អាវុធហត្ថរាជធានីឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ
បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ០៤នាក់
ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ
ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង

សន្តិសុខ និង សង្គម

អាមេរិក ប្រាប់បុគ្គលិកខ្លួននៅអ៊ីស្រាអែល កុំឱ្យធ្វើដំណើរទៅក្រៅក្រុង ស្របពេលអ៊ីរ៉ង់គំរាមសងសឹក

2024/04/12 10:14:38 am        59
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) ថាខ្លួនបានដាក់កម្រិតបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល និងសមាជិកគ្រួសាររបស់ពួកគេពីការធ្វើដំណើរផ្ទាល់ខ្លួននៅខាងក្រៅទីក្រុង តែលអាវីវ (Tel Aviv) ហ្សេរុយសាឡឹម (Jerusalem) និង បេអឺសេវ៉ា (Be'er Sheva) ស្របពេលមានការគំរាមកំហែងរបស់អ៊ីរ៉ង់ ក្នុងការសងសឹកប្រឆាំងនឹងសត្រូវក្នុងតំបន់។អ៊ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីថ្ងៃទី០១ ខែមេសា លើបរិវេណស្ថានទូតរបស់ខ្លួនក្នុងក្រុងដាម៉ាស ដែលបានបង្កើនភាពតានតឹងបន្ថែមក្នុងតំបន់ដែលតានតឹងរួចទៅហើយនោះដោយសង្រ្គាមហ្កាហ្សា។ស្ថានទូតអាមេរិក បាននិយាយនៅក្នុងការដាស់តឿនសន្តិសុខនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ថា «ជាការប្រុងប្រយ័ត្ន បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេត្រូវបានដាក់កម្រិតក្នុងការធ្វើដំណើរផ្ទាល់ខ្លួននៅខាងក្រៅតំបន់នានានៃទីក្រុង តែលអាវីវ ដែលរួមទាំងតំបន់ ហឺសលីយ៉ា (Herzliya) ណេតាន់យ៉ា (Netanya) និង យ៉េហ៊ូដា (Yehuda), ទីក្រុងហ្សេរុយសាឡឹម និងទីក្រុងបេអឺសេវ៉ា រហូតដល់មានការជូនដំណឹងបន្ថែម»។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់ កំពុងគម្រាមបើកការវាយប្រហារដ៏សំខាន់មួយនៅអ៊ីស្រាអែល ហើយថាសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្តខ្លួន។ នៅពេលសាកសួរអំពីការដាស់តឿនសន្តិសុខ អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធូ មីលឡឺ (Matthew Miller) បានលើកឡើងថា អ៊ីរ៉ង់ បាននិងកំពុងធ្វើការគំរាមកំហែងជាសាធារណៈលើអ៊ីស្រាអែល៕

ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា កើនឡើងដល់ជាង ៣៣.៥០០ នាក់

2024/04/12 10:08:53 am        122
ក្រសួងសុខាភិបាលហ្កាហ្សា បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) ថា ការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣៣.៥៤៥ នាក់ និងរបួស ៧៦.០៩៤ នាក់ទៀត ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៣ នាក់ និងមនុស្ស ៤៥ នាក់ផ្សេងទៀតរងរបួស។យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) និងតំបន់ជុំវិញនៅកណ្តាលហ្កាហ្សាស្ទ្រីប តាំងពីយប់ថ្ងៃពុធ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើលំនៅឋាន សាលារៀន និងវិហារអ៊ីស្លាម ក្នុងចំណោមកន្លែងផ្សេងទៀត ហើយកងកម្លាំងជើងគោករបស់ប្រទេសនេះ បានកាន់កាប់ទីតាំងនៅភាគខាងជើងនៃជំរំជនភៀសខ្លួន នូសៃរ៉ាត់។នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃដដែលនោះ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការយោធានៅភាគកណ្តាលហ្កាហ្សា កាលពីយប់ថ្ងៃពុធ ដោយផ្អែកលើព័ត៌មានចារកម្ម ដោយមានគោលដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់ក្រុមហាម៉ាស៕

ពូទីន៖ រុស្ស៊ីត្រូវតែវាយប្រហារទីតាំងថាមពលអ៊ុយក្រែន ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងគីវ

2024/04/12 08:55:15 am        223
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីត្រូវតែមានកាតព្វកិច្ចបើកការវាយប្រហារ ដែលបានបង្កការបំផ្លាញធ្ងន់ធ្ងរលើទីតាំងថាមពលអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងគីវ ទៅលើគោលដៅជាច្រើនរបស់រុស្ស៊ី។មេដឹកនាំវិមានក្រឹមឡាំង ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដែលកំពុងនិយាយទៅកាន់សម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីបេឡារុស លោក អាឡិចសានឌ័រ លូកាសេនកូ(Alexander Lukashenko) បន្ទាប់ពីការវាយប្រហារកាលពីពេលយប់ដែលបានបំផ្លាញរោងចក្រអគ្គិសនីដ៏ធំមួយ នៅជិតទីក្រុងគីវ និងបានវាយប្រហាររោងចក្រថាមពលនៅក្នុងតំបន់ជាច្រើនរបស់អ៊ុយក្រែន។លោកប្រធានាធិបតី បាននិយាយថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃដំណើរការ គ្មានយោធាអ៊ុយក្រែន ជាគោលបំណងមួយដែលលោកបានលើកឡើងនៅពេលលោក បានបញ្ជូនទាហានរុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។លោកនិយាយថា រុស្ស៊ី បានទប់មិនធ្វើការវាយប្រហារបែបនេះនៅក្នុងរដូវរងារ ដោយគិតគូរអំពីមនុស្សធម៌។ លោកបាននិយាយថា «អ្វីដែលលោកចង់និយាយគឺថា យើងមិនចង់បន្សល់ទុក ស្ថាប័នសង្គម គ្មានអគ្គិសនីប្រើប្រាស់នោះទេ ដូចជាមន្ទីរពេទ្យ និងកន្លែងជាច្រើនផ្សេងទៀត។ ប៉ុន្តែលោកបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ភាគច្រើនទៅលើរោងចក្រចម្រាញ់ប្រេង នៅក្នុងតំបន់ជាច្រើនរបស់ប្រទេសរុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានជំរុញឱ្យទីក្រុងមូស្គូឆ្លើយតប។

ទាហានមីយ៉ាន់ម៉ា បានដកថយទៅកាន់ស្ពានព្រំដែនថៃ ក្រោយការប្រយុទ្ធគ្នាអស់ច្រើនថ្ងៃ

2024/04/11 01:42:10 pm        188
យោងតាមអ្នកនាំពាក្យក្រុមប្រដាប់អាវុធជនជាតិភាគតិច និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានោឱ្យដឹងថា បុគ្គលិកយោធាមីយ៉ាន់ម៉ា ប្រមាណ ២០០ នាក់បានដកខ្លួនចេញទៅកាន់ស្ពានតភ្ជាប់ពីភូមិព្រំដែន មីយ៉ាវ៉ាឌី (Myawaddy) ទៅកាន់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ (១១ មេសា) នេះ បន្ទាប់ពីមានការវាយលុកជាច្រើនថ្ងៃនៅក្នុងតំបន់ដោយក្រុមឧទ្ទាមប្រឆាំងរបបសឹក ខណៈប្រជាជនជាច្រើនកំពុងតម្រង់ជួរចាកចេញពីព្រំដែនខាងមីយ៉ាន់ម៉ា ឆ្ពោះទៅថៃ។រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធារបស់សហភាពមីយ៉ាន់ម៉ា កំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមប្រដាប់អាវុធនៅជួរមុខជាច្រើន ហើយបានទទួលរងនូវការបរាជ័យជាច្រើននៅក្នុងតំបន់ព្រំដែន។ ការដកថយរបស់ទាហានរដ្ឋាភិបាលនៅ មីយ៉ាវ៉ាឌី ដែលនៅជាប់នឹងសហគមន៍ មេសុត (Mae Sot) របស់ថៃនេះ បង្ហាញពីការបាត់បង់សក្តានុពលនៃច្រកព្រំដែនដ៏សំខាន់មួយផ្សេងទៀតដែលមានផ្លូវល្បឿនលឿនដោយផ្ទាល់ទៅកាន់ផ្នែកខ្លះនៃភាគកណ្តាលមីយ៉ាន់ម៉ា។លោក ស ថនី (Saw Taw Nee) អ្នកនាំពាក្យនៃក្រុមសហភាពជាតិ ការ៉ែន (KNU) ដែលជាក្រុមប្រឆាំងរដ្ឋាភិបាលដឹកនាំការវាយលុកនៅ មីយ៉ាវ៉ាឌី បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ ទាហានរត់ភៀសខ្លួនប្រហែល ២០០ នាក់ត្រូវបានប្រមូលផ្តុំនៅច្រកព្រំដែនចូលទៅក្នុងប្រទេសថៃ។ សារព័ត៌មានក្នុងស្រុក ឃីតធីត (Khit Thit) បានរាយការណ៍ថា អាជ្ញាធរថៃកំពុងពិភាក្សាជាមួយទាហាន ដើម្បីសម្រេចថាតើត្រូវផ្តល់កន្លែងភៀសខ្លួនឱ្យពួកគេ ឬយ៉ាងណា។អគ្គនាយកអន្តោប្រវេសន៍នៅតំបន់ មេសុត បាននិយាយថា មនុស្សជិត ៤.០០០ នាក់បានឆ្លងចូលទៅក្នុងភូមិព្រំដែនថៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយកើនឡើងពីចំនួនប្រហែល ២.០០០ នាក់ក្នុងពេលធម្មតា៕

សម្ដេចធិបតី៖ នៅពេលខាងមុខ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញ

2024/04/11 01:24:20 pm        286
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិបត្តិអចលនទ្រព្យជូនទាំងប្រជាពលរដ្ឋ និងម្ចាស់បុរីនានា ហើយនៅពេលខាងមុខវិស័យអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញ។សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសងអញ្ជើញ ជា​អធិបតីពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ​ស្ថិតភូមិឱភាសាំង ​ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមិនដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ដែលមាន​បញ្ហានៅតាមបុរីនានានោះទេ។ ​រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយឱ្យម្ចាស់​គម្រោង​អាចបន្តដំណើរការទៅបាន ហើយដោះស្រាយជូនប្រជាពលរដ្ឋជាអតិថិជន​ឱ្យទទួល​បាន​នូវអ្វីដែលបានទិញពីបុរីនោះ។សម្តេចធិបតី បានបញ្ជាក់ថា វិស័យអចលនទ្រព្យរបស់កម្ពុជានឹងមានស្ថានភាពល្អប្រសើរឡើងវិញ​នាពេលខាងមុខ។ សម្ដេចបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប៉ះពាល់ជាសាល ក្នុងនោះក្រុមហ៊ុន​បរទេសជាច្រើន ក៏ត្រូវបានបិទឬបិទសាខាផងដែរ បញ្ហាទាំងនេះ កើតឡើងតាំងពីវិបត្តិជំងឺ​រាតត្បាយ​កូវីដ-១៩ វិបត្តិសេដ្ឋកិច្ចសាកល រួមនឹងសង្គ្រាមនៅលើពិភពលោកផ្ទួនៗបន្តគ្នា។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ​ប្រឹងប្រែង​ធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ល្អប្រសើរឡើងវិញ ដូចកាលពីមុនវិបត្តិកូវីដ-១៩៕អត្ថបទ៖ វ៉ន ដារ៉ា

រលកកម្ដៅដ៏ក្ដៅកំពុងវិលត្រឡប់ជាថ្មីគ្របដណ្ដប់លើតំបន់អាស៊ីអាគ្នេយ៍

2024/04/11 01:11:39 pm        244
ការស្លាប់របស់កុមារតូចដោយសារកម្ដៅខ្លាំង បានបង្ហាញពីហានិភ័យនៃជំងឺទាក់ទងនឹងអាកាសធាតុនៅទូទាំងប្រទេសម៉ាឡេស៊ី។ ក្នុងសប្តាហ៍ដូចគ្នានោះ វៀតណាមបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន បន្ទាប់ពីសីតុណ្ហភាពហក់ឡើងខ្ពស់ខុសពីធម្មតា ដោយសារតែភាគរាំងស្ងួតទូទាំងវាលស្រែចំការនៅភាគខាងត្បូងប្រទេស។ ហើយក្នុងប្រទេសហ្វីលីពីន សាលារាប់រយកន្លែងបានផ្អាកការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់បន្ទាប់ពីសីតុណ្ហភាពប្រចាំថ្ងៃបានកើនលើសពី៤២ អង្សារសេ។ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា កម្ដៅដ៏ក្តៅបានត្រលប់មកវិញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់មួយដែលងាយរងគ្រោះបំផុតចំពោះបម្រែបម្រួលអាកាសធាតុ។ ហើយការហក់ឡើងសីតុណ្ហភាពដ៏ក្ដៅនេះ នឹងមិនងាយបាត់ទៅវិញក្នុងពេលឆាប់ៗនេះទេ។យោងតាមអ្នកជំនាញខាងអាកាសធាតុលោក ម៉ាស៊ីមីលីអាណូ ហេរ៉េរ៉ា (Maximiliano Herrera) បានប្រាប់ទូរទស្សន៍ CNN ថា ទីជម្រករបស់ប្រជាជនជាង ៦៧៥ លាននាក់នៅទូទាំងប្រទេសចំនួន ១១ក្នុងតំបន់នេះបានមើលឃើញសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ទោះបីជាកម្ដៅបានស្រុតចុះតិចមែន និងសំណើមគ្មានមេត្ដា។លោក Herrera បាននិយាយថា ប្រទេសថៃបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយបន្ថែមថា ការព្យាករណ៍កម្ដៅនៅទីនោះគឺធ្ងន់ធ្ងរខ្លាំងណាស់។ លោកបន្តថា សីតុណ្ហភាពនៅទូទាំងប្រទេសបាននឹងកំពុង បំបែកកំណត់ត្រាឥតឈប់ឈរ អស់រយៈពេល១៣ ខែ ហើយកម្រិតកម្ដៅ និងសំណើមគឺមិនប្រែប្រួលឡើយ។ លោកថាទំនោរគឺជៀសមិនរួច។ តំបន់នេះត្រូវតែត្រៀមខ្លួនសម្រាប់កម្ដៅដ៏គួរឲ្យខ្លាចសម្រាប់ខែមេសា នេះ និងភាគច្រើននៃខែឧសភា។នៅថ្ងៃទី៣ខែមេសា នៅពេលប្រទេសថៃបានឈានចូលដល់រដូវប្រាំងប្រចាំឆ្នាំរបស់ខ្លួន ក្រុងបាងកកបានកំណត់សីតុណ្ហភាពប្រហែល ១០៩ អង្សាហ្វារិនហៃ ដែលជំរុញឱ្យមនុស្សជាច្រើនស្នាក់នៅក្នុងផ្ទះ ដោយតម្រូវឲ្យប្រើម៉ាស៊ីនត្រជាក់ជាចាំបាច់។នៅក្នុងប្រទេសសិង្ហបុរី សាលារៀនមួយចំនួន បានប្រាប់ឲ្យសិស្សស្លៀកសម្លៀកបំពាក់ត្រជាក់ៗ និងសម្លៀកបំពាក់សម្រាប់ហាត់កីឡា រហូតមានការជូនដំណឹងបន្ថែម ដោយសារកំណើនសីតុណ្ហុភាពឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ៕

ប្រជាជនម៉ូស្លីមទូទាំងពិភពលោកប្រារព្ធពិធីបុណ្យ Eid al-Fitr ក្នុងស្រមោលទុក្ខវេទនារបស់ពលរដ្ឋហ្កាហ្សា

2024/04/11 01:06:57 pm        233
ប្រជាជនម៉ូស្លីមជុំវិញពិភពលោកបានប្រារព្ធពិធីបុណ្យ អេត អាល់ ហ្វីត(Eid al-Fitr)កាលពីថ្ងៃពុធ ទី១០មេសា សប្ដាហ៍នេះ ដែលជាថ្ងៃបញ្ចប់នៃខែដ៏វិសុទ្ធបុណ្យរ៉ាម៉ាដាន។ ប៉ុន្តែព្រឹត្តិការណ៍នេះ ត្រូវបានគ្របដណ្ដប់ដោយវិបត្តិកាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីហ្កាហ្សា និងការវាយលុកដោយយោធារបស់អ៊ីស្រាអែល ដែលគេរំពឹងទុក នៅក្នុងទីក្រុង រ៉ាហ្វា(Rafah) បន្ទាប់ពីសង្គ្រាមរយៈពេល៦ខែមកនេះ។អ៊ីស្លាមសាសនិកម្នាក់នៅក្នុងរដ្ឋធានី Nairobi របស់ប្រទេសកេនយ៉ា បាននិយាយថា យើងមិនគួរភ្លេចបងប្អូនរបស់យើងនៅប៉ាឡេស្ទីនទេ។ពួកគេត្រូវបានទទួលរងការឈ្លានពានដោយអយុត្តិធម៌ និងអំពើហិង្សាជាច្រើន ខណៈពិភពលោកកំពុងអោបដៃឈរមើលដោយស្ងៀមស្ងាត់។ ក្នុងសារថ្ងៃឈប់សម្រាក លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានផ្ញើការគាំទ្រទៅកាន់តំបន់ហ្កាហ្សា ដែលលោកបានហៅថា ការបង្ហូរឈាមលើមនសិការនៃមនុស្សជាតិ។នៅខាងក្នុងដែនដីហ្កាហ្សា ហែកហួរដោយសង្រ្គាម មានភាពសប្បាយរីករាយតិចតួច អមដោយទឹកភ្នែក។ ប្រជាជនប៉ាឡេស្ទីននៅក្នុងជំរំជនភៀសខ្លួន ចាបាលីយ៉ា(Jabaliya) ក្បែរទីក្រុងហ្កាហ្សា បានកាន់ទុក្ខមនុស្សជាទីស្រឡាញ់ក្នុងចំណោមមនុស្សជាង៣៣.០០០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលជាការសងសឹកទៅនឹងការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ចូលក្នុងទឹកដីអ៊ីស្រាអែល។នៅប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមូស្លីម ដែលមានប្រជាជនកាន់សាសនាអ៊ីស្លាមច្រើនជាងគេលើពិភពលោក ជិតបីភាគបួននៃចំនួនប្រជាជនកំពុងធ្វើដំណើរ វិលត្រលប់ទៅស្រុកកំណើតសម្រាប់ការប្រារព្ធពិធីបុណ្យប្រចាំឆ្នាំដែលអ្នកស្រុកស្គាល់ថាជាបុណ្យ មូឌីក (mudik)។នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្រុមអ្នកថ្វាយបង្គំបានឆ្លុះបញ្ចាំងពិភពលោក ដែលមកពីប្រទេសបេនីន ហ្គាណា ស៊ីរី អាហ្វហ្គានីស្ថាន និងទួរគីជាដើម។នៅក្នុងប្រទេសប៉ាគីស្ថាន ដែលជាប្រទេសមានពលរដ្ឋកាន់សាសនាអ៊ីស្លាមភាគច្រើន ជាទីដែលមាន៩០%នៃប្រជាជន២៤០លាននាក់កាន់សាសនាអ៊ីស្លាម បានប្រកាសថ្ងៃឈប់សម្រាកទូទាំងប្រទេសរយៈពេល៤ថ្ងៃចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រទី១២មេសាសប្ដាហ៍នេះ ។នៅប្រទេសម៉ាឡេស៊ី វិញ ក្រុមអ៊ីស្លាមសាសនិកដែលបានចូលរួមពិធីបួងសួងថ្ងៃពិធីបុណ្យ អេត អាល់ហ្វីត កាលពីថ្ងៃពុធទី១០មេសា បានបន់ស្រន់ឲ្យរឿងល្អៗកើតឡើងដល់ពួកគេ និងការអាណិតអាសូរដល់ពលរដ្ឋនៅក្នុងដែនដីហ្កាហ្សា កំពុងប្រារព្ធពិធីបុណ្យ ក្រោមស្រមោលសង្រ្គាម៕

មនុស្ស៥នាក់ ត្រូវបានចាប់ខ្លួនពីបទបាញ់ប្រហារនៅទីក្រុង Philadelphia អំឡុងពិធីបុណ្យមូស្លីម

2024/04/11 12:47:02 pm        181
យោងតាមស្នងការនគរបាល លោកខេវិន ជេ បេតធេល(Kevin J. Bethel) បានិយាយថា នគរបាលបានចាប់ខ្លួនមនសុ្សចំនួន៥នាក់ បន្ទាប់ពីការបាញ់ប្រហាររវាងក្រុមជាគូប្រជែងពីរក្រុម នៅជិតការប្រមូលផ្តុំប្រជាជនមូស្លីម ដើម្បីអបអរថ្ងៃចុងបញ្ចប់នៃបុណ្យរ៉ាម៉ាដាន កាលពីថ្ងៃពុធ នៅទីក្រុង Philadelphia រដ្ឋ ភេនស៊ីលវ៉ានៀ (Pennsylvania) សហរដ្ឋអាមេរិក។ការបាញ់ប្រហារនេះ បានកើតឡើងនៅជិតទីលាន ក្លារ៉ា មូហាម៉ាដ(Clara Muhammad) ជាកន្លែងដែលមនុស្សប្រហែល ១.០០០នាក់កំពុងប្រមូលផ្តុំ។ លោក Bethel និយាយថា មនុស្ស ៤ នាក់ដែលត្រូវបានចាប់ខ្លួនកំពុងកាន់អាវុធ ហើយម្នាក់ត្រូវបានបាញ់ដោយនគរបាល ត្រូវចំស្មា និងជើង។លោកបាននិយាយបន្ថែមថា មានការបាញ់កាំភ្លើងប្រមាណជា៣០គ្រាប់ ហើយយុវជនអាយុ២២ឆ្នាំម្នាក់ និងអនីតិជនអាយុ១៥ឆ្នាំម្នាក់ ត្រូវបាននគរបាលបាញ់ ប៉ុន្តែស្ថិតក្នុងស្ថានភាពមានស្ថិរភាព។ លោកស្នងការនិយាយថា ការស៊ើបអង្កេត នឹងពិនិត្យមើលលើហេតុផលនៃជម្លោះដែលបានកើតឡើងក្នុងអំឡុងពេលការជួបជុំជាសាធារណៈ ក្នុងពិធីបុណ្យ Eid al-Fitr ។ស្នងការនគរបាល លោក Kevin J. Bethel បាននិយាយទៅកាន់អ្នកសារព័ត៌មានថា បក្សពួកពីរក្រុមទំនងជាកំពុងបាញ់កាំភ្លើងតគ្នានៅក្នុងឧទ្យានមួយកន្លែង ហើយមន្រ្តីនគរបាលបានឃើញមនុស្ស ៤ នាក់រត់ចេញពីកន្លែងកើតហេតុ។

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកោះតៃវ៉ាន់ កើនឡើងដល់ ១៦នាក់ ខណៈមនុស្ស ៣ នាក់បន្តបាត់ខ្លួន

2024/04/11 11:16:37 am        211
ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំដែលបានវាយប្រហារកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន បានកើនឡើងដល់ ១៦ នាក់ហើយកាលពីថ្ងៃពុធ (១០ មេសា) បន្ទាប់ពីសាកសពមនុស្សបីនាក់ទៀតត្រូវបានរកឃើញនៅលើផ្លូវឡើងភ្នំ។គ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័រ ដែលបានវាយប្រហារកោះនេះកាលពីថ្ងៃទី០៣ ខែមេសា ក៏បានបណ្តាលឱ្យមនុស្សជាង ១.១០០ នាក់បានរងរបួសផងដែរ ជាមួយនឹងអគារជាច្រើនខ្នងត្រូវខូចខាត ខណៈការត្រៀមលក្ខណៈដ៏ល្អរបស់តៃវ៉ាន់ សម្រាប់គ្រោះមហន្តរាយដែលរីករាលដាល ត្រូវបានចាត់ទុកថាអាចបញ្ចៀសគ្រោះមហន្តរាយកាន់តែធំ។អាជ្ញាធរបានរកឃើញជនរងគ្រោះទាំងបីនាក់នោះកាលពីថ្ងៃពុធ ខណៈដែលពួកគេធ្វើការដើម្បីយកសាកសពពីរផ្សេងទៀតដែលកប់នៅក្រោមថ្មតាមបណ្តោយផ្លូវឡើងភ្នំ សាខាតាង (Shakadang) ក្នុងតំបន់ ហ័រលៀន (Hualien) ភាគខាងកើតកោះតៃវ៉ាន់ ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី។ អ្នកស្លាប់ថ្មីទាំងនោះបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបពីការរញ្ជួយដីនេះកើនឡើងដល់ ១៦ នាក់ នេះបើយោងតាមភ្នាក់ងារពន្លត់អគ្គិភ័យជាតិ។ទីភ្នាក់ងារនេះបាននិយាយថា មនុស្សបីនាក់នៅតែបាត់ខ្លួននៅតាមបណ្តោយផ្លូវភ្នំ សាខាតាង រួមទាំងជនជាតិសិង្ហបុរីពីរនាក់ផងដែរ។ ទីភ្នាក់ងារអន្តោប្រវេសន៍តៃវ៉ាន់បាននិយាយថា គូស្នេហ៍ជនជាតិសិង្ហបុរីដែលបាត់ខ្លួននោះ គឺជាប្តីប្រពន្ធ។ ការរញ្ជួយដីកាលពីថ្ងៃពុធសប្តាហ៍មុន គឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនៅតៃវ៉ាន់ ចាប់តាំងពីការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានវាយប្រហារកោះនេះក្នុងឆ្នាំ១៩៩៩៕

នាយករដ្ឋមន្ត្រី៖ ប្រទេសប៉ូឡូញ នឹងមិនទទួលយកយន្តការផ្លាស់ទីលំនៅរបស់ជនអន្តោប្រវេសន៍ទេ

2024/04/11 11:10:08 am        188
លោកនាយករដ្ឋមន្ត្រី ដូណាល់ ថាស់ (Donald Tusk) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសប៉ូឡូញនឹងមិនទទួលយកយន្តការផ្លាស់ទីលំនៅជនអន្តោប្រវេសន៍របស់សហភាពអឺរ៉ុបទេ បើទោះបីជាមានការ អនុម័តច្បាប់របស់សភាអឺរ៉ុបដែលសំដៅទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍ចូលទៅក្នុងទ្វីបនេះក៏ដោយ។សមាជិកសភាអឺរ៉ុប បានបោះឆ្នោតកាលពីថ្ងៃពុធលើការកែប្រែប្រព័ន្ធការធ្វើទេសន្តរប្រវេសន៍របស់ប្លុកនេះ ដើម្បីកាត់បន្ថយរយៈពេលនៃនីតិវិធីសន្តិសុខ និងសិទ្ធិជ្រកកោន និងបង្កើនការវិលត្រឡប់របស់ជនអន្តោប្រវេសន៍ ដើម្បីកាត់បន្ថយការធ្វើអន្តោប្រវេសន៍ដែលមិនចង់បានពីមជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលជាអាទិភាពចម្បងនៅលើរបៀបវារៈរបស់សហភាពអឺរ៉ុប។លោកថាស់ បានប្រាប់អ្នកយកព័ត៌មានថា៖«យើងនឹងស្វែងរកមធ្យោបាយដើម្បីឲ្យកិច្ចព្រមព្រៀងទេសន្តរប្រវេសន៍ចូលជាធរមាន ក្នុងទម្រង់មិនផ្លាស់ប្តូរក៏ដោយ យើងនឹងការពារប៉ូឡូញប្រឆាំងនឹងយន្តការផ្លាស់ ប្តូរទីលំនៅ»។លោកបានបន្ថែមថា ប្រទេសសហភាពអឺរ៉ុប ចាំបាច់ត្រូវផ្តោតលើការការពារព្រំដែនរបស់ខ្លួន។ប្រទេសប៉ូឡូញ ធ្លាប់បានបញ្ជាក់ថា ខ្លួនគួរតែត្រូវបានលើកលែងពីយន្តការសាមគ្គីភាព នៅក្នុងច្បាប់ថ្មីនេះ ខណៈដែលខ្លួន បានជួយនិងទទួលយកជនភៀសខ្លួនអ៊ុយក្រែនច្រើនជាងគេ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសនេះ ក្នុងឆ្នាំ ២០២២។ការធ្វើទេសន្តរប្រវេសន៍ គឺជាបញ្ហាដ៏ចម្រោងចម្រាស នៅក្នុងសហភាពអឺរ៉ុប ចាប់តាំងពីមនុស្សជាងមួយលាននាក់ដែលភាគច្រើនជាជនភៀសខ្លួនស៊ីរី បានមកដល់ពាសពេញសមុទ្រមេឌីទែរ៉ាណេ ក្នុងឆ្នាំ ២០១៥ ដោយចាប់បានប្លុកនេះពុំបានត្រៀមខ្លួនជាមុន ចំពេលដែលមានភាពវឹកវរ និងស្ថានភាពលំបាកខ្លាំង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូត៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្តួចផ្តើមដំណើរការដាក់ទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់
08/28/2025 08:08 PM
EU និងអង់គ្លេសកោះអញ្ជើញបេសកជនរុស្ស៊ី ក្រោយអគារបេសកកម្មរងខូចខាត អំឡុងការវាយប្រហារលើក្រុងគីវ
08/28/2025 08:08 PM
ប្រធានាធិបតីស្វីស ពិភាក្សាអំពីសន្តិភាព និងការកសាងឡើងវិញជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន
08/28/2025 08:08 PM
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ចាកចេញពីអូស្ត្រាលី ក្នុងពេលមានជម្លោះផ្នែកការទូត ជុំវិញការវាយប្រហារប្រឆាំងជ្វីហ្វ
08/28/2025 07:08 PM
រុស្ស៊ី បញ្ជាក់ថា «នៅតែចាប់អារម្មណ៍» ចំពោះសន្តិភាព ប៉ុន្តែនឹងបន្តការវាយប្រហារអ៊ុយក្រែន
08/28/2025 07:08 PM
ផ្លូវជនបទ២គម្រោងក្នុងខេត្តសៀមរាប ស្ថាបនាប្រកបដោយគុណភាព បម្រើដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ
08/28/2025 07:08 PM
ក្រុមមន្ត្រី៖ ទីក្រុងតូចៗរបស់ប៉ាគីស្ថានចំនួន ២ ប្រឈមនឹងទឹកជំនន់ដ៏មហន្តរាយ ប្រសិនបើទំនប់ទឹកទន្លេបាក់
08/28/2025 06:08 PM
ហ្ស៊កដានី ជម្លៀសកុមារឈឺកាន់តែច្រើនពីតំបន់ហ្កាហ្សា ដើម្បីយកទៅព្យាបាល
08/28/2025 06:08 PM
ផ្លូវហាយវេពីទីក្រុងដាម៉ាស ទៅទីក្រុង Sweida ត្រូវបើកឲ្យដំណើរការឡើងវិញ រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីផ្ទុះអំពើហិង្សា
08/28/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហ្វីលីពីនបើកចំហ ចំពោះការពិភាក្សាជាមួយចិន អំពីសុវត្ថិភាពប្រជាជនហ្វីលីពីននៅកោះតៃវ៉ាន់
08/28/2025 06:08 PM