម្ងាត់របស់យោធាអាមេរិកចូលគន្លងតារាវិថី
08/22/2025 07:08 PM