សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋអាមេរិក សង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការ ក្រោយការពិភាក្សារវាងអាមេរិក និងចិននៅជំនួប APEC

2023/11/14 08:29:57 pm        403
ខណជំនួបរវាងប្រធានាធិបតីចិន Xi Jinping និងលោក ប្រធានាធិបតីអាមេរិក Joe Biden នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ខិតជិតមកដល់ ការរំពឹងទុកកំពុងកើនឡើងក្នុងចំណោមសាធារណៈជនអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ។តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោកប្រធានាធិបតី Xi នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាសម្រាប់កិច្ចប្រជុំកំពូលរវាងប្រទេសចិននិងសហរដ្ឋអាមេរិក និងជំនួបសេដ្ឋកិច្ច APEC លើកទី៣០។ ប្រធានាធិបតីទាំងពីរនឹងមានកិច្ចពិភាក្សាស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ ភាពទូលំទូលាយ និងសារៈសំខាន់ជាមូលដ្ឋានក្នុងការបង្កើតទំនាក់ទំនងរវាងចិន និងអាមេរិក និងបញ្ហាសំខាន់ៗទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។អ្នកស្រុកនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះជំនួបរវាងមេដឹកនាំទាំងពីរ ដោយនិយាយថា មានផលប្រយោជន៍ទៅវិញទៅមកនៃកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិកក្នុងវិស័យដូចជា បច្ចេកវិទ្យា ធនធាន និងធុរកិច្ចជាដើម។ ប្រជាពលរដ្ឋម្នាក់បាននិយាយថា ខ្ញុំគិតថាពិតជាល្អណាស់ ដែលមេដឹកនាំទាំង២មានឆន្ទៈក្នុងការសហការបែបនោះ។ ខ្ញុំគិតថាមានច្រើនដែលត្រូវទទួលបានពីប្រទេសចិននៅទីនោះ។អ្នកស្រុកម្នាក់ទៀតបាននិយាយថា ខ្ញុំដឹងថាសហរដ្ឋអាមេរិកប្រើប្រាស់ធនធានជាច្រើនពីប្រទេសចិន។ ដូច្នេះខ្ញុំជឿថាកិច្ចសហការជាទូទៅគួរតែត្រូវបានប្រើប្រាស់ឱ្យបានច្រើន ជាពិសេសជាមួយនឹងបច្ចេកវិទ្យា៕

រដ្ឋមន្ត្រីការពារជាតិហូឡង់ និយាយថាអាកាសយានិកអ៊ុយក្រែន នឹងចាប់ផ្តើមហ្វឹកហ្វឺនយន្តហោះ F-16 ឆាប់ៗនេះ

2023/11/14 08:01:44 pm        205
រដ្ឋមន្ត្រីការពារជាតិប្រទេសហូឡង់ លោកស្រី Kajsa Ollongren បាននិយាយថា លោកស្រី សង្ឃឹមថាអាកាសយានិកអ៊ុយក្រែន នឹងចាប់ផ្តើមរៀនបើកបរយន្តហោះ F-16 ក្នុងពេលឆាប់ៗនេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសយានិកដើម្បីបើកយន្តហោះ ខណៈមជ្ឈមណ្ឌលបានបើកនៅក្នុងប្រទេសរ៉ូម៉ានី កាលពីថ្ងៃចន្ទ។ សហរដ្ឋអាមេរិក កាលពីខែសីហា បានអនុម័តការបញ្ជូនយន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសអ៊ូយក្រែន ពីប្រទេសដាណាម៉ាក ហើយប្រទេសហូឡង់នឹងការពារប្រឆាំងរុស្ស៊ី ដោយការហ្វឹកហ្វឺនអាកាសយាននឹកបញ្ចប់ឲ្យបានឆាប់។ប្រទេសអ៊ុយក្រែន បានស្វែងរកយ៉ាងសកម្មយន្តហោះប្រយុទ្ធ F-16 ផលិតនៅសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសនេះវាយប្រឆាំងការបង្កើនកាន់តែខ្លាំងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។លោកស្រី និយាយថា លោកស្រីស្វាគមន៍ សំណើធ្វើឡើងដោយអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell ដើម្បីបង្កើតមូលនិធិមានចំនួនរហូតដល់៥ពាន់លានដុល្លារក្នុងមួយឆ្នាំ រយៈពេល៤ឆ្នាំ ដើម្បីជួយដល់អ៊ុយក្រែន ដែលកាលពីសប្តាហ៍មុន អ្នកការទូតនិយាយថានឹងជួបជាមួយអ្នកប្រឆាំងនៅប្រទេសជាច្រើននៅអឺរ៉ុប។

នេប៉ាល់ នឹងហាមប្រាមកម្មវិធីវីដេអូកម្សាន្ត TikTok ព្រោះរំខានដល់សុខដុមនីយកម្មសង្គម

2023/11/14 07:57:56 pm        132
ប្រទេសនេប៉ាល់ បាននិយាយកាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ថា ខ្លួននឹងហាមប្រាមកម្មវិធីវីដេអូកម្សាន្ត TikTok ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមានរបស់កម្មវិធីនេះ ទៅលើភាពសុខដុមនីយកម្មក្នុងសង្គមរបស់ប្រទេស។ វេទិកាចែករំលែកវីដេអូដ៏ពេញនិយម ដែលមានអ្នកប្រើប្រាស់ប្រចាំខែប្រហែលមួយពាន់លាននាក់នេះ បានប្រឈមមុខនឹងការរឹតបន្តឹងនៅក្នុងប្រទេសជាច្រើនសម្រាប់ការបំពានច្បាប់ទិន្នន័យ និងដោយសារផលប៉ះពាល់ ដែលអាចបង្កជាគ្រោះថ្នាក់ដល់យុវជន។រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់នេប៉ាល់ លោកស្រី Rekha Sharma បាននិយាយថា ការសម្រេចនេះត្រូវបានធ្វើឡើងដោយសារតែកម្មវិធីវី TikTok ត្រូវបានប្រើប្រាស់ជាប្រចាំដើម្បីចែករំលែកខ្លឹមសារដែល «រំខានដល់សុខដុមនីយកម្មក្នុងសង្គម និងរំខានដល់រចនាសម្ព័ន្ធគ្រួសារ ព្រមទាំងទំនាក់ទំនងសង្គម» ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ដែលជំរុញឱ្យមានការហាមប្រាមនេះនោះទេ។រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការសម្រេចនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ វីដេអូស្តីពីការហាមឃាត់នេះមានអ្នកចូលមើលរាប់ពាន់នាក់នៅលើវេទិកា TikTok ។ ការសម្រេចនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេប៉ាល់ បានចេញសេចក្តីណែនាំដោយតម្រូវឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ ឲ្យបង្កើតការិយាល័យរបស់ខ្លួន៕

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល១០០ភាគរយ ផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ក្នុងស្រុកចុងកាល់

2023/11/14 06:46:59 pm        566
ឧត្ដរមានជ័យ៖ ក្រុមការងារក្រសួងដឹកនាំដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញនេះ បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល ១០០ភាគរយ ​លើការងារ​ជួលជុល​ផ្លូវក្រាល​ក្រួសក្រហម លក្ខណៈខួបចំនួន២ខ្សែ មានប្រវែង ១១,៥៩០ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រ​កម្រាស់​២០សង់ទីម៉ែត្រ និងសាងសង់ប្រព័ន្ធលូមូលចំនួន០៣កន្លែង។ក្នុងឱកាសចុះពិនិត្យនាពេលនោះ មានការចូលរួមគណៈប្រតិភូអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍​ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងនោះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានបញ្ជាក់ថា ការងារជួសជុលផ្លូវក្រាលក្រួសក្រហម ដែល​បាន​ស្ថាបនា​រួចរាល់​ជាស្ថាពរ​នាពេលនេះ គឺជា​គម្រោងសម្រាប់ ឆ្នាំ២០២៣ ​អនុវត្តការងារដោយ​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តឧត្តរមានជ័យ ​ដោយប្រើប្រាស់​ថវិកាជំពូក៦១។ឯកឧត្តមបណ្ឌិត បន្ដថា យ៉ាងណាម៉ិញបន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែង និង​យោងតាមស្មារតី​អង្គប្រជុំរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាព​ទទួល​យក​លទ្ធផល​ផ្លូវការ​ការងារខាងលើ១០០%។ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ផ្លូវក្រាល​ក្រួស​ក្រហម​ទាំង​ពីរខ្សែ​ដែល​ស្ថាបនា​ឡើង​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ តាមរយៈកញ្ចប់​ថវិកា​របស់ក្រសួងអភិវឌ្ឍន៍​ជនបទ​នៅ​ពេលនេះ​គឺ​មានសារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់ជាប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់​ពី​ភូមិមួយ​ទៅភូមិមួយ ​និង​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សម្រាប់​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដឹក​កសិផលយកទៅលក់នៅលើទីផ្សារ ដោយមិន​មាន​ការ​ព្រួយបារម្ភ​ និងលំបាកដូចគ្រាមុនៗនោះទេ។ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា តំបន់នេះកន្លងមក​គឺ​ជា​ទីតាំង​សមរភូមិក្តៅ​លឺ​តែ​ស្នូរគ្រាប់​កាំភ្លើង​បច្ចុប្បន្ន​មានផ្លូវ​ក្រាល​ក្រួសក្រហម​ខ្វាត់ខ្វែង​ក្នុង​មូលដ្ឋានរបស់បងប្អូន។ កត្តា​ទាំងអស់នេះ​ហើយ​ គឺជា​ការយក​ចិត្ត​គិតគូរ​ខ្ពស់​ពី​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា មកលើប្រជាពលរដ្ឋគ្រប់រូបផងដែរ។សូមបញ្ជាក់ថា ​ផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែដែលស្ថាបនារួចរាល់ គឺខ្សែទី១ ផ្លូវ គោកវត្ត-ស្រម៉-ឈូក ស្ថិត​នៅឃុំចុងកាល់ ​ស្រុកចុងកាល់​ មានប្រវែង ៥,៦៣៨ ម៉ែត្រ មានលូមូល មុខ១ ទំហំ១ម៉ែត្រ​គុណ៨ម៉ែត្រចំនួន ​០២កន្លែង។ ខ្សែទី២​ ផ្លូវកែង​ក្រុមហ៊ុន-បាត់ថ្កូវ ​ស្ថិតនៅឃុំចុងកាល់ ស្រុក​ចុងកាល់ មាន​ប្រវែង ៥,៩៥២ ម៉ែត្រ ​មានប្រព័ន្ធលូមូលមុខកាត់២ ទំហំ១ម៉ែត្រគុណ​៨ម៉ែត្រ ១កន្លែង៕ អត្ថបទ៖ ឃិន សារិទ្ធ

ប្រធានសភាថ្មីសហរដ្ឋអាមេរិក ព្យាយាមបញ្ចៀសការបិទរដ្ឋាភិបាល

2023/11/14 06:09:50 pm        272
ប្រធានសភាថ្មី លោក Mike Johnson ប្រឈមនឹងការតតាំងនៅក្នុងសភាដ៏ធំលើកដំបូងរបស់លោក នៅសប្តាហ៍នេះ ខណៈលោកព្យាយាមបញ្ចុះបញ្ចូលសមាជិកភាគច្រើននៃគណបក្សសាធារណរដ្ឋដែលប្រេះស្រាំរបស់លោកឱ្យគាំទ្រផែនការដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលដោយផ្នែក។ វិធីសាស្រ្តពីរជំហានរបស់លោក ដែលត្រូវបានបង្ហាញកាលពីចុងសប្តាហ៍ នឹងពង្រីកការផ្តល់មូលនិធិសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាលជាច្រើនរហូតដល់ពាក់កណ្តាល ខែ មករា ខណៈមូលនិធិការពារជាតិនឹងដំណើរការរហូតដល់ដើមខែកុម្ភៈ។ ប៉ុន្តែអ្នកដ៍រឹងរុសនៃសមាជិកសភាគណបក្សសាធារណរដ្ឋមួយចំនួន បានរុញច្រានសេចក្តីស្នើច្បាប់ញ្ឈប់ការចំណាយរបស់លោក Johnson ដែលនឹងពុំកាត់បន្ថយការចំណាយ។ បញ្ហានេះ ធ្វើឱ្យលោក Johnson ស្ថិតក្នុងជំហរស្រដៀងគ្នាទៅនឹងលោក Kevin McCarthy អ្នកកាន់តំណែងមុនរបស់លោកនៅមុនពេលការបណ្តេញចេញពីតំណែងជាប្រវត្តិសាស្ត្រ ខណៈលោកត្រូវការការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យដើម្បីរក្សារដ្ឋាភិបាលឲ្យនៅបើកចំហ។ សមាជិកសភាគណបក្សប្រជាធិបតេយ្យមួយចំនួន បានចង្អុលបង្ហាញថាពួកគេបើកទូលាយចំពោះផែនការរបស់លោក Johnson ដែលនឹងត្រូវឆ្លងកាត់ព្រឹទ្ធសភា ភាគច្រើនជាគណបក្សប្រជាធិបតេយ្យ។ បន្ទាប់មក វានឹងត្រូវចុះហត្ថលេខាចូលជាច្បាប់ដោយប្រធានាធិបតី លោក Joe Biden នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ។ បើមិនដូច្នេះទេ ចាប់ពីថ្ងៃសៅរ៍ បុគ្គលិកសហព័ន្ធចំនួនបួនលាននាក់ រួមទាំងសមាជិកយោធា នឹងមានការកាត់ផ្តាច់ចំពោះប្រាក់ឈ្នួលរបស់ពួកគេ ឧទ្យានជាតិនឹងបិទ ហើយការស្រាវជ្រាវវិទ្យាសាស្ត្រនឹងត្រូវបានរំខាន។ កាលពីថ្ងៃច័ន្ទ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា ដោយការមិនអនុម័តសេចក្តីស្នើច្បាប់ចំណាយ នឹងធ្វើឱ្យប៉ះពាល់ដល់យោធានៅស្រុក ហើយផ្ញើសារខុសទៅកាន់ពិភពលោកទាំងមូល នៅក្នុងពេលមានភាពច្របូកច្របល់។

សម្ដេចធិបតី ណែនាំឱ្យផ្សព្វផ្សាយកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់​យុវជនឱ្យបានទូលំទូលាយ

2023/11/14 05:56:07 pm        543
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកសប្រកាសដាក់​ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ​និងបច្ចេកទេសដល់យុវជនមកពីគ្រួសារ​ក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំននួន ១,៥ លាននាក់ ​នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានជំរុញដល់ក្រសួងស្ថានប័ននានា និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយ​អាទិភាពថ្មីនេះឱ្យបានទូលំទូលាយដើម្បីប្រជាពលរដ្ឋបានយល់ដឹង និងបញ្ជូនកូនមកចូលរៀនទាន់ពេលវេលា។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការផ្សព្វផ្សាយបានច្បាស់លាស់ និងចំគោលដៅ អំពី​ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ​និងប្រជាពលរដ្ឋនៅមូលដ្ឋានបែបនេះ គឺពិតជាមាន​សារៈសំខាន់ណាស់ ដើម្បីពន្យល់ដល់ពលរដ្ឋឱ្យបានយល់ច្បាស់អំពីកម្មវិធីគោល​នយោបាយ​អាទិភាពនេះ ក៏ដូចជាគោលនយោបាយអាទិភាពផ្សេងៗទៀត ដើម្បីជៀសវាង​ការ​ភ័ន្តច្រឡំ​ណាមួយពីសំណាក់ប្រជាពលរដ្ឋ។សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅ​យុវជន​មកពីគ្រួសារក្រីក្រ​ និងគ្រួសារងាយរង​ហានិភ័យ​នៅទូទាំងប្រទេស ចំនួន ១,៥ លាននាក់​ដោយមិនបង់ថ្លៃសិក្សា ​ក្រុមយុវជនគោលដៅក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។ កម្មវិធីគោលនយោបាយនេះ ​ប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែម​ពីលើកម្មវិធីបើកផ្ដល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង​ ៧០ ម៉ឺនគ្រួសារ ដែលរាជ​រដ្ឋាភិបាលកំពុងអនុវត្ត។ តាមរយៈកម្មវិធីនេះយុវជនបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួល​បានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ​២៨ ម៉ឺនរៀលក្នុង១ខែ, ទទួលបានការប្រឹក្សាយោបល់​ពីការ​ជ្រើសរើសជំនាញ ​និងព័ត៌មានទីផ្សារការងារ, ​ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ​និងក្រុមហ៊ុនឯកជន, ​ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និង​ឱកាសការងារធ្វើសមរម្យ ​និងប្រាក់ចំណូលទៀងទាត់៕អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវ​ដល់ពលរដ្ឋខ្វះខាត​ជំរុញ​កូន​ឱ្យទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ

2023/11/14 05:51:00 pm        542
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង​ឱកាស​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងគ្រោះ ចំននួន ១,៥ លាននាក់ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បាន​អំពាវនាវដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតជំរុញកូនៗ​ឱ្យមក​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈនេះឱ្យបានគ្រប់គ្នា។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់មាតាបិតាអាណាព្យាបាលរបស់យុវជនក្រីក្រ និង​ងាយ​រងហានិភ័យ សូមជួយជំរុញ និងលើក​ទឹក​ចិត្ត​ដល់​យុវជន​ឱ្យ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​បាន​គ្រប់ៗគ្នា ដើម្បីទទួលបានជំនាញពិតប្រាកដ យកទៅប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​កាន់​តែ​ប្រសើរ។សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ១,៥ លាន​នាក់​នៅ​ថ្ងៃ​នេះ បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលច្បាស់លាស់ ហើយយុវជនត្រូវរៀនចប់ ត្រូវចេះ និង​មាន​ការងារសមស្របនៅលើទីផ្សារការងារ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​មួយ​លានប្រាំសែន​នាក់នៅថ្ងៃនេះ គឺដើម្បីបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចដែ​ល​កំពុង​ត្រូវការ​ជំនាញទាំងនោះ។ក្នុងឱកាសនេះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បន្តសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័ននានា ដើម្បី​ទទួល​យក​យុវជន​ដែល​ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅហាត់ការនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័នទាំង នោះផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខ

2023/11/14 05:48:37 pm        517
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយមានរបៀបវារៈ ចំនួនបួន រួមមាន៖ ១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម។៤-ការពិភាក្សានិងអនុម័ត សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានពិនិត្យ អនុម័ត លើគោលការណ៍​នៃការ​ជ្រើសរើស​សមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយ រដ្ឋសភា នីតិកាលទី៧ ​ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តី​ប្រកាស​ជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាម​បទប្បញ្ញត្តិនៃច្បាប់ស្តីពី ​ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៥ និងមាត្រា៦ ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា។

សម្តេចធិបតីផ្តាំផ្ញើដល់យុវជនខិតខំយកចិត្តទុកាក់រៀនជំនាញវិជ្ជាជីវៈឱ្យបានល្អ ចេះឱ្យប្រាកដ

2023/11/14 05:40:27 pm        577
សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តាំផ្ញើទៅកាន់យុវជន ជាពិសេស​យុវជន​ម​ក​ពីគ្រួសារក្រីក្រ និងរងហានិភ័យថា ជំនាញអ្វីក៏ល្អដែរឱ្យតែចេះពិតប្រាកដ។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់​ឱ្យអនុវត្តន៍ ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរ ក្នុងវិស័យការងារ ដោយ កម្មវិធី​នយោបាយ​ទាំង​ពីររួមមាន៖ ១៖ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក​សមាជិក​បេឡាជាតិ​របប​សន្តិសុខ​សង្គម​, ​២៖ កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពី គ្រួសារ ក្រីក្រ និង​គ្រួសារ​ងាយរងគ្រោះ នៅសណ្ឋាគារសុខានាព្រឹកថ្ងៃទី១៤វិច្ឆិកានេះ។ សម្តេច​ធិបតីបានជំរុញការផ្សព្វផ្សាយឱ្យយុវជនកាន់តែយល់ ពីឱកាស​ដែល​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសសម្រា​ប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងរងហានិភ័យ ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់យុវជន ត្រូវយកចិត្តទុកដាក់ ក្នុង​ការ​សិក្សា​រៀន​សូត្រ​ លើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែល​រាជ​រដ្ឋាភិបាល​ប្រកាស​ដាក់​ចេញ​នា​ពេលនេះ ពីព្រោះរាជរដ្ឋាភិបាលបានត្រឹមជួយបណ្ដុះបណ្ដាល ប៉ុន្តែមិន​អាច​នៅ​ជាមួយ​យុវជន​រហូតនោះ​ទេ ដូច្នេះយុវជន ត្រូវខិតខំជួយខ្លួនឯងលើការរៀនសូត្រជំនាញវិជ្ជាជីវៈ បច្ចេក​ទេស​នេះ​ឱ្យបានចេះពិតប្រាកដនេះ៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចធិបតី៖ កម្មវិធីបណ្តុះបណ្តាលជំនាញនឹងលើកកម្ពស់ផលិតភាពការងារ និងកំណើនសេដ្ឋកិច្ចកម្ពុជា

2023/11/14 05:32:56 pm        328
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថា កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នឹងជួយលើកកម្ពស់ផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈ កម្លាំង​ពលកម្ម ជំនាញកាន់តែល្អប្រសើរដល់យុវជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងឱកាសអញ្ជើញបើក «កម្ម​វិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា តាមរយៈកម្មវិធីបណ្តុះបណ្តាលខាងលើនេះ យុវជនខ្មែរគប្បីត្រូវយកចិត្តដាក់ខ្ពស់ ក្នុ​ង​ការសិក្សាលើកម្មវិធីដែលរាជរដ្ឋាភិបាលបានដាច់ចេញនេះ ដើម្បីធ្វើ​យ៉ាង​ណា​លើក​កម្ពស់​ជីវភាព​របស់​ខ្លួន និងគ្រួសារឲ្យកាន់តែប្រសើរ ប៉ុន្តែទោះ​ជា​យ៉ាង​ណាកម្ម​វិធី​នេះ​ពុំមែន​ជា​ការ​បង្ខិត​បង្ខំ​នោះឡើយ គឺជាកិច្ចការស្ម័គ្រចិត្តរបស់តែប៉ុណ្ណោះ។ជាមួយគ្នានោះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ស្ថាប័នពាក់ព័ន្ធទំាងអស់ ធ្វើយ៉ាងណាផ្សព្វផ្សាយនូវកម្មវិធីនេះឲ្យបានច្បាស់លាស់ និង​ចំ​គោលដៅ អំពីការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពន្យល់ដល់ពលរដ្ឋជាពិសេសយុវជន-យុវនារី ឱ្យបានយល់ច្បាស់ជៀសវាងការច្រឡំភាន់ណាមួយ ដោយ​ចោទ​ប្រកាន់​ថា​មាន​ការ​បង្ខិត​បង្ខំ​ឲ្យ​សោះ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍របស់ UN៖ កម្ពុជាធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
10/02/2026 03:10 PM
អ្នករាយការណ៍ពិសេស UN៖ កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​
10/02/2026 03:10 PM
យុវជនរាជធានី-ខេត្ត ផុលផុសបន្តនាំគ្នាទៅស្នើសុំពាក្យបំពេញកាតព្វកិច្ចយោធា
10/02/2026 03:10 PM
ធនាគារជាតិថ្កោលទោសចំពោះការផ្សាយមិនពិតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនប្រឈមនឹងបញ្ហា
10/02/2026 03:10 PM
សម្ដេចធិបតី៖ ការ​បង្កើត​ច្បាប់​កាតព្វកិច្ចយោធា ជា​ការ​វិនិយោគ​កសាង​ធនធាន​មនុស្ស​ប្រកប​ដោយ​វិន័យ និង​ជំនាញ
10/02/2026 02:10 PM
ថ្ងៃដំបូងនៃការចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធា យុវជន​ប្រហែល​៣៥% ទទួល​ពាក្យ​សុំ​ចូល​បំពេញ​កាតព្វកិច្ច
10/02/2026 02:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា
10/02/2026 02:10 PM
សម្តេច ម៉ែន អំអន អញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
10/02/2026 02:10 PM
មុនជួបអ៊ីតាលីយប់នេះ Zidane ថាគ្មានការសោកស្តាយចំពោះការបុកក្បាល Materazzi កាលឆ្នាំ ២០០៦
10/02/2026 01:10 PM
ឥណ្ឌូនេស៊ី និងកូរ៉េឈ្នះមេដាយមាសបាញ់ធ្នូ ខណៈជប៉ុនគ្រប់គ្រងវិញ្ញាសាយូដូក្នុង Asian Games
10/02/2026 01:10 PM