ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

វិស័យដឹកជញ្ជូនរំពឹងកើនឡើង គាំទ្រដោយការដឹកជញ្ជូនវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

2022/12/26 02:21:13 pm        496
ភ្នំពេញ៖ រាជរដ្ឋាភិបាលរំពឹងថា នៅក្នុងឆ្នាំ ២០២៣ វិស័យដឹកជញ្ជូន និងគមនាគមន៍នៅកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តកើនឡើង គាំទ្រដោយការបន្តងើបឡើងនសកម្មភាពដឹកជញ្ជូនបម្រើ​ឱ្យ​វិស័យទេសចរណ៍​ និងពាណិជ្ជកម្ម ស្របពេលការបន្តកើនឡើងនូវការប្រើប្រាស់អ៊ីនធឺណិត និងឌីជីថលក្នុងអាជីវកម្ម ។ទាក់ទងវិស័យដឹកជញ្ជូន និងគមនាគមន៍ នៅក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងចំណាយមូលធន​ថវិកាជាតិជាច្រើនសន្ធឹកសន្ធាប់​ ក្នុងទិសដៅគាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគ​សាធារណៈ ៣ ឆ្នាំ​រំកិល (២០២៣-២០២៥) ជាពិសេសការអនុវត្តកម្មវិធីយុទ្ធសាស្រ្តស្តារ ​និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការ​រស់ជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ​ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធត្រូវកសាង និង​ជួសជុលដូចជា ផ្លូវថ្នល់ ស្ពាន លូ និងការជួសជុលឡើងវិញនូវ​ហេដ្ឋារចនាសម្ព័ន្ធដែលរងប៉ះពាល់​ទឹកជំនាន់ជាដើម។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាល​បើក​ដំណើរការ​សេដ្ឋកិច្ចឡើងវិញ ​ទោះបីតម្លៃប្រេងមិនទាន់ចុះដូចដើម តែសេវាដឹកជញ្ជូនមាន​តម្លៃ​ថេរល្អ ​ដោយអាចវាយតម្លៃបាន​ នៅក្នុងកម្រិតមួយសមរម្យ ​ក្នុងនោះប្រសិនប្រេងឥន្ធនៈនឹងបន្តចុះ ថ្លៃនៃការដឹកជញ្ជូនអាចនឹងចុះបន្ថែមទៀត​ ដែលជាផ្នែកមួយជួយកាត់បន្ថយនូវខ្ទង់ចំណាយ។ចំណែក លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងថា ទាក់ទងការ​ដឹក​ជញ្ជូននេះ ​នៅពេលវិបត្តិជំងឺកូវីដ ១៩ ​កំពុងរីករាលដាល​ ជាពិសេសស្ថានភាពសង្គ្រាមរុស្សី-អ៊ុយក្រែន ​បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ​អំពីតម្លៃសេវាដឹកជញ្ជូនជាពិសេសតាមកប៉ាល់ តែមកដល់​ពេលនេះ​តម្លៃនៃការដឹកជញ្ជូនកប៉ាល់នេះ ​បានធ្លាក់ចុះបន្តិចបន្ទួចតែប៉ុណ្ណោះ ខណៈថ្លៃប្រេង​នៅ​មានតម្លៃមួយខ្ពស់នៅឡើយ, ដែលបញ្ហានេះ ធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូន​ គិតសេវាទៅតាមស្ថានភាព​ជាក់ស្តែង ​ក្នុងនោះក៏មានក្រុមហ៊ុនមួយសុខចិត្តខាតបង់ ​ដើម្បីរក្សាអតិថិជនរបស់ខ្លួនផងដែរ។ លោកឧកញ៉ា បញ្ជាក់ថា៖ ចំពោះសេវាថ្លៃនៃការដឹកជញ្ជូនវិញ ​គឺមានតម្លៃសមស្របទៅនឹងការធ្វើ​ពាណិជ្ជកម្ម​ក្នុងពេលបច្ចុប្បន្ន ​តែអ្វីដែលជាការព្រួយបារម្ភណ៍ គឺការធ្លាក់ចុះគ្មានទំនិញ​ដឹក​ជញ្ជូន​ទៅវិញ ខណៈមកដល់ពេលនេះ​ សេវសាដឹកជញ្ជូន​បានធ្លាក់ចុះជាច្រើន​ ក្នុងរង្វង់ប្រមាណពី ៣០ ទៅ ៤០ ភាគរយ, ​ចំណែកស្ថានភាពទៅថ្ងៃខាងមុខ គឺមិនទាន់បានអាចធ្វើការវាយ​តម្លៃ​បាន​នៅ​ឡើយ ៕អត្ថបទ៖ សុន រ៉ាឌី

កសិករគំរូនៅឃុំអណ្តូងទឹកប្រមូលផលត្រសក់ផ្អែមជាបណ្តើរៗហើយ ខណៈបញ្ជាទិញច្រើន

2022/12/26 12:08:33 pm        805
ភ្នំពេញ៖ កសិករមួយគ្រួសារដែលគេចាត់ទុកថា ជាកសិករគំរូនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ផ្តើមប្រមូលផលត្រសក់ផ្អែមរបស់ខ្លួនជាបណ្តើរៗហើយ ក្រោយដាំដុះ៣ខែមកនេះ។អ្នកស្រី ឡាយ រ៉ន និងលោក លាង នេត បានឱ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា ​ទិន្នផល​ផ្លែ​ត្រសក់ផ្អែម ឆ្នាំនេះហុចផលល្អប្រសើរណាស់ បើធៀបនឹងការដាំសាកល្បងកាលពីឆ្នាំទៅ។ ឥឡូវនេះកំពុងប្រមូលផលជាបណ្តើរៗហើយ អាចថា នៅថ្ងៃទី៣០ ឬ៣១ ខែធ្នូ ខាងមុខ ទើបប្រមូលបានពេញលេញតែម្តង។អ្នកស្រី ឡាយ រ៉ន បានបន្ដទៀតថា ត្រសក់ផ្អែមទុំ ត្រូវបានលក់ចេញទៅកាន់ទីផ្សារក្នុង១គីឡូក្រាម​ថ្លៃ៥០០០រៀល ​ភាគច្រើនឈ្នួញនៅផ្សារកូនកុក ឃុំកោះស្តេច ស្រុកគិរីសាគរ បញ្ជាទិញ​យក​ទៅលក់បន្ត និងមួយផ្នែកទៀតដាក់តាំងលក់នៅផ្ទះ។ ដាំណាំត្រសក់ផ្អែមជា ប្រភេទដាំណាំមួយ​រើសដី​បន្តិច​សម្រាប់​ការ​បង្កបង្កើនផល ប្រសិនជាដី​ណាមិនផ្តល់​អំណោយ​ទាន​ពិត​ជាពិបាក​នឹង​ជោគជ័យ​បានផលណាស់។លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ ​និងបរិស្ថានស្រុកបូទុមសាគរ ថ្លែងថា ​គ្រួសារអ្នកស្រី ឡាយ រ៉ន និងលោក លាង នេត ​ជាកសិករគំរូម្នាក់នៅក្នុងភូមិជីត្រេះ ដោយ​ពួកគាត់ជាអ្នកអំណត់ប្រឹងប្រែង​ធ្វើកសិកម្មជាខ្លាំងបូករួមនឹងចំណេះដឹងបច្ចេកទេសពីមន្រ្តីជំនាញ។លោក រម្លឹកដែរថា ​កាលពីឆ្នាំទៅ​ កសិករដាំដំណាំត្រសក់ផ្អែម​បាន​ទទួលចំណូល​ប្រមាណ​៤លានរៀល​ពីការប្រមូល​ ។ ដោយឡែកឆ្នាំ២០២២នេះ ពួកគេអាចកើនប្រាក់ចំណូលបន្ថែម​ ដើម្បី​ដោះ​ស្រាយផ្គត់ផ្គង់​ជីវភាពរស់នៅ​បានយ៉ាងសមរម្យ​មិនពិបាកដូចពេលមិនចាប់មុខរបរ​ធ្វើ​កសិកម្ម​បែប​សិរីរាង្គនេះ។គួរជម្រាបថា ស្រុកបូទុមសាគរ ត្រូវបានគេចាត់ទុកថា មូលដ្ឋាន​ស្រុកមួយមានការដាំដុះ​កសិកម្ម​ជាច្រើនប្រភេទ រួមមាន៖ ឪឡឹកលឿន​ ខាត់ណាផ្កា ​ត្រសក់ទ្រើង ​ត្រប់ ស្ពឹក សាឡាត់ និងចិញ្ចឹមត្រី មាន់ ទា ជាដើម។ ហើយគ្រប់ទិន្នផលដែលប្រមូលបាន ​វាមិនពិបាកលក់ចេញឡើយ ពោលឱ្យតែថា​មាន​ទិន្នផល​សម្រាប់​នាំចេញ៕អត្ថបទ៖ ឈឹម មករា

សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ជំរុញផលិតកម្មម្រេច និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

2022/12/23 02:56:11 pm        398
ភ្នំពេញ៖ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ​បានរៀបចំវេទិកាប្រមើលមើលម្រេចកម្ពុជា ដើម្បី​ពិភាក្សានិរន្តភាពផលិតកម្មម្រេច​ និងជំរុញការនាំចេញផលិតផលម្រេច និងគ្រឿងទេសកម្ពុជា​ទៅ​កាន់ទីផ្សារអន្តរជាតិ។វេទិកាស្តីពីប្រមើលមើលម្រេចកម្ពុជា ពេញមួយថ្ងៃ ត្រូវបានរៀបចំនៅថ្ងៃទី២៣ ខែធ្នូ នៅសណ្ឋាគារ សាន់វ៉េភ្នំពេញ ​ដោយមានការអញ្ជើញចូលរួមពីប្រធានសហព័ន្ធម្រេច និង​គ្រឿង​ទេសកម្ពុជា លោក ម៉ាក់ នី ឯកឧត្តម វ៉ា រុតសាន​ ប្រធានក្រុមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ​ ក្រុមហ៊ុនកែច្នៃ និងនាំចេញកសិករម្រេច​ សហគមន៍កសិកម្ម ​និងដៃគូអភិវឌ្ឍន៍។ថ្លែងក្នុងពិធីនេះ លោក ម៉ាក់ នី មានប្រសាសន៍ ​វេទិកាស្តីពីការប្រមើលមើលម្រេចកម្ពុជា ឆ្នាំ២០២២​នេះ នឹង​ផ្តល់នូវឱកាសជូនដល់សមាជិករបស់ខ្លួន​ និងអ្នកចូលរួម​ អាចទទួលបានព័ត៌មាន និង​យល់ដឹងបន្ថែមអំពីស្ថានភាពនៃវិស័យម្រេចជាសកល​ ព្រមទាំងរបាំងបច្ចេកទេស ក៏ដូចជា​ឧសគ្គផ្សេងៗលើទីផ្សារនាំចេញផលិតផលម្រេចទៅកាន់ពិភពលោកជាដើម។ក្នុងវេទិកានេះ​ ក៏មានការធ្វើបទបង្ហាញ វគ្គចែករំលែកបទពិសោធន៍ ​និងវេទិកាពិភាក្សា​ដោយ​សមាជិក កសិករ ក្រុមអ្នកផលិតម្រេច និងក្រុមហ៊ុនវេចខ្ចប់ កែច្នៃ​ និងនាំចេញ។​ក្នុងអំឡុងពេលវេទិកានេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា នឹងចែករំលែកដល់អ្នកចូលរួម​ទាំង​អស់​នូវសមិទ្ធផលការងារម្រេចបានកន្លងមក បញ្ហាប្រឈមផ្សេងៗ​ និងផែនការអនាគតរបស់​ខ្លួន​ផងដែរ។ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លើកឡើងថា ​វេទិកា​នេះ​ នឹងផ្តល់នូវចំណេះដឹងបន្ថែមទាក់ទង​នឹងបច្ចេកទេសផលិត​ ជាពិសេសទីផ្សារ និង​តម្រូវ​ការ​ប្រើប្រាស់​ក្នុងស្រុក ​និងទីផ្សារអន្តរជាតិ ​ដែលម្ចាស់ចម្ការម្រេច ​សហគមន៍ម្រេច និង​ក្រុមហ៊ុន​នាំចេញ អាចធ្វើការនាំចេញទៅកាន់ទីផ្សារបរទេស។បច្ចុប្បន្ន កម្ពុជា​មានផ្ទៃដីចម្ការម្រេច ​ប្រមាណ ៦ ៩៣៥​ហិកតា ​ផ្តល់ទិន្នផលប្រមាណ ​១៨ ៣៧៣​តោន ក្នុងមួយឆ្នាំ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានជំរុញដល់កសិករ ម្ចាស់រោងចក្រ​កែច្នៃ​ ឬវេចខ្ចប់ម្រេច ទាំងអស់ ​ប្រញាប់​ដាក់​ពាក្យស្នើសុំចុះបញ្ជីចម្ការ ​និងរោងចក្រកែច្នៃរបស់ខ្លួន នៅអគ្គនាយកដ្ឋាន​កសិកម្ម ​សម្រាប់ការនាំ​ចេញ​ម្រេចទៅទីផ្សារចិន។បន្ទាប់ពីដាក់ពាក្យរួច​ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ​នឹងចុះវាយតម្លៃស្របតាមនីតិវិធី​បច្ចេកទេស ​ដែលមានចែងក្នុងពិធីសារ។​ ជាមួយគ្នានេះ​ អគ្គនាយដ្ឋានកសិកម្ម គ្រោងបញ្ជូន​ឈ្មោះ​ចម្ការ និងរោងចក្រកែច្នៃ ​និងវេចខ្ចប់ម្រេច​ ទៅកាន់ភាគីចិននៅដើមខែមករា ​ឆ្នាំ២០២៣ខាងមុខ ដើម្បីពិនិត្យ ​និងវាយតម្លៃបញ្ចប់ មុនឈានដល់ការនាំចេញជាផ្លូវការ ៕ អត្ថបទ៖ ជា វណ្ណៈ

កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ៣លាននាក់ សម្រាប់ឆ្នាំ២០២៣

2022/12/23 02:32:20 pm        369
ភ្នំពេញ៖ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិច្រើនជាង ​៣លាននាក់ ខណៈសម្រាប់​ពេញ​មួយឆ្នាំ២០២២នេះ​ កម្ពុជារំពឹងថា ​នឹងទទួលបានទេសចរអន្តរជាតិច្រើនជាង ២,២លាននាក់ និងទេសចរផ្ទៃក្នុង ច្រើនជាង ១៣លាននាក់។នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផល នៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម​ក្នុងវិស័យទេសចរណ៍កាលពីរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២កន្លងទៅ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បានលើកឡើងថា​ ការរំពឹងទុករបស់កម្ពុជា ថានឹងអាចទទួលបាន​ទេសចរ​អន្តរជាតិច្រើនជាង ៣លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ គឺដោយសារជាឆ្នាំដែល​កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣។ឯកឧត្តមរដ្ឋមន្រ្តី ​បានលើកឡើងបន្ត ជាចក្ខុវិស័យ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ត្រូវផ្អែកជា​ចំបង​លើសក្តានុពលដែលយើងមាន ដូចជា កត្តាធនធានវប្បធម៌ និងធម្មជាតិ, កត្តាភូមិសាស្រ្ត, និងកត្តាប្រជាសាស្រ្ត ជាមួយនឹងការគិតគូរជាប់ជាប្រចាំពីការប្រែប្រួលឥតឈប់​ឈរ​នៃ​តម្រូវការ​របស់ភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ ​ព្រមទាំងការវិវត្តយ៉ាងឆាប់​រហ័សនៃបរិបទសេដ្ឋកិច្ច-សង្គម ដែល​មានទាំងកាលានុវត្តភាពថ្មី និងបញ្ហាប្រឈមថ្មី។ ក្នុងន័យនេះ យើងនៅមានការងារជាច្រើនទៀត ​ដែលត្រូវខិតខំធ្វើ និងបន្តធ្វើ ដើម្បីស្តារកំណើន​ទេសចរណ៍​កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។ឯកឧត្តម ថោង ខុន បានអំពាវនាវបន្ថែមដែរ​ ទៅដល់គ្រប់ក្រសួង-ស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, រដ្ឋបាលថ្នាក់​ក្រោមជាតិ, វិស័យឯកជន, ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យបន្តចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការ​ស្តារវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅ​រកភាពរីកចម្រើនរុងរឿងនៃ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។សូមបញ្ជាក់ថា​ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ​ជាង ១,៩១លាននាក់ កើនឡើងជាង ​១ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសមានភ្ញៀវទេសចរជាតិ​មានចំនួនជាង ១១,៦៥​លាននាក់ កើនឡើងក្នុងអត្រា ​១៨១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងភ្ញៀវទេសចរ​បរទេសផ្ទៃក្នុង ជាង ១,៦៤លាននាក់ កើនឡើងក្នុងអត្រា ៦០២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕អត្ថបទ៖ បូរ៉ាវី

កម្ពុជា-អូស្ត្រាលី បន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម

2022/12/23 01:47:47 pm        359
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការ​បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ​សំដៅពង្រឹង ​​ពង្រីក ​និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ​និងវិនិយោគ​ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្នុងថ្ងៃអនាគត។ក្នុងឱកាសទទួលជួបការងារ និងជម្រាបលារបស់ ឯកឧត្តម ប៉ាប្លូ កាំង (PABLO Kang) ឯកអគ្គរាជទូត​អូស្រ្តាលីប្រចាំកម្ពុជា ​ដែលនឹងចប់​អាណត្តិ ​កាលពីរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២​កន្លងទៅ ​នៅទីស្តីការក្រសួង ​ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ​បានសម្ដែងនូវ​ការស្វាគមន៍ ​និងអបអរសាទរចំពោះ ​ឯកឧត្តមឯកអគ្គរាជទូត ​ដែលបានបំពេញបេសកកម្មប្រកប​ដោយ​ជោគជ័យនៅកម្ពុជា ​ព្រមទាំងបានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែក​យ៉ាង​សកម្មរបស់ឯកឧត្តមទូត ​ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកម្ពុជា-អូស្រ្តាលី ជាពិសេសលើវិស័យពាណិជ្ជកម្ម។ ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង​ប្រទេស​ទាំងពីរ ​និងថ្លែងការអរគុណចំពោះរដ្ឋាភិបាល ​និងប្រជាជនអូស្ត្រាលី សម្រាប់ការគាំទ្រ​ជា​បន្តបន្ទាប់​ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ​និងសង្គមកម្ពុជា ​ដែលក្នុងនោះរួមមាន​ទាំងការឧបត្ថម្ភ​វ៉ាក់សាំង​ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំង​របស់រាជរដ្ឋា​ភិបាល​កម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល ​និងប្រជាជនអូស្ត្រាលី ដែល​បាន​ផ្តល់ជំនួយក្រោមកម្មវិធីអភិវឌ្ឍន៍​សេដ្ឋកិច្ចទ្វេភាគីថ្មី កម្ពុជា-អូស្ត្រាលី ក៏ដូចជាកម្មវិធី​ពាណិជ្ជកម្ម​តំបន់ (RT4D) ដែលក្នុងនោះ ​ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថប្រយោជន៍​ជាច្រើន​ពី​កម្មវិធីទាំងនេះផងដែរ។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ ក៏បានស្វាគមន៍​ចំពោះការ​សម្រេចបានជាដុំកំភួន​ នូវការចរចាដំទ្បើងកម្រិត​នៃកិច្ច​ព្រមព្រៀង​តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ​ដែលជាសមិទ្ធផល​អាទិភាពសេដ្ឋកិច្ចមួយ​របស់​កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ យោងតាមអគ្គនាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ​ការនាំចេញ-នាំចូល រវាង​ប្រទេស​កម្ពុជា-អូស្រ្តាលី​ គិតក្នុងរយៈពេល ៧ខែ​ ឆ្នាំ២០២២ មានទំហំទឹកប្រាក់សរុប​ចំនួន​ប្រមាណជាង ​៣២០លានដុល្លារ ​មានការកើនឡើងជាង ១២៧% ប្រៀបធៀប​រយៈពេលដូចគ្នាទៅ​នឹងឆ្នាំ២០២១ ដែលមានចំនួនប្រមាណ ១៤១លានដុល្លារ៕អត្ថបទ៖ បូរ៉ាវី

ទីផ្សាររថយន្តថ្មីកំពុងមានត្រូវការខ្ពស់ ខណៈការលក់រថយន្តមួយទឹកបានថយចុះ

2022/12/22 12:28:49 pm        543
ភ្នំពេញ៖ ទីផ្សារនាំចូលរថយន្តស៊េរីថ្មីនៅកម្ពុជា ​បានហក់ឡើងខ្ពស់ ដែលកត្តាទាំងនេះ​បង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាកំពុងមានជីវភាពធូរធារ មានប្រាក់ចំណូលសមរម្យ និង​ស្របពេលប្រតិបត្តិទីផ្សារហិរញ្ញវត្ថុ​បានកំពុងកើតឡើងយ៉ាង​ផុលផុស ក្នុងការផ្តល់​លទ្ធភាព​ប្រាក់​កម្ចីជូនប្រជាពលរដ្ឋ។លោក ងន សាំង អនុប្រធានសម្ព័ន្ធឧសហ្សាកម្មយានយន្តនៅកម្ពុជា ​និងជាអគ្គនាយកក្រុមហ៊ុន RMA AUTOMOTIVE (CAMBO DIA) ​លើកឡើងនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២២ ​នេះថា នា​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រថយន្តស៊េរីថ្មីៗ​ជាច្រើនប្រភេទ បាន​ហូរចូល​មកកាន់​ទីព្រះរាជាណា​ចក្រ​កម្ពុជា និងកំពុងមានវត្តនៅកម្ពុជាកាន់តែច្រើនឡើងៗ នូវគ្រប់ប្រភេទរថយន្ត។ នៅក្នុងឆ្នាំ២០២២នេះ ការនាំចូលរថយន្តបានកើនឡើងប្រមាណ​ជាង ៤០% ក្នុងនោះកំណើន​ដែល​កើនឡើងនេះ ​ភាគច្រើនគឺជារថយន្តថ្មី ​ខណៈទីផ្សារលក់រថយន្តមួយទឹកបានធ្លាក់ចុះជាបណ្តើរៗ។លោក បន្តថា ​ការប្រើប្រាស់រថយន្តថ្មី ​កើនឡើងនេះ​ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជា​កំពុង​មាន​ការអភិវឌ្ឍនីរីកចម្រើន ក្នុងនោះប្រជាជនកម្ពុជា​ក៏ទទួលផលអភិវឌ្ឍន៍រីកចម្រើន​គួរ​ជា​ទីកត់សម្គាល់​ផងដែរ ដោយកំពុងមានជីវភាពធូរធារ ​និងមានប្រាក់ចំណូល​រស់នៅសមរម្យ ហើយ​តាមរយៈនេះផងដែរ ​បានបង្ហាញឲ្យឃើញនៃកិច្ចដំណើរការលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា កំពុង​កើតឡើងយ៉ាងផុលផុស​ ក្នុងការផ្តល់លទ្ធភាពជូនដល់ប្រជាពលរដ្ឋរ ។សូមបញ្ជាក់ថា ទាក់ទងការនាំចូលយានយន្ត, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបង្ហាញ​ឲ្យដឹងថា នៅរយៈពេល ៣ ត្រីមាស ឆ្នាំ២០២២​ ការប្រមូលចំណូលលើរថយន្ត​ និងគ្រឿងចក្រ​ មានចំនួនជាង ៣ ៨៨៩ ប៊ីលានរៀល ត្រូវប្រមាណជាង​ ៤៧% នៃចំណូលសរុប៕អត្ថបទ៖ សុន រ៉ាឌី

ពលរដ្ឋ និងយុវជនអាស៊ានសម្ដែងការគាំទ្រចំពោះការរៀបចំពិព័រណ៍អាស៊ាន-ឥណ្ឌា

2022/12/21 04:37:41 pm        552
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងយុវជនក្នុងតំបន់អាស៊ាន ដែលបាននាំយកនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ មកចូលរួមដាក់តាំងបង្ហាញ ​ក្នុងពិព័រណ៍ឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា បានសម្ដែង​ការគាំទ្រការរៀបចំពិព័រណ៍នេះ ដែលបានផ្ដល់ជាប្រយោជន៍​ដល់ច្រើនដល់យុវជន ​ពិសេស អ្នក​កំពុងសិក្សាលើគំនិត​ច្នៃប្រឌិត​បង្កើត ឧបករណ៍​ ឬផលិតផលថ្មីៗ ។ប្រជាពលរដ្ឋ ​និងយុវជនក្នុងតំបន់អាស៊ាន បានលើកឡើងថា​ វេទិកាស្តីពីឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា រួមទាំងមានការរៀបចំនូវពិព័រណ៍បង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ របស់​ប្រទេសឥណ្ឌា និងរដ្ឋជាសមាជិកអាស៊ាន ​បានជួយឲ្យសិស្សនិស្សិត ​យុវជន ​និងពលរដ្ឋ បានយល់​ដឹងបន្ថែម ពីប្រពៃណី វប្បធម៌ នៃប្រទេសក្នុងតំបន់ ​ដែលពួកគេមានគំនិតច្នៃប្រឌិតអ្វីខ្លះ ក៏ដូចជា​ដកស្រង់នូវបទពិសោធន៍ ពីពួកគេ ដែលបានធ្វើបទបង្ហាញ​ក្នុងវេទិកា ឬនៅតាម​ស្ដង់​ពិព័រណ៍នីមួយៗ ​អត្ថប្រយោជន៍​ នៃឧបករណ៍ ឬ ផលិតផលអ្វីមួយ ​ដែលទើបង្កើតថ្មីនោះ ។ពួកគេ បានបន្តថា ក្នុងរយៈប៉ុន្មានថ្ងៃ ​នៃការរៀបចំព្រឹត្តិការណ៍នេះ ​ពួកគេទទួលបាននូវ ​ចំណេះដឹង បន្ថែមទៀត​លើគំនិតច្នៃប្រឌិតថ្មី ​ពីប្រទេសជាសមាជិកអាស៊ាន​ទាំងអស់​ រួមទាំងឥណ្ឌា ហើយ​យុវជន និង ពលរដ្ឋអាស៊ានទាំងអស់នោះ ​ក៏មានចង់ឲ្យមានការរៀបចំវេទិកា និងពិព័រណ៍​បែបជារៀងរាល់ឆ្នាំ ​ដើម្បីឲ្យ​ ពួកគេបានផ្លាស់ប្តូរបទពិសោធន៍ ​ដល់គ្នាទៅ វិញទៅមកលើវិស័យ​បច្ចេកវិទ្យានេះ ។សម្រាប់សម្ភារ ឧបករណ៍ ឬផលិតផលបច្ចេកវិទ្យាច្នៃប្រឌិត​ ដែលប្រទេសក្នុងតំបន់អាស៊ាន និង ឥណ្ឌា ​នាំយកមកបង្ហាញក្នុងពិព័រណ៍នវានុវត្តន៍អាស៊ាន-ឥណ្ឌា ​មានដូចជា រ៉ូបូត ការកែច្នៃផល​កសិកម្ម ​ឧបករណ៍ជួយដល់វិស័យបរិស្ថាន ​កសិកម្ម ​និងផលិតផល​ថែរក្សាសុខភាពជាដើម ។គួរបញ្ជាក់ថា ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​បានរៀបចំវេទិកា ស្តីពី ឫសគល់​នវានុវត្តន៍ អាស៊ាន-ឥណ្ឌា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ​ដល់ទី២១​ ខែធ្នូ នៅវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ ​ដែលវេទិកានេះ មានការ​ប្រកួតប្រជែង​ឫសគល់នវានុវត្តន៍​ ការប្រកួតប្រជែងនវានុវត្តន៍របស់សិស្ស និងការតាំង​ពិព័រណ៍នវានុវត្តន៍ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អ្នកជំនាញសេដ្ឋកិច្ច៖ វិធានការជាច្រើនរបស់រាជរដ្ឋាភិបាល នឹងរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣

2022/12/20 02:21:46 pm        349
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា នូវគោលនយោបាយគាំទ្រ ការអនុវត្តកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ​ និងងាយរងហានិភ័យ ជាពិសេសការទប់ស្កាត់នៃការកើនឡើង​អតិផរណា​ជាដើមរបស់រាជរដ្ឋាភិបាល ​នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៣។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា ​លើកឡើង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះថា ផ្អែកតាមការខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល ​ចាប់តាំង​ពី​ពេលមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការដឹកនាំ ត្រួត​ពិនិត្យ និងវាយតម្លៃយ៉ាងច្បាស់លាស់ ​ទាំងកម្រិតគោលនយោបាយ ​និងយុទ្ធសាស្រ្ត ជាពិសេស​ការទប់ស្កាត់ ​និងចាក់វ៉ាក់សាំងបង្ការបានទាន់ពេលវេលា ​និងគ្រប់គ្រាន់ បាន​អនុញ្ញាតឲ្យកម្ពុជា​បើក​ប្រទេសឡើងវិញ ​និងធ្វើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកជាប្រក្រតី។ជាមួយនឹងវិធានការជាច្រើនទៀត​របស់រាជរដ្ឋាភិបាល ការរៀបចំធនធានឆ្ពោះទៅ​បន្តរក្សា​លំនឹង​ជីវភាព​រស់នៅរបស់ប្រជាជន ​ក៏ដូចជាលំនឹងនៃសង្គម​ និងតម្រង់ការវិភាគថវិកា សម្រាប់អនុវត្ត​សកម្មភាព​អាទិភាពគោលនយោបាយ​សំខាន់ផ្សេងៗ​ទៀត​ ការទប់ស្កាត់នៃការកើនឡើងអតិផរណា ជាពិសេសការទប់ស្កាត់នៃការឡើងថ្លៃប្រេងឥន្ធនៈជាដើម ​ជាកត្តាចម្បង នៃការជួយជ្រោមជ្រែង​ដល់​សកម្មសេដ្ឋកិច្ចក្នុងស្រុក ​នឹងអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា​មានកំណើនកើនឡើង។សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ត្រូវបានព្យាករថា ​នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលគាំទ្រ​ដោយវិស័យសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម ​វិស័យសេវាកម្ម និងវិស័យកសិកម្ម ៕អត្ថបទ៖ សុន រ៉ាឌី

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អារ៉ាប់រួម រំពឹងសម្រេចនាពេលខាងមុខ

2022/12/20 10:47:07 am        349
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងភាគីអេមីរ៉ាតអារ៉ាប់រួម បានបើកកិច្ចប្រជុំជាមួយគ្នា ដើម្បីចចារគ្នា​ក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ ជាជុំទី២ហើយ ដែលភាគីទាំង​ពីរំពឹងថា ​ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន​ នឹងជំរុញការនាំចេញមុខទំនិញអទិភាព សម្រាប់បំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក។ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២នេះ បានលើកឡើងថា ​ការចរចាជុំទី២ បាន​ប្រារព្ធ​ធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ​ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) ​អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុម​ចរចា​សម្រាប់​ភាគីអេមីរ៉ាតអារ៉ាប់រួម​ ព្រមជាមួយមន្រ្តីជាន់ខ្ពស់តំណាង​អន្តរក្រសួងនៃប្រទេសទាំងពីរ សរុបប្រមាណ ៦០រូប។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ មានលក្ខណៈពិសេសសម្រាប់​ប្រទេស​ទាំងពីរ ដោយសារកិច្ចព្រមព្រៀង​ នឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណី រវាង​ប្រទេស​ទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ ​និងអាស៊ាន ដែលមាន​ថាមវន្ត​សេដ្ឋកិច្ចខ្លាំងលើពិភពលោក ព្រមទាំងផ្តល់នូវ​កាលានុវត្តភាព​ជាច្រើនទៀតដែលភាគី​ទាំង​ពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿន​សេដ្ឋកិច្ចជាតិ។ក្រសួងពាណិជ្ជកម្ម ​បញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងនេះ​ អាចនឹងត្រូវការរយៈពេល៦ខែទៀត ដើម្បី​បញ្ចប់កិច្ចចរចា​ទាំងស្រុង ដើម្បីឈានទៅដាក់ឆ្លងគណៈរដ្ឋមន្រ្តី ​រដ្ឋសភា​ ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ នាពេលខាងមុខ។ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាទីផ្សារដ៏មានសក្តានុពល​សម្រាប់​ការនាំចេញរបស់កម្ពុជានាពេលមុខ ​ដោយសារ​ប្រជាជន​ប្រទេសនេះ​ មានចំណូលខ្ពស់ ដែល​ក្នុងមួយឆ្នាំ​ប្រជាជនម្នាក់មានចំណូល ប្រមាណ ​៤២ ៨៨០ដុល្លារអាមេរិក។នៅពេលកិច្ចព្រមព្រៀងនេះ​ ចូលជាធរមាន ​ភាគីទាំងពីររំពឹងថា ​នៅរយៈពេល៥ឆ្នាំខាងមុខ ​ទំហំ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ​នឹងឡើងដល់​១ពាន់លានដុល្លារ។តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា​ ក្នុងអង្គប្រជុំខាងលើ ភាគីទាំងពីរ បាន​គូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នាពេលឆាប់ៗនេះ សំដៅលើកកម្ពស់ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ​តាមរយៈការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញទំនិញ ​និងសេវាកម្ម ព្រមទាំង​ការ​បង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគ ​និងពង្រឹងកិច្ចសហការសម្រាប់វិស័យអាទិភាព៕អត្ថបទ៖ បូរ៉ាវី

កម្ពុជាកំពុងទាញយកប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យា លើការតភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្ម និងការធ្វើអាជីវកម្ម

2022/12/19 02:56:34 pm        579
ភ្នំពេញ៖ ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជាថា កម្ពុជាកំពុងក្តោបយកវិស័យបច្ចេកវិទ្យា​ជាយាន ​នឹងមានកំណើនប្រើប្រាស់កាន់តែច្រើន នៃការតភ្ជាប់ការទំនាក់ទំនង ពាណិជ្ជកម្ម និង​ការធ្វើអាជីវកម្ម ដែលរបត់ថ្មីមួយនេះ​ កំពុងទាញយកប្រយោជន៍ជាអតិបរមា ​ពីការ ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ​និងកាត់បន្ថយនូវផលប៉ះពាល់​ជាអវិជ្ជមានពីបច្ចេកវិទ្យា។លោកឧកញ៉ា ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា​ លើកឡើងថា ចំពោះការ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាពិតជា​មានសារៈសំខាន់ណាស់ ​ជាក់ស្តែង​នៅក្នុងវិបត្តិនៃជម្ងឺកូវីដ-១៩ បាន​ផ្លាស់ប្តូរ​ទម្លាប់​និងរបៀបរបរនៃការធ្វើអាជីវកម្មជាច្រើន​ និង​បាន​កំពុងផ្សារ​ភ្ជាប់​រវាង ​អ្នកផ្គត់ផ្គង់ ទៅ​អតិថិជន​បានល្អប្រសើរ។ ​ចំណែកការប្រើប្រាស់​លើ​ពាណិជ្ជកម្មវិញ ​បច្ចេកវិទ្យា​បានកំពុងតភ្ជាប់​សម្រាប់​បម្រើក្នុងអាជីវកម្ម ពាណិជ្ជកម្ម ​និងការផ្សារភ្ជាប់ទៅខ្សែសង្វាក់​ផលិតកម្មក្នុងតំបន់ និង​សកលផងដែរ។ជុំវិញបច្ចេកវិទ្យានេះ, លោកឧកញ៉ា សង្កេតឃើញថា ការប្រើប្រាស់ ​បច្ចេកវិទ្យាសម្រាប់អាជីវកម្មវិញ បាន​កំពុងហក់ឡើងយ៉ាងខ្លាំងផងដែរ ​សម្រាប់កិច្ចដំណើរការពាណិជ្ជកម្ម ​និងអាជីវកម្ម ដោយ​បញ្ជាក់បានថា ​កម្ពុជាកំពុងក្តោបយកវិស័យបច្ចេកវិទ្យា ​ជាយាន ​សម្រាប់តភ្ជាប់ការទំនាក់ទំនង ពាណិជ្ជកម្ម ​និងការធ្វើអាជីវកម្ម ​និងទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និង​កម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង​ប្រក្រតី​ភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ក្នុងគោលបំណង​ស្តារ នឹង ពង្រឹងសក្តានុពល​នៃចន្ទល់​កំណើន​សេដ្ឋកិច្ចឱ្យ​រស់រវើក ​និងត្រឡប់ទៅ​កំណើន​សក្តានុពល ​ប្រកបដោយចីរភាព​ និងបរិយាបន្ន, ចាប់​យកឱ្យបាននូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើង ​ស្របនឹង​និន្នាការ​តំបន់ ​និងសកល និង​កសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវដល់ពលរដ្ឋចូលរួមបរិច្ចាគឈាម ខណៈតម្រូវការឈាមកើនឡើង
04/22/2026 02:04 PM
គ.ស.ម.ក. ដាក់លិខិតទៅកាសែត The Wall Street Journal ឱ្យលុបពាក្យ “Scambodia” និងសុំទោសជាផ្លូវការចំពោះកម្ពុជា
04/22/2026 02:04 PM
មគ្គទេ្ទសក៍ទេសចរណ៍ជិត១០០នាក់ ចូលរួម​ប្រលង​ដំឡើង​កម្រិត​មគ្គទ្ទេសក៍​ទេសចរណ៍​ថ្នាក់​ជាតិ​ និងតំបន់
04/22/2026 02:04 PM
ប្រជានុរាស្រ្តបន្តបួងសួងថ្វាយព្រះពរព្រះមហាក្សត្រឱ្យឆាប់ជាសះស្បើយពីព្រះរោគ
04/22/2026 02:04 PM
អ្នកវិភាគនយោបាយបង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើនទំនាក់ទំនងបន្ថែមទៀតរវាងចិន និងកម្ពុជា
04/22/2026 01:04 PM
អ៊ីរ៉ង់រិះគន់ខ្លាំងៗ ចំពោះការចរចាសន្តិភាពរបស់អាមេរិក ដោយចាត់ទុកថា ជាការ «ខ្ជះខ្ជាយពេលវេលា»
04/22/2026 01:04 PM
អ្នកនាំពាក្យ៖ បញ្ហាព្រំដែន​ជាមួយថៃ​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាក់​ទឹក​ចិត្ត​ឡើយ​តែ​ធ្វើ​ឱ្យ​រួប​រួម​គ្នា​កាន់​តែ​ខ្លាំង
04/22/2026 12:04 PM
សហរដ្ឋអាមេរិកថា ខ្លួននឹងមិនដកប្រព័ន្ធការពារជាតិចេញពីកូរ៉េខាងត្បូងទេ
04/22/2026 12:04 PM
សហគ្រាសក្នុងស្រុកបង្កើតថ្មីៗជាច្រើន ស្របពេលមានសន្ទុះមហាជនគាំទ្រផលិតផលក្នុងស្រុក
04/22/2026 12:04 PM
ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
04/22/2026 12:04 PM