សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

2026/07/18 04:54:36 pm        199
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលអគ្គិសនី, បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល, កសិកម្ម, ការពារជាតិ និងសន្តិសុខ។ មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

2026/07/18 04:35:54 pm        158
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ប្រចាំប្រទេសចិន និងអាស៊ីខាងកើត (Koninklijke Vopak N.V.) និងសហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃកិច្ចជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថាក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) មានជំនាញខ្ពស់ក្នុងការផ្ដល់ដំណោះស្រាយលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្ទុកផលិតផលប្រេង, ឧស្ម័ន, គីមីឥន្ធនៈ (Petrochemical) រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ជាដើម។ ជាមួយគ្នានេះ, ក្រុមហ៊ុនផ្ដោតសំខាន់លើវិស័យស្នូលមួយចំនួន រួមមាន៖ ស្ថានីយស្តុកថាមពលថ្មី និងប្រកបដោយចីរភាព, ស្ថានីយស្តុកឧស្ម័ន, ស្ថានីយស្តុកគីមីឥន្ធនៈសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម, ស្ថានីយស្តុកសារធាតុគីមី និងស្ថានីយស្តុកប្រេង។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះបំណងវិនិយោគ ក៏ដូចជាកិច្ចសហការរវាងក្រុមហ៊ុន Royal Vopak និងក្រុមហ៊ុនដៃគូនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ផែនការស្វែងរកឱកាសវិនិយោគលើស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅធានាឱ្យបាននូវសន្តិសុខថាមពលនៅប្រទេសកម្ពុជានាពេលអនាគត។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា និងបន្តពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញផែនការវិនិយោគនៅកម្ពុជាឱ្យលេចចេញជាផ្លែផ្កា៕

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

2026/07/18 04:23:30 pm        140
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Mitchell Mao នាយកប្រតិបត្តិក្រុមហ៊ុន SF Holding Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន SF Holding Co., Ltd. ជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីកឈានមុខគេមួយនៅក្នុងប្រទេសចិន ដែលមានអាជីវកម្មស្នូលផ្តោតលើសេវាដឹកជញ្ជូនរហ័ស និងទំនិញធុនធ្ងន់ (Express & Freight), ភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ (Cold Chain Logistics), សេវាដឹកជញ្ជូនទាន់ចិត្តក្នុងទីក្រុង (Intra-City On-Demand Delivery), រួមទាំងខ្សែច្រវាក់ផ្គត់ផ្គង់, និងសេវាកម្មលក្ខណៈអន្តរជាតិ (Supply Chain & International)។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានបំណងពង្រីកការវិនិយោគបន្ថែមមកកាន់តំបន់អាស៊ីអាគ្នេយ៍។ ផ្អែកលើការសិក្សាស្រាវជ្រាវអំពីសមត្ថភាពភស្តុភារកម្មនៅកម្ពុជា រួមផ្សំនឹងការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ចិន-កម្ពុជា, ក្រុមហ៊ុន SF Holding មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។ជាការឆ្លើយតប, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន SF Holding និងបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្តេចធិបតីបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ (Connectivity) នៃបណ្តាញដឹកជញ្ជូនទាំងផ្លូវគោក, ផ្លូវអាកាស និងផ្លូវសមុទ្រ ទៅកាន់ប្រទេសជិតខាង និងក្នុងតំបន់។ សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវល្បឿនលឿនបន្ថែម, ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក និងកសាងព្រែកជីក ដើម្បីលើកកម្ពស់ និងគាំទ្រដល់វិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន SF Holding បន្តទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់បន្ថែម និងឈានទៅចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

2026/07/18 04:06:41 pm        144
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., ជាវេទិកាសមាហរណកម្មទេសចរណ៍ និងកម្សាន្តឈានមុខគេមួយលើការអភិវឌ្ឍ, ការគ្រប់គ្រង និងការប្រតិបត្តិការទ្រព្យសកម្មវប្បធម៌កម្រិតខ្ពស់,ការសម្តែងទស្សនីយភាពផ្ទាល់ ព្រមទាំងការកម្សាន្តបែបទំនើប (Immersive Attraction) នៅទូទាំងតំបន់អាស៊ី។ បច្ចុប្បន្ន, ក្រុមហ៊ុនមានអាជីវកម្មស្នូលចំនួន ៣ រួមមាន៖ (១). ប្រតិបត្តិការសួនកម្សាន្ត និងការសម្តែងទស្សនីយភាពផ្ទាល់នៅទូទាំងតំបន់អាស៊ី ក្រោមក្របខ័ណ្ឌដៃគូសហការជាមួយក្រុមហ៊ុនសួនកម្សាន្តបារាំង Puy du Fou, (២). ប្រតិបត្តិការសារមន្ទីរលំដាប់ 3D បែបបច្ចេកវិទ្យាទំនើប (Tech-enabled immersive 3D museums), និង (៣). ការដំណើរការអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ និងសេវាកម្មបដិសណ្ឋារកិច្ច (F&B and Hospitality) ។ ទន្ទឹមនឹងនេះ, លោកស្រីនាយិកាក៏បានជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃគម្រោង «Immersive Angkor» នៅក្នុងខេត្តសៀមរាប ដែលជាគម្រោងទាក់ទាញទេសចរដ៏លេចធ្លោ និងជាអត្តសញ្ញាណរបស់ក្រុមហ៊ុន (company’s flagship) នៅកម្ពុជា។ គម្រោងនេះនឹងត្រូវបង្កើតឡើងជាសារមន្ទីរ 3D បែបបច្ចេកវិទ្យាទំនើបដំបូងគេបង្អស់ នៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីមរតកវប្បធម៌ខ្មែរ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ។ បន្ថែមលើនេះ, លោកស្រីនាយិកាប្រតិបត្តិក៏បានបង្ហាញអំពីផែនការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងការវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍, ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់អន្តរជាតិ។ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងបានកោតសរសើរចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ជាមួយការដាក់ចេញនូវយន្តការផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌កម្ពុជា​ ទៅកាន់ពិភពលោក, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បង្កើតសកម្មភាពកម្សាន្តចម្រុះបន្ថែម ដូចជា ការទស្សនាតំបន់ប្រាង្គប្រាសាទ និង ការរៀបចំសកម្មភាពទេសចរណ៍នាពេលរាត្រី ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនឡើង​។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគបន្ថែមទៀត ដោយបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធានាបាននូវភាពរលូន និងជោគជ័យក្នុងការវិនិយោគនៅកម្ពុជា៕

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

2026/07/18 03:57:32 pm        108
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទិក និងនាវាចរណ៍ដ៏ឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ នៃប្រទេសចិន។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ, ការសាងសង់​​ និងរចនានាវា, ព្រមទាំងផ្គត់ផ្គង់សេវាកម្មឡូជីស្ទិកពីដើមដល់ចប់ (End to End Logistics)។ លោកប្រធានក្រុមប្រឹក្សាបានគូសបញ្ជាក់ថា ដោយមើលឃើញអំពីសក្តានុពល និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើននៅកម្ពុជា ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ, ផ្អែកលើសក្តានុពលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យឡូជីស្ទិកនៅកម្ពុជា, លោកប្រធានក្រុមប្រឹក្សាភិបាលបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានកសាងព្រែកជីកហ្វូណនតេជោ។ លោកប្រធានបានបន្ថែមថា ព្រែកជីកហ្វូណនតេជោ មានសក្តានុពលដ៏ធំធេងក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ពិសេសលើវិស័យឡូជីស្ទិក និងការដឹកជញ្ជូនតាមនាវាចរណ៍។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យឡូជីស្ទិកជាវិស័យដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរឡើង​ ក្នុងទិសដៅពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា ការកសាងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមជាប្រវត្តិសាស្ត្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដែលនឹងផ្លាស់ប្តូរជាមូលដ្ឋាននូវទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវទឹកក្នុងស្រុកទៅកាន់តំបន់ឆ្នេរសមុទ្រ។ សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា កម្ពុជាមិនត្រឹមតែកសាងព្រែកជីកជារូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងកសាងនូវច្រករបៀងសេដ្ឋកិច្ចដ៏ឆ្លាតវៃ និងទំនើប ផងដែរ។ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាការងារឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

2026/07/18 03:38:07 pm        103
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប (Satellite Communications) ដែលផ្ដោតលើការអភិវឌ្ឍ និងប្រតិបត្តិការគម្រោងបណ្តាញផ្កាយរណបគន្លងតារាវិថីទាប Qianfan (“Thousand Sails” Low Earth Orbit - LEO Broadband Constellation)។ គម្រោង Qianfan នេះ គឺជាគំនិតផ្តួចផ្តើមផ្នែកពាណិជ្ជកម្មដ៏ធំមួយនៅទីអវកាសរបស់ប្រទេសចិន ដែលមានគោលដៅផ្តល់សេវាអ៊ីនធឺណិត និងទំនាក់ទំនងល្បឿនលឿនគ្របដណ្តប់ទូទាំងសកលលោក។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា ដោយមើលឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រុមហ៊ុនពិតជាមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការផ្តល់សេវាអ៊ីនធឺណិត និងទំនាក់ទំនង​ ប្រកបដោយគុណភាពខ្ពស់ ជាអាទិភាពចម្បងរបស់កម្ពុជា ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលមានស្រាប់ និងជំរុញការទាក់ទាញវិនិយោគបន្ថែមលើវិស័យនេះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្នក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំកសាងក្របខ័ណ្ឌគតិយុត្ត ដើម្បីគ្រប់គ្រងសេវាអ៊ីនធឺណិត និងទំនាក់ទំនង​ តាមប្រព័ន្ធផ្កាយរណប។ នៅពេលដែលក្របខ័ណ្ឌគតិយុត្តនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ, អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺការដាក់ពង្រាយសេវាអ៊ីនធឺណិត និងទំនាក់ទំនងទៅកាន់តំបន់ជនបទដាច់ស្រយាល ព្រមទាំងទប់ស្កាត់ការប្រើប្រាស់សេវាអ៊ីនធឺណិត និងទំនាក់ទំនង ក្នុងផ្លូវខុស (Misuse)។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សាលម្អិតជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជា៕

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀតនៅកម្ពុជា

2026/07/18 03:20:49 pm        140
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ye Weidong ប្រធានក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនSCG បានគោរពជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសចិន និង​នៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក ព្រមទាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅកម្ពុជា។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ ដោយក្រុម​ហ៊ុនបានចូលរួមអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា៖ ការកសាងផ្លូវថ្នល់, ទំនប់វារីអគ្គិសនី, ស្ពានធំៗ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ បច្ចុប្បន្ន, ក្រុមហ៊ុនក៏កំពុងប្រតិបត្តិការលើគម្រោងនៃការកសាងផ្លូវជាតិចំនួន ០២ ខ្សែបន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ,លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដោយបាននិងកំពុងខិតខំក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ ជាបន្តបន្ទាប់។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការអនុវត្តគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នានោះ, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកលើការបណ្តុះបណ្តាលធនធានមនុស្សលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំនាញវិស្វកម្ម​ ដល់ពលរដ្ឋកម្ពុជា។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការ​ ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញភាពជោគជ័យរបស់ក្រុមហ៊ុនថែមទៀត៕

ក្រុមហ៊ុន ZTE Corporation មានផែនការពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា

2026/07/18 03:06:47 pm        155
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកតំណាងក្រុមហ៊ុន ZTE Corporation បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ថា ក្រុមហ៊ុនផ្តោតអាជីវកម្មលើការផ្គត់ផ្គង់សម្ភារៈបរិក្ខារទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា(ICT)។ បច្ចុប្បន្ន, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្តាប្រទេសជាង ១៦០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនលំដាប់ថ្នាក់ទី២ លើសកលលោក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យា 5G។ បន្ថែមពីនេះ​, លោកតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ តាមរយៈជោគជ័យនៃការវិនិយោគនេះ, ក្រុមហ៊ុនមានបំណងពង្រីកទុនវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាសហគ្រាសផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ICT។ ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគលើម៉ូដែលមូលដ្ឋានបញ្ញាសិប្បនិម្មិតអធិបតេយ្យរបស់កម្ពុជា (Cambodia Sovereign AI Foundation Model) និងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតជាតិ (National AI Infrastructure and Ecosystem) នៅកម្ពុជា។ កន្លងមក, ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការតភ្ជាប់បណ្តាញទូរគមនាគមន៍នៅតាមជនបទ, ការដាក់ពង្រាយបណ្តាញខ្សែកាបអុបទិក និងការផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿនតាមខ្សែ និងចល័ត នៅក្នុងប្រទេសកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា។ សម្ដេចធិបតីបានស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ ជាមួយគ្នានោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល និងការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញលើកទឹកចិត្តលើការកសាងធនធានមនុស្សជំនាញ ICT ដែលការបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្តោតលើរបៀបប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការអភិវឌ្ឍ, ការច្នៃប្រឌិត និង​ នវានុវត្តន៍ផ្នែកប្រព័ន្ធបច្ចេកវិទ្យា៕

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/18 02:47:47 pm        134
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kassym-Jomart K. Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្ដែងនូវក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ដែលសម្បូរទៅដោយសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី បានបង្ហាញពីបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងបានអញ្ជើញសម្ដេចធិបតី ទៅបំពេញទស្សនកិច្ច នៅប្រទេសកាហ្សាក់ស្ថាន ក្នុងពេលវេលាសមស្រប។ ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដោយឆ្នាំ២០២៦នេះ ជាខួបលើកទី៣២ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កាហ្សាក់ស្ថាន។ សម្ដេចធិបតីបានសម្តែងការស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ឯកសារទាំងនេះជាកាតាលីករដ៏សំខាន់ក្នុងការសម្របសម្រួលដល់ការធ្វើដំណើរ និងការជួបប្រជុំរវាងគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ ដើម្បីស្វែងរក និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត។ បន្ថែមលើនេះ, សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីបានបន្តពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល មានជាអាទិ៍៖ ពាណិជ្ជកម្ម, សន្តិសុខស្បៀង, សន្តិសុខថាមពល, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ព័ត៌មានវិទ្យា, និងកសិកម្ម។ ជាមួយគ្នានោះដែរ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី រួមមាន៖ សន្និសីទស្តីពី អន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ផងដែរ៕

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

2026/07/18 06:05:01 am        171
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។នៅក្នុងជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូន សម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលមានជំនាញលើការកែលម្អលំហសាធារណៈទីក្រុង អគារ និងទីក្រុងឆ្លាតវៃ (Smart City) និងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាង ១០០ នៅក្នុងប្រទេសចិន។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា កន្លងមកក្រុមហ៊ុនបានសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា និងបានសហការជាមួយដៃគូក្នុងស្រុក ដើម្បីចាប់យកកាលានុវត្តភាពទាំងនោះ។ ក្រុមហ៊ុនបានចាប់ដៃគូក្នុងប្រទេសកម្ពុជាដើម្បីរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជាថែមទៀត។ ទន្ទឹមនឹងនេះ, ប្រធានក្រុមប្រឹក្សាភិបាលបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសាកលវិទ្យាល័យនានានៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសចិន ផងដែរ។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគោលបំណង និងកិច្ចសហការរបស់ក្រុមហ៊ុនជាមួយដៃគូក្នុងប្រទេសកម្ពុជា ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់វិនិយោគិនចិនអំពីសក្ដានុពល និងឱកាសវិនិយោគនានានៅកម្ពុជា។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យអប់រំ ជាទិសដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។ ជាក់ស្តែង, កន្លងមកមាននិស្សិតកម្ពុជាជាច្រើនរូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យបានវិលត្រឡប់មកចូលរួមបម្រើការងារ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ព្រមទាំងរក្សាទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ត្រូវបានសម្ពោធជាផ្លូវការដើម្បីបន្សល់ទុកឯកសារប្រវត្តិសាស្ត្រដល់អ្នកជំនាន់ក្រោយ
10/19/2026 11:10 AM
សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ត្រូវបានសម្ពោធជាផ្លូវការដើម្បីបន្សល់ទុកឯកសារប្រវត្តិសាស្ត្រដល់អ្នកជំនាន់ក្រោយ
10/19/2026 11:10 AM
លោក Trump និងលោក Netanyahu គំរាមវាយប្រហារអ៊ីរ៉ង់ជាថ្មី ខណៈទីក្រុងតេអេរ៉ង់ព្រមានសងសឹក
10/19/2026 11:10 AM
សម្ដេចធិបតី ផ្ដល់ជម្រើសបន្ថែមដល់លោក អ៊ុំ សំអាន ឱ្យចាត់តំណាង​មក​ជជែក​ជាមួយ​រដ្ឋាភិបាល​លើ​រឿងព្រំដែន​បើខ្លាចមិនហ៊ានមកខ្លួនឯង
10/19/2026 10:10 AM
ជើងហោះហើរចេញពីអ៊ីស្រាអែល បានចុះចតបន្ទាន់នៅប៊ុលហ្គារី ក្រោយមានការគំរាមកំហែងគ្រាប់បែក
10/19/2026 10:10 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន IM Capital Holding ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
10/19/2026 10:10 AM
លោក ត្រាំ ថ្លែងថា ការផ្អាកទណ្ឌកម្មលើរុស្ស៊ី គឺដើម្បីរក្សាដំណើរការចរចាសន្តិភាពអ៊ុយក្រែន
10/19/2026 09:10 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
10/19/2026 09:10 AM
នគរបាលទីក្រុងមីឡានរបស់អ៊ីតាលីប៉ះទង្គិចជាមួយក្រុមបាតុករនៅថ្ងៃទីពីរនៃភាពចលាចលជុំវិញការឡើងថ្លៃទំនិញ
10/19/2026 09:10 AM
អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យដោះស្រាយច្រាំងទន្លេមេគង្គបាក់នៅព្រែកលៀប និង​រំដោះទឹកជន់លិច​មហាវិថីឈ្នះឈ្នះ
10/18/2026 05:10 PM