ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

សភាពាណិជ្ជកម្មកម្ពុជា ពង្រឹងការប្រកួតប្រជែងខ្លាំងក្លាជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

2022/12/31 11:09:05 am        582
សភាពាណិជ្ជកម្មកម្ពុជា ប្រកាសជំរុញ និងផ្តល់ផលប្រយោជន៍ដល់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា និង​មាន​ការ​រីក​ចម្រើន ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើក​ឡើង​នៅ​ក្នុង​កម្ម​វិធី​ណែនាំ​អំពី​ការឃោស នាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនបោះឆ្នោត សភា​ពាណិជ្ជ​កម្ម​រាជ​ធានី​ភ្នំពេញ អាណត្តិទី៤ លើកទី ២ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ នេះថា សភា​ពាណិជ្ជកម្ម​មាន​តួនាទី​សំខាន់ណាស់ តំណាងឲ្យអាជីវករ ពាណិជ្ជករ ក្នុងគោលដៅកៀងគរ ដល់អ្នកវិនិយោគ និង​អ្នក​រកស៊ីទទួលទានក្នុងវិស័យផ្សេងៗ ចាប់ជាដៃគូរ ឬមកវិនិយោគ ជាងនេះទៅទៀត សភា​ពាណិជ្ជកម្ម​ គឺ​ជាតំណាងឲ្យវិស័យឯកជនទាំងមូល ក្នុងការចរចារជាមួយរាជរដ្ឋាភិបាល ដើម្បី​ស្វែង​រក​អ្វី​ដែលជាប្រមយោជន៍ សម្រាប់វិស័យឯកជន និង​ការ​ដោះស្រាយ​ការងារ​រាំង​ស្ទុះ​ផ្សេង​ៗ​ជា​ដើម​។ឯកឧត្តម បន្តថា ចំពោះការរៀបចំណែនាំអំពីការឃោសនាបោះឆ្នោត នឹង​ឈាន​ទៅ​រៀប​ចំ​បោះឆ្នោត​នៅ​ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុង​ការ​ជ្រើស​រើស​យក​អ្នក​ដឹកនាំដែលមានលទ្ធភាព សមត្ថភាព ដើម្បី​ដឹក​នាំ​នាវា​ក្នុង​វិស័យ​ឯកជន​ឲ្យ​កាន់​តែ​រីក​ចម្រើន ព្រោះវិស័យឯកជនគឺជាស្នូល នៃការបង្កើតប្រពភពចំណូល សម្រាប់សេដ្ឋកិច្ចជាតិ ។ចំណែកលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងឲ្យដឹងថា សភា​ពាណិជ្ជ​កម្ម​បានចែកចេញជាពីរគឺ សភាពាណិជ្ជកម្មថ្នាក់ជាតិ និងអន្តរជាតិ ក្នុង​នោះ​សម្រាប់​ក្រប​ខ័ណ្ឌ​ជាតិ ប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងជា​ក្បាល​ម៉ាស៊ីន​ នៃ​សេដ្ឋកិច្ចផងដែរ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហើយ​រា​ជ​រដ្ឋាភិបាល​តែង​តែ​ចូល​រួម​ដោះ​ស្រាយ​រាល់ការលំបាករបស់វិស័យឯកជន បានជំរុញមានភាពរលូនមកដល់សព្វថ្ងៃ, ដោយ​ឡែក​ក្នុង​ក្របខ័ណ្ឌអន្តរជាតិ សភាពាណិជ្ជកម្ម​ក៏​បាន​ធ្វើ​ការងារ​ជាច្រើន​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ផងដែរ។សូមបញ្ជាក់ថា ជុំវិញការបោះឆ្នោតជ្រើសរើសសភាពាណិជ្ជកម្មរាជធានីភ្នំពេញ នឹងគ្រោង​រៀបចំ​ការ​បោះឆ្នោត​នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ ខាងមុខ ក្នុងនោះបេក្ខជនដែលបានចូលរួម មាន​ផ្នែកកសិកម្ម, សេវាកម្ម វិជ្ជាជីវៈ, ផ្នែកឧស្សាហកម្ម និងសិប្បកម្ម ហើយចាប់ពីថ្ងៃទីនេះ រហូត​ដល់​ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣ បេក្ខជនដែលឈរឈ្មោះបោះឆ្នោតទាំងអស់ អាចចេញ​ឃោសនា​រក​សំឡេងឆ្នោតពីអ្នកគាំទ្រ គឺពីម្ចាស់ពាណិជ្ជករ និងអាជីវករ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ក្នុង​ការ​ឆ្នោត​អាណត្តិថ្មី៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោ៖ ចំណូលគយ-ពន្ធដារកើនឡើង បង្ហាញពីការវិវឌ្ឍនៃសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ-១៩

2022/12/30 03:41:23 pm        660
កំពត៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការប្រមូលចំណូលទាំងគយ និងពន្ធដារ បានកើនឡើង លើសផែនការ ក្នុងឆ្នាំ២០២២ បង្ហាញពីការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ​ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​បង្ហាញក្តី​រីករាយ​ចំពោះការវិវឌ្ឍស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា​ ក្រោយវិបត្តិជំងឺកូវីដ១៩។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ ពន្ធដារ ​ប្រមូលចំណូលបានប្រមាណ ​៣ ៤០០ លានដុល្លារ លើសផែនការ ​១២១ភាគយ​ និងគយប្រមូលចំណូលបាន​ ២ ៦០០ ​លានដុល្លារ លើសផែនការ ១០៤ភាគរយ។សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ​ចំណូលពន្ធនេះ​ មិនទាន់​រាប់​បញ្ចូល​ចំណូល​មិនមែន​សារ​ពើពន្ធ ដូចជា​បាន​ពី​ចំណូល​ថ្លៃចេញ​ទិដ្ឋាការ​ដល់​ទេសចរណ៍ប្រទេស​ ប្រមាណ ២លាននាក់ មាន​ប្រាក់​ប្រមាណ ៦០លានដុល្លារ ​សម្រាប់ឆ្នាំ២០២២នេះ។ប្រមុខរាជ​រដ្ឋាភិបាល​ បានបញ្ជាក់ថា ​ចំណូលពន្ធនេះ ​នឹង​ផ្តល់​ឱកាស​ដល់រដ្ឋាភិបាល​សម្រាប់​វិនិយោគ​ទៅ​លើផ្លូវថ្នល់​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​នានា និង​ទៅ​លើថវិកា​បដិភាគ​ទៅ​លើ​គម្រោងនានា ​ដែល​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ជួយមកដល់កម្ពុជា៕ 

សហគ្រាសធុនតូច និងមធ្យម នឹងក្លាយជាឧស្សាហកម្មធំ សម្រាប់ការផ្គត់ផ្គង់ និងចែកចាយ

2022/12/30 03:18:29 pm        675
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា សហគ្រាសធុនតូច និងមធ្យម គឺជាវិស័យយុទ្ធសាស្រ្តមួយរបស់​កម្ពុជា ​និងដើរតួនាទីជាវិស័យស្នូលប្រកប ​ដោយភាពធន់ ហើយវិស័យនេះនឹងក្លាយ​ទៅជា​ឧស្សាហកម្ម សម្រាប់ការផ្គត់ផ្គង់ ​និងចែកចាយទំនិញកាន់តែធំ និងបង្កើតចំណូល​សម្រាប់​សេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងក្នុង​កិច្ច​សម្ភាសន៍ជាមួយភ្នាក់ងារ BTV ស្តីពីវិស័យសហគ្រាសធុនតូច ​និងមធ្យមនៅកម្ពុជាថា នៅមុន​ពេលផ្ទុះឡើងនៃជំងឺកូវីដ ១៩ វិស័យដែលទ្រទ្រង់សេដ្ឋកិច្ចជាតិ​ ដែលនមានសម្ទុះខ្លាំងក្លា គឺវិស័យ​អចលនទ្រព្យ, ទេសចរណ៍ និងវិស័យសំណង់ តែនៅពេលជួបវិបត្តិវិស័យទាំង៣នេះ​បានជាប់គាំង ប៉ុន្តែ​នៅក្នុងវិបត្តិនេះដែរ ​វិស័យកសិកម្ម ​និងសហគ្រាសធុនតូច ​និងមធ្យម បានក្លាយទៅជា​វិស័យ​យុទ្ធសាស្រ្តរបស់កម្ពុជា ​និងដើរតួនាទីជាវិស័យស្នូលដ៏សំខាន់ ​ប្រកបដោយភាពធន់ ទោះជាមាន​វិបត្តិបែបណាក៏ដោយ វិស័យទាំងពីរនេះ​ នឹងដើរតួជាអ្នកផ្គត់ផ្គង់ និងចែកចាយ ទោះបីវិស័យ​ទាំងនេះ មានតម្លៃបន្ថែមទាបក៏ដោយ។ឯកឧត្តម បន្តថា ចំពោះវិស័យ SME វិញ, គឺជាវិស័យមួយនឹងអាចពង្រីកខ្លួនកាន់តែប្រសើរ និង​អាចស្របយកកសិផល ពីវិស័យកសិកម្មកាន់តែធំ ​យកមកកែច្នៃ ​និងវេចខ្ចប់ ​ហើយទៅថ្ងៃខាងមុខ វិស័យនេះ​នឹងអាចក្លាយទៅជាឧស្សាហកម្មខ្នាតធំ ​សម្រាប់ការផលិត​ និងផ្គត់ផ្គង់ ប្រសិនមាន​ការគាំទ្រ ការលើកទឹកចិត្ត និងការជំរុញឲ្យវិស័យរឹងមាំ ​ហើយទៅឆ្នាំ ២០២៣ តទៅ SME នឹងមាន​កំណើនលឿន ​ជា​ជាង​ការអភិវឌ្ឍ​លើ​វិស័យអចនទ្រព្យ និងសំណង់ ដែលវិស័យនេះ ធ្វើឲ្យមាន​គម្លាយខ្លាំងរវាងអ្នកមាន និងអ្នកក្រ។ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ, លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើក​ឡើងថា នៅដើមឆ្នាំ ២០២២ ឃើញថា ​វិស័យនេះមានកំណើនងើបឡើង ​ប៉ុន្តែមកដល់ចុងឆ្នាំ បាន​ប្រែប្រួលស្រុតចុះ​បន្តិចបន្ទួច​ទៅវិញ ចំពោះនៅឆ្នាំក្រោយ ឬឆ្នាំបន្តបន្ទាប់ ក៏មិនទាន់អាច​ធ្វើការវាយតម្លៃបាននៅឡើយ ប៉ុន្តែលោកជំទាវ ​មាន​ការ​រំពឹង​ខ្ពស់ ​នៃ​ការកើនឡើងវិញ​នៃ​ភ្ញៀវទេស​ចរណ៍ ជាពិសេសការជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល ​តាមរយៈការទម្លាក់នូវកញ្ចប់ថវិកា​ជួយ​អន្តរគមន៍ផ្សេងៗ អាចនឹងជួយស្រោចស្រង់ឲ្យវិស័យ​ SME ឲ្យងើបឡើងមកវិញ។សូមបញ្ជាក់ថា៖ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ បើ​យោងតាមរបាយការណ៍ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​ទទួលបានការចុះបញ្ជីសហគ្រាសធុនតូច និង​មធ្យម មានចំនួនជាង ១ ពាន់មូលដ្ឋាន ​សរុបទាំងអស់ការ​ចុះបញ្ជីដែលជាប្រភេទកម្មន្តសាល មាន​ជាង ៤៤ ពាន់មូលដ្ឋាន ក្នុងនោះក៏សហគ្រាសបិតទ្វារជិត ៣០០ មូលដ្ឋាន, បើគិតជាទុន​វិនិយោគ​ក្នុងវិស័យ SME នេះ ​មានប្រមាណ ៧៧៥ ​លានដុល្លារសហរដ្ឋអាមេរិក ​ដោយទុនវិនិយោគនេះ បាន​កើនឡើងខ្ពស់ក្នុងឆ្នំា ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងប្រៃសណីយ៍ និងប្រតិបត្តិករទូរគមនាគម បង្កើនគុណភាពសេវាទូរស័ព្ទឱ្យល្អប្រសើរ

2022/12/29 01:04:07 pm        727
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​បានធ្វើការតេស្ត​សាកល្បង​ក្នុងការ​វាស់ស្ទង់​គុណភាព​សេវា​ទូរគមនាគមន​នៅតំបន់មួយចំនួនពិសេសតាមបុរី ​ដោយនៅពេលនេះ ក្រសួងរួម​ជាមួយក្រុមហ៊ុនប្រតិបត្តិករនានា​ ដើម្បីរៀបចំដាក់បន្ថែម​នូវបង្គោលអង់តែន ដើម្បីលើក​កម្ពស់​គុណភាពសេវាទូរគមនាគមនឲ្យកាន់តែល្អប្រសើរជាងមុន ដោយចាប់ផ្តើមពីខណ្ឌដូនពេញតទៅ។ឯកឧត្តម ជា វ៉ាន់ដេត ​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​នៅក្នុងកិច្ច​សម្ភាសន៍​ជា​មួយទូរទស្សន៍ព័ត៌ ប៊ីធីវី នៅព្រឹកថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២កន្លងទៅ ​បានមានប្រសាសន៍ថា ការជួប​ប្រទះ​បញ្ហាប្រឈមទាក់ទង​ នឹងសេវាទូរស័ព្ទចល័ត​ បានធ្វើឲ្យប៉ះពាល់​ដល់ប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងការធ្វើការងារ ​ការប្រកបអាជីវកម្ម ​ក៏ដូចជាការសិក្សាជាដើម ​ដែលបញ្ហានេះ ក៏កើតមាន​ជាច្រើន​ឆ្នាំ​មកហើយដែរ ​ជាពិសេសនៅពេល​មាន​កំណើន​លំនៅឋាន ​និង​ប្រជាពលរដ្ឋ។ឯកឧត្តម បានឲ្យដឹងថា នៅទីក្រុងភ្នំពេញ ​បានធ្វើការសាកល្បងគ្រប់កន្លែងទាំងអស់ ដោយ​ចំណាយ​ពេលពី២ ទៅ៣ខែ ក្នុងការធ្វើតេស្ត ដើម្បីផ្តល់សេវាឲ្យល្អប្រសើរជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី ​សង្ឃឹម​យ៉ាងមុតមាំថា ​នៅឆ្នាំ២០២៣ខាងមុខ ​នៅទូទាំងក្រុងភ្នំពេញ នឹង​មាន​សេវាល្អប្រសើរជាងមុន​ ក្នុងការប្រើប្រាស់​ប្រាស្រ័យ​ទាក់ទងគ្នា ​ហើយ ​ក្រសួង​ក៏​នឹងពង្រីកការងារ​នេះនៅ​តាមបណ្តាខេត្តទាំងអស់។បច្ចុប្បន្នក្រុមការងារជំនាញនៃក្រសួងប្រៃសណីយ៍​កំពុងរៀបចំ និងបំពាក់ឧបករណ៍​វាស់​ស្ទង់​គុណភាព​សេវានៅតំបន់រាជធានីភ្នំពេញ ​ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍៕អត្ថបទ៖ បូរ៉ាវី

ផ្លែមៀនស្រស់កម្ពុជាជាង ២ ៦០០តោន ត្រូវបានដាក់លក់នៅទីផ្សារប្រទេសចិន

2022/12/29 12:44:29 pm        870
ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ផ្លែមៀនស្រស់របស់កម្ពុជាចំនួនជាង ២​ ៦០០តោន បាននាំចេញ និងទៅដល់ប្រទេសចិនហើយ ​នៅថ្ងៃទី១២ ខែធ្នូ ទទួលបានការគាំទ្រ​ពី​ប្រជាជនចិនជាច្រើនផងដែរ។នៅក្នុងកម្មវិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ឯកឧត្តម វ៉ាង វិនធៀន​ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា​ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា លើវិស័យសំខាន់ៗ​នៃកសិកម្មកម្ពុជា​ ដូចជាដំណាំ ការចិ​ញ្ចឹមសត្វ នេសាទ កៅស៊ូជាដើម​ ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា។ ក្នុងឱកាសនោះ ឯកឧត្តម បានរម្លឹកជូនថា ​កាលពីខែតុលាកន្លងទៅនេះ កម្ពុជា និងស្ថានទូតចិន បាន​ប្រារព្ធ​ធ្វើពិធី​សម្ពោធ​ការនាំចេញផ្លែមៀនស្រស់កម្ពុជា​ទៅកាន់ប្រទេសចិន ដែលជាការបើកទ្វារ​សម្រាប់ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិន ហើយនៅថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ ផ្លែមៀនបានចូលទៅនៅវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិន។ការសម្រេចបានលទ្ធផលនៃការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិននេះ កើតឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ​បើកទីផ្សារ​អស់រយៈពេលជាង៣ឆ្នាំ ​ទើបរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន បានអនុម័តចុះបញ្ជីជាផ្លូវ​ការ​នូវ​ចម្ការមៀនចំនួន៧៤ និងក្រុមហ៊ុនវេចខ្ចប់ចំនួន៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជា​ទៅកាន់ប្រទេសចិន។ ឯកឧត្តម លើកឡើងថា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាង​រដ្ឋាភិបាល​ចិន និងរាជរដ្ឋាភិបាលកម្ពុជា ​បានពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម ​ធុរកិច្ច និងវិនិយោគ។សូមជម្រាបជូនទៀតថា ផ្លែមៀនស្រស់របស់កម្ពុជា ​គឺជាកសិផលប្រភេទទី៣ ដែលត្រូវបាន​អនុម័តនាំចេញទៅប្រទេសចិន ​បន្ទាប់ពីត្រីប្រា និងពោតនៅឆ្នាំ២០២២នេះ ហើយក៏ជាផ្លែឈើ​ប្រភេទទី៣ដែរ ដែលត្រូវបានអនុម័តនាមចេញរបស់កម្ពុជាទៅប្រទេសចិន៕អត្ថបទ៖ ឈិត បូរ៉ាវី 

ជំនាញសេដ្ឋកិច្ច៖ វិស័យកាត់ដេរនៅតែមានសក្តានុពល និងមានភាពធន់ នៅក្នុងវិស័យសេដ្ឋកិច្ច

2022/12/29 12:31:37 pm        760
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មាន​សុទិដ្ឋិនិយម​ថា ​វិស័យកាត់ដេរ​ នៅ​តែ​មាន​សក្តានុពល និង​មាន​ភាពធន់ ​បន្តដើរតួនាទីសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ​ប៉ុន្តែវិស័យនេះ អាច​ប្រឈម​នឹង​ការប្រកួត​ប្រជែង​នៅពេលខាងមុខ ​ដែលទាមទារឲ្យមានការគាំទ្រ ​និងសម្របសម្រួលខ្ពស់ពីរាជរដ្ឋាភិបាល ។ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងកាលពី​ថ្ងៃទី២៩ ខែធ្នូនេះថា ​នៅក្នុងវិបត្តិកូវីដ-១៩ វិស័យកាត់ដេរបាន​ដើរតួនាទីយ៉ាង​សំខាន់ ពោលគឺវិស័យ​នេះធន់​និងវិបត្តិដែលកំពុងកើតឡើង ​និងបានបង្កើតនូវប្រាក់ចំណូល​សម្រាប់សេដ្ឋកិច្ចជាតិ ជា​ពិសេស​ជួយដល់កម្មក​រកម្មារិនីមិនឲ្យបាត់បង់ការងារ ទោះបីនៅក្នុងវិបត្តិនោះមានផល​ប៉ះពាល់​ខ្លះៗក៏ដោយ។ឯកឧត្តមបណ្ឌិត បន្តថា អ្វីដែលជាការប្រឈមទៅពេលខាងមុខ​ គឺកម្ពុជា ​អាចនឹងជួបលើបញ្ហា​ប្រកួត​ប្រជែង ដែលកត្តាទាំងនេះ​ទាមទារឲ្យមានការគាំទ្រ ​សម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់​ពីរាជរដ្ឋាភិបាល ដើម្បីបន្តរក្សាស្ថិរភាពក្នុងខ្សែច្រវ៉ាក់​ផលិតកម្មរបស់កម្ពុជា។ចំណែកលោកឧកញ៉ា ណំាង សុធី អនុប្រធានសហព័ន្ធនិយោជកកម្ពុជា ​លើកឡើងថា ជុំវិញ​ការ​អភិវឌ្ឍ​ឧស្សាហកម្មកាត់ដេរ​ ការបូប ក៏ដូចជាស្បែកជើង ក្នុងពេលបច្ចុប្បន្ននេះមាន​ស្ថិរភាពល្អ​ជាធម្មតា ក្នុងនោះកំលាំងពលកម្មបម្រើក្នុងវិស័យនេះក៏នៅរក្សាល្អប្រសើរ​ក្នុងរង្វង់​ប្រមាណ ១,៥លាននាក់ ​ដោយបានបង្កើតប្រាក់ចំណូលគិតជាមធ្យមក្នុងមួយខែៗ ​ប្រមាណជិត ៣០០ លាន​ដុល្លារអាមេរិក​ បានចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ ។ ចំណែកទៅពេលខាងមុខ​លោកឧកញ៉ា ​មើលឃើញថា វិស័យនេះមិនមានបញ្ហាប៉ះពាល់​ជាដុំកំភួន​នោះឡើយ​ ព្រោះការកើនឡើង ​ឬថយចុះ​ គឺវាអាស្រ័យទៅលើអ្នក​បញ្ជាទិញ​ ហើយក្នុងនោះសម្រាប់​ទីផ្សារបញ្ជាទិញនាពេលកន្លងមក​ ក៏ដូចបច្ចុប្បន្ន ​មិនមែនមានតែកម្ពុជានោះឡើយ ហើយទៅពេល​ខាងមុខ ​ការបញ្ជាទិញនេះក៏មិនមានលក្ខណៈខុសគ្នាក្នុងពេលបច្ចុប្បន្ននេះដែរ។យោងតាមរបាយការណ៍​ អគ្គនាកយដ្ឋានគយ​ និងរដ្ឋាកកម្ពុជា ​នៅក្នុងរយៈពេល​ ៩ខែ ឆ្នាំ២០២២ ការ​នាំចេញផលិតផលកាត់ដេររបស់កម្ពុជា​ ទៅកាន់ទីផ្សារអន្តរជាតិ ​មានចំនួនជាង ១០ ពាន់លាន​ដុល្លារអាមេរិក​ កើនឡើងប្រមាណ ២ ០១៥ ​លានដុល្លារអាមេរិក ស្មើជាង ២៤% នៃការនាំចេញ​ផលិតផលសរុប៕អត្ថបទ៖ សុន រ៉ាឌី

ពលរដ្ឋចាប់ផ្តើមសម្រុកទៅទិញត្រី ក្នុងរដូវប្រមូលផលនេសាទ ដើម្បីធ្វើប្រហុក-ផ្អក

2022/12/29 12:25:28 pm        624
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត នៅថ្ងៃទី២៩ ខែធ្នូនេះ ​បន្តទៅទីតាំងប្រមូលផលនេសាទ​ ស្ថិតនៅគីឡូម៉ែត្រលេខ៩ ដើម្បីទិញត្រីធ្វើប្រហុក ផ្អក ទុកបរិភោគនៅឆ្នាំក្រោយ។ក្នុងពេលមកទិញនោះ ប្រជាពលរដ្ឋបានប្រាប់BTVឲ្យដឹងថា ​ការធ្វើប្រហុក ផ្អក ដោយផ្ទាល់ដៃ​គឺ​ធានាសុវត្ថិភាព អនាម័យ ​និងគុណភាព ​ហើយប្រហុក ផ្អក​ ដែលធ្វើនេះ​ ទុកខ្លះសម្រាប់ហូប និងខ្លះទៀត​សម្រាប់លក់។ លើសពីនេះ​ ពួកគាត់បានបន្តថា តាមការសង្កេតត្រីនៅឆ្នាំនេះសំបូរ​ជាងឆ្នាំ​មុនបន្តិច ​ហើយតម្លៃវិញ ១គីឡូ ចន្លោះពី២ពាន់រៀល ​ទៅ៣ពាន់រៀល អាស្រ័យ​ទៅលើការ​ចចារ​រវាងអ្នកទិញ ​និងអ្នកលក់។បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ចេញ​ផ្សាយ​នៅពេលថ្មីៗនេះ បានលើកឡើងថា​ តាមការសង្កេតត្រីចាប់ផ្តើមបន្លាស់ទី ​ចេញពី​បឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា​ ចូលទន្លេសាប ​ទន្លេមេគង្គ ​និងទន្លេបាសាក់ ដែលអំណោយ​ផលដល់ការធ្វើនេសាទបានត្រីច្រើន ​ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅភូមិសាស្រ្ត​ខេត្តកណ្តាល ​និងរាជធានីភ្នំពេញ ​ចាប់ពីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ខែមករា ឆ្នាំ២០២៣ ក្នុងរណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ​ ឫមិនទទួលរងឥទ្ឋិពលព្យុះភ្លៀង។ជាមួយគ្នានេះ រដ្ឋបាលជលផល ​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ​ ឫ​ទឹកត្រី សូម​រួសរាន់​អញ្ជើញមកទិញត្រី ​តាមពេលវេលា ​និងទីកន្លែងខាងលើ៕អត្ថបទ៖ទូច សោភ័ណ

តម្លៃវិនិយោគលើវិស័យសំណង់មានទំហំទឹកប្រាក់ជាង ២ ៦៣៤ លានដុល្លារអាមេរិក

2022/12/28 01:15:49 pm        718
ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេស​ ក្នុងឆ្នាំ ២០២២ មានចំនួនជាង ​៣ពាន់គម្រោង ​ដែលតួលេខនេះ​ បង្ហាញពីការងើបឡើងវិញ​នៃសេដ្ឋកិច្ច ពីវិបត្តិកូវីដ១៩។ក្នុងរបាយការណ៍បូកសរុបនៃការអនុវត្តការងារឆ្នាំ​ ២០២២ និងលើកទិសដៅការងារឆ្នាំ ​២០២៣ ក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម ​និងសំណង់ ​បាន​បង្ហាញថា ​ទិន្នន័យ​សំណង់​ទូទាំង​ប្រទេស​មាន​ចំនួន ៣ ៨២៧ គម្រោង ​មានផ្ទៃក្រឡាកម្រាលសំណង់សរុបជាង ​៦,៥លានម៉ែត្រការ៉េ និង​មាន​តម្លៃប៉ាន់ស្មាន​ទុនវិនិយោគប្រមាណជាង​ ២ ៦៣៤ ​លានដុល្លារអាមេរិក ​បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២១​ មានចំនួន ៣ ៩២៥ គម្រោង ​ដែលមានតម្លៃប៉ាន់ស្មានទុន​វិនិយោគប្រមាណ​ជាង ៥ ២១០​ លានដុល្លារអាមេរិក​ ថយចុះជាង ៤៩ ភាគរយ។គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង មាន​ចំនួន ១២៨ គម្រោង ស្មើនឹង ១៤២អគារ (នៅរាជធានី​ភ្នំពេញចំនួន ​៨៦គម្រោង ស្មើនឹង ៩៣ អគារ, ខេត្តព្រះសីហនុចំនួន ១៤ ​គម្រោង ​ស្មើនឹង ​១៦អគារ និង​ខេត្តបន្ទាយមានជ័យចំនួន ​១៣គម្រោង ស្មើនឹង ១៥អគារ។ចំណែកសំណង់លំនៅឋាន មានចំនួន ៤ ៣២១ គម្រោង ​មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ​ជាង ១ ៤១២ លានដុល្លារ ​ក្នុងនោះបុរីលំនៅឋាន​ និង​បណ្តំលំ​នៅឋានមានលក្ខណះជាបុរី មានចំនួន ៣៥គម្រោង ស្មើនឹង ៩ ៩១២ខ្នង ​មានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង​ ៨២០ លានដុល្លារ, អគារ​ផ្ទះល្វែង មាន ៦ ៦០៩ ល្វែង ​មានទុនវិនិយោគជាង ៥៥៤ លានដុល្លារ, ​និងអគារស្នាក់នៅរួមមាន​ចំនួន ៥១គម្រោង មាន​ទុនវិនិយោគជាង ២២២ ​លានដុល្លារ។ ដោយឡែកសំណង់សណ្ឋាគារក្នុងឆ្នាំ​ ២០២២ នេះដែរ ​កម្ពុជាទទួលបាន ​ចំនួន ២០ គម្រោង មានទុន​វិនិយោគប្រមាណជាង​ ៧១ លានដុល្លារ, សំណង់អគារពាណិជ្ជកម្ម មានចំនួន ១៨៥​គម្រោង​ មានទុនវិនិយោគជាង ៤៣៦ ​លានដុល្លារ, ​សំណង់អគាររោងចក្រ ​មាន​ចំនួន ​១១៧គម្រោង មាន​តម្លៃប៉ាន់ស្មានទុនវិនិយោគជាង ​៥៣៣ លានដុល្លារ, ​និង​សំណង់​អគារ​ពហុ​មុខងារ​ មាន​ចំនួន ៧គម្រោងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ​១៤៩ លានដុល្លារ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានៅតែទទួលឱកាសវិនិយោគ ដែលបង្ហាញឲ្យឃើញការងើបឡើងវិញនៃសេដ្ឋកិច្ច-សង្គម

2022/12/27 03:30:08 pm        332
ភ្នំពេញ៖ រាជរដ្ឋាភិបាលនូវតែបន្តទទួលបានគ្រោងវិនិយោគថ្មីៗបន្ថែម ដោយបានបង្ហាញឲ្យ​ឃើញ​នៃការ​ងើបឡើងវិញ​នៃសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន ជាពិសេស​បាន​ឆ្លុះបញ្ចាំង​ដល់ស្ថានភាព​ផលិតកម្ម ​និងការបន្តកើនឡើងនៃការនាំចេញរបស់កម្ពុជា។យោងតាមផេករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ (CDC) ​នៅថ្ងៃទី២៦ ខែធ្នូនេះ បាន​ចុះផ្សាយ​នៃការសម្រេច ​ចេញវិញ្ញាបនបត្រចុះបញ្ជី ​គម្រោងវិនិយោគជូនក្រុមហ៊ុនថ្មីចំនួន ៤ ដែល​វិនិយោគលើវិស័យផ្សេងៗគ្នា ​មានទុនវិនិយោគជាង ១៦ ​លានដុល្លារអាមេរិក និងអាច​បង្កើតការងារ​បាន​ចំនួនប្រមាណជាង​ ៧០០កន្លែង, ក្នុងនោះតាមរយៈនៃការទទួលបានក្រុមហ៊ុនថ្មីមកវិនិយោគ​បន្ថែមនេះ ​គឺបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ​ដើម្បីគាំទ្រដល់សកម្ម ភាព​នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ជាក់ស្តែងក្រុមហ៊ុនថ្មីដែលចុះបញ្ជីវិនិយោគចំនួន ៤ ក្នុងនោះមានក្រុមហ៊ុនចំនួន ៣ មាន​គម្រោង​បង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ​ដោយគ្រោងវិនិយោគលើការ​ផលិត​ក្តារប៉ាកេ​ និងក្តារបន្ទះ, ​គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក, និងគម្រោងបង្កើតរោងចក្រ​ផលិត​ផលិត​ផល​ធ្វើពីក្រដាស ​។ ចំណែកក្រុមហ៊ុនមួយទៀតដែលទើប​ចុះបញ្ជីថ្មីដែរនោះ មាន​គម្រោង​បង្កើតរោងចក្របោះពុម្ព ​និង​ផលិត​ផលិតផល​វិចខ្ចប់ ​មាន​ទីតាំង​វិនិយោគស្ថិត​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ​រ៉ូលយ៉ាល់គ្រុបភ្នំពេញ។ជុំវិញឱកាសការវិនិយោគនេះ​​ បើតាមរយបាយការណ៍ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ក្នុងរយៈពេល ១០ខែ​ ឆ្នាំ២០២២ នេះ, ​ស្ថានភាពវិនិយោគ ​បានបង្ហាញពីភាពល្អប្រសើរបន្តិច, ជាក់ស្ដែងគម្រោង​វិនិយោគ​ឯកជនសរុប ​មានចំនួន ១១៦ គម្រោង​ បានកើនឡើង ២៤ ​គម្រោង, និងមាន​លទ្ធភាព​បង្កើតកម្លាំងពលកម្មថ្មីប្រមាណជា​ ១០៥ ពាន់នាក់​ កើនឡើងជាង​ ៤៣%និងទុនវិនិយោគសរុប ២ ៧៥៨ ​លានដុល្លារអាមេរិក កើនឡើងជាង ​១៣៦% ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម នឹងបង្កើតគោលនយោបាយជាតិ«ម្រេច» ដើម្បីជំរុញការដាំម្រេចសម្រាប់នាំចេញ

2022/12/26 02:51:46 pm        773
ភ្នំពេញ៖ ក្រសួងពាណិ​ជ្ជកម្ម គ្រោងរៀបចំគោលនយោបាយជាតិស្តីពី «​ម្រេច» ​ដើម្បីបង្កើនប្រសិទ្ធិ​ភាពនៃប្រកួតប្រជែងទីផ្សារ​អន្តរជាតិ ​និងបង្កើននូវតម្លៃ​បន្ថែមក្នុងខ្សែច្រវាក់​ផលិតកម្ម​ម្រេច​កម្ពុជា​។​ ឯកឧត្តម វ៉ា រុតសាន ប្រធានក្រុមទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា​​ ក្រសួង​ពាណិជ្ជកម្ម ​នឹង​ជំរុញ​ការ​រៀបចំ​គោល​នយោបាយ​ជាតិស្តីពី«​ម្រេច» ​ក្នុងគោលដៅ​បង្កើន​ឧត្តមភាពប្រកួតប្រជែងរបស់​កម្ពុជាឱ្យអស់លទ្ធភាព ។ ​ការបង្កើតគោលនយោបាយជាតិម្រេចនេះ គឺផ្តោត​​លើការអភិវឌ្ឍផ្ទៃដីដំាដុះម្រេចសរីរាង្គ ឬដាំម្រេចសុវត្ថិភាពខ្ពស់។ឯកឧត្តម វ៉ា រុតសាន ​មានប្រសាសន៍ថា​ កម្ពុជា អាចអភិវឌ្ឍន៍​ដីដាំម្រេចសរីរាង្គបាន ។ នេះ ជា​ឧត្តមភាព​របស់​កម្ពុជា​ ដែល​អាចដកស្រង់យក​ចំណុចខ្លាំង​មក​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ម្រេច​របស់កម្ពុជា​ឱ្យ​អស់លទ្ធភាព។សម្រាប់គោលនយោបាយជាតិម្រេចនេះ​ គឺមានលក្ខណៈមិនខុសគ្នា​​ពីគោលនយោបាយ​ជាតិ​ស្តីពីស្វាយចន្ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្មានឡើយ។ ​គោលនយោបាយទាំងនេះ​ បង្កើតឡើងដើម្បីបង្កើនទិន្នផលដំណាំ, កាត់​បន្ថយថ្លៃដើម, បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម, ​ជំរុញការវិនិយោគ និងជំរុញការនាំ​ចេញជាដើម។ជុំវិញ​បញ្ហាកសិកម្មកម្ពុជានេះ​ ឯកឧត្តម វ៉ា រុតសាន លើកទឹកចិត្តដល់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេសវិស័យឯកជនត្រូវខិតខំរៀបចំនិងធ្វើយ៉ាងម៉េច​ឱ្យមានតម្លៃបន្ថែមក្នុងផលិតកម្ម​ និង​ដំណើរ​ការចេញនាំម្រេចទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែប្រសើរ។សម្រាប់គោលនយោបាយជាតិស្តីពីម្រេចដែលក្រសួងពាណិជ្ជកម្ម​រៀបចំឡើងនេះ សហព័ន្ធម្រេច​ និង ​គ្រឿងទេសកម្ពុជា បានត្រៀមខ្លួនជាស្រេច​ ក្នុងការចូលរួមផ្តល់ធាតុចូល​ និងជួយ​សម្រប​សម្រួល​ទីផ្សារក្នុងនិងក្រៅស្រុក ។លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច​ និង គ្រឿងទេសកម្ពុជា បានលើកឡើងថា នៅ​ពេល​ភាគីពាក់ព័ន្ធ​ទាំងអស់សហការគ្នា​ រួមមានទាំងផលិតករ​ ក្រុមហ៊ុនកែច្នៃនាំចេញ ក្រុមហ៊ុន​ផ្គត់ផ្គង់ផលិត-សេវាក្នុងវិស័យកសិកម្មឧស្សាហកម្ម​ រួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពី«​ម្រេច»នោះ វានឹង​ធ្វើឱ្យវិស័យម្រេចកម្ពុជាកាន់តែរីកចម្រើន​ ខណៈដែលកម្ពុជា​កំពុងបើកទីផ្សារ​សេរីជាមួយប្រទេសក្នុងពិភពលោកជាបន្តបន្ទាន់។របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានបង្ហាញថា ក្នុងឆ្នាំ២០២១ កម្ពុជាមាន​ផ្ទៃដីដាំដុះម្រេចសរុប​ ៦, ៩៣៥ហិកតា ​ដែលផ្តល់ទិន្នផល​បាន ១៨ ៣៧៣តោន។ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជានាំចេញបាន ​១៨ ០០០តោន​។​ ក្នុងនោះ ទីផ្សារធំជាង​គេ​របស់​កម្ពុជា គឺប្រទេសវៀតណាម​ ខណៈអាល្លឺម៉ង់ស្ថិតនៅលេខ២។ម្រេចកម្ពុជាបានចូលដល់ទីផ្សារប្រទេសចំនួន១៧​ ក្នុងពិភពលោក ដែលក្នុងនោះ​មានប្រទេស​វៀតណាម ​សហរដ្ឋអាម៉េរិក កាណាដា​ សហភាពអឺរ៉ុប តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន អ៊ីស្រាអែល និងប្រទេសឥណ្ធា​ ជាដើម៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគនយោបាយបង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើនទំនាក់ទំនងបន្ថែមទៀតរវាងចិន និងកម្ពុជា
04/22/2026 01:04 PM
អ៊ីរ៉ង់រិះគន់ខ្លាំងៗ ចំពោះការចរចាសន្តិភាពរបស់អាមេរិក ដោយចាត់ទុកថា ជាការ «ខ្ជះខ្ជាយពេលវេលា»
04/22/2026 01:04 PM
អ្នកនាំពាក្យ៖ បញ្ហាព្រំដែន​ជាមួយថៃ​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាក់​ទឹក​ចិត្ត​ឡើយ​តែ​ធ្វើ​ឱ្យ​រួប​រួម​គ្នា​កាន់​តែ​ខ្លាំង
04/22/2026 12:04 PM
សហរដ្ឋអាមេរិកថា ខ្លួននឹងមិនដកប្រព័ន្ធការពារជាតិចេញពីកូរ៉េខាងត្បូងទេ
04/22/2026 12:04 PM
សហគ្រាសក្នុងស្រុកបង្កើតថ្មីៗជាច្រើន ស្របពេលមានសន្ទុះមហាជនគាំទ្រផលិតផលក្នុងស្រុក
04/22/2026 12:04 PM
ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
04/22/2026 12:04 PM
ពលរដ្ឋអាមេរិកអ៊ីរ៉ង់ ប្រមូលផ្តុំគ្នានៅរដ្ឋកាលីហ្វ័រនីញ៉ា ជំរុញឱ្យមានបទឈប់បាញ់ជាមួយការការពារសិទ្ធិមនុស្ស
04/22/2026 11:04 AM
អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនខ្លួនមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងអ្នកពាក់ព័ន្ធ ២នាក់ទៅតុលាការរសៀលនេះ
04/22/2026 11:04 AM
លោក Trump គំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាថ្មីទៀត បន្ទាប់ពីប្រកាសបន្ថែមពេលបទឈប់បាញ់
04/22/2026 11:04 AM
អ្នកការទូតជាន់ខ្ពស់អឺរ៉ុប ទាត់ចោលការរិះគន់ដែលថា ប្លុកនេះខ្វះចំណាត់ការលើអ៊ីស្រាអែល និងសាមគ្គីភាពជាសកលជាមួយអ៊ុយក្រែន
04/22/2026 11:04 AM