គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជានាំចេញកៅស៊ូស្ងួតបរិមាណជាង៣៧ម៉ឺនតោន កើនឡើងតិចតួចក្នុងឆ្នាំ២០២២

2023/01/17 01:52:48 pm        772
ភ្នំពេញ៖ កម្ពុជា បាននាំចេញកៅស៊ូស្ងួតចំនួន ៣៧២ ៩០០ តោនក្នុងឆ្នាំ២០២២ កើនឡើង ១,៨ ភាគរយពី ៣៦៦ ៣០០ តោនកាលពីឆ្នាំមុន។របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កម្ពុជា ​រក​បាន​ប្រាក់​ចំណូល​ចំនួន ៥២៧,៧ លាន​ដុល្លារ​អាមេរិក​ពី​ការ​នាំ​ចេញ​ទំនិញ​កាលពី​ឆ្នាំ​មុន ធ្លាក់​ចុះ ១២ ភាគរយ​ពី ៦០០,៧ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។ឯកឧត្តម ហ៊ឹម អូន អគ្គនាយក​នៃអគ្គនាយកដ្ឋានកៅស៊ូ ​បាន​និយាយនៅក្នុងរបាយការណ៍ថា កៅស៊ូ​ស្ងួតមួយតោនជាមធ្យមមានតម្លៃ ១ ៤១៥ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ប្រហែល ២២៥ ដុល្លារតិចជាងឆ្នាំ ២០២១ ។ឯកឧត្តម ហ៊ឹម អូន ធ្លាប់បាន​បញ្ជាក់ថា កត្តា​ដែល​នាំឱ្យ​ការនាំចេញ​កៅស៊ូ​កើនឡើង​ក្នុងអំឡុង​ពេលនេះ​ ដោយសារ​ឧបសគ្គ​ចំពោះ​ការ​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ធូរស្រាល​ជា​បណ្តើរៗ​ ហើយ​នៅ​តាម​បណ្តា​ប្រទេស​ផលិត​កៅស៊ូ រដ្ឋាភិបាល​បាន​ដកចេញ​វិញ​នូវ​ការ​រឹតត្បិត​ប្រទេស ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​។ កម្ពុជា នាំចេញទំនិញ​ភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម​ សិង្ហបុរី និងចិន។របាយការណ៍​ បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​សរុប ៤០៤.៥៧៨ ​ហិកតា ដែល​ក្នុង​នោះ​ដើមកៅស៊ូ​លើ​ផ្ទៃដី ​៣១៥.៣៣២ ហិកតា ឬ ៧៨ ភាគរយ​ ដល់​អាយុសម្រាប់ជៀជ័រកៅស៊ូបាន​៕ អត្ថបទ៖ វណ្ណៈ 

ការនាំចេញផលិតផលស្បែកជើងឆ្នាំ ២០២២ មានទំហំទឹកប្រាក់ ១.៧ ពាន់លានដុល្លារអាម៉េរិក

2023/01/16 12:50:39 pm        483
ភ្នំពេញ៖ តម្លៃនាំចេញផលិតផលស្បែកជើង នៅក្នុងឆ្នាំ ២០២២ ​សម្រេចបានប្រមាណជា ១.៧ ពាន់លាដុល្លារអាមេរិក ​កើនឡើងប្រមាណ ៧.៧ ភាគរយ ​បើធៀបទៅនិងឆ្នាំ២០២១ ហើយទីផ្សារធំ​ជាងគេ មានសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជា (CFA) លើកឡើង នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ ​ការនំាចេញស្បែកជើង មានទំហំទឹកប្រាក់ប្រមាណ ​១.៧ លានដុល្លារអាមេរិក កើនឡើងជា ​​៧.៧ ភាគរយ ខណៈកម្ពុជា​បាននាំចេញផលិតផលសរុបប្រមាណជាង​ ២២ ពាន់លាន​ដុល្លារ​អាមេរិក កើនឡើងជាង ១៦ ភាគរយ។ចំពោះទីផ្សារនាំផលិតផលស្បែកជើងនៅក្នុងឆ្នាំ ២០២៣ វិញ អ្នកឧកញ៉ា លី ឃុនថៃ ​មើលឃើញថា អាចនឹងមានស្ថានភាពថមថយចុះមកវិញខ្លះៗ ​ខណៈដែលការបញ្ជាទិញពីដៃគូរក្រៅប្រទេស នៅ​ក្នុងឆ្នាំ ២០២២ ​បាននាំចូលជាគំហុក ​ដែលធ្វើឲ្យស្ថានភាពនៃការចែកចាយរបស់ពួកគាត់ មិនទាន់អស់ពីស្តុកនៅឡើយ។សូមបញ្ជាក់ថា ​វិស័យឧស្សាហកម្ម ត្រូវបាន​ព្យាករថា ​នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ​ប្រហាក់ប្រហែល​ទៅនឹងកំណើនឆ្នាំ​ ២០២២​ ក្នុងអត្រា ៩,០% ដោយសារការ​រំពឹងទុក​លើការបន្តកំណើនរឹងមាំ​ នៃអនុវិស័យកាត់ដេរ​ និងកម្មន្តសាលមិនមែនកាត់ដេរ​ ដោយសារការ​រំពឹងទុក ​លើភាពល្អប្រសើរនៃតម្រូវការខាងក្រៅ​ ជាពិសេសទីផ្សារសហរដ្ឋអាម៉េរិក​ ស្របជាមួយការ​រំពឹងទុកលើការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ដូចជា ​មីយ៉ាន់ម៉ាជាដើម។ការដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ​​ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងបន្ថែមក្នុង​អនុវិស័យ​នេះផងដែរ តែយ៉ាងណាមិញ ​ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំ​ឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ​ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន សហរដ្ឋអាម៉េរិក ​និងសហភាពអឺរ៉ុប ​អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបចាប់ផ្តើមតភ្ជាប់តួស្ពានហើយនៅព្រឹកនេះ

2023/01/16 09:17:28 am        942
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលដល់ដំណាក់កាលនៃការតភ្ជាប់តួស្ពានទាំងមូលហើយ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ។តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ។ ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥ ។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។ ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង។កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង៣.៧៥ ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាមេរិក៕ (ដោយ៖ ប្រាក់ វ៉ាន់ដា / ថត ៖ ប៉ាន់ បូនី)

រោងចក្រទឹកស្អាតបាក់ខែង នឹងដាក់ដំណើរការតាមផែនការគ្រោងទុក ដើម្បីដោះស្រាយទឹកជូនប្រជាពលរដ្ឋ

2023/01/15 12:02:53 pm        1290
ភ្នំពេញ៖ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី ២ នឹងដាក់ឲ្យដំណើរការទៅតាមផែនការគ្រោងទុក ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ដែលមានស្រាប់ ដែលមានសម្ពោធទឹកទាប​ ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែក​ខាងលេច ដែលជាការឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ។ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូបារំាង ដែលដឹកនាំដោយ ឯកឧត្តម Damien REGNARD សមាជិកព្រឹទ្ធសភាបារាំង នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ នេះថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតជាមធ្យមប្រមាណ ៦៣០ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលសមត្ថភាពផលិតនេះអាចផ្គត់ផ្គង់​បានគ្រប់គ្រាន់ សម្រាប់តម្រូវការទឹកស្អាត​​នា​ពេលបច្ចុប្បន្ន, ប៉ុន្តែនៅពេលមានតម្រូវការប្រើប្រាស់ទឹកស្អាតនៅម៉ោងគំហុក បានធ្វើឱ្យនៅតាម​តំបន់ជាយរាជធានីភ្នំពេញ ជួបប្រទះនឹងកង្វះខាតទឹកស្អាតប្រើប្រាស់ ។ឯកឧត្តម បន្តថា ចំពោះគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលបានកំពុងដំណើរ​ការ​សាងសង់​ មកដល់ពេលនេះបានប្រមាណ ៧០ ភាគរយរួចហើយ ​ជាគម្រោងស្ថិតក្រោមជំនួយ ក៏ដូចជា​ហិរញប្បទានពីប្រទេសបារាំង​ ប្រមាណជា ២០០ លានដុល្លារអាមេរិក ដែលកញ្ចប់​ទាំង​អស់នេះ ​គឺបានចាប់ផ្តើមតាំងពីឆ្នាំ ២០២០ ហើយនៅក្នុងខែ ឧសភា ខាងមុខនេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញនឹងដាក់ឲ្យដំណើរការក្នុងដំណាក់កាលទី១ ក្នុងទំហំប្រមាណ ១៩៥ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ និងគ្រោងដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ២ បន្តទៀត ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ដែលចែកចាយស្រាប់ មានសម្ពោធទឹកទាប ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែកខាងលេច ។ជុំវិញវិស័យទឹកស្អាតនេះ ឯកឧត្តម Damien REGNARD សមាជិកព្រឹទ្ធសភាបារាំង បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសាងសង់ VINCI Construction ដែលបានខិតខំសាងសង់ទៅតាមគម្រោងផែនការរបស់ខ្លួន ​និងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបាន​គិតគូរខ្ពស់ នៃការបង្កើតគម្រោងទឹកស្អាតថ្មីនេះឡើង ដើម្បីដោះស្រាយនូវបញ្ហាកំពុង​ជួបប្រទះ ​ស្របតាមការរីកចម្រើនរបស់កម្ពុជា។សូមបញក់ថា រាជធានីភ្នំពេញ កំពុងតែមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ដែល​ជាហេតុ​​ធ្វើឲ្យតម្រូវការប្រើប្រាស់ទឹកស្អាតចេះតែកើនឡើង ជាក់ស្តែងចាប់ពីចុងទស្សវត្សឆ្នាំ ២០០០ មក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកសមត្ថភាពផលិត និងចែកចាយទឹករបស់ខ្លួនឥតឈប់ឈរ ជាពិសេសតាមរយៈការសាងសង់រោងចកផលិតទឹកស្អាតជ្រោយចង្វារជំហានទី ១ និងជំហានទី ២ ក្នុងទស្សវត្សឆ្នាំ២០០០។ បន្ទាប់មក បានសាងសង់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី ១ និងជំហានទី ២ នៅឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧ និងនៅចុងឆ្នាំ២០១៩ រោងចក្រផលិតទឹកស្អាត​ចំការមន ក៏បានដាក់ឱ្យដំណើរការ ព្រមទាំងមានការគ្រោងដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្ម​ទឹកស្អាតបាក់ខែងជំហានទី១ ដែលនឹងដាក់ឲ្យប្រើប្រាស់នាពេលខាងមុខនេះ៕

ក្រុមហ៊ុនជាង៤០ សហការរៀបចំពិព័រណ៍ការងារ នៅCJCC នាចុងសប្តាហ៍នេះ

2023/01/13 04:56:06 pm        748
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC )នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ការងារ Job Fair 2023 ដែលមានក្រុមហ៊ុន​ចូលរួម​សហការ​រៀបចំចំនួន៤៣ក្រុមហ៊ុន ហើយនិងមានមុខដំណែងការងារប្រមាណជាង៣០០ ដើម្បីបើកឱកាសឲ្យអ្នកចូលរួមអាចដាក់ពាក្យសុំចូលរួមធ្វើការងារ។លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ​ជប៉ុនCJCC ថ្លែងនៅថ្ងៃទី១៣ ខែមករានេះថា​ ព្រឹត្តិការណ៍​ពិព័រណ៍​ការងារនេះ បើកឱកាស​មនុស្ស​ទូទៅ​ចូលរួម​ទស្សនា​ដោយ​សេរីមិនគិតថ្លៃ ​ជាពិសេសសម្រាប់អ្នកស្វែងរកការងារធ្វើ ​និងអ្នកចង់ប្តូរការងារ ហើយក្នុងអំឡុង​ពេលចូលរួមទស្សនាពិព័រណ៍ការងារ ​គឺគេអាចដាក់ពាក្យសុំចូល​សំភាសន៍​ផ្ទាល់តែម្តង ហើយ​គេអាចចូលរួមស្តាប់ការធ្វើបទបង្ហាញនានា​របស់​វាគ្មិន​ក្រុមហ៊ុន ដែលទាក់ទង​នឹងការធ្វើការងារផងដែរ។សូមបញ្ជាក់ថា ​មជ្ឈមណ្ឌលCJCC បានចាប់ផ្តើមរៀបចំព្រឹត្តិការណ៍​ពិព័រណ៍​ការងារនេះ​ដំបូង​នៅឆ្នាំ២០១២ ហើយបន្តរហូត​មក​ដល់​បច្ចុប្បន្ន ​គោលបំណង ​ធ្វើការ​ផ្គូផ្គង​គ្នា ​ពោលគឺធ្វើការផ្តល់​ឱកាស​ការងារជូន​បណ្តាសិស្សនិស្សិតកំពុងសិក្សា និងអ្នកមានចំណេះជំនាញ​នានា​ដែល​បំណងចង់​រកការងារធ្វើ ជួបជាមួយក្រុមហ៊ុនដែលមានតម្រូវការបុគ្គលិកចូលបំរើការងារ។ ក្រៅពីនេះ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍​ការងារនេះ ក៏ផ្តល់ឱកាសឲ្យអ្នកមានបំណងចង់រកការងារ​អាចចូលស្តាប់ការធ្វើបទបង្ហាញពីប្រវត្តិក្រុមហ៊ុននានានោះ ​ដើម្បីគេងាយធ្វើការងារ​វិនិច្ឆ័យ សម្រេចចិត្តក្នុងការទៅដាក់ពាក្យចូលធ្វើការងារនោះ ​ហើយគេក៏អាចចូលរួមសិក្ខាសាលា ដើម្បីដឹងពី​របៀបធ្វើការងារនានានៅក្នុងក្រុមហ៊ុននានានោះ៕ អត្ថបទ ស៊ុម សុខជា.

ក្រុមវិនិយោគិន និងពាណិជ្ជករថៃ កំពុងស្វែងរកដៃគូ ដើម្បីពង្រីកពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា

2023/01/13 03:55:02 pm        828
ភ្នំពេញ៖ ក្រុមវិនិយោគិន និងពាណិជ្ជករថៃ កំពុងស្វែងរកដៃគូទីផ្សារពាណិជ្ជកម្ម និង​វិនិយោគ​នៅកម្ពុជា ​ដើម្បីបង្កើនកិច្ចសហការ និងចូលរួមរុញទំហំពាណិជ្ជ ​កម្មរវាងប្រទេសថៃ ​និងកម្ពុជា​ ឲ្យមានកំណើនងើបឡើងកាន់តែខ្លាំងក្លា។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា ​និងជាតំណាង​ពាណិជ្ជកម្មថៃ​ប្រចាំខេត្តសៀមរាប ​លើកឡើងនៅក្នុងពិធីបើកសម្ពោធ​ពិរព័ណ៍​ពាណិជកម្មថៃ (Thailand Products Expo 2023) ​ដែលរៀបចំឡើងនៅមជ្ឈមណ្ឌល​ពិរពិណ៍​កោះពេជ្រ ​នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៣នេះថា ​ការតាំង​ពិរព័ណ៍​នេះ​ គឺជាបង្ហាញឲ្យឃើញនៃការចាប់ផ្តើមឡើងវិញ បន្ទាប់​ពីវិបត្តិកូវីដ ១៩ បានធូរស្រាល ដោយបាននាំយកផលិតផលប្លែកៗ​មកដាក់តាំងបង្ហាញ ជា​ផលិត​មានគុណភាពខ្ពស់ ​និងមានច្រើនប្រភេទ ដែលប្រជាពល រដ្ឋខ្មែរតែងតែមានទំនុកចិត្តនៅ​លើ​ផលិតផលថៃ។ក្នុងឱកាសនេះដែរ ​ក៏ជាជាស្វែងរកដៃគូពាណិជ្ជកម្ម និងការផ្លាស់ប្តូបទ​ ពិសោធន៍ផ្សេងៗ ក្នុងការ​អភិវឌ្ឍ​នៃការស្វែងរក​ទីផ្សាររបស់ខ្លួន ​ដែលជាផ្នែកមួយនៃការចូលរួមជំរុញ នឹង​បង្កើនការធ្វើ​ពាណិជ្ជកម្ម ​រួមគ្នារវាងកម្ពុជា-ថៃ ​ដើម្បីរុញទំហំពាណិជ្ជកម្ម ​ឲ្យកើនដល់គោលដៅតាមការគ្រោងទុក របស់​រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍តាំងពិរព័ណ៍​ពាណិជកម្មថៃ (Thailand Products Expo 2023) នេះ នឹងរៀបចំឡើង​មានរយៈ ពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ក្នុងនោះមានក្រុមហ៊ុនល្បីៗ​ចូលរួម​តាំងពិរពិរណ៍​ប្រមាណ ១៧០ ស្តង់ ដែល​សុទ្ធសឹង​ជាទំនិញមានគុណភាពនាំមកពី​ប្រទេស​ថៃ ចេញពីរោងចក្រផ្ទាល់រួមមាន៖ ផលិតផលចំណីអាហារ, ​ប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះ, គ្រឿង​សំអាង, សម្ភារៈកសិកម្មជាដើម ​ជាពិសេសក្នុងព្រឹត្តិការណ៍​នេះ នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នីមួយៗ ​ក៏បានចូលរួមដោយផ្ទាល់ ​ដើម្បីស្វែងរកដៃគូរពាណិជ្ជកម្ម និងការស្វែងរកសក្តានុពល​វិនិយោគ​នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

គយ​ប្រមូលពន្ធអាករបានចំនួនជាង ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

2023/01/13 01:26:24 pm        683
ភ្នំពេញ៖ គិតត្រឹមបំណាច់ឆ្នាំ២០២២កន្លងនេះ ការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា មានចំនួនរុបប្រមាណជាង ​២ពាន់លានដុល្លារ ស្មើនឹងជិត១០៥% នៃច្បាប់​ថវិកា​សម្រាប់​២០២២ ដែលជាតួលេខខ្ពស់បំផុត​ ធៀបនឹងចំណូលពន្ធអាករប្រមូលបានក្នុងឆ្នាំ២០២០ និង២០២១។ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា​ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធអាករលើ​រថយន្ត​គ្មានពន្ធ ​មានស្រាប់ក្នុងប្រទេស ​កាលពីរសៀលថ្ងៃទី១២ ​មករា ឆ្នាំ២០២៣នេះ បានមាន​ប្រសាសន៍ថា ជាមួយនឹងលទ្ធផលនេះ ​គយសង្ឃឹមថា​ ការប្រមូលពន្ធនឹងអាចល្អប្រសើបន្ថែមទៀត ដោយ​សារការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា​ នឹងបន្តកើនឡើងក្នុងរង្វង់ ​៦,៦% នៅឆ្នាំ២០២៣​ បន្ទាប់​ពីការព្យាករ​កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ ត្រូវបានរំពឹងគាំទ្រ​ដោយការបន្តកើនឡើង​នៃវិស័យ​ឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្មជាដើម។ ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចតំបន់ ​និងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ចំណូលពន្ធអាករ ​របស់កម្ពុជា អាចនឹងធ្លាក់ចុះ ​ដោយសារការ​នាំចូលក្រោមបន្ទាត់ពន្ធគយ​ពី​ប្រទេសដៃគូ​នៃកិច្ចព្រមព្រៀង​ ត្រូវបានលើកលែង។​ទន្ទឹមនឹងការធ្លាក់ចុះនៃចំណូលពន្ធអាករនេះ គយ ​គ្រោងនឹងកែសម្រួលពន្ធអាករពិសេស លើ​ប្រភេទមុខទំនិញមួយចំនួន ​ដូចជាផលិតផលប្រណិត ​និង​ប្រភេទ​ផលិតផលដែល​ប៉ះពាល់​ដល់សុខភាព មានស្រា បារី ជាដើម​ និងផលិតផលិតដែលប៉ះពាល់ដល់បរិស្ថាន ដើម្បី​បង្កើន​ចំណូល​បំពេញបន្ថែមលើចំណូលដែលបាត់បង់ក្រោមការនាំចូលទំនិញរួចពន្ធគយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

គយប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ ទទួលបានចំនួន ១០៦លានដុល្លារ

2023/01/12 05:03:34 pm        362
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស បានចំនួនជាង ១០៦លានដុល្លារ ​ក្នុង​យន្តនាការ​ប្រមូល​ពន្ធអាករ​រយៈពេលជាងមួយឆ្នាំមកនេះ។នៅក្នុងសន្និសីទសារព័ត៌មានស្តីពី​ លទ្ធផល​បិទ​បញ្ចប់ការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មាន​ស្រាប់ក្នុងប្រទេស នៅរសៀលថ្ងៃទី១២ មករា ឆ្នាំ២០២៣នេះ​ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា ​គិតចាប់ពីការ​អនុវត្តលើភារកិច្ចរបស់​គយក្នុងការប្រមូលចំណូលពន្ធអាករ នៅដើម​ខែកញ្ញា ​ឆ្នាំ២០២១​ រហូត​មកដល់ពេលនេះ ​ឃើញ​មាន​ម្ចាស់​រថយន្តទាំង​ចង្កូត​ឆ្វេង​ និងស្តាំ ចូលមកចុះបញ្ជី​និងបង់ពន្ធអាករ​សរុបចំនួន ១៨ ១០៤គ្រឿង​ គិតជា​ទឹកប្រាក់​ចំនួនជាង ១០៦​លានដុល្លារ។ឯកឧត្តម បានឲ្យដឹងទៀតថា ​យោង​តាម​ទិន្នន័យ​ រថយន្តនៅសេសសល់ដែលមិន​បានចូលខ្លួន​មក​បំពេញកាតព្វកិច្ច មាន​ចំនួនជិត ២ពាន់គឿង។ឯកឧត្តម ​បាន​អះអាងទៀតថា​ ការ​អនុវត្ត​គោលការណ៍​ក្នុង​ការប្រមូលពន្ធ​អាករ​លើ​រថយន្ត​គ្មានពន្ធ មានស្រាប់ក្នុងប្រទេស ​ត្រូវបាន​បិទ​បញ្ចប់​ក្នុងពេលនេះហើយ ​ពោល​លែង​មាន​ការ​យោគយល់ និង​អនុគ្រោះ​បន្តទៀតហើយ​។ទន្ទឹមនឹងនេះអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ នឹង​បង្កើន​ការ​បង្ក្រាប​ដូច​ភ្លៀងរលឹម លើ​រថយន្ត​គ្មានពន្ធ ​និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ​ទប់ស្កាត់​លើ​ការ​នាំចូល​រថយន្ត​ខុសច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសភាពាណិជ្ជកម្មកម្ពុជា ពង្រីកសកម្មភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

2023/01/12 03:15:31 pm        310
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍គន្លឹះ ដល់សភាពាណិជ្ជកម្មកម្ពុជា​ជាប់​អាណត្តិថ្មី ខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុនបន្ថែម និងការពិនិត្យ​លទ្ធភាពបង្កើតសភាពាណិជ្ជកម្ម​ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការ​លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបិទការបោះឆ្នោតជ្រើសរើស​សមាជិក​ជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ​អាណត្តិទី៤ លើកទី២ ​និងសភាពាណិជ្ជកម្មកម្ពុជា​អាណត្តិទី ៥ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ នេះថា បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្ម​កម្ពុជា​ ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់​សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើធុរកិច្ចក្នុង​ប្រទេស ​និងការទាក់ទាញវិនិយោគគិនពីក្រៅប្រទេស។ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា ​ដើម្បីចូលរួមក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងាររបស់​សភាពាណិជ្ជកម្មកម្ពុជា​ និងសភាពពាណិជ្ជកម្មរាជធានី-ខេត្ត​ ឱ្យកាន់តែល្អប្រសើ​ ត្រូវខិតខំស្វែងរក និង​ទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុន​នៅកម្ពុជាឲ្យបានកាន់តែច្រើន, សហការជាមួយ​ក្រសួងពាណិជ្ជកម្ម ​ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅ​តាមតំបន់ ឬប្រទេសណាមួយ ​ដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន ​ដើម្បីសម្រួល​ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​នៅក្រៅប្រទេស ​ក៏ដូចជាសម្រួលដល់ការនាំចេញផលិតផលពីកម្ពុជា។សភាពាណិជ្ជកម្ម ​គួរបន្តការសហការយ៉ាង​ជិតស្និទ្ធ​ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​ដែនដី, ពង្រឹង ​និង​អភិវឌ្ឍន៍​សមត្ថភាពដល់សភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្តទាំង ១៨ ដើម្បី​ឆ្លើយតប​ទៅនឹងតម្រូវការវិនិយោគ ​និង​ស្រប​ទៅ​តាម​បរិបទ​បច្ចេកវិទ្យា ៤.0, និងបន្តចូលរួម​សហការ​ រៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ​ស្ដីពីការលើកកម្ពស់ផលិតកម្មទំនិញ ផលិតកម្មក​សិផល ​សម្រាប់ការនាំចេញតាមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ក្នុងពិធីនេះ, អ្នកឧកញ៉ា គិត ម៉េង ដែលជាប់ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ​សម្រាប់អាណត្តិថ្មី ​បានថ្លែងនូវការប្តេជ្ញាចិត្ត នឹង​ខិតខំ​ប្រឹងប្រែង​ពង្រីក ​និងពង្រឹងការងារឲ្យកាន់តែល្អប្រសើរថែមទៀត និងការដោះស្រាយ​ការងាររាំងស្ទុះ នូវរាល់ចំណុចដែលខ្វះខាតផ្សេងៗ ​ដើម្បីស្វែងរកអ្វីដែលជាប្រយោជន៍សម្រាប់វិស័យឯកជន និងសម្រាប់ប្រទេសជាតិ៕អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាល​ បន្តព្យួរការរបង់ប្រាក់រំដោះពន្ធ ដើម្បីលើកទឹកចិត្តដល់ឧស្សាហកម្ម និងការងារ

2023/01/11 12:43:32 pm        378
ភ្នំពេញ៖ វិស័យឯកជន គាំទ្រចំពោះការសម្រេចបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធ ទៅលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មកាត់ដេរ បង្ហាញឲ្យឃើញពីការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តដល់សហគ្រាស អាចបន្តនិរន្តភាពផលិត ការនាំចេញ និងជាពិសេសគាំទ្រដល់វិស័យការងារ។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា លើកឡើងក្នុ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ នេះថា ការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល នេះជាការ​សម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីជួយសម្រាលបន្ទុកដល់វិស័យឯកជន ដែលកត្តាទាំងអស់នេះ ធ្វើឲ្យអ្នក​វិនិយោគមានការសប្បាយចិត្តយ៉ាងខ្លាំង និងមានជំនឿជឿជាក់កាន់តែខ្លាំងក្លាលើរាជរដ្ឋាភិបាល ក្នុង​ការបន្តអភិវឌ្ឍន៍អាជីវកម្ម និងការប្រកួតប្រជែងផលិតផលរបស់ខ្លួន។ចំណែក​​លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា នាប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺគូវីដ ១៩ និងស្របពេលវិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន ពិភពលោក ក៏ដូចកម្ពុជា មានការប៉ះពាល់យ៉ាងខ្លាំង ដែលនៅក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាល​បាន​ចំណាយកញ្ចប់ថវិកាលើការអន្តរាគមន៍ជាច្រើនផ្នែក ដើម្បីទប់លំនឹងសេដ្ឋកិច្ច និងជីវភាព​របស់​ប្រជាពលរដ្ឋ។ ជាក់ស្តែងទោះបីវិបត្តិកូវីដ ១៩ បានធូរស្រាលក៏ដោយ រាជរដ្ឋាភិបាលនូវតែបន្តយកចិត្តទុកដាក់ ដែល​តាមរយៈជាការបង្ហាញឲ្យឃើញ ​ពីការយកចិត្តទុកដាក់ខ្ពស់ ហើយរំពឹងថា កម្ពុជានឹងអាច​ទាកទាញអ្នកវិនិយោគបានកាន់តែច្រើន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសស្តីពីការបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់​ចំណូលរបស់​សហគ្រាស​ឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដោយមានគោលបំណងព្យួរទុកការបង់ប្រាក់​រំដោះពន្ធលើប្រាក់​ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដែលទទួលបានលក្ខណៈសម្បត្តិជាគម្រោងវិនិយោគគ្រប់គ្រាន់ ដើម្បីឱ្យសម្រេចមាននិរន្តរភាព និងជាការគាំពារដល់កម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍អំពីវិស័យនេះ។ ប្រកាសនេះមានវិសាល ផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមមានសហគ្រាសវាយនភណ្ឌ សហគ្រាសផលិតសម្លៀកបំពាក់ សហគ្រាសផលិតស្បែកជើង សហគ្រាសផលិតកាបូបយួរ និងកាបូបដៃ និងសហគ្រាសផលិតមួកសម្រាប់ធ្វើការនាំចេញ។ សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរដូចមានចែងខាងលើ ត្រូវបានអនុគ្រោះឱ្យព្យួរទុកជាបណ្ដោះអាសន្ន នូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ រហូតដល់ដំណាច់ឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី,

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើង ត្រូវបានគេនិយាយថាកំពុងសាងសង់ផ្លូវយោធានៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង
04/22/2026 08:04 AM
មេដឹកនាំកោះតៃវ៉ាន់ លុបចោលទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ដោយសារតែសម្ពាធរបស់ប្រទេសចិន
04/22/2026 08:04 AM
ក្រុមប្រឆាំងមីយ៉ាន់ម៉ាស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធគ្មានឥទ្ធិពលពីយោធា ខណៈរបបសឹកទុកពេល១០០ថ្ងៃសម្រាប់ការចរចាសន្តិភាព
04/22/2026 08:04 AM
អឺរ៉ុប សម្លឹងមើលជម្រើសនានា ខណៈជម្លោះនៅអ៊ីរ៉ង់គំរាមដល់កង្វះប្រេងឥន្ធនៈយន្តហោះ
04/22/2026 08:04 AM
ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំប្រទះឃើញ ដំរីប្រមាណ ៥០ក្បាល ចុះផឹកទឹកស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា
04/22/2026 08:04 AM
អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបទីតាំង Online Scams ៣កន្លែង និងឃាត់ខ្លួនជនបរទេស ៤៥នាក់
04/22/2026 08:04 AM
លោកTrump បន្ថែមរយៈពេលបទឈប់បាញ់ដោយគ្មានពេលកំណត់ដើម្បីទុកឱកាសឱ្យអ៊ីរ៉ង់ចូលតុចរចាខណ: បទឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃពុធនេះ
04/22/2026 08:04 AM
សម្តេចធិបតី៖ មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃ បានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណ ១២ពាន់លានរៀល ដែលចំនួននេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន
04/22/2026 07:04 AM
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM