កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមនិស្សិតបង្ហាញមោទកភាពចំពោះនាយករដ្ឋមន្ត្រីថ្មី ក្នុងការដឹកនាំប្រទេសកម្ពុជា

2023/08/21 07:08:08 pm        154
ភ្នំពេញ៖ បណ្ដានិស្សិតកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ បាន​បង្ហាញ​សេចក្ដីពេញចិត្ត ​និងមានមោទកភាពជាខ្លាំង ​ខណៈថ្ងៃទី២១ ​ខែសីហានេះ រដ្ឋសភាជាតិ​ចាប់ផ្តើមបើកសម័យប្រជុំជាលើកដំបូងនៃនីតិកាលទី៧របស់ខ្លួន ​និងឈានទៅផ្ដល់សេចក្ដីទុកចិត្ត​ចំពោះរាជរដ្ឋាភិបាលថ្មី ​ក្នុងនោះឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ​ហ៊ុន ម៉ាណែត នឹង​ត្រូវក្លាយ​ជា​នាយករដ្ឋ​មន្ត្រីថ្មីរបស់ប្រជាជនខ្មែរ​ជាផ្លូវការដើម្បី​ដឹកនាំ​ប្រទេសជាតិ​ឱ្យមានការអភិវឌ្ឍរីកចម្រើន​តទៅមុខទៀត។និស្សិតកំពុងសិក្សានៅសកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្លែងប្រាប់ BTV នៅថ្ងៃទី២១ ​ខែសីហានេះថា​ ពួកគេគាំទ្រ ​និងស្រឡាញ់ទុកចិត្ត ​គាំទ្រ​ឯកឧត្ដមបណ្ឌិត ហ៊ុន ​ម៉ាណែត ​ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា ​និងគាំទ្រ​រាជរដ្ឋាភិបាលថ្មី ដើម្បី​បន្តដឹកនាំប្រទេសកម្ពុជា​ឱ្យទទួល​បាននូវសុខសន្ដិភាព​ និងការអភិវឌ្ឍបន្ថែមទៀត។ សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ​ជាឱកាសដ៏មហាវិសេសវិសាល ដែល​រដ្ឋសភា ​នីតិកាលទី៧ ​បាន​ប្រារព្ធ​បើកសម័យ ​ប្រជុំដំបូង​របស់ខ្លួន​ ស្របទៅតាមកាលកំណត់​របស់រដ្ឋធម្មនុញ្ញ ​នៃព្រះរាជាណាចក្រកម្ពុជា ​បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវ​បាន​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ កាលពីថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ​ហើយ​នាពេលរសៀល​នេះ​សមាជិក​រដ្ឋសភាទាំងអស់នឹងត្រូវស្បថ​ចូលកាន់ដំណែង។ ​ចំណែកនៅថ្ងៃទី ២២ ខែសីហាស្អែកនេះ សភានឹងកោះប្រជុំក្រោមអធិបតីភាព​របស់ព្រឹទ្ធសមាជិករដ្ឋ​សភាហើយពេលនោះក្បាល​ម៉ាស៊ីន​រដ្ឋសភា និងក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​នឹងត្រូវបង្កើតឡើង​ ហើយគណៈរដ្ឋមន្ត្រីនឹងស្បថ​ចូល​កាន់ដំណែងជាផ្លូវការនាពេលរសៀលនោះផងដែរ៕អត្ថបទ ស៊ុម សុខជា

ក្រសួងសន្តិសុខរដ្ឋ៖ ប្រទេសចិនស៊ើបអង្កេតពលរដ្ឋដែលត្រូវគេចោទពីបទជួយធ្វើចារកម្មឲ្យCIA

2023/08/21 07:04:03 pm        118
ចិន៖ ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសនេះ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិនកំពុងស៊ើបអង្កេតជនជាតិចិនម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទជួយធ្វើចារកម្មសម្រាប់ទីភ្នាក់ងារស៊ើបការណ៍កណ្តាលរបស់សហរដ្ឋអាមេរិក(CIA)។ក្រសួងនេះ បាននិយាយថា បុរសជនជាតិចិនអាយុ ៣៩ឆ្នាំ ដែលមានត្រកូល Hao គឺជាកម្មាភិបាលនៅក្រសួងមួយ ហើយបានទៅសិក្សានៅប្រទេសជប៉ុន ជាកន្លែងដែលការជ្រើសរើសចារកម្ម បានកើតឡើង។ ភេទរបស់បុគ្គលត្រកូលHao នោះ មិនត្រូវបានបង្ហាញទេ។សេចក្តីថ្លែងការណ៍នោះ បានកើតឡើងមិនដល់ពីរសប្តាហ៍ បន្ទាប់ពីក្រសួង បាននិយាយថា ខ្លួនបានរកឃើញជនជាតិផ្សេងទៀត ដែលសង្ស័យថា បានធ្វើចារកម្មឲ្យCIA បន្ទាប់ពីត្រូវបានជ្រើសរើសនៅក្នុងប្រទេសអ៊ីតាលី។ ស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំង និងតូក្យូ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រទេ។ក្រសួងនេះ បាននិយាយថា បុគ្គលឈ្មោះ Hao បានស្គាល់ជាមួយមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា «Ted» ខណៈពេលដែលកំពុងរៀបចំដាក់ពាក្យសុំទិដ្ឋាការ។ ក្រសួងបាននិយាយទៀតថា លោក Ted បានអញ្ជើញបុគ្គល Hao មកទទួលទានអាហារពេលល្ងាច បង្ហាញអំណោយ និងស្វែងរកជំនួយពីHao ជាមួយនឹងការសរសេរលើក្រដាសមួយសន្លឹកដែលលោកTed សន្យាថា នឹងចំណាយ។ក្រសួងដដែល បានបន្តថា លោកTed បានណែនាំ Hao ឲ្យស្គាល់សហសេវិកម្នាក់ឈ្មោះ Li Jun មុនពេលអាណត្តិរបស់គាត់នៅស្ថានទូតជប៉ុន ត្រូវបានបញ្ចប់។ Li និង Hao បន្ទាប់មកបានរក្សា«ទំនាក់ទំនងសហប្រតិបត្តិការ៕

នគរបាល៖ ចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ដាក់គោលដៅលើសមយុទ្ធយោធាកូរ៉េខាងត្បូង និងអាមេរិក

2023/08/21 07:01:06 pm        116
កូរ៉េខាងត្បូង៖ នគរបាលកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យថា ចោរព័ត៌មានវិទ្យាកូរ៉េខាងជើងដែលសង្ស័យ បានដាក់គោលដៅ លើសមយុទ្ធយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលកំពុងធ្វើឡើងនៅសប្តាហ៍នេះ ទោះបីជាព័ត៌មាសម្ងាត់ត្រូវបានសម្របសម្រួលក៏ដោយ។កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ នឹងចាប់ផ្តើមសមយុទ្ធរដូវក្តៅ Ulchi Freedom Guardian ដើម្បីធ្វើឲ្យប្រសើរឡើងសមត្ថភាពរបស់ពួកគេ ឆ្លើយតបទៅនឹងការគំរាមមីស៊ីល និងនុយក្លេអ៊ែរដែលកំពុងវិវឌ្ឍរបស់ប្រទេសកូរ៉េខាងជើង។ ប្រទេសកូរ៉េខាងជើង បានជំទាស់ទៅនឹងសមយុទ្ធបែបនេះ ដោយនិយាយថា សមយុទ្ធទាំងនេះគឺជាការត្រៀមខ្លួនដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាត្បូងសម្រាប់ការឈ្លានពានមកលើខ្លួន។ ទីភ្នាក់ងារនគរបាលខេត្ត Gyeonggi Nambu ( ក្យុងហ្គី ណាមប៊ូ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមចោរព័ត៌មានវិទ្យា ត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធជាមួយក្រុមកូរ៉េខាងជើង ដែលក្រុមអ្នកស្រាវជ្រាវហៅថា Kimsuky ហើយពួកគេបានអនុវត្តការលួចទិន្នន័យតាមរយៈសារអេឡិចត្រូនិកចំពោះអ្នកជាប់កិច្ចសន្យាកូរ៉េខាងត្បូង ដែលកំពុងធ្វើការនៅមជ្ឈមណ្ឌលត្រាប់ប្រដូចសង្គ្រាមសមយុទ្ធរួមគ្នាអាមេរិក-កូរ៉េខាងត្បូង។ នគរបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា វាត្រូវបានបញ្ជាក់ថា ព័ត៌មានដែលទាក់ទងទៅនឹងយោធា មិនត្រូវបានគេលួចនោះទេ។ កាលពីពេលមុន ប្រទេសកូរ៉េខាងជើង បានបដិសេធតួនាទីរបស់ខ្លួនណាមួយក្នុងការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត។ នគរបាលនិយាយថា នគរបាលប្រទេសកូរ៉េខាងត្បូង និងយោធាសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតរួមគ្នា និងបានរកឃើញអាសយដ្ឋាន IP ដែលប្រើប្រាស់ក្នុងការប៉ុនប៉ងលួយយកទិន្នន័យ ដែលផ្គូរផ្គងជាមួយ IP ដែលត្រូវបានកំណត់អត្តសញ្ញាណកាលពីក្នុងឆ្នាំ២០១៤ មកលើប្រតិបត្តិកររ៉េអាទ័រនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងត្បូង។ជាមួយគ្នានេះ ប្រទេសកូរ៉េខាងត្បូង បានចោទប្រកាន់កូរ៉េខាងជើងពីការនៅពីក្រោយការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត៕

កោះតៃវ៉ាន់ រកឃើញយន្តហោះយាធាចិន៤២គ្រឿងបន្ទាប់ពីដំណើរទស្សនកិច្ចនៅអាមេរិករបស់មន្ត្រីជាន់ខ្ពស់

2023/08/21 06:58:26 pm        111
តៃវ៉ាន់៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថាខ្លួនបានប្រទះឃើញយន្តហោះយោធាចិន៤២គ្រឿង កាលពីថ្ងៃសៅរ៍ ក្នុងពេលសមយុទ្ធចិន ដែលទីក្រុងប៉េកាំងនិយាយថា គឺជា«ការព្រមានដ៏ខ្លាំងក្លា» ជុំវិញនូវអ្វីដែលហៅថា ការឃុបឃិតជាមួយក្រុមផ្តាច់ខ្លួន និងកងកម្លាំងបរទេស ដែលបានបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំលំដាប់ទី២របស់កោះនេះ បានធ្វើទស្សនកិច្ចរយៈពេលខ្លី ទៅកាន់សហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់ មេដឹកនាំលំដាប់ទី២កោះតៃវ៉ាន់ លោក William Lai ទៅកាន់ប្រទេសប៉ារ៉ាហ្គាយដោយរួមទាំងទីឈប់ចតទាំងនៅទីក្រុងញ៉ូវយ៉ក និង San Francisco ដែលបក្សកុម្មុន្នីសចិន បានរិះគន់យ៉ាងខ្លាំង ដោយនិយាយថា កោះនេះជាដែនដីរបស់ខ្លួន ហើយពុំគួមានទំនាក់ជាមួយបរទេសឡើយ។ នៅតាមបណ្តាញTwitter លើវេទិកា X ជាក្រុមហ៊ុនដែលគេស្គាល់ផ្លូវការថាជា Twitter ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះយោធា៤២គ្រឿង ដោយ២៦គ្រឿងក្នុងចំណោមយន្តហោះទាំងនេះ បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន នៃច្រកសមុទ្រតៃវ៉ាន់។ ជាមួយគ្នានេះ នាវាយោធាចិនចំនួន៨គ្រឿង ក៏ត្រូវបានរកឃើញផងដែរ។  នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបមួយ អ្នកនាំពាក្យទីបញ្ជាការតំបន់ភាគខាងកើតរបស់ចិន បាននិយាយថា សមយុទ្ធយោធារួមមានការសម្របសម្រួលរវាង យន្តហោះ និងនាវា ហើយសមត្ថភាពរបស់ពួកវា និងចាប់យកការគ្រប់គ្រងលម្ហរអាកាស និងសមុទ្រ៕

អ្នកជំនាញ៖ កម្ពុជាចាប់ផ្តើមផ្លាស់ប្តូររបត់នយោបាយដោយសញ្ញាវិជ្ជមានប្រកបដោយនិរន្តរភាព

2023/08/21 06:56:14 pm        422
ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ ​លើកឡើងថា កម្ពុជាចាប់ផ្តើម​ផ្លាស់ប្តូររបត់នយោបាយរបស់ខ្លួនប្រកបទៅដោយសញ្ញាណវិជ្ជមាន និងនិរន្តរភាពយូរអង្វែង។ស្របពេលរាជរដ្ឋាភិបាលនីតិកាលទី៧ ​នឹងចាប់ផ្តើមដំណើរការនៅថ្ងៃស្អែក ​ថ្លែងប្រាប់ BTV News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានឲ្យដឹងថា ប្រវត្តិសាស្រ្តកម្ពុជាក្នុងពេលបច្ចុប្បន្នកំពុងឆ្ពោះទៅរករបត់ផ្លាស់ប្តូរ​មួយដែល​មិន​ធ្លាប់មាន​ ដោយសារការរៀបចំបន្តវេនប្រកបដោយនិរន្តរភាព ​ដែលជាការធានាដល់​សន្តិភាព ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍជាប្រយោជន៍ដល់ប្រជាជនខ្មែរគ្រប់រូប។លោកបណ្ឌិត លើកឡើងថា ​កិច្ចការសំខាន់ៗ ​ដែលរាជរដ្ឋាភិបាលគួរតែចាប់ផ្តើម ហើយប្រើប្រាស់​កណ្តាប់ដែក​ជាបន្ទាន់គឺ ​ការដោះស្រាយបញ្ហាប៉ះពាល់ជីវភាព ​គម្លាតនៃការអភិវឌ្ឍសង្គម សមធម៌​សង្គម និង​គ្រឿងញៀន​ជាដើម​នៅក្នុងប្រទេសកម្ពុជា។លោកបណ្ឌិត ​បានបង្ហាញសុទិដ្ឋិនិយម​លើការដឹកនាំ​របស់រាជរដ្ឋាភិបាល ​នីតិកាលទី៧ ដោយ​ការ​បំពេញតួនាទី ​និងកាតព្វកិច្ចរបស់​ខ្លួន​ដោយប្រើឲ្យ​អស់បញ្ញាញាណ ​សមត្ថភាព និងបទពិសោធន៍​ទាំងអស់​ ដើម្បីអនុវត្តឲ្យទទួល​បានប្រសិទ្ធភាព និងជា​គុណប្រយោជន៍​ដល់សង្គមជាតិ និង​ប្រជាជនទាំងមូល៕អត្ថបទ សេក ឧត្តម 

អ៊ុយក្រែនសាទរ ការសម្រេចចិត្តជាប្រវត្តិសាស្ត្រចំពោះការផ្គត់ផ្គង់យន្តហោះ F-16

2023/08/21 06:55:40 pm        147
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្វាគមន៍ការសម្រេចចិត្តជាប្រវត្តិសាស្ត្រធ្វើឡើងដោយប្រទេសហូឡង់ និងប្រទេសដាណឺម៉ាក ក្នុងការផ្តល់យន្តហោះប្រយុទ្ធF-16 របស់អាមេរិក ជាចំណាត់ការចុងក្រោយរបស់សម្ព័ន្ធមិត្តប្រទេសលោកខាងលិច ដើម្បីជំរុញកិច្ចប្រឹងប្រែងរបស់ប្រទេសលោកទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។ លោក Zelenskyy បានស្វែងរកយន្តហោះប្រយុទ្ធទំនើប រយៈពេលជាច្រើនខែ ដើម្បីពង្រឹងកងកម្លាំងដែនអាកាសសម័យសូវៀតរបស់អ៊ុយក្រែន ខណៈខ្លួន បន្តវាយបកខ្លាំងទៅលើកងកម្លាំងរុស្ស៊ី នៅភាគខាងកើត។ទីក្រុងវ៉ាស៊ីនតោន បានប្រកាសការអនុម័តរបស់ខ្លួននៃការផ្ទេរយន្តហោះ F-16 កាលពីថ្ងៃសុក្រ ជាមួយការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនដែលកំណត់ពេលចាប់ផ្តើមនៅខែនេះ ដោយអនុញ្ញាតឲ្យអ៊ុយក្រែចាប់ផ្តើមដាក់ពង្រាយយន្តហោះនៅដើមឆ្នាំ២០២៤។ លោក Zelenskyy បាននិយាយនៅរួមជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte អំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានកងកម្លាំងទ័ពអាកាស Eindhoven ក្នុងប្រទេសហូឡង់ ថា ការសម្រេចចិត្តនេះគឺពិតជាប្រវត្តិសាស្ត្រ មានឥទ្ធិពល និងជំរុញទឹកចិត្តយើង។លោកRutte បាននិយាយថាយន្តហោះF-16 មួយចំនួន ដែលត្រូវផ្តល់ទៅឲ្យទីក្រុងគីវ នៅមិនទាន់ត្រូវបានកំណត់នៅឡើយ ប៉ុន្តែលោក Zelenskyy និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាអ្នកប្រយុទ្ធរបស់យើង នឹងទទួលបានយន្តហោះប្រយុទ្ធដ៏អស្ចារ្យចំនួន៤២គ្រឿង។ បន្ទាប់មក លោក Zelenskyy បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Skrydstrup ប្រទេសដាណឺម៉ាក ហើយត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីលោកស្រី Mette Frederiksen ដែលបាននិយាយថា យើងបានដឹងថាអ្នកត្រូវការបន្ថែមទៀត ហើយនោះជាមូលហេតុដែលបច្ចុប្បន្នយើងបានប្រកាសថាយើងនឹងផ្តល់យន្តហោះប្រយុទ្ធ F-16 ចំនួន ១៩គ្រឿងទៅឲ្យអ៊ុយក្រែន។ លោកស្រីនិយាយថា ៦គ្រឿងក្នុងចំណោមយន្តហោះទាំងនេះ នឹងត្រូវផ្តល់ឲ្យនៅចុងឆ្នាំនេះ ៨គ្រឿងនៅឆ្នាំក្រោយ និង៥គ្រឿងទៀតនៅឆ្នាំ២០២៥៕

ក្រុមពលរដ្ឋជប៉ុន តវ៉ាលើផែនការបញ្ចេញសំណល់ទឹកនុយក្លេអ៊ែរ របស់រដ្ឋាភិបាល

2023/08/21 06:53:07 pm        135
ជប៉ុន៖ ក្រុមពលរដ្ឋជប៉ុនមួយក្រុម បានចេញតវ៉ារិះគន់លើផែនការបញ្ចេញសំណល់ទឹកបំពុលមហាសមុទ្រ ដោជំរុញឱ្យរដ្ឋាភិបាលជប៉ុន គោរពតាមការសន្យារបស់ខ្លួនថា នឹងមិនមានការបង្ហូរសំណល់ទឹកកខ្វក់នុយក្លេអ៊ែរ ត្រូវបានអនុវត្ត ដោយគ្មានការយល់ដឹងពីភាគីពាក់ព័ន្ធនោះទេ។ ក្រុមពលរដ្ឋបានធ្វើការទាមទារបែបនេះ អំឡុងពេលថ្លែងសុន្ទរកថានៅក្នុងការជួបជុំមួយ នៅមុខនិវេសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន ក្នុងទីក្រុងតូក្យូកាលពីថ្ងៃសុក្រ។ប្រជាជនជប៉ុនរាប់រយនាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ចូលទៅក្នុងមហាសមុទ្រ។ ក្រុមអ្នកតវ៉ាបានដាក់ញត្តិទៅតំណាងរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនអគ្គិសនីតូក្យូ ដោយស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ដំណើរការនេះ។ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យបញ្ចេញទឹកសំណល់មានមេរោគនុយក្លេអ៊ែរ នៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ២០១១៕

ប្រធានាធិបតីប៉ាគីស្ថាន បដិសេធមិនចុះហត្ថលេខាលើច្បាប់សន្តិសុខជាតិថ្មី

2023/08/21 06:50:30 pm        134
ប៉ាគីស្ថាន៖ ប្រធានាធិបតី ប៉ាគីស្ថាន លោក Arif Alvi កាលពីថ្ងៃអាទិត្យ បានបដិសេធមិនចុះហត្ថលេខាឲ្យចូលជាច្បាប់នូវសេចក្តីស្នើច្បាប់ចំនួនពីរ ដែលនឹងផ្តល់ឲ្យអាជ្ញាធរនូវអំណាចបន្ថែមទៀតដើម្បីកាត់ទោសប្រជាជនពីបទធ្វើសកម្មភាពប្រឆាំងរដ្ឋនិងយោធា ជាចំណាត់ការមួយដែលក្រសួងច្បាប់និយាយថា មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។ សេចក្តីស្នើច្បាប់ទាំងនេះត្រូវបានអនុម័តរួចហើយដោយសភាតំណាងរាស្ត្រទាំងពីររបស់ប្រទេសប៉ាគីស្ថាន ប៉ុន្តែលោក Alvi គឺជាសមាជិកម្នាក់មកពីគណបក្ស Tehreek-e-Insaf (PTI) របស់អតីតនាយករដ្ឋមន្ត្រីលោក Imran Khan ប្រឆាំងរដ្ឋាភិបាលចម្រុះ ដែលបានអនុម័តសេចក្តីស្នើ ច្បាប់ទាំងពីនេះ។ លោក Alvi បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ដែលគេស្គាល់ជាផ្លូវការថា Twitter ថា ខណៈព្រះជាសាសក្សីរបស់ខ្ញុំ ខ្ញុំមិនចុះហត្ថលេខាលើសេចក្តីស្នើច្បាប់វិសោធនកម្មសម្ងាត់ផ្លូវការឆ្នាំ២០២៣ និងសេចក្តីស្នើច្បាប់វិសោធនកម្មកងទ័ពប៉ាគីស្ថាន ឆ្នាំ២០២៣ នោះទេ ខណៈខ្ញុំមិនយល់ស្របជាមួយច្បាប់ទាំងនេះ។ លោកបាននិយាយថា លោកបានស្នើឲ្យបុគ្គលិករបស់លោកកែប្រែសេចក្តីស្នើច្បាប់ដែលមិនទាន់បានចុះហត្ថលេខាចំពោះអង្គនីតិបញ្ញត្តិក្នុងពេលវេលាជាក់លាក់ដើម្បីឲ្យច្បាប់នេះគ្មានប្រសិទ្ធភាព។ លោកនិយាយថា ទោះជាយ៉ាងណា ខ្ញុំបានស្វែងយល់នៅថ្ងៃនេះថា បុគ្គលិករបស់ខ្ញុំធ្វើឲ្យអន្តរាយដល់ឆន្ទះនិងបទបញ្ជារបស់ខ្ញុំ។ ក្រសួងច្បាប់ និងយុត្តិធម៌ និយាយាថា ការសម្រេចចិត្តរបស់ប្រធានាធិបតីគឺជាការព្រួយបារម្ភខ្លាំង។យោងតាមរដ្ឋធម្មនុញ្ញបានឲ្យដឹងថា ប្រសិនបើប្រធានាធិបតី មិនចុះហត្ថលេខាលើសេចក្តីពង្រាងស្នើច្បាប់ ឬកែប្រែវាត្រលប់វិញដោយមានការពិនិត្យរបស់លោក ឬការជំទាស់ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីច្បាប់បានឆ្លងកាត់រួចរាល់នៅសភាទាំងពីរ នោះវានឹងក្លាយជាច្បាប់។រដ្ឋមន្ត្រីព័ត៌មានចាំផ្ទះ លោក Murtaza Solangi បាននិយាយថាការអធិប្បាយរបស់លោក Alvi នៅលើគណនីបណ្តាញផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន គ្មានអំណាចនោះទេ ព្រោះលោកពុំបានបញ្ជូនត្រលប់វិញនូវការជំទាស់ណាមួយចំពោះសេចក្តីស្នើច្បាប់ ក្នុងក្របខណ្ឌពេលវេលាច្បាស់លាស់៕

លោក Trump និយាយថា លោកនឹងមិនចូលរួមក្នុងការជជែកដេញដោលក្នុងគណបក្សសាធារណរដ្ឋទេ

2023/08/21 06:46:21 pm        131
អាមេរិក៖ អតីតប្រធានាធិបតី លោកTrump បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាលោកនឹងមិនចូលរួមក្នុងការជជែកដេញដោលប្រធានាធិបតីក្នុងគណបក្សសាធារណៈរដ្ឋលើកដំបូងនៅសប្តាហ៍ក្រោយទេ ហើយទុកចំហរលទ្ធភាពដែលថាលោកនឹងរំលងការជជែកពិភាក្សាបឋមនាពេលអនាគត ដោយលើកឡើងពីការនាំមុខដ៏ច្រើនរបស់លោកនៅក្នុងការស្ទង់មតិជាតិជាហេតុផលចម្បង។នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បានសំអាងដល់ការស្ទង់មតិរបស់ សារព័ត៌មាន CBS News ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញថា លោកបាននាំមុខបេក្ខជនជិតបំផុតបន្ទាប់ពីរូបលោកចំនួន៤៦%។លោក Trump បានសរសេរថា សាធារណជនដឹងថាខ្ញុំជានរណា និងអ្វីដែលជាគណៈប្រធានដ៏ជោគជ័យដែលខ្ញុំមាន ដោយមានឯករាជ្យភាពថាមពល ព្រំដែនរឹងមាំ និងយោធា ការកាត់ពន្ធ និងបទប្បញ្ញត្តិដ៏ធំបំផុតមិនធ្លាប់មាន គ្មានអតិផរណា សេដ្ឋកិច្ចខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ និងច្រើនទៀត ។ ដូច្នេះខ្ញុំនឹងមិនចូលរួមក្នុងការជជែកដេញដោលនេះទេ ។ ការប្រកាសរបស់លោក Trump ដែលកំណត់ការរំពឹងទុកជាច្រើនខែអំពីថាតើលោកនឹងចូលរួមដែរឬទេ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថាអតីតប្រធានាធិបតីរូបនេះ គ្រោងនឹងផ្ដល់បទ សម្ភាសន៍ជាមួយអតីតពិធីករសារព័ត៌មាន Fox News លោក Tucker Carlson ជំនួសឲ្យការចូលរួមក្នុងការជជែកដេញដោលនៅថ្ងៃពុធនៅ មីលវោគី ( Milwaukee) ។អតីតប្រធានាធិបតី បានបង្ហាញរយៈពេលជាច្រើនមកហើយថា រូបលោកទំនងជានឹងរំលងចោលយ៉ាងហោចណាស់ការជជែកដេញដោលបឋមដំបូងចំនួនពីរ ដោយសួរនៅក្នុងសុន្ទរកថានៅឯការប្រមូលផ្តុំរបស់លោក និងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាហេតុអ្វីលោកត្រូវចូលរួមបើលោកមានភាគរយនាំមុខនៅក្នុងការស្ទង់មតិទៅហើយនោះ៕

ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ករណីជំងឺគ្រុនឈាម មានការកើនឡើង បើធៀបនឹងឆ្នាំ២០២២

2023/08/21 06:44:21 pm        186
ភ្នំពេញ៖ រដូវវស្សាបានចូលមកដល់ហើយ ក៏មានភ្លៀងធ្លាក់ញឹកញាប់ ​មានទឹកដក់នៅតាមកង់ឡាន និងកន្លែងផ្សេងៗ ​ងាយបង្កឲ្យមានដង្កូវទឹក និងមូសខ្លា ​ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ពី​មនុស្សម្នាក់​ ទៅមនុស្សម្នាក់ទៀត ​ជាមួយគ្នានោះមន្រី្តសុខាភិបាល បានបន្តអប់រំប្រជាពលរដ្ឋ​លុប​បំបាត់ជម្រកមូសខ្លា​ ដែលជាប្រភពនៃការកកើតភ្នាក់ងារចម្លង​មេរោគគ្រុនឈាម។បើតាមឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ​ថ្លែងប្រាប់ BTV ព័ត៌មាននាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះថា យើងសង្កេតឃើញថា ករណីជំងឺគ្រុនឈាម​កើតឡើងលើកុមារ មានការកើនឡើង ​បើធៀបទៅនឹងឆ្នាំ២០២២ ក៏ប៉ុន្តែចំនួននេះ មិនទាន់ឋិតក្នុងការប្រកាសមានបញ្ហារាតត្បាតនោះទេ។ទន្ទឹមនឹងនោះក្នុងក្របខណ្ឌរាជធានីភ្នំពេញ ​រយៈពេល៧ខែ ឆ្នាំ២០២៣ករណីជំងឺគ្រុនឈាម មានការកើនឡើង មកដល់ពេលនេះមានចំនួន១៤៣២ករណី។ ដោយឡែករយៈពេល៧ខែ ក្នុងឆ្នាំ២០២២ ដូចគ្នា គឺមានចំនួនតែ៦៥០ករណីប៉ុណ្ណោះ។ ដូច្នេះកើនឡើងចំនួន៧៨២ករណី។ជាក់ស្តែងនៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ក៏បានរៀបចំត្រៀមរួចជាស្រេចក្នុងករណីបន្ទាន់​ណាមួយ ដែលបង្កឡើងដោយជំងឺរាតត្បាត លោកវេជ្ជបណ្ឌិត ហេង កង ប្រធានផ្នែកជំងឺកុមារ តំណាងលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​បានឲ្យដឹងថា នៅផ្នែកជំងឺកុមារ មានផ្តល់សេវាជំងឺទូទៅ ហើយសព្វថ្ងៃភាគច្រើននៃចំនួនកុមារដែលមកទទួល​សេវាព្យាបាល គឺជំងឺគ្រុនពោះវៀន ជំងឺរលាកផ្លូវដង្ហើមលើ ផ្លូវដង្ហើមក្រោម និងជំងឺគ្រុនឈាម។លោកវេជ្ជបណ្ឌិត ហេង កង ​បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ​ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ ​រក្សាអនាម័យ កុំឲ្យមាន​ទឹកដក់ថ្លា នៅជុំវិញផ្ទះ ​ព្រោះទឹកដក់ថ្លា ​ជាជម្រកមូសខ្លាញី ដែលជាប្រភពចម្លង​ជំងឺគ្រុនឈាម៕អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ពិចារណាជម្រើសយោធាប្រឆាំងអ៊ីរ៉ង់ ទោះបីបានច្រានចោលការវាយប្រហារនៅមុនការបោះឆ្នោតក៏ដោយ
10/16/2026 03:10 PM
NATO គ្រោងពិភាក្សាអំពីការវាយប្រហារនៅសមុទ្រខ្មៅ បន្ទាប់ពីមនុស្ស ៧នាក់ បាត់ខ្លួន នៅក្បែរឆ្នេរ រូម៉ានី
10/16/2026 03:10 PM
មន្ត្រីអាមេរិក៖ លោក Rubio ជំរុញឲ្យលីបង់កុំប្រគល់គ្រឿងផ្ទុះដែលរឹបអូសបានទៅឲ្យក្រុមហេសបូឡា
10/16/2026 03:10 PM
របាយការណ៍៖ កូរ៉េខាងជើងអាចពង្រឹងសមត្ថភាពយានដ្រូន តាមរយៈកម្មករនៅរោងចក្ររុស្ស៊ី
10/16/2026 03:10 PM
ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ចុះពិនិត្យសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និង​វ៉ែនតា​ដោយ​ឥត​គិតថ្លៃ ជូនពលរដ្ឋសង្កាត់ក្រាំងធ្នង់
10/16/2026 03:10 PM
យុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
10/16/2026 01:10 PM
គ្រប់វេទិកាអន្តរជាតិបញ្ហាព្រំដែនកម្ពុជា-ថៃ ជារបៀប​វារៈ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​​កម្ពុជា
10/16/2026 01:10 PM
អ្នកផលិត ទទួលបានឱកាសពង្រីកការនាំចេញផលិតផល ពីការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម កម្ពុជា វៀតណាម
10/16/2026 01:10 PM
គ្រូភ្នំពេញក្រោន សង្ឃឹមអ្នកគាំទ្រមានមោទនភាពជាមួយជ័យជម្នះលើក្រុមកូរ៉េ Gangwon ក្នុងពានទី២ ទ្វីបអាស៊ី
10/16/2026 01:10 PM
លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត
10/16/2026 12:10 PM