ម្ចាស់សិប្បកម្មក្នុងស្រុកបង្ហាញមោនទភាព ក្នុងការចូលរួមបង្កើតការងារ និង​ការ​ជួយដ​ល់​កសិករ​អ្នក​ដាំ​ដុះ
រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទស្សនកិច្ច«ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនៅប៉ារីស
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
ក្នុងខែកញ្ញា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៣៦ គម្រោង​បន្ថែមទៀត មាន​ទុន​វិនិយោគសរុប ៤៧០លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ ខណៈរបាយទឹកភ្លៀងក៏ល្អប្រសើរ

2026/05/05 10:21:47 pm        309
រដូវវស្សានៅឆ្នាំ២០២៦ នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ ក្នុងខែឧសភានេះ ដោយ​បរិមាណ​ទឹក​ភ្លៀង ​និងរបាយទឹកភ្លៀងមានភាពល្អប្រសើរដូចកាលពីឆ្នាំ២០២៥។ ប្រព័ន្ធធារា​សាស្ត្រ​ជាង​ពីរ​ពាន់​កន្លែងនឹ​ងប​ង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ។ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក ​និងឧតុនិយម នៅថ្ងៃទី០៥ ខែឧសភា នេះ បានប្រាប់BTVថា ប្រជាពលរដ្ឋ​នឹង​ចាប់​ផ្តើម​ធ្វើ​ស្រែ​វស្សា​ក្នុង​ពេលឆាប់ៗនេះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តនៅក្នុងរដូវវស្សា ដោយចាប់​ផ្តើម​ក្នុង​សប្តាហ៍​ទី​១ ក្នុង​ខែឧសភានេះ។ ឯកឧត្តម​បន្តទៀតថា សម្រាប់បរិមាណទឹកភ្លៀង និងរបាយទឹកភ្លៀង នៅក្នុងឆ្នាំនេះ គឺ​មាន​ភាព​ល្អ​ច្រើន​ដូច​កាលពីឆ្នាំ២០២៥ផងដែរ។ ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែង នឹងដើរ​តួនាទី​ជា​អ្នក​ផ្ដល់​ទឹ​កសម្រាប់ការងារស្រែចម្ការដល់ប្រមាណជិតពីរលានហិកតា។គិត​ត្រឹម​អំឡុងឆ្នាំ២០២៥ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួនជាងពីរពាន់ប្រព័ន្ធ ក្នុង​នោះ​ប្រព័ន្ធ​ខ្នាត​ធំ ចំនួនជាង៥០ប្រព័ន្ធ ខ្នាតមធ្យមចំនួនជាង១ពាន់ប្រព័ន្ធ និងខ្នាតតូច​ចំនួន​ជាង​១​ពាន់​ប្រព័ន្ធ ​និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើន​លទ្ធភាព​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ចំនួន​ជិត​ពីរ​លាន​ហិកតា​។ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រសួង ធនធានទឹក និងឧតុនិយម បានដាក់ចេញ​នូវ​ផែន​ការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ (២០២៤-២០២៨​) ​ដោយបានកំណត់សកម្មភាពជាអាទិភាព សូចនាករពេល​វេលា​ច្បាស់​លាស់​សម្រាប់​អនុវត្តន៍ ​និងយន្តការសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បី​ទទួល​បាន​ជោគជ័យក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព ស័ក្តិ​សិទ្ធិ​ភាព​ និងនិរន្តរភាព ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និង កាត់បន្ថយ​នូវ​ការ​ខូច​ខាត ​ដែលបណ្តាលមកពីគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយភាពធន់ ក្រោមកិច្ចសហការ យ៉ាង​ជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍៕ អត្ថបទ៖ ទូច សោភ័ណ 

ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់

2026/05/04 08:34:07 pm        333
ផលិតផលក្នុងស្រុកដែលចុះបញ្ជីម៉ាកសមូហភាព ត្រូវបានទទួលគេស្គាល់យ៉ាងទូលំទូលាយ និង​មាន​តម្រូវ​ការទីផ្សារខ្ពស់ទាំងក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្តែង ទឹកឃ្មុំព្រៃធម្មជាតិ ព្រះវិហារ និងផលិតផល ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដែលជាផលិតផលម៉ាកសមូហភាព កំពុង​បង្ហាញ​ពី​ភាព​រីក​ចម្រើន ទាំងទីផ្សារ និងជំនឿទុកចិត្តពីអ្នកប្រើប្រាស់។ ការចុះបញ្ជីម៉ាកសមូហភាពគឺ ដើម្បី​ការពារកេរ្តិ៍ឈ្មោះទំនិញរួម និងផ្តល់ការធានាគុណភាពដល់អ្នកប្រើប្រាស់។ផលិតផលសមូហភាព (Collective Marks) គឺជាសញ្ញា​សម្គាល់​ដែល​ប្រើ​សម្រាប់​សម្គាល់​ប្រភព​ដើម​ គុណភាព ឬលក្ខណៈរួមនៃទំនិញ/ សេវាកម្មរបស់សមាជិកក្រុម ឬសមាគមណាមួយ ដែល​ត្រូវ​បាន​ចុះបញ្ជីត្រឹមត្រូវក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាក។ លោកស្រី ហ៊ើ រ៉ាម៉ាណែត អនុប្រធាន សមាកមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ខេត្តកណ្តាល បង្ហាញ​ក្តី​រីក​រាយដែលផលិតផល ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ត្រូវបានចុះបញ្ជី​ម៉ាក​សមូហភាព​ជា​ផ្លូវកា​រ ​កាលពីថ្មីៗនេះ ដោយក្រសួងពាណិជ្ជកម្ម។ នេះគឺជាភាព​ជោគជ័យ​សម្រាប់​សហគមន៍​របស់​លោក​ស្រី ដែលវានឹងជួយបង្កើនជំនឿទំនុកចិត្ត និងការគាំទ្រកាន់តែខ្លាំងៗ ពីសំណាក់​អ្នក​ប្រើ​ប្រាស់​ទាំងក្នុងស្រុក និងក្រៅស្រុក។ លោកស្រី បញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល កំពុងមា​ន​ការ​កើនឡើង​ជា​លំដាប់​ ដោយមានការជ្រោមជ្រែងពីក្រសួងពាណិជ្ជកម្ម ក្នុងការ​ជួយ​ផ្សព្វ​ផ្សាយ​ទី​ផ្សារច​ម្លាក់​ប្រាក់​ស្ពាន់​ខេត្ត​កណ្តាល កាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារ​អន្តរជាតិ​សំខាន់​ៗ​មួយ​ទៀត​។​ ភាពរីកចម្រើននេះ បានចូលរួ​ម​ចំណែក​ជួយ​លើក​កម្ពស់​ជីវភាព​សហគមន៍​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។ ដោយឡែក សមាជិក សហគ្រាសសហគមន៍ ឃ្មុំព្រៃ ព្រះវិហារ លោក ជា យឿន បានប្រាប់ BTV ថា លោក​មាន​មោទន​ភាព​ដែល​ទឹកឃ្មុំ​ព្រៃ​របស់​សហគម​ន៍របស់លោ​ក​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ម៉ាក​សមូហ​ភាព​ ព្រោះ ទឹកឃ្មុំ ផលិតដោយ សហគ្រាសសហគមន៍ ឃ្មុំព្រៃ ព្រះវិហារ គឺជាទឹកឃ្មុំព្រៃ​ធម្ម​ជាតិ​សុទ្ធ១០០% ដែលបានប្រមូលផលពីក្នុងព្រៃសហគមន៍ឆែបលិច ដែលស្ថិតនៅ ស្រុក​ឆែប ​ខេត្តព្រះវិហារ។ លោកសង្ឃឹមថា ការចុះបញ្ជីជា​ម៉ាក​សមូហភាព​នេះ​នឹង​ជួយ​លើក​កម្ពស់ក​ម្រិត​ជីវភាពសហគមន៍របស់លោកកាន់តែប្រសើរ។ដើម្បីលើកកម្ពស់ ផលិតផលសក្តានុពលក្នុងស្រុក រាជរដ្ឋាភិបាលដែ​ល​មាន​ក្រសួង​ពាណិជ្ជ​កម្ម​ជា​សេនា​ធិការបានជំរុញការប្រើប្រាស់ កម្មសិទ្ធិបញ្ញា ដើម្បីកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា តាម​រយៈ​ការ​ចុះម៉ាកសមូហភាពកម្ពុជា រួមមាន គុយទាវភ្នំពេញ, អង្ករព្រះវិហារ, អំបុកកំពង់ធំ, អង្ករ​ក្រអូប​ SKO ,អង្ករដំណើប DSMK, នំបញ្ចុកសៀមរាប, ប្រហុកសៀមរាប, ក្រូចថ្លុងកោះពីរ, ដូង​ខ្ទិះ​បាត់​ដំបង, ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល, ថ្នាំជក់កម្ពុជា, សំបុកត្រចៀកកាំកម្ពុជា និងទឹក​ឃ្មុំ​ព្រៃ​ព្រះវិហារ ជាដើម៕ អត្ថបទ៖ ធូ វិរៈ 

អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%

2026/05/04 06:51:48 pm        340
កម្ពុជានាំចេញទំនិញគ្រប់ប្រភេទទៅទីផ្សារសហភាពអឺរ៉ុប ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានទំហំ​ទឹក​ប្រាក់​ជិត ១.២០០ លានដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល​គាំទ្រ​ដោយការនាំចេញសម្លៀកបំពាក់, ស្បែកជើង, កង់, សំបកកង់រថយន្ត, អង្ករ, ស្វាយចន្ទី​, ​ម្រេច ​និងផលិតផលផ្សេងៗជាច្រើនទៀត។ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈពេល ៣ខែ ឆ្នាំ​២០២៦ ​រវាងកម្ពុជា-អឺរ៉ុប មាន ទំហំទឹកប្រាក់សរុបជាង ១.៣០០ លានដុល្លារអាមេរិក កើនជាង ៨% ក្នុងនោះកម្ពុជាបាននាំចេញទីផ្សារអឺរ៉ុប មានទឹកប្រាក់ជិត ១.២០០ លានដុល្លារ កើនជាង ៨%​ ធៀប​រយៈពេលដូចគ្នាឆ្នាំ២០២៥ ដោយកម្ពុជាបាននាំចេញទៅប៊ែកហ្សិក មានទឹកប្រាក់ ១១៥ លានដុល្លារ, បារាំង ១១៦ លានដុល្លារ, អាល្លឺម៉ង់ជិត ២០០ លានដុល្លារ, ហូឡង់ ២២៥ លាន​ដុល្លារ និងអេស្បាញជិត ៣០០ លានដុល្លារ។  ជុំវិញទីផ្សារអឺរ៉ុបនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ទីផ្សារ​អឺរ៉ុប​គឺជាទីផ្សារមួយ ដ៏សំខាន់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ដោយ​ទីផ្សារ​មួយ​នេះ​នៅ​បន្ត​អនុគ្រោះ (EBA) នៅលើការនាំចេញប្រភេទទំនិញ មួយចំនួន។ ចំណែក​ទីផ្សារ​ប្រទេស​អង់​គ្លេស​វិញកម្ពុជាក៏នៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) រួមជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរីផ្សេងៗទៀត ដែលបាននិងកំពុងរួមចំណែកដល់ការទាក់ទាញវិនិយោគិនបរទេស ឱ្យ​មកបណ្តាក់ទុននៅកម្ពុជាមាន ជាបន្តបន្ទាប់ ទាំងផលិតសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប ក៏​ដូច​ជា​ទីផ្សារផ្សេងៗទៀតផងដែរ។សូមបញ្ជក់ថា ទីផ្សារអឺរ៉ុបស្រូបយកទំនិញសំខាន់ៗរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួម​មាន​៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជិត ៦២០ លានដុល្លា, ស្បែកជើង​ និង​សម្ភារៈ​ធ្វើ​ដំណើរជាង ៩៦ លានដុល្លារ, ការនាំចេញកង់ និងគ្រឿងបន្លាស់កង់ និងម៉ូតូ ជាង ៩៣ លាន​ដុល្លារ ​និងសំបកកង់រថយន្ត មានទឹកប្រាក់ជាង ២០ លានដុល្លារ។ ចំណែកការនាំចេញកសិផលវិញ ក្នុង នោះការនាំចេញអង្ករ មានទឹកប្រាក់ជិត ៣០ លានដុល្លារ, ស្វាយចន្ទី ជាង ១២០ ពាន់ដុល្លារ, ម្រេចជិត ២ លានដុល្លារ ក្រៅពីនេះ នៅមាន​ទំនិញ និង​កសិផល​ផ្សេង​ៗដែលបាននាំចេញទៅទីផ្សារនោះ៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ

2026/05/04 06:35:07 pm        281
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ច ដែលគ្រោង​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៦ នៅក្នុងរង្វង់ ៥,០% មកនៅត្រឹម ៤,២% ដោយសារកម្មវិបា​ក​នៃ​ឥទ្ធិពល​សាយ​ភាយ​ ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និង​ការ​កើន​ថ្លៃ​ថាមពល។រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ត្រូវបានដាក់ចេញ ដោយផ្តល់នូវទស្សនវិស័យ និង​ការ​តម្រង់​ទិស​ការ​គ្រប់​គ្រង់​ម៉ាក្រូ​សេដ្ឋ​កិច្ច ​និងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ព្រមទាំងសម្រួច ទិសដៅអាទិភាព​រប​ស់​រាជ​រដ្ឋាភិបាល បន្ទាប់ពីរយៈពេល២ឆ្នាំចុងក្រោយកម្ពុជាទទួលរងផលប៉ះពាល់ចំនួន៣រួមមាន៖ ការ​អនុវត្ត​គោល នយោបាយពន្ធគយបដិការសហរដ្ឋអាមេរិក, ជម្លោះព្រំដែនកម្ពុជា-ថៃ និង​សង្គ្រាម​នៅ​មជ្ឈឹ​ម​បូព៌ាដែលបណ្តាលឱ្យមានវិបត្តិថាមពល, ទាំងអស់​នៅ​បាន​បង្កើត​នូវ​ភាព​មិន​ប្រាកដ​ប្រជា និ​ងការបង្កមានីភ័យដល់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។បញ្ហា​ធំ​ៗទាំង៣ខាងលើនេះ, ធ្វើឱ្យកម្ពុជាប្រឈមនឹងការលំបាកទ្វេដង ក្នុងការប​ត់​បែន​គោល​នយោបាយ​របស់ខ្លួន ទាំងផ្នែក សេដ្ឋកិច្ច ផ្នែកការទូត និងផ្នែកសង្គម ដើម្បីបញ្ចៀស និងកាត់​បន្ថយ​នូវ​កម្មវិបាកនានា, ទាំងផ្ទាល់និងប្រយោលមកលើសង្គម និង សេដ្ឋកិច្ច។ ក្នុងបរិការណ៍នេះ, កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្នុងរង្វង់ ៥,០% ត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបានត្រឹម ៤,២% ដោយសារកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃផង, ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកើនថ្លៃថាមពល ដែលធ្វើឱ្យមានសម្ពាធអតិផរណា និងបន្តជះ ឥទ្ធិពលដល់វិស័យសំខាន់ៗដូចជា កសិកម្ម, ដឹកជញ្ជូន, ទេសចរណ៍ និងលក់ដុំ-រាយជាដើម ។ ចំពោះអនុវត្តថវិកាឆ្នាំ២០២៦, ចំណូលសរុបត្រូវបានប៉ាន់ស្មានថា នឹងពុំមានកំណើននោះទេ ធៀបនឹងលទ្ធផលអនុវត្ត (បណ្តោះអាសន្ន) ឆ្នាំ២០២៥ ដោយសារការថមថយនូវផ្នែកចំណូលផ្សេងៗ ខណៈចំណូលចរន្តត្រូវបានរំពឹងទុកថា នឹងមានកំណើន ។ ជាក់ស្តែងចំណូលចរន្ត ត្រូវបានប៉ាន់ស្មានថា នឹងបន្តកើនឡើងក្នុងអត្រា ៤,៧% សមមូលនឹងប្រមាណជាង ១៤% នៃ ផ.ស.ស. និងជាង ១០២% នៃច្បាប់ថវិកា ដោយផ្អែកលើការវាយតម្លៃប្រកបដោយភាពប្រុងប្រយ័ត្ន លើនិន្នាការសេដ្ឋកិច្ច និងសមត្ថភាពប្រមូល ចំណូលជាក់ស្តែង ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការផ្នែកសារពើពន្ធមួយចំនួន សំដៅកាត់បន្ថយបញ្ហាប្រឈម នៃការកើនថ្លៃថាមពលសកល ។ បញ្ហានេះចំណូលពន្ធដារ ត្រូវបានរំពឹងថា នឹងមានកំណើនល្អ គាំទ្រចម្បងដោយការសម្រេចបាននូវលទ្ធផលយ៉ាងប្រសើរ នៃ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ខណៈចំណូលគយ និងរដ្ឋាករកម្ពុជា ត្រូវបានរំពឹងថានឹងថមថយ ចំពោះមុខនៃសម្ពាធពីវិបត្តិថាមពល និងការកើននៃចំណាយសារពើពន្ធ ។ ចំណែកចំណូលមិនមែនសារពើពន្ធ ត្រូវរំពឹងថា នឹងបន្តមាននិន្នាការល្អ ដោយមានការគាំទ្រពី ប្រភពចំណូលសំខាន់ៗដូចជា ប្រៃសណីយ៍ និងទូរគមនាគមន៍, សម្បទានពីប្រេងកាត និងរ៉ែ និងចំណូលពីអាជ្ញាបណ្ណ។ ចំណែក ចំណាយសរុបឆ្នាំ២០២៦ ត្រូវបានគ្រោងក្នុងច្បាប់ថវិកាថានឹងកើនក្នុងអត្រាជាង១៣% ធៀបនឹងលទ្ធផលអនុវត្តឆ្នាំ២០២៥ សមមូល ប្រមាណជាង ១៨% នៃ ផ.ស.ស. ដែលក្នុងនោះចំណាយចរន្ត មានទំហំប្រមាណជាង ១២% នៃ ផ.ស.ស. និងចំណាយមូលធន មានទំហំប្រមាណជាង ៦% នៃ ផ.ស.ស. ៕ អត្ថបទ៖ សុន រ៉ាឌី

កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ

2026/05/01 11:37:29 pm        588
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គឺជាទិវាពលកម្មអន្ដរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ “រួម​គ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។ នៅក្នុងឱកាសនេះ កម្មករនិយោជិតបានថ្លែងអំណរ​គុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ បរិយាកាសនៅកន្លែងការងារកាន់តែល្អ​ប្រសើរ ដែលមានលក្ខខណ្ឌការងារល្អ ប្រាក់ខែសមរម្យ និងកន្លែងធ្វើការមានផាសុកភាព។កម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ស្ថិតនៅសង្កាត់​ជើង​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ BTV ថាពួកគេធ្វើការនៅក្នុងសប្បកម្មនេះ រយៈពេល ៤ឆ្នាំហើយ។ ការងាររបស់ពួកគេ ទទួលបានការយកចិត្តទុកដាក់ពីថៅកែ ទាំងការថែ​ទាំ​សុខភាព និងសុវត្ថិភាពការងារ ស្របតាមស្ដង់ដារ អនុឡោមតាមច្បាប់ ។ ពួកគេ អរគុណរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់លើស្ដង់ដាការងារ និងការបង្កើតការងារក្នុងស្រុកសម្រាប់ពលរដ្ឋ មិនចាំបាច់ចំណាកស្រុក។ចំណែកលោកស្រី សម្បត្តិ កល្យាណ អគ្គនាយិកាក្រុមហ៊ុន Ample Agro Product co., Ltd. (អ៊ែមផល អាហ្រ្គោ ប្រដាក់) កែច្នៃគ្រាប់ស្វាយចន្ទី ផ្គត់ផ្គង់ក្នុងស្រុក និងនាំទៅកាន់ប្រទេសនៅតំបន់អាស៊ី និងតំបន់អឺរ៉ុប បានប្រាប់ថា បរិយាកាសការងារនៅរោងចក្ររបស់លោកស្រី អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងគោរពតាមច្បាប់ ស្របតាមស្ដង់ដារសុវត្ថិភាព ដើម្បីឲ្យរោងចក្រសហគ្រាសមួយ ក្លាយជាសហគមន៍សុខសាន្ដមួយ។ នៅក្នុងឱកាសទិវាពលកម្មអន្ដរជាតិ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើក​កម្ពស់ ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ​, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្ដមប្រយោជន៍របស់កម្មករ និយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ៕ អត្ថបទ ៖ លៀ ស៊ីណា 

វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ

2026/05/01 11:18:01 pm        373
ភ្នំពេញ៖ ដើម្បីសម្រួលដល់ធុរជនក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមអនុវត្ត ការមិនយកប្រាក់កម្រៃពីសេវាស្កេនទូកុងតឺន័រសម្រាប់ទំនិញនាំចេញដឹក​ឆ្លងកាត់កំពង់ផែ និងព្រំដែនគោកអន្តរជាតិទាំងអស់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ។ ជុំវិញ​ការសម្រេចនេះ វិស័យឯកជន បានអបអរសាទរ ហើយថា ការលុបចោលថ្លៃស្កេននេះ នឹងបង្កើន​ល្បឿនរំហូពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូនយ៉ាងច្រើន ក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនៃវិបត្តិផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័នជាសកលដោយ​សារ​សង្រ្គាម​នៅ​មជ្ឈិមបូព៌ា។កាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃ​អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសថា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម រដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឈប់យកថ្លៃស្កេនកុងតឺន័រទៀតហើយ ចាប់​ពីថ្ងៃទី១ឧសភានេះ តទៅ!។លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា នេះគឺជាការគិតគូរដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកអំពីសុខទុក្ខរបស់វិស័យឯកជនដែលកំពុងរងផលប៉ះពាល់​ពី​ការឡើងថ្លៃសេវាដឹកជញ្ជូនទំនិញ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយ ការសម្រេចឈប់​យកកម្រៃស្កេនទូកុងតឺន័រ នឹងជួយបង្កើនប្រសិទ្ធភាពការងារនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ​កាន់​តែប្រសើរឡើង។ជុំវិញសេចក្តីសម្រេចនេះ វិស័យឯកជន បានអបអរសាទរ និងថ្លែងអំណរគុណសម្តេចធិបតីនាយ​ក​រ​ដ្ឋមន្តី្រដែលបានគិតគូរទុកលំបាករបស់វិស័យឯកជនក្នុងស្ថានភាពដ៏លំបាក ដោយសារសង្គ្រា​ម​នៅមជ្ឈិមបូព៌ា។ ពួកគេថា ការលុបចោលថ្លៃស្កេននេះ នឹងបង្កើនល្បឿនរំហូពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូនយ៉ាងច្រើនសម្រាប់អ្នកនាំចេញទំនិញទៅទីផ្សារ​អន្តរជាតិ ព្រោះអាចកាត់បន្ថយការចំណាយលើតម្លៃស្កេនចន្លោះពី ១០ ទៅ ២០ ដុល្លារអាម៉េរិក​ក្នុងមួយទូកុងតឺន័រ។សូមបព្ជា​ក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រេចបានបរិមាណកុង​តឺន័រឆ្លងកាត់សរុបជាង ១,៣៤ លាន TEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុប​ជាង ១៥៥,៣៦ លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ

កម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់ក្របខណ្ឌ នៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ

2026/05/01 09:34:39 pm        324
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការ​អភិវឌ្ឍ​កំពង់​ផែស្វយ័តក្រុ​ងព្រះសីហនុ និងក្របខណ្ឌនៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និង​កំពង់ផែ បាននិងកំពុងមានសន្ទុះនិងវឌ្ឍនភាពទៅមុខជាលំដាប់ស្របតាមចក្ខុវិស័យ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសគម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រោះ​ហ្វូណនតេជោ​ដែល​ជា​គម្រោង​ប្រវត្តិសាស្រ្ត​ទាញ​ទន្លេ​ឱ្យ​ជាប់​សមុទ្រ​កំពុង​ដំណើរ​ការ​សាង​សង់យ៉ាងសកម្ម។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាកជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ​ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើក​ទី​១៤០ ​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១ ឧសភានេះ។ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងបន្តថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល បាន​កំណត់​យ៉ាង​ច្បាស់​អំពី​ការ​អភិវឌ្ឍវីស័យកំពង់ផែ នៅត្រង់ចំណុចទី៣ នៃមុំទី២ ក្នុងបញ្ចកោណទី២ គឺ «ការបន្ត​បង្កើន​ថវិកា​វិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បី​បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងផ្លូវ អាកាស​ជា​ពិសេសគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្ទិក»។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា ពិតណាស់ ការរីក​ចម្រើន​របស់​វិស័យ​កំពង់​ផែ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន កើតឡើង​ដោយ​សារ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ​ក៏ដូចជា ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងជា​ពិសេស​ការ​ជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែល​បាន​គាំទ្រ​ដល់​ការអភិវឌ្ឍសាងសង់ និងការធ្វើទំនើបកម្មលើប្រតិបត្តិ ការអាជីវកម្មរបស់កំពង់ផែ៕ អត្ថបទ៖ ធូ វិរៈ

នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ

2026/04/29 07:09:43 pm        180
កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរនិងកាបូប ក្នុង​រយៈពេល ៣ ខែ ដើមឆ្នាំ ២០២៦នេះ មានទឹកប្រាក់សរុបជាង ៣.៨០០ លានដុល្លារអាមេរិក ការ​នាំចេញផលិតផលទាំងនេះមានកំណើនកើនឡើងគួរកត់សម្គាល់ ក្នុងនោះ​ទីផ្សារ​សហរដ្ឋ​អាមេរិក​បាន​រួម​ចំណែកធំជាងគេ គាំទ្រដល់ការនាំចេញ។ក្រសួងពាណិជ្ជកម្មបង្ហាញរបាយការណ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ក្នុង​នោះ​សម្រាប់​ផលិតផលដែលជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ច នៅក្នុងរយៈពេល ៣ខែ ឆ្នាំ​២០២៦​​នេះ, កម្ពុជាបាននំាចេញផលិតផលសម្លៀកបំពាក់មានទឹក ប្រាក់ជិត ២.៦០០ លាន​ដុល្លារ​អាមេរិកកើនជាង ៦% ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ ៨៨៦ លាន​ដុល្លារ កើនជាង ១៥% ធៀបរយៈពេលដូចគ្នាឆ្នាំមុន ចំនួននេះស្នើនឹងប្រមាណជិត ៣៥% នៃទីផ្សារនាំចេញសរុប។ចំណែក​ផ្នែកវាយនភណ្ឌវិញ, កម្ពុជាបាននាំចេញមានទឹកប្រាក់សរុបជាង ១៩១ លានដុល្លារ​អាមេរិក​ កើនឡើង ៣៥% ដោយការនាំចេញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ ១២៤ លាន​ដុល្លារ ​កើនជាង ៧២% ស្នើនឹងប្រមាណជិត ៦៥% នៃការនាំចេញសរុបផងដែរ។ចំពោះ​ការ​នាំចេញស្បែកជើង នៅក្នុងរយៈពេល ៣ខែនេះដែរ មានទឹកប្រាក់សរុប ៥១៦ លាន​ដុល្លារ​អាមេរិក កើនជិត ១២% ក្នុងនោះ កម្ពុជាបាននាំចេញទៅទីផ្សារអាមេរិក មានទឹកប្រាក់ជាង ២៤១ លានដុល្លារ កើនជាង ៤៥% ស្នើនឹងជិត ៤៧% នៃការនាំ ចេញសរុប។ ជាមួយគ្នានេះ ក៏​បាន​នាំ​ចេញទៅ ជប៉ុនបានជិត ៣៧ លានដុល្លារ ថយចុះជាង ១%, អាឡឺម៉ង់ជាង ៣៣ លាន​ដុល្លារ ថយ ១៣%, បារាំងជាង ២៣ លានដុល្លារ កើនជិត ១៦% ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្រៅ​ពី​នេះមានទីផ្សារនាំចេញផ្សេងៗទៀត។ដោយឡែកការនាំចេញសម្ភារៈធ្វើដំណើរ និងកាបូប, មានទឹកប្រាក់សរុបជាង ៥១២ លាន​ដុល្លារ​អាមេរិក​ កើនជាង ៤% ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជិត ៣៨០ លាន​ដុល្លារកើនជិត ៦% ស្នើនឹង ៧៤% នៃការនាំចេញសរុប។ ជាមួយគ្នានេះ បាន​នាំ​ចេញ​ទៅ​ហូឡង់​ជាង ២០ លានដុល្លារ ថយចុះ ២០%, កាណាដាជិត ១៧ លានដុល្លារថយចុះ ១៧%, ជប៉ុន​ជាង ១៣ លានដុល្លារ ថយ ២៨%, ចិនជិត ១៤ លានដុល្លារ កើនជាង ១០% ក្រៅពី​នេះ​នៅ​មាន​ទីផ្សារនាំចេញផ្សេងៗទៀត។សូមបញ្ជាក់ថា ការនាំចេញផលិតផលសំខាន់ៗខាងលើ នៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ​២០២៦​នេះ​ ទីផ្សារសហរដ្ឋអាមេរិកបានរួមចំណែកធំជាងគេ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា ជាក់​ស្តែង​នៅក្នុង៣ខែនេះទីផ្សារអាមេរិកបានស្រូបយកទំនិញរបស់កម្ពុជា មានទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ៣.៤៨០ លានដុល្លារអាមេរិក កើនឡើងជាប់ ៤០% បើធៀបរយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក

2026/04/28 06:39:45 pm        576
ទោះបីជាប្រឈមទៅនឹងការបាត់បង់ចំណូល ក៏ដូចជាវិបត្តិនានាយ៉ាងណាក្តី រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​សម្រេច នឹងគ្រោងដាក់​ឱ្យ​អនុវត្ត​ការ​លុប​បំបាត់​កម្រៃ​ស្កែន​កុង​តឺន័រ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ២០២៦តទៅ ដើម្បីជួយសម្រួលខាងផ្នែកពាណិជ្ជកម្ម និងចូល​រួម​ចំណែក​ក្នុង​កាត់​បន្ថយប​ន្ទុកថ្លៃដឹកជញ្ជូន (ឡូជីស្ទីក)។ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជា​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា ក្នុងពិធីបើក​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​វិធា​ន​ការ​មុត​ស្រួច​ក្នុង​ការ​បង្ការ និង​បង្រ្កាប​អំពើ​រត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច កាលពីព្រឹកទី២៨ ខែមេសានេះ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ​ក្នុង​ស្ថាន​ភាព​នៃ​ការ​កើន​ឡើងខ្ពស់ប្រេងឥន្ធនៈជាសកល ដែលវិធានការទាំងនោះរួមមាន៖ ការបញ្ចុះពន្ធ និង​អាករ​ រថយន្តអគ្គិសនី និងមុខទំនិញចាំបាច់សំខាន់ៗមួយចំនួនទៀត និងការ​ដាក់​ពន្ធ​និង​អាករ​ជា​បន្ទុក​របស់​រដ្ឋលើការនាំចូលប្រេងនិងឧស្ម័នឥន្ធនៈ ដែលតាមរយៈវិធា​នការ​ជា​គោល​នយោបាយ​ទាំង​នេះ ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត ៥០លាន​ដុល្លា​រ​ក្នុង​មួយ​ខែ។​នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តបណ្ឌិត បានបញ្ជាក់ថា ការដាក់ចេញវិធានការនេះ មាន​លក្ខណៈ​មុះ​មុត ម៉ឹងម៉ាត់ និងប្រាកដនិយម និងជាផ្នែកមួយ​កែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​កាល​ទី៧ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច សំដៅ​ដោះ​ស្រាយ​នូវ​បញ្ហាប្រឈម និងបាតុភាពអសកម្មភាពរាំរៃនានាដែលកើតមានឡើងកន្លងមក។ ឯកឧត្តម បានបន្តថា កាលៈទេសៈដាក់ចេញនូវវិធានការមុតស្រួចទាំងនេះ គឺចាំបាច់​បំផុត​នា​ពេល​ដែល​កម្ពុជា​បាន និងកំពុងទទួលរងនូវឥទ្ធិពលដ៏ធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល គំរាមកំហែងដល់ជាតិ និង​សេដ្ឋកិច្ច នោះគឺព្យុះសង្ឃរា ៣ផ្ទួនគ្នា១. គឺសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និង​បូរណ​ភាពទឹកដីកម្ពុជាដោយប្រទេសថៃ ២.យុទ្ធនាការយ៉ាងក្តៅរបស់គគុកក្នុងការបង្រ្កាប ស្កេម​អន​ឡាញ (Scam Online) និងទី៣. សង្រ្គាមនៅប្រទេសអ៊ីរ៉ង់ និងវិបត្តិប្រេង​ឥន្ធនៈ​ដែល​កើត​ឡើង​ជា​បច្ច័យ​អវិជ្ជមានធ្ងន់ធ្ងរ។សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ និង​ការ​ពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នេះធ្វើ​ឡើង​ក្នុង​គោល​បំណង​ពិនិត្យ និងដោះស្រាយនូវ​បញ្ហា​និង​សំណូមពរ​នានា​របស់​វិស័យ​ឯកជ​នពា​ក់​ព័ន្ធ​នឹង​ការ​អនុវត្ត​នីតិ​វិធីគយ, ផ្សព្វផ្សាយអំពីគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចុះ​ពន្ធ​ដើម្បី​ជួយ​ដល់​ជីវភាពរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងពិនិត្យ​លើ​សេចក្ដី​ព្រាង​កញ្ចប់​វិធាន​ការមុតស្រួចក្នុងការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និង​ការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦

2026/04/28 03:43:04 pm        224
ក្រចេះ៖ កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន​១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុង​ភូមិ​កាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។សូម​ជម្រាបថា កូនផ្សោតនេះត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៥:២០នាទីរសៀល ហើយក៏ត្រូវ​បា​ន​ចុះ​ផ្ទៀង​ផ្ទាត់​ដោយ​ក្រុម​ការ​ងារ​ស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF ​ផងដែរ។ កូនផ្សោតនេះមានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ និងកំពុង​ហែល​លេង​ជាមួ​យ​ក្រុម​សត្វផ្សោតពេញវ័យប្រមាណ ៦ក្បាល ផ្សេងទៀត។នេះ​គឺ​ជា​កូនផ្សោតទី៦​ ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។ តាមរយៈវត្តមាន​ថ្មី​នៃ​កូ​ន​ផ្សោត​នេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ចំនួនសរុប ១១៨​ក្បាល​។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងនូ​វការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូ​ន​ឆ្មាំ​ទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែ​រក្សា និង​ការពារធនធានជលផលដ៏មានតម្លៃនេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ អង្គការ​ដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់​ក្នុង​ការ​រក្សា​បាន​នូវ​កំណើន​សត្វ​ផ្សោត​ជា​បន្ត​បន្ទាប់​។ ទន្ទឹមនឹងលទ្ធផលដ៏គាប់ប្រសើរនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជា​ពលរដ្ឋ​ទាំងអស់ សូមបន្តកិច្ចសហការ និងចូលរួមការពារ​សត្វ​ផ្សោត​ដែល​ជា​រតន​សម្បត្តិ​ជា​តិ​មាន​ជីវិ​ត​របស់យើង តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ឆ្មាំទន្លេ ដើ​ម្បី​ឱ្យកូនផ្សោតតូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាព។ ការចូលរួមរបស់បងប្អូន គឺជា​ដង្ហើម​រស់​របស់​សត្វផ្សោតទន្លេមេគង្គ។ ប្រសិនបើបងប្អូនបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត សូមរួសរាន់ផ្តល់​ព័ត៌មាន​មក​សមត្ថ​កិច្ច​ជលផល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ដើម្បីរួម​គ្នា​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេ​គង្គឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរៀងរហូតតទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តក្រចេះ ប្តេជ្ញាចិត្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចុះបង្ក្រាបនិងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងអាជីវកម្មរ៉ែខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ
10/21/2026 06:10 PM
លោក Putin ជួប​តំណាង​របស់លោក Trump ដើម្បីពិភាក្សាសន្តិភាពនៅអ៊ុយក្រែន និងការ​ដោះលែងពលរដ្ឋអាមេរិក
10/21/2026 05:10 PM
បារាំងប៉ាន់ប្រមាណការខូចខាតដោយសារ​​អំពើហិង្សាក្នុងការតវ៉ា កាលពីចុងសប្តាហ៍ រហូតដល់រាប់រយលានអឺរ៉ូ
10/21/2026 05:10 PM
លោកស្រី Von der Leyen ៖ EU ត្រូវតែផ្លាស់ប្តូរគោលជំហរ​របស់ខ្លួននៅអាក់ទិក ពេលរុស្ស៊ីកសាងវត្តមានយោធាឡើងវិញ
10/21/2026 05:10 PM
រដ្ឋមន្រ្តីហិរញ្ញវត្ថុចិន៖ APEC ឯកភាពជំរុញការសម្របសម្រួលគោលនិយោបាយហិរញ្ញវត្ថុ
10/21/2026 05:10 PM
ប្រភព៖ អ៊ីរ៉ាក់បិទច្រកព្រំដែន Sheeb ជាមួយអ៊ីរ៉ង់ ដោយសារហេតុផលសន្តិសុខបន្ទាន់
10/21/2026 05:10 PM
យន្តហោះចម្បាំងបារាំង ១គ្រឿង ធ្លាក់អំឡុងពេលហ្វឹកហាត់ ដោយ​មានអ្នកស្លាប់យ៉ាងហោចណាស់ម្នាក់
10/21/2026 05:10 PM
រដ្ឋមន្រ្តីសុខាភិបាល៖ «ឧត្តមានុវត្តន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ ជាគ្រឹះនៃភាពរីកចម្រើន និងចីរភាព»
10/21/2026 05:10 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា នាវាដឹកប្រេង ៣ គ្រឿង បានបុកមីន ខណៈកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស
10/21/2026 05:10 PM
ក្រុមហ៊ូទីបាញ់មីស៊ីលបាលីស្ទិក​សំដៅអាកាសយានដ្ឋានទីក្រុង​ Aden របស់​យេម៉ែន
10/21/2026 05:10 PM