ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល

សេដ្ឋកិច្ច និង កសិកម្ម

អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ

2025/03/21 06:42:16 pm        251
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់​ពាណិជ្ជកម្ម​ក្នុង​ប្រទេសកម្ពុជា បានប្រកាសបើក​លក់​គម្រោង​អភិវឌ្ឍន៍​ទំនើប​ចម្រុះ​ដ៏​ធំ​សម្បើម​កណ្តាល​ទីក្រុង គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាផ្លូវការហើយ បន្ទាប់ការប្រកាសពិធី​បញ្ចុះបឋម​សិលា​បើកការដ្ឋានសាងសង់គម្រោងធំៗចំនួន២ព្រមគ្នា កាលពីថ្មីៗកន្លងទៅនេះ។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងគម្រោងផ្ទាល់ ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត និងធំសម្បើម ដែលតភ្ជាប់ពីគម្រោងលែនម៉ាក ២៧១ ត្រឹមតែ ៣នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និង ១០-១៥នាទី ទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិ តេជោតាខ្មៅ ដែលគ្រោងបើកដំណើរការក្នុងពេលឆាប់ៗនេះ។គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ហ៊ុំព័ទ្ធដោយផ្លូវយុទ្ឋសាស្រ្តធំៗខ្វាត់ខ្វែងដល់ទៅ៣ គឺផ្លូវ ៦០ម៉ែត្រ ផ្លូវ ២៧១ និងផ្លូវ ៣៧១ ស្ថិតក្នុងតំបន់យុទ្ធសាស្រ្តជាមូលដ្ឋានពាណិជ្ជកម្មឈានមុខសំខាន់ៗ កណ្តាលទីក្រុង មានចរន្តសេដ្ឋកិច្ចដ៏ខ្លាំងក្លា។គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មី មួយនេះនឹងនាំមកនូវទំនើបកម្មនៃការរស់នៅ ជាមួយគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរួមមាន៖មជ្ឈមណ្ឌលសន្និបាត ជីប ម៉ុង ដ៏ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបទពិសោធន៍នៃការរៀបចំកម្មវិធីធំៗ ដូចជា ប្រជុំអាស៊ាន បន្ទប់ប្រជុំ សាលពិព័រណ៍ធំៗ កន្លែងរៀបចំសិក្ខារសាលា សន្និបាតខាតធំ ឬ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លំដាប់កំពូល ដែលស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១០,០០០នាក់ ជាមួយការរចនាតាមស្តង់ដារអន្តរជាតិដំបូងគេ មានបំពាក់ផ្ទាំង LED ដ៏ទំនើប និងចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗរបស់លោកអ្នក។ មជ្ឈមណ្ឌលកីឡាដ៏ធំ បំពាក់សម្ភារៈទំនើបៗ មានអាងហែលទឹកខ្នាតអន្តរជាតិសម្រាប់មនុស្សគ្រប់វ័យ និងមានកីឡាកម្សាន្តជាច្រើន បន្ថែមជូនមុខងារសុខភាពដ៏ចាំបាច់ ឧទ្យាន ហ្រ្គេនលែនម៉ាក តាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី បៃតងស្រស់ត្រកាល ជាកន្លែងសម្រាកលំហែ និងជួបជុំប្រកបដោយភាពសុខដុមរមនា។ មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេ។ លើសពីនេះ គ្រឹះស្ថានអន្តរជាតិធំៗ នឹងប្រែក្លាយ ហ្រ្គេនលែនម៉ាក ២៧១ អោយជាគោលដៅទាក់ទាញ និងលេចធ្លោជាងគេនៅក្នុងតំបន់។បើនិយាយពីជម្រើសម៉ូដផ្ទះថ្មីៗ ប្រណីតៗ ស្រស់ស្អាតគឺមានយ៉ាងច្រើននៅក្នុងគម្រោង។ អ្វីដែលរឹតតែគួរអោយចាប់អារម្មណ៍ អ្នកឧកញ៉ា លាង ហួង ក៏បានប្រកាសអំពីការផ្តល់ជូនជាពិសេសក្នុងឱកាសបើកលក់ជាផ្លូវការនេះផងដែរ ចំពោះការបង់ឥតប្រាក់កក់ និងបង់ឥតការប្រាក់រហូតដល់ ៣៦ ខែ ការបញ្ចុះតម្លៃរហូតដល់ ១០% ការបង្វិលកងសំណាងយកប័ណ្ណបញ្ចុះតម្លៃបន្ថែម ប័ណ្ណទិញគ្រឿងអេឡិចត្រូនិច និងរង្វាន់ដ៏សន្ធឹកសន្ធាប់ជាច្រើនទៀត៕ 

ឯកឧត្តម ស៊ុន ចាន់ថុល បន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទៅ​កាន់ក្រុមហ៊ុន​វិនិយោគ​ឆ្នើមៗនៅក្នុងក្រុងចឹងចូវ និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ច​ស្តីពីកិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហ៊ឺណាន

2025/03/19 11:02:18 am        194
ហ៊ឺណាន៖ កាលពីសៀលថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា បំពេញទស្សនកិច្ចការងារទៅកាន់ ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food Co.,Ltd.), ក្រុមហ៊ុនវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រថ្មីនៃក្រុងចឹងចូវ (Zhengzhou New Silk Road International Port Investment Co.,Ltd.) និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន។កិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ចែករំលែកឱកាសនៃការអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ៊ឺណាន” ជាមួយនឹងគោលបំណងក្នុងការជំរុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក, ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនទាំងមូល ក៏ដូចជាដើម្បីសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគរបស់សហគ្រាសឆ្នើមៗប្រចាំក្រុងចឹងចូវសរុបប្រមាណជាង១០ក្រុមហ៊ុន និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ដោយឡែកការធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន និងសហគ្រាសខាងលើ គឺដើម្បីធ្វើការសិក្សាស្វែងយល់អំពីបេសកកម្ម ចក្ខុវិស័យ ខ្សែច្រវ៉ាក់ផលិតកម្ម ការគ្រប់គ្រងប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធនានា។មានមតិស្វាគមន៍ លោកស្រី Li Fengzhi អភិបាលរងក្រុងចឹងចូវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្តហ៊ឺណាន។ ទន្ទឹមនឹងនេះ លោកជំទាវបានពិពណ៌នាជូនគណៈប្រតិភូឱ្យបានជ្រាបអំពីបច្ចុប្បន្នភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ក្រុងចឹងចូវ ជាពិសេសការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលមានភាពខ្វាត់ខ្វែង និងតភ្ជាប់ទៅកាន់គ្រប់គោលដៅសំខាន់ៗនៅទូទាំងផ្ទៃប្រទេស។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ភាគីមិត្តចិនជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតស្ញប់ស្ញែងជូនចំពោះភាពរីកចម្រើនរបស់ក្រុងចឹងចូវ ក្រោមការដឹកនាំតម្រង់ទិសពីសំណាក់រដ្ឋបាលក្រុង, រដ្ឋបាលខេត្ត, និងរដ្ឋបាលមជ្ឈិម។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញតំណាងសហគ្រាសវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) និងសហគ្រាសឆ្នើមៗដទៃទៀតប្រចាំក្រុងចឹងចូវ ដែលមានមុខសញ្ញាវិនិយោគទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ឧស្សាហកម្ម, យានយន្ត, និងបច្ចេកវិទ្យាឌីជីថល ឱ្យអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាដើម្បីសិក្សាសមិទ្ធិលទ្ធភាព និងឈានដល់ការពិនិត្យឱកាសបណ្តាក់ទុនវិនិយោគ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងស្វាគមន៍ជានិច្ចក្នុងការផ្តល់កិច្ចសម្របសម្រួល និងការថែទាំគាំទ្រដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food) គឺជាសហគ្រាសដែលផ្តោតសំខាន់លើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការវេចខ្ចប់ និងកែច្នៃសាច់ស្រស់ ដោយឡែកសហគ្រាសវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative - BRI) ផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលមានទីតាំងនៅតាមបណ្តោយ ឬជាប់ពាក់ព័ន្ធនឹងគម្រោងផ្លូវសូត្រសម័យទំនើប ជាមួយនឹងគោលបំណងក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងទំនាក់ទំនងរបស់ប្រទេសចិន ទៅកាន់សកលលោក៕

ក្រសួងពាណិជ្ជកម្ម៖ គ្រាប់ស្វាយចន្ទីររបស់កម្ពុជាកំពុងមានទីផ្សារនៅប្រទេសជប៉ុន

2025/03/19 10:44:08 am        218
ក្នុងកំឡុងដំណើរការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ពិព័រណ៍ពិភពលោកអូសាកា ២០២៥ នៅ​ប្រទេសជប៉ុន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញទស្សនកិច្ចសិក្សា​នៅផ្សារ​ទំនើប​មួយ​ចំនួន ដើម្បីស្វែងយល់ពីនិន្នាការទីផ្សារ និងការដាក់តាំងលក់គ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងទីផ្សារប្រទេសជប៉ុន។ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំបានពិនិត្យទីតាំងចំនួនបី រួមមាន៖ ផ្សារទំនើប AEON Mall និងហាង 7-Eleven ចំនួន ២ សាខា ដែលក្នុងនោះមានមួយជាសាខាដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងទីក្រុងតូក្យូ។ ទស្សនកិច្ចនេះ បានផ្តល់ឱកាសដ៏មានតម្លៃក្នុងការវាយតម្លៃលទ្ធភាពទីផ្សាររបស់គ្រាប់ស្វាយចន្ទីកម្ពុជា ព្រមទាំងការវិភាគអំពីចំណូលចិត្តអតិថិជន និងការស្វែងរកឱកាសថ្មីសម្រាប់ការពង្រីកការនាំចេញ។ បើតាម មន្រ្តីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម ក្រុមការងារជំរុញការនាំចេញ បានកំពុងសហការជាមួយអ្នកផលិត និងអ្នកនាំចេញ ដើម្បីលើកកម្ពស់ការអនុលោមតាមស្តង់ដារអន្តរជាតិ ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងជំរុញឱ្យគ្រាប់ស្វាយចន្ទីកម្ពុជាក្លាយជាផលិតផលគុណភាពខ្ពស់ និងមានសក្តានុពលលក់ក្នុងទីផ្សារសកល។បច្ចុប្បន្នទីផ្សារជប៉ុន ជាទីផ្សារគោលដៅដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះដែរកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកវត្តមាននៅទីផ្សារដែលមានតម្លៃខ្ពស់ តាមរយៈការបង្កើន ភាពជាដៃគូពាណិជ្ជកម្ម និងការលើកកម្ពស់ផលិតផលដែលមាននិរន្តរភាព និងសមត្ថភាពប្រកួតប្រជែង ដោយកម្ពុជាមានគោលបំណងជំរុញការនាំចេញ និងពង្រីកសក្តានុពលផលិតផលកម្ពុជានៅលើឆាកពិភពលោក៕

វិនិយោគិនបរទេសនឹងមកវិនិយោគកាន់តែច្រើនក្រោមបរិយាកាសអំណោយផលនៅកម្ពុជា

2025/03/19 10:27:55 am        154
ប្រធានក្រុមប្រឹក្សាភិបាលសមាគម (IDI) រំពឹងថា ក្រោមការខិតខំប្រឹងប្រែង និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាល និងការចូលរួមពីវិស័យឯកជន កម្ពុជានឹងស្រូបយកវិនិយោគិនបរទេសមកបណ្តាក់ទុនកាន់តែច្រើនបន្ថែមទៀត នៅក្រោមបរិយា- កាសអំណោយផលគ្រប់បែបយ៉ាង។ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចផ្សេងៗនៅកម្ពុជា នេះថា នៅក្នុងរយៈពេលដ៏ខ្លីនេះ កម្ពុជាពិតជាមានមោទនភាព ដែលបានស្រូបយកវិនិយោគិន ជាពិសេសវិនិយោគិនបរទេសមកបណ្តាក់ទុនជាច្រើន ប្រការទាំងនេះ បានកើតឡើងក្រោមការខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគដូចជា ការដើរគោះទ្វារនៅតាម បណ្តាប្រទេសមួយចំនួន ការទាក់ម៉ូយ និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាលជាដើម ។ ឧកញ៉ាបណ្ឌិត បន្តថា ចំពោះវិស័យដែលកម្ពុជាកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនមានដូចជា វិស័យកម្មន្តសាល, ផ្នែកឧស្សាហកម្មកាត់ដេរ និងវិស័យកសិកម្មជាដើម ហើយវិស័យទាំងនេះបាននិងកំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជាផងដែរ ស្រប ពេលអនុវិស័យទេសចរណ៍ ក៏បានកំពុងងើបឡើង និងបានគាំទ្រដល់វិនិយោគនៅក្នុងវិស័យនេះផងដែរ។ ដោយឡែកតាមរយៈនៃ សមាគមវិញ ឃើញថា នៅក្នុងរយៈពេលនេះដែរ មានវិនិយោគិនមកពីសហរដ្ឋអាមេរិក ជប៉ុន ចិន និងមកពីហុងកុងជាដើម និងមាន វិនិយោគិនមកពីបណ្តាប្រទេសផ្សេងៗទៀតបានចាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិយោគនៅកម្ពុជាផងដែរ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទុនវិនិយោគសរុប ប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក ។ ចំណែកនៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២ គម្រោង មានទំហំទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាមេរិក បានកើនឡើង ៤៣ គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាផ្សព្វផ្សាយពីសក្តានុពលកាលានុវត្តភាព វិនិយោគ និងទេសចរណ៍​ដល់ធុរកិច្ច​ក្នុង​ខេត្តហ៊ឺណាន

