សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី
TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិស ពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2025/03/25 09:10:33 am        112
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយ ដែលមានច្រកសិក្សាច្រើនជម្រើស ដោយផ្អែកលើសមត្ថភាពសិស្ស និងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែន រវាងប្រព័ន្ធអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច នៅវិមានសន្តិភាព៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ បង្ហាញ​អំពី​សាមគ្គីភាព​ និង​រួម​ចំណែក​​លើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព

2025/03/25 08:38:49 am        134
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាច​ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺ​បង្ហាញ​អំពីសាមគ្គីភាព ការយោគយល់គ្នា និង​ការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាង​សហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខ​សន្តិភាព ហើយក៏ជា​ឱកាស​សម្រាប់​ឱ្យ​អ្នក​ចូល​រួម​ពិធី​បានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិត​ស្និទ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែក​បទ​ពិសោធន៍​​ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែកដល់​ការ​លើក​ស្ទួយ​សុខ​ដុម​នីយកម្ម​ជាតិ​សាសន៍ និងសាសនានៅកម្ពុជា សំដៅថែរក្សា​នូវសុខសន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ត និងស្មារតីនៅក្នុងការអភិវឌ្ឍសង្គម​សេដ្ឋកិច្ចជាតិ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និង​ផ្តល់​សេរីភា​ពជំ​នឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូល​ដ្ឋាន​នៃការ​ពង្រឹង​សុខ​ដុម​នីយកម្មសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់​ទង្វើ​រើសអើង​សំដៅ​ទប់​ស្កាត់​ការ​យក​សាសនា​ទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិ​សាសនា​នៅកម្ពុជា។ កម្ពុជា​ពិត​ជា​មាន​មោទនភា​ព​ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់​សាសនាផ្សេងៗគ្នា, ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់​កម្ពុជា​នោះទេ, ថែមទាំងជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែល​ប្រទេសជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោល​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការ​ល្អជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាព​ងាយ​ស្រួល​ជូនប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា, ទាំងបច្ចុប្បន្ន និងទៅអនាគត ។ មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដើម្បីឱ្យសហគមន៍​បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត ដូចជា៖ ទី១/ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាព ព្រមទាំង​មានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរ​លើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ និងសាសនា, ទី២/ សូមបន្តរៀបចំដឹកនាំ​កិច្ចការ​សាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការ​យ៉ាង​ជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់, ទី៣/ អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្ជិទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិសាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរ​ឥស្លាមរស់នៅ​ឱ្យស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេស​ទៅតាម​ស្ថាប័ន​មានសមត្ថកិច្ច​, ទី៤/ សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ​, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃ​ជំនឿ​ឥស្លាម និងគោរពតាមរដ្ឋ​ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ទី៥/ សូមបន្តជឿជាក់ និងគំាទ្រ​លើ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាយ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនា​ឥស្លាមនៅកម្ពុជា តាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្ម​ជាតិ​សាសន៍ និងសាសនា, ទី៦/ សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមខ្មែរឥស្លាម ដោយចៀសវាងការ​យក​សាសនាសម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ, បែកបាក់សាមគ្គី និង ភាពជ្រុលនិយម​ក្នុង​សហគមន៍៕

ប្រមុខការបរទេសកម្ពុជា៖ មូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុដ៏សំខាន់លើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនក្នុងអនុតំបន់

2025/03/24 03:55:04 pm        212
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុ ដ៏សំខាន់ដែលគាំទ្រគម្រោងនាពេលបច្ចុប្បន្ននិងអនាគតលើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសិទ្ធិ អំណាចរបស់ស្ត្រី។ គម្រោងទាំងនេះបានលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនរបស់យើងនៅក្នុង អនុតំបន់។ឯកឧត្តម ប្រាក់ សុខុន បានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិតអបអរសាទរ ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។ តាមរយៈសារលិខិតឯកឧត្តមបានថ្លែងថា ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបម្រើជាវេទិកា ដ៏សំខាន់សម្រាប់ប្រជាជនទាំងប្រាំមួយគឺ កម្ពុជា សាធារណរដ្ឋប្រជាមានិតចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ដើម្បីចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ ការផ្លាស់ប្តូរ និងកិច្ចសហការដែលផ្តោត លើសសរស្តម្ភសំខាន់ចំនួន៣ រួមមាន (១)បញ្ហានយោបាយ និងសន្តិសុខ (២)ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង (៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីសម្រេច បាននូវលទ្ធផលជាក់ស្តែង។ឯកឧត្តមបានបន្តថា គោលបំណងស្នូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងគឺ តំណាងដោយស្មារតីនៃភាពជាដៃគូ ស្មើភាពគ្នា ភាពជាថ្នាក់ដឹកនាំ ផលប្រយោជន៍រួម និងអនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។ ជាមួយគ្នា កត្តាទាំងនោះបានផ្តល់អំណាចឱ្យយើងដោះស្រាយបញ្ហាប្រឈមរួមគ្នា និងចាប់យកឱកាស សម្រាប់ការរីកចម្រើន។បើតាម ឯកឧត្តម ប្រាក់ សុខុន នាពេលដែលយើងជិតឈានដល់គម្រប់ខួប ១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ យើងអាចនិយាយដោយ មោទនភាពចំពោះសមិទ្ធផលសំខាន់ៗដែលយើងសម្រេចបានរួមគ្នា។ សមិទ្ធផល ទាំងនោះ រួមមាន ការបង្រួមគម្លាតនៃការអភិវឌ្ឍ ការលើកកម្ពស់ការតភ្ជាប់តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនយើងនៅក្នុងអនុតំបន់។ឯកឧត្តមថ្លែងថា៖«មូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យើង គឺឯកសារគោលដែលជាមូលដ្ឋានសម្រាប់ដំណើររួមរបស់យើង។ គួរកត់សម្គាល់ថា ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) គឺជាសក្ខីភាពមួយចំពោះចក្ខុវិស័យរួម។ ឯកសារគោលនេះបានបង្ហាញនូវទិសដៅច្បាស់លាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ឯកឧត្តមបានបន្ថែមថា តាមរយៈការផ្តល់អាទិភាពដល់ការអភិវឌ្ឍដែលផ្តោតលើប្រជាជន និងការច្នៃប្រឌិត ផែនការនេះនឹងធ្វើ ឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្ន។ លើសពីនេះ ឯកសារគោលនេះ ផ្តល់នូវវេទិកាមួយដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាឆ្លងព្រំដែន ដែលធានាបាននូវអនាគតកាន់តែរីកចម្រើន និងសុខដុមរមនាសម្រាប់អនុតំបន់ មេគង្គ-ឡានឆាង។លើសពីនេះទៅទៀត មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុ ដ៏សំខាន់ដែលគាំទ្រគម្រោងនាពេលបច្ចុប្បន្ននិងអនាគតលើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសិទ្ធិ អំណាចរបស់ស្ត្រី។ គម្រោងទាំងនេះបានលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនរបស់យើងនៅក្នុង អនុតំបន់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការបន្តគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការជំរុញក្របខ័ណ្ឌ មេគង្គ-ឡានឆាង។ឯកឧត្តម ប្រាក់ សុខុន ថ្លែងបញ្ជាក់ថា៖«សម្លឹងឆ្ពោះទៅមុខ យើងត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីរក្សាបាននូវគោលការណ៍ នៃការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានតាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធ។ យើងត្រូវ តែខិតខំប្រឹងប្រែងឱ្យរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព ព្រមទាំងជំរុញ បន្ថែមទៀតឱ្យសម្រេចបាននូវសហគមន៍មួយ ដែលមានជោគវាសនារួមគ្នា»។ឯកឧត្តមបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការដើរតួនាទីយ៉ាងសកម្ម និងស្ថាបនាក្នុងការបង្កើតសហគមន៍ មួយដែលប្រកបដោយសមាហរណកម្មកាន់តែជិតស្និទ្ធ ដោយឈរលើសន្តិភាពយូរអង្វែង វិបុលភាពរួមគ្នា និងចក្ខុវិស័យរួម សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពនៃអនុតំបន់ និងប្រជាជនរបស់យើង៕

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង យាងពិនិត្យ​ទីតាំងតម្កល់​ព្រះពុទ្ធបដិមានៅអាកាសយានដ្ឋានអន្តរជាតិតេជោ

2025/03/23 02:57:52 pm        321
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងពិនិត្យទីតាំងតម្កល់ព្រះពុទ្ធបដិមានៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ជាទីគោរពសក្ការៈបូជារបស់បណ្តាពុទ្ធបរិស័ទជាតិ និងអន្តរជាតិធ្វើដំណើការឆ្លងកាត់នៅទីនោះ តបតាមការយាងនិមន្ត របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងឯកឧត្ដមឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក។ការកសាងទីតម្កល់ព្រះពុទ្ធបដិមា ដើម្បីបង្ហាញពី រចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនាពេលឆាប់ៗខាងមុខនេះ។បើតាមការឱ្យដឹងពី លោកឧកញ៉ា ឆារស៍ វ៉ាន់ រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រៅពីក្រុមអ្នកសារព័ត៌មាន មន្រ្តីជាន់ខ្ពស់មកពីបណ្តាទូតប្រចាំប្រទេសកម្ពុជាជាច្រើនរូប បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូតបានវាយតម្លៃ និងយល់ឃើញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបានបង្ហាញមិននឹកស្មានថា ប្រទេសកម្ពុជាមានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F ។ ទន្ទឹមនេះ មន្រ្តីទូតប្រចាំកម្ពុជា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងខិតខំព្យាយាម ទាក់ទាញ ជំរុញ និងពង្រឹងឱ្យមានការតភ្ជាប់ជើងហោះហើរមកដោយផ្ទាល់ពីប្រទេសរបស់ពួកគេមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនេះផងដែរ ហើយអ្វីដែលសំខាន់នោះគឺ ពួកគាត់នឹងខិតខំទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់ប្រទេសកម្ពុជាឱ្យបានច្រើនផងដែរ៕

សម្ដេចធិបតីឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍនៅនឹងកន្លែងដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

2025/03/23 09:13:07 am        186
តាកែវ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ ថា៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«យើងចាំបាច់ត្រូវរក្សាសក្តានុពលដែលមានស្រាប់ និងរក្សាអ្វីដែលជាធម្មជាតិសម្រាប់ជំរុញភាពទាក់ទាញនៅក្នុងសហគមន៍ ព្រមទាំងជួយរៀបចំ និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ជាមួយនឹងការសិក្សាបង្កើនសមត្ថភាពរបស់សហគមន៍។ យើងធ្វើអ្វីមួយត្រូវគិតដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យអស់លទ្ធភាពជាមុនសិន មុននឹងអនុញ្ញាតឱ្យវិស័យឯកជនមកវិនិយោគនៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋ ។ បន្ថែមពីលើនេះ, សូមស្វែងរកដៃគូសក្តានុពលមកជួយអភិវឌ្ឍនៅក្នុងសហគមន៍ ប៉ុន្តែយើងត្រូវរក្សាសហគមន៍ជាគោលជានិច្ច»។សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលបានខិតខំបង្កើតព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍ថ្មីៗជាច្រើន ប្រកបដោយភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយបន្ថែមទៀតនូវគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ មានដូចជាព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និង ផ្លូវថ្មើរជើង ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ, បង្កើនប្រាក់ចំណូលជូនប្រជាជន និង អាជីវករ នៅក្នុងមូលដ្ឋានផ្ទាល់។ ក្នុងន័យនេះ, គ្រប់តួអង្គពាក់ព័ន្ធត្រូវប្រកាន់ខ្ជាប់នូវស្មារតីថា ការការពារកិត្តិនាមកម្ពុជា គឺជាការការពារសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីសក្តានុពលទេសចរណ៍ ។ ដូច្នេះ, សូមកុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ឬ ផលប្រយោជន៍រយៈពេលខ្លី សុខចិត្តធ្វើទង្វើមិនគប្បីចំពោះភ្ញៀវទេសចរ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តទៅលើប្រព័ន្ធអេកូឡូស៊ីនៃវិស័យទេសចរណ៍ទាំងមូល ។ ត្រង់នេះហើយ គឺជាអត្ថន័យនៃឃ្លាដែលថា “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ។មុននឹងបញ្ចប់, សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានផ្តល់នូវទស្សនទានមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ រួមមាន៖ ទី១- សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងជួយផ្សព្វផ្សាយនូវពាក្យស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» “ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” និង “បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។ ទី២- ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ, ជាពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និងជាប់ជាប្រចាំ ។ ទី៣- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍, ការតភ្ជាប់ និង ការដឹកជញ្ជូន ។ ទី៤- ត្រូវជំរុញការផលិតឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ «ការនាំចេញនៅនឹងកន្លែង» ។ ទី៥- សូមលើកទឹកចិត្តដល់ប្អូនៗយុវជន អ្នកផលិតមាតិកាលើបណ្តាញសង្គម, បណ្តាញសារព័ត៌មាន ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានារបស់កម្ពុជា ។ ទី៦- សូមរដ្ឋបាលរាជធានី-ខេត្ត បំផុសឱ្យមានការរៀបចំព្រឹត្តិការណ៍អបអរសង្រ្កាន្តឆ្នាំថ្មីក្នុងមូលដ្ឋានរបស់ខ្លួន ចាប់តាំងពីកម្រិតថ្នាក់ខេត្តដល់ថ្នាក់ក្រុង ស្រុក ឃុំ ភូមិ និងនៅតាមគោលដៅទេសចរណ៍ និងវត្តអារាមនានា បន្ថែមពីលើមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលយើងនឹងប្រារព្ធឡើងនៅខេត្តសៀមរាប ។ ទី៧-សូមចូលរួមឱ្យកាន់តែសកម្មជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការធ្វើពិពិធកម្មព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍៕

អ្នកសារព័ត៌មានចំនួន១០០នាក់ ទស្សនកិច្ចព្រលានយន្តអន្តរជាតិតេជោ ដើម្បីបង្កើនការផ្សព្វផ្សាយសក្តានុពលកម្ពុជា

2025/03/21 07:17:20 pm        172
នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានចំនួនប្រមាណ១០០នាក់ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៦០ បានចុះទស្សនកិច្ចវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ ដែលរៀបចំឡើងដោយលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងក្លិបអ្នកកាសែតកម្ពុជា ខណៈព្រលានថ្មីនេះ គ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្រោយចប់ដំណើរទនស្សកិច្ចនេះ បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននាពេលនេះ ដើម្បីជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនសាធារណជនអំពីគម្រោងការសាងសង់ ថាតើបានវិវឌ្ឍឈានដល់ចំណុចណាហើយ ថាតើមានលក្ខណៈអស្ចារ្យអ្វីខ្លះ និងការចំណាយប្រាក់ក្នុងការសាងសង់ចំនួនប៉ុន្មានជាដើម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ដោយសារអ្នកសារព័ត៌មានគឺជាស្ពានដ៏សំខាន់ នៅក្នុងការផ្តល់យកព័ត៌មានពីកន្លែងមួយ ទៅកន្លែងមួយ ពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋ ត្រឡប់មករាជរដ្ឋាភិបាលវិញ ឬក៏ពីក្រុមហ៊ុនទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកក្រុមហ៊ុនវិញ។លោកប្រធានក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងទៀតថា ការអញ្ជើញចុះដោយផ្ទាល់របស់ក្រុមអ្នកសារព័ត៌មាននាពេលនេះ នឹងត្រូវផ្សាយចេញចំនួន៥ភាសា មានដូចជា ភាសាខ្មែរ វៀតណាម អង់គ្លេស បារំាង និងចិន។នៅក្នុងកិច្ចប្រជុំជាមួយក្រុមអ្នកសារព័ត៌មាន លោកឧកញ៉ា ឆារស៍ វ៉ាន់ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រៅពីក្រុមអ្នកសារព័ត៌មាន មន្រ្តីជាន់ខ្ពស់មកពីបណ្តាទូតប្រចាំប្រទេសកម្ពុជាជាច្រើនរូប បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូតបានវាយតម្លៃ និងយល់ឃើញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបានបង្ហាញមិននឹកស្មានថា ប្រទេសកម្ពុជាមានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F ។ ទន្ទឹមនេះ មន្រ្តីទូតប្រចាំកម្ពុជា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងខិតខំព្យាយាម ទាក់ទាញ ជំរុញ និងពង្រឹងឱ្យមានការតភ្ជាប់ជើងហោះហើរមកដោយផ្ទាល់ពីប្រទេសរបស់ពួកគេមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនេះផងដែរ ហើយអ្វីដែលសំខាន់នោះគឺ ពួកគាត់នឹងខិតខំទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់ប្រទេសកម្ពុជាឱ្យបានច្រើនផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយមជ្ឈមណ្ឌល​អ្នកដំណើរ​អន្តរជាតិ​ហោះ​ឆ្លង​កាត់​ដ៏​ធំ​លើ​ពិភពលោក

2025/03/21 06:56:32 pm        701
នៅថ្ងៃទី២១ ខែមីនានេះ លោកឧកញ៉ា ឆារស៍ វ៉ាន់  នាយកក្រុមហ៊ុន​វិនិយោគ​អាកាស​យានដ្ឋាន​កម្ពុជា​CAIC បានទទួល​អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៦០ស្ថាប័ន អញ្ជើញ​ទស្សនា​ការដ្ឋាន​សាង​សង់​អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈព្រលានយន្តហោះថ្មីដ៏ធំមួយនេះ គឺមាន​បំណង​​ច​ង់ប្រក្លាយខ្លួនជាមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិដ៏ធំ សម្រាប់ធ្វើដំណើរហោះ​ឆ្លងកា​ត់​ពី​ប្រទេស​មួយទៅប្រទេសមួយ។ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានជាតិអន្តរជាតិ លោកឧកញ៉ា ឆារស៍ វ៉ាន់  ថ្លែងថា បច្ចុប្បន្ន​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ TIA ដែលកំពុងសាងសង់ជិតហើយរួចរាល់នេះ គឺបានជាប់​លំដាប់​ថ្នាក់​ទី៩ នៃប្រលានយន្តហោះអន្តរជាតិលំដាប់4F ទាំងអស់លើពិភពលោក ខណៈ​ដែល​ព្រលាន​យ​ន្ត​ហោះ​អន្តរជាតិ​តេជោ​ថ្មី​នៅ​កម្ពុជា​នេះ​គឺ​មាន​លទ្ធភាព​ទទួល​ជើង​យន្ត​ហោះ​ប្រភេទ​A380​ ដែលជាប្រភេទយន្តហោះខ្នាតធំអន្តរជាតិហោះឆ្លងទ្វីបអាចហោះមកចុះចតបាន។លោកឧកញ៉ា ឆារស៍ វ៉ាន់  បានថ្លែងថា ថ្ងៃខាងមុខ យើង​ក៏​មាន​បំណង​ចង់​ប្រែ​ក្លាយ​អាកាស​យានដ្ឋាន​អន្តរជាតិតេជោថ្មីនេះឲ្យទៅមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិធ្វើដំណើរហោះឆ្លងកាត់ និង​ដឹកនាំទំនិញហោះឆ្លងកាត់ពីប្រទេសមួយទៅប្រទេសផ្សេងៗទៀតផងដែរ។លោកឧកញ៉ា ឆារស៍ វ៉ាន់  ថ្លែងថា ជារួមនៅពេលដែលអាកាស​យាន​ដ្ឋាន​អន្តរជាតិ​សាង​សង់​ក្នុង​ដំណាក់​កាល​ទី១ហើយរួចរាល់ គឺគ្រប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានា នឹង​ធ្វើការផ្លាស់ប្តូរទាំងអស់គ្នាពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ មកចុះ​ចត​នៅ​ព្រលាន​ថ្មី​នេះ​ទាំង​អស់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗថ្មីបីបន្ថែមទៀត ក៏បានបើក​ជើង​ហោះ​ហើរត្រង់ចុះចតនៅព្រលានថ្មីនេះផងដែរ។សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល បាននិងកំពុង​សាង​សង់​នៅលើទំហំដីជិត២៦០០ហិចតា ហើយដំណើរការសាងសង់មានបីដំណាក់កាល ហើយ​ការសាងសង់ព្រលាននៅក្នុងដំណាក់កាលទី១ នេះ គឺបានសាង​សង់​ចំណាយ​អស់​ថវិកា​ប្រមាណ​ជិត​២០០០លានដុល្លាអាមេរិច ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរអន្តរជាតិ ប្រមាណ​១៥លាននាក់ ហើយតាមការគ្រោងទុក អាកាសយានដ្ឋានថ្មីនេះ នឹងបើកដំណើរ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ២០២៥នេះ៕ អត្ថបទ៖ ស៊ុម សុខជា 

រដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរសាធារណការ កំពុងប្រែក្លាយកំណាត់ផ្លូវជាតិលេខ៥ ពីកៅស៊ូ DBST ទៅជាផ្លូវក្រាលកម្រាលបេតុងកៅស៊ូAC ដើម្បីការធ្វើដំណើរ​របស់​ពលរដ្ឋបានងាយស្រួល

2025/03/21 04:35:49 pm        363
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពុងឆ្នាំង និងក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន កំពុង​បន្ត​ប្រែ​ក្លាយ​កំណាត់​ផ្លូវកៅស៊ូDBST ទៅជាផ្លូវបេតុង និងកៅស៊ូAC រួមនិងពង្រីកតួផ្លូវ​អោយ​ធំ​ទូលាយ​ជាង​មុន ងាយស្រួលប្រជាពលរដ្ឋ និងសិស្សានុសិស្ស រួមនិងអ្នកប្រើប្រាស់ផ្លូវ ធ្វើដំណើរ​បាន​ស្រួល​។ នេះបើយោងតាមការបញ្ជាក់របស់លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។លោក ឆាយ លាភា បានបន្តថា គម្រោងការងារថែទាំខួបដោយក្រាល​កម្រាល​បេតុង​កៅស៊ូ​AC​បន្ថែម​ពី​លើ(Overlay) លើកំណាត់ផ្លូវជាតិលេខ៥ដែលជាផ្លូវDBSTពីមុន មានប្រវែង២០០០ម ទទឹង​ផ្លូវ១០ម, គូសគំនូសចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំបង្គោលនាំផ្លូវ ចន្លោះ​ពី​គ.ម​៨៤+០៩៥ ដល់គ.ម៨៦+០៩៥ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពងឆ្នាំង អនុវត្ត​ការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ ដោយឡែកការគូសគំណូសលើកំណាត់ផ្លូវជាតិលេខ៥នោះ ជាគម្រោង​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​។ ការកែលម្អផ្លួវនេះ ដើម្បីអោយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នក​ប្រើប្រាស់ផ្លូវទាំងអស់ មានភាពងាយស្រួលក្នុងការធ្វើដំណើរជាងពេលមុន។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជួយ​ថែ​រក្សាផ្លូវជាតិលេខ៥នេះផង ដោយកុំផ្ទុកទំនិញលើសទម្ងន់កំណត់ ជាពិសេស​ក្នុង​ការ​ធ្វើ​ដំណើរ សូមមេត្តាបើកបរដោយមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ កុំបើកហួស​ល្បឿន​កំណត់ យោគយល់អធ្យាស្រ័យក្នុងពេលបើកបរ។ ការប្រែក្លាយផ្លូវកៅស៊ូDBST ទៅជា​ផ្លូវ​ក្រាល​កម្រាល​បេតុងកៅស៊ូACលើកំណាត់ផ្លូវជាតិលេខ៥នេះ បញ្ជាក់អោយកាន់​ឃើញ​ច្បាស់​នូវកា​រ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់នៅក្នុងខេត្តកំពង់ឆ្នាំងឥតឈប់ ក្រោមម្លប់សុខសន្តិភាព និង​គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីធ្វើអោយសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនមានការធូរធារ និងកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរផងដែរ ៕ កាំង ហុងវាស្នា 

ប្រធាន​ និង​ជានាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា

2025/03/20 10:20:08 pm        187
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Laurent Ferreira ប្រធាន និងនាយកប្រតិបត្តិធនាគារជាតិកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA និង​​គណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។នៅក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ​ បានគោរពជម្រាបជូនសម្ដេចបវរធិបតី​ អំពីវឌ្ឍនភាពអាជីវកម្មរបស់ធនាគារ ABA ​ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅកម្ពុជា និង​បានគូសបញ្ជាក់ថា ធនាគារ ABA ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ដែលបានចូលរួមចំណែកដល់ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនៅកម្ពុជា។ លោកប្រធានធនាគារ​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តបំពេញតួនាទីសំខាន់​ និងបន្តចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព​ និងការរីកចម្រើនរបស់​ធនាគារ​ ABA, ជាពិសេស ការទទួលបានចំណាត់ថ្នាក់ ជាធនាគារលំដាប់ទី១ នៅកម្ពុជា។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី​ និងការចូលរួមចំណែករបស់ធនាគារ ABA នៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធធនាគារកម្ពុជា តាមរយៈការធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ប្រកបដោយភាពងាយស្រួល​ និងសុវត្ថិភាព។ ទន្ទឹមនឹងនោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយគន្លឹះនានារបស់រាជរដ្ឋាភិបាល​ ក្នុងការគាំទ្រ និង ធានានូវភាពធន់នៃប្រព័ន្ធធនាគារកម្ពុជា។ ជាមួយគ្នានេះ, សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាព ក្នុងការគាំទ្រហិរញ្ញវត្ថុទៅដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម​ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីជំរុញការបង្កើនតម្លៃបន្ថែម​របស់វិស័យនេះ ផងដែរ៕

រដ្ឋមន្រ្តី​ការបរទេស​ សមាហរណកម្មតំបន់​ និងប្រជាជនតូហ្គោនៅបរទេស​ នៃ​សាធារណរដ្ឋតូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា

2025/03/20 10:02:44 pm        163
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រី​ បាន​សម្ដែង​នូវការ​អបអរសាទរ​ចំពោះការអភិវឌ្ឍ​រីកចម្រើន​យ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា និងបានអបអរសាទរ​ចំពោះកម្ពុជាដែលនឹងធ្វេីម្ចាស់ផ្ទះ​​​នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០​ នៅឆ្នាំ២០២៦ ហើយ ឯកឧត្តម ក៏បានបញ្ជាក់​ពីការគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ច​ប្រជុំកំពូលនេះ​ឱ្យទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសតូហ្គោ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ ព្រមទាំងអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងឯកឧត្តម​ និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដេីម្បីសិក្សា​ និងស្វែងរកនូវកាលានុវត្តភាពក្នុង​ការពង្រីកកិច្ចសហប្រតិបត្តិការ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម​ នៃប្រទេសទាំងពីរ ផងដែរ។​ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ សម្ដេចវត្តធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតូហ្គោ ដែលបានគាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី​ លេីកទី២០​ នៅឆ្នាំ២០២៦។សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថាទំនាក់ទំនងការទូតរវាងកម្ពុជានិង តូហ្គោ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ កំពុងតែមានភាពសកម្មឡើង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាន​នូវ​លទ្ធផលដ៏ល្អនៃ​កិច្ចសហប្រតិបត្តិការរបស់​ក្រសួង​ការបរទេស​នៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និងតូហ្គោ​ មានវិស័យសក្ដានុពលជាច្រើនទៀត ក្នុង​ពង្រីកកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ ទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងរដ្ឋាភិបាល,​ វិស័យឯកជន និងឯកជន ក៏ដូច​ជា​ការតភ្ជាប់​រវាងប្រជាជន​ និងប្រជាជន។ សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីតូហ្គោក៏បានពិភាក្សា ស្វែងយល់ និងចែករំលែកនូវបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រទេស ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច​, ពាណិជ្ជកម្ម, វិនិយោគ,​ កសិកម្ម,​ ថាមពលស្អាត​ និង​អប់រំ ​ផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រី ជា វ៉ាន់ដេត រំលឹកពីហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត
07/02/2025 12:07 PM
ឯកឧត្តម ហ៊ុន ម៉ានី៖«ចំពោះកិច្ចការការពារបូរណភាពទឹកដី និងមុខមាត់ប្រទេសជាតិ ប្រជាជាជនខ្មែរ ត្រូវតែរួបរួមគ្នា»
07/02/2025 11:07 AM
សេដ្ឋកិច្ចថៃ ស្ថិតក្រោមការគំរាមកំហែង ដោយសារអស្ថិរភាពនយោបាយផ្ទៃក្នុងដ៏ចម្រូងចម្រាស
07/02/2025 11:07 AM
អ៊ីរ៉ង់ វាយតម្លៃការខូចខាតទីតាំងនុយក្លេអ៊ែរ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក
07/02/2025 11:07 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្ដីសិង្ហបុរី និងជំនួបទ្វេភាគី
07/02/2025 11:07 AM
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅក្រុងអ៊ីស្តង់ប៊ុល ដើម្បីប្រារព្ធរយៈពេល១០០ថ្ងៃនៃការឃុំខ្លួនអភិបាលក្រុង
07/02/2025 11:07 AM
ប្រជាជនម៉ិកស៊ិកភាគកណ្តាល ទប់ទល់នឹងទឹកជំនន់ និងកម្ទេចកម្ទី បន្ទាប់ពីព្យុះ Barry
07/02/2025 11:07 AM
សាកសព ដែលភ្លើងមិនទាន់ឆេះជាង៣០០ត្រូវបានគេរកឃើញនៅទីបូជាសពនៅប្រទេសម៉ិកស៊ិក
07/02/2025 11:07 AM
អ៊ីស្រាអែល បង្កើនយុទ្ធនាការនៅហ្កាហ្សាមុនដំណើរទស្សនកិច្ចរបស់លោក Netanyahu ទៅអាមេរិក
07/02/2025 11:07 AM
ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នាំយក​ក្រុមហ៊ុន​ធំៗ​ទៅ​សម្ភាសន៍​ពលក​រ​ខ្មែរ​ដែល​មក​ពី​ថៃ​នៅ​ច្រកព្រំដែន ដើម្បីផ្តល់ឱកាសការងារភ្លាមៗ
07/02/2025 11:07 AM