ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
បង្ក្រាបក្រុមចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់

សន្តិសុខ និង សង្គម

កេនយ៉ា ដាក់ពង្រាយកងទ័ពដើម្បីទប់ទល់ទឹកជំនន់ ខណៈអ្នកស្លាប់ឡើងជាង ៤០ នាក់

2024/04/26 12:00:55 pm        65
យោធារបស់ប្រទេសកេនយ៉ា ត្រូវបានដាក់ពង្រាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់នៅទូទាំងទ្វីបអាហ្រ្វិកខាងកើតក្នុងរយៈពេលមួយខែកន្លងមកនេះ។កាកបាទក្រហមកេនយ៉ាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៥ នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅប្រទេសកេនយ៉ា ចាប់តាំងពីខែមីនា រួមទាំងមនុស្ស ១០ នាក់បានស្លាប់ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍នេះ។ ផ្នែកធំនៃរដ្ឋធានីណៃរ៉ូប៊ី និងទីក្រុងសំខាន់ៗផ្សេងទៀតស្ថិតនៅក្រោមទឹក ដែលបង្ខំឱ្យអ្នកស្រុករាប់ពាន់នាក់ចាកចេញពីលំនៅឋានរបស់ពួកគេ។ប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ (William Ruto) បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ថា យោធាកំពុងដាក់ពង្រាយដើម្បីជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ។ អនុប្រធានាធិបតី លោក រីហ្កាទី ហ្កាឆាហ្គ័រ (Rigathi Gachagua) បាននិយាយថាមជ្ឈមណ្ឌលឆ្លើយតបគ្រាអាសន្នពហុភ្នាក់ងារត្រូវបានដំណើរការនៅរសៀលថ្ងៃព្រហស្បតិ៍។អាហ្រ្វិកខាងកើតត្រូវបានរងគ្រោះដោយទឹកជំនន់ធ៏ធ្ងន់ធ្ងរបំផុតក្នុងកំណត់ត្រាក្នុងរដូវវស្សាចុងក្រោយនៅចុងឆ្នាំ២០២៣។ អ្នកវិទ្យាសាស្ត្រនិយាយថាបម្រែបម្រួលអាកាសធាតុកំពុងបណ្តាលឱ្យមានព្រឹត្តិការណ៍អាកាសធាតុដ៏ធ្ងន់ធ្ងរ និងកាន់តែញឹកញាប់៕

អ្នកជំនាញអាកាសធាតុអាមេរិកខាងត្បូងមើលឃើញថា ភាពញឹកញាប់នៃបាតុភូត La Nina និង El Nino កើនឡើង

2024/04/26 10:25:28 am        92
អ្នកជំនាញអាកាសធាតុ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បាតុភូតអាកាសធាតុដែលគេស្គាល់ថា អែលនីញ៉ូ(El Nino) និងឡា នីណា(La Nina) ដែលនាំមកនូវរលកកម្តៅ ភាពត្រជាក់ ភ្លៀងធ្លាក់ ឬគ្រោះរាំងស្ងួត នឹងកាន់តែញឹកញាប់ និងខ្លាំងក្លានៅប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីអាមេរិកខាងត្បូង ទទួលរងនូវ បាតុភូត អែលនីញ៉ូ(El Nino) ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។យោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ មានមូលដ្ឋាននៅប្រទេសអេក្វាឌ័រ និងទីភ្នាក់ងារឧតុនិយមនិងធារាសាស្ត្រប្រទេសប៉េរូ បានឲ្យដឹងថា បាតុភូត El Nino នៅពេលថ្មីៗនេះ ស្ថិតក្នុងចំណោមបាតុភូតចំនួនប្រាំដែលខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ១៩៥០។បន្ទាប់ពីកិច្ចប្រជុំរបស់អ្នកជំនាញ មកពីតំបន់ក្នុងទីក្រុង Lima ប្រទេសប៉េរូ ស្តីពីអាកាសធាតុ នាយកមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ(CIIFEN) បាននិយាយថា ការប្រែប្រួលសីតុណ្ហភាពពីបាតុភូតមួយទៅបាតុភូតមួយទៀត នឹងកាន់តែលឿន។ បាតុភូត El Nino និង La Nina បានវាយប្រហារផ្នែកផ្សេងៗនៃពិភពលោកដាច់ដោយឡែកពីគ្នា។ នៅអាមេរិកឡាទីន បាតុភូតនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណាំដូចជាស្រូវសាលី សណ្ដែក និងពោត ដោយបំផ្លាញសេដ្ឋកិច្ចក្នុងតំបន់ដែលជារឿយៗពឹងផ្អែកខ្លាំងលើការធ្វើកសិកម្ម។សីតុណ្ហភាព ត្រូវបានសន្និដ្ឋានថាខ្ពស់ជាងកម្រិតធម្មតា ភាគច្រើននៅអាមេរិកខាងត្បូង ទោះបីជាទាបជាងកម្រិតធម្មតានៅឆ្នេរសមុទ្រប្រទេសអេក្វាឌ័រ ប្រទេសប៉េរូភាគខាងជើង ប្រទេសអាហ្សង់ទីន ភាគខាងត្បូង និងប្រទេសឈីលីក៏ដោយ។ ដោយមានបាតុភូត អែលនីញ៉ូ (El Nino) ថ្មីៗនេះ ប្រទេសប៉េរូ មានរដូវរងាដែលក្តៅបំផុតក្នុងរយៈពេល៦០ឆ្នាំកន្លងទៅនេះ នេះបើយោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ(CIIFEN) ខណៈនៅប្រទេសកូឡុំប៊ី សីតុណ្ហភាពបានឡើងខ្ពស់នៅតំបន់ផ្សេងៗគ្នារបស់ប្រទេស។

វិមានក្រឹមឡាំង៖ ការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយពីអាមេរិកទៅអ៊ុយក្រែន នឹងពុំផ្លាស់ប្ដូរលទ្ធផលសង្រ្គាមឡើយ

2024/04/26 10:21:47 am        198
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥មេសាសប្ដាហ៍នេះថា ការបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ(ATACMS) របស់សហរដ្ឋអាមេរិក ទៅកាន់អ៊ុយក្រែននឹងមិនផ្លាស់ប្តូរលទ្ធផលរបស់សង្គ្រាមនោះទេ ផ្ទុយទៅវិញនឹងបង្កើតបញ្ហាបន្ថែមទៀតសម្រាប់អ៊ុយក្រែនខ្លួនឯងប៉ុណ្ណោះ។ មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះសហរដ្ឋអាមេរិក បានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែនដោយស្ងាត់ៗ ដែលរហូតមកដល់ពេលនេះបានប្រើប្រាស់ពីរលើកហើយ។ មន្ត្រីរូបនោះបាននិយាយថាមីស៊ីលទាំងនោះត្រូវបានប្រើប្រាស់ជាលើកដំបូងកាលពីថ្ងៃទី១៧ ខែមេសា ដាក់គោលដៅលើអាកាសយានដ្ឋានរុស្ស៊ីនៅ តំបន់គ្រីម៉េ (Crimea) ដែលមានចម្ងាយប្រហែល ១៦៥គីឡូម៉ែត្រ ពីសមរភូមិជួរមុខរបស់អ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក កំពុងលូកដៃចូលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនេះ។ ពួកគេកំពុងដើរតាមគន្លងនៃការបង្កើនជួរប្រតិបត្តិការនៃប្រព័ន្ធសព្វាវុធដែលពួកគេផ្គត់ផ្គង់ឲ្យទៅអ៊ុយក្រែន។លោកបានបន្ថែមថា ការបញ្ជូនអាវុធនេះ នឹងមិនផ្លាស់ប្តូរជាមូលដ្ឋានចំពោះលទ្ធផលនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនោះទេ។ យើងនឹងសម្រេចគោលដៅរបស់យើង។ ប៉ុន្តែសកម្មភាពនេះបានត្រឹមតែបង្កឱ្យមានបញ្ហាកាន់តែច្រើនសម្រាប់អ៊ុយក្រែនខ្លួនឯងទេ។ កាបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព (ATACMS) ដែលមានរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ គឺជាប្រធានបទនៃការជជែកដេញដោលនៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Biden អស់រយៈពេលជាច្រើនខែមកនេះ ។ មីស៊ីលរយៈចម្ងាយមធ្យម ATACMS ត្រូវបានបញ្ជូនទៅអ៊ុយក្រែនកាលពីខែខែកញ្ញា ឆ្នាំមុន ៕

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ចេញសេចក្តីណែនាំអំពីកម្តៅ ខណៈសីតុណ្ហភាពកើនឡើងខ្លាំង

2024/04/26 10:18:04 am        77
ដោយសារសីតុណ្ហភាពបន្តកើនឡើងនៅទូទាំងសហភាពមីយ៉ាន់ម៉ា ក្រសួងសុខាភិបាលកំពុងណែនាំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នដើម្បីការពារសុខុមាលភាពរបស់ពួកគេ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា)។ ការណែនាំរបស់ក្រសួងសុខាភិបាល រួមមានការណែនាំអំពីការរក្សាសុវត្ថិភាពអំឡុងពេលមានកម្ដៅខ្លាំង និងជៀសវាងការប៉ះពាល់នឹងពន្លឺអ៊ុលត្រាពណ៌ស្វាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ គោលការណ៍ណែនាំរបស់ក្រសួងបានបង្ហាញពីគន្លឹះក្នុងការទទួលស្គាល់ និងគ្រប់គ្រងរោគសញ្ញានៃការហត់នឿយដោយកម្ដៅ និងជំងឺសុរិយរោគ ឬការថប់ដង្ហើមសន្លប់ដោយសារកម្ដៅ និងវិធានការសង្គ្រោះបឋម។ យោងតាមរបាយការណ៍ឧតុនិយមបានឱ្យដឹងថា តំបន់ជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា កំពុងជួបប្រទះនឹងការកើនឡើងនៃសីតុណ្ហភាពកើនឡើងលើសពី ៤០ អង្សាសេ។លោក អ៊ូ ឡាថុន (U Hla Tun) ប្រធាននាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់មីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មាន ស៊ីនហួរ (Xinhua) កាលពីថ្ងៃព្រហស្បតិ៍ថា សីតុណ្ហភាពទំនងជានឹងកើនឡើងខ្លាំងនៅតំបន់កណ្តាលនៃប្រទេសមីយ៉ាន់ម៉ា និងតំបន់ដីសណ្តនៅថ្ងៃទី២៨ និង២៩ ខែមេសា ខាងមុខនេះ។ ខែមេសា និងខែឧសភា គឺជាខែដែលក្តៅបំផុតសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយសារសីតុណ្ហភាព ការកើនឡើងខ្លាំងនៅមុនរដូវខ្យល់មូសុងចាប់ផ្តើម៕

ការដណ្តើមយកដីរបស់ប្រជាជនអ៊ីស្រាអែល នៅតំបន់វេសបែង កើនឡើងខ្លាំង ក្នុងអំឡុងពេលសង្រ្គាមនៅហ្កាហ្សា

2024/04/26 10:15:42 am        117
នៅពេលដែលខ្លួនចិញ្ចឹមចៀមដែលមានតម្លៃថ្លៃនោះ កសិករប៉ាឡេស្ទីន លោក Talib Edais សម្លឹងមើលទៅលើភ្នំ ជាទីដែលហ្វូងចៀមរបស់ខ្លួន បានស៊ីស្មៅដោយឥតគិតថ្លៃ រហូតដល់មានការសម្រេចចិត្តរបស់ អ៊ីស្រាអែល កាលពីខែមុន។បុរសមានវ័យ ៦៥ ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន AFP នៅកសិដ្ឋានរបស់ខ្លួន នៅជិតជ្រលងភ្នំហ្ស៊ក ដង់ (Jordan Valley) នៃភូមិជីហ្វលីក( Jiftlik)នៅក្នុងតំបន់វេសបែងដែលកាន់កាប់ដោយអ៊ីស្រាអែលថា៖«តើអ្នកឃើញរណ្ដៅទាំងនេះទេ? យើងត្រូវលក់ចៀមខ្លះ ដើម្បីចិញ្ចឹមសត្វដទៃ។ ក្នុងរយៈពេលមួយឆ្នាំ យើងនឹងមិនមានចៀមណា នៅសល់ឡើយ។កាលពីខែមីនា អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថា ដីទំហំ ៨.000 ដូណាំ (៨០០ ហិកតា) នៅជាប់នឹងផ្ទះរបស់លោក Edais ជាតំបន់មួយដែលមានទាំងកន្លែងចិញ្ចឹមសត្វចៀមរបស់គាត់ផងនោះ ជាដីរបស់រដ្ឋ ដែលជាចំណាត់ការមួយ នាំឲ្យមានការរឹតបន្តឹងលើការចូលប្រើប្រាស់របស់ពលរដ្ឋប៉ាឡេស្ទីន។អ៊ីស្រាអែលដែលបានកាន់កាប់តំបន់វេសបែង តាំងពីឆ្នាំ ១៩៦៧ និងបានបង្កើតការតាំងទីលំនៅ ដែលត្រូវបានចាត់ទុកថា ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ បានរឹបអូសយកដីជាច្រើនទសវត្សរ៍ នៅក្នុងទឹកដីប៉ាឡេស្ទីន។ប៉ុន្តែយោងទៅតាមក្រុមឃ្លាំមើលការតាំងទីលំនៅរបស់អ៊ីស្រាអែល Peace Now ឆ្នាំនេះ បានបំបែកកំណត់ត្រាមួយសម្រាប់ការកាន់កាប់ដីភាគច្រើនរួចហើយ ដែលក្នុងករណីជាច្រើន បាននាំទៅដល់ការពង្រីកការតាំងទីលំនៅ។

ក្រុមហ៊ូទី នៅយេម៉ែន៖ ពួកគេដាក់គោលដៅលើនាវា MSC Darwin នៅឈូងសមុទ្រ Aden

2024/04/26 10:12:57 am        126
លោក Yahya Sarea អ្នកនាំពាក្យយោធារបស់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ូទីនៅប្រទេសយម៉ែន បានដាក់គោលដៅលើនាវា MSC Darwin នៅឈូងសមុទ្រ Aden ខណៈកងកម្លាំងហ៊ូទី បានធ្វើការវាយប្រហារលើការដឹកជញ្ជូននៅ តំបន់សមុទ្រក្រហម រយៈពេលជាច្រើនខែមកនេះ ក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ប្រយុទ្ធជាមួយអ៊ីស្រាអែលក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។ក្រុមហ៊ូទី នៅយេម៉ែន បាននិងកំពុងវាយប្រហារលើនាវានៅតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ជាអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការនៃសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ប្រយុទ្ធជាមួយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។កងកម្លាំងប្រដាប់អាវុធយេម៉ែន នៅតែបន្តប្រតិបត្តិការយោធារបស់ពួកគេ ដោយពង្រឹងការបិទច្រកការធ្វើនាវាចរណ៍របស់អ៊ីស្រាអែលនៅសមុទ្រក្រហម សមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា ព្រមទាំងធ្វើប្រតិបត្តិការយោធាកាន់តែច្រើនទៅលើគោលដៅសត្រូវអ៊ីស្រាអែលក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីនរហូតដល់បទឈប់បាញ់ ត្រូវបានទទួលនៅតំបន់ហ្កាហ្សា ហើយការហ៊ុមព័ទ្ធនៅតំបន់ហ្កាហ្សា ត្រូវតែបានដកចេញ។

ជនជាតិដើមភាគតិចប្រេស៊ីល រាប់ពាន់នាក់ចេញតវ៉ាប្រឆាំងការមិនការពារទឹកដីដូនតា

2024/04/26 09:57:59 am        48
ក្រុមបាតុករជនជាតិដើមភាគតិចជាច្រើនពាន់នាក់ បានដើរដង្ហែក្បួនតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ក្នុងរដ្ឋធានីរបស់ប្រទេសប្រេស៊ីល ដើម្បីតវ៉ាប្រឆាំងនឹងការបរាជ័យរបស់រដ្ឋាភិបាលក្នុងការការពារទឹកដីដូនតារបស់ពួកគេ។ព្រឹត្តិការណ៍ដង្ហែក្បួនប្រចាំឆ្នាំនៅឆ្នាំនេះ ផ្តោតទៅលើកំហឹងជនជាតិដើមភាគតិចលើគម្រោងសាងសង់ផ្លូវរថភ្លើងដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីបណ្ដារដ្ឋកសិកម្មទៅកាន់កំពង់ផែតំបន់ព្រៃអាម៉ាហ្សូន (Amazon) សម្រាប់ការនាំចេញ ដែលពួកគេខ្លាចថានឹងបំផ្លាញបរិស្ថាននៃសហគមន៍កុលសម្ព័ន្ធនៅជិតទន្លេ ថាប៉ាហូស (Tapajos)។លោក ឃ្លេប៊ឺ ខារីពូណា (Kleber Karipuna) ប្រធានអង្គការឆ័ត្រជនជាតិដើមភាគតិចដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល (APIB) បាននិយាយថា សហគមន៍មិនត្រូវបានពិគ្រោះយោបល់លើគម្រោងផ្លូវដែកនោះទេ ដែលការប្រកាសដោយរដ្ឋាភិបាលបានធ្វើឱ្យមានរលកនៃការទន្ទ្រានយកដីនៅតាមផ្លូវដែលបានគ្រោងទុក ដោយនោះជាការរំលោភលើទឹកដីដូនតារបស់សហគមន៍។ពាក្យបណ្តឹងចម្បងរបស់ពួកគេ គឺការបរាជ័យរបស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) ដែលមិនបានធានាផ្តល់ការសន្យាទទួលស្គាល់ជាផ្លូវការនូវដីធ្លីរបស់ជនជាតិដើមភាគតិច ដែលបានបញ្ចប់ដំណើរការបោះបង្គោលកំណត់ថាជាដីដូនតា៕

មន្ត្រីក្រុមហាម៉ាសអះអាងថា ក្រុមមានឆន្ទៈក្នុងការរំសាយអាវុធ ប្រសិនបើរដ្ឋប៉ាឡេស្ទីន ត្រូវបានបង្កើតឡើង

2024/04/26 09:45:00 am        169
មន្ត្រីក្រុមហាម៉ាសមួយចំនួន កំពុងផ្តល់សញ្ញាថា ក្រុមសកម្មប្រយុទ្ធ អាចបោះបង់ការតស៊ូប្រដាប់អាវុធប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើប៉ាឡេស្ទីនទទួលបានរដ្ឋឯករាជ្យមួយ នៅក្នុងទឹកដីដែលអ៊ីស្រាអែល បានកាន់កាប់ ក្នុងសង្គ្រាមឆ្នាំ ១៩៦៧។សារនេះបង្ហាញពីការបន្ទន់ជំហររបស់ក្រុមហាម៉ាស ខណៈដែលជោគវាសនារបស់ខ្លួន កំពុងប្រឈម ជាមួយនឹងការវាយលុករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលក្រុមហាម៉ាស បានគ្រប់គ្រងមុនសង្គ្រាម។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានអំពាវនាវជាយូរមកហើយឲ្យរដ្ឋជ្វីហ្វនេះ ត្រូវបានបំផ្លាញ។លោក Basem Naim សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមនេះ នឹងយល់ព្រមរំសាយអាវុធ ប្រសិនបើរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ត្រូវបានបង្កើតឡើង។លោកបានបញ្ជាក់ថា៖«ប្រសិនបើរដ្ឋឯករាជ្យមួយដែលមានរដ្ឋធានីរបស់ខ្លួន នៅទីក្រុងហ្ស៊េរុយសាឡឹម ខណៈពេលដែលរក្សាសិទ្ធិនៃការវិលត្រឡប់សម្រាប់ជនភៀសខ្លួន (ត្រូវបានបង្កើតឡើង) កងពលតូច Al Qassam អាចត្រូវបានបញ្ចូលទៅក្នុងកងទ័ពជាតិ ( នាពេលអនាគត)» ដោយសំដៅទៅក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស។ក្រុមហាម៉ាសជាប្រពៃណី បានបដិសេធដំណោះស្រាយរដ្ឋពីរដែលនឹងឃើញរដ្ឋប៉ាឡេស្ទីន ត្រូវបានបង្កើតឡើងជាមួយអ៊ីស្រាអែល ហើយជំនួសឲ្យការតស៊ូមតិការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងប្រវត្តិសាស្ត្រប៉ាឡេ ស្ទីនទាំងអស់ ដែលសព្វថ្ងៃនេះ គ្របដណ្តប់លើអ៊ីស្រាអែល គឺតំបន់វេសបែង ទីក្រុងហ៊្សេរុយសាឡឹមខាងកើតដែលកាប់កាប់ដោយអ៊ីស្រាអែល និងតំបន់ហ្កាហ្សា។

កងទ័ពនៅប្រទេស បួគីណា ហ្វាសូ ប្រហារជីវិតអ្នកភូមិជាង ២២០ នាក់កាលពីខែកុម្ភៈ

2024/04/26 09:40:02 am        123
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ថាយោធារបស់ប្រទេស បួគីណា ហ្វាសូ ក្នុងខែកុម្ភៈ បានប្រហារជីវិតអ្នកភូមិប្រហែល ២២៣ នាក់ រួមទាំងកុមារយ៉ាងតិច ៥៦ នាក់ ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងជនស៊ីវិល ដែលត្រូវបានចោទប្រកាន់ពីបទសហការជាមួយពួកសកម្មប្រយុទ្ធជីហាដ។ក្រុមឃ្លាំមើលនេះបានធ្វើការអះអាងនៅក្នុងរបាយការណ៍មួយដោយផ្អែកលើការស៊ើបអង្កេតផ្ទាល់របស់ខ្លួនលើការរាយការណ៍អំពីការប្រហារជីវិតមនុស្សប្រហែល ១៧០ នាក់នៅក្នុងការវាយប្រហារលើភូមិចំនួន ៣ ក្នុងខេត្ត យ៉ាថេនហ្កា (Yatenga) ភាគខាងជើងនៃប្រទេស បួគីណា ហ្វាសូ កាលពីចុងខែកុម្ភៈ។ រដ្ឋអាជ្ញាប្រចាំតំបន់ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី អ័រហ៊ីហ្គួយ៉ា (Ouahigouya) របស់ខេត្ត ជាលើកដំបូងបានលើកឡើងការសម្លាប់នេះក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០១ ខែមីនា។រដ្ឋអាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារទៅលើភូមិ ខូមស៊ីលហ្កា (Komsilga) ភូមិ ណូឌីន (Nodin) និងភូមិ សូរ៉ូ (Soro) ត្រូវបានសន្មតថាធ្វើឡើងដោយអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណ ដោយបន្ថែមថាការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើម។ ដូចករណីមុនៗនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសនេះដែរ គឺមិនមានការរកឃើញផ្លូវការណាមួយត្រូវបានចេញផ្សាយទេ។ក្រុមសិទ្ធិមនុស្សពីមុនបានចោទប្រកាន់យោធានៅក្នុងប្រទេសបួគីណាហ្វាសូ ដែលគ្រប់គ្រងដោយរបបសឹកនេះថាបានវាយប្រហារ និងសម្លាប់ជនស៊ីវិលរាប់រយនាក់ដែលសង្ស័យថាបានសហការជាមួយពួកសកម្មប្រយុទ្ធក្នុងប្រតិបត្តិការសងសឹក៕

មនុស្សជាង ១៥០ នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងវាយប្រហារប្រទេសតង់ហ្សានី

2024/04/26 09:35:43 am        145
នាយករដ្ឋមន្ត្រីប្រទេសតង់ហ្សានី លោក ខាស៊ីម ម៉ាចាលីវ៉ា (Kassim Majaliwa) បានប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ថាទឹកជំនន់ដ៏គំហុកយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមនុស្ស ១៥៥ នាក់ស្លាប់ និងមនុស្ស ២៣៦ នាក់ផ្សេងទៀតរងរបួស។ លោក ម៉ាចាលីវ៉ា បានប្រាប់សភានៅរដ្ឋធានី ដូដូម៉ា (Dodoma) ថាទឹកជំនន់ដ៏គំហុកត្រូវបានគេរាយការណ៍ថាកើតមាននៅក្នុងតំបន់ចំនួន ១៤ ក្នុងចំណោមតំបន់ទាំង ២៦ នៅក្នុងប្រទេសតង់ហ្សានីដីគោក ដែលប៉ះពាល់ដល់មនុស្សចំនួន ២០០.០០០ នាក់ និងបំផ្លាញលំនៅឋានចំនួន ១០.០០០ ខ្នង។លោកបន្តថា «ហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដំណាំកសិកម្ម ផ្លូវថ្នល់ ស្ពាន មណ្ឌលថែទាំសុខភាព និងបសុសត្វបានរងផលប៉ះពាល់ដោយទឹកជំនន់។ រដ្ឋាភិបាលបានចាត់វិធានការក្នុងគោលបំណងការពារស្ថានភាពមហន្តរាយបន្ថែមទៀត ដូចជាការបញ្ជាឱ្យបិទសាលារៀននៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់»។លោកនាយករដ្ឋមន្ត្រីរូបនេះបន្ថែមថា ទីភ្នាក់ងារផ្លូវជាតិតង់ហ្សានី, ទីភ្នាក់ងារផ្លូវជនបទ និងទីក្រុង, និងសាជីវកម្មផ្លូវដែក ត្រូវបានបញ្ជាឱ្យធ្វើការវាយតម្លៃជាបន្ទាន់លើផ្លូវថ្នល់ និងផ្លូវដែកដែលរងការខូចខាតសម្រាប់ការជួសជុលជាបន្ទាន់។យោងតាមអាជ្ញាធរឧតុនិយមតង់ហ្សានី បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលរងឥទ្ធិពលដោយលក្ខខណ្ឌអាកាសធាតុ អ៊ែលនីញ៉ូ (El-Nino) បែបនេះត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ខែឧសភា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន
08/25/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់
08/25/2025 08:08 PM
ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនអំពាវនាវឲ្យមានការឆ្លើយតបខ្លំាងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់អ្នកកាសែត
08/25/2025 08:08 PM
ជនអន្តោប្រវេសន៍ទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ឡើងដល់កម្រិតខ្ពស់បំផុតថ្មី
08/25/2025 08:08 PM
លោក Putin និងលោក Pezeshkian ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ អំឡុងពេលសន្ទនាតាមទូរសព្ទ
08/25/2025 08:08 PM
លោក Yunus ព្រមានថា បង់ក្លាដែសអស់ធនធានសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតហើយ
08/25/2025 07:08 PM
នគរបាលឥណ្ឌូនេស៊ីប៉ះទង្គិចជាមួយបាតុករតវ៉ាប្រឆាំងនឹងប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ
08/25/2025 07:08 PM
ហ្វាំងឡង់លើកឡើងថា អ៊ីស្រាអែលបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា
08/25/2025 07:08 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
08/25/2025 07:08 PM
ឧទ្ធម្ភាគចក្រធ្លាក់នៅកូនកោះ Isle of Wight របស់ចក្រភពអង់គ្លេស ខណៈមានមនុស្សម្នាក់រងរបួស
08/25/2025 07:08 PM