សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីក្រុងចុងឈីង ប្រទេសចិន មានការជូនដំណឹងអំពីសីតុណ្ហភាពខ្ពស់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា

2023/08/11 07:14:14 pm        96
ចិន៖ ក្រុមសង្កេតការណ៍នៃទីក្រុងចុងឈីង ភាគនិរតីនៃប្រទេសចិន បានបន្តចេញការជូនដំណឹងពណ៌លឿងទុំសម្រាប់សីតុណ្ហភាពខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃទីប្រាំជាប់ៗគ្នា។យោងតាមក្រុមសង្កេតការណ៍ក្រុងនោះបានឱ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុតនៅតំបន់ភាគច្រើននៃទីក្រុងនេះលើសពីកម្រិត៣៧អង្សាសេ ចាប់ពីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ដល់យប់ថ្ងៃសុក្រ ដោយសីតុណ្ហភាពនោះត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិត៤០អង្សាសេនៅក្នុងតំបន់មួយចំនួនផងដែរ។ទីភ្នាក់ងារនោះបាននិយាយថា ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ទីក្រុងចុងឈីង ភាគខាងលិច និងតំបន់មួយចំនួននៅតាមបណ្តោយទន្លេ Yangtze( យ៉ាងស៊ី) នឹងប្រឈមមុខនឹងហានិភ័យខ្ពស់ពីចំហេះព្រៃ។ ក្រុមមន្ត្រីអនុរក្សព្រៃឈើក្នុងតំបន់បានបង្កើនការល្បាត និងវីដេអូឃ្លាំមើល ហើយក្រុមជំនាញក៏ត្រូវបានបញ្ជូនទៅកាន់តំពន់ព្រៃឈើផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់នៅក្នុងតំបន់សំខាន់ៗ។ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ចំនួនបួន ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌លឿងទុំ ពណ៌លឿង និងពណ៌ខៀវ៕

កូរ៉េខាងជើងព្រមានពីការខូចខាតដោយទឹកជំនន់ បន្ទាប់ពីព្យុះត្រូពិចបានវាយប្រហារកូរ៉េខាងត្បូង និងជប៉ុន

2023/08/11 07:11:45 pm        105
កូរ៉េខាងជើង៖ ភ្លៀងធ្លាក់ខ្លាំងបានបន្តបោកបក់មកលើប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ ខណៈដែលព្យុះត្រូពិច Khanun បានបោកបក់ទៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីបានវាយប្រហារប្រទេសជប៉ុន ដែលបណ្ដាលឲ្យមានមានអ្នកស្លាប់ និងរបួសមួយចំនួន ដោយធ្វើឱ្យទីក្រុងព្យុង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះការខូចខាតដោយទឹកជំនន់។ព្យុះនេះបានចុះខ្សោយទៅជាព្យុះទំនាបត្រូពិច ខណៈដែលវាឆ្លងចូលប្រទេសកូរ៉េខាងជើងពេញមួយយប់ ហើយកងកម្លាំងយោធា និងក្រុមមន្ត្រីបក្សកាន់អំណាច ត្រូវបានចល័តដើម្បីកាត់បន្ថយផលប៉ះពាល់របស់ព្យុះ ទៅលើសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសនេះ។នៅក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សជិត១៦.០០០នាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែប្រហែលមនុស្សប្រហែល៦០% នៃចំនួននោះ បានត្រឡប់ទៅផ្ទះវិញគិតត្រឹមម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហើយជើងហោះហើរប្រហែល៣៥០ជើង និងផ្លូវរថភ្លើងចំនួន៤៥០ខ្សែ ត្រូវបានលុបចោល នេះបើយោងតាមក្រសួងមហាផ្ទៃ។ជាមួយនឹងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងការកាប់បំផ្លាញព្រៃឈើដែលធ្វើអោយហានិភ័យទឹកជំនន់កាន់តែធ្ងន់ធ្ងរ ប្រទេសកូរ៉េខាងជើងបាននឹងកំពុងទប់ទល់នឹងព្យុះនេះ ព្រមទាំងប្រឹងប្រែងទប់ទល់ការខូចខាត និងសង្គ្រោះដំណាំផងដែរ។ សារព័ត៌មានកូរ៉េខាងជើង Rodong Sinmun របស់បក្សកំពុងកាន់អំណាច បានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមមន្ត្រីត្រូវបានបញ្ជាឱ្យអនុវត្តប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយគ្រប់ពេលវេលា និងរៀបចំផែនការជម្លៀសប្រជាជនផងដែរ៕

សីតុណ្ហភាពឡើងដល់៤៥អង្សាសេ នៅទីក្រុង Cordoba ប្រទេសអេស្ប៉ាញ ខណៈអ្នកទេសចរណ៍កំពុងទប់ទល់នឹងកម្ដៅ

2023/08/11 07:09:26 pm        94
អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញបានបន្តរងគ្រោះ ដោយសាររលកកម្ដៅលើកទីបីនៃរដូវក្តៅនេះកាលពីថ្ងៃព្រហស្បតិ៍ (១០ សីហា) ដោយទែម៉ូម៉ែត្រស្ទង់សីតុណ្ហភាពឡើងដល់កម្រិត៤០អង្សាសេ (១០៤ហ្វារិនហៃ) នៅក្នុងតំបន់ភាគខាងត្បូង និងមេឌីទែរ៉ាណេមួយចំនួន។ទែម៉ូម៉ែត្រស្ទង់សីតុណ្ហភាពឌីជីថល បានកើនឡើងដល់កម្រិត៤៥អង្សាសេ (១១៣ហ្វារិនហៃ) នៅទីក្រុង Cordoba តំបន់ Andalusia ខណៈដែលសីតុណ្ហភាពនៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុងនេះបានឡើងខ្ពស់ជាង៤១អង្សាសេ ខណៈដែលអ្នកទេសចរទប់ទល់នឹងកម្ដៅដើម្បីរក្សាភាពត្រជាក់ដោយជ្រកក្នុងម្លប់ និងលុបលាងខ្លួនដោយទឹកត្រជាក់ពីប្រភពទឹកជាដើម។បណ្តាប្រទេសនៅអ៊ឺរ៉ុបភាគខាងត្បូងបានកំពុងប្រឈមមុខនឹងសីតុណ្ហភាពកម្រិតបំបែកកំណត់ត្រាក្នុងរដូវក្តៅនេះ ដែលជំរុញឱ្យក្រុមអាជ្ញាធរព្រមានអំពីហានិភ័យសុខភាព ជាពិសេសចំពោះមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពស្រាប់ផងដែរ៕

អ្នកជំនាញអាកាសធាតុ៖ គ្រោះរាំងស្ងួតកំពុងបំផ្លិចបំផ្លាញដំណាំនៅតំបន់កណ្ដាលភាគខាងលិចអាមេរិក

2023/08/11 07:06:24 pm        133
អាមេរិក៖ ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុកំពុងបង្កបញ្ហាដល់ផលិតកម្មស្បៀងនៅទូទាំងពិភពលោក រួមទាំងនៅតំបន់កណ្តាលភាគខាងលិចរបស់អាមេរិកផងដែរ។ នៅក្នុងរដ្ឋ Wisconsin រដ្ឋ Iowa និងរដ្ឋ Minnesota ដំណាំជាង ៨០% កំពុងប្រឈមមុខនឹងលក្ខខណ្ឌស្ងួតកម្រិតមធ្យម និងខ្លាំង យោងតាមកម្មវិធីត្រួតពិនិត្យគ្រោះរាំងស្ងួតចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ (១០ សីហា)។រដ្ឋ Illinois ក៏ត្រូវបានវាយប្រហារដោយគ្រោះរាំងស្ងួតផងដែរ ខណៈកសិករគិតថានោះដោយសារតែបម្រែបម្រួលអាកាសធាតុ។ រដ្ឋនេះមានតំបន់កំពូលចំនួន៥នៅក្នុងប្រទេស សម្រាប់ផលិតកម្មពោតសរុបក្នុងឆ្នាំ២០២២ និងមានតំបន់កំពូលចំនួន១១តំបន់ សម្រាប់ទិន្នផលសណ្តែកសៀង នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក។ទោះបីជាក្រសួងកសិកម្មសហរដ្ឋអាមេរិក (U.S.D.A.) បានព្យាករណ៍ពីទិន្នផលពោត និងសណ្តែកសៀងដំបូងក្នុងឆ្នាំ២០២៣ក៏ដោយ ក៏ក្រុមអ្នកជំនាញនិយាយថា ភស្តុតាងដែលបង្ហាញថាការរំពឹងទុករបស់កសិករនៅតំបន់កណ្ដាលភាគខាងលិចមួយចំនួន ប្រហែលជាធ្លាក់ចុះដោយសារតែកត្តាដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។ទោះបីជាកសិករនៅតំបន់កណ្ដាលភាគខាងលិច ធ្វើការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនេះក៏ដោយ ក៏លក្ខខណ្ឌគ្រោះរាំងស្ងួត និងការមិនបន្តធ្លាក់ភ្លៀងធ្លាក់នេះ គឺច្បាស់ណាស់គ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ដោយសារការឡើងកម្ដៅផែនដី៕

នៅសល់១១ថ្ងៃទៀតឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្ដីថ្មី

2023/08/11 07:04:34 pm        210
ភ្នំពេញ៖ នៅសល់ពេលប្រមាណ១១ ថ្ងៃទៀតប៉ុណ្ណោះ ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នឹងត្រូវចូលកាន់តំណែងជានាយករដ្ឋមន្រ្ដីថ្មី​នៃប្រទេសកម្ពុជា សម្រាប់អាណត្តិទី៧នេះ​ជាផ្លូវការ ខណៈសម្ដេចតេជោ ហ៊ុន សែន ​នឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីវិញម្តង។កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ព្រះមហាក្សត្រ ​បានចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រីថ្មី ​សម្រាប់ដឹកនាំប្រទេសកម្ពុជា។ ក្នុងពេលជាមួយគ្នានេះសម្ដេចតេជោ បានប្រកាសថា ​សម្ដេច​នឹងនៅតែបន្តការងារ​ក្នុងមុខនាទី​ផ្សេងទៀត​យ៉ាងតិចត្រឹមឆ្នាំ២០៣៣។ក្នុងជំនួបជាមួយ សមាជិករាជរដ្ឋាភិបាលចាស់ ​និងថ្មី កាលពីម្សិលមិញ ​សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធាន​គណបក្សប្រជាជនកម្ពុជា ​សម្ដេច ​បានស្នើឱ្យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​ និងរដ្ឋមន្ត្រីទាំងអស់ ​ក្នុងអាណត្តិទី៧ថ្មីនេះ ​ត្រូវយកចិត្តទុកដាក់ចុះជួប ជាមួយ​ប្រជាពលរដ្ឋ​ឱ្យបានច្រើនដើម្បី​ដឹងពីសុខទុក្ខរបស់ពលរដ្ឋ និងត្រូវខិតខំបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្ដេចតេជោ ​ក៏សូមឱ្យនាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវមន្ត្រីថ្នាក់នយោបាយ ​នៅតាមបណ្ដា ក្រសួង ស្ថាប័នឡើងវិញ ​និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រី​នយោបាយខ្លះៗផងដែរ​ដែលត្រូវ​ទទួលភារកិច្ចថ្មី។ សូមបញ្ជាក់ថា ​អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ​នឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ​ខែសីហា តទៅ ​ដោយក្នុងនោះមានការផ្លាស់ប្តូរក្បាលម៉ាស៊ីន​ដឹកនាំថ្មីស្ទើរតែទាំងស្រុង​ ដោយក្នុងនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ​ម៉ាណែត ​ជានាយករដ្ឋមន្ត្រី ដែល​ការផ្លាស់ប្តូរ​ជាប្រវត្តិ​សាស្ត្រ​នៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា។ខណៈការផ្លាស់ប្ដូរនេះត្រូវបាន​សម្តេចតេជោ ​ហ៊ុន សែន ​ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវ​ស្ថិរភាពសង្គម និងការអភិវឌ្ឍមួយយូរអង្វែង៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមហ៊ុនអវកាស Virgin Galactic អាមេរិក បានបញ្ជូនអ្នកទេសចរណ៍ទៅកាន់គែមលំហអាកាសជាលើកដំបូង

2023/08/11 07:03:34 pm        86
អាមេរិក៖ ក្រុមហ៊ុនអវកាស Virgin Galactic បានធ្វើការហោះហើរទៅកាន់គែមនៃអវកាសជាមួយនឹងអ្នកទេសចរណ៍ដំបូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកដំណើរទាំងនោះរួមមាន អតីតកីឡាករអូឡាំពិកជនជាតិអង់គ្លេសដែលបានទិញសំបុត្រកាលពី១៨ឆ្នាំមុនម្នាក់ ម្តាយនិងកូនស្រីពីរនាក់មកពីសមុទ្រ ការ៉ាអ៊ីប ព្រមទាំងអាកាសយានិករបស់ក្រុមហ៊ុនម្នាក់ផងដែរ។ យានអវកាស VSS Unity ដែលបាញ់បង្ហោះតាមអាកាសបានហោះត្រឡប់ទៅកន្លែងចុះចតនៅទីលានអវកាសអាមេរិក ក្នុងវាលខ្សាច់រដ្ឋ ញ៉ូវម៉ិកស៊ិចកូ បន្ទាប់ពីការហោះហើររយៈពេលខ្លី ដែលផ្តល់ឱ្យអ្នកដំណើរនូវអារម្មណ៍គ្មានទំនាញផែនដីរយៈពេលពីរបីនាទីផងដែរ។ការហោះហើររបស់អតិថិជនឯកជនលើកដំបូងនេះត្រូវបានពន្យារពេលជាច្រើនឆ្នាំ ហើយភាពជោគជ័យរបស់បេសកម្មនេះមានន័យថាក្រុមហ៊ុន Virgin Galactic របស់លោក Richard Branson ឥឡូវនេះអាចចាប់ផ្តើមផ្តល់ការហោះហើរប្រចាំខែ ដល់លោក Jeff Bezos អគ្គនាយករបស់ក្រុមហ៊ុនយានអវកាស Blue Origin និងលោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអវកាស SpaceX នៅក្នុងអាជីវកម្មទេសចរណ៍អវកាសនេះផងដែរ។យាន VSS Unity ដើរដោយថាមពលថ្មបានទម្លាក់ពីលើយន្តហោះដឹកអ្នកដំណើរ ពីលើរដ្ឋ ញ៉ូវម៉ិកស៊ិចកូ នៅវេលាម៉ោង ៩:២០នាទីព្រឹកម៉ោងក្នុងស្រុក ហើយបានដឹកអ្នកដំណើរ៤នាក់នោះ នៅរយៈកម្ពស់ប្រហែល៥៥ម៉ាយ (៨៨,៥១គីឡូម៉ែត្រ)៕

ប្រធានាធិបតីប៉ាឡេស្ទីន និងប្រធានក្រុមហាម៉ាសពិភាក្សាគ្នាអំពីការផ្សះផ្សាផ្ទៃក្នុង

2023/08/11 07:01:00 pm        87
ប៉ាឡេស្ទីន៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាស្មូត អាបាស ( Mahmoud Abbas) និងប្រធានការិយាល័យនយោបាយនៃចលនាតស៊ូឥស្លាម (Hamas) លោកអ៊ីស្មៃ ហានីយេ ( Ismail Haniyeh) កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាគ្នាអំពីការបញ្ចប់ការបែកបាក់ផ្ទៃក្នុង និងដំណើរការការផ្សះផ្សាផ្ទៃក្នុង។ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ ពួកគេ បានពិភាក្សាអំពីការតាមដានលទ្ធផលនៃកិច្ចប្រជុំដែលធ្វើឡើងនៅប្រទេសអេហ្ស៊ីប កាលពីចុងខែ   កក្កដា នៅពេលដែលក្រុមមេដឹកនាំនៃក្រុមប្រឆាំងប៉ាឡេស្ទីន បានយល់ព្រមបង្កើតគណៈកម្មាធិការមួយ ដើម្បីលើកកម្ពស់កិច្ចសន្ទនា ធ្វើការដើម្បីបញ្ចប់ការបែកបាក់គ្នា និងសម្រេចបាននូវឯកភាពជាតិ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បាននិយាយថា អាបាស និង លោក ហានីយេ បានយល់ព្រមលើតម្រូវការ ដើម្បីពន្លឿនការបង្កើតគណៈកម្មាធិការនេះ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា គណៈកម្មាធិការដែលបានព្រមព្រៀងគ្នា នឹងពិភាក្សាអំពីឯកសារទាំងអស់ ដើម្បីឲ្យវាអាចបង្ហាញលទ្ធផលនៃការពិភាក្សារបស់ខ្លួន មុនពេលកិច្ចប្រជុំបន្ទាប់នៃអគ្គលេខា ធិការ (នៃក្រុមប្រឆាំងប៉ាឡេស្ទីន)។សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមទៀតថា មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការឆ្ពោះទៅមុខដើម្បីនាំប្រជាជនប៉ាឡេស្ទីនកាន់តែជិតស្និទ្ធគ្នា និងសម្រេចបាននូវឯកភាពផ្ទៃក្នុង ដើម្បីពង្រឹងជំហរជាតិរួម ក្នុងការប្រឈមនឹងបញ្ហាប្រឈមពេលបច្ចុប្បន្ន៕

អ្នកព្យាករណ៍៖ ឱកាសនៃបាតុភូត អ៊ែលនីញ៉ូ មានរហូតទៅដល់៩៥% ខណៈព្យុះសង្ឃរាធំៗមានកំណើនក្នុងឆ្នាំ២០២៣នេះ

2023/08/11 06:58:20 pm        87
អាមេរិក៖ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានឱកាសច្រើនជាង៩៥% ដែលលក្ខខណ្ឌបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ នឹងគ្របដណ្ដប់ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើឱ្យហានិភ័យនៃរលកកម្ដៅ និងទឹកជំនន់នៅទូទាំងប្រទេសកាន់តែធ្ងន់ធ្ងរ។ ទីភ្នាក់ងារនោះក៏រំពឹងថា នឹងមានរដូវព្យុះអាត្លង់ទិកដ៏គ្រោះថ្នាក់បន្ថែមទៀតនៅឆ្នាំនេះ ដោយបង្កើនចក្ខុវិស័យព្យុះសង្ឃរាអាត្លង់ទិច ដោយសារតែសីតុណ្ហភាពខ្ពស់លើផ្ទៃសមុទ្រផងដែរ។បាតុភូតអាកាសធាតុ ដែលជាការឡើងកំដៅនៃសីតុណ្ហភាពផ្ទៃខាងលើមហាសមុទ្រនៅភាគខាងកើត និងកណ្តាលប៉ាស៊ីហ្វិក កំពុងជំរុញឱ្យមានគ្រោះមហន្តរាយធម្មជាតិនៅទូទាំងពិភពលោករួចទៅហើយ ដោយហានិភ័យត្រូវបានគេមើលឃើញថាខ្ពស់ជាងមុន សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន ដែលប្រឈមនឹងការប្រែប្រួលតម្លៃអាហារ ព្រមទាំងថាមពលផងដែរ។ការរំពឹងទុកចុងក្រោយបំផុតរបស់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ (CPC) បានឡើងខ្ពស់បន្តិចពីខែកក្កដា ដែលពេលនោះទីភ្នាក់ងារនេះព្យាករណ៍ថា មានឱកាស៩០% នៃបាតុភូតនេះបន្តរហូតដល់រដូវរងា។ កាលពីព្រឹកថ្ងៃដដែលនោះ ការិយាល័យអាកាសធាតុរបស់ប្រទេសជប៉ុនបានព្យាករណ៍ថា ឱកាសនៃបាតុភូត អ៊ែលនីញ៉ូ ឆ្លងកាត់រដូវរងាអឌ្ឍគោលខាងជើងគឺមានកម្រិត៩០%។ អង្គការឧតុនិយមពិភពលោកបានព្រមានកាលពីខែឧសភាថា បាតុភូតអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ អាចរួមចំណែកដល់កំណើននៃសីតុណ្ហភាពពិភពលោកផងដែរ៕

មន្ត្រីជំនាញ៖ ស្ថានភាពទឹកទន្លេមេគង្គមិនទាន់បង្កបញ្ហាអ្វីទេ តែកំពុងតាមដានគម្រោងបើកទឹកនៅឡាវ

2023/08/11 06:58:16 pm        270
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពទឹកជំនន់នៅទន្លេមេគង្គ ​ក្នុងប្រទេសកម្ពុជា ពុំទាន់មានផលប៉ះពាល់​អ្វីគួរឲ្យកត់សម្គាល់នោះទេ ខណៈមន្ត្រីជំនាញ និងអាជ្ញាធរតាមខេត្តជាប់ទន្លេមេគង្គ កំពុងតាមដាន​យ៉ាង​យកចិត្តទុកដាក់ ​ចំពោះគម្រោងការបើកទំនប់​នៅប្រទេសឡាវ ។ឯកឧត្តម សុទ្ធ គឹមកុលមន្នី មានប្រសាសន៍ថា ​យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា​​នឹងទទួលឥទ្ធិពលជ្រលងសម្ពាធទាប ​ជាក់ស្តែងស្ថានភាព​ទឹកទន្លេមេគង្គ​ស្រកបន្តិច ​ដោយសារទឹកដែលហក់ប៉ុន្មានថ្ងៃមុន​ បានហូរចូលព្រែក ទើបធ្វើឲ្យមិនទាន់មានការ​គំរាមកំហែង នៃការជន់លិចធ្ងន់ធ្ងរនោះទេ ។ ឯកឧត្តមបានបន្តថា ​ជាមួយគ្នានឹងការជូនដំណឹង ​របស់រោងចក្រវារីអគ្គិសនីស្រែពក៤ នៅ​ប្រទេសឡាវ ​ដែលគ្រោងបើកទ្វារទឹករបស់ខ្លួននៅសប្តាហ៍ក្រោយ គឺ​អាជ្ញាធរតាមបណ្តាខេត្ត​ជាប់ទន្លេមេគង្គ ​កំពុងបន្តតាមដានជាប់ជាប្រចាំ ​ដើម្បី​ត្រៀម​បង្ការ​ជម្លៀស​ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។ គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ​ស្ថានភាពទឹកទន្លេមេគង្គ ​មានកម្ពស់ ៧,៦៨ម៉ែត្រ ស្រកចុះ ០,០៨ម៉ែត្រ កំពស់ទឹកត្រូវប្រកាសអាសន្នកម្ពស់ ​១០,៧០ម៉ែត្រ,​ ទឹកទន្លេសេកុង ​មានកម្ពស់ ៤,២៥ម៉ែត្រ ស្រកចុះ​ ០,៩៤ម៉ែត្រ កម្ពស់ទឹកត្រូវប្រកាសអាសន្ន ​១១,៥០ម៉ែត្រ, ទន្លេសេសាន​ កម្ពស់ ៥,០៤ម៉ែត្រ ស្រកចុះ ​០,២០ម៉ែត្រ កម្ពស់ទឹកត្រូវប្រកាសអាសន្ន ​១០,៥០ម៉ែត្រនិងទំនប់វារីសេសាន កំពស់ទឹកប្រុងប្រយ័ត្ន៧៥,០០ម៉ែត្រ ។គួរបញ្ជាក់ថា ​ចាប់ពីថ្ងៃទី៩ ដល់១៥ ខែសីហា ឆ្នាំ២០២៣ ​កម្ពុជា​ទទួលឥទ្ធិពលខ្សោយពីជ្រលង​សម្ពាធទាប ​ហើយបន្ទាប់មក​ គឺចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធ​សម្ពាធ​ទាបអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ជាមួយខ្យល់​មូសុងនិរតីមធ្យម ៕ អត្ថបទ បាន សុខរិទ្ធិ

របាយការណ៍របស់UN៖ កូរ៉េខាងជើងកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយគេចពីទណ្ឌកម្ម នៅក្នុងឆ្នាំ២០២៣នេះ

2023/08/11 06:55:35 pm        82
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងផលិតសម្ភារៈនុយក្លេអ៊ែរនៅឆ្នាំ២០២៣ ហើយកំពុងគេចចេញពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលមានគោលបំណងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលប៉ាលិស្ទិករបស់រដ្ឋធានីព្យុងយ៉ាង នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលមិនបានផ្សព្វផ្សាយ និងបនាឃើញដោយសារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍។អង្គការឃ្លាំមើលទណ្ឌកម្មឯករាជ្យបានសរសេរនៅក្នុងរបាយការណ៍ទៅកាន់គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា «បន្ទាប់ពីកម្រិតបំបែកកំណត់ត្រានៃចោរកម្មតាមអ៊ីនធឺណិតក្នុងឆ្នាំ២០២២ ដែលត្រូវបានប៉ាន់ស្មានថាចំនួន១,៧ពាន់លានដុល្លារមក តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពួកចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង បានបន្តកំណត់គោលដៅលួចយកបានដោយជោគជ័យនូវរូបិយវត្ថុគ្រីបតូ និងប្រតិបត្តិការដោះដូរហិរញ្ញវត្ថុផ្សេងទៀតនៅទូទាំងពិភពលោក»។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ មេដឹកនាំកូរ៉េខាងជើង លោក គីំ ជុងអ៊ុន បានជំនួសតំណែងឧត្តមសេនីយ៍ជាន់ខ្ពស់យោធា ហើយបានអំពាវនាវឱ្យមានការត្រៀមបន្ថែមទៀតសម្រាប់លទ្ធភាពនៃសង្គ្រាមដែលអាចកើតមាន ដោយជំរុញការផលិតសព្វាវុធ និងពង្រីកសមយុទ្ធយោធា។កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលប៉ាលិស្ទិករបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៦មក។ វិធានការទាំងនោះត្រូវបានពង្រឹងជាឯកច្ឆ័ន្ទក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែស្ថាប័នដែលមានសមាជិក១៥ប្រទេសនេះ កំពុងត្រូវជាប់គាំងដោយសារតែប្រទេសចិន និងរុស្ស៊ីជំរុញឱ្យពួកគេបន្ធូរបន្ថយចំណាត់ការ ដើម្បីបញ្ចុះបញ្ចូលរដ្ឋធានីព្យុងយ៉ាង ឲ្យត្រឡប់ទៅរកការចរចារំសាយអាវុធនុយក្លេអ៊ែរវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហព័ន្ធនិស្សិត៖ ការតស៊ូមតិលើឆាកអន្ដរជាតិឱ្យថៃគោរពច្បាប់ ជួយ​ពង្រឹង​កម្លាំង​គាំទ្រ​ពី​អន្ដរជាតិ​លើ​កម្ពុជា
10/17/2026 11:10 AM
គណបក្សប្រជាជនកម្ពុជា បន្តរៀបចំបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»
10/17/2026 11:10 AM
លោកTrump៖ អាមេរិកអាចបើកការវាយប្រហារមួយផ្សេងទៀតលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់
10/17/2026 10:10 AM
សមាជិកត្រកូលលឹមពីជាង ១០ប្រទេស ជួបជុំគ្នាធ្វើជាម្ចាស់​ផ្ទះ​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​លើក​ទី៨ នៅកម្ពុជា
10/17/2026 10:10 AM
អ៊ុយក្រែន រុលចូលក្នុងតំបន់កាន់កាប់ Donetsk ខណៈលោក Trump ផ្តល់កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតដល់រុស្ស៊ី
10/17/2026 10:10 AM
អភិបាលខណ្ឌបឹងកេងកងជំរុញអាជ្ញាធរសមត្ថកិច្ចខិតខំលុបបំបាត់ឲ្យអស់គ្រប់បទល្មើស
10/17/2026 10:10 AM
រដ្ឋាភិបាលយេម៉ែន៖ ក្រុមហ៊ូទី បានបាញ់មីស៊ីល២គ្រាប់ទៅលើអាកាសយានដ្ឋាន Aden
10/17/2026 10:10 AM
កម្ពុជាលើកឡើងពីទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន ក្នុង​សន្និសីទពិភពលោកស្ដីពី "ការ​អភិវឌ្ឍ​ការ​អប់រំ និង​បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦" នៅទីក្រុងធានជីន
10/17/2026 10:10 AM
យានដ្រូនរបស់រុស្ស៊ីសម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន និងកាត់ផ្តាច់អគ្គិសនីដល់មនុស្សជាង ១ លាននាក់
10/17/2026 10:10 AM
កម្ពុជា-តួកគីយ៉េ នឹងបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
10/17/2026 09:10 AM