រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបានប្រមាណ ១៧ពាន់លានដុល្លារក្នុងត្រីមាសទី១
ADBព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,៥% ក្នុងឆ្នាំ២០២៦ នាំមុខដោយវិស័យ​កម្មន្តសាល
រាជរដ្ឋាភិបាលប្រឹងប្រែងជំរុញឱ្យសហគ្រាសបង្កើនធាតុចូលក្នុងស្រុក ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ពិភពលោក

សេដ្ឋកិច្ច និង កសិកម្ម

អាមេរិកបង្កើនការបង្រ្កាបលើហាងឆេងរូបិយបណ្ណគ្រីបតូដោយដាក់បណ្ដឹងទល់នឹងក្រុម Coinbase និង Binance

2023/06/07 09:20:52 am        117
អាមេរិក៖ និយតករមូលបត្រជាន់ខ្ពស់សហរដ្ឋអាមេរិក បានប្ដឹង platform ក្រុមហ៊ុនហាងឆេងរូបិយបណ្ណគ្រីបតូ Coinbase កាលពីថ្ងៃអង្គារ ទី៦ ឧសភា ជាបណ្ដឹងលើកទី២ ក្នុងពេល២ថ្ងៃទល់នឹងក្រុមហ៊ុនហាងឆេងប្ដូររូបិយបណ្ណគ្រីបតូដ៏ធំមួយក្នុងការបង្ក្រាបកាន់តែខ្លាំងលើឧស្សាហកម្មន៍នេះ និងក្រុមហ៊ុនមួយទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារមួយដែល បានធ្វើប្រតិបត្តិការយ៉ាងទូលំទូលាយនៅក្រៅនិយតកម្ម។គណៈកម្មការមូលបត្រនិងអត្រាប្ដូរប្រាក់ហៅកាត់ថា (SEC) កាលពីថ្ងៃចន្ទ បានប្ដឹងក្រុមហ៊ុនអត្រាប្ដូររូបិយប័ណ្ណ គ្រីបតូ បាយនិន (Binance) ដែលជាហាងឆេងប្ដូររូបិយបណ្ណគ្រីបតូធំបំផុតលើពិភពលោក។ SEC បានចោទប្រកាន់ក្រុមហ៊ុន Binance និងអគ្គនាយករបស់ខ្លួន លោក Changpeng Zhao ពីបទប្រតិបត្តិការខុសច្បាប់នៃការបោកប្រាស់អតិថិជន និងការគេចវេះពីច្បាប់ ។ប្រសិនបើការប្តឹងផ្តល់ទទួលជោគជ័យ បណ្ដឹងទាំងនោះ នឹងអាចកែប្រែទីផ្សាររូបិយបណ្ណគ្រីបតូ ដោយបញ្ជាក់ថាយុត្តាធិការរបស់ SEC ជុំវិញ ឧស្សាហកម្ម ដែលរយៈពេលជាច្រើនឆ្នាំមកនេះ បានបង្ហាញថារូបិយបណ្ណទាំងនោះ មិនតំណាងឲ្យមូលបត្រទេ និងមិនគួរត្រូវបានកំណត់និយតកម្មដោយ SECដែរ។ លោក Kevin O'Brien ដែលជាដៃគូនៅក្រុមហ៊ុន Ford O'Brien Landy និងក្រុមហ៊ុន Ford O'Brien Landy និង ជាអតីតរដ្ឋអាជ្ញាសហព័ន្ធ បាននិយាយថា ករណីទាំងពីរគឺខុសគ្នា ប៉ុន្តែការត្រួតស៊ីគ្នា និង ចំណុចដែលដូចគ្នា គឺ យុទ្ធនាការដ៏ខ្លាំងក្លារបស់ SEC ដើម្បីនាំយករូបិយបណ្ណគ្រីបតូ ឲ្យស្ថិតនៅក្រោមយុត្តាធិការនៃច្បាប់មូលបត្រសហព័ន្ធ ដោយបន្ថែមថា SEC មិនធ្លាប់បានចាត់វិធានការលើក្រុមហ៊ុនរូបិបណ្ណគ្រីបតូសំខាន់ៗបែបនេះពីមុនមកទេ៕

រាជរដ្ឋាភិបាលលើកលែងពន្ធលើអចលនទ្រព្យ ស្ថិតនៅក្រុងបង្កើតថ្មីក្នុងឆ្នាំនេះ

2023/06/06 02:46:19 pm        471
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាស ស្តីពីការលើកលែងពន្ធលើអចលនទ្រព្យ ក្នុងឆ្នាំ ២០២៣ នេះ ចំពោះអចលនទ្រព្យស្ថិតក្នុងក្រុងបង្កើតថ្មីចំនួន៤ គឺក្រុងឧដុង្គម៉ែជ័យ, ក្រុងអរិយក្សត្រ, ក្រុងសំពៅពូន, និងក្រុងបូកគោ។តាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការលើកលែងពន្ធអចលនទ្រព្យ ចំពោះអចលនទ្រព្យស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ, ក្រុងអរិយក្សត្រ ខេត្តកណ្តាល, ក្រុងសំពៅពូន ខេត្តបាត់ដំបង់ និងក្រុងបូកគោ នៃខេត្តកំពត គឺត្រូវបានលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៣។ម្ចាស់អចលនទ្រព្យទាំងអស់ដែលស្ថិតក្នុងក្រុង ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ​នៅ​សាខាពន្ធដារខេត្ត ដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ, ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣។ក្នុងករណីអចលនទ្រព្យស្ថិតក្នុងក្រុងដូចមានកំណត់ក្នុងប្រការ១ នៃប្រកាសនេះ បានបង់ពន្ធលើអចលនទ្រព្យរួចហើយ ចំនួនប្រាក់ពន្ធដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាត​ឱ្យធ្វើជាឥណទានយោង សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់។ ម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធ លើអចលនទ្រព្យ​ដែលបានបង់រួច នៅសាខាពន្ធដារ​ខេត្ត ដែលអចលនទ្រព្យស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កង​ពន្ធលើអចលន​ទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់ទៀត​។ជុំវិញការលើកលែងពន្ធលើអចលនទ្រព្យនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរ​ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទោះបីជាកាតព្វកិច្ចក៏ដោយ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន Alibaba បណ្តុះបណ្តាលជំនាញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច

2023/06/06 01:49:40 pm        69
ភ្នំពេញ៖ ក្រុមហ៊ុនលក់តាមប្រព័ន្ធអនឡាញប្រទេសចិន Alibaba នឹងបើកថ្នាក់បណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិចជួយសហគ្រិន និងម្ចាស់អាជីវកម្មប្រព័ន្ធអេឡិចត្រូនិចខ្មែរ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង។ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែមិថុនា ក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្រុមហ៊ុនលក់តាម​ប្រព័ន្ធ​អនឡាញប្រទេសចិន Alibaba នឹងបើកថ្នាក់បណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិច មួយឈ្មោះថា Alibaba Netpreneur Masterclass នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅក្រោមកិច្ច​សហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ​និងក្រុមហ៊ុន Alibaba ។ក្រសួងបន្តថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ដល់សហគ្រិន និងម្ចាស់​អាជីវកម្ម​ប្រព័ន្ធ​អេឡិចត្រូនិចទាំងអស់ នូវបទពិសោធន៍ និងជំនាញថ្មីៗក្នុងការប្រើប្រាស់​បច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់អាជីវកម្ម និង សេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមាន​ប្រសើរឡើង។តាមរយៈថ្នាក់បណ្តុះបណ្តាលនេះ សហគ្រិន និងម្ចាស់អាជីវកម្មនឹងយល់ដឹងកាន់តែស៊ីជម្រៅអំពី​សេដ្ឋកិច្ចឌីជីថល​ ស្វែងយល់ពីជំហានផ្សេងៗដើម្បីជម្រុញអាជីវកម្មអោយមាន​ភាពយូរអង្វែងក្នុង​សម័យឌីជីថល ទទួលបានវិញ្ញាបនបត្របញ្ជាក់​ការសិក្សាក្រោយថ្នាក់បណ្ដុះបណ្ដាលចប់ ទទួល​បានឱកាសចូលរួមថ្នាក់បណ្តុះបណ្តាលផ្ទាល់​នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន​Alibaba ប្រទេសចិន សម្រាប់បុគ្គលឆ្នើម។ចំពោះ​កាលបរិច្ឆេទ​ចូលរៀន នឹងចាប់ផ្តើមពី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ដែលមានរយៈពេលពី ៦ ទៅ ៨ ម៉ោងក្នុងមួយសប្តាហ៍ ហើយតម្រូវអោយរៀនជា​ភាសាអង់គ្លេស។ វគ្គបណ្តុះបណ្តាល ធ្វើឡើងស្របតាមកិច្ចសហប្រតិបត្តិការពីការបង្កើតក្រុមការងារ​ចំពោះកិច្ច​សិក្សាពីលទ្ធភាព និងសម្របសម្រួលការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារ​អនឡាញ​បរទេសតាមរយៈថ្នាលបច្ចេកវិទ្យាក្រុមហ៊ុន​ Alibaba៕ អត្ថបទ៖ វណ្ណៈ

វិស័យធានារ៉ាប់រងនៅកម្ពុជា រក្សាបានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់

2023/06/06 11:25:34 am        143
ភ្នំពេញ៖ វិស័យធានារ៉ាប់រងនៅកម្ពុជាបានរក្សានូវកំណើនជាវិជ្ជមានរបស់ខ្លួនយ៉ាងប្រសើរ ខណៈដែលបុព្វលាភដុលសរុបមាន ប្រមាណជាង ៩៣ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ៥,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ទិន្នន័យធានារ៉ាប់រងកម្ពុជាប្រចាំត្រីមាសទី១ ចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា បង្ហាញថា បុព្វលាភធានារ៉ាប់រងទូទៅ មានចំនួនជាង ៤២លានដុល្លារ កើនឡើង ៦,៥ភាគរយ ធានារ៉ាប់រងអាយុជីវិត មានបុព្វលាភចំនួនជាង ៤៨លានដុល្លារ មានកំណើន៣,៨ភាគរយ និងបុព្វលាភធានារ៉ាប់រងខ្នាតតូចជាង ១,៨លានដុល្លារ កើនឡើង៤៥ភាគរយ។ចំណែកទីផ្សារនៃធានារ៉ាប់រងអាយុជីវិត មាន៥២,២៦ភាគរយ ខណៈធានារ៉ាប់រងទូទៅ មាន៤៥,៧៨ភាគរយ ​និងធានារ៉ាប់រងខ្នាតតូច ១,៨ភាគរយ ។បើតាមរបាយការណ៍ដដែល ទ្រព្យសកម្មសរុបនៃវិស័យធានារ៉ាប់រង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ មានចំនួន១ពាន់លានដុល្លារ ។ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ធ្លាប់បានលើកឡើងថា វិស័យ​ធានារ៉ាប់រង​នៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។បច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងសរុប៩៤ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅ១៨ ធានារ៉ាប់រងអាយុជីវិត១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច៧​ ក្រុមហ៊ុនធានារ៉ាប់រងបន្ត១ ក្រុមហ៊ុនជើងសាធានារ៉ាប់រង១៨ ​ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង៣៤ និងក្រុមហ៊ុនវាយ​តម្លៃហានិភ័យធានារ៉ាប់រង២ ​កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា។អត្ថបទ៖ វណ្ណៈ

ក្រុមនិយតករសហរដ្ឋអាមេរិកប្ដឹង ក្រុមហ៊ុន Binance និងស្ថាបនិក ពីបទរំលោភច្បាប់ការពារវិនិយោគិន

2023/06/06 10:19:40 am        137
អាមេរិក៖ ក្រុមហ៊ុនអត្រាប្ដូររូបិយបណ្ណគ្រីបតូ បាយនិន (Binance) និងអគ្គនាយករបស់ខ្លួន លោក Changpeng Zhao ត្រូវបានរងការប្ដឹងផ្ដល់ដោយក្រុមនិយតករសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី៥មិថុនា ពីបទប្រតិបត្តិការខុសច្បាប់នៃការបោកប្រាស់អតិថិជន និងការគេចវេះពីច្បាប់ ។  ការចោទប្រកាន់នានា បានដាក់សម្ពាធបន្ថែមទៀត លើក្រុមហ៊ុនអត្រាប្ដូរប្រាក់រូបិយបណ្ណគ្រីបតូ ធំបំផុតលើពិភពលោក និងបានធ្វើឲ្យអត្រាប្ដូររូបិយបណ្ណនិមិត្តប៊ីតខ័ញ (Bitcoin) ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេលជិត៣ខែ។ ទីភ្នាក់ងារសារព័ត៌មាននាននា បានរាយការណ៍ថា ក្រុមហ៊ុន Binance ត្រូវបានចោទប្រកាន់ពីបទអនុញ្ញាតឲ្យពលរដ្ឋអាមេរិកជួញដូរ ទោះបីជា platform នេះ មិនត្រូវបានចុះបញ្ជី នៅក្នុងប្រទេសនេះ ជាហាងឆេងអត្រាប្ដូរមូលបត្រក៏ដោយ។ ករណីនេះ ក៏បានចោទក្រុមហ៊ុន Binance បានប្រើប្រាស់ខុសមូលនិធិរបស់អតិថិជនផងដែរ។ បណ្ដឹងស៊ីវិល មួយដែលបានរៀបរាប់ការចោទប្រកាន់ចំនួន១៣ករណី ជាប់ពាក់ព័ន្ធទៅនឹង platforms និង អង្គភាពវិនិយោគផ្សេងទៀត ត្រូវបានគ្រប់គ្រងដោយស្ថាបនិកក្រុមហ៊ុននេះ គឺលោក Changpeng Zhao ដែលត្រូវបានប្ដឹងដោយគណៈកម្មការមូលបត្រនិងអត្រាប្ដូរប្រាក់ហៅកាត់ថា (SEC)។ ដើមបណ្ដឹង SEC កំពុងត្រូវបានតាមដានយ៉ាងដិតដល់បន្ទាប់ពីការចោទប្រកាន់កាលពីខែមីនាដោយនិយតករអាមេរិកមួយផ្សេងទៀតគឺ គណៈកម្មការទទួលបន្ទុកកិច្ចសន្យាទិញលក់ភាគហ៊ុន និងការអត្រាប្តូរមូលបត្រ។ មហាសេដ្ឋី Zhao គឺជាស្ថាបនិករបស់ក្រុមហ៊ុន Binance ហើយក៏ជាមហាសេដ្ឋីដែលល្បីល្បាញបំផុតនៃឧស្សាហកម្មគ្រីបតូផងដែរ។ លោកត្រូវបានគេមើលឃើញថាជាគូប្រជែងដ៏ធំបំផុតរបស់មហាសេដ្ឋីគ្រីបតូដែលទើបក្ស័យធនជនជាតិអាមេរិក លោក Sam Bankman-Fried ៕

ចិនកំពុងជួយជ្រោមជ្រែងលើផ្នែកសណ្ឋាគារ និងការស្រូបយកសក្តានុពលទេសចរណ៍ដល់កម្ពុជា

2023/06/05 02:35:09 pm        178
សៀមរាប៖ ក្រុមហ៊ុនអាកាសចរក្រៅស្រុកមួយ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមសណ្ឋាគារកម្ពុជា លើកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់នៃកិច្ចដំណើរការអាជីវកម្មឲ្យកាន់តែប្រសើរ និងក៏ជាការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការស្រូបយកភ្ញៀវទេសបរទេសបន្ថែម។លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា លើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនអាកាសចរឡានម៉ី និងសមាគមសណ្ឋាគារកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ឡានតុន ក្លជ័ (Lanton Cloud) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះថា ជុំវិញវិស័យសណ្ឋាគារ ខណៈក្នុងវិបត្តិជំងឺកូវីដ ១៩ ​កន្លងមកនេះ សណ្ឋាគារ​នៅកម្ពុជា​បានផ្អាកអាជីវកម្មស្ទើរតែទាំងស្រុង ក្នុងនោះបន្ទាប់ពីស្ថានភាពល្អប្រសើរ វិស័យ​សណ្ឋាគារ​នៅកម្ពុជាក៏បានដំណើរការឡើងវិញជាហូរហែរ ដើម្បីបដិសណ្ឋាកិច្ចសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ស្របពេលវិស័យទេសចរណ៍បានកំពុងកម្រើកឡើងវិញជាបណ្តើរៗផងដែរ។លោក បន្តថា ស្របពេលរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់អំពីវិស័យទេសចរណ៍ ជាពិសេស​ក្រោយពីវិបត្តិជំងឺកូវីដ ១៩ នេះ ក្នុងនោះចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន​អាកាស​ចរឡានម៉ី និងសមាគមសណ្ឋភារកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ នៃការចូលរួមស្តារឡើងវិញលើផ្នែក​សណ្ឋាគារ​ឡើងវិញ និងឲ្យមានទីផ្សារកាន់តែប្រសើរ នេះជាផ្នែកមួយនៃការចូលរួមលើកកម្ពស់​វិស័យសណ្ឋា គារនៅកម្ពុជា ជាពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការស្រូបយក​ភ្ញៀវទេសចរណ៍បរទេសឲ្យបានកាន់តែច្រើន ​និងក៏ជាការចូលរួមលើកកម្ពស់ដល់សិប្បកម្ម និងសហគ្រាស​ដែលផលិត និងវេចខ្ចប់​បម្រើឲ្យវិស័យទេសចរណ៍ បើកដំណើរអាជីវកម្មឡើងវិញ​ផងដែរ។សូមបញ្ជាក់ថា ការអនុស្សរណៈនៃការយោគយល់នេះ ភាគីទាំងពីរ ផ្អែកលើវេទិកាពាណិជ្ជកម្ម​អេឡិចត្រូនិក ឡានតុន ក្លាដ៏ (Lanton Cloud) និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា ក្នុងនោះ សមាគមសណ្ឋាគារ​កម្ពុជា នឹងជួយជ្រោមជ្រែងលើការរៀបចំសន្និសីទផ្សព្វផ្សាយ បង្កើនអត្រាប្រើប្រាស់​របស់អតិថិជន និងការគាំទ្រដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សណ្ឋាគារប្រកបដោយប្រសិទ្ធភាព ភាពពេញលេញ ការសន្សំសំចៃនិងភាពប្រកួតប្រជែង។ លើសពីនេះទៅទៀត Lanton Cloud នឹងបើកដំណើរ​ការផ្នែកកក់​សណ្ឋាគារនៅលើ APP របស់ខ្លួន ដែលមានឈ្មោះថា Lanton Cloud APP ដើម្បីបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្ម ​បង្កើនការឆ្នៃប្រឌិតថ្មីផ្នែកទីផ្សារ និងវិស័យ​សណ្ឋាគារ ហើយផ្ដល់ឱ្យអតិថិជននូវបទពិសោធន៍ប្រកប​ ដោយផាសុកភាព ជាមួយនឹងសេវាកម្ម និងផលិតផលដែលមានភាពប្រសើរជាងមុន៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ចូលកម្សាន្តនៅរមណីយដ្ឋានអង្គរ

2023/06/05 02:22:07 pm        675
សៀមរាប៖ គ្រឹះស្ថាន​អង្គរ ​រក​បានចំណូលជាង ១៦ លានដុល្លារ ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ តំបន់​ប្រាសាទ​កោះកែរ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស ក្នុង​រយៈពេល៥​ខែ​ដើមឆ្នាំ​២០២៣​។ សេចក្តីប្រកាស​ព័ត៌មាន​ ​របស់​គ្រឹះស្ថាន​អង្គរ បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ភ្ញៀវទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង ៣៤ម៉ឺន​នាក់ កើនឡើង ៦៥៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ខណៈ​ចំណូល​ដែល​គ្រឹះស្ថាន​អង្គរ​រក​ពី​ការ​លក់​សំបុត្រ មាន​ចំនួនជាង ១៦ លាន​ដុល្លារ កើនឡើង ៧៦៥ ​ភាគរយ​។​ដោយឡែក​ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​២០២៣ នេះ​គ្រឹះស្ថាន​អង្គរ​ ​រកបាន​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​កោះកែរ​ ចំនួនជិត៩ម៉ឺន​ដុល្លារ និង​ការ​លក់​សំបុត្រ​ទូក​ ចំនួនជាង ២៦ម៉ឺន​ដុល្លារ​​។យោងតាម​គ្រឹះស្ថាន​អង្គរ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែកចេញជា ៣​ប្រភេទ​ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មានតម្លៃ ៣៧​ដុល្លារ​, រយៈពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ​។ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួងទេសចរណ៍ ​និង​ស្ថិត​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ​គ្រឹះស្ថាន​អង្គរ​ ប្រមូលចំណូលពីការលក់សំបុត្រ​ចូល​ទស្សនាប្រាសាទបុរាណ ដល់ទេសចរបរទេស ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រាសាទ​កោះកែរ​, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀស។វិស័យទេសចរណ៍​គឺជា​សសរស្តម្ភ​មួយក្នុងចំណោម​សសរស្ដម្ភ​ទាំងបួន​ដែលជួយដល់​សេដ្ឋកិច្ច​កម្ពុជា។ ទិន្នន័យ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨​លាន​នាក់ ​កើនឡើង ១ ០៥៩​ភាគរយ​ធៀប​ឆ្នាំ​២០២១៕អត្ថបទ៖ ជា វណ្ណៈ

សម្តេចតេជោ៖ កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

2023/06/05 11:11:04 am        649
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មាន​សុទិដ្ឋិនិយម​ថា កម្ពុជា នឹង​ក្លាយ​ជាប្រទេសចំណូលធម្យមកម្រិតខ្ពស់​ នៅឆ្នាំ២០៣០ខាងមុខ តាមគោលដៅដែលបាន​ដាក់ចេញ បើទោះបីប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល​ បញ្ហាភូមិសាស្រ្តនយោបាយ នៃសង្គ្រាមរវាងអ៊ុយក្រែន ​និងរុស្ស៊ី ​និងវិបត្តិអាកាសធាតុក៏ដោយ។ពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ កម្ពុជា ​កំពុងធ្វើដំណើរឆ្ពោះទៅចំណុចចាក់ចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ ​និងកំពុងដើរឆ្ពោះជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។ សម្តេចតេជោ បន្តថា យោងតាមការព្យាករសេដ្ឋកិច្ច កម្ពុជា អាចសម្រេចបានគោលដៅ នៃ​ប្រទេសមាន​ចំណូលធម្យមកម្រិតខ្ពស់ បើទោះបីជាជំងឺរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិប្រែប្រួលអាកាសធាតុក៏ដោយ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើទោះបីជាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ​និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនិយោបាយ ខ្ញុំមានជំនឿថា កម្ពុជានឹងចាក​ចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ ហើយយើងនឹងដើរដល់គោលដៅ​ជាប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដូចអ្វីដែលបានដាក់ចេញជាគោលដៅ​នៃការអភិវឌ្ឍប្រកបដោយចីរភាព​ ដោយសារកំណើនសេដ្ឋកិច្ចដែលយើងមានសព្វថ្ងៃនេះ ផ្តល់ឪកាសឱ្យយើងឈានដល់គោលដៅ”។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា​ឲ្យក្លាយ​ជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ធនាគារពិភពលោក ចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៦ បន្ទាប់ពីប្រទេសកម្ពុជា ​មានកំណើនសេដ្ឋកិច្ចរយ:ពេលពីរទសវត្ស ជាប្រទេសឈានមុខ​ក្នុងការកាត់បន្ថយភាពក្រីក្រ។ បើតាមការចាត់ចំណាត់ថ្នាក់ដោយធនាគារពិភពលោកសម្រាប់ឆ្នាំ២០២២-២០២៣បានបង្ហាញថា ប្រទេស​ដែលមានប្រាក់មធ្យមកម្រិតទាប ​គឺត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗ ចន្លោះពី ១ ០៨៦ ទៅ៤ ២៥៥ ​ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែក ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗចន្លោះពី ៤ ២៥៦ ទៅដល់១៣ ២០៥ ដុល្លារក្នុងមួយឆ្នាំ ​ខណៈប្រទេសចំណូលខ្ពស់ត្រូវមានលើពី ១៣ ២០៥ ដុល្លារឡើងទៅ៕អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ៖ កម្ពុជានឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ

2023/06/04 10:14:27 am        220
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើន​នៃសេដ្ឋកិច្ចកម្ពុជា នឹងធ្វើឲ្យកម្ពុជាអាចចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍​តិចតួចនាពេលខាងមុខ។ ការចាកចេញពីឋានៈប្រទេសតិចតួចនេះ​ នឹងធ្វើឧ្យកម្ពុជា​ បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ដូចជា EBA ជាដើម។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនិយោជិតនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA នៅ​សហគមន៍អឺរ៉ុបទាំងស្រុងនៅត្រឹមឆ្នាំ ២០២៦ ឬ ២០២៧។ ការបាត់បង់នេះគឺដោយសារកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចចំណូលប្រជាពលរដ្ឋបានកើនឡើង។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "EBA នឹងបាត់នៅពេលណាមួយដែលប្រទេស​របស់យើងដល់កម្រិតអភិវឌ្ឍន៍។ បើបាត់ពីឥឡូវក្នុងចំនួន២០ភាគរយ វាគង់តែបាត់ ១០០ភាគរយនៅពេលខាងមុខជាមិនខាន អាចប៉ាន់ប្រមាណថាឆ្នាំ ២០២៦ ឬ ២០២៧ ព្រោះប្រទេសរបស់យើងមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតទេ។ បន្តិចទៀត ប្រទេសកម្ពុជានឹងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ដូច្នោះរកស៊ីត្រូវតែបង់ពន្ធឲ្យគ្នា ទៅវិញទៅមក"។សម្ដេចបញ្ជាក់ថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅ​តែ​មានកំណើន។ សម្តេចតេជោ បញ្ជាក់ថា ចិនបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជា ក្នុងនោះបានទិញយក​ផលិតផលកសិកម្មកម្ពុជា១១មុខ រួមមាន៖ ចេក ស្វាយ ស្វាយចន្ទី ត្រីប្រាជាដើម។ ក្រៅពីនេះជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិត​ផលកសិកម្ម​ពី​កម្ពុជាផងដែរ។ សូមបញ្ជាក់ថា ក្រុមការងារជំនាញរបស់អង្គការសហប្រជាជាតិបានវាយតម្លៃលើកទី១ លើ​ប្រទេស​កម្ពុជា លើការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចកាលពីឆ្នាំ២០២១កន្លងទៅ ហើយការវាយ​តម្លៃលើកទីពីរ គ្រោងធ្វើឡើងនៅឆ្នាំ២០២៤ ខាងមុខ ៕អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ៖ វិស័យកសិកម្ម ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

2023/06/04 10:01:04 am        196
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យកសិកម្ម នៅតែដើរតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបើទោះបីជាវិស័យកសិកម្មនេះរួមចំណែកកាន់តែតូចនៃផលិតផលក្នុងស្រុកសរុបក៏ដោយ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនិយោជិតនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាសល់ស្រូវជាងប្រាំមួយលានតោន និងអង្ករជាងបួនលានតោនសម្រាប់នាំចេញបន្ថែម ទៅលើនេះផលិតផលកសិកម្មសក្តានុពលផ្សេងទៀត របស់កម្ពុជាក៏មានកំពុងមានទីផ្សារទៅក្រៅប្រទេសក៏ដូចជាប្រទេសចិនជាដើម។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "វិស័យកសិកម្មរបស់យើង មានសមត្ថភាពផ្គត់ផ្គង់​ទីផ្សារអន្តរជាតិនូវអង្ករ ​ក៏ដូចជាស្វាយចន្ទី កៅស៊ូ ជាដើម ហើយការបើកចំហទីផ្សារនៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាទីផ្សារសម្រាប់កសិផលកសិកម្មរបស់យើង"។ សូមបញ្ជាក់ថា បច្ចុប្បន្ន វិស័យកសិកម្ម រួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ប្រមាណ២០ ភាគរយ ខណៈដែលវិស័យឧស្សាហកម្ម រួមចំណែក៣៨ ភាគរយនិងវិស័យសេវាកម្ម ២០ភាគរយ៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំកំពូលអ៊ីរ៉ង់៖ កងទ័ពជើងទឹកត្រៀមខ្លួនរួចរាល់ក្នុងការបង្កបរាជ័យដ៏ជូរចត់ថ្មីដល់អាមេរិក និងអ៊ីស្រាអែល
04/19/2026 11:04 AM
ក្រសួងស្ថាប័ន មន្រ្ដីរាជការ និងពលរដ្ឋ ថ្វាយព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះ​ស្បើយ​ពី​ព្រះរោគ
04/19/2026 10:04 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយ​ព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះស្បើយ​ពី​ព្រះ​រោគ
04/19/2026 10:04 AM
ពលរដ្ឋ និងភ្ញៀវទេសចរ ចូលទស្សនា ព្រលានយន្តហោះពោធិ៍ចិន មាន​ចំនួន​ច្រើន​លើស​ការ​រំពឹង​ទុក
04/19/2026 10:04 AM
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ៖ ពេលវេលាដល់ហើយសម្រាប់ការសន្ទនាជាមួយអាមេរិកពីទំនាក់ទំនងសេដ្ឋកិច្ចអនាគត
04/19/2026 10:04 AM
អ៊ីរ៉ង់និយាយថា គ្មានការកំណត់កាលបរិច្ឆេតនោះទេសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាជាមួយអាមេរិក
04/19/2026 09:04 AM
លោក Trumpព្រមានប្រឆាំងការគំរាមកំហែង ពេលដែលអ៊ីរ៉ង់រឹតបន្តឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz
04/19/2026 09:04 AM
មនុស្ស ៦នាក់ស្លាប់នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន ពេលខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ និងចាប់ចំណាប់ខ្មាំង
04/19/2026 09:04 AM
ប្រមុខ UNថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារលើក្រុមថែរក្សាសន្តិភាពនៅលីបង់
04/19/2026 09:04 AM
អ្នកចរចាជាន់ខ្ពស់៖ អ៊ីរ៉ង់នៅបន្តគ្រប់គ្រងច្រកសមុទ្រ Hormuz ថ្វីបើមានការបិទរបស់អាមេរិកក៏ដោយ
04/19/2026 08:04 AM