2025/03/19 10:17:40 am        97
កម្ពុជាចូលរួមសន្និសីទផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នៅប្រទេសចិន ក្នុង​គោល​បំណងផ្សព្វផ្សាយអំពី សក្តានុពល និងកាលានុវត្តភាព វិនិយោគ និងទេសចរណ៍នៅកម្ពុជា ដល់​សហគមន៍ធុរកិច្ច ដែលមានមូលដ្ឋាននៅក្នុងខេត្តហ៊ឺណាន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញនេះ បានដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូល​រួម​សន្និសីទ រៀបចំឡើងនៅខេត្តហឺណានប្រទេសចិន ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​រំលេច​អំពី​សក្តានុពលវិជ្ជមានរបស់កម្ពុជារួមមាន៖ ស្ថិរភាពនយោបាយ, ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ដែល​មាន​លំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាល​គាំទ្រ​ដល់​វិស័យ​ឯកជន​, របបវិនិយោគដែលមានភាពទាក់ ទាញ និងអនុគ្រោះ, និងហេដ្ឋារចនា​សម្ព័ន្ធ​អន្ត​រ​មធ្យោបាយ​ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។ ក្នុង​សន្និសីទនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជន នៅខេត្តហឺ ណាន នឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា និង​បាន​ពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់ សហគមន៍​ធុរកិច្ច​ខេត្ត​ហ៊ឺណាន ឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀតផងដែរ។សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ខេត្តហ៊ឺណាន មានឯកសារ​ចំនួន​២​រួម​មាន​៖ (១) អនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាមួយ​នឹង​សាលា​គុនកុងហ្វូ តេងហ្វេងយ៉ានលូ នៃសំណាក់សៅលីង និង មហាវិទ្យាល័យ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​អប់រំកាយ ក្រុងចឹងចូវ, និង (២) លិខិតសម្តែង​បំណង​បណ្តាក់​ទុន​វិនិយោគ​របស់​ក្រុម​ហ៊ុន Zhengzhou Agricultural Development Group ត្រូវបានចុះហត្ថលេខាក្រោមសក្ខីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ជាមួយឯកឧត្តម An Wei លេខាបក្សប្រចាំក្រុងចឹងចូវ ក្នុងគោល​បំណង​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ វិនិយោគនិង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ក្នុងជំនួបនេះ, ឯកឧត្តមលេខាបក្សប្រចាំក្រុងចឹងចូវ បានថ្លែងនូវសេចក្តី​ស្វាគមន៍​យ៉ាង​កក់ក្តៅដល់គណៈប្រតិភូកម្ពុជា និងបានជម្រាបគណៈប្រតិភូ អំពីវឌ្ឍន​ភាព​ថ្មីៗ​នៃ​ការ​អភិវឌ្ឍ​ក្រុង​ចឹងចូវ ដែលជាទីប្រសព្វរវាងវប្បធម៌ បុរាណ និងសហសម័យ។ ចំណែក​ទាក់​ទិន​ការ​វិនិយោគ ឯកឧត្តមបង្ហាញសុទិដ្ឋិនិយមថា ដំណើរបេសកកម្មនាពេលនេះ នឹងអាចទាក់ ទាញ​នូវ​គម្រោង​វិនិយោគជាច្រើនពីខេត្តហឺណាន ឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមភាគី សម្រាប់​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់ក្តៅ ដល់គណៈ ប្រតិភូកម្ពុជានាឱកាសបំពេញបេសកកម្មជំរុញ និងទាក់ទាញ​វិនិយោគ​ខេត្ត​ហ៊ឺណាន នេះបេសកកម្មក្រៅប្រទេសដំបូងគេបង្អស់ប្រចាំ ឆ្នាំ២០២៥ របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច យ៉ាង ឆាប់រហ័សរបស់ក្រុងចឹងចូវ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សា​ហកម្ម​ដ៏​សំខាន់​ នៅតាមបណ្តោយទន្លេលឿងរបស់ខេត្ត៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាដាក់ដំណើរការជាផ្លូវការប្រព័ន្ធតម្កល់លិខិតជូនដំណឹង SETFO ដើម្បីបង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការតាមដានព័ត៌មានវិស័យមីក្រូហិរញ្ញវត្ថុ

2025/03/18 03:56:41 pm        292
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសឲ្យដឹងថា ប្រព័ន្ធតម្កល់​លិខិត​ជូន​ដំណឹង​នៃ​ប្រតិបត្តិការ​ដែល​មានកិច្ចធានា ២.០ (Secured Transactions Filing Office-SETFO 2.0) ត្រូវ​បានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ ក្រោយពីត្រូវបានកែសម្រួល និង​រៀប​ចំ​និម្មាប​ន​កម្មថ្មីឡើងវិញ តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ដំណើរ​ការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​តម្កល់​លិខិត​ជូន​ដំណឹង​នៃ​ប្រតិបត្តិការ​ដែលមានកិច្ចធានា ២.០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ប្រព័ន្ធ SETFO គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្ម​សម្រាប់​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០០៨ ដោ​​យ​ផ្អែក​លើ​ច្បាប់​​ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។ ប្រព័ន្ធនេះ គឺជាមធ្យោបាយ​ដ៏ងាយ​ស្រួល​សម្រាប់​គ្រឹះ​ស្ថាន​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏ដូចជាសាធារណជនទូទៅក្នុងការតម្កល់ ស្វែងរកកំណត់ត្រា និង​​ព័ត៌មានពាក់ព័ន្ធនឹងលិខិតជូនដំណឹង សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្ត និង​កាត់​បន្ថយ​ហានិភ័យ និងព្យសនកម្មនានា មុននឹងផ្តល់ឥណទានចំពោះកូនបំណុល ដែលប្រើប្រាស់​ទ្រព្យ​ធានា​ជា​ចលនវត្ថុ។ លើសពីនេះ ប្រព័ន្ធ SETFO 2.0 នេះ នឹងផ្តល់ភាពងាយស្រួលដល់ធុរជន សហ​គ្រាសធុនតូច និងមធ្យម ក៏ដូចជាកសិករ ផលិតករ ក្នុងការទទួលបាននូវឥណទាន ឆាប់​រហ័ស ដោយប្រើប្រាស់ចលនទ្រព្យ ឬកសិផលរបស់ខ្លួនជាទ្រព្យធានា។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប្រព័ន្ធថ្មី SETFO 2.0 នេះ ក៏ត្រូវបានបន្ថែមមុខងារថ្មីមួយចំនួនផងដែរ រួមមាន៖ ១) មុខងារសុវត្ថិភាពបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធ ២) មុខងារចុះឈ្មោះ និង ចូលប្រើប្រាស់ប្រព័ន្ធតាមរយៈកម្មវិធីទូរសព្ទដៃ CamDigiKey ៣) មុខងារបង់ប្រាក់តាមអនឡាញទាំងស្រុង ៤) មុខងារស្នើសុំ និងទាញយករបាយការណ៍ស្រាវជ្រាវដែលមានការបញ្ជាក់ត្រឹមត្រូវតាមអនឡាញ ៥) មុខងារទាញយករបាយការណ៍ ស្រាវជ្រាវដែលមានការបញ្ជាក់ និងផ្ទៀងផ្ទាត់តាមថ្នាល verify.gov.kh និង៦)មុខងារពង្រឹងសុក្រឹតភាពលើលិខិតជូន ដំណឹងដោយការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Cambodia Digital Ledger - CamDL)៕

កម្ពុជាបង្កើតការិយាល័យច្រកចេញចូលតែមួយនៅខេត្តព្រះសីហនុលើផ្ទៃដី ៨០ហិកតា គាំទ្រការកែច្នៃ និងនាំចេញកសិផល

2025/03/18 03:45:48 pm        268
រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ បង្កើតការិយាល័យច្រកចេញចូលតែមួយ ប្រចាំនៅសួនកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុក កំពង់សីលា ខេត្តព្រះសីហនុ មានផ្ទៃដី ៨០ ហិកតា ក្នុងទុនវិនិយោគ ១០០ លានដុល្លារ ដើម្បីគាំទ្រដល់ការកែច្នៃ និងការនាំចេញ កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើការបង្កើត និងដំណើរការការិយាល័យ “ច្រកចេញចូលតែមួយ” ដើម្បីប្រចាំការនៅសួនកសិ-ឧស្សាហកម្ម របស់ ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK(CAMBODIA) PLC. ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។សួនកសិ-ឧស្សាហកម្មនេះ មានផ្ទៃដីទំហំ៨០ ហិកតា មានទុនវិនិយោគប្រមាណ១០០ លានដុល្លារអាមេរិក បង្កើតឡើងដើម្បី ជំរុញការកែច្នៃ និងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្តល់សេវានានា ជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្តុំ និងមានចរិតជាប្រព័ន្ធអេកូឡូស៊ីដូចជា ការលាងសម្អាត ឃ្លាំងត្រជាក់ ឃ្លាំងសម្ងួត ការកែច្នៃ និងការវេចខ្ចប់ជាដើម។ គម្រោងសួន កសិ-ឧស្សាហកម្មនេះ ទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ស្ថិតក្រោម វិសាលភាព នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលបានសម្រេចឱ្យបន្ត អនុវត្តរហូត ដល់ដំណាច់ឆ្នាំ២០២៥ ។កម្មវិធីពិសេសនេះ ផ្តល់ការលើកទឹកចិត្តសម្រាប់គម្រោង៤ប្រភេទ ដែលស្នើសុំ និងអនុវត្តគម្រោងក្នុងឆ្នាំ២០២៥ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងនិងជាគម្រោងថ្មី, ការពង្រីកគម្រោង, និងគម្រោងមានស្រាប់ នៅក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ដើម្បីធ្វើការ ពិនិត្យ និងសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស, ផ្តល់ការគាំទ្រ, សម្របសម្រួល និងជួយដោះស្រាយបញ្ហាជូនវិនិយោគិន។សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍ អនុញ្ញាតឱ្យក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK(CAMBODIA) PLC. បង្កើតសួនកសិ-ឧស្សាហកម្មនេះ និងអនុញ្ញាតឱ្យបង្កើតការិយាល័យ “ច្រកចេញ ចូលតែមួយ” ដែលមានសមាសភាពមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជ កម្ម, រដ្ឋបាលខេត្តព្រះសីហនុ, និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងផ្តល់ការគាំទ្របច្ចេកទេសលើការកែច្នៃកសិផល, កិច្ច សម្រួលពាណិជ្ជកម្ម, នីតិវិធីបញ្ចេញទំនិញពីគយ និងការជំរុញការនាំចេញ ព្រមទាំងការផ្តល់វិញ្ញាបនបត្រស្តង់ដាអនាម័យ, លិខិត អនុញ្ញាតនាំចេញ/នាំចូល, និងការលើកដាក់ទំនិញនៅកំពង់ផែ។ ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ស្របនឹងអាទិភាពរបស់ រាជរដ្ឋាភិបាល ដែលអាចក្លាយជាសួនសាកល្បង និងគំរូមួយសម្រាប់រៀនសូត្រ និងដកស្រង់ពិសោធន៍ក្នុងការអភិវឌ្ឍសួន ឬ តំបន់ កសិ-ឧស្សាហកម្មនៅកន្លែងដទៃទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ជីបម៉ុងលែនបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក ២៧១ និងមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍

2025/03/17 11:03:36 am        209
ជីប ម៉ុង លែន នៅដើមឆ្នាំ២០២៥នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក ២៧១ ដែលជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មី ដ៏មានសក្តានុពលបំផុត និងធំជាងគេ និងគម្រោងមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ ជីប ម៉ុង។អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លើកឡើង ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់២ គម្រោងហ្គ្រេនលែនម៉ាក ២៧១ និងមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ ជីប ម៉ុង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះថា ចំពោះគម្រោងហ្គ្រេនលែនម៉ាក ២៧១ នេះ គឺមានលក្ខណៈពិសេសច្រើនដូចជា មានផ្លូវ ធំៗខ្វាត់ខ្វែងនៅជុំវិញគម្រោង អ្វីដែលពិសេសជានេះគឺ គម្រោងមានមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ ជីប ម៉ុង និងគម្រោង មជ្ឈមណ្ឌលកីឡាជាដើម ដែលធ្វើឱ្យគម្រោងនេះមានភាពលេចធ្លោជាងគេ លើវិស័យអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅកម្ពុជា។ចំណែកអ្នកឧកញ៉ា លាង ម៉េង ស្ថាបនិក និងប្រធានក្រុមហ៊ុនអគ្គនាយក ជីប ម៉ុង លើកឡើងផងដែរថា អ្វីដែលជីបម៉ុងបាន ជោគជ័យ គឺកើតឡើងពីការគាំទ្រ និងមានជំនឿជឿទុកចិត្តពីអតិថិជន ដោយក្នុងនោះអតិថិជនពិតជាយល់ច្បាស់អំពីការគិតគូរ បណ្តុះបណ្តាលធនធនមនុស្ស។ អ្នកឧកញ៉ា បន្តថា ប្រសិនយើងមានទីតាំងដ៏ល្អ តែយើងខ្វះធនធានមនុស្ស ក៏យើងមិនអាចទទួល បាន ជោគជ័យបានផងដែរ។គម្រោងហ្គ្រេនលែនម៉ាក២៧១ ដែលមានភាពលេចធ្លោរួមមាន៖ គម្រោងមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ជីបម៉ុង ដ៏ធំសម្បើម ជាបេះដូងនៃគម្រោងហ្គ្រេនលែនម៉ាក ២៧១ មានកម្ពស់២ជាន់ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ អាចទទួលមនុស្សបាន ១០ ពាន់នាក់។ បន្ថែមលើសពីនេះមជ្ឈមណ្ឌលសន្និបាតមួយនេះមានមុខងារ និងសេវាកម្មជាច្រើនដូចជា ការតាំងពិព័រណ៍រៀបចំប្រជុំ សន្និបាតខ្នាតធំ និងកន្លែងរៀបចំសិក្ខារសាលាផ្សេងៗជាមួយការរចនាស្តង់ដារអន្តរជាតិដំបូងគេមានបំពាក់ផ្ទាំង LED ដ៏ទំនើប និង មានចំណតយានយន្តដ៏ធំទូលាយ និងមានផ្លូវធំៗខ្វាត់ខ្វែង។ អ្វីកាន់តែអសា្ចរ្យទៀតនោះគឺ មជ្ឈមណ្ឌលកីឡាដ៍ទំនើបមួយទៀតរបស់ ជីប ម៉ុង លែន ដែលមានសាលប្រជុំ កន្លែងហាត់ប្រាណ បំពាក់ដោយឧបករណ៍ទំនើបៗ អាងហែលទឹកខ្នាតអន្តរជាតិ និងមុខងារកីឡា ដ៏សម្បូរបែបសម្រាប់មនុស្សគ្រប់វ័យ, មានឧទ្យានហ្រ្គេនលែនម៉ាកតាមមាត់ទឹក និងមានរុក្ខវិថីសួនឧទ្យានជាកន្លែងសម្រាកលំហែ។ មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដំបូងគេ ជាមួយជម្រើសម៉ូតផ្ទះថ្មីប្រណីតៗរួមមាន៖ វីឡាឃីងមែនន័រ ការរស់នៅដោយភាព ស្ញប់ស្ញែង, វីឡាឃីងឧត្តមភាពនៃការរស់នៅបែបអភិជន, វីឡាឃ្វីនហ្គ្រេនជម្រើសនៃភាពទាន់សម័យ, វីឡាឃ្វីន A ហ្គ្រេនសម្រាប់ការ រស់នៅបែបឯកជន, វីឡាឃ្វីន B II ហ្គ្រេនម៉ូតថ្មីយ៉ាងស្រស់ស្អាត និងវីឡាភ្លោះម៉ូតថ្មី Twin SE ទាន់សម័យ និងរស់រវើក, វីឡាភ្លោះSII ,វីឡា កូនកាត់ ASII និងវីឡាកូនកាត់ Link BIII F មានរបងផ្តល់ឯកជនភាព៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយករងគយ៖ វិស័យឡូជីស្ទិក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច

2025/03/17 10:30:46 am        190
អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់ទុកវិស័យដឹកជញ្ជូន ឡូជីស្ទិក និង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ គឺជាឆ្អឹងខ្នង ដ៏សំខាន់ និងជាឃ្នាស់នៃសេដ្ឋកិច្ច តាមរយៈការគាំទ្រ​ដល់​សេវា​ការ​ដឹក​ជញ្ជូន​បម្រើឱ្យ​វិស័យទេសចរណ៍ និងពាណិជ្ជកម្មជាដើម។លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង សន្និបាត និងជំនួបម្ចាស់អាជីវកម្ម ឡូជីស្ទិក នាំចេញ-ចូល និងដឹក​ជញ្ជូន​លើកទី៦ រៀបចំដោយសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែ ច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នៅ​ចុង​សប្តាហ៍​កន្លងមកថា ជុំវិញវិស័យដឹកជញ្ជូន និងឡូជីស្ទិកនេះ រាជរដ្ឋាភិបាលបានបន្ត និង​អភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក បានផ្តោតលើការជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោ- បាយ មានភាពប្រទាក់ក្រឡា ទាំងក្នុង​ប្រទេស និង​តំបន់​ ព្រោះឡូជីស្ទិកនិងខ្សែច្រវាក់ផ្គត់ផ្គង់គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច។លោក បន្តថា ជុំវិញវឌ្ឍនភាពខាងលើនេះ កម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួន ទាំងរដ្ឋ និង​ឯកជន​ អំពីបញ្ហាតម្លៃដែល មានលក្ខណៈខ្ពស់ជាងប្រទេសជិតខាង។ លោក ផា អេងវ៉េង បញ្ជាក់​ថា បញ្ហានេះឃើញថា រារដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំង តាមរយៈ ការកសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​នានា ដែលបានកាត់បន្ថយចំណាយ និងពេលវេលា ក្នុងនោះអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ កម្ពុជា ក៏បានកែទម្រង់លើនីតិវិធីមួយចំនួនធំ ដើម្បីចូលរួមចំណែកឡូជីស្ទិកនេះ, ចំណែក​វិស័យ​ឯកជន ត្រូវតែខិតខំខ្លួនឯងផងដែរ នៅលើការបញ្ជុះតម្លៃដឹកជញ្ជូននេះ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​ផងដែរថា ចំពោះបញ្ហា សេវាតម្លៃនៃការដឹកជញ្ជូនពិតជាសំខាន់ណាស់ ប្រសិន​យើង​ចង់​ប្រកួត​ប្រជែងជាមួយប្រទេសជិតខាងបាន លុះត្រាណាសេវាដឹក ជញ្ជូនរបស់​យើង​មាន​ភាព​ប្រហាក់​ប្រហែលគ្នា។ បញ្ហានេះលោករំពឹងថា នៅពេលខាងមុខ វិស័យដឹកជញ្ជូននៅ​កម្ពុជា​នឹង​អាច​ស្រុត​ចុះ បន្ថែមទៀត ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើត និងបន្តកែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ កំពុងគាំទ្រជាច្រើនដល់វវិស័យដឹកជញ្ជូន, ជាង នេះទៀត ម្ចាស់អាជីវកម្ម​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន ក៏ត្រូវបង្កើនការយល់ដឹងនៃប្រព័ន្ធបច្ចកវិទ្យាឌីជីថលឱ្យបានច្រើន ដើម្បីកាត់បន្ថយ ពេល​វេលា និងខ្ទង់ចំណាយផ្សេងៗ។សូមបញ្ជាក់ថា ជុំវិញវិស័យដឹកជញ្ជូន និងឡូជីស្ទិក បើយោង​តាម​ផែនការ​មេ​គ្រប់​ជ្រុង​ជ្រោយ​ស្តីពី​ប្រព័ន្ធ​ដឹក​ជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភាកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញថា ការ​អភិវឌ្ឍ​ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជា នៅពុំទាន់អាចឆ្លើយតបបាន ពេញលេញ និង​គ្រប់​គ្រាន់​ទៅតាមតម្រូវការ ព្រមទាំងជាចលនាកររុញច្រានការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ជា​ពិសេស​នៅ​ដំណាក់កាល នៃការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង​ប្រទេស​ចំណូល​ខ្ពស់។ ក្នុងន័យនេះ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពី ប្រព័ន្ធដឹកជញ្ជូន​អន្តរ​មធ្យោបាយ និងភស្តុភារកម្មកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យដោយ “បន្តកែលម្អ និងអភិវ​ឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន និងឡូជីស្ទីកដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​អរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោ បាយ មានការតភ្ជាប់ខ្ពស់ និង​ភាព​ប្រទាក់​ក្រឡា​ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់​កំណើន សេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង​ប​រិយាប័ន្ន៕ អត្ថបទ៖ សុន រ៉ាឌី

ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន២០០ពាន់តោន នឹងត្រូវនាំចេញបន្ថែម ខណៈចំនួន ៥ពាន់តោន បានទៅដល់ទីផ្សារប្រទេសចិន

2025/03/15 09:17:53 pm        393
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានសសេរឲ្យដឹងថា ដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០តោន ត្រូវបាននាំចេញ និងទៅដល់ប្រទេសចិន និងបានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០តោនបន្ថែមទៀត សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និងក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចំាទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប។ គួរគត់សម្គាល់ផងដែរថា ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត និងកង្វះខាតស្រូវសាលី ក្លាយជាការងារប្រឈមដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំថ្មីស៊ីរី
08/18/2025 09:08 PM
អេស្ប៉ាញព្យាយាមពន្លត់ភ្លើងឆេះព្រៃដោយមានជំនួយច្រើនបំផុតពីសហគមន៍អន្តរជាតិ
08/18/2025 08:08 PM
លោក Trump និយាយថា លោក Zelenskyy អាចបញ្ចប់សង្រ្គាមភ្លាមៗបាន
08/18/2025 08:08 PM
មនុស្ស ២៦៣នាក់ រួមទាំងកុមារ ១១២នាក់ ដាច់ពោះស្លាប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង
08/18/2025 08:08 PM
ក្តីសង្ឃឹមសម្រាប់អ្នករស់រានលែងមាន ពេលដែលក្រុមជួយសង្រ្គោះ ព្យាយាមស្វែងរកមនុស្សបាត់ខ្លួន ១៥០នាក់ក្នុងជំនន់ប៉ាគីស្ថាន
08/18/2025 08:08 PM
អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់
08/18/2025 08:08 PM
ចិនគំាទ្ររាល់កិច្ចខិតខំទាំងអស់ ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពក្នុងវិបត្តិសង្រ្គាមអ៊ុយក្រែន
08/18/2025 08:08 PM
លោក Zelenskyy ព្រមានប្រឆាំងនឹង «ការផ្តល់រង្វាន់» ដល់រុស្ស៊ី បន្ទាប់ពីលោក Trump ជំរុញឲ្យព្រមសម្បទាន
08/18/2025 08:08 PM
ភ្នាក់ងារពន្លត់អគ្គិភ័យ ២នាក់ស្លាប់ និងមនុស្សយ៉ាងហោច ៤នាក់រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុង Osaka ប្រទេសជប៉ុន
08/18/2025 08:08 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចធ្ងន់ធ្ងរនៅទីក្រុងម៉ុមបៃ និងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា
08/18/2025 08:08 PM