សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

លទ្ធផលបោះឆ្នោតផ្លូវការនឹងត្រូវប្រកាសថ្ងៃស្អែនេះ ក្រោយគ្មានបណ្ដឹងជំទាស់

2023/08/04 08:06:46 pm        326
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា លទ្ធផល​ផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវប្រកាស​ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ស្អែនេះ ក្រោយគ្មានបណ្ដឹងជំទាស់ណាមួយចំពោះ​លទ្ធផល​បណ្ដោះអាសន្ន។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់ BTV នាថ្ងៃទី៤ ខែសីហា នេះថា បន្ទាប់​ពីនីតិវិធីប្រកាសលទ្ធផលបណ្តោះអាសន្នបានបញ្ចប់ ​និងបានទុករយៈពេល ៧២ ម៉ោងនៃការដាក់​ពាក្យបណ្តឹងជំទាស់ទៅនឹងលទ្ធបណ្តោះអាសន្ន ​ដោយការដាក់បណ្តឹងនោះអាចបញ្ជូនទៅ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ។ ប៉ុន្ដែក្រោយរយៈពេល ៧២ ម៉ោងមកនេះ មិនមានគណបក្សនយោបាយ​ណាបានដាក់ពាក្យបណ្តឹងជំទាស់នោះទេ ដូច្នេះលទ្ធផលផ្លូវការនឹងប្រកាសជាផ្លូវការ​នៅថ្ងៃស្អែកនេះតែម្ដង។ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ក្នុងពេលប្រកាសលទ្ធផលផ្លូវការនៅថ្ងៃស្អែកនេះ គ.ជ.ប នឹង​ប្រកាសចំនួនអាសនៈតាមមណ្ឌលរាជធានី-ខេត្ត ​និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តផងដែរ។ ចំណែក ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អ្នកនាំអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងដែរថា លទ្ធផល​ផ្លូវការនៃការបោះឆ្នោតអាចប្រកាសបាននៅថ្ងៃទី៥ ​ខែសីហា ​ឆ្នាំ២០២៣ តាម​ប្រតិទិន​កំណត់របស់ គ.ជ.ប ដោយសារក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប ពុំបានទទួលបណ្តឹងណាមួយ បានប្ដឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនោះទេ៕អត្ថបទ សេក ឧត្តម

យុទ្ធនាការ «អន្ទាក់សូន្យ» បានបំផុសការយល់ដឹងដល់មនុស្សជាង១៤ លាននាក់

2023/08/04 07:51:20 pm        303
ភ្នំពេញ៖ យុទ្ធនាការ «អន្ទាក់សូន្យ» បានបំផុសការយល់ដឹងដល់មនុស្សជាង ១៤ លាននាក់ ខណៈក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូប្តេជ្ញារួមគ្នាបន្តអនុវត្តយុទ្ធនាការដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ត្រឹមរយៈពេល ១៣ ខែ គឺក្នុងចន្លោះខែមីនាឆ្នាំ២០២២ ដល់ខែមិថុនាឆ្នាំ២០២៣ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូបានរួមសហការអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ទីប្រជុំជន និងស្រុកក្នុងខេត្តចំនួន ១២ រួមមាន ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនៈគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន។ ឯកឧត្ដមបញ្ជាក់ថា ជាលទ្ធផលរួម យុទ្ធនាការអន្ទាក់សូន្យបានបំផុសការយល់ដឹងដល់មនុស្សជាង ១៤លាននាក់​ ដោយរាប់បញ្ចូលការទទួលបាននូវព័ត៌មាន ​និងចំណេះដឹងពីយុទ្ធនាការ ទាំងតាម​រយៈការចូលរួមក្នុងសកម្មភាពយុទ្ធនាការនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធសារព័ត៌មានក្នុងស្រុក ក្នុងតំបន់ និងតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន​ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងភាគីអនុវត្តយុទ្ធនាការទាំងអស់។របាយការណ៍ស្តីពីលទ្ធផលជាផ្នែកៗនៃការអនុវត្តយុទ្ធនាការទាំងមូល បានបង្ហាញថា មានមនុស្ស​ចំនួនប្រមាណជា ១ ម៉ឺននាក់បានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពផ្សេងៗនៃយុទ្ធនាការ និងមាន​អត្ថបទព័ត៌មានសរុបប្រមាណជា ១ ពាន់ ចំណងជើងត្រូវបានផ្សព្វផ្សាយដល់មនុស្សចំនួន​ប្រមាណជា ៥ លាននាក់ ខណៈមនុស្សចំនួន ៧ លាននាក់ ទៀតបានអានសារអប់រំតាមទូរស័ព្ទ​ដៃដែលបានអំពាវនាវឲ្យចូលរួមការពារសត្វព្រៃ​ ដោយបញ្ឈប់ការដាក់អន្ទាក់ និងកុំពាក់ព័ន្ធ នឹងការជួញដូរសត្វព្រៃ។ ខណៈលទ្ធផលទាំងនេះទទួលបានការសាទរយ៉ាងក្រៃលែង​ពី​សំណាក់គ្រប់ភាគីទាំងអស់នៃយុទ្ធនាការ។ឯកឧត្តម បានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានចូលរួមរៀបចំ និងអនុវត្តយុទ្ធនាការ​ដ៏មានសារៈសំខាន់នេះយ៉ាង​ខ្ជាប់ខ្ជួន​ និងដោយរលូន​ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់​សាធារណៈជនអំពីផលវិបាកបណ្តាលមកពីការដាក់អន្ទាក់​ និងការជួញដូរសត្វព្រៃខុសច្បាប់ សំដៅផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថខុសឆ្គងទាក់ទង​នឹងការបរិភោគសាច់សត្វព្រៃ និងប្រើប្រាស់​ផលិតពីសត្វព្រៃដែលសង្គមកម្ពុជាមិនផ្តល់តម្លៃសោះ៕អត្ថបទ៖ វ៉ន ដារ៉ា'

អាល្លឺម៉ង់ផ្ដល់ថវិកាប្រមាណជាង២លានដុល្លារ សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា

2023/08/04 07:42:45 pm        360
ភ្នំពេញ៖ រដ្ឋាភិបាលនៃសហព័ន្ធអាល្លឺម៉ង់ បានផ្ដល់នូវហិរញ្ញប្បទានឥតសំណង ចំនួន២លាន១សែន ដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់អនុវត្តការងារបោសសម្អាត និងសកម្មភាពអប់រំ អំពីមីន នៅក្នុងខេត្តចំនួន៣ ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស៊ីម៉ាក់ កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ បានឲ្យដឹងថា ​ការផ្ដល់ជំនួយនេះ នឹងធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខា លើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការគម្រោងបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា ​រវាងឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Rune Kristian Dale-Andresen ប្រធានអង្គការជំនួយរបស់ប្រជាជនណ័រវេស (NPA) នៅសប្ដាហ៍ក្រោយ ។សេចក្តីប្រកាសព័ត៌មាន បានបន្តថា ជំនួយរបស់អាល្លឺម៉ង់ ទាំងជាង២លានដុល្លារនេះ សម្រាប់​អនុវត្តរយៈពេល ១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ដែលស៊ីម៉ាក់អនុវត្តកិច្ច​ប្រតិបត្តិការបោសសំអាតមីនផ្ទៃដីចម្ការមីនទំហំប្រមាណ ១ ៦០០ហិកតា និងផ្សព្វផ្សាយអប់រំ​យល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជន​រងគ្រោះ​ដោយសារមីន សម្រាប់បណ្ដាខេត្តទិសពាយ័ព្យ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។សេចក្តីប្រកាសព័ត៌មានដដែល បន្ថែមថា គម្រោងនេះ ជាការរួមចំណែក ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឲ្យខានតែបាន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល “កម្ពុជាគ្មានមីនឆ្នាំ២០២៥” ។យោងតាមរបាយការណ៍អាជ្ញាធរមីន បានឲ្យដឹងថា ការងារបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេលមួយឆមាស ឆ្នាំ២០២៣ នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីសរុបប្រមាណជាង ២១៥គីឡូម៉ែត្រក្រឡា ។ សម្រាប់រាជធានីខេត្ត បានបោសសំអាតមីនរួចរាល់មានចំនួន១២ ក្នុងនោះគ្រោងដៃគូអភិវឌ្ឍន៍ មាននៅខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ ចំណែកគម្រោងសម្ដេចតេជោ មានខេត្តត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ និងខេត្តកពត ហើយផែនការឆ្នាំ២០២៣នេះ ខេត្តចំនួន៦ទៀត គ្រោងប្រកាសជាខេត្តអស់មីន ក្នុងនោះមានខេត្តកំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប មណ្ឌលគិរី និងខេត្តរតនគិរី ៕អត្ថបទ បាន សុខរិទ្ធិ

លោក Navalny ដែលជាសត្រូវរបស់លោក Putin រំពឹងថានឹងត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំទៀត

2023/08/04 07:36:17 pm        285
រុស្ស៊ី៖ អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ី លោក អាឡិច ណាវ៉ាល់នី (Alexei Navalny) រំពឹងថា តុលាការនឹងបន្តការកាត់ទោសឲ្យជាប់ពន្ធនាគារជិតពីរទសវត្សរ៍បន្ថែមទៀត នៅថ្ងៃសុក្រនេះ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលលោក និងក្រុមអ្នកគាំទ្ររបស់បាននិយាយថា ត្រូវបានបង្កើតឡើង ដើម្បីបន្តឃុំខ្លួនលោកនៅក្នុងពន្ធនាគារ និងក្រៅឆាកនយោបាយកាន់តែយូរ។  លោកNavalny វ័យ ៤៧ ឆ្នាំ ដែលជាអ្នករិះគន់ក្នុងស្រុកគ្មានសំចៃមាត់បំផុតលើលោក ប្រធានាធិបតី Vladimir Putin បានកំពុងជាប់ពន្ធនាគារសរុប ចំនួន១១ឆ្នាំកន្លះរួចទៅហើយពីបទក្លែងបន្លំ និងបទចោទប្រកាន់ផ្សេងទៀតដែលលោកនិយាយថាជារឿងក្លែងក្លាយផងដែរ។ ចលនានយោបាយរបស់លោកត្រូវបានគេដាក់ចេញក្រៅច្បាប់ និងបានប្រកាសថាជនជ្រុលនិយម។  ក្រុមរដ្ឋអាជ្ញាបានស្នើឲ្យតុលាការផ្តន្ទាទោសលើរូបលោកឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ បន្ថែមទៀតនៅក្នុងពន្ធនាគារព្រហ្មទណ្ឌលើបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន៦ដាច់ដោយឡែកពីគ្នា រួមទាំងការញុះញង់ និងផ្តល់ហិរញ្ញប្បទានដល់សកម្មភាពជ្រុលនិយម និងការបង្កើតអង្គការជ្រុលនិយម។  នៅក្នុងសារមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ លោក Navalny បាននិយាយថា លទ្ធផលអាចតិចជាងបន្តិចគឺប្រហែល១៨ ឆ្នាំ ប៉ុន្តែគ្មានបញ្ហាអ្វីឡើយ ដោយសារតែលោកក៏ត្រូវបានគំរាមកំហែងជាប់ពាក់ព័ន្ធការចោទប្រកាន់អំពើភេរវកម្មដែលអាចបន្ថែមពេលវេលាមួយទសវត្សរ៍ទៀត។ លោកបាននិយាយថា គោលបំណង នេះ នឹងបំភ័យដល់ជនជាតិរុស្ស៊ី ប៉ុន្តែបានជំរុញពួកគេកុំឲ្យរឿងនោះកើតឡើង ហើយត្រូវគិតឲ្យបានល្អិតល្អន់អំពីរបៀបដែលល្អបំផុតដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ជនទុច្ចរិត និងចោរ នៅក្នុងវិមានក្រឹមឡាំង៕

អាមេរិក៖ ប្រមុខការពារជាតិរុស៊ីធ្វើទស្សនកិច្ច នៅកូរ៉េខាងជើងស្វែងរកការគាំទ្រផ្នែកយោធា

2023/08/04 07:33:04 pm        254
អាមេរិក៖ មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមុនគឺត្រូវជំរុញឲ្យទីក្រុងព្យុងយ៉ាងលក់អាវុធទៅឲ្យទីក្រុងមូស្គូ។ លោក Shoigu បានដឹកនាំគណៈប្រតិភូរុស្ស៊ី ទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីប្រារព្ធខួបលើកទី៧០នៃបទឈប់បាញ់ក្នុងសង្គ្រាមកូរ៉េ។ លោកបានជួបសន្ទនាដាច់ដោយឡែកជាមួយសមភាគីកូរ៉េខាងជើងរបស់លោក លោក Kang Sun Nam និងមេដឹកនាំប្រទេសលោក Kim Jong Un។និយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថារុស្ស៊ីកំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសកូរ៉េខាងជើងតាមរយៈមធ្យោបាយបែបនេះ ខណៈទទួលបានគ្រាប់កាំភ្លើងធំពីទីក្រុងព្យុងយ៉ាង។ លោក Kirby និយាយថាអាមេរិក នៅតែមានការព្រួយបារម្ភថា ប្រទេសកូរ៉េខាងជើង បន្តសំឡឹងមើលការផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។  លោកនិយាយថា កិច្ចព្រមព្រៀងអាវុធណាមួយ រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានដោយផ្ទាល់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្តបន្ទាប់។ លោក Kirby និយាយថា ជាលទ្ធផលដែលរងផលប៉ះពាល់ដោយទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ ដែលត្រូវបានដាក់ដោយប្រទេសលោកខាងលិច ប្រទេសរុស្ស៊ីកំពុងងាកទៅរកប្រទេសនានាដូចជាប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ ដើម្បីទទួលបានការគាំទ្រសម្រាប់សង្គ្រាម។  លោកនិយាយថា សហរដ្ឋអាមេរិក នឹងបន្តកំណត់អត្តសញ្ញាណ លាតត្រដាង និងប្រឆាំងកិច្ចប្រឹងប្រែងរបស់រុស្ស៊ីក្នុងការទទួលបានគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើង និងរដ្ឋដ៏ទៃទៀត ដែលអាចត្រូវបានត្រៀមគាំទ្រសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន៕

ក្រុមហ៊ុន Amazon ព្យាករថា ប្រាក់ចំណូល នៅត្រីមាសទី៣ លើសពីការរំពឹងទុក

2023/08/04 07:26:55 pm        272
អាមេរិក៖ ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក Amazon.com ព្យាករណ៍ពីប្រាក់ចំណូលត្រីមាសទី៣ ថា លើសពីការរំពឹងទុករបស់ផ្សារហ៊ុន Wall Street កាលថ្ងៃព្រហស្បតិ៍ (ទី៣ ខែសីហា) ដោយចំណូលនេះ ត្រូវបានជំរុញដោយការលក់ក្នុងព្រឹត្តិការណ៍ Prime Day ដ៏ធំបំផុតរបស់ខ្លួន ក្នុងខែកក្កដា ដែលបានទាក់ទាញអ្នកប្រើប្រាស់ ដែលដឹងពីតម្លៃចូលទៅកាន់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន។ការលក់បញ្ចុះតម្លៃលើមុខទំនិញនានា និងកូដកិច្ចព្រមព្រៀងលើកដំបូងលើសេវាកម្ម ដូចជាការកក់សណ្ឋាគារ បានជំរុញឲ្យការលក់អនឡាញរបស់សហរដ្ឋអាមេរិក កើនឡើង ៦,១ភាគរយ គឺកើនដល់កំណត់ត្រា ១២,៧ពាន់លានដុល្លារ អំឡុងព្រឹត្តិការណ៍ទិញទំនិញរបស់ក្រុមហ៊ុន Amazon នេះ ខណៈជនជាតិអាមេរិក ដែលរងគ្រោះដោយអតិផរណា ប្រញាប់ប្រញាល់ចាប់យកឱកាសទិញទំនិញបន្ថែមទៀត។សមាជិក Prime ជិត ២០០លាននាក់របស់ក្រុមហ៊ុន Amazon សន្សំបានជាង ២,៥ពាន់លានដុល្លារ លើមុខទំនិញប្រហែល ៣៧៥លាន ដែលត្រូវបានលក់ ក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេល ២ថ្ងៃ។ អ្នកវិភាគរំពឹងថា ដើម្បីបង្កើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម និងសេវាកម្មអាជីវករដែរ នៅពេលដែលពាណិជ្ជករភាគីទី៣ ចុះឈ្មោះកាន់តែច្រើន។ក្រុមហ៊ុនបានព្យាករពីការលក់សុទ្ធ ក្នុងត្រីមាសបច្ចុប្បន្ន ចន្លោះ ១៣៨ពាន់លានដុល្លារ និង ១៤៣ពាន់លានដុល្លារ។ អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយក្រុមហ៊ុន Refinitiv រំពឹងថា ប្រាក់ចំណូលមានចំនួន ១៣៨,២៥ពាន់លានដុល្លារ៕

សាលារៀន ព្រះវិហារ និងយានយន្តត្រូវបានឆេះបំផ្លាញក្នុងការវាយប្រហារលួចដុត នៅឈីលី

2023/08/04 07:23:17 pm        246
ឈីលី៖ អគារថែទាំសុខភាពបឋម ព្រះវិហារ សាលារៀន មជ្ឈមណ្ឌលសហគមន៍មួយ និងយានយន្តជាច្រើនគ្រឿង ត្រូវបានឆេះបំផ្លាញនៅក្នុងការវាយប្រហារដោយចេតនាលួចដុតនៅក្នុងតំបន់ Araucania (អារ៉ូកានី) ដែលស្ថិតនៅដាច់ស្រយាលរបស់ប្រទេសឈីលី។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថាអ្នកវាយប្រហារបានបន្សល់ទុកសារមួយនៅកន្លែងកើតហេតុ មុនពេលភៀសខ្លួនចេញពីតំបន់ ក្នុងពេលការបាញ់កាំភ្លើង។ គ្រូពេទ្យសង្គ្រោះបឋមម្នាក់ បានរងការរលាកស្រាល បន្ទាប់ពីលោកបានព្យាយាមពន្លត់អគ្គិភ័យ។ តំបន់ Araucania ខេត្តBiobio និងខេត្តArauco នៅក្នុងតំបន់ Biobio ស្ថិតនៅក្រោមច្បាប់រដ្ឋក្នុងគ្រាអាសន្នរយៈពេលជាង១ឆ្នាំមកនេះ។ នេះត្រូវបានរង្គោះរង្គើជាយូរមកហើយដោយការបញ្ឆេះជម្លោះរវាងជនជាតិដើមភាគតិច Mapuche(ម៉ាពូឆេ) និងរដ្ឋាភិបាលប្រទេសឈីលី។ជនជាតិដើមភាគតិច Mapuche ប្រមាណ ១,៧ លាននាក់រស់នៅក្នុងប្រទេសឈីលី ភាគច្រើននៅក្នុងតំបន់ Araucania ជាតំបន់ព្រៃភ្នំភ្លើងដែលគ្របដណ្តប់ដោយព្រិល មានចម្ងាយ ៤០០ ម៉ាយ ភាគខាងត្បូងទីក្រុង Santiago របស់ប្រទេស។ តំបន់នេះមានអត្រានៃភាពក្រីក្រខ្ពស់ខ្លាំង។ សកម្មជនជនជាតិដើមភាគតិចនិយាយថា ដែនដីរបស់ពួកគេត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយវិស័យកសិកម្ម ព្រៃឈើ និងឧស្សាហកម្មផ្សេងទៀត និងបានបន្ទោសរដ្ឋចំពោះការមិនបានគាំទ្រសិទ្ធិជាប្រវត្តិសាស្ត្ររបស់ពួកគេ។

អ្នកគាំទ្រយោធាប្រទេសនីហ្សេ តវ៉ាចំពោះការដាក់ទណ្ឌកម្ម

2023/08/04 07:19:13 pm        255
នីហ្សេ៖ ក្រុមអ្នកគាំទ្រយោធាប្រទេសនីហ្សេរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Niamey កាលពីថ្ងៃព្រហស្បតិ៍អរបអរសម្រាប់យោធា និងតវ៉ាប្រឆាំងការដាក់ទណ្ឌកម្មរបស់អាហ្វ្រិកខាងលិច។ ស្ត្រីម្នាក់និយាយថា ពលរដ្ឋនីហ្សេ មានសេរីភាពនៅថ្ងៃនេះ ជាថ្ងៃមួយដែលលោកស្រីនិយាយថាលោកស្រីមិនដែលឃើញនោះទេ។ ក្រុមអ្នកតវ៉ាមួយចំនួនទៀត បានរិះគន់ទណ្ឌកម្មដែលបានដាក់ដោយសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច ឬ ECOWAS។ ទណ្ឌកម្មត្រូវបានប្រកាសបន្ទាប់ពីប្រធានាធិបតី លោក Mohamed Bazoum ត្រូវបានផ្តួលរំលំកាលពីសប្តាហ៍មុន។ ឧត្តមសេនីយ៍ លោក Abdourahamane Tiani អតីតប្រធានកងអង្គរក្សប្រធានាធិបតីរបស់ប្រទេសនីហ្សេ ចាប់តាំងពីពេលនោះមកបានប្រកាសខ្លួនឯងជាប្រមុខរដ្ឋ។ ប្រមុខការពារជាតិប្រចាំតំបន់ កំពុងពិភាក្សាគ្នាអំពីការធ្វើអន្តរាគមន៍ដែលអាចកើតមានដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះគឺជារដ្ឋប្រហារលើកទី៧ នៅប្រទេសអាហ្វ្រិកភាគកណ្តាលនិងភាគខាងលិច ចាប់តាំងពីឆ្នាំ២០២០ ហើយក្រោយមកកាលពីពេលថ្មីៗមានការដណ្តើមអំណាចដោយយោធានៅក្នុងប្រទេសម៉ាលី បួរគីណាហ្វាសូ និងប្រទេសហ្គីណេ។ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច និយាយថា រដ្ឋប្រហារនឹងលែងត្រូវបានអត់ឱនទៀតហើយនៅក្នុងតំបន់នេះ ហើយខ្លួនអាចអនុញ្ញាតឲ្យមានការប្រើប្រាស់កងកម្លាំងប្រសិនបើទាហានមិនឲ្យលោក Bazoum ចូលកាន់អំណាចវិញនោះទេនៅត្រឹមថ្ងៃអាទិត្យ។ ឧបទ្ទវហេតុហិង្សា នៅក្នុងប្រទេសនីហ្សេ បានធ្លាក់ចុះជិត៤០ភាគរយ នៅក្នុងឆមាសដំបូងនៃឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ៕

សិស្សសាលា ទាមទារឲ្យមានការដោះលែង គិលានុបដ្ឋាក ដែលត្រូវបានចាប់ជំរិតនៅហៃទី

2023/08/04 07:08:10 pm        224
ហៃទី៖ សិស្សសាលា ឪពុកម្តាយ និងគ្រូបង្រៀន បានទាមទារឲ្យមានការដោះលែងគិលានុបដ្ឋាក លោកស្រី Alix Dorsainvil កាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី Dorsainvil ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនាយកអង្គការជំនួយមនុស្សធម៌ផ្អែកលើជំនឿ El Roi Haiti ត្រូវបានចាប់ជំរិតរួមជាមួយកូនរបស់នាង នៅក្នុងទីក្រុងព័រអូប្រាំង កាលពីថ្ងៃទី២៧ ខែកក្កដា។ នៅបរិវេណអង្គការ El Roi ជាទីដែលលោកស្រី Dorsainvil ត្រូវបានចាប់ជំរិត សមាជិកជាច្រើនរបស់សាលាអង្គការ បានទាមទារឲ្យមានការដោះលែងលោកស្រី ដែលបានរំលឹកឡើងវិញពីការងារដ៏ល្អដែលលោកស្រីបានធ្វើនៅក្នុងសហគមន៍។ គេព្រួយបារម្ភថា ការចាប់ជំរិតនឹងបណ្តាលឲ្យសាលារៀនត្រូវបិទទ្វារ ខណៈមនុស្សជាច្រើនទទួលបានអាហារ ការថែទាំផ្នែកវេជ្ជសាស្ត្រ និងការគាំទ្រដ៍ទៃទៀតតាមរយៈអង្គការ El Roi។  សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីលោក Joe Biden បានសង្ខេបខ្លីលើករណីនេះថាទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីជំរុញឲ្យមានការដោះលែង៕

រលកកម្ដៅដ៏ខ្លាំងបានជំរុញឱ្យអឺរ៉ុបបញ្ជាទិញម៉ាស៊ីនត្រជាក់ជាច្រើន

2023/08/04 07:05:03 pm        288
អឺរ៉ុប៖ រលកកម្ដៅដែលហក់ឡើងក្នុងរង្វង់៤០អង្សាសេនៅអឺរ៉ុប កំពុងជំរុញការលក់ម៉ាស៊ីនត្រជាក់ ជាផលិតផលដែលប្រជាជនអឺរ៉ុបជាច្រើនមិនមាន ឬកម្រប្រើក្នុងរដូវក្តៅ។ យោងតាមសារព័ត៌មាន AP កាលពីថ្ងៃពុធបានឲ្យដឹងថា សីតុណ្ហភាពខ្ពស់មិនធម្មតាជាច្រើនឆ្នាំបានផ្លាស់ប្តូរម៉ាស៊ីនត្រជាក់ពីការបំពាក់ដើម្បីប្រណីតភាព ទៅជាតម្រូវការចាំបាច់នៅក្នុងផ្នែកជាច្រើននៃទ្វីបអឺរ៉ុប។សូម្បីតែនៅប្រទេសបារាំង ជាទីដែលផ្ទះសម្បែង និងអគារលំនៅឋានភាគច្រើនមិនមានបំពាក់ម៉ាស៊ីនត្រជាក់ទាល់តែសោះនោះ ត្រូវបានគេមើលឃើញថា ម៉ាស៊ីនត្រជាក់ចំនួន១លានគ្រឿងត្រូវបានលក់កាលពីឆ្នាំមុន។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ca' Foscari របស់ប្រទេសអ៊ីតាលីបានព្យាករណ៍ថា អត្រាជ្រៀតចូលម៉ាស៊ីនត្រជាក់តាមផ្ទះរបស់អេស្ប៉ាញនឹងឡើងដល់ ៥០% នៅឆ្នាំ២០៤០ ដោយកើនឡើងពីចំនួន ៥% កាលពីឆ្នាំ១៩៩០។ដោយសារអាកាសធាតុធ្លាប់តែត្រជាក់ សូម្បីតែក្នុងរដូវក្តៅក៏ដោយ ក៏ភោជនីយដ្ឋាន និងរោងកុនជាច្រើននៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងលិចទំនងជាមិនសូវបើកម៉ាស៊ីនត្រជាក់ទេ។ លើសពីនេះ តម្លៃអគ្គិសនីគឺខ្ពស់ជាងនៅសហរដ្ឋអាមេរិក ហើយមនុស្សជាច្រើនចំណាយពេលវិស្សមកាលយូរនៅរដូវក្តៅ ដោយកាត់បន្ថយតម្រូវការម៉ាស៊ីនត្រជាក់។បណ្តាប្រទេសនៅអ៊ឺរ៉ុប រួមទាំងប្រទេសអេស្បាញ ជាប្រពៃណីបានយកឈ្នះលើអាកាសធាតុក្ដៅដោយការសម្រាកមិនចេញទៅណា ក្នុងអំឡុងរយៈពេលក្តៅបំផុត។ ទោះជាយ៉ាងណាក៏ដោយ រលកកម្ដៅដ៏អាក្រក់បំផុតក្នុងរដូវក្តៅនេះ បានបង្ហាញថា វិធីសាស្រ្តទប់ទល់កម្ដៅទាំងនោះមិនមានប្រសិទ្ធភាពនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
10/17/2026 10:10 PM
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
10/17/2026 10:10 PM
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្ស និងគ្រួសារ»
10/17/2026 06:10 PM
លទ្ធផលនៃដំណោះស្រាយតាមយន្តការ UNCLOS នឹងត្រូវប្រកាសឱ្យដឹងនៅក្នុងពេលឆាប់ៗនេះ
10/17/2026 06:10 PM
សម្ដេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
10/17/2026 06:10 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ​ប្រធាន​ផលិតករ​ក្រុមហ៊ុន Daubay Production ចូល​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ
10/17/2026 06:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សាធារណរដ្ឋកាហ្សាក់ស្ថាន
10/17/2026 05:10 PM
អាជីករវៀតណាមបានបង្ហាញមោទនភាព និងថ្លែងអំណគុណដល់ពលរដ្ឋកម្ពុជា ដែលគាំទ្រផលិតផលរបស់ខ្លូន
10/17/2026 05:10 PM
ឯកឧត្តម ណាំ ទុំ សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងរួមគ្នាបំពេញបេសកកម្មជាតិ គឺការពារសន្តិភាព មាន​ជីវភាពរស់នៅសមរម្យ និងយុត្តិធម៌សង្គម
10/17/2026 05:10 PM
កម្ពុជា-កាហ្សាក់ស្ថាន ផ្លាស់ប្តូរឯកសារចំនួន៧ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
10/17/2026 05:10 PM