សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ៖ អង្គុយមើលសង្គ្រាមផ្សែងហុយក៏ធ្វើឱ្យថប់ដង្ហើមដែរ ព្រោះមិនមែនជាបញ្ហាដាច់ដោយឡែក

2026/08/27 06:08:39 pm        20
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ត្រឹមតែអង្គុយមើលភ្លើងសង្គ្រាម នៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នាដែរ។ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។សម្ដេចតេជោ ហ៊ុន សែន បានថា៖«ការពិតនាពេលបច្ចុប្បន្ន បានក្រើនរំលឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា»។សម្ដេចតេជោ បានលើកឡើងថា ផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពីសង្គ្រាមនៅឆ្ងាយៗ មិនមែនជារឿងដាច់ដោយឡែកទៀតទេ តែបានប៉ះពាល់ដោយផ្ទាល់ ដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើង តាមរយៈតម្លៃប្រេង ឥន្ធនៈដែលហក់ឡើងយ៉ាងគំហុក ការផ្តាច់ចរន្តទីផ្សារនាំចេញ និងអត្រាអតិផរណាដែលកាន់តែខ្ពស់។ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សំណួរដ៏សំខាន់ដែលយើងត្រូវសួរខ្លួនឯងនៅថ្ងៃនេះ គឺថា តើយើងត្រូវបន្ថែមភ្នក់ភ្លើង របស់ប្រទេសដទៃ ឬមួយក៏យើងត្រូវខិតខំពន្លឿនការរៀបចំ ផ្ទះសម្បែងឱ្យបានរៀបរយពន្លឿន ការបង្កើតប្រព័ន្ធប្រកាសអាសន្នផ្ទៃក្នុង និងរៀបចំឧបករណ៍ពន្លត់អគ្គិភ័យរបស់យើង?ចម្លើយគឺច្បាស់លាស់ថា យើងដាច់ខាតមិនត្រូវចូលរួមបន្ថែមភ្នក់ភ្លើងសង្គ្រាមឡើយ ហើយក៏មិនត្រូវលោតចូល ទៅក្នុងល្បែងជម្លោះរបស់មហាអំណាច ដែលកំពុងប្រកួតប្រជែងគ្នាដែរ។ នេះជាការគូសបញ្ជាក់ របស់សម្ដេចតេជោ ហ៊ុន សែន៕

សម្ដេចតេជោ ហ៊ុន សែន បង្ហាញនិន្នាការជារចនាសម្ព័ន្ធធំៗជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ និងបង្កសង្គ្រាម

2026/08/27 06:07:58 pm        18
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ បង្ហាញនូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបីដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ ស្ថានភាពចលាចលជាប្រចាំនៅក្នុងអភិបាលកិច្ចសកល និងបង្កជាសង្គ្រាម។ សម្ដេចតេជោ បានបង្ហាញបែបនេះក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានីភ្នំពេញ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពចលាចលជាប្រចាំ នៅក្នុងអភិបាលកិច្ចសកល យើងត្រូវពិនិត្យមើលឱ្យបានដិតដល់នូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបី ដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ ក្នុងនោះមាន៖ទីមួយ៖ ការកែសម្រួលជារចនាសម្ព័ន្ធនូវតុល្យភាពអំណាចជាប្រចាំ ដែលស្ដែងឡើង តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញ និងមិនថមថយ រវាងមជ្ឈមណ្ឌលអំណាចចាស់ និងមជ្ឈមណ្ឌលអំណាចដែលកំពុងលេចឡើងថ្មី។ ការប៉ះទង្គិចរបស់ពួកគេបានបង្កើតឡើងនូវ «វិបត្តិជាប្រចាំ និងភាពមិនរៀបរយនៃរចនាសម្ព័ន្ធ»។ទីពីរ៖ ការយកអ្វីៗ គ្រប់យ៉ាងធ្វើជាអាវុធ។ នាពេលបច្ចុប្បន្ននេះ អ្វីៗគ្រប់យ៉ាងចាប់ពី សេដ្ឋកិច្ច និងបច្ចេកវិទ្យា រហូតដល់ធនធានធម្មជាតិ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ត្រូវបានបំប្លែងទៅជាឧបករណ៍ផ្ទាល់នៃការបង្ខិតបង្ខំ និងការធ្វើសង្គ្រាម។ ទីបី៖ ភាពស្រពិចស្រពិលនៃខ្សែខណ្ឌចែករវាងសង្គ្រាម និងសន្តិភាព។ ការណ៍នេះ ត្រូវបានស្ដែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រផេះ (grey-zone tactics) ដែលមិន រុញច្រានស្ថានការណ៍ឱ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណី ប៉ុន្តែទន្ទឹមនេះ ជាលក្ខណៈ រចនាសម្ព័ន្ធ គឺមិនបានផ្ដល់នូវសន្តិភាពពិតប្រាកដនោះទេ។ ប្រសិនបើបណ្តែតបណ្តោយ ដោយគ្មានការទប់ស្កាត់ បណ្តាប្រទេសនានាអាចប្រើប្រាស់ល្បិចកលទាំងនេះដោយចេតនា ដើម្បីជំរុញ «យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami slicing strategy) បម្រើឱ្យមហិច្ឆតាទាមទារ យកទឹកដីចាស់មកវិញ (irredentism) ដែលផ្ទុយពីច្បាប់អន្តរជាតិ ជាពិសេស គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis)។ សម្ដេចតេជោ ថ្លែងថា នេះជាការពិតដ៏ជូរចត់ មួយដែលថាកិច្ចព្រមព្រៀងឈប់បាញ់ ជារឿយៗ គឺគ្មានអ្វីក្រៅពីក្រដាសមួយសន្លឹកនោះទេ ដែលមិនអាចធានាសន្តិភាព ស្ថិតស្ថេរ បង្កើតទំនុកចិត្ត ឬការពារអាយុជីវិតជនស្លូតត្រង់បានឡើយ។ តាមរយៈនិន្នាការទាំងនេះ យើងអាចមើលឃើញក្របខ័ណ្ឌនៃសង្គ្រាមបីសណ្ឋាន៖ សង្គ្រាមបំបាក់កម្លាំង, សង្គ្រាមបំបាក់សេដ្ឋកិច្ច, និងសង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ។១៖ សង្គ្រាមបំបាក់កម្លាំង ៖ នេះគឺជាដំណើរការនៃសង្គ្រាមដែលមិនចំជាសង្គ្រាម។ នេះគឺជាជម្លោះរយៈពេលវែង ដែលគ្មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែត្រូវបានវាយប្រហារតាមរយៈការប៉ះទង្គិចគ្នារប៉ះរប៉ោះជាបន្តបន្ទាប់ និងអូសបន្លាយ ពេលយូរ។ នេះគឺជាការរត់ម៉ារ៉ាតុងយុទ្ធសាស្ត្រ ដែលភាគីណាដួលមុន នឹងបាត់បង់អ្វីៗគ្រប់ យ៉ាង។ គោលបំណងចម្បង គឺ ការបំផ្លាញបន្តិចម្ដងៗនូវកម្លាំងរបស់សត្រូវ ការបំផ្លាញ កម្លាំងធនធានជាតិ និងការធ្វើឱ្យខូចខាតដល់ស្ថិរភាពផ្ទៃក្នុង រហូតដល់គូបដិបក្ខលែងមាន សមត្ថភាពតស៊ូប្រឆាំងតបត។២៖ សង្គ្រាមបំបាក់សេដ្ឋកិច្ច៖ នេះរួមបញ្ចូលទាំងការប្រើប្រាស់ពាណិជ្ជកម្ម និងឥទ្ធិពល សេដ្ឋកិច្ចជាអាវុធ ដើម្បីបំផ្លាញស្ថិរភាពជាតិជាប្រព័ន្ធ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាង ទូលំទូលាយ ការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ការបិទខ្ទប់ផ្នែកបច្ចេកវិទ្យា និងការបិទខ្ទប់ហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់ដោយចេតនា ដើម្បីបង្ខំប្រជាជាតិឯករាជ្យឱ្យចុះចាញ់ ដោយមិនចាំបាច់ប្រើគ្រាប់កាំភ្លើង។៣៖ សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ៖ សង្គ្រាមនេះមានទម្រង់ជាសង្គ្រាមព័ត៌មាន និងសង្គ្រាម ចិត្តសាស្ត្រ ដែលប្រើប្រាស់យុទ្ធនាការលាបពណ៌ជាលក្ខណៈប្រព័ន្ធ សង្គ្រាមនេះកេងចំណេញ ពីភាពផុយស្រួយផ្ទៃក្នុងប្រទេស ដូចជា ឧក្រិដ្ឋកម្មឆបោកអនឡាញ ឬការប្រើប្រាស់ ស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្សមកធ្វើជាលេសដ៏សមស្រប ដើម្បីដាក់សម្ពាធពីខាងក្រៅ វាយប្រហារលើស្ថាប័ននយោបាយក្នុងស្រុក និងធ្វើឱ្យប្រជាជាតិមួយបាត់បង់ធម្មានុរូបនៅលើឆាកអន្តរជាតិ៕

សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ

2026/08/25 05:40:24 pm        258
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ថាមើ ម៉ូហាមេដ ដែលត្រូវបានជាឯកអគ្គរាជទូតរបស់អារ៉ាប់ប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា, សម្ដេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់ឯកឧត្តម ថាមើ ម៉ូហាមេដ នឹងញាំងទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តម ថាមើ ម៉ូហាមេដ បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ, ឯកឧត្តម បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដែលតាមរយៈនៃការផ្លាស់ប្ដូរជាបន្តបន្ទាប់ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរ។ បន្ថែមពីលើនោះ ក៏មានការផ្លាស់ប្ដូររវាងធុរជនរបស់អារ៉ាប៊ីសាអូឌីតមកធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ ដែលបានពង្រឹងបន្ថែមទៀតលើវិស័យវិនិយោគនៅក្នុងប្រទេសកម្ពុជា។ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត នៅមានសក្ដានុពលជាច្រើនទៀតដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នាបានជាពិសេស ការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានការកើនឡើង។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងរីកចម្រើនថែមមួយកម្រិតទៀត តាមរយៈទំនាក់ទំនងរវាងរដ្ឋាភិបាល ទំនាក់ទំនងនយោបាយ និងទំនាក់ទំនងប្រជាជន និងប្រជាជន។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់ឯកឧត្តម ថាមើ ម៉ូហាមេដ ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ, ក្នុងនោះសម្ដេចតេជោ ចាប់អារម្មណ៍ទៅលើទំនាក់ទំណងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកថា គឺជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។ បន្ថែមលើនេះ សម្ដេចតេជោ បានផ្ដល់នូវទស្សនចំនួនបីសំខាន់ ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន ក្នុងនោះទី១ សម្ដេចតេជោ បានជំរុញបន្ថែមទៀតចំពោះការផ្លាស់ប្ដូរនូវទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរឱ្យកាន់តែញឹកញាំបន្ថែមទៀត។ ទី២ គឺការផ្លាស់ប្ដូរអ្នកវិនិយោគ ការទស្សនកិច្ចរវាងធុរជនអារ៉ាប៊ីសាអូឌីត និងធុរជនកម្ពុជាទៅវិញទៅមក ឱ្យធ្វើការជាមួយគ្នាដើម្បីបង្កើននូវការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសវិនិយោគលើការកែច្នៃដើម្បីនាំចេញផលិតផលរបស់កម្ពុជា ដូចជាកសិកម្មយកទៅលក់នៅអារ៉ាប៊ីសាអូឌីត។ ចំណែកចំណុចទី៣ សម្ដេចតេជោ បានជំរុញបន្ថែមទៀតដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតជាពិសេសផ្ដោតលើវិស័យទេសចរណ៍តែម្ដង ដើម្បីជំរុញបន្ថែមទៀតលើទំនាក់ទំនងក្នុងក្របខណ្ឌនយោបាយរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕.

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម

2026/08/25 04:41:19 pm        195
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត (ថ្មី) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម

2026/08/25 10:29:38 am        366
ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៦ បានសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និង​ផ្លូវ​ខេត្ត​៣៧៧A ក្នុងខេត្តក្រចេះ ដែលមានប្រវែងសរុបជិត ១០០គីឡូម៉ែត្រ។ សមិទ្ធផល​ផ្លូវ​ចំនួន ​៣ខ្សែ​នេះ បានក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ពង្រឹងការតភ្ជាប់ក្នុងតំបន់ និង​បង្កើន​ប្រសិទ្ធ​ភាពការធ្វើដំណើរ និងដឹកជញ្ជូន​កាន់​តែ​ទូលំ​ទូលាយ​សម្រាប់​ការ​ដឹក​ជញ្ជូន​កសិផល​, ​ការធ្វើពាណិជ្ជកម្ម, ការអភិវឌ្ឍទេសចរណ៍, និង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ជនបទនៃខេត្តក្រចេះ និងតំបន់ជាប់ព្រំប្រទល់។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបើកក្នុង​ពិធី​សម្ពោធ​នេះ​ថា ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទ្រុឌ​ទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេស ការប្រឈមនឹងគ្រោះទឹកជំនន់។ នាពេលបច្ចុប្បន្ន ខ្សែ​ផ្លូវ​ទាំង ៣ខ្សែនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និង​សង្គម​យ៉ាង​ច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់​ដាច់​ស្រយាល ​និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេស កសិផល​របស់​ប្រជា​ពលរដ្ឋ​។ ​ព្រមទាំង ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សានុសិស្ស និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់ភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានានៅក្នុង ទឹកដីខេត្តក្រចេះ និង​ខេត្ត​ជាប់​ព្រំ​ប្រទល់គ្នា។ឯកឧត្តម បានបញ្ជាក់ថា ការស្តារ និងធ្វើឱ្យប្រឡើងវិញកំណាត់ផ្លូវ៣ខែ្សនេះ បានប្រើប្រាស់​ថវិកា​សរុប​ ៤៣,៩៥ លានដុល្លារអាម៉េរិក ក្រោមក្រប​ខ័ណ្ឌ​ឥណទាន​សម្បទាន​របស់​ធនាគារ​ពិភព​លោក​។ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ បានចំណាយថវិកាប្រមាណ ១៤,៧៧​លាន​ដុល្លារ​អាម៉េរិក ​និងផ្លូវខេត្ត លេខ៣៧៧ និង៣៧៧A បានចំណាយថវិកាប្រមាណ ២៩,១៨​លាន​ដុល្លារ​អាម៉េរិក​។ ​ការសាងសង់ពង្រីកផ្លូវទាំង៣ខែនេះ បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២៣។​ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ពិតណាស់ ការអ​ភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គឺ​ជាគោល​ដៅ​អាទិភាព​គន្លឹះ​ដែលរាជរដ្ឋាភិបាល បានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែល​មានគោលដៅប្រែក្លាយនិង ពង្រឹងសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យកាន់តែរឹងមាំ​ប្រកប​ដោយភាព​ធន់ និងចីរភាព។ថ្លែងក្នុងពិធីសម្ពោធនេះ លោកស្រី Tania Meyer ប្រធានគ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ បានកោត​សរសើរ​រាជរដ្ឋាភិបាលដែលមានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារ​ចនា​សម្ព័ន្ធ​តភ្ជា​ប់ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច​ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ​។លោកស្រី មានប្រសាសន៍ថា៖ «គម្រោងនេះកំពុង​ប្រើ​ប្រាស់​លើក​កម្ពស់ផ្លូវ​ដែល​មាន​ភាព​ធន់​នឹង​អាកាស​ធាតុ​ដល់ខេត្តចំនួនបី រួមមាន កំពង់ចាម ត្បូងឃ្មុំ និងក្រចេះ។ នាពេលនេះ ភ្ញៀវ​ទេសចរ​ជាតិ ​និងអន្តរជាតិ ក៏អាច​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិ​ភាព​ទៅ​កាន់​តំបន់​ទេសចរ​ណ៍​ប្រវត្តិ​សាស្រ្ត​វិហារ​សសរ​១០០។ នេះហើយជាអត្ថន័យពិតនៃការតភ្ជាប់ ដែលមិនត្រឹមតែការ​ដឹក​ជញ្ជូន​ទំនិញ​និង​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស ប៉ុណ្ណោះទេ តែថែមទាំងជាការចែករំលែក​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ទៅ​កាន់​ពិ​ភពលោក​។ សម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករ កម្ពុជា ដែលបានប្រើប្រាស់​កំណាត់​ផ្លូវ​ទាំង​នេះ​ គឺបានកាត់បន្ថយពេលវេលាធ្វើដំណើរប្រហែល ២៥%–៣៣% និងផ្តល់ការ​ធ្វើ​ដំណើរ​គ្រប់​រដូវ​ការទៅកាន់សាលារៀន មណ្ឌលសុខភាព ទីផ្សារចំនួន ៧៦កន្លែង ដែលផ្តល់អត្ថ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋជាង១,២លាននាក់ ដែលរស់នៅក្នុងសហគមន៍ជុំវិញ»។បើតាម ឯកឧត្តមរដ្ឋមន្រ្តី តាមចក្ខុវិស័យក្នុងការអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ខ្សែ​ផ្លូ​វទាំង ៣ខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចយ៉ាងសំខាន់ បាន​តភ្ជាប់​ជាមួយ​ផ្លូវ​ជាតិ​លេខ​៧ ​(ត្រង់បំបែកប្រធាតុ) ឆ្ពោះទៅកាន់ខេត្តកំពង់ចាម និងទិសដៅរាជធានីភ្នំពេញ និង​តភ្ជាប់​ទៅ​កាន់​ស្រុកស្ទឹងត្រង់ និងតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន និងតំបន់ព្រំដែនកម្ពុជា ហើ​យ​ក៏​បាន​តភ្ជាប់​ចាប់​ពីទីប្រជុំជនក្នុងក្រុងខេត្តក្រចេះ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ព្រែកកាំពី និង​តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ ព្រមទាំង តភ្ជាប់​ពី​ទីប្រជុំ​ជន​ផ្សារ​សណ្តាន់​ទៅ​ដល់​ផ្លូវ​ជាតិលេខ៧ ដែល ជាផ្លូវអាស៊ានហាយវេលេខ១១ ក្នុងទិសដៅ​ទៅកាន់ខេ​ត្ត​នៅភូ​មិ​ភាគ​ឦសាន ដូចជា ខេត្តស្ទឹងត្រែង, រតនគិរី, និងមណ្ឌលគិរី៕ អត្ថបទ៖ ធូ វិរៈ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

2026/08/24 07:42:54 pm        629
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម Andrey RUDENKO ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ។សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺជាផ្នែកនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីឲ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។ សម្ដេចបានរំលេចថា ឆ្នាំនេះទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីបានឈានមកដល់ខួប៧០ឆ្នាំហើយ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវាងប្រទេសទាំងពីរ។នៅក្នុងឱកាសនោះ ឯកឧត្តម Andrey RUDENKO បានសរសើរចំពោះសម្ដេចតេជោ និងបានលើកឡើងថា សម្ដេចតេជោគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់ ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។បន្ថែមពីលើនោះ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោ ពីការពង្រឹងនូវពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើង។សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអនុរដ្ឋមន្ត្រីជុំវិញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ សម្ដេចបានស្វាគមន៍បន្ថែមទៀតចំពោះការពិភាក្សារវាងឯកឧត្តមជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្ដោតទៅលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលសម្ដេចបានចាត់ទុកថា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ គឺជាចំណុចស្នូរបន្ថែមទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ បន្ថែមពីលើនេះ សម្ដេចតេជោក៏បានរំលេចអំពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីជាពិសេសគឺតួនាទីរបស់សម្ដេចផ្ទាល់ដែលបានពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ីតាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើនលើក និងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ីជាច្រើនកន្លងមក។សម្ដេចក៏បានអរគុណចំពោះរដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។ជាមួយគ្នានេះឯកឧត្តម Andrey RUDENKO ក៏បានលើកឡើងពីការរង់ចាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ ឯកឧត្តមបានលើកឡើងថា ថ្នាក់ដឹកនាំរបស់រុស្ស៊ី ឯកឧត្តម វ្លាឌីមៀ ពូទីន កំពុងតែរង់ចាំវត្តមានរបស់សម្ដេចតេជោក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដែលឆាប់ៗខាងមុខនេះ។ជាការឆ្លើយតប សម្ដេចតេជោក៏បានលើកឡើងថា នៅពេលនេះ សម្ដេចកំពុងតែពិនិត្យមើលពីកាលបរិច្ឆេទ ដើម្បីកំណត់នូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលខាងមុខហើយសម្ដេចក៏សូមបញ្ជាក់ផងដែរថាកម្ពុជាក៏ត្រៀមទទួលដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួមផងដែរ ដែលឯកឧត្តមដែលគ្រោងនឹងអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់ឯកឧត្តម និងប្រតិភូទាំងអស់ ឲ្យបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ៕

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត

2026/08/24 06:49:23 pm        550
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីប្ដេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក្នុងអាណត្តិការទូតរបស់ខ្លួន។ ជាមួយគ្នានេះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតី អំពីបេសកកម្មការទូតស្នូលចំនួនពីរ ដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការទ្វេភាគី​ ឱ្យកាន់តែរឹងមាំ រួមមាន៖ ទី១) ការជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត និង ទី២) ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន ដោយឯកឧត្តមបានគូសបញ្ជាក់ពីគម្រោង​របស់​គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតដែលនឹង​មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និង​​ វិនិយោគ។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តមនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ឱ្យកាន់តែរីកចម្រើនទ្វេដង។ ទន្ទឹមនឹងនោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក ដែលក្នុងនោះក៏មានអារ៉ាប៊ីសាអូឌីតផងដែរ។ សម្ដេចធិបតីបានបន្ថែមថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាមានជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិទៀតផង។មុននឹងបញ្ចប់, សម្តេចធិបតី និង ឯកឧត្តមឯកអគ្គរាជទូតក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ទេសចរណ៍, កសិកម្ម, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូតបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងរកឱកាសថ្មីៗបន្ថែមទៀតក្នុងការបោះជំហានរួមគ្នានាពេលអនាគត៕

កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/08/24 05:23:10 pm        210
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឯកឧត្តមក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងទ្វេភាគី រួមទាំងការរួមចំណែកគាំទ្រពីអតីតសហភាពសូវៀត និងបច្ចុប្បន្នសហព័ន្ធរុស្ស៊ី ក្នុងការស្តារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះ។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយម​ថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជម្នះរាល់បញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត​។ ឯកឧត្តមជឿជាក់ថា ទំនាក់ទំនង​រុស្ស៊ី-កម្ពុជា នឹង​បន្ត​រីកចម្រើនថែមទៀតដែល​ ប្រទេស​ទាំងពីរត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យសក្តានុពលជាច្រើនទៀត ​ឱ្យកាន់តែស៊ីជម្រៅ​។ ឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការបន្តផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣​ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលនឹងបន្តជំរុញទំនាក់ទំនងកិច្ចប្រតិបត្តិការឱ្យកាន់តែរីកចម្រើន។ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ សហព័ន្ធរុស្ស៊ី ក៏ដូចជាអតីតសហភាពសូវៀត​ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការ​រួម​ចំណែក​ដល់ការស្តារ និងកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងបានគូសបញ្ជាក់ពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរយោបល់គ្នាក្នុងការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ទេសចរណ៍, កសិកម្ម, សន្តិសុខ និងការពារជាតិ៕

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ

2026/08/18 06:40:44 pm        395
នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព។ក្នុង​ឱកាស​នោះ, លោក​ប្រធានក្រុមប្រឹក្សាភិបាល​បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងផ្តល់​ការ​គាំទ្រ និង​សម្របសម្រួល ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ ប្រព្រឹត្ត​ទៅ​ដោយរលូន​។ លោក​ប្រធានក្រុមប្រឹក្សាភិបាល​ក៏បាន​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​សមិទ្ធផល និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដោយបាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង​ Chevrolet នៅកម្ពុជា ហើយ​ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើ​ការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ​ នៅប្រទេសកម្ពុជា​ ដោយរោងចក្របង្គុំ​ និងដំឡេីងរថយន្តនេះ បានសាងសង់រួចរាល់​ និងបាន​ចាប់ផ្តេីមដំណេីរការបឋម​ នាពេលថ្មីៗនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀត​ថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្ត​ដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយ នាឆ្នាំ២០២៦នេះ​។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសារទរចំពោះវឌ្ឍនភាពនៃប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន និងជឿជាក់ថា ក្រុមហ៊ុននឹងបន្តរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន​ ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផលដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ។ បន្ថែមលើនេះ, សម្ដេចធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាសវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង។ ជាទីបញ្ចប់, សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕

ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ

2026/08/16 01:06:41 pm        428
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានធ្វើការណែនាំនិងក្រើនរំលឹកដល់មន្រ្តីគណបក្សថ្នាក់មូលដ្ឋានទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុនក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាននិងធ្វើយ៉ាងណាឱ្យមានភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋនិងមន្ត្រីគណបក្សរបស់យើង។ នៅក្នុងឱកាសអញ្ជើញចូលរួមលើកស្លាកគណបក្ស និងជួបសំណេះសំណាលជាមួយសមាជិកគណបក្សឃុំទាំង១៥ ក្នុងស្រុកបាទី នៅសាលប្រជុំគណបក្សស្រុកបាទី នាព្រឹកថ្ងៃសៅរិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ប្រទេសជាតិមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ រយៈពេលជាង៤០ឆ្នាំ កម្ពុជាបានប្រែប្រួលហួសពីការស្មាន ពោលកម្ពុជាបានប្រែក្លាយពីប្រទេសដែលមានសង្រ្គាមបង្ហូរឈាមគ្នាទៅជាប្រទេសដែលមានសុខសន្តិភាព ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ។ ការប្រែប្រួលទាំងអស់នេះនិងមិនបានកើតមានឡើងនោះទេ បើសិនគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធានគណបក្សខេត្តតាកែវបានមានប្រសាសន៍បន្តទៀតថា ដោយសារតែប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅកាន់តែមានជីវភាពធូធារ ទើបបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោត គាំទ្រដល់គណបក្សប្រជាជនកម្ពុជាគាំទ្រភ្លូកទឹកភ្លូកដីពីមួយអាណត្តិទៅមួយអាណត្តិ។ ដូច្នេះដើម្បីតបស្នងសងគុណដល់ម្ចាស់ឆ្នោត គប្បីសមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនអោយអស់ពីសមត្ថភាពតាមរយៈការបម្រើសេវាជូនពួកគាត់អោយបានទាន់ពេលវេលា ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសត្រូវជួយដោះស្រាយរាល់ទុក្ខលំបាកនិងសេចក្ដីត្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក ត្រាំ ថ្លែងថា ការផ្អាកទណ្ឌកម្មលើរុស្ស៊ី គឺដើម្បីរក្សាដំណើរការចរចាសន្តិភាពអ៊ុយក្រែន
10/19/2026 09:10 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
10/19/2026 09:10 AM
នគរបាលទីក្រុងមីឡានរបស់អ៊ីតាលីប៉ះទង្គិចជាមួយក្រុមបាតុករនៅថ្ងៃទីពីរនៃភាពចលាចលជុំវិញការឡើងថ្លៃទំនិញ
10/19/2026 09:10 AM
អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យដោះស្រាយច្រាំងទន្លេមេគង្គបាក់នៅព្រែកលៀប និង​រំដោះទឹកជន់លិច​មហាវិថីឈ្នះឈ្នះ
10/18/2026 05:10 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួប​លោក​វ៉ាន សាកូលីន ពលរដ្ឋខ្មែរជិះម៉ូតូឆ្លង​កាត់​ប្រទេស​ជា​ច្រើន​(គោលដៅ​១៥​ប្រទេស) ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ
10/18/2026 05:10 PM
រដ្ឋមន្ត្រីក្រសួងសុខាភិបាលដឹកនាំគណៈប្រតិភូ​កម្ពុជាទៅ​ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល ប្រទេស​ហ្វីលីពីន
10/18/2026 03:10 PM
វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ
10/18/2026 01:10 PM
ប្រជានេសាទនៅតំបន់ឆ្នេរ Michoacan របស់ម៉ិកស៊ិក ប្រឈមនឹងការមកដល់របស់ព្យុះសង្ឃរា Trudy
10/18/2026 01:10 PM
UN ថា ភាគីសង្រ្គាមនៅស៊ូដង់ ពុំបានខិតទៅរកកិច្ចប្រជុំនោះទេ និងសូមជំរុញឲ្យបញ្ឈប់ការវាយប្រហារយានដ្រូន
10/18/2026 01:10 PM
UN ជំរុញឲ្យជំនួយចូលដល់ស្រ្តីមានផ្ទៃពោះ ១៣.០០នាក់ នៅទីក្រុង Taiz របស់យេម៉ែន
10/18/2026 01:10 PM