ត្រីមាសទី១ឆ្នាំនេះ កម្ពុជាប្រមូលថវិកាពីដៃគូ និងការបោះលក់មូលបត្រមានទំហំជាង ៥៦១ លានដុល្លារ សម្រាប់តម្រូវការអភិវឌ្ឍ
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្ម ជំរុញសហគ្រិនអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាកផលិតផល ដើម្បីទាញចំណែកទីផ្សារកាន់តែធំ

2023/06/29 02:07:39 pm        168
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញអ្នកផលិតអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាកផលិតផលឱ្យមានការទទួល​ស្គាល់​ពីអ្នកប្រើប្រាស់ ​និងមានភាពល្បីល្បាញ ដើម្បីទាញយកចំណែកទីផ្សារឱ្យបានកាន់តែធំ។ឯកឧត្តម សួន វិជ្ជា​ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិកាជាតិ​គ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានលើកឡើងក្នុង ពិធីបើក​សិក្ខាសាលាស្តីពី “ការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់​សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល” ដែលត្រូវរៀបចំឡើងនៅខេត្តសៀមរាប ថ្ងៃទី២៨ ខែមិថុនា ។ ឯកឧត្តម សួន វិជ្ជា លើកឡើងថា ក្នុងបរិការណ៍នៃការប្រកួតប្រជែងនៅលើទីផ្សាមានលក្ខណៈខ្លាំង​ក្លាផងដែរ តម្រូវឱ្យសហគ្រិនគ្រប់រូបមិនត្រឹមតែ​ មានភាពច្នៃប្រឌិត​ក្នុងការអភិវឌ្ឍ​ផលិតផលទំនិញ និងសេវាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាក​ផលិតផលឱ្យមានការ​ទទួលស្គាល់ពីអ្នកប្រើប្រាស់ និងមានភាពល្បីល្បាញដើម្បីទាញយកចំណែកទីផ្សារឱ្យ​បានកាន់តែធំ។ ឯកឧត្តម សួន វិជ្ជា បន្តថា ម៉ាកសម្គាល់ផលិតផល​ជាសញ្ញាមួយដែលភ្ជាប់​ទំនាក់ទង​រវាងផលិតផល​ជាមួយអ្នកប្រើប្រាស់ឱ្យសម្គាល់បាននូវ គុណភាព ស្តង់ដារ​ ប្រភពផលិតផល និងព័ត៌មានផ្សេងៗ​ដែល​ជួយ​​ដល់​ការសម្រេចចិត្តនៅពេលជ្រើសរើសផលិតផលមកប្រើប្រាស់។ ជាពិសេស ស្ថិតនៅ​ក្នុង​សម័យ​កាល​នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដូច្នេះ ​ការបំពាក់ម៉ាកផលិតផល​ឱ្យបានត្រឹមត្រូវ​ និងការរៀបចំយុទ្ធសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាក ជាផ្នែកមួយមិនអាចខ្វះបាន​នៅក្នុងការឈាន​ចូលទៅកាន់ទីផ្សារ។ ការកំណត់យកប្រធានបទសិក្ខាសាលា ដោយផ្តោតលើ “ការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់​កម្ម​សិទ្ធិបញ្ញា​សម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និង​ការអភិវឌ្ឍ​ផលិតផល” នាពេលនេះ​នឹងរួមចំណែកជំរុញសហគ្រិនស្ត្រីក្នុងគ្រប់វិស័យឱ្យ​យល់ដឹងពីកម្មសិទ្ធិបញ្ញា ទាំងក្នុង​ក្របខ័ណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងធ្វើការការរៀបចំយុទ្ធសាស្ត្រកសាងម៉ាកផលិតផលរបស់ខ្លួន​ឱ្យមានភាពប្រកួតប្រជែងលើទីផ្សារ។ក្រោមជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍ នាយកដ្ឋានបានគាំទ្រដល់សមាគមក្នុងការ ចុះបញ្ជីម៉ាក​សម្គាល់​ភូមិសាស្ត្រទំនិញបន្ថែមចំនួន៤ ដូចជា “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលកំពតកែប” “បង្កងតាកែវ” និង“ទឹកត្រីកំពតកែប និងបានចុះបញ្ជីម៉ាកសមូហភាពបន្ថែមចំនួន៤ “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” “នំបញ្ចុកសៀមរាប” “ដូងខ្ទិះបាត់ដំបងដែលសមិទ្ធផលទាំងអស់ខាងលើនេះ បានរួមចំណែក យ៉ាងសំខាន់ដល់ការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលខ្មែរ​ ថែរក្សាវប្បធម៌ និង​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមទិសដៅរបស់ក្រសួងពាណិជ្ជកម្ម និង​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ៕ អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ៖ ការងើបឡើងវិញវិស័យសេវាកម្ម និងឧស្សាហកម្ម ជាក្បាលម៉ាស៊ីនរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា

2023/06/28 03:14:42 pm        185
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថា ការងើបឡើងវិញ​នៃវិស័យ​សេវាកម្ម ​និងកំណើនខ្ពស់នៃវិស័យឧស្សាហកម្ម ជាក្បាលម៉ាស៊ីនរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា។ក្នុងពិធីសំណេះសំណាល​ជាមួយកម្មករនិយោជិតតាមរោងចក្រ ​សហគ្រាសនានា​ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា សម្តេចតេជោ ​ហ៊ុន សែន ​មានប្រសាសន៍ថា កំណើន​នៃចំនួនទេសចរបរទេស​ នឹងជំរុញឱ្យវិស័យសេវាកម្ម​ងើបឡើងវិញ បន្ទាប់ពីរងផល​ប៉ះពាល់នៅក្នុងអំឡុងវិបត្តិកូវីដ១៩។ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធទាំងផ្នែករឹង​ និងទន់ ​ដើម្បីបម្រើដល់ការ​ទាក់ទាញ​វិនិយោគមក​កាន់​ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា ​មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់៕

សម្តេចតេជោ៖ កំពង់ស្ពឺ នឹងមានរោងចក្រស៊ីម៉ង់ត៍មានសមត្ថភាព ២លានតោន ក្នុងមួយឆ្នាំ

2023/06/27 05:10:14 pm        283
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា ​រោងចក្រស៊ីម៉ង់ត៍ មានសមត្ថភាពផលិត ​ប្រមាណ២លានតោន ក្នុងមួយឆ្នាំ​ នឹងបើកដំណើរការនាពេលខាងមុខ ក្នុងខេត្តកំពង់ស្ពឺ ​ដែលនឹងធ្វើឱ្យខេត្តនេះ ​ក្លាយជាខេត្តផ្គត់ផ្គង់​ស៊ីម៉ង់ត៍​មួយក្នុងប្រទេស។ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត រោចក្រសហគ្រាស​នៅក្រុងច្បារមន ​ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ ខេត្តកំពង់ស្ពឹ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់គម្រោងវិនិយោគ​ រោងចក្រសហគ្រាស​ ក្នុងវិស័យកាត់ដេរ ​និងឧស្សាហកម្មធុនធ្ងន់​​។រោងចក្រផលិតស៊ីម៉ង់ត៍ខាងលើនេះ វិនិយោគដោយ ក្រុមហ៊ុនមកពីប្រទេសចិន Conch KT Cement ដែលកំពុងវិនិយោគរោងចក្រផលិតស៊ីម៉ងត៍​ ក្នុងខេត្តបាត់ដំបង​ ក្រោមទុនវិនិយោគប្រមាណ ២៦៣ លានដុល្លារ។ ​នេះបើយោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ។សូមជម្រាបជូនថា បច្ចុប្បន្ន រោងចក្រផលិតស៊ីម៉ង់ត៍ ៥ កំពុងដំណើរការ រួមមាន ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន កំពតស៊ីមេន, ក្រុមហ៊ុន ស៊ីម៉ង់ត៍ចក្រីទីង, ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន និង ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត៕អត្ថបទ៖ វណ្ណៈ

ប្រធាន WEF៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បង្ហាញពីសក្ដានុពលនៃកំណើនដ៏ធំសម្បើម

2023/06/27 02:48:07 pm        208
ចិន៖ ថ្លែងកាលពីថ្ងៃចន្ទ នៅទីក្រុងធានជីន (Tianjin) ប្រទេសចិន មុនវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) លើកទី១៤ នៃកិច្ចប្រជុំប្រចាំឆ្នាំជួយគាំទ្រថ្មី (AMNC) ដែលត្រូវបានគេស្គាល់ផងដែរថា ជាវេទិកា «ដាវ៉ូសរដូវក្តៅ» ប្រធាន WEF បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបង្ហាញពីសក្តានុពលដ៏ធំសម្បើម ខណៈដែលប្រទេសនេះកំពុងចាត់វិធានការ ដើម្បីជំរុញឲ្យមានកំណែទម្រង់ និងបន្តការបោះជំហានយ៉ាងសំខាន់ ក្នុងវិស័យថាមពលកកើតឡើងវិញ។ កិច្ចប្រជុំ Summer Davos គ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) ដល់ថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) នៅទីក្រុងធានជីន (Tianjin) បន្ទាប់ពីបានផ្អាករយៈពេល ៤ឆ្នាំ។ នៅក្នុងពិភពលោកមួយ ដែលកំណត់ឡើងវិញដោយការងើបឡើងដ៏យឺតយ៉ាវនៃសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាត និងអតិផរណាឡើងខ្ពស់ ប្រធានបទនៃកិច្ចប្រជុំដាវ៉ូសរដូវក្តៅ (Summer Davos) នាឆ្នាំនេះ គឺសហគ្រិនភាព ពោលគឺ «កម្លាំងចលករនៃសេដ្ឋកិច្ចសកល»។អំឡុងពេលផ្ដល់បទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN) ប្រធាន WEF លោក Borge Brende បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានវិសាលភាព ក្នុងការរីកចម្រើនប្រកបដោយគុណភាព ដោយសារកំពុងមានការរីកចម្រើនលឿនជាងសេដ្ឋកិច្ចប្រទេសភាគច្រើន ទោះបីជាសេដ្ឋកិច្ចពិភពលោក កំពុងមានវិបត្តិក៏ដោយ។លោក Brende បាននិយាយថា៖ «សេដ្ឋកិច្ចចិននៅតែមានសក្តានុពលដ៏ធំ។ សេដ្ឋកិច្ចពិភពលោក កំពុងកើនឡើង ២,៨ភាគរយ នៅឆ្នាំនេះ។ ប្រទេសចិនមានការកើនឡើងស្ទើរតែទ្វេដង យ៉ាងហោចណាស់ក៏ច្រើនជាង ៤ភាគរយដែរ។ ដូច្នេះ សេដ្ឋកិច្ចចិន នៅតែរីកចម្រើនលឿនជាងសេដ្ឋកិច្ចរបស់បស្រទេសភាគច្រើន នៅលើពិភពលោក»។ លោកបានបន្តថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលចិន ឥឡូវនេះ ក៏កំពុងចាត់វិធានការ ដើម្បីធ្វើឲ្យប្រាកដថាកំណើននេះ នៅតែបន្តឥតឈប់។ យើងបានមើលឃើញការរីកចម្រើននេះនៅលើការបញ្ចុះអត្រាការប្រាក់។ យើងក៏ឃើញដែរថា មានកំណែទម្រង់ថ្មីកំពុងកើតឡើង»។ជាមួយគ្នានេះ លោក Brende បានគូសបញ្ជាក់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងខ្លាំងក្លា ក្នុងវិស័យជាច្រើន ហើយជាប្រទេសនាំមុខគេ ក្នុងវិស័យថាមពលកកើតឡើងវិញ ផ្លូវរថភ្លើងល្បឿនលឿន និងការផលិតយានយន្តអគ្គិសនី ខណៈលោកបានបន្ថែមថា ប្រទេសចិនត្រូវបន្តកំណែទម្រង់សេដ្ឋកិច្ច ដើម្បីឈានទៅរកខ្សែសង្វាក់តម្លៃឧស្សាហកម្មដ៏សំខាន់៕

ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា បានគៀងគរទុនពីទីផ្សារប្រមាណជាង ៣០០ លានដុល្លារអាមេរិក

2023/06/27 02:40:34 pm        132
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុនចំនួន ១៩ នៅក្នុងផ្សារមូលបត្រកម្ពុជា បានគៀងគរទុនពីទីផ្សារប្រមាណជាង ៣០០ លានដុល្លារអាមេរិក និងរំពឹងថា ​នៅក្នុងបំណាចឆ្នាំនេះ ​និងមានក្រុមហ៊ុនជាច្រើន ​នឹងធ្វើការបោះផ្សារសញ្ញាប័ណ្ណ បន្ថែម ទៀត។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លើកឡើងនៅក្នុងពិធីចុះបញ្ជីផ្លូវ ការរបស់ក្រុមហ៊ុន ខេម ជីអេសអេម ម.ក នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា បច្ចុប្បន្ន មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៩ ​ក្នុងក្រុមហ៊ុនចំនួន ១០ ចុះបញ្ជីជាភាគ​ហ៊ុន និងក្រុមហ៊ុន ៩ ផ្សេងទៀត បានចុះបញ្ជីជាសញ្ញាប័ណ្ណ ដោយក្រុមហ៊ុនទាំង ១៩ បានគៀងគរទុនពីទីផ្សារបានក្នុងរង្វង់ប្រមាណជាង ​៣០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ឯកឧត្តម ​បន្តថា ផ្សារមូល បត្រកម្ពុជាមានក្តីរំពឹងថា ​នៅក្នុងដំណាច់ឆ្នាំ ២០២៣ នេះ នឹង​អាចទទួលបានក្រុមហ៊ុនជាច្រើន ​នឹងធ្វើការបោះផ្សារសញ្ញាប័ណ្ណបន្ថែម ​ទៀត ជាពិសេស​ក្រុមហ៊ុនដែលគ្រោងបោះផ្សាយសញ្ញាប័ណ្ណ។ជុំវិញនឹងការកើនឡើងនៃក្រុមហ៊ុនចុះបញ្ជី ​ចំពោះសកម្មភាពជួញដូរនៃផ្សារមូលបត្រកម្ពុជា ក៏មានការកើនឡើងគួរឲ្យកត់ សម្គាល់ ទោះជាស្ថានភាពជំងឺកូវីដ ​១៩ នាពេលកន្លងមក បានរំខានយ៉ាងណាក៏ដោយ តែទីផ្សារមូលបត្រកម្ពុជានៅតែកើនឡើងជា​លំដាប់ ។ឯកឧត្តម ហុង សុហួរ បន្តលើកឡើងថា ​ជាក់ស្តែងក្នុងឆ្នាំនេះ ​ទោះជាការជួញដូរទាបជាង តែ​សកម្មភាពវិញ ​គឺមានការកើនឡើង​ ក្នុងនោះវិនិយោគិនតូចៗ មានការជួញដូរជាប្រចាំច្រើនជាង​ឆ្នាំកន្លងមក ​ហើយការបើកគណនេយ្យជួយដូរប្រចាំថ្ងៃ​ ក៏មានការកើន ឡើងច្រើនផងដែរ ដែល​សកម្មភាពទាំងអស់នេះ បានផ្តល់នូវក្តីរំពឹងថា សម្រាប់ពេលខាងមុខ ទីផ្សារមូលបត្រកម្ពុជា​នឹងកើនឡើងកាន់តែខ្លាំង ដែលកម្មភាពនេះផ្សារមូលបត្រកម្ពុជាមាន​មហិច្ឆតា​ នៅឆ្នាំ ២០៣០ នឹង​មានការជួញដូរដល់ ១០០ លានដុល្លារ ក្នុងមួយថ្ងៃ ៕អត្ថបទ៖ សុន រ៉ាឌី 

សម្ដេចតេជោ៖ គោលនយោបាយរបស់សម្ដេចគឺការគ្រប់គ្រងស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច

2023/06/27 02:01:48 pm        484
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា គោលនយោបាយដឹកនាំរបស់សម្ដេច គឺការរក្សាឱ្យបាននូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ព្រោះថា បើគ្រាន់បែកសេដ្ឋកិច្ចផ្ទុះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋទាំងអស់ ។ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតតាមរោងចក្រ សហគ្រាស ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រឹងប្រែងខ្លាំងណាស់ ​ហើយជានិច្ចជាកាលយុទ្ធសាស្ត្រ ​និងមនោគមវិជ្ជារបស់សម្ដេច តែងតែក្ដាប់នូវចំណុចស្នូលចំនួន២ ​ដែលមានទំនាក់ទំនងជាប់ខ្សែ២​ នៃចំណងមួយ ។សម្ដេចតេជោ បន្តថា ចំណុចស្នូលទាំងពីរនោះ គឺម្ខាងត្រូវថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ​ឲ្យខានតែបាន ហើយម្ខាងទៀតត្រូវតែថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបាន ព្រោះទាំងពីរចំណុច​នេះ ត្រូវដើរទន្ទឹមគ្នា ។បច្ចុប្បន្នកម្ពុជា កម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ ​ប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត មិនភ័យបារម្ភពីបញ្ហាសង្គ្រាម​ ហើយបន្ទាប់ពីធូរស្រាល ​នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គឺកាល​ពីឆ្នាំ២០២២ កំណើតសេដ្ឋកិច្ចកម្ពុជាកើនឡើងវិញចំនួន​ ៥,២ភាគរយ ​ខណៈនៅឆ្នាំ២០២៣នេះ រំពឹងថា ​នឹងកើនដល់ ៥,៦ភាគរយ ៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជានាំចេញអង្ករទៅកាន់ហ្វីលីពីន ក្នុងបរិមាណ២៥៧៥តោន ជាលើកដំបូងនៅក្នុងឆ្នាំ២០២៣

2023/06/26 03:20:12 pm        251
ភ្នំពេញ៖ កម្ពុជាបានពង្រីកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនចំនួន ២៥៧៥តោន ជាបរិមាណមិនធ្លាប់មានជាលើកដំបូងនៅក្នុងឆ្នាំ២០២៣ ដែលជាការ​ឆ្លុះបញ្ចាំង​អំពី​ភាពរីកចម្រើន លើការងារពាណិជ្ជកម្មរវាងប្រទេសទាំង២។ដើម្បីអបអរសាទរនូវការសម្រេចជោគជ័យនេះ នៅព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសម្ពោធបើកច្រកទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជំទាវ ម៉ារៀ អាមីលីតា ស៊ី អេឃ្យូអ៊ីណូ(Maria Amelita C.Aquino ) ឯកអគ្គរដ្ឋទូតរបស់សាធារណៈរដ្ឋហ្វីលីពីន ប្រចាំនៅកម្ពុជា ។លោកឯកញ៉ា ចាន់ សុឃាំង ប្រធានសហពន្ធ័ស្រូវអង្ករកម្ពុជា បានលើកឡើងថា ការលេចរូបរាងនៃការនាំចេញទៅកាន់ទីផ្សារហ្វីលីពីននៅពេលនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តមរដ្ឋមន្រី្ត ប៉ាន សូរស័ក្តិ តែងតែងផ្តល់ការណែនាំ និង​ចង្អុលបង្ហាញ​ជាប្រចាំ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អជាប្រចាំរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយគ្រប់​នាយកដ្ឋាន​ទាំងអស់​នៃក្រសួងពាណិជ្ជកម្ម ជាពិសេស ក្រុមហ៊ុនហ្រ្គីនត្រេដ ដែលឈាន​ទៅរកការ​ធ្វើទស្សនកិច្ច​សិក្សាពីគ្នាទៅវិញទៅមក រហូតឈានដល់ការធ្វើកិច្ចព្រមព្រៀងទិញ​លក់តែម្តង ​ដែលក្រុមហ៊ុន Khmer Foods Group Co,Ltd ​ជាអ្នកសម្រេចឈានមុខគេ។លោកឧកញ៉ា គីម សាវុធ អគ្គនាយកក្រុមហ៊ុនKhmer Foods Group Co,Ltd បានមានប្រសាសន៍ថា កាល​ពីខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុនបាននាំចេញអង្ករចំនួន​ ២៥៧៥តោន ទៅ​កាន់ទីផ្សារហ្វីលីពីន រួចហើយ រីឯនៅខែមិថុនានេះ ក្រុមហ៊ុនគ្រោងនឹងនាំចេញក្នុងបរិមាណប្រមាណ២ពាន់តោន បន្ថែមទៀត ដូច្នេះនៅឆ្នាំ២០២៣នេះ កម្ពុជា អាចនាំចេញអង្ករប្រហែល៥ពាន់តោនទៅកាន់​ប្រទេសហ្វីលីពីន។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ទម្រាំ​ឈាន​ដល់កិច្ច​ព្រមព្រៀង​មួយនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបាន​ខិតខំប្រឹងប្រែងស្វែងរកការចរចា​ជាច្រើនលើក ច្រើនសារ ​ព្រោះកន្លងមកហ្វីលីពីន មានទីផ្សារចាស់រួចទៅហើយ ​ភាគច្រើន​នាំ​អង្ករចូលពី​ប្រទេសវៀតណាម​​ និងថៃ ​សម្រាប់កម្ពុជា ​គឺជាទីផ្សារថ្មីរបស់ហ្វីលីពីន ។យ៉ាងណាក៏ដោយការនាំ​ចេញលើកនេះ ​ឯកឧត្តមរដ្ឋមន្ត្រី ​ចាត់ទុកថា ​ជានិមិត្តរូបដ៏ល្អមួយនៃកិច្ចចាប់​ផ្តើម​ពាណិជ្ជកម្មអង្ករកម្ពុជា-ហ្វីលីពីន ​ដែលភាគីទាំង២ នឹងប្រឹងប្រែងធ្វើការអោយកាន់តែស៊ី​ជម្រៅបន្ថែមទៀត​លើកិច្ចការ​ផ្សព្វផ្សាយ​ជម្រុញទីផ្សារ និងទាក់ទាញអតិថិជនហ្វីលីពីន​អោយ​ចូលចិត្តប្រើប្រាស់ និង ទទួលទានអង្ករកម្ពុជាអោយកាន់តែច្រើនឡើង ។ ក្រៅពីទីផ្សារហ្វីលីពីន កម្ពុជា កំពុង​សម្លឹង​មើលទីផ្សារ សិង្ហបុរី និងទីផ្សារចាស់គឺ ហុងកុង ដើម្បីពង្រីកការនាំចេញ​អោយកាន់តែច្រើន​ដើម្បីកាត់​បន្ថយ​អតិរេក​ស្រូវ​នៅកម្ពុជា។គួរកត់សម្គាល់ថា ​ប្រទេសហ្វីលីពីនជាប្រទេសផលិត ​និងនាំចេញអង្ករដ៏ធំមួយក្នុងពិភពលោក ដែលឈរនៅលំដាប់​លេខរៀងទី០៤ ​នៅលើពិភពលោក ​និងលេខរៀងទី០២​នៅតំបន់អាស៊ីបន្ទាប់​ពីប្រទេសចិន ដែលនាំចូលអង្ករប្រមាណជាង ៣លានតោន ហើយភាគច្រើននាំចូលពីវៀតណាម និងថៃ។សូមរំលឹកដែរថា ​កន្លងទៅកម្ពុជាធ្លាប់បាននាំចេញអង្ករទៅហ្វីលីពីនចំនួន២លើកគត់ គឺទី១ កាលពីឆ្នាំ២០២០ ចំនួន៣០០តោន លើកទី២ ចំនួន១០០តោន នៅឆ្នាំ២០២១ ៕ អត្ថបទ៖ សូដាវណ្ណ

សម្ដេចតេជោ ឱ្យពន្លឿនធ្វើច្បាប់ស្ដីពីតុលាការពាណិជ្ជកម្ម ដើម្បីពង្រឹងវិស័យធុរកិច្ចនៅកម្ពុជា

2023/06/26 02:55:08 pm        298
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីធានាដល់ការដោះស្រាយវិវាទពាណិជ្ជកម្ម និងធុរកិច្ច និងជាការលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃទី២៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ ណែនាំក្រសួងយុត្តិធម៌​ រៀបចំក្របខណ្ឌច្បាប់ លើការបង្កើតតុលាការពាណិជ្ជកម្ម ​ប្រកបដោយគុណភាព, តម្លាភាព និង ​ភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍អះអាងថា« គប្បីពន្លឿនច្បាប់ទាក់ទងនឹងតុលារការពាណិជ្ជកម្ម។ ខ្ញុំស្នើ គួរតែខិតខំជំរុញឱ្យចេញនៅក្នុងនីតិកាលខាងមុខនេះ នូវច្បាប់ស្តីអំពីតុលាការពាណិជ្ជកម្ម។ រៀបចំតុលារការពាណិជ្ជកម្មនេះឡើង ដើម្បីកាត់ក្តីទៅលើរឿងនេះ ។បើតាមក្រសួងយុត្តិធម៌ ការបង្កើតតុលាការឯកទេសមួយនេះ ដើម្បីបង្កើនជំនឿទុកចិត្ដ ពីអ្នកវិនិយោគ តាមរយៈបង្កើនគុណភាពនៃសេវា ក្នុងការដោះស្រាយសំណុំរឿងក្ដី ទៅតាមជំនាញនីមួយៗ ដែលចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿងតុលាការ តាមរយៈដំណើរការនីតិវិធីបានលឿនជាងមុន។ ការដាក់ឲ្យដំណើរការ​តុលាការពាណិជ្ជកម្មនេះ គឺជំហ៊ានដំបូងធ្វើឡើងនៅរាជធានីភ្នំពេញ ​ក្នុងនោះមានទាំងសាលាដំបូង និងសាលាឧទ្ធរណ៍នៅជាមួយគ្នាតែម្ដង។ ជំហ៊ានបន្ទាប់ អាចគ្រោងបង្កើតនៅខេត្តព្រះសីហនុ ហើយជាពិសេសនៅតំបន់ណាដែលមានការធ្វើពាណិជ្ជកម្មច្រើន។សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ដំណើរការតែតុលាការព្រហ្មទណ្ឌ និងតុលាការរដ្ឋប្បវេណីប៉ុណ្ណោះ។ រាល់សំណុំរឿង ​ដែលពាក់ព័ន្ធនឹងវិវាទផ្នែកពាណិជ្ជកម្ម និងផ្នែកការងារ ត្រូវបញ្ជូនទៅឲ្យ​តុលាការរដ្ឋប្បវេណី កាត់ក្តី៕ អត្ថបទ ៖ វណ្ណៈ រូបភាព

សម្ដេតេជោ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនឹងកើនដល់ ៥,៦% ហើយឆ្នាំក្រោយកើនដល់ ៦,៦%

2023/06/25 11:26:52 am        682
ស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត ៥,៦ ភាគរយនៅឆ្នាំ២០២៣នេះ និងនៅឆ្នាំ២០២៤ នឹងបន្តកើនក្នុងរង្វង់ ៦,៦ ភាគរយ ដែលកំណើនទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាល​ជា​មួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ។ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគោលនយោបាយច្បាស់សាស់របស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ជាតិឡើងវិញ ប្រកបដោយ​ភាពធន់, ចីរភាព និងបរិយាប័ន្ន ក្រោយវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានអនុម័តនូវ «ច្បាប់ស្ដីពីវិនិយោគ» ថ្មីមួយ និង បានដាក់ចេញនូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារសេដ្ឋកិច្ច​កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតី ភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។ រាជរដ្ឋាភិបាលក៏បាន ​និងកំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធទាំងរូបវន្ត និងឌីជីថលលើកកម្ពស់គុណភាពសេវាឡូជីស្ទីក បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។សូមជម្រាបថា សម្រាប់រយៈពេលមធ្យមខាងមុខ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា នឹងឈានដល់ដំណាក់កាល « ប្រែប្រួលថ្មីមួយ» ទៀត ដែលជាអន្តរកាលឆ្ពោះទៅសម្រេច​ឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ការណ៍នេះទាមទារនូវការយកចិត្តទុកដាក់ចំពោះការពង្រឹងឡើងថែមទៀតនូវស្ថាប័នសាធារណៈ ដែលជារចនាសម្ព័ន្ធនៃយន្តការសំណុំវិធាននៃច្បាប់ទាំងផ្លូវការ និងមិនផ្លូវការ, ធនធានមនុស្ស, មធ្យោបាយ, និងធនធានហិរញ្ញវត្ថុ៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមហ៊ុនធំៗចំនួន២ បន្ដចុះកិច្ចសន្យាបញ្ជាទិញស្រូវ និងដំឡូងមីសរីរាង្គរពីកសិករ ក្នុងខេត្តព្រះវិហារ ក្នុងបរិមាណសរុប៤៣,៧៧០តោន

2023/06/23 04:56:19 pm        227
ព្រះវិហារ៖ ស្រូវនិងដំឡូងមីសរីរាង្គរបស់កសិករក្នុងខេត្តព្រះវិហារ ដែលចាត់ទុកជាខេត្តផលិតបាន នូវកសិផលសរីរាង្គដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមហ៊ុនធំៗចំនួន២ បន្ដចុះកិច្ចសន្យា ទទួលទិញពីសហគមន៍កសិកម្មចំនួន៣១ នៅក្នុងខេត្តព្រះវិហារ លើបរិមាណសរុប៤៣,៧៧០ តោន ក្នុងរដូវកាលឆ្នាំ២០២៣នេះ ។កិច្ចសន្យាទិញលក់ ស្រូវ និងដំឡូងមីសរីរាង្គនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុក គឹម សាន្ដ អភិបាលរងខេត្ត លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេម រុរ៉ាយស៍ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អង្គការដៃគូរអភិវឌ្ឍន៍ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ថ្នាក់ដឹកនាំសហគមន៍ កសិកម្មទាំង ៣១ និងកសិករជាក្រុមផលិតជាច្រើនរូបទៀត។លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២កន្លងមកនេះ យើងមានកសិផលសរីរាង្គសរុបចំនួន ២៨,០០០តោន ត្រូវបានផលិត និងផ្គត់ផ្គង់ តាមកិច្ចសន្យា ពីកសិករប្រមាណជាង៥,០០០គ្រួសារ ក្នុងនោះរួមមាន ស្រូវសរីរាង្គ ចំនួន ១៥,០៨០តោន, ដំឡូងមីសរីរាង្គ ១៣,០០០តោន, និងសណ្ដែកដីសរីរាង្គ ចំនួន៥ តោន។ហើយក្នុងចំណោមលទ្ធផលនៃ កិច្ចសន្យាដែលសម្រេចបានខាងលើក្រុមហ៊ុនអេមរុ រ៉ាយ ស៍ និង ក្រុមហ៊ុន ស៊ីអេស៊ីស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុតក្នុងការទទួលទិញកសិផលពី ​កសិករ ក្នុង​ខេត្តព្រះវិហារ ដែលអាចនិយាយបានថាជាង ៩០%នៃលទ្ធផលនេះ បានមកពីការបញ្ជាទិញ របស់ក្រុមហ៊ុនទាំងពីរនេះ។ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ៍កម្ពុជា ប្ដេជ្ញាខិតខំប្រឹងប្រែង យក​ចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញការផ្សព្វផ្សាយ​ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់​ទីផ្សារពិភពលោកឱ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាបំផុត ​ក្នុងគោលដៅធ្វើយ៉ាង ណាឱ្យ​អង្ករព្រះវិហារ កាន់តែមាន​កេរ្តិ៍ឈ្មោះ​ល្បីនៅឆាកអន្ដរជាតិ។ ​ហើយទោះបែបនេះក្ដី លោក នៅតែបន្ដទទូចស្នើសុំដល់កសិករផលិតទាំងអស់សូមមេត្តាបន្ដភាពស្មោះត្រង់របស់ខ្លួន ​ធ្វើយ៉ាង ណាត្រូវគោរពទៅតាមគោលការណ៍កិច្ចសន្យា ពិសេសស្ដង់ដាសរីរាង្គ។ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងសហការគ្នាបានយ៉ាងល្អ ​ពីគ្រប់ភាគីពាក់ព័ន្ធ ដោយមានការ​សម្របសម្រួល​ពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវក្នុងក្របខណ្ឌ​កសិកម្មតាមកិច្ចសន្យា ​ដែលអាច ចាត់ទុកថាជាខ្សែបន្ទាត់​ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះ ​ទៅទិសដៅមួយយ៉ាងជាក់លាក់ ​ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ​ដោយឈរ លើគោលការណ៍សំខាន់ ៣គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់​ប្រកបដោយ​និរន្តរភាព គុណភាព ផលិតផល ​ធានាបាននូវតម្លៃ ​សាមគ្គីភាព កិច្ចសហការ ជំនឿ​ទុកចិត្ត និងផ្ដល់ផល ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក​ ដើម្បីជម្រុញឲ្យវិស័យកសិកម្ម នៅក្នុងខេត្ត​ព្រះវិហារ នឹងក្លាយជាកសិកម្ម បែបសរីរាង្គចាប់ពីមូលដ្ឋាន រហូតដល់ទីផ្សារចរាចរផលិតផល ដើម្បី​សម្រេចបាននូវគោល នយោបាយ ជម្រុញផលិតកម្មស្បៀង និងការនាំចេញរបស់រាជរដ្ឋាភិបាល​កម្ពុជា ជួយបង្កើននូវ ​កំណើនសេដ្ឋកិច្ចជាតិ ​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើន​ប្រាក់ចំណូល ផ្ទាល់ដល់ក្រុមកសិករជាអ្នកផលិត។គួរបញ្ជាក់ថា ក្រុមហ៊ុនធ្វើការបញ្ជាទិញស្រូវ និងដំឡូងមីសរីរាង្គរពីកសិករ សម្រាប់​កែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងនោះរួមមានក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា ចុះកិច្ចសន្យាទិញស្រូវសរីរាង្គ លើបរិមាណសរុប ១៦,០០០តោន និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាទិញដំឡូងមី សរីរាង្គលើបរិមាណសរុប ២៥,០០០តោន និងសណ្តែកដីសរីរាង្គ លើបរិមាណសរុប ១០តោន។ លើសពីនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានផ្តល់ឥណទានពូជស្រូវផ្កា​ រំដួលចុះបញ្ជីប្រមាណជា ៥៩,៤០០គីឡូក្រាម ​សម្រាប់ការដាំដុះក្នុងឆ្នាំ២០២៣នេះ ​ដើម្បីរួមចំណែក ក្នុងការបង្កើនទិន្នផល និង​គុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM