សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី
TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ

2025/04/05 09:04:42 pm        150
ក្នុងឱកាសអញ្ជើញចូលរួមដាក់កម្រងផ្កា​ និង​ គោរពវិញ្ញាណក្ខន្ធ​ ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ​ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍។ក្នុងឱកាសនៃជំនួបនេះ, សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានឆ្លៀតឱកាសដ៏ក្រៀមក្រំនេះ ទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូ។ សម្តេចបវរធិបតីក៏បានបញ្ជាក់ថា ក្នុងព្រះនាមព្រះមហាក្សត្រ, ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី, ក្រុមគ្រួសារ, រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះការបាត់បង់វីរបុរស​ និង​ ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ និងតស៊ូ​ ពេញមួយជីវិត​ ក្នុងការរំដោះ, កសាង​ និងអភិវឌ្ឍប្រទេសឡាវ ឱ្យរីកចម្រើនដូចសព្វថ្ងៃ ក៏ដូចជាបានចូលរួមពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ។ សម្តេចបវរធិបតី ក៏បានរំលឹកឡេីងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ និងបានគូសបញ្ជាក់ថា ប្រទេសយើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តធ្វេីរួមគ្នា សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ ដើម្បីជាឧត្តមប្រយោជន៍​សម្រាប់ប្រជាជាតិ​ និង​ ប្រជាជន ទាំងពីរ។ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ​ ឯកឧត្តម អតីតប្រធានរដ្ឋឡាវ។ វត្តមានដ៏ថ្លៃថ្លានេះ គឺជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់ឯកឧត្តម, ក្រុមគ្រួសារ, រដ្ឋាភិបាល និងប្រជាជនឡាវ និងជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ប្រកបដោយមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីគំរូវីរភាពរបស់ឯកឧត្តមអតីតប្រធានរដ្ឋ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើន រាប់មិនអស់ ជូនជាតិ​ មាតុភូមិឡាវ ក្នុងនោះរួមមាន៖ ការតស៊ូដើម្បីឯករាជ្យ, ការរំដោះជាតិ និងការអភិវឌ្ឍប្រទេសឡាវឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ ការបាត់បង់ឯកឧត្តម ខាំតៃ​ ស៊ីផាន់ដន​ គឺជាការខាតបង់ដ៏ធំធេងសម្រាប់រដ្ឋាភិបាល និងប្រជាជនឡាវ។ ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តមអតីតប្រធានរដ្ឋ ជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលបានចូលរួមពូនជ្រុំ​ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឡាវ-កម្ពុជា រហូតឈានទៅដល់ការសម្រេចបាន “ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។ ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ឡាវ-កម្ពុជា ការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕

លោក សម សេរី ប្រកាសរំលាយចោលនូវរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស

2025/04/05 05:58:16 pm        459
លោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរនិងរដ្ឋាភិបាលជាតិខ្មែរនិរទេស បានប្រកាសរំលាយចោលនូវរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ។  លោក សម សេរី ក៏បានផ្ញើលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។នៅលើបណ្តាញសង្គម លោក សម សេរី បានសរសេរថា ៖ “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស និងមិត្តបរទេសនានារួមទាំងអង្គការ អន្តរជាតិ មេត្តាជ្រាបថា ! ខ្ញុំបាទសូមប្រកាសរំលាយចោលនូវ រណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ”។ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោក សម សេរី បានស្នើសុំសណ្តោសប្រណីលើកលែងទោសដល់រូបលោក ដើម្បីបានវិល ត្រឡប់មកកាន់ប្រទេសកម្ពុជា ហើយលោកក៏សូមប្រកាសរំលាយចោលនូវរណសិរ្ស រំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលលោកដឹកនាំចាប់ពីថ្ងៃនេះតទៅ។ក្នុងលិខិតបានបញ្ជាក់ទៀតថា៖ «សម្តេចតេជោ និង សម្តេចធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់...!! ផ្អែកលើស្មារតីនៃការរួមសាមគ្គីគ្នាការពារនូវ “សន្តិភាព” និងការថែរក្សាការពារនូវ ផលប្រយោជន៍ដ៏ឧដុង្គឧត្តម និងសុភមង្គលរបស់ប្រជាជនកម្ពុជា។ ខ្ញុំបាទ សម សេរី សូមប្តេជ្ញារួបរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងប្រជាធិបតេយ្យសេរីពហុបក្ស រួមគ្នាទប់ស្កាត់នូវការរំលោភច្បាប់នានា»។

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនរយៈពេល៥ខែ សម្រេចបានជិត៤០ភាគរយហើយ

2025/04/02 10:55:06 am        173
ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនក្នុងរយៈពេល៥ខែមកនេះ ក្រុម​ការ​ងារ​ធ្វើ​ការងារ​សាង​សង់​សម្រេចបានជិត៤០ភាគរយ ហើយនឹងបន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ ធ្វើ​យ៉ាង​ណាឲ្យសម្រេចជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាខាងមុខនេះ។តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដោយប្រើប្រាស់មូលនិ ធិក​សាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន របស់​ក្រុម​ការងារ​ចំពោះ កិច្ចគ្រប់គ្រងមូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោត​លើ​ការ​កសាងផ្លូវក្រវាត់ព្រំដែន ដែលហៅកាត់ថា(ក.គ.ម)បានឲ្យដឹងថា វឌ្ឍនភាព​នៃ​ដំណើរ​ការ​កសាង​ផ្លូវ​ព្រំដែននៅក្នុងរយៈពេល៥ខែ កន្លងមកនេះ​ក្រុម​ការ​ងារ​ចំពោះ​កិច្ច​បាន​ឈូស​ព្រៃទ​ទឹង​៥ម៉ែត្រ​បានប្រវែង១១០គីឡូម៉ែត្រ សម្រាប់រកផ្លូវ ខ្សែដំបូង ឈូសផ្លូវទទឹង២០ម៉ែត្របានប្រវែងជាងមួយម៉ឺនម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលង-អូរ បន្ទាប ចំណោទភ្នំ និងធ្វើប្រឡាយបានប្រវែង១០០,៥០គីឡូម៉ែត្រ កសាងផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង៩៩,១០គីឡូម៉ែត្រ ក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរប្រវែង៧៥,២០គីឡូម៉ែត្រ។ «ដោយជាលទ្ធផលរួមនៃ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះគឺសម្រេចបានប្រមាណ៣៩,៩២ ភាគរយ នៃផែនការក្នុងនោះខេត្តមណ្ឌលគិរីបានប្រវែង៤៤,៩០គីឡូម៉ែត្រស្មើនឹង៤២,៤៥ភាគរយ និង ខេត្តរតនគិរីបានប្រវែង៣០,៣០ភាគរយស្មើនឹង៣៤,២៦ភាគរយ»។បើតាមសេចក្តីប្រកាសព័ត៌មានក៏បានលើកឡើងផងដែរថា ក្រុមការងារកំពុងបន្តជំរុញការងារ បោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវប្រាំង ដោយធានាឲ្យ បានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាពនិងភាពធន់និងអាកាសធាតុ,បន្តជំរុញល្បឿននៃការ កសាងសំណង់សិល្បការ ធ្វើយ៉ាងណាឲ្យសម្រេចបានជាស្ថាពរមុនពេលរដូវភ្លៀងធ្លាក់ជាដើម។ជាមួយគ្នានោះដែរ ក្រុមការងារសាងសង់ ក៏បានប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួលខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការ ដែល បានគ្រោងទុក និងបន្តផ្តលព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រើប្រាស់នូវ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាគំនិតផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះជាបន្តបន្ទាប់។សូមបញ្ជាក់ថាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននោះ បានទទួលបានថវិកាពីពីបងប្អូនសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិកក្រោយសម្តេចធិបតីនាយករដ្ឋមន្រ្តីបានបង្កើតមូលនិធិនេះឡើយងនាថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤នោះ៕ អត្ថបទ៖ បាន ចក់

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ស្ងើចសរសើរចំពោះសម្ទុះនៃការអភិវឌ្ឍ និងធនធានមនុស្ស​វ័យក្មេង​របស់​កម្ពុជា

2025/04/01 12:02:00 pm        200
ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​ការ​ស្ងើចសរសើរចំពោះសម្ទុះនៃការអភិវឌ្ឍ និងសក្ដានុពលយុវជនវ័យក្មេងរបស់កម្ពុជា។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បាន​មាន​ប្រសាសន៍​បញ្ជាក់ថា ក្នុងរយៈពេលដែល​ឯកឧត្តម​មក​កាន់​តំណែង​ជា​ឯកអគ្គ​រដ្ឋ​ទូត​រយៈ​ពេល​ប្រមាណ ៧ខែនៅប្រទេសកម្ពុជា ឯកឧត្តម មានការភ្ញាក់​ផ្អើល​ដោយ​សារ​មើល​ឃើញ​ច្បាស់​អំពី​ការ​អភិវឌ្ឍរបស់ប្រទេសកម្ពុជា និងមើលឃើញកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយ​ប្រទេសអូស្រ្ដាលីក៏មានបំណងចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា ចំពោះសក្ដានុពលនៃធនធានមនុស្សកម្ពុជា តាម​រយៈ ស្ថិតិដែលយើងទទួលបាន គឺចំនួន ២ភាគ៣ នៃប្រជាពលរដ្ឋកម្ពុជា គឺជា​ប្រជា​ពលរដ្ឋ​ដែល​មាន​អាយុ​តិចជាង ៣០ ឆ្នាំ ដែលចំនួននេះ គឺបង្ហាញថាកម្ពុជាសម្បូរធនធានមនុស្សវ័យក្មេង និង​មានកម្លាំងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សូមជម្រាបថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីនៃកម្ពុជាកាលពីពេលកន្លងទៅ ឯកឧត្តម ឌីរ៉េក យីប បានប្តេជ្ញាចិត្តក្នុងការពង្រឹង និង​ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​ រួមមាន៖ (១) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់​តែ​ខ្លាំង​ក្លា​ថែមទៀត (២) គាំទ្រកម្ពុជាដែលនឹ​ង​ចាក​ចេញ​ពី​ចំណាត់​ថ្នាក់​ក្រុម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច (LDC) នៅឆ្នាំ២០២៩ និង (៣) គាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាល ទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។សម្ដេចធិបតី និងឯកអគ្គរាជទូតអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏​ល្អប្រសើរ រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យ​​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ថាមពលស្អាត សុខាភិបាល អប់រំ ការពារជាតិ និង សន្តិសុខ រួមទាំងការបណ្តុះបណ្តាលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ជីវប្រវត្តិសង្ខេប ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០២ និង២៧នាទី ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ

2025/03/28 04:32:15 am        306
ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។ លោកជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះស្រី ៣នាក់។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់៖ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់,​ កូនទី២ ឯកឧត្តម ហ៊ុន ជា, កូនទី៣ ឯកឧត្តម ហ៊ុន គឹមជាតិ, កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល, និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី។ ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាឃុំពាមកោះស្នា និងអនុវិទ្យាល័យស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងក្រោយមកបានផ្លាស់ទីលំនៅមករស់នៅធ្វើចំការនៅ ភូមិចំការថ្មី ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ជាមួយឪពុកម្តាយ និងក្រុមគ្រួសារ។ ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លោកស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើត និងក្រោយមក ប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ លោក ព្រមទាំងក្រុមគ្រួសារ បានរស់នៅ និងឆ្លងកាត់របបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង ៣ឆ្នាំ៨ខែ២០ថ្ងៃ របបកម្ពុជាប្រជាធិបតេយ្យ ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។ ដោយបញ្ញា ស្មារតី សមត្ថភាព និងមនសិការស្នេហាជាតិ លោក ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន៖ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ លោក គឺជាយោធាប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ លោកត្រូវបានតែងតាំងជាប្រធានទទួលជំនួយប្រចាំកំពង់ផែកំពង់សោម ក្នុងក្រសួងពាណិជ្ជកម្ម, ពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០០២ លោកជាអនុប្រធានក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត នៃក្រសួងគមនាគមន៍, ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៩ លោកជាអគ្គនាយករង នៃភ្នាក់ងារកម្ពុជានាវាចរ (កាំសាប), ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ឯកឧត្តម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ឋានៈស្មើរដ្ឋលេខាធិការ និងពីឆ្នាំ២០២២ ឯកឧត្តម ជារដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន រហូតមកដល់បច្ចុប្បន្ន។ ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តម ត្រូវបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស​​ជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ថ្នាក់ជាតូបការ និង គោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពីព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ពេញមួយជីវិតរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពិសេសពេលវេលាដែលលោកបានចូលរួមចំណែកកសាងជាតិ បំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ រួមមាន មន្ទីរពេទ្យ មន្ទីរឃុំ និងសាលាមតេ្តយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល, កសាង និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ក្រោមការដឹកនាំ​របស់ សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ។ សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះ បានធ្វើឱ្យ   ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។  

ឯកឧត្តម ហ៊ុន ម៉ានី មានការ​អាឡោះអាល័យ ខណៈអ៊ំប្រុស ហ៊ុន សាន បានទទួលមរណភាព និងបន្សល់ទុកនៅស្នាមញញឹម និងដំបូន្មានជាច្រើន

2025/03/28 04:20:07 am        197
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឯកឧត្តម ហ៊ុន ម៉ានី មានការ​អាឡោះអាល័យ ខណៈអ៊ំប្រុស (ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន) បានទទួលមរណភាព និងបន្សល់ទុកនៅ ស្នាមញញឹម ដំបូន្មានជាច្រើនដល់កូនក្មួយ។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្ដាញ​សង្គមហ្វេស​ប៊ុករបស់ឯកឧត្តមនៅយប់រំលងអធ្រាត្រថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះថា ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថ្ងៃនេះ អ៊ំបានចាកចេញពីពួកយើងទាំងអស់គ្នាហើយ។ ឯកឧត្តមបានបន្តថា អ៊ំបានបន្សល់ទុកនូវស្នាមញញឹម រឿងរ៉ាវរបស់អ៊ំ ពុក និងក្រុមគ្រួសារ ដែលនាំមកនូវមនោសញ្ចេតនា ភាពកក់ក្តៅ។ លើសពីនេះទៀត គឺដំបូន្មានសម្រាប់ក្មួយៗ អោយចេះមើលថែគ្នា ក៏ដូចជាការគិតគូរពីប្រទេសជាតិ និងប្រជាជន ក្នុងនាមជាការទទួលខុសត្រូវរបស់ ត្រកូលយើង (ត្រកូលហ៊ុន) ដែលបានចាប់ផ្តើមពីយូរហើយ ជាពិសេស មើល និងរៀនសូត្រពីពុក។ ឯកឧត្តមបានបញ្ជាក់ថា ទោះអ៊ំបានទៅចោលយើង ប៉ុន្តែក្មួយនឹងចងចាំនូវស្នាមញញឹម ដំបូន្មាន និងអនុស្សាវរីយ៍ជាច្រើនទៀត ហើយជាពិសេស ឈ្មោះដែលតែងតែអ៊ំហៅខ្ញុំ គឺ “ថាំងចេង”។ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមបានបួងសួងជូនចំពោះ អ៊ំប្រុស ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន ទទួលនៅការគោរព ស្រឡាញ់ និងសេចក្តីនឹករលឹកពីខ្ញុំ ហើយសូមអ៊ំ ធ្វើដំណើរទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូមបញ្ជាក់ថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន បានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច​ ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង២៧ នាទីព្រឹក ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ៕

សម្ដេច​តេជោ៖«សង្ខារមិនទៀងតែការស្លាប់គឺទៀង! បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ»

2025/03/28 03:26:05 am        257
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសថា បងប្រុសបង្កើតរបស់សម្តេច គឺ ឯកឧត្តម អ្នកឧក ញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាពហើយ នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា (សង្ខារមិនទៀងតែការស្លាប់គឺទៀង) «បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗនិងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទីមួយ។ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯងដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)»។សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ទៀតថា ១២ឆ្នាំមុន (២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ លើកនេះពេលបងទី១ទទួលមរណភាពភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។ បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។ បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទី ដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។ កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រម ធម្មជាតិដែលមិនអាចចៀសវាងបាន៕

ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ទទួលមរណភាព

2025/03/28 03:11:40 am        379
ភ្នំពេញ៖អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន​បងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ២៖២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។មរណភាពរបស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ​រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាការបាត់បង់នូវឧត្ដមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅនិងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។លើសពីនេះទៅទៀត មរណភាពរបស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ជាការបាត់បង់ឥស្សរជនឆ្នើមមួយរូប ដែលបានខិតខំបំពេញការងារនិងសម្រេចបានលទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ឯកឧត្តម ហ៊ុន សាន​ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕

ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/03/25 10:32:22 am        275
កោះកុង៖ នាថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារការសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពី សំឡូត -វាលវែង -កោះកុង សម្រេចបានលទ្ធផលជារួម ៩៨,១៦% ហើយ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ នេះ។ គម្រោងនេះក៏មានស្ថាបនាលូគ្រប់ប្រភេទសរុបចំនួន ៤៧៨កន្លែង និងស្ពានចំនួន ៣២ស្ពាន ហើយស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាគេមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៨,២% ផងដែរ។សូមជម្រាបជូនថា ស្ពានលេខ២៨ នេះនឹងត្រូវប្រារព្ធពិធីចាក់បេតុងតភ្ជាប់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លើសពីនោះ ដើម្បីជាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ពាននេះនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ ហើយអនុញ្ញាតឱ្យឆ្លងកាត់តែរថយន្តធុនតូច និងនៅពេលថ្ងៃតែប៉ុណ្ណោះ។គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ​មាន​រយៈ​ពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោង​នឹងបញ្ចប់​នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

ស្ពានអាកាស «មរតកតេជោ» នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៧ មេសា ក្រោមអធិបតីភាពសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត

2025/03/25 10:25:46 am        141
បើមិនមានអ្វីប្រែប្រួលទេ ស្ពានអាកាស «មរតកតេជោ» នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ការសម្ភោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ»មុនចូលឆ្នាំខ្មែរ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងភ្នំពេញ ជាពិសេសនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំខ្មែរផង និងដោះស្រាយការកកស្ទះចរាចរនៅទីតាំងនេះផងដែរ។នេះបើយោងតាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍ BTV នៅថ្ងៃទី២៥ ខែមីនា២០២៥។អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានន្ថែមថា ស្ពានអាកាស "មរតកតេជោ" នឹងជួយកាត់បន្ថយការខាតបង់ពេលវេលាក្នុងការធ្វេីដំណេីរ សន្សំសំចៃសម្រួលលំហូរចរាចរណ៍ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមក ជាពិសេសពេលរដូវបុណ្យជាតិធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំខ្មែរជាដើម។លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកស្រី ដោ សម្ផស្ស បន្តថា ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរចរាចរណ៍ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះតេជោក្រុងតាខ្មៅ ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។គួររំលឹកថា ស្ពានអាកាស «មរតកតេជោ»ក្នុងជំហានទី២ បានធ្វើពិធីតភ្ជាប់ស្ពាន កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាសថ្មីនេះ បានបើកការដ្ឋានស្ថាបនានៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការ បតេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត
07/01/2025 08:07 PM
តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ
07/01/2025 08:07 PM
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម
07/01/2025 08:07 PM
លោក Netany របស់អ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងជួបលោក Trump នៅសប្តាហ៍ក្រោយ
07/01/2025 08:07 PM
អង្គការសប្បុរសធម៌ជាង ១៧០ អំពាវនាវឲ្យបញ្ចប់ប្រព័ន្ធចែកចាយជំនួយថ្មី នៅហ្កាហ្សា ដោយបារម្ភពីសុវត្ថិភាពជនស៊ីវិល
07/01/2025 08:07 PM
រដ្ឋធានីឥណ្ឌា ហាមមិនឲ្យលក់ប្រេងឥន្ធនៈឲ្យរថយន្តចាស់ៗ ជាការប៉ុនប៉ងប្រឆាំងការបំពុល
07/01/2025 07:07 PM
«សហរដ្ឋអាមេរិក និងកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេចបាននូវលទ្ធផលលើការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា រួមទាំងចូលរួមចំណែកពង្រឹងសន្តិសុខសុខភាពសកលតាមរយៈការកាត់បន្ថយជំងឺឆ្លង»
07/01/2025 07:07 PM
សម្ដេចធិបតីជួបជាមួយមេធាវីអន្តរជាតិដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធការបន្តនីតិវិធីរបស់កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីវិវាទព្រំដែនជាមួយថៃ
07/01/2025 07:07 PM
ឯកឧត្តម សុខ ពុទ្ធិវុធ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស
07/01/2025 07:07 PM
អភិបាលក្រុង Izhevsk៖ មនុស្ស ៣នាក់ស្លាប់ និង ៣៥នាក់រងរបួស ដោយសារការវាយប្រហាររបស់អ៊ុយក្រែន
07/01/2025 07:07 PM