សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋាភិបាលជប៉ុន នឹងបង្កើនមូលនិធិទ្វេដងឆ្នាំសារពើពន្ធ២០២៤ សម្រាប់ការស្តារឡើងវិញការរញ្ជួយដី

2024/01/16 07:16:40 pm        106
រដ្ឋាភិបាលជប៉ុន មានផែនការបង្កើនមូនិធិបម្រុងទ្វេដង ក្នុងសេចក្តីព្រាងថវិកាសារពើពន្ធឆ្នាំ ២០២៤ របស់ខ្លួន សម្រាប់កិច្ចប្រឹងប្រែងស្តារឡើងវិញពីគ្រោះរញ្ជួយដី។ រដ្ឋាភិបាលនិយាយថា គោលដៅ គឺដើម្បីជួយជនរងគ្រោះពីការរញ្ជួយដីនៅឧបទ្វីប Noto កសាងឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។រដ្ឋាភិបាល ត្រូវបានគេរំពឹងថានឹងអនុម័តការដំឡើងមូលនិធិដល់ ជិត ៧ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមនៅក្នុងខែមេសា។ សមាជិកសភា មានផែនការអនុម័តសេចក្តីស្នើច្បាប់នេះក្នុងអំឡុងពេលសម័យប្រជុំសាមញ្ញ ដែលនឹងចាប់ផ្តើមនៅចុងខែនេះ។រដ្ឋាភិបាលមានផែនការបរិច្ចាគប្រហែល ៧០០លានដុល្លារពីថវិកាសារពើពន្ធឆ្នាំ ២០២៣ ដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។ ការផ្តោតការយកចិត្តទុកដាក់នៅពេលនេះ គឺលើការកែធ្វើឲ្យប្រសើរឡើងលក្ខខណ្ឌនៅកន្លែងជម្លៀសខ្លួន ការទទួលបានលំនៅឋានបណ្តោះអាសន្ន និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លាញ។រដ្ឋាភិបាល កំពុងជំរុញឱ្យអ្នកនៅរស់រានមានជីវិត ផ្លាស់ទីទៅកន្លែងស្នាក់នៅខាងក្រៅតំបន់រងគ្រោះ ដើម្បីសុខភាព និងសុវត្ថិភាពរបស់ពួកគេ។ រដ្ឋាភិបាល មានផែនការរៀបចំពេលវេលាសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់លំនៅឋានបណ្តោះអាសន្នឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

វេទិកាទីក្រុង Davos ចាប់ផ្តើម កិច្ចប្រជុំមានផែនការស្តីពីបញ្ហានៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា

2024/01/16 07:02:34 pm        154
វេទិកាសេដ្ឋកិច្ចពិភពលោក បានចាប់ផ្ដើមនៅទីក្រុង Davos ប្រទេសស្វីស ជាមួយនឹងកិច្ចប្រជុំដែលបានគ្រោងទុកអំពីជម្លោះនៅប្រទេសអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ក្នុងចំណោមបញ្ហាសំខាន់ៗផ្សេងទៀត។មេដឹកនាំរដ្ឋាភិបាល ធុរកិច្ច និងស៊ីវិល ស្ថិតក្នុងចំណោមមនុស្សជាង ២.៨០០នាក់ មកពីប្រទេស និងតំបន់ចំនួន ១២០ ដែលកំពុងមកចូលរួមនៅឆ្នាំនេះ។ ក្រុមមេដឹកនាំ កំពុងប្រជុំគ្នាក្រោមប្រធានបទ «ការកសាងទំនុកចិត្តឡើងវិញ» ក្នុងពេលមានភាពមិនប្រាកដប្រជាជាសកល។ការជួបប្រជុំគ្នា បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយនឹងដំណើរការរហូតដល់ថ្ងៃសុក្រ។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថានឹងឡើងថ្លែងនៅថ្ងៃអង្គារនេះ ដើម្បីសុំឱ្យបន្តការគាំទ្រសម្រាប់ប្រទេសរបស់លោកនៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan និងនាយករដ្ឋមន្ត្រីចិនលោក លីឈាំង(Li Qiang) ក៏គ្រោងនឹងថ្លែងសុន្ទរកថានៅថ្ងៃអង្គារនេះផងដែរ។ សង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ស្ថិតនៅលើរបៀបវារៈកំពូលផងដែរ។រដ្ឋមន្ត្រីមកពីប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលដ៏លេចធ្លោម្នាក់ក្នុងជម្លោះ និងមន្ត្រីមកពីមជ្ឈិមបូព៌ាផ្សេងទៀត នឹងជួបប្រជុំគ្នានៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីរបៀបបញ្ចប់ការប្រយុទ្ធគ្នា។កិច្ចប្រជុំចុងក្រោយនៅថ្ងៃសុក្រ ក៏នឹងងាកទៅរកសេដ្ឋកិច្ចពិភពលោកផងដែរ។ លោកស្រី Christine Lagarde មកពីធនាគារកណ្តាលអឺរ៉ុប និងមន្ត្រីផ្សេងទៀត នឹងពិភាក្សាតាមរយៈស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីជាច្រើនជុំនៃការដំឡើងអត្រាការប្រាក់កាលពីឆ្នាំមុន ដើម្បីទប់ស្កាត់អតិផរណា។

លោក Trump ទទួលជ័យជម្នះនៅរដ្ឋ Iowa ហើយលោក DeSantis និង លោកស្រី Haley ដណ្តើមតំណែងទីពីរ

2024/01/16 06:49:31 pm        135
លោក Donald Trump ទទួលបានជ័យជម្នះយ៉ាងច្រើននៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋឆ្នាំ ២០២៤ លើកដំបូងនៅក្នុងរដ្ឋ Iowa កាលពីថ្ងៃចន្ទ ដោយបានអះអាងពីភាពលេចធ្លោរបស់លោកលើគណបក្ស ខណៈលោកស្វែងរកការតែងតាំងជាលើកទីបីជាប់ៗគ្នា និងការប្រកួតប្រជែងឡើងវិញជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ។អង្គការ Edison Research បានព្យាករណ៍ពីជ័យជម្នះនេះ ហើយបាននិយាយថា អភិបាលរដ្ឋ Florida លោក Ron DeSantis និងអតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោកស្រី Nikki Haley កំពុងតែស្ថិតក្នុងការប្រជែងដណ្តើមយកលំដាប់ទីពីរ ខណៈពួកគេស្វែងរកការបង្ហាញឲ្យឃើញជាជម្រើសសំខាន់ជំនួសលោក Trump ដែលបានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ ២០១៧-២០២១។លោក Trump បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលជ័យជម្នះដោយកម្រិតមិនធ្លាប់មានពីមុនមកសម្រាប់ការប្រកួតប្រជែងគណបក្សសាធារណៈរដ្ឋនៅរដ្ឋ Iowa ដោយធ្វើឲ្យរឹងមាំករណីរបស់លោកដែលថាការតែងតាំងរបស់លោកគឺជាការសន្និដ្ឋានមុន ដែលបានផ្តល់ឱ្យលោកនូវការនាំមុខដ៏ច្រើន នៅក្នុងការស្ទង់មតិជាតិ ទោះបីជាប្រឈមនឹងការចោទប្រកាន់ចំនួនបួនករណីក៏ដោយ។ជាមួយនឹងសំឡេង ៤០% នៃការបោះឆ្នោតដែលរំពឹងទុកបានកើនឡើង លោក Trump មានសំឡេង ៥២,៦ភាគរយខណៈលោក DeSantis មានសំឡេង ២០ភាគរយ និងលោកស្រី Haley មានសំឡេង១៨,៧ភាគរយ។

EU គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ៨៦លានអឺរ៉ូ ដើម្បីគាំទ្រវិស័យអាទិភាពនៅកម្ពុជា

2024/01/16 06:19:16 pm        244
សហភាពអឺរ៉ុបគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៦លានអឺរ៉ូ ដល់កម្ពុជា សម្រាប់​វិស័យ​កសិកម្ម, អាហារ, ការអនុវត្ត ថាមពលប្រកបដោយចីរភាព ក្នុងឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ការបណ្តុះបណ្តាលអប់រំ បច្ចេកទេស, និង​កម្មវិ​ធី​ពាណិជ្ជកម្ម និងវិស័យឯកជន ។ឯកឧត្តម ឌ្រីសម៉ាន់ អីហ្គោរ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា EU នៅ​ក្នុងជំនួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ នេះថា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អនុវត្ត​កម្មវិធីកំណែទម្រង់គោលនយោបាយសំខាន់ៗ ដែលសម្រេចបាននូវការរក្សាស្ថិរភាពសង្គម និង​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយផ្លែផ្កា បើទោះជាស្ថិតក្នុងគ្រាដ៏លំបាក នៃផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូដ-១៩, ជម្លោះភូមិសាស្ត្រនយោបាយ និងការបន្តធ្លាក់ចុះ នៃសេដ្ឋកិច្ចសកល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏ដោយ ។ឯកឧត្តម លើកឡើងបន្ថែមថា ជុំវិញបរិបថនេះ ជំហរគាំទ្ររបស់ EU ជាពិសេស​តាមរយៈ​យុទ្ធសាស្ត្រ Global Gateway ដែលជាយុទ្ធសាស្ត្រថ្មីរបស់ EU មានគោល​បំណង​កៀរគរ​ការ​វិនិយោគ​បន្ថែម សម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព, ប្រសិទ្ធភាព និងប្រសិទ្ធផល នៃ​កិច្ចអន្តរាគមន៍របស់ខ្លួន ។ នៅក្នុងយុទ្ធសាស្ត្រនេះផងដែរ ប្រទេសនៅក្នុងតំបន់អឺរ៉ុប និង​ប្រទេស​ជាសមាជិក EU ហៅថា “Team Europe” បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives - TEIs) ចំនួនពីរ ដើម្បីគាំទ្រ ដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈ​ការ​លើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ ក្នុងនោះមាន៖ ការ​ផ្តោត​លើ​ចីរភាព​ខ្សែ​ច្រវាក់​តម្លៃកសិកម្ម, និងផ្តោតលើថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។ជាក់ស្ដែង នៅក្រោមក្របខណ្ឌ Global Gateway នេះផងដែរ, EU និង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជា សម្រាប់កម្មវិធីថ្មីចំនួន៤រួមមាន៖ កម្មវិធីភាព​ជាដៃគូ​របស់​កម្ពុជា សម្រាប់​ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយ ចីរភាព, កម្មវិធីភាព​ជា​ដៃគូ​សហភាព​អឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាព ក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀក បំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ, កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់​ការ​បណ្តុះ​បណ្តាលការអប់រំបច្ចេក ទេស ២០២៤-២០២៧, និងកម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន ។ជាការឆ្លើយតប, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះ EU សម្រាប់ការចូលរួម យ៉ាងសកម្ម ក្នុងការជំរុញវឌ្ឍនភាព នៃវិស័យគាំពារសង្គមនៅកម្ពុជា ឆ្ពោះ​ទៅ​រក​និរន្តរភាព និងភាពធន់ ដែលអាចឆ្លើយតបនឹងបញ្ហា ប្រឈមនានា, ជាពិសេស​សហភាព​អឺរ៉ុប​ជួយ​ជាជំហរគាំទ្រកម្ពុជា ក្រោមក្របខណ្ឌ Global Gateway ដែលជាការចូលរួមគាំទ្រដល់ របៀប​វារៈ​គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាច​សម្រេច​បាន​ជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕ អត្ថបទ៖ សុន រ៉ាឌី

ប្រធានាធិបតីអ៊ុយក្រែន ចង់ឲ្យប្រទេសចិន ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល

2024/01/16 06:13:37 pm        144
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្រាប់សន្នសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា លោកចង់ឲ្យប្រទេសចិន ចូលរួមសន្និសីទសន្តិភាពសកលដើម្បីដោះស្រាយជម្លោះជាមួយរុស្ស៊ី ។លោក Zelenskiy បានប្រាប់សន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងប៊ើន(Bern) ប្រទេសស្វីស ថា យើងបើកចំហរដល់គ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកដែលគោរពអធិបតេយ្យភាពនិងបុរណភាពទឹកដីរបស់យើង។លោក Zelenskiy បានទៅដល់ប្រទេសស្វីស កាលពីថ្ងៃចន្ទ ដើម្បីចូលរួមវាទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស និងបានជួបជាមួយក្រុមមន្ត្រីស្វីស។លោកស្រីប្រទេសស្វីស វីអូឡា អាមហើដ(Viola Amherd)បាននិយាយថាប្រទេសស្វីស ត្រូវរៀបចំព្រឹត្តិការណ៍នេះ ដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារទី៦ខែមករានេះ។លោកស្រីប្រធានាធិបតីស្វីស បាននិយាយកាលពីថ្ងៃចន្ទអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់ទីក្រុងប៊ើន(Bern)ថា ប្រទេសរបស់លោកស្រី បានផ្ដល់ការរៀបចំកិច្ចប្រជុំសន្តិសុខ ក្នុងបំណងជួយបញ្ចប់សង្រ្គាមដែលនៅតែបន្តរបស់អ៊ុយក្រែនជាមួយប្រទេសរុស្ស៊ី៕-

ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន តាមសំណើរបស់លោក Zelenskiy

2024/01/16 05:59:27 pm        112
ប្រទេសស្វីស កាលពីថ្ងៃចន្ទ (១៥ មករា) បានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកស្តីពីអ៊ុយក្រែន តាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy)។ ស្វីស ដែលជាប្រទេអព្យាក្រឹត កាលពីមុនបានដើរតួជាអ្នកសម្របសម្រួលដើម្បីដោះស្រាយជម្លោះជាច្រើន ហើយឥឡូវនេះអាចជួយស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមដែលបានចាប់ផ្តើមនៅពេលដែលរុស្ស៊ី បានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ថ្លែងជាមួយសមភាគីស្វីស លោក វីអូឡា អាមហឺត (Viola Amherd) ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ឺន (Bern) លោកប្រធានាធិបតី ហ៊្សេឡិនស្គី មិនបានផ្តល់បញ្ជីទូលំទូលាយនៃអ្នកចូលរួមនៃកិច្ចប្រជុំកំពូលសន្តិភាពដែលបានគ្រោងទុកនោះទេ ប៉ុន្តែបានចង្អុលបង្ហាញអំពីអ្នកដែលលោកចង់ឲ្យចូលរួមដូចជាបណ្ដាប្រទេសសកលខាងត្បូង និងចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់រុស្ស៊ី។លោក ហ៊្សេឡិនស្គី បានប្រកាសជាលើកដំបូងនូវរូបមន្តសន្តិភាពរបស់ខ្លួននៅឯកិច្ចប្រជុំកំពូលខែវិច្ឆិកា នៃក្រុមសេដ្ឋកិច្ចសំខាន់ៗចំនួន ២០ប្រទេស។ រូបមន្តសន្តិភាពរបស់លោកគឺអំពាវនាវឱ្យមានការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ី និងការបញ្ឈប់អរិភាព ក៏ដូចជាការដោះលែងអ្នកទោស និងអ្នកជាប់ឃុំទាំងអស់ ក្នុងចំណោមរឿងផ្សេងៗទៀត។វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ បានច្រានចោលការពិភាក្សានៅទីក្រុងដេវ៉ូស (Davos) ស្តីពីសំណើសន្តិភាពរបស់អ៊ុយក្រែន ដោយនិយាយថា មិនមានអ្វីនឹងអាចសម្រេចបានទេព្រោះរុស្ស៊ីមិនមែនជាផ្នែកនៃកិច្ចពិភាក្សា៕

ក្រុមហ៊ុន EDF របស់បារាំង បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

2024/01/16 04:59:43 pm        147
លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) បាន​បង្ហាញ​បំណង​វិនិយោគ​លើ​វិស័យ​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា ខណៈសព្វ ថ្ងៃក្រុមហ៊ុនរបស់លោកស្រីបាននិងកំពុងវិនិយោគលើវិស័យវារីអគ្គិសនីនេះ នៅ​ប្រទេសឡាវ។នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងប៉ារីសប្រ ទេស​បារាំងនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោកស្រី Makreeta LAHTI បាន​ថ្លែង​អំណរ​គុណ​ចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី ចូលជួប​សម្តែង​ការ​គួរសម ព្រមទាំងបាន​ជម្រាប​អំពី​វឌ្ឍនភាព​រីក​ចម្រើន​នៃ​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន EDF។ លោកស្រីបានគោរពជម្រាបជូនសម្ដេចធិបតី បន្ថែមទៀតថា ក្រុមហ៊ុន​របស់​លោក​ស្រី​បាន​និង​កំពុង​វិនិយោគ​លើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ និងកំពុងស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យ​ថាមពល​នេះ​នៅ​កម្ពុជា។ ជាមួយគ្នានេះលោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោល​នយោបាយ​អព្យា​ក្រឹត្យ​កាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និង​ការ​ផលិត​នូវ​ថាមពល​កកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ នៅក្នុង​កិច្ច​ជំនួប​នោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសស្វាគមន៍ចំពោះលោកស្រី Makreeta LAHTI និងបានបង្ហាញក្តីរីករាយចំពោះចំណាប់រម្មណ៍របស់ក្រុមហ៊ុន ក្នុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេសកម្ពុជា ផ្នែកថាមពលកកើតឡើងវិញ និងស្នើឱ្យក្រុមហ៊ុន​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គីសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគលើវិស័យថាមពលកកើតឡើងវិញនេះ។សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៅកាន់លោកស្រី Makreeta LAHTI អំពី​ច្បាប់​វិនិយោគ​របស់កម្ពុជា ក្នុងការផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្ត​ដល់​សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​នេះ ហើយសន្តិសុខថាមពលក៏ជាអាទិភាពមួយ ដែលជានិន្នាការរបស់ពិភពលោក ឆ្ពោះ​ទៅ​កាន់​អព្យាក្រឹត្យកាបូននៅថ្ងៃអនាគតផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ប្ដេជ្ញាជួយផ្សព្វផ្សាយឱកាសវិនិយោគកម្ពុជាដល់ក្រុមហ៊ុនបារាំង ខណៈកម្ពុជាកំពុងមានសុខសន្តិភាព

2024/01/16 04:40:30 pm        139
នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅទីក្រុងប៉ារីស ប្រទេស​បារាំង​នាថ្ងៃទី១៥ ខែមករានេះ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធ​និយោជក​ហ្រ្វង់កូហ្វូន (APF) បាន​ប្តេជ្ញា​ជួយ​ផ្សព្វផ្សាយ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ទៅ​កាន់​បណ្តា​ក្រុម​ហ៊ុន​បារាំង បន្ទាប់ពីលោកមើលឃើញថា កម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និងសុខសន្តិភាពពេញលេញនោះ។នៅក្នុងកិច្ចជំនួបនោះ លោកប្រធាន APF បានគោរពជម្រាបជូនសម្តេចធិបតី អំពីបំណងរបស់ APF ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែល​នេះ​ជា​ពេល​វេលា​ដ៏​សម​ស្រប​សម្រាប់​ក្រុម​ហ៊ុន​បារាំង​ពិចារណា និងស្វែងរកទីផ្សារបន្ថែមទៀតនៅក្នុងទ្វីបអាស៊ី ជាពិសេសនៅប្រទេសកម្ពុជា ដែល​ជា​ប្រទេសស្ថាបនិក នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និង​ជា​ប្រទេស​ដែល​បាន​ដាក់​បេក្ខភាព​ជាម្ចាស់​ផ្ទះរៀប​ចំ​កិច្ច​ប្រជុំកំពូល នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦។ លោកប្រធាន APF បានបង្ហាញ«នូវការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់​ព័ត៌មាន​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដើម្បីឱ្យក្រុមហ៊ុនបារាំង បានស្គាល់កម្ពុជា ឱ្យ៝កាន់តែច្បាស់បន្ថែមទៀត ព្រោះ​កម្ពុជា​មាន​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ»។ លោកបន្ថែមថា នេះជាឱកាស​ល្អ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ដល់​ក្រុមហ៊ុន​បារាំង​ ដោយ​សារ​តែ​កម្ពុជា​អាច​នឹងក្លាយ​ជាម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការ​អន្តរជាតិ​ហ្រ្វង់​កូហ្វូនី​ឆ្នាំ២០២៦ ហើយកម្ពុជាក៏មានឱកាសបង្ហាញនូវភាពទាក់ទាញដល់វិនិយោគិន ជាមួយ​នឹង​ទំនាក់​ទំនង​ដ៏ល្អរវាងបារាំង និងកម្ពុជានាពេលកន្លងមកផងដែរ។ឆ្លើយតបនឹង​ការលើកឡើងរបស់លោកប្រធាន APF សម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្វាគមន៍ និង​សម្ដែង​នូវក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោក Geoffroy Roux De Bezieux ហើយ​សម្តេចធិបតីបានលើកឡើងថា ក្រៅពីអ្វីដែលក្រុមហ៊ុនបារាំងបានវិនិយោគនៅប្រទេសដទៃ ក្រុមហ៊ុន​គួរតែពិចារណាស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលមានច្បាប់វិនិយោគ និង​បរិស្ថា​ន​ដ៏​ល្អ​ប្រសើរ​ សម្រាប់ការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាថ្មី វិស័យថាមពល​កកើត​ឡើង​វិញ បចេ្ចកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្មជាដើម។ជាមួយ​គ្នា​នោះដែ​រ​សម្តេច​ធិបតី ក៏បានថ្លែងអំណរគុណចំពោះលោកប្រធាន APF សម្រាប់​ការ​ជួយ​ផ្សព្វ​ផ្សាយ និងការផ្តល់ព័ត៌មានជាច្រើនអំពីកម្ពុជាជូនដល់ក្រុមហ៊ុនបារាំង ដែល​កម្ពុជា​ក៏​មាន​បំណង​ផ្សារ​ភ្ជាប់​ខ្លួនទៅក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកផងដែរ។ សម្តេចធិបតី​ក៏​បាន​បង្ហាញ​នូវ​សេចក្តី​សង្ឃឹមថា ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយ​រាជ​រដ្ឋាភិបាល​បន្ត​អនុវត្តនូវអភិក្រមដែលមានលក្ខណៈប្រាកដនិយម ក្នុងការគាំទ្រ​ដល់​ការ​ធ្វើ​វិនិយោគ តាមរយៈ​ការបង្កើតបរិស្ថានអំណោយផល និងការផ្តល់ដំណោះ​ស្រាយ​ជាក់​ស្តែង​ចំពោះ​វិស័យ​ជាក់លាក់ ដើម្បីឱ្យអ្វីៗអាចដំណើរការបាន និងការធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​ផង​ដែរ៕ អត្ថបទ៖ បាន ចក់

ក្រុមហ៊ុន ប្រេងឥន្ធនៈ TotalEnergies បង្ហាញបំណងចង់វិនិយោគ លើថាមពល កកើតឡើងវិញនៅកម្ពុជា

2024/01/16 04:27:21 pm        204
នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅ ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៥ ខែមករានេះ លោក Patrick POUYANNÉ ប្រធាន និង​ជា​នាយក​ប្រតិបត្តិក្រុមហ៊ុន TotalEnergies បានបង្ហាញបំណងចង់វិនិយោគលើ​ថាមពល​កកើត​ឡើង​វិញនៅកម្ពុជា ខណៈ គម្រោងនេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែមាន​ជម្រើស​ប្រភព​ថាមពល​បន្ថែម​ទៀត។ លោកប្រធាន និងជានាយកប្រតិបត្តិ បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន TotalEnergies របស់​លោក គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញ លើវិស័យប្រេង និងឧស្ម័ន នៅ​ព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល  អគ្គិសនីផងដែរ។ ក្នុងន័យនេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បាន​បង្ហាញ​អំពី​បំណង​ក្នុង​ការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន TotalEnergies កំពុងស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើង​វិញ​នៅ​ប្រទេស​សិង្ហបុរី ហើយជោគជ័យ​នៃ​គម្រោង​នេះ​នឹង​ជំរុញ​ដល់​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​នៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែមទៀតផងដែរ។ នៅ​ក្នុង​កិច្ចជំនួបនោះដែរ លោក Patrick POUYANNÉ ក៏បាន​ថ្លែង​អំណរ​គុណដ​ល់ស​ម្តេច​ធិបតី​នាយក​រដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួប​សម្តែង​ការ​គួរសម​ព្រម​ទាំង​បាន​ជម្រាប​អំពី​វឌ្ឍនភាព​នៃ​ការ​រីក​ចម្រើន​នូវ​សកម្មភាព​អាជីវកម្ម​របស់​ក្រុម​ហ៊ុន TotalEnergies និងអំពី​គម្រោង​នៃ​ការ​ពង្រីកកា​រ​វិនិយោគ​របស់​ខ្លួន​បន្ថែមទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក Patrick POUYANNÉ និង សហការី និងបានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះ​គម្រោង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បោះទុន​វិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថា​កម្ពុជា​មាន​គោល​នយោបាយ​ច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេច​ក៏​បាន​បង្ហាញ​ការគាំទ្រ និងផ្ដល់កិច្ច​សហប្រតិបតិ្តការ​លើ​ការ​វិនិយោគ​នៃ​ការ​តភ្ជាប់​បណ្តាញ​ចរន្ត​អគ្គិសនី ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរីផងដែរ។ មួយ​វិញ​ទៀត​សម្ដេច​ធិបតី​ក៏​បាន​លើក​ទឹ៝ចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និង​ថាមពលផងដែរ៕ អត្ថបទ៖​បាន ចក់

ក្រុមហ៊ុន Blue Circle របស់បារាំងថា ខេត្តចំនួនពីរនៅកម្ពុជាដែល​អាចផ្តល់​លទ្ធភាពផលិតអគ្គិសនី​ដើរដោយខ្យល់បាន

2024/01/16 03:49:59 pm        237
ក្រុមហ៊ុន Blue Circle របស់បារាំង ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ពិសេស​ថាមពល​ដែលដើរ​ដោយ​កម្លាំង​ខ្យល់​នៅ​កម្ពុជា​ក្រោយ​ក្រុមហ៊ុន​នេះ​បាន​កត់​សម្គាល់​ឃើញ​ថា​ខេត្ត​ចំនួន​ពីរ​នៅកម្ពុជា មានខេត្តកំពត និងខេត្តមណ្ឌលគិរី ដែលអាចផ្តល់​លទ្ធភាព​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់បាន។ក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Olivier Duguet ប្រធាន និងជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Blue Circle បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបាន​ឆ្លៀត​ពេល​វេលា​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​ជម្រាប​អំពី​វឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និង​អំពី​គម្រោង​នៃ​ការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកនា​យក​ប្រតិបត្តិក្រុមហ៊ុន បានគូសរំលេចជូនសម្តេចធិបតីថា ក្រុមហ៊ុន របស់លោក គឺ​ជា​ក្រុមហ៊ុន មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេស​ថាមពល​ដែល​ដើរ​ដោយកម្លាំងខ្យល់ ហើយកន្លងមកតំណាងក្រុមហ៊ុនរបស់លោក បានធ្លាប់​មក​កាន់​តំបន់​អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​ស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុង​កម្រិត​ល្បឿន​ល្អ​ដែលអាចផលិតជាថាមពលអគ្គិសនីបាន។ លោ​កបន្ថែមទៀតថា «ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមកខាងក្រុមហ៊ុន បាន​កត់​សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរីជាដើម»។ ជាមួយគ្នានោះលោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ជា​មួយ​ការ​ជួយ​ជ្រោម​ជ្រែង និងការសហប្រតិបត្តិការល្អជាមួយនឹងដែគូពាក់ព័ន្ធនឹងកម្ពុជា និងការគាំ​ពារ​ពី​រាជ​រដ្ឋាភិបាល ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុម​ហ៊ុនអាចផលិតថាមពលបាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅ​ថ្ងៃ​អនាគត។ ក្នុងន័យនេះ កម្ពុជាអាចនឹង​ទទួ​ល​បាន​ប្រភព​ថាមពល​អគ្គិសនី​ដែល​កើត​ចេញ​ពី​ប្រភព​កកើត​ឡើង​វិញ​កាន់តែច្រើន និង​អាចនាំចេញថាមពលអគ្គិសនីទៅក្រៅប្រទេស បានផងដែរ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក Olivier Duguet និងសហការី និងបានបង្ហាញក្តីរីករាយ និង​សូម​គាំទ្រ​ចំពោះ​គម្រោង​របស់​ក្រុម​ហ៊ុន​ដែល​ចាប់​អារម្មណ៍​​ក្នុង​ការបោះទុន​វិនិយោគ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​សូមជូនពរ​ក្រុម​ហ៊ុន​ទទួល​បាន​ជោគជ័យលើកិច្ចការដែលវិនិយោគនៅពេលអនាគត និង​ស្នើ​ក្រុមហ៊ុន​ទាក់ទង​ជា​មួយ​ដៃគូ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និង​ស្វែង​រក​ឱកាស​ធ្វើ​យ៉ាង​ណា​ឱ្យ​គម្រោង​ផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ ឱ្យ​សម្រេច​បាន​ជា​លទ្ធផល​ផ្លែផ្កា​ជាក់​ស្តែង​ផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM
សារព័ត៌មាន CNN, MS NOW និង Politico ស្នើចៅក្រមពន្យារការហាមឃាត់របស់សេតវិមាន
09/29/2026 06:09 PM
លោក Rubio៖ អឺរ៉ុបកំពុងជួបបញ្ហាប្រឈមធ្ងន់ធ្ងរ
09/29/2026 06:09 PM