សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ ក្រោយព្រឹត្តិការណ៍បុណ្យទន្លេបញ្ចប់ដោយជោគជ័យ ព្រឹត្តិការណ៍សមរាត្រីអង្គរ​នឹងចូលមកដល់

2024/03/19 06:17:36 pm        170
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​ថា ក្រោយពីព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ បានបញ្ចប់ទៅដោយជោគជ័យ ព្រឹត្តិការណ៍​សមរាត្រី​អង្គរ នឹងឈានចូលមកដល់ ហើយព្រឹត្តិការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តនៅសៀមរាបអង្គរកាន់តែច្រើន ។តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី អបអរ​សាទរ​ចំពោះ​ពិធី​បុណ្យ​ទន្លេ​ លើក​ទី៨ រយៈពេលបីថ្ងៃ នៅលើទឹកដីខេត្តសៀមរាប ដែល​បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ និងមានភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ពោរ​ពេញ​ដោយ​ក្តីសប្បាយរីករាយ។ សម្ដេចធិបតីបានបន្តថា ក្នុងខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺ​ព្រឹត្តិការណ៍​សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថា ជាពេលវេលា​ដែល​ព្រះអាទិត្យ​រះចំ​ពី​លើ​កំពូល​ប្រាសាទ​អង្គរវត្ត ដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងទាក់ទាញទេសចរជាតិ និងអន្ដរជាតិ ទៅ​កម្សាន្ដនៅ​ខេត្តសៀមរាប កាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ។ សម្ដេចធិបតី​នាយករដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍សមរាត្រីអង្គរ ឆ្នាំ២០២៤នេះ ក្រសួង​ទេសចរណ៍​​បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូប ព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី១លានរៀល ដល់៣លានរៀល ព្រម​ទាំង​លិខិត​សរសើរ​ផង​ដែរ។ការទទួលរូបថត គឺធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ ខែមីនា ដោយផ្ញើទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ ហើយក្រុមការងារ នឹងធ្វើការវាយតម្លៃរូបថត ដែលស្អាតជាង​គេ​ចំនួន​១០​សន្លឹក ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សាព្វផ្សាយនានា របស់ក្រសួង​ទេសចរណ៍​ ហើយជ័យលាភីរូបថតចំនួន ៣រូប នឹងទទួលបានរង្វាន់ ខណៈព្រឹត្តិការណ៍​សមរាត្រី​អង្គរ​ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ក្នុងសប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី២១ ២២ និង២៣ ខែមីនា។បើយោង​តាមមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើកទី​៨ នាខេត្តសៀមរាប ដែលធ្វើឡើងនៅថ្ងៃទី១៥ ១៦ និង១៧ ខែមីនាកន្លងទៅនេះ មាន​ភ្ញៀវ​ទេសចរ​ជាង ៥៥ម៉ឺននាក់ ទៅលេងកម្សាន្ត ដែលក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណជាង ៣ម៉ឺននាក់៕ អត្ថបទ៖ បាន សុខរិទ្ធ

កូរ៉េខាងជើង និយាយថា លោក គីម ជុងអ៊ុន ពិនិត្យសមយុទ្ធបាញ់គ្រាប់រ៉ុក្កែត ដ៏ធំអស្ចារ្យ

2024/03/19 06:02:16 pm        106
ទូរទស្សន៍រដ្ឋ KRT រាយការណ៍នៅថ្ងៃអង្គារ ទី១៩ ខែមីនា នេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិនិត្យមើលសមយុទ្ធបាញ់គ្រាប់ពិតធ្វើឡើងដោយអង្គភាពកាំភ្លើងធំ នៅក្នុងតំបន់ភាគខាងលិច ដោយប្រើប្រាស់ជើងទម្របាញ់គ្រាប់រ៉ុក្កែតពហុជំនាញ ខ្នាតធំ។ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ក៏បានបញ្ចេញរូបភាព របស់លោក Kim កំពុងពិនិត្យមើលសមយុទ្ធ និងបាននិយាយថា សមយុទ្ធត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ហើយមានគោលបំណងសាកល្បង សមត្ថភាពសង្រ្គាមពិតប្រាកដ នៃជើងទម្របាញ់គ្រាប់រ៉ុក្កែតពហុជំនាញ ៦០០ មីល្លីម៉ែត្រ និងធ្វើអោយប្រសើរឡើងនូវទឹកចិត្តប្រយុទ្ធរបស់ប្រតិបត្តិករ និងឥរិយាបថត្រៀមខ្លួន។របាយការណ៍នៃសមយុទ្ធនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានរាយការណ៍ពីការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតជាច្រើនគ្រាប់ របស់ប្រទេសកូរ៉េខាងជើង ចូលទៅក្នុងសមុទ្រ ជាការសាកល្បងមីស៊ីលលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលប្រហែលពីរខែកន្លងទៅនេះ។លោក Kim បានអំពាវនាវឱ្យធ្វើទំនើបកម្ម និងពង្រីកកងកម្លាំងកាំភ្លើងធំ ដោយបញ្ជាក់ពី ភារកិច្ចយុទ្ធសាស្ត្រនៃជើងទម្របាញ់គ្រាប់រ៉ុក្កែត ជាមធ្យោបាយវាយប្រហារដ៏សំខាន់ ក្នុងការត្រៀមសង្រ្គាម។ទីក្រុងព្យុងយ៉ាង បានបំពានគោលនយោបាយអន្តរកូរ៉េជាច្រើនទសវត្សរ៍មកហើយរបស់ខ្លួន ដោយបានលុបចោលកិច្ចព្រមព្រៀងយោធា និងបានប្រកាសថាប្រទេសកូរ៉េខាងត្បូងជារដ្ឋសត្រូវ។

ប្រធានក្រុមប្រឹក្សា EU៖ ដើម្បីឱ្យមានសន្តិភាព អឺរ៉ុបត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម

2024/03/19 05:44:49 pm        117
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលស៍ មីឆែល (Charles Michel) បាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា) ថា អឺរ៉ុបត្រូវតែពង្រឹងសមត្ថភាពការពាររបស់ខ្លួន និងប្តូរទៅជាប្រព័ន្ធ «សេដ្ឋកិច្ចសង្រ្គាម» ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសរុស្ស៊ី។នៅក្នុងចារណកថា ដែលត្រូវបានចេញផ្សាយនៅក្នុងសារព័ត៌មានអឺរ៉ុប និងគេហទំព័រ អឺអែកធីវ (Euractiv) លោក មីឆែល ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំនៃមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវទទួលខុសត្រូវចំពោះសន្តិសុខផ្ទាល់ខ្លួន និងមិនត្រូវពឹងផ្អែកខ្លាំងលើការគាំទ្ររបស់ប្រទេសផ្សេង ដូចជាសហរដ្ឋអាមេរិក ឡើយ។លោក មីឆែល បាននិយាយថា ខណៈពេលដែលអឺរ៉ុប បានបោះជំហានទៅមុខចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ លើអ៊ុយក្រែន រួមទាំងការបង្កើនសមត្ថភាពផលិតយោធា ៥០ ភាគរយ អឺរ៉ុបត្រូវការធ្វើច្រើនជាងនេះបន្ថែមទៀត។ អស់ពេលជាច្រើនទសវត្សរ៍មកហើយ អឺរ៉ុបមិនបានវិនិយោគគ្រប់គ្រាន់នៅក្នុងសន្តិសុខ និងការការពាររបស់ខ្លួនទេ។ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះបានជំរុញឱ្យបណ្តាប្រទេសនានាជួយសម្រួលដល់ការវិនិយោគក្នុងវិស័យការពារជាតិ រួមទាំងការពិចារណាផ្លាស់ប្តូរអាណត្តិរបស់សហភាពអឺរ៉ុបក្នុងការផ្ដល់អាវុធ និងធនាគារវិនិយោគអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យការផ្លាស់ប្ដូរទាំងនោះជួយដល់ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប៕

អាមេរិក កំពុងថ្លឹងថ្លែងពីជម្រើសនៅអាហ្វ្រិក បន្ទាប់ពីយោធានីហ្សេ បញ្ជាឲ្យចាកចេញពីមូលដ្ឋានប្រឆាំងភេរវកម្មសំខាន់ៗ

2024/03/19 05:30:22 pm        126
មន្ទីរបញ្ចកោណ កំពុងធ្វើការជាមួយមន្ត្រីនីហ្សេ ដោយស្វែងរកមធ្យោបាយសម្រាប់កងទ័ពអាមេរិកស្នាក់នៅក្នុងប្រទេសនេះ ដែលជាមូលដ្ឋានសំខាន់សម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្ម នៅអនុតំបន់សាហារ៉ាអាហ្វ្រិក បន្ទាប់ពីមានបញ្ជាមួយកាលពីចុងសប្តាហ៍ដែលពួកគេត្រូវចាកចេញ។កាលពីសប្តាហ៍មុន គណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងឧបការីការបរទេសទទួលបន្ទុកកិច្ចការអាហ្វ្រិក លោកស្រី Molly Phee ឧបការីត្រីការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិ លោក Celeste Wallander និងប្រមុខទីបញ្ជាការអាមេរិកនៅអាហ្រ្វិក លោកឧត្តមសេនីយ៍ Michael Langley បានធ្វើដំណើរទៅកាន់ប្រទេសនីហ្សេ ដើម្បីជួបជាមួយសមាជិកនៃរបបយោធា។អ្នកស្រី Sabrina Singh អ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីសហរដ្ឋអាមេរិក បានពិភាក្សា«យ៉ាងវែងនិងដោយផ្ទាល់» ជាមួយមន្ត្រីរបបយោធា ដែលមួយផ្នែកក៏ត្រូវបានជំរុញដោយការព្រួយបារម្ភអំពីទំនាក់ទំនងសក្តានុពលរបស់នីហ្សេជាមួយរុស្ស៊ី និងអ៊ីរ៉ង់។អ្នកស្រី Singh បានបញ្ជាក់ថា៖«យើងមានបញ្ហានៅលើផ្លូវដែលនីហ្សេកំពុងធ្វើដំណើរ»។អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karine Jean-Pierre បាននិយាយថា សហរដ្ឋអាមេ រិកកំពុង«តាមដានយ៉ាងដិតដល់នូវសកម្មភាពការពារជាតិរបស់រុស្ស៊ី» នៅទីនោះ ដើម្បី«វាយតម្លៃ និងកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះបុគ្គលិក ផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក»។កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំនេះ អ្នកនាំពាក្យរបបយោធា លោកវរសេនីយ៍ឯក Amadou Abdramane បាននិយាយថា ជើងហោះហើររបស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់នីហ្សេក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺខុសច្បាប់។ ទន្ទឹមនឹងនេះ លោក Insa Garba Saidou ជាសកម្មជនក្នុងស្រុកដែលជួយអ្នកគ្រប់គ្រងយោធារបស់នីហ្សេជាមួយនឹងការទំនាក់ទំនងរបស់ពួកគេ បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្ខំឲ្យរបបយោធានេះ ជ្រើសរើសរវាងដៃគូយុទ្ធសាស្ត្រ។

អាមេរិក និងជប៉ុន ជំរុញឱ្យប្រទេសនានា កុំដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងលំហ

2024/03/19 05:20:58 pm        127
សហរដ្ឋអាមេរិក និងជប៉ុន កាលពីថ្ងៃចន្ទ (១៨ មីនា) បានដាក់ស្នើសេចក្ដីសម្រេចមួយក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា ប្រជាជាតិនានាគួរតែអនុវត្តតាមសន្ធិសញ្ញា ដែលរារាំងការដាក់អាវុធនុយក្លេអ៊ែរនៅក្នុងលំហ ដោយនេះជាសារមួយដែលបានលេចចេញឡើងសំដៅទៅលើប្រទេសរុស្ស៊ី។យោងតាមប្រភពដែលដឹងអំពីបញ្ហានេះបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ទីក្រុងមូស្គូ កំពុងបង្កើតអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណបមានមូលដ្ឋានលើលំហ ដែលការបំផ្ទុះអាចបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងមហន្តរាយ ដោយបង្អាក់អ្វីៗគ្រប់យ៉ាង ចាប់ពីទំនាក់ទំនងយោធា រហូតដល់សេវាទូរស័ព្ទ។រុស្ស៊ី ដែលជាភាគីនៃសន្ធិសញ្ញាលំហអាកាសឆ្នាំ១៩៦៧ ដែលរារាំងការដាក់ «វត្ថុទាំងឡាយណាដែលផ្ទុកអាវុធនុយក្លេអ៊ែរ ឬអាវុធមហាប្រល័យគ្រប់ប្រភេទ» បាននិយាយពីមុនថា ខ្លួនប្រឆាំងនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងលំហ ហើយក៏បានបដិសេធថា ខ្លួនមិនបានកំពុងអភិវឌ្ឍអាវុធបែបនោះទេ។នៅក្នុងសំណើសេចក្ដីសម្រេចដែលឃើញដោយសារព័ត៌មាន រ៉យទ័រ បង្ហាញថា សហរដ្ឋអាមេរិក ដែលជាប្រទេសតែមួយគត់ដែលប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាម ហើយនឹងប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់ដែលត្រូវបានវាយប្រហារដោយអាវុធនុយក្លេអ៊ែរ បានជំរុញឱ្យបណ្ដាប្រទេសដែលចងភ្ជាប់ដោយសន្ធិសញ្ញានេះ មិនឱ្យដាក់អាវុធបែបនេះនៅក្នុងលំហ ហើយក៏ជំរុញមិនឱ្យអភិវឌ្ឍអាវុធបែបនោះដែរ៕

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់រំសេវ៧ពាន់កុងតឺន័រទៅឲ្យប្រទេសរុស្ស៊ី

2024/03/19 05:11:48 pm        240
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងបានដឹកជញ្ជូន ប្រមាណ ៧,០០០ កុងតឺន័រ ផ្ទុកពេញទៅដោយគ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំមុន ដើម្បីជួយគាំទ្រដល់សង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានចែករំលែកការវាយតម្លៃនេះនៅក្នុងសន្និសីទសារព័ត៌មានប៉ុន្មានម៉ោងបន្ទាប់ពីយោធាកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលអន្តរទ្វីបរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន ដោយបន្ថែមលើការបង្ហាញអាវុធជាបន្តបន្ទាប់របស់ប្រទេសនេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយគូប្រជែង។ចាប់តាំងពីដើមឆ្នាំ ២០២២ មក ប្រទេសកូរ៉េខាងជើងបានប្រើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាការរំខាន ដើម្បីបង្កើនការសាកល្បងអាវុធរបស់ខ្លួន ហើយក៏បានគាំទ្រទីក្រុងមូស្គូជុំវិញជម្លោះនេះផងដែរ ខណៈមេដឹកនាំលោក Kim Jong Un ព្យាយាមដើរចេញពីភាពឯកោខាងការទូត និងរួមគ្នាប្រឆាំងសហរដ្ឋអាមេរិក។ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់ឲ្យរុស្ស៊ីនូវគ្រាប់កាំភ្លើងធំ មីស៊ីល និងឧបករណ៍ផ្សេងៗទៀត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយដុតបញ្ឆេះសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ដោយនិយាយថា ការបញ្ជូនអាវុធបែបនេះមានល្បឿនលឿន បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្ររវាងលោក Kim និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែកញ្ញាក្នុងទឹកដីរុស្ស៊ី។តាមមន្ត្រីកូរ៉េខាងត្បូង និងអ្នកជំនាញឯកជន កូរ៉េខាងជើងអាចទទួលបានស្បៀងអាហារ និងជំនួយសេដ្ឋកិច្ចដែលត្រូវការចាំបាច់ និងជំនួយយោធាក្នុងគោលបំណងធ្វើទំនើបកម្មរបស់កងកម្លាំងលោក Kim តែទាំងក្រុងមូស្គូ ទាំងក្រុងព្យុងយ៉ាង បានបដិសេធថាមិនមានកិច្ចព្រមព្រៀងអាវុធរវាងប្រទេសទាំងពីរនោះទេ៕

ក្រុមប្រឹក្សា EU យល់ព្រមបន្ថែមទឹកប្រាក់ចំនួន ៥ ពាន់លានអឺរ៉ូ សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន

2024/03/19 05:03:56 pm        154
ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ (១៨ មីនា) បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើនការគាំទ្ររបស់សហភាពអឺរ៉ុប សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនចំនួន ៥ ពាន់លានអឺរ៉ូ (៥,៤៤ ពាន់លានដុល្លារ) តាមរយៈមូលនិធិជំនួយពិសេសមួយ។ក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា ការបន្ថែមទឹកប្រាក់ចំនួន ៥ ពាន់លានអឺរ៉ូដែលត្រូវបានអនុម័តកាលពីថ្ងៃចន្ទនេះ មានន័យថាកម្រិតមូលនិធិឥឡូវនេះត្រូវបានកំណត់នៅ ១៧ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ ២០២១ ដល់ ២០២៧។ការបន្ថែមសាច់ប្រាក់នេះកើតឡើងស្របពេលមានការព្រមានថា កងកម្លាំងរបស់ទីក្រុងគីវ ត្រូវការធនធានបន្ថែមទៀត ដើម្បីអាចទប់ទល់នឹងកងទ័ពរុស្ស៊ីបាន ហើយខណៈដែលកញ្ចប់ថវិកាចំនួន ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន កំពុងត្រូវបានរារាំងដោយសភាសហរដ្ឋអាមេរិក។សហភាពអឺរ៉ុបបាននិយាយថា ថវិកានេះនឹងផ្តល់មូលនិធិដល់ការហ្វឹកហ្វឺន គ្រឿងយុទ្ធោបករណ៍ដ៍ខ្លាំងក្លា និងយុទ្ធោបករណ៍ដែលមិនបង្កគ្រោះថ្នាក់។ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក រ៉ាដូស្លាវ ស៊ីខូស្គី (Radoslaw Sikorski) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា កញ្ចប់ថវិកានោះក៏នឹងត្រូវប្រើដើម្បីសងប្រាក់រដ្ឋសមាជិកវិញសម្រាប់ការផ្គត់ផ្គង់យោធា ដែលបានបញ្ជូនទៅអ៊ុយក្រែនផងដែរ៕

សហភាពអឺរ៉ុប ព្រមព្រៀងលើការដាក់ទណ្ឌកម្មក្រុមហាម៉ាស និងអ្នកតាំងលំនៅ នៅ West Bank ដែលប្រើហិង្សា

2024/03/19 04:23:48 pm        105
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានព្រមព្រៀងជាគោលការណ៍ កាលពីថ្ងៃចន្ទ ដើម្បីដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល សម្រាប់ការវាយប្រហារលើប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank និងដាក់ទណ្ឌកម្មបន្ថែមទៀតលើសមាជិកក្រុមអ៊ីស្លាមនិយាមហាម៉ាសប៉ាឡេស្ទីន។ ការសម្រេចនេះ បានកត់សម្គាល់ជាលើកដំបូងដែលបណ្តាប្រទេសសមាជិកទាំង ២៧ប្រទេសរបស់សហភាពអឺរ៉ុប បានព្រមព្រៀងដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែលដែលប្រើហិង្សា ដោយធ្វើទៅតាមជំហានរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។នៅក្នុងកិច្ចប្រជុំដដែលនេះ រដ្ឋមន្ត្រី បានព្រមព្រៀងដាក់ទណ្ឌកម្មលើបុគ្គល និងអង្គការនានា ដែលទទួលខុសត្រូវចំពោះការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា រដ្ឋមន្ត្រីមកពីរដ្ឋសមាជិកចំនួន ២៧ប្រទេស របស់សហភាពអឺរ៉ុប បានព្រមព្រៀងដាក់ទណ្ឌកម្ម លើបុគ្គល និងអង្គភាពប្រហែល ៣០ ដែលលោក ពុំបានបញ្ជាក់អត្តសញ្ញាណ ថានណាជាទទួលខុសត្រូវចំពោះការសម្លាប់លោក Alexei Navalny នោះទេ ។លោក Borrell និយាយថា រដ្ឋមន្ត្រី បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការយកប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយអ៊ុយក្រែន ទោះបីជាលោក បាននិយាយថាពុំមានការឯកភាពគ្នាច្រើនលើបញ្ហានេះក៏ដោយ។

ប្រទេសស៊ីរី ថ្កោលទោសគោលនយោបាយដ៏បំផ្លិចបំផ្លាញរបស់សហរដ្ឋអាមេរិក

2024/03/18 09:46:26 pm        122
ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសេចក្តីថ្លែងការណ៍រួមកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ថាជាការបន្ត «គោលនយោបាយដ៏បំផ្លិចបំផ្លាញ»។ ក្រសួងបាននិយាយថា សេចក្តីថ្លែងការណ៍រួម គឺជាការបន្តនៃ «គោលនយោបាយដ៏បំផ្លិចបំផ្លាញ» ដែលប្រទេសទាំងនេះ បានដាក់មកលើប្រទេសស៊ីរី អស់រយៈពេល ១៣ឆ្នាំមកហើយ។ នៅថ្ងៃខួបលើកទី ១៣ នៃការផ្ទុះជម្លោះស៊ីរី កាលពីថ្ងៃទី១៥ ខែមីនា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់របបប្រធានាធិបតីស៊ីរី លោក Bashar al-Assad ពីបទ «ប្រព្រឹត្តការជិះជាន់ និងអំពើឃោរឃៅរាលដាល» ទៅលើប្រជាជនស៊ីរី បណ្តាលឱ្យមានអ្នកស្លាប់រហូតដល់ជាង ៥សែន នាក់ និងប្រជាជនភៀសខ្លួនចេញទ្រង់ទ្រាយធំ។ក្រសួងការបរទេសស៊ីរី បានចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសទាំងបួន បានប្រើប្រាស់ឧបករណ៍ផ្សេងៗនៃសង្គ្រាមប្រឆាំងប្រទេសស៊ីរី រួមមានការញុះញង់ក្នុងយុទ្ធនាការផ្សេងៗ ផ្សព្វផ្សាយព័ត៌មានមិនពិត ការគាំទ្រអង្គការភេរវកម្មនិងកងជីវពលផ្តាច់ខ្លួន បង្កើតសម្ព័ន្ធភាពខុសច្បាប់ និងការដាក់វិធានការបង្ខិតបង្ខំជាឯកតោភាគីអមនុស្សធម៌លើប្រជាជនស៊ីរី។ រដ្ឋាភិបាលស៊ីរី មើលឃើញថាការអះអាងទាំងនេះគ្រាន់តែជាការលាក់ពុតផ្នែកនយោបាយ និងការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបិទបាំងផលប៉ះពាល់ដ៏មហន្តរាយនៃវិធានការបង្ខិតបង្ខំ ដែលដាក់លើប្រជាជនស៊ីរី។ បន្ថែមលើនេះ ការលួចធនធានជាតិរបស់ស៊ីរី ដោយប្រទេសមហាអំណាចបរទេស បានដកហូតទ្រព្យសម្បត្តិ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនស៊ីរី។ សេចក្តីថ្លែងការណ៍បាននិយាយថា ការបន្តកាន់កាប់ផ្នែកមួយចំនួននៃទឹកដីប្រទេសស៊ីរីដោយកងកម្លាំងអាមេរិក ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពប្រទេសស៊ីរី និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត ក្រសួងបានអំពាវនាវរកយុត្តិធម៌ ដោយត្រូវផ្តល់សំណងដល់ប្រជាជនស៊ីរី សម្រាប់ការខាតបង់របស់ពួកគេ ។

សហភាពអឺរ៉ុប ប្រកាសកញ្ចប់ជំនួយចំនួន៨ពាន់លានដុល្លារ សម្រាប់អេហ្ស៊ីប ដោះស្រាយបញ្ហាទេសន្តរប្រវេសន៍

2024/03/18 09:39:38 pm        83
សហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យ បានប្រកាសកញ្ចប់ជំនួយចំនួន៧,៤ពាន់លានអឺរ៉ូ (៨ពាន់លានដុល្លារ) សម្រាប់ប្រទេសអេហ្ស៊ីប ដែលមានបញ្ហាលុយកាក់ ខណៈដែលមានការព្រួយបារម្ភថា សម្ពាធសេដ្ឋកិច្ច និងជម្លោះ នៅក្នុងប្រទេសជិតខាង អាចជំរុញជនអន្តោប្រវេសន៍កាន់តែច្រើនឡើង ទៅកាន់ឆេ្នរអឺរ៉ុប។កិច្ចព្រមព្រៀង ដែលបានត្រូវបានរិះគន់ពីក្រុមសិទ្ធិមនុស្សជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់អេហ្ស៊ីប ត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃអាទិត្យ នៅទីក្រុងគែរ ដោយប្រធានាធិបតីអេហ្ស៊ីប លោកអាប់ឌែល ហ្វាតា អែលស៊ីស៊ី (Abdel Fattah el-Sissi) និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីមេដឹកនាំនៃប្រទេសបែលហ្ស៊ិក អ៊ីតាលី អូទ្រីស កោះស៊ីប និងក្រិក។លោកអែលស៊ីស៊ី បានប្រាប់ក្រុមមេដឹកនាំអឺរ៉ុបដែលកំពុងបំពេញទស្សនកិច្ចថា៖«ដំណើរទស្សនកិច្ចរបស់អ្នកនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងរវាងអេហ្ស៊ីប និងសហភាពអឺរ៉ុប» ។ លោកបាននិយាយថា កិច្ចព្រមព្រៀងនេះ សម្រេចបាន «ការផ្លាស់ប្តូរគំរូក្នុងភាពជាដៃគូរបស់យើង»។បេសកកម្មរបស់សហភាពអឺរ៉ុបនៅទីក្រុងគែរ បានឲ្យដឹងថា កញ្ចប់ជំនួយរួមមានទាំងជំនួយឥតសំណង និងប្រាក់កម្ចីក្នុងរយៈពេល ៣ឆ្នាំខាងមុខសម្រាប់ប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងពិភពអារ៉ាប់។ មូលនិធិភាគច្រើន ៥ពាន់លានអឺរ៉ូ (៥,៤ ពាន់លានដុល្លារ) គឺជាជំនួយម៉ាក្រូហិរញ្ញវត្ថុ នេះបើយោងតាមឯកសារពីបេសកកម្មសហភាពអឺរ៉ុប នៅក្នុងប្រទេសអេហ្ស៊ីប។បេសកកម្មនេះ បានបញ្ជាក់ថា ភាគីទាំងពីរ បានលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ពួកគេដល់កម្រិតនៃ «ភាពជាដៃគូយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ» ដែលត្រួសត្រាយផ្លូវសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការអេហ្ស៊ីប-សហភាពអឺរ៉ុប ក្នុងវិស័យសេដ្ឋកិច្ច និងមិនមែនសេដ្ឋកិច្ចផ្សេងៗទៀត។សេចក្តីថ្លែងការណ៍រួមមួយ បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលថា៖«សហភាពអឺរ៉ុបទទួលស្គាល់អេហ្ស៊ីបជាដៃគូដែលអាចទុកចិត្តបាន និងតួនាទីភូមិសាស្ត្រពិសេស និងសំខាន់របស់ខ្លួនជាសសរស្តម្ភនៃសន្តិសុខ ការសម្របសម្រួល និងសន្តិភាព នៅក្នុងតំបន់មេឌីទែរ៉ាណេ ដើមបូព៌ា និងអាហ្វ្រិក»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
09/25/2026 05:09 PM
លោក XI JINPING ៖ ទំនាក់ទំនងចិន-អាមេរិកឈានចូលដំណាក់កាលថ្មី ក្នុងប្រវត្តិសាស្ត្រ
09/25/2026 05:09 PM
ទីភ្នាក់ងារ EU៖ អឺរ៉ុបត្រូវការផ្លាស់ប្តូរដាច់ណាត់​ ក្នុង​កិច្ចប្រឹងប្រែងការពារជាតិ ដើម្បីទប់​ការគំរាមកំហែងរបស់​រុស្ស៊ី
09/25/2026 05:09 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក ចៀសវាងចំណាកស្រុកខុសច្បាប់ប្រឈមគ្រោះថ្នាក់ និងការរើសអើង
09/25/2026 05:09 PM
នគរបាល​ចាប់ខ្លួនតារាសម្តែង និងអ្នកនយោបាយដែលតវ៉ាប្រឆាំងលោក Netanyahu នៅខាង​ក្រៅ UN
09/25/2026 05:09 PM
កូរ៉េខាងជើង៖ កូរ៉េខាងត្បូងនឹងក្លាយជាគោលដៅ បើក្លាយជាមជ្ឈមណ្ឌលការពាររួមរបស់សហរដ្ឋ​អាមេរិក
09/25/2026 05:09 PM
ទឹកជំនន់នៅបន្តប៉ះពាល់ខេត្តចំនួន ៤ និងប្រជាពលរដ្ឋប៉ះពាល់ ៧,១៣៩ គ្រួសារ
09/25/2026 05:09 PM
CNN, MS NOW និង Politico មាន​សិទ្ធិ​ចូលសេតវិមានវិញ ក្រោយចៅក្រមចេញ​​សេចក្ដី​សម្រេច
09/25/2026 04:09 PM
បេសកជន UN៖ ការអប់រំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់ប្រជាជនប៉ាឡេស្ទីន
09/25/2026 04:09 PM
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងការដាច់សេវាអ៊ីនធឺណិត កើតឡើង ខណៈជម្លោះនៅអេត្យូពីកំពុងផ្ទុះឡើងយ៉ាងខ្លាំង
09/25/2026 04:09 PM