ត្រីមាសទី១ឆ្នាំនេះ កម្ពុជាប្រមូលថវិកាពីដៃគូ និងការបោះលក់មូលបត្រមានទំហំជាង ៥៦១ លានដុល្លារ សម្រាប់តម្រូវការអភិវឌ្ឍ
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន

សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣រំពឹងសម្រេចបានកំណើនរឹងមាំ ទោះបីរងសម្ពាធពីកត្តាខាងក្រៅ

2023/08/08 01:32:25 pm        814
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ត្រូវបានវាយតម្លៃថា នឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦% ជាមួយនឹងអត្រាអតិផរណាក្នុងរង្វង់ ២,៥% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានកំណើនមិន​ច្បាស់លាស់​ដោយសាររងផលវិបាក​នៃសង្គ្រាមរុស្សី-អ៊ុយក្រែន​ និងការបន្តរឹតបន្ដឹងគោល​នយោបាយរូបិយវត្ថុក្នុងបណ្តាប្រទេសអភិវឌ្ឍន៍។ក្នុងរបាយការណ៍លទ្ធផលនៃការអនុវត្តថវិការឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លើកឡើងថា ​ត្បិតរងផល​វិបាក​នៃសង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងចិន-អាម៉េរិក និងការ​បន្តរឹតបន្ដឹង​គោល​នយោបាយរូបិយវត្ថុក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ កំពុងធ្វើឱ្យទស្សនវិស័យ​សេដ្ឋកិច្ច​សកល ​បន្តមានភាពមិនប្រាកដប្រជាខ្ពស់ និង​បាន​ដាក់​សម្ពាធមកលើអនុវិស័យ​បម្រើការនាំចេញ ​ជាពិសេសអនុវិស័យកាត់ដេរ សេដ្ឋកិចុ្ចកម្ពុជា ​នឹងមានកំណើនរឹងមាំ សម្រេច​ក្នុងអត្រារឹងមាំ ដូចការ​ប៉ាន់ស្មាន់ ​ធ្វើឡើងកាលពីដើមឆ្នាំ។​វិស័យឧស្សាហកម្មត្រូវបានប៉ាន់ស្មានថា ​នឹងមានកំណើន​ ៥,០%ទាបជាងការរំពឹងទុក ដោយ​សារការ​ថមថយកំណើន​នៃអនុវិស័យកាត់ដេរ ​និងការបន្តកំណើន​ទាបនៃអនុវិស័យសំណង់ ក្នុងខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនល្អប្រសើរ។ចំពោះវិស័យសេវាកម្មវិញ, ត្រូវបានប៉ាន់ស្មានដែរថា ​នឹងបន្តងើបឡើងក្នុងរង្វង់ ៨,១% ដែលគាំទ្រ​ដោយ​សន្ទុះលឿនជាងការរំពឹងទុកនៃកំណើនអនុវិស័យសណ្ឋាគារ​ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រ​ផ្សេងទៀតរួមមាន៖​ អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ទោះបីជាអនុវិស័យអចលនទ្រព្យ ​បន្តមានកំណើនទាបជាងការរំពឹងទុកយ៉ាងណាក្តី។ ដោយឡែកវិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថា​ សម្រេចបានកំណើន​ទាបជាងនិន្នាការធម្មតាបន្តិច ក្នុងអត្រា ០,៩% ដោយ សារកត្តាអាកាសធាតុ, ថ្លៃធាតុចូលកសិកម្មនៅបន្តមានតម្លៃខ្ពស់ និង​កត្តាបញ្ហាប្រឈមជារចនាសម្ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជនបង្ហាញពីស្ថិរភាពក្នុងអាជីវកម្ម និងប្ដេជ្ញារួមគ្នាអភិវឌ្ឍន៍លើការកែច្នៃផលិតផលក្នុងស្រុក

2023/08/08 12:33:43 pm        613
ភ្នំពេញ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា ​ចាប់តាំពីមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ឆ្នាំ២០២៣នេះ រហូតដល់ការបោះឆ្នោតបានបញ្ចប់វិស័យឯកជន ​ជាពិសេសសហគ្រាសធុនតូច និងមធ្យម​នៅក្នុងប្រទេសកម្ពុជា​អាចរក្សាបាននូវស្ថិរភាពក្នុងការប្រកបអាជីវកម្ម និងបានប្ដេជ្ញា​សហការ​ធ្វើការងារជាមួយរដ្ឋាភិបាលថ្មី​ជាដោយផ្ដោតសំខាន់លើការកែច្នៃ​ផលិតផលក្នុងស្រុក។ លោកឧកញ៉ា តែ តាំងប៉ ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៣នេះថា​ប្រទេសកម្ពុជា​ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាល​មានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី កាលពីអាណត្តិមុនៗ គ្រប់គ្រងបានយ៉ាងល្អចំពោះបញ្ហានយោបាយនៅក្នុងប្រទេស ជាពិសេស​វិបត្តិជំងឺកូវីដ-១៩ហើយបានរៀបចំព្រឹត្តិការធំៗ​ជាច្រើនឱ្យទទួល​បានជោគជ័យ​ដូចជា​ព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។ លោកបន្តថា តាមរយៈយុទ្ធសាស្រ្ដ និងគោលនយោបាយច្បាស់លាស់​របស់រាជរដ្ឋាភិបាលដែល​ដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជានេះហើយទើប​អាច​រក្សា​បាន​នូវស្ថិរភាព និងការអភិវឌ្ឍ​នៅក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ា តែ តាំងប៉ ក្នុងនាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា​បានអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ដែល​ព្រះមហាក្សត្របាន​ចេញ​ព្រះរាជក្រឹត្យចាត់តាំង​នាយករដ្ឋមន្ត្រីថ្មី សម្រាប់ដឹកនាំប្រទេសកម្ពុជា ។ លោកបន្តថា វិស័យ​ឯកជនជាពិសេសសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា ប្ដេជ្ញារួមគ្នាធ្វើកិច្ចការងារ​ជាមួយ​រាជរដ្ឋាភិបាលថ្មីជាពិសេសលើការកែច្នៃផលិតផលក្នុងស្រុកដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកម្ពុជា​ឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។ សូមជម្រាបថា សហគ្រាសធុនតូច និងមធ្យម បានកំពុង​ដើរតួរជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ចជាតិ។ ដើម្បីគាំទ្រ ​និងជំរុញឱ្យមានកំណើនជាបន្តបន្ទាប់ ​និងការពង្រីកអាជីវកម្មខ្នាតតូច និង​មធ្យមរបស់សហគ្រាសធុនតូច និង​មធ្យមរាជរដ្ឋាភិបាល​បាន​លើក​ទឹកចិត្តផ្នែក​គោល​នយោបាយដូចជា ​ការកាត់បន្ថយពន្ធ ​និងការលើកលែងពន្ធជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

ពលរដ្ឋ ៣ភូមិអាចរកចំណូលបានពីមុខរបរត្បាញក្រមា ជាមុខរបរបានបន្សល់ទុកតាំងពីដូនតា

2023/08/08 11:45:20 am        148
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣ភូមិគឺភូមិតាមា ភូមិទំនប់ថ្មី និងភូមិរង្សី ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ បង្កើតជាសហគមន៍ត្បាញក្រមា ដែលបន្សល់ទុកតាំង​ពី​ដូនតា អាចធ្វើឲ្យជីវភាព​របស់ពួកគាត់ បានធូរធាមួយកម្រិត បន្ទាប់ពីធ្វើស្រែចំការជៀសវាងការចំណាកស្រុក ។ប្រជាពលរដ្ឋឈ្មោះ សយ សារី តំណាងឲ្យពលរដ្ឋដទៃទៀត រស់នៅចំណុចភូមិទំនប់ថ្មីឃុំបេង បានរៀបរាប់ថា គ្រួសាររបស់គាត់ ក៏​ដូចជាក្រុមគ្រួសារដទៃទៀត មួយចំនួន​បា​ន​ងាកមក​ប្រកប​មុខរបរត្បាញក្រមា ដែលជារបរមួយមានតាំងបុរាណបានបន្សល់ទុកពីដូនតា បច្ចុប្បន្នមុខរបរនេះ នៅតែបន្តមានប្រជាពលរដ្ឋមួយចំនួនបន្តធ្វើរបរនេះ ព្រោះរបរត្បាញក្រមា​អាចផ្តល់ប្រយោជន៍ច្រើន​ដល់ពួកគាត់បន្ទាប់ពីធ្វើស្រែចំការ។ពលរដ្ឋរូបនេះ បានបន្តថា ការត្បាញក្រមាប្រសិនបើយើងខិតខំនោះ ក្នុងមួយថ្ងៃ​អាចត្បាញ​បាន​ចំនួនពីរទៅបីប្រមាផងដែរ ។ ក្រមាមួយអាចលក់បានតម្លៃជាងពីរម៉ឺនរៀល ទៅ​តាមប្រភេទ​សាច់ក្រមា ។ ក្នុងនោះ​នៅពេលយើងធ្វើបានហើយនោះ មានខាងមន្ទីរកិច្ចការនារីខេត្ត​មក​ទទួល​ទិញ​ពីបងប្អូន និងជួយរកទីផ្សារឲ្យមិនលំបាកបងប្អូន​យកទៅលក់នៅ​លើទីផ្សារនោះទេ ដោយតម្លៃសមរម្យដូចលើ​ទីផ្សារផងដែរ។យ៉ាងណាម៉ិញលោកស្រីឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានលើកឡើងថា ការត្បាញក្រមានេះ មិនមែនសុទ្ធតែអ្នកស្រុកបន្ទាយអំពឹលចេះត្បាញទាំងអស់គ្រប់គ្នានោះទេ គឺក្រុមការងារជ្រើសរើស និងជួយឧបត្ថម្ភចំពោះតែពលរដ្ឋណា​មាន​ជំនាញ​ស្រាប់ និងអ្នកមិនចេះ​អាចរៀនបន្ត​ពីអ្នកចេះក្នុងមូលដ្ឋាន​របស់ខ្លួន​ ដើម្បីទទួលបានជំនាញត្បាញនេះ។លោកស្រីបញ្ជាក់ថា ក្នុងនោះមន្ទីរកិច្ចការនារីខេត្តបានជ្រើសអ្នក​ដែល​មាន​ជំនាញ​ចេះ​ត្បាញ​ស្រាប់​នៅតាមបណ្តាលក្រុងស្រុកគោលដៅ​ រួមមាន​៖ ស្រុកចុងកាល់ ក្រុងសំរោង និងស្រុកបន្ទាយអំពឹល ដើម្បីបង្កើតជាសហគមន៍នៅតាមមូលដ្ឋានរៀងៗខ្លួន រាល់សំម្ភារៈ និង​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​ដែលពលរដ្ឋពុំមានលទ្ធភាពទិញខាងមន្ទីរជាអ្នកជួយឧត្ថម្ភធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋ​អាចរក​ចំណូល​បានគ្រប់គ្រាន់​សម្រាប់ការផ្គត់ផ្គង់ជីវភាពក្នុងក្រុមក្រួសាររបស់ពួគាត់។ជាមួយគ្នានោះដែរលោកស្រី ក៏​បាន​អំពាវនាវដល់​អាជីវករ ​និង​តាម​មន្ទីរស្ថាប័ននានា​ជុំវិញខេត្ត​ធ្វើយ៉ាងណាជួយគាំទ្រ ​និងទិញផលិតផល​ដែលជាស្នាដៃរបស់​កូនខ្មែរ​ដែល​ធ្វើចេញ​ពី​ដៃផ្ទាល់​របស់​ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ ​និងជំរុញ​ឲ្យមានការផលិតបន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត​ដល់ពួកគាត់​ផងដែរ៕ 

ផលិតផលជលផលកម្ពុជាចំនួន៤មុខទៀត ត្រូវអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន

2023/08/08 09:57:57 am        578
ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានផ្សព្វផ្សាយលើ Facebook ផ្លូវការរបស់ខ្លួនថា រដ្ឋបាលគយនៃប្រទេសចិន ទើបបានបញ្ចប់នីតិវិធី ក្នុងការអនុញ្ញាតឱ្យផលិតផល​ជលផល​របស់កម្ពុជា ​៤មុខទៀត អាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន។ផលិតផលជលផលចិញ្ចឹមទាំង ៤មុខនេះរួមមាន៖ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ដូច្នេះថា ផ្អែកលើពាណិជ្ជកម្មប្រពៃណី ដែលមានស្រាប់លើ​ជលផល​​រវាងចិន ​និងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផល​ទាំង​ស្រុង ដែលត្រូវបានអនុញ្ញាត​នាំចេញទៅកាន់ប្រទេសចិន។ សម្រាប់ក្រុមហ៊ុន​ដែលត្រូវបានរដ្ឋបាលគយ​នៃប្រទេសចិន ​ទទួលស្គាល់សម្រាប់ការនាំចេញផលិត​ផល​ជលផលទាំងនេះគឺ ក្រុមហ៊ុន Cambodian Tienit International Trading។​ ការអនុញ្ញាតនេះ ជា​សមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជា ​ទៅកាន់ទីផ្សារប្រទេសចិន។សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទ​ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ​ទៅកាន់ទីផ្សារប្រទេសចិន។​ ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។អគ្គរដ្ឋបាលគយចិន បានអនុម័តលើការចុះបញ្ជី ​របស់ក្រុមហ៊ុននាំចេញមានឈ្មោះ KIM CHOU Co., Ltd Import Export and International Transportation ដែលបានស្នើសុំនាំចេញផល​ផលិតផល​ជលផលពីធម្មជាតិចំនួន ១១ប្រភេទទៅកាន់ប្រទេសចិន។សូមជម្រាបថា រហូតមកដល់ពេលនេះ ​ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញ​ប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច ផលិតផលជលផលពីធម្មជាតិចំនួន ​១១ប្រភេទ និងផលិតផលជលផល​ចិញ្ចឹម ៤មុខទៀត៕

កម្ពុជានាំចេញគ្រឿងអេឡិចត្រូនិកមានទឹកប្រាក់ជាង ១,៤ពាន់លានដុល្លារ ក្នុងឆមាសទី១

2023/08/07 12:58:20 pm        314
ភ្នំពេញ៖ កម្ពុជាបាននាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើងគួរឱ្យសម្គាល់ ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ បើទោះបីជាការនាំចេញផលិតផលកាត់ដេរ ​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផលធ្វើដំណើរ ដែលជាទំនិញនាំចេញសំខាន់របស់កម្ពុជា ​បានថយចុះ។របាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ​ បង្ហាញថា ការនាំចេញគ្រឿងអេឡិចត្រូនិក​ មាន​ទឹកប្រាក់ប្រមាណ ១ ៤៤០ លានដុល្លារ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ កើនឡើង១.៣ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍លើកឡើងថា៖ ការនាំចេញបានថយចុះ ២,១ភាគរយ ជាចម្បងដោយសារការ​ថយ​ចុះការនាំចេញទោចក្រយាន ៣០,៥ភាគរយ ផលិតផលកាត់ដេរ​ ១៨,៤ភាគរយ និងកៅស៊ូ ៩,៨ភាគរយ​ ខណៈដែលមុខទំនិញផ្សេងទៀតបានកើនឡើងរួមមាន​ គ្រឿងអេឡិចត្រូនិក កើនឡើង១,៣ដង និងអង្ករ កើនឡើង ១២,៤ភាគរយ។ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ បានលើកឡើងថា ​ការនាំចេញផលិតផលមិនមែនកាត់ដេរមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឆ្លុះបញ្ជាំងពីប្រសិទ្ធិភាព​នៃការអនុវត្ត​គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។ឯកឧត្តម បន្តថា គោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ បានជំរុញការ​វិនិយោគលើបច្ចេកវិទ្យា​ក្នុងសង្វាក់ផលិតកម្ម និងជំរុញការនាំចេញផលិតផលមិនមែន​កាត់​ដេរកើនឡើងខ្ពស់៕ អត្ថបទ៖ វណ្ណៈ

កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ៥លាននាក់ នៅឆ្នាំនេះ

2023/08/07 12:53:35 pm        671
ភ្នំពេញ៖ នៅឆ្នាំនេះកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥លាននាក់ និងឆ្នាំ២០២៦ នឹងមានការកើនឡើងដល់ប្រមាណ៧លាននាក់ ។ នេះបើតាមប្រសាសន៍ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រ សួងទេសចរណ៍ ប្រាប់អ្នកសារព័ត៌មាន ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុង​អន្តរជាតិចក្រភពខ្មែរ លើកទី៨ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នៅថ្ងៃទី៦ ខែសីហា នេះ ។ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ​លើកទី៨ឆ្នាំ ២០២៣នេះ ​មានអ្នកចូលរួមសរុបជាង២ពាន់៥រយនាក់ ក្នុងនោះមានបរទេសជាង​៥០០នាក់​មកពី៤៥ប្រទេស ហើយចំនួននេះមានការ កើនឡើងច្រើនបើធៀបទៅ​នឹងការប្រកួត​ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៧ ដែលត្រូវបានរៀបចំជាថ្មី ​បន្ទាប់ពីវិបត្តិជំងឺកូវីដ- ១៩ កាលពីឆ្នាំ២០២២។ ការកើនឡើង នៃចំនួនអ្នកចូលរួមនៅក្នុងទិវានេះ ដោយសារភ្ញៀវទេសចរបានមើលឃើញថា កម្ពុជាមានសុខសន្តិភាពពេញបូរិបូណ៍ ហើយគណៈកម្មការ និងអ្នកពាក់ព័ន្ធផ្សេងៗ ទៀតបានរៀបចំតំបន់អង្គរបានល្អ។ក្នុងន័យនេះ ​ឯកឧត្តម រំពឹងថា នៅឆ្នាំនេះ កម្ពុជា នឹងទទួលបានភ្ញៀវទេសចអន្តរជាតិ៥លាននាក់ ក្នុងស្រុកប្រមាណ១៦លាននាក់ និងឆ្នាំ២០២៦ ទទួលបានភ្ញៀវទេសចរអន្តរជាតិកើនឡើង​ដល់​ប្រមាណ ៧លាននាក់។ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណជាង១២លាននាក់ ។ នេះបើយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ ។ជាធម្មតា ខែកក្កដា និងខែសីហា ជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវ ភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះ មិនមានថ្ងៃឈប់​សម្រាកជាតិ ទេ។ ប៉ុន្តែ ចរន្តភ្ញៀវ នឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំ បិណ្ឌ និងថ្ងៃ ឈប់សម្រាកនានា។ក្រសួងទេសចរណ៍រំពឹងថា ​នឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង​ ប្រមាណ១៦លាននាក់ សម្រាប់ ឆ្នាំនេះ ​ក្រោមទម្រង់អក្សរ V ​ដូចដែលព្យាករក្នុងផែនទីចង្អុលផ្លូវ ​ស្តីពីការស្តារ និងលើកស្ទួយ​វិស័យទេស ចរណ៍ក្នុងនិងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ៕អត្ថបទ៖ ទូច សោភ័ណ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសអនុវត្តផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣ -២០៣៥

2023/08/07 12:46:08 pm        751
កែប៖ នៅថ្ងៃទី៧ ខែសីហានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាស​ដាក់ឲ្យអនុវត្តផ្លូវការ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប នៅសាលាខេត្តកែប ដើម្បី​ប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍​ សម្រាកកម្សាន្ដ​ប្រណិតកម្រិតខ្ពស់​ ភាពទាក់ទាញ ធានាបានឧត្តមភាពប្រកួតប្រជែង នៅក្នុងតំបន់ និងពិភពលោក។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា​ ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប គឺបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្ត​បែបប្រណិតកម្រិតខ្ពស់” ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយ ចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង ​និងទេសចរណ៍បែបឆ្លាតវៃ ​ហើយត្រូវបាន ហើយ ត្រូវបានទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យ​ទេសចរណ៍​ខេត្តកែបនេះ គឺបានកំណត់ប៉ូលអភិវឌ្ឍន៍សំខាន់ៗ និងជាយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ទី១ ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ឲ្យក្លាយជាឧទ្យានប្រណិតកម្រិតពិភពលោក ទី២ ប៉ូលទេសចរណ៍តំបន់អង្កោល នឹងអភិវឌ្ឍន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិទំនើប ទី៣ ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ នឹងអភិវឌ្ឍន៍ឲ្យក្លាយជា តំបន់កសិទេសចរណ៍ និងទេសចរណ៍​ធម្មជាតិប្រវត្តិសាស្ត្រ និងទី៤ ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ នឹងអភិវឌ្ឍន៍ឲ្យក្លាយជា តំបន់ទេសចរណ៍កោះប្រណិត។ឯកឧត្តម នី ផល្លី ថ្លែងថា តាមរយៈការអនុវត្តផែនមេនេះ ​នឹងបង្កើនភាពទាក់ទាញ បណ្តាក្រុមហ៊ុន​វិនិយោគជាតិអន្តរជាតិ និងអង្គការសមាគម ដៃគូរាជរដ្ឋាភិបាល នានាចូលរួមអភិវឌ្ឍន៍ និងរៀបចំ​កាយសម្បទាផ្តល់សេវាវិស័យទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត​ ឆ្លាតវៃ និងទាក់ទាញបំផុត។ឯកឧត្តម បន្តថា ទន្ទឹមនឹងនេះខេត្តកែប ក៏នឹងត្រូវបានទទួលបានអភិវឌ្ឍន៍ស្ថាបនាផ្លូវនៅក្នុងខេត្ត​ចំនួន១៦ ខែ្សទៅកាន់បណ្តាតំបន់ប៉ូលទេសចរណ៍នានា​ រៀបចំបណ្តាញប្រព័ន្ធលូទឹកកខ្វក់ អាងទឹកគ្រប់គ្រងសំណល់រឹងរាវ ប្រឡាយទឹកបញ្ចៀសទឹកជំនន់ បណ្តាញ​ផ្គត់ផ្គង​អគ្គីសនី និង​បណ្តាញប្រព័ន្ធប្រៃសណីយទូរគមនាគមន៍ជាដើម៕ អត្ថបទ ស៊ុម សុខជា

កម្ពុជានាំចេញអង្ករជាង៣៦ម៉ឺនតោន រកចំណូលបានជាង២៥០លានដុល្លារក្នុងរយៈពេល៧ខែ

2023/08/07 12:37:57 pm        454
ភ្នំពេញ៖ គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥២% នៃផែនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួនជាង ៣៦ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួនសរុបជាង ២៥៣លានដុល្លារសហរដ្ឋអាម៉េរិក។របាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុននាំចេញចំនួន ៥២ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៥២ ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វយ័ត​បានចំនួនជាង ១៤ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០លានដុល្លារ។ចំណែកការនាំចេញអង្ករទៅទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១០០​ លានដុល្លារ, ទៅកាន់ ៤ប្រទេសសមាជិអាស៊ាន ចំនួនជាង ៣ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ២០លានដុល្លារ, ទៅកាន់ ២២ប្រទេសផ្សេងៗទៀត បានចំនួនជិត ៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២លានដុល្លារ។សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩% អង្ករសចំនួន ១២.៦៣% អង្ករចំហ៊ុយ ៣.៣៦ % អង្ករសរីរាង្គចំនួន ១.៧១% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។ ប្រភពដដែលនេះ ឲ្យដឹងទៀតថា កម្ពុជាក៏បាននាំចេញស្រូវចំនួនជាង ២,៥លានតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៦៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕អត្ថបទ៖ ឈិត បូរ៉ាវី 

ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី១៤ ប្រកាសបើកផ្លូវការថ្ងៃនេះ

2023/08/04 01:44:31 pm        271
ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានប្រកាសបើកកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូណេស៊ី លើកទី១៤ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈកិច្ចសហប្រតិបត្តិការ» ​ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៣​ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ​ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូនេស៊ី។ពិធីបើកផ្លូវការនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោកជំទាវ Lauti Nia Astri ភារធារីស្តីទី អមស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។ឯកឧត្តម ឈួន ដារ៉ា ថ្លែងថា ទំនាក់ទំនងការទូតរវាងប្រទេស កម្ពុជា-ឥណ្ឌូនេស៊ី មានរយៈពេល ៦៤ ឆ្នាំហើយដោយបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពមិនអាចកាត់ផ្តាច់បាន ក្នុងការរួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។ ឯកឧត្តមបន្តថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤នេះ គឺមានសារៈសំខាន់ណាស់ក្នុងការជំរុញ និងលើកកម្ពស់គុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យក្លាយជាមិត្តភាពដ៏រឹងមាំ និងស៊ីជម្រៅជាងមុនជាលំដាប់។ លោកជំទាវ Lauti Nia Astri ភារធារីស្តីទី អមស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនដែលចុះឈ្មោះចូលរួមបង្ហាញផលិតផលក្នុងកម្មវិធីពិព័រណ៍នេះមានចំនួនជិត ៥០ក្រុមហ៊ុន ក្នុងនោះមាន វិស័យម្ហូបអាហារ សម្លៀកបំពាក់ និងសេវាកម្មទេសចរណ៍ជាដើម។ លោកជំទាវ បានបន្តថា ព្រឹត្តិការណ៍នេះ នឹងបង្កើតឱកាសបណ្តាញសម្រាប់ភ្នាក់ងារទេសចរណ៍ក្នុងការកសាងទំនាក់ទំនងអាជីវកម្មរបស់ពួកគេក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម គិតមកត្រឹមខែមេសា ដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី មានចំនួនជិត ៤០០ លានដុល្លារ កើនឡើង ២៧% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលក្នុងនោះឥណ្ឌូនេស៊ីនាំចេញកើនឡើង ៦១% និងកម្ពុជានាំចូលកើនឡើង ២៦%៕អត្ថបទ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសហអាមេរិកពន្លឿននីតិវិធី លើការបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP

2023/08/04 11:09:43 am        253
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសហរដ្ឋអាមេរិក បន្តឡើងវិញប្រព័ន្ធអនុគ្រោះ GSP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងបែបនេះ ក្នុងជំនួបជាមួយប្រតិភូ សភាអាមេរិក អមដោយ​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២ ​ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការ​ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីគណៈប្រតិភូសភាអាមេរិក ​ដឹកនាំដោយ លោក Jason Smith ប្រធានគណៈកម្មាធិការ ស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក និងមានការ​ចូលរួមពីសមាជិក សភា អាមេរិកន និងឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅ​កម្ពុជា និងសហការីមួយចំនួនទៀតផងដែរ។ក្នុងជំនួបខាងលើនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវទៅកាន់ភាគីសហរដ្ឋអាមេរិក ជួយ​ជំរុញឱ្យក្រុមហ៊ុនអាមេរិក មកបណ្ដាក់ ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាព​ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញ​ពីគ្នាទៅវិញទៅមក។ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីសក្តានុពល និងភាពអំណោយផលរបស់កម្ពុជា នៅ​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី ​ក៏ដូចជាការរៀបចំបរិយាកាសធុរកិច្ច និងវិនិយោគឱ្យរឹតតែប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគឱ្យបានរឹតតែច្រើនមកកាន់កម្ពុជា។ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធ GSP សម្រាប់​កម្ពុជាផងដែរ​ ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សំលៀកបំពាក់ ស្បែកជើង និង​ទំនិញធ្វើដំណើរជាដើម ដោយបញ្ជាក់ថា ​ការបន្តឡើងវិញនូវប្រព័ន្ធ GSP នេះ នឹងពង្រឹងកិច្ច​សហប្រតិបត្តិការ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។សូមបញ្ជាក់ថា ​ប្រព័ន្ធអនុគ្រោះពន្ធ GSP ផ្តល់ដល់កម្ពុជា ​លើផលិតផលធ្វើដំណើរ ​និងកាបូប បាន​អស់សុពលភាព នៅចុងឆ្នាំ២០២០ កន្លងទៅ។ក្នុងអំឡុងពេលនៃការរង់ចាំបន្តសុពលភាពនៃប្រព័ន្ធអនុគ្រោះពន្ធ GSP ការនាំចេញផលិតធ្វើដំណើរ និងកាបូប ​ទៅទីផ្សារសហរដ្ឋអាមេរិក ត្រូវបង់ពន្ធ ៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